២០១៦
ព្រះវិហារ​បរិសុទ្ធ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក
July 2016


ព្រះវិហារ​បរិសុទ្ធ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក

រុបប៊ីន អ៊ីស្តាប្រ៊ូក រដ្ឋ វើរជិនញ៉ា ស.រ.អា.

អំឡុង​ពេល​វ័យ​ជំទង់ ខ្ញុំ​បាន​ចូលរួម​សាសនាចក្រ​ដែល​វា​ផ្ទុយ​ពី​បំណង​ប្រាថ្នា​របស់​គ្រួសារ​ខ្ញុំ ។ កាល​ខ្ញុំ​មាន​អាយុ​ខ្ទង់ ២០ ឆ្នាំ​ប្លាយ ខ្ញុំ​បាន​ចាប់​ផ្តើម​ធ្វើ​ពង្សប្រវត្តិ​របស់​គ្រួសារ​ខ្ញុំ បន្ទាប់​ពី​លោក​ឪពុក​ខ្ញុំ​បាន​ចែកឋាន​ទៅ ។ មិន​យូរ​ប៉ុន្មាន​ក្រោយ​មក ខ្ញុំ​បាន​រៀបការ ហើយ​មាន​ភាពមមាញឹក​ក្នុង​នាម​ជា​ភរិយា និង ម្តាយ​ដែល​ចិញ្ចឹម​បីបាច់​កូនតូចៗ ហើយ​បាន​ឈប់​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ ។

ដោយសារ​ខ្ញុំ​គ្មាន​គ្រួសារ​នៅក្នុង​សាសនាចក្រ នោះ​ខ្ញុំ​មាន​បំណង​ស្វែងរក​ពង្សប្រវត្តិ​របស់​គ្រួសារ​ខ្ញុំ​ជា​ខ្លាំង ។ ខ្ញុំ​ចូលចិត្ត​ធ្វើ​កិច្ចការ​នេះ ហើយ​មាន​បំណង​ចំណាយ​ពេល​ឲ្យ​បាន​ច្រើន​ថែម​ទៀត​ដើម្បី​ធ្វើ​វា ។

កាល​ខ្ញុំ​អាយុ ៣៣ ឆ្នាំ​ជីវិត​របស់​ខ្ញុំ​បាន​ជួប​នឹង​បញ្ហា​ដែល​ពុំ​បាន​ព្រៀង​ទុក ពេល​សុខភាព​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្លាក់​ចុះ​ទ្រុឌទ្រោម ។ វា​ជា​គ្រា​ដ៏​លំបាក​ដែល​ខ្ញុំ​មិន​អាច​ឡើង​ភ្នំ​ជាមួយ​គ្រួសារ​របស់​ខ្ញុំ ការដើរ​កម្សាន្ត​នៅ​ជុំ​វិញ​ផ្ទះ​ក្លាយ​ជា​ការលំបាក ។ ខ្ញុំ​ពុំ​អាច​សម្អាត​ផ្ទះ​រយៈពេល​ពីរ​ម៉ោង​នៅ​ថ្ងៃសៅរ៍​ទៀត​ឡើយ ហើយ​ខ្ញុំ​រីករាយ​ណាស់ ប្រសិនបើ​ខ្ញុំ​គ្រាន់តែ​អាច​បូម​ធូលី​បាន​នោះ ។ ខ្ញុំ​ធ្លាប់​មាន​មិត្តភក្តិ​ជា​ច្រើន តែ​ឥឡូវ​នេះ​ខ្ញុំ​មាន​មិត្តភក្តិ​តែ​ពីរបី​នាក់​ប៉ុណ្ណោះ ដោយសារ​ខ្ញុំ​ពុំ​អាច​ធ្វើ​អ្វីៗ​សម្រាប់​ពួកគេ​ដូច​កាល​ពីមុន​ឡើយ ។

គឺ​នៅ​ពេល​នោះ​ហើយ ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើ​កិច្ចការ​ពង្សប្រវត្តិ​របស់​គ្រួសារ​ខ្ញុំ​ម្តង​ទៀត ។ កូនស្រី​របស់​ខ្ញុំ​បាន​ចាប់ផ្តើម​ស្វែងរក​ពង្សប្រវត្តិ​ខាង​ឪពុក​របស់​នាង ហើយ​តែ​មួយ​ល្ងាច​ប៉ុណ្ណោះ​បាន​បញ្ចប់​កិច្ចការ​ដែល​ខ្ញុំ​ចំណាយ​ពេល​ធ្វើ​អស់​ជាច្រើន​ឆ្នាំ ។ខ្ញុំ​បាន​បញ្ចប់​បួន​ប្រាំ​ជំនាន់​នៅក្នុង​ផ្នែក​របស់​ខ្ញុំ ហើយ​បាន​បញ្ជូន​ឈ្មោះ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​ធ្វើ​កិច្ចការ​នោះ​ឲ្យ​បាន​ចប់​សព្វ​គ្រប់ ។ ខ្ញុំ​ចង់​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ធ្វើ​ពិធីទាំង​នោះ​សម្រាប់​សមាជិក​របស់​ខ្ញុំ​ដោយ​ផ្ទាល់ ប៉ុន្តែ​សុខភាព និង ចម្ងាយ​ផ្លូវ​ទៅ​ព្រះវិហារ​បរិសុទ្ធ​មិន​អំណោយ​ផល​ដល់​ខ្ញុំ​ឡើយ ។

បន្ទាប់​ពី​បញ្ជូន​ឈ្មោះ​ទាំង​នោះ​ហើយ ខ្ញុំ​បាន​ចាប់ផ្តើម​យំ​ដោយ មាន​អារម្មណ៍​ថា ខ្ញុំ​បាន​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​របស់​ខ្ញុំ​ពិបាក​ចិត្ត ដោយសារ​ខ្ញុំ​ពុំ​អាច​នៅ​ទីនោះ​ជាមួយ​ពួកគេ នៅថ្ងៃ​ធ្វើ​ពិធី​បរិសុទ្ធ​ដ៏​ពិសេសេ​នោះ​សម្រាប់​ពួកគេ ។ មួយ​សប្តាហ៍​ក្រោយ​មក នៅពេល​ខ្ញុំ​បាន​ចុះឈ្មោះ​ទៅក្នុង​គេហទំព័រ FamilySearch.org ដើម្បី​ពិនិត្យ​មើល​ពី​ការរីកចម្រើន​នៃ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​របស់​ពួកគេ នោះ​ខ្ញុំ​បាន​ឃើញ​អ្វី​មួយ​ដ៏​អស្ចារ្យ ។ មិនត្រឹម​តែ​កិច្ចការ​ទាំងអស់​បាន​ធ្វើ​ចប់​សព្វគ្រប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សមាជិក​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ អាក្រា ហ្គាណា បាន​ធ្វើ​កិច្ចការ​ទាំង​នោះ ! ខ្ញុំ​មាន​ក្តី​រំភើប​ដោយ​ឃើញ​សមាជិក​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​ពិភពលោក​នេះ បាន​ធ្វើ​កិច្ចការ​ព្រះវិហារ​បរិសុទ្ធ​បាន​ចប់​សព្វ​គ្រប់​សម្រាប់​គ្រួសារ​ដ៏​តូច​របស់​ខ្ញុំ​នេះ ។ ខ្ញុំ​បាន​យំ​ជា​ខ្លាំង ដោយ​គិត​ពី​ការលះបង់​របស់​ប្រជាជន​នៅក្នុង​ប្រទេស ហ្គាណា នៅពេល​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​គ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អំណរគុណ​ជា​ខ្លាំង ចំពោះ​សមាជិក​នៃ​មណ្ឌល​ព្រះវិហារ​បរិសុទ្ធ អាក្រា ហ្គាណា បាន​ធ្វើ​កិច្ចការ​ដែល​ខ្ញុំ​ពុំ​អាច​ធ្វើ​វា​បាន ៖ គឺ​ចូល​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​ផ្តល់​ពរជ័យ​នៃ​ពិធី​បរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​សម្រាប់​គ្រួសារ​របស់​ខ្ញុំ ។