២០១៦
ការរៀន​ធ្វើជា​ពន្លឺ​ដល់​ពិភពលោក​នេះ
July 2016


របៀប​ដែល​ខ្ញុំ​ដឹង

ការរៀន​ធ្វើ​ជា ​ពន្លឺ​ដល់​ពិភពលោក​នេះ

អ្នក​និពន្ធ​រស់នៅ​ក្នុង សាធារណរដ្ឋ ដូមីនីក ។

រូបភាព
missionary and candle

ខ្ញុំ​បាន​កើត​នៅ​ក្នុង សាធារណរដ្ឋ ដូមីនីក ហើយ​ត្រូវ​បាន​ចិញ្ចឹម​ឲ្យ​ធំ​ឡើង​នៅក្នុង​សាសនាចក្រ ។ អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​ជាច្រើន​បាន​ព្យាយាម​ជួយ​ខ្ញុំ​ឲ្យ​ដើរ​តាម​ផ្លូវ​ត្រូវ​អំឡុង​ពេល​ចម្រើន​វ័យ​ធំ​ឡើង ។ ខ្ញុំ​មាន​ក្តីស្រមៃ​ពី​ការបម្រើ​បេសកកម្ម និង ការជួយ​មនុស្ស​ទូទៅ ។

ដោយសារ​ឪពុក​របស់​ខ្ញុំ​បាន​ប្តូរ​ទៅ​នៅ​សហរដ្ឋ ដើម្បី​ព្យាយាម​ស្វែងរក​ជីវិត​កាន់តែ​ប្រសើរ​សម្រាប់​ពួកយើង នោះ​ម្តាយ​របស់​ខ្ញុំ​បាន​ចិញ្ចឹម​បងស្រីៗ និង ខ្ញុំ​តែ​ម្នាក់​ឯង ។ ជួនកាល​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ប៉ុន្តែ​ខ្ញុំ​មិន​ធ្លាប់​ឯកោ​ឡើយ ដោយសារ​ខ្ញុំ​អាច​និយាយ​អំពី​ការលំបាក​នានា​នៅក្នុង​ជីវិត​របស់​ខ្ញុំ ជាមួយ​ថ្នាក់​ដឹកនាំ​សាសនាចក្រ​របស់​ខ្ញុំ ។

ពេលយើង​បាន​ប្តូរ​ទៅ​រស់នៅ​សហរដ្ឋ ការសាកល្បង​ដ៏​ធំ​បាន​ចាប់ផ្តើម​ចំពោះ​ខ្ញុំ ។ យើង​បាន​ចូលរួម​សាខា​តូច​មួយ ហើយ​ខ្ញុំ​មាន​ថ្នាក់​ដឹកនាំ​ដែល​ចង់​ជួយ​ខ្ញុំ ប៉ុន្តែ​មិត្តភក្តិ​នៅ​សាលា​របស់​ខ្ញុំ បាន​ព្យាយាម​ទាញ​ខ្ញុំ​ឲ្យ​ធ្លាក់​ចេញ​ពី​ផ្លូវ​នៃ​ដំណឹងល្អ ។ ជា​អកុស ខ្ញុំ​បាន​ចាប់ផ្តើម​និយាយ​ទៅ​កាន់​ម្តាយ​ខ្ញុំ​ដោយ​ច្រឡើសបើស ហើយ​កម្រ​នឹង​ស្តាប់​តាម​ការទូន្មាន​របស់​គាត់​ណាស់ ។

ខ្ញុំ​ទៅ​ព្រះវិហារ​រាល់​សប្តាហ៍ ប៉ុន្តែ​ខ្ញុំ​ពិតជា​គ្មាន​បំណង​ទៅ​ឡើយ ហើយ​ខ្ញុំ​ពុំ​ដឹង​ឡើយ​ថា តើ​ខ្ញុំ​ចង់​ទៅ​បម្រើ​បេសកកម្ម​ទៀត​ឬ​អត់​នោះ​ទេ ។

នា​ព្រឹក​មួយ​ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​មរមន ហើយ​វា​បើក​ចំ​ទំព័រ​នៃ​ខគម្ពីរ​ដែល​ខ្ញុំ​ពេញចិត្ត នីហ្វៃទី ៣ ១២:១៤–១៦

« ប្រាកដ​មែន យើង​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា យើង​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ពន្លឺ​នៃ​ប្រជាជន​នេះ ។ ឯ​ទីក្រុង​ណា​ដែល​នៅលើ​ភ្នំ​នោះ​លាក់​មិន​កំបាំង​ទេ ។

មើលចុះ តើ​មនុស្ស​អុជ​ទៀន ហើយ​ដាក់​នៅក្រោម​ថាំង​ឬ ? ទេ ប៉ុន្តែ​ដាក់​នៅលើ​ជើង​ទៀន​វិញ នោះ​ទើប​នឹង​ឲ្យ​ពន្លឺ​ដល់​អ្នក​ដែល​នៅក្នុង​ផ្ទះ​ទាំងអស់​គ្នា

ដូច្នេះ ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់គ្នា បាន​ភ្លឺ​នៅមុខ​ប្រជាជន​នេះ ដើម្បី​ឲ្យ​គេ​អាច​ឃើញ​ការល្អ​របស់​អ្នក​រាល់​គ្នា ហើយ​សរសើរ​តម្កើង​ដល់​ព្រះវរបិតា​នៃ​អ្នករាល់​គ្នា ដែល​គង់​នៅលើ​ស្ថានសួគ៌ » ។

ខ្ញុំ​មាន​ក្តីអំណរ​ជា​ខ្លាំង​ដើម្បី​អាន​ខគម្ពីរ​នេះ ដោយសារ​វា​ជួយ​ខ្ញុំ​ឲ្យ​ចងចាំ​ពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅក្នុង​ថ្នាក់​សិក្ខាសាលា និង ផែនការ​ដ៏​មហិមា​របស់​ព្រះវរបិតា​យើង ។ ដូច្នេះ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ព្យាយាម​ធ្វើ​ជា​ពន្លឺ​ដល់​ពិភពលោក ។

ខ្ញុំ​បាន​អញ្ជើញ​បងប្អូន​ជីដូន​មួយ​របស់​ខ្ញុំ​ពីរ​នាក់​មក​ព្រះវិហារ ។ ម្នាក់​មិន​សូវ​សកម្ម ហើយ​គាត់​បាន​សកម្ម​វិញ ។ ម្នាក់​ទៀត​ពុំ​មែន​ជា​សមាជិក​ឡើយ ហើយ​ខ្ញុំ​បាន​ជ្រមុជទឹក​ឲ្យ​គាត់ ។

មួយ​ឆ្នាំ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការហៅ​បម្រើ​បេសកកម្ម​ទៅ កាលីហ្វូញ៉ា ស.រ.អា. ។ នៅពេល​ខ្ញុំ​បាន​បម្រើ ខ្ញុំ​បាន​ឃើញ​ដោយ​ឥត​សង្ស័យ​ថា នេះ​គឺ​ដំណឹងល្អ​ដ៏​ពិត​របស់​ព្រះយេស៊ូវគ្រីស្ទ ។ នៅពេល​ខ្ញុំ​បាន​ជួយ​មនុស្ស ទីបន្ទាល់​របស់​ខ្ញុំ​បាន​កើន​កាន់តែ​ច្រើន​ឡើង ហើយ​គ្រប់​ពេល​ដែល​ខ្ញុំ​អាន​ព្រះគម្ពីរ ខ្ញុំ​សូត្រ​ខគម្ពីរ​នៅក្នុង​នីហ្វៃ​ទី ៣ នោះ​ជានិច្ច ដើម្បី​ធ្វើ​ជា​ពន្លឺ​ដល់​ពិភពលោក​នេះ ។