២០១៦
ភាព​ខុស​ប្លែក​ក្នុង​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​
July 2016


ការផ្លាស់ប្តូរក្នុង ក្រុម​ប្រឹក្សា​គ្រូបង្រៀន

អ្នក​និពន្ធ​រស់​នៅ​ប្រទេស ស្កតឡែន ។

យោបល់​មួយ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​បាន​ផ្លាស់ប្តូរ​​ខ្ញុំ​ច្រើនជាង​ការ​បង្រៀន​របស់ខ្ញុំ​ទៅទៀត ។

រូបភាព
teacher-council-meeting

ការប្រជុំ​ក្រុមប្រឹក្សា​គ្រូ​បង្រៀន កំពុង​ជួយ សាន់ដ្រា ខាតធែល ( នៅ​កណ្តាល ) កែលម្អ​សមត្ថភាព​នៃ​ការបង្រៀន​របស់គាត់​ ។

ខ្ញុំមានវ័យ​​ចំណាស់ ដូច្នោះ​ពេល​ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បង្រៀន​យុវនារី នោះ​ខ្ញុំ​បាន​គិត​ថា « ឱ​ម្ចាស់​ថ្លៃ​អើយ ! ខ្ញុំ​ងឿង​ឆ្ងល់​ថា ហេតុអ្វី​​បាន​ជា​ពួកគេ​ហៅ​ចំ​ខ្ញុំដូច្នេះ ? »

ខ្ញុំ​បាន​ខិតខំ​រៀបចំ​មេរៀនយ៉ាង​ខ្លាំង​​ឲ្យ​សមនឹង​តម្រូវការ​របស់​យុវនារី ហើយ​ខ្ញុំ​សង្ឃឹម​ថា​ពួកគេ​នឹង​មាន​ឆន្ទៈ​ចែកចាយ​អ្វី​ដែល​ពួកគេ​បាន​រៀន និង អ្វី​ដែល​ពួកគេ​បាន​ធ្វើ​តាម​មេរៀន​នៅក្នុង​អំឡុង​សប្តាហ៍​នោះ ។ ប៉ុន្តែ​ជាញឹកញាប់ ការសួរសំណួររបស់ខ្ញុំ​​​គឺធ្វើ​ឲ្យ​​មានភាព​ស្ងាត់ស្ងៀម ។

នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​លើក​ដំបូង​របស់​វួដ​យើង មាន​គ្រូ​ម្នាក់​បាន​និយាយ​ថា គាត់​កំពុង​ជួប​ការលំបាក​ផងដែរ​ក្នុង​ការធ្វើ​ឲ្យ​យុវវ័យ​សន្ទនា​ជាមួយ​គាត់​អំឡុង​ពេល​បង្រៀន ។ មាន​គ្រូបង្រៀន​ម្នាក់​ទៀត​បាន​និយាយ​នៅក្នុង​ការប្រជុំ​នោះ​ថា « មែនហើយ អ្នក​អាច​ទុក​ឲ្យ​មាន​ភាពស្ងាត់ស្ងៀម​ខ្លះបាន​ » ។ ពេលខ្លះ​មនុស្ស​ត្រូវការ​ពេល​បន្តិចបន្តួច​ដើម្បី​គិត​អំពី​សំណួរ​មួយ មុន​ពេល​ឆ្លើយ​តប ។

យោបល់​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​នោះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មានភាព​ខុសប្លែក​ទៅលើ​របៀប​ដែល​ខ្ញុំ​បង្រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំពោះ​សិស្ស​របស់​ខ្ញុំ​ផងដែរ ។ ខ្ញុំ​បាន​គិត​ច្រើន​អំពី​យោបល់​នោះ ។ នៅក្នុង​មេរៀន​ថ្នាក់​យុវនារី​លើក​ក្រោយ​របស់​ខ្ញុំ ខ្ញុំ​បាន​សួរ​សិស្សអំ​ពី​គោលការណ៍​ដំណឹង​ល្អ ដែល​ពួកគេ​បាន​អនុវត្ត​​អំឡុង​សប្តាហ៍​នោះ ។ ពួកគេ​ពុំ​មាត់​ក​អ្វី​សោះ​ដូច​សព្វមួយ​ដង ។ ប៉ុន្តែ​ជំនួស​ឲ្យ​ការប្រញាប់​និយាយ​អ្វី​ទៀត​ពេល​មាន​ភាពស្ងាត់​នោះ ខ្ញុំ​បាន​ចាំ​ពី​ការពិភាក្សា​នៅក្នុង​ក្រុមប្រឹក្សា​គ្រូ​បង្រៀន​របស់​យើង ហើយ​និយាយ​ដោយ​ស្ងាត់ៗ​ថា « កុំបង្ខំអី » ។

នៅ​គ្រា​ដែល​ខ្ញុំ​បាន​និយាយ​ដូច្នោះ ការសន្ទនា​គ្នា​បាន​ចាប់ផ្តើមផ្ទុះ​ឡើង ។ ពួក​យុវនារី​បាន​ចាប់ផ្តើម​បើក​ដួងចិត្ត ហើយ​ពួកគេ​បាន​ចែកចាយ​នូវ​បទពិសោធន៍​ដ៏​ទន់ភ្លន់​មួយ​ចំនួន ។ ភ្លាម​ៗ​នោះ​ខ្ញុំ​ចង់​ថ្លែង​អំណរគុណ​ដល់​គ្រូបង្រៀន ដែល​បាន​ផ្តល់​យោបល់​ដ៏​សាមញ្ញ​នៅក្នុង​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​អំពី​ភាព​ស្ងាត់​នោះ ។ ខ្ញុំ​ស្ងើច​សរសើរពី​របៀប​ដែល​ការអនុវត្ត​​គោលការណ៍​មួយ​នោះ​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​មួយ​ដ៏​ធំ​យ៉ាង​លឿន​ ។

ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ដឹង​ភ្លាមទេ ទាល់តែក្រោយ​មក ទើប​ខ្ញុំ​បាន​ឃើញ​ពីភាពខុសប្លែក​ដែល​គោលការណ៍នោះ និង គោលការណ៍​ផ្សេង​ទៀត​ដែល​ខ្ញុំ​បាន​រៀន​កើតមានឡើង ។ បន្ទាប់​ពី​ចប់​ម៉ោង​នៅ​ព្រះវិហារ ម្តាយ​របស់​យុវនារី​មួយ​រូប​បាន​ប្រាប់​ខ្ញុំ​ថា កូនស្រី​របស់​គាត់​បាន​និយាយ​ថា នាង​ដឹង​ថា​ខ្ញុំ​ត្រូវបាន​ហៅ​ពី​ព្រះ ។

ខ្ញុំ​ពុំ​អាច​រៀបរាប់ប្រាប់អ្នក​ពី​អារម្មណ៍​ដ៏​អស្ចារ្យពេល​ដែល​ស្ដាប់​ឮ​ពាក្យ​ទាំង​នោះ​យ៉ាងណា​ឲ្យ​អស់ទេ ។ ពេល​នោះ​ខ្ញុំ​បាន​គិត​ថា « តើ​ខ្ញុំ​បាន​បង្រៀន​អ្វី​ខ្លះ​ដល់​យុវនារី​ទាំង​នេះ ? » ប៉ុន្តែ​ខ្ញុំ​ច្បាស់​ជា​កំពុង​បង្រៀន​ពួកគេអ្វីមួយ​​ហើយ ។ ខ្ញុំ​ត្រូវបាន​ហៅ​ដោយ​គោលបំណង​មួយ ហើយ​ការប្រជុំ​ក្រុមប្រឹក្សា​គ្រូបង្រៀន​កំពុង​ជួយ​ខ្ញុំ​ឲ្យ​បំពេញ​គោលបំណង​នោះ ។