២០១៦
ក្លារែន​ប្រកួត​នឹង​កីឡាករ​ជើង​ឯក
July 2016


ក្លារែន​ប្រកួត​នឹង​កីឡាករ​ជើង​ឯក

រូបភាព
clarence-vs-the-champion

ក្លារែន​បាន​ក្រឡេក​មើល​ទៅ​ក្រៅ​កញ្ចក់​ឡាន នៅពេល​មើល​ឃើញ​កំពង់​ផែ ។ ទូក​អណ្តែត​លើ​ទឹក​នៅ​ពីមុខ​ផ្ទះ និង ហាង​ជាច្រើន​ដែល​មាន​ពណ៌​ចម្រុះ​គ្នា ។ ខូភិនហាហ្គិន ដាណាម៉ាក ជា​ទីក្រុង​មួយ​ដ៏​ស្រស់​ស្អាត​ដែល​មាន វាំង អគារ​ស្កឹមស្កៃ និង សួន​ឧស្យាន​ស្អាតៗ ។ វា​មិន​ដូច​ជា​ទីក្រុង​របស់​ក្លារែន​នៅក្នុង​រដ្ឋ យូថាហ៍ ស.រ.អា.​ឡើយ ។ ក្លារែន​អាច​ស្រមៃ​គិត​ពី​ផ្លូវ​ដី​ហុយ ដែល​ជា​ផ្លូវ​គាត់​រត់​ប្រណាំង​គ្នា​កាល​ពី​ក្មេង ។ ឥឡូវ​នេះ​គាត់​គឺ​ជា​សមាជិក​ម្នាក់​នៅក្នុង​ក្រុម​កីឡាករ​រត់​ប្រណាំង​សហរដ្ឋ ហើយ​ថ្ងៃ​ស្អែក​គាត់​នឹង​ជួប​ប្រកួត​ជាមួយ​នឹង​អ្នក​រត់​ប្រណាំង​ជនជាតិ​ដាណឺម៉ាក​ដ៏​ល្បី​មួយ​រូប​នៅក្នុង​ការប្រកួត​ដ៏​សំខាន់​មួយ ។

ឡាន​បាន​ឈប់​នៅ​សាល​ប្រជុំ​តូច​មួយ ជា​ទី​ដែល​ការប្រជុំ​សាសនាចក្រ​បាន​ចាប់ផ្តើម ។

កាល​ក្លារែន​បាន​ចូល​ទៅ​សរសៀៗ​ពី​ខាង​ក្រោយ​ការប្រជុំ អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​អង្គុយ​នៅលើ​វេទិកា​បាន​ស្គាល់​គាត់ ពី​ការអាន​អត្ថបទ​សារព័ត៌មាន​អំពី​ការប្រកួត​ពី​ម្សិលមិញ ។ ប្រធាន​សាខា​បាន​ស្នើ​សុំ​ឲ្យ​ក្លារែន​ឡើង​ទៅ​លើ​វេទិកា ហើយ​និយាយ ។

បន្ទាប់​មក​ក្លារែន​ប្រាប់​អំពី​មូលហេតុ​ដែល​គាត់​មក​ព្រះវិហារ នោះ​មាន​ក្មេងប្រុស​ម្នាក់​បាន​ក្រោក​ឡើង ហើយ​លើក​ដៃ​គាត់ ។ គាត់​បាន​សួរ « តើ​អ្នក​គិត​ថា​អ្នក​អាច​យក​ឈ្នះ​លើ​ជើង​ឯក​ដាណឺម៉ាក​ម្នាក់​នោះដែរ​ឬ​ទេ ? »

ក្លារែន​ទំនង​ដូចជា​មិន​ដឹង​ថា​ត្រូវ​និយាយ​អ្វី​នោះ​ទេ ។ កីឡាករ​រត់ប្រណាំង ដាណឺម៉ាក បាន រត់​ក្នុង​រយៈ​ពេល​តិច​ ក្នុង​ចម្ងាយ​ជាច្រើន​គីឡូម៉ែត្រ​នៅ​រដូវកាល​ប្រកួត​នោះ ។

អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​នោះ​បាន​ឆ្លើយ​ពីមុន​ក្លារែន​បាន​ឆ្លើយ « ពិតមែន​ហើយ​គាត់​អាច​ធ្វើ​បាន ។ ដោយសារ​គាត់​រស់នៅ​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ » ។ គាត់​បាន​បើក​គម្ពីរ​របស់​គាត់​ទៅ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩ ។ គាត់​បាន​អាន​ការសន្យា​ថា អស់​អ្នក​ដែល​គោរព​តាម​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ « នឹង​រត់​ទៅ​ឥត​ដែល​ហត់ ហើយ​នឹង​ដើរ​ឥត​ដែល​ល្វើយ​ឡើយ » (ខ​ទី ២០) ។

តើ​ក្លារែន​អាច​និយាយ​ថា​ដូចម្ដេច ? គាត់ បាន​ដឹង​ថា​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​គឺ​ជា​ការពិត ។ ហើយ​កាល​គាត់​នៅ​ពី​ក្មេង​គាត់​បាន​សន្យា​ថា​គាត់​នឹង​គោរព​តាម​ច្បាប់​នេះ​ជានិច្ច ។ ប៉ុន្តែ​ការគោរព​ច្បាប់​នេះ​តែ​មួយ​មុខ​គត់​នោះ ពុំ​មែនមាន​ន័យ​ថា​គាត់​អាច​ឈ្នះ​លើ​ការប្រកួត​នេះ​ឡើយ ។ ភាពជោគជ័យ​ក៏​តម្រូវ​ឲ្យ​មាន​ការអនុវត្ត និង មាន​ជំនាញ ។ នៅពេល​ក្លារែន​បាន​ចាកចេញ​ពី​ការប្រជុំ គាត់​បាន​គិត​ថា « មែន​ហើយ​គ្មាន​នរណា​ម្នាក់​មក​ពី​សាសនាចក្រ នឹង​ទៅ​មើល​ការប្រកួត​នៅ​ថ្ងៃ​ស្អែក​ឡើយ » ។

នៅ​ល្ងាច​បន្ទាប់​មក ពេល​ក្លារែន​កំពុង​ហាត់​សម​ការប្រកួត​របស់​ខ្លួន នោះ​គាត់​បាន​មើល ហើយ​បាន​ឃើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរនាក់​នៅក្នុង​ក្រុម​យុវជន​មួយ​ដែល​មាន​គ្នា​ប្រមាណ ១៧ នាក់ ។ ពួកគេ បាន មក !

នៅពេល​ពួកគេ​មក​កាន់តែ​ជិត មាន​អ្នក​ផ្សព្វផ្សាយ​បាន​ខ្សឹប​ក្លារែន​ថា « ប្រសិនបើ​អ្នក​ធ្លាប់​រត់​នៅក្នុង​ជីវិត​របស់​អ្នក នោះ​អ្នក​នឹង​រត់បាន​កាន់តែ​ល្អ​នា​យប់​នេះ » ។ ក្មេងប្រុស​ជាច្រើន​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​ទេ ប៉ុន្តែ​បាន​មក​ជាមួយ​មិត្តភក្តិ​របស់​ខ្លួន ដើម្បី​មើល​ឃើញ​ថា តើ​ច្បាប់​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​នោះ​ពិត​ឬ​ទេ ។

ក្លារែន​ព្រួយ​បារម្ភ​ណាស់ ។ នៅក្នុង​ការប្រកួត​នេះ សមត្ថភាព​របស់​គាត់​ប្រហែល​ជា​មិន​ល្អ​គ្រប់គ្រាន់​ឡើយ ។ ប៉ុន្តែ​គាត់​កំពុង​ធ្វើ​តាម​គោលការណ៍​មួយ​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ គាត់ ត្រូវតែ ឈ្នះ ។ គាត់​ពុំ​ធ្លាប់​អធិស្ឋាន​សុំ​ឲ្យ​ឈ្នះ​ពីមុន​ឡើយ ប៉ុន្តែ​គាត់​បាន​រក​បន្ទប់​ទំនេរ​មួយ​ដើម្បី​អធិស្ឋាន ។

គាត់​បាន​អធិស្ឋាន​ថា « ឱ​ព្រះវរបិតា ដែល​គង់​នៅ​ឋានសួគ៌ ខ្ញុំ​ដឹង​ថា​ពាក្យ​សម្ដី​នៃ​ប្រាជ្ញា​វាងវៃ​គឺ​ពិត ហើយ​ខ្ញុំ​មិន​ដែល​រំលោភ​បំពាន​លើ​វា​ឡើយ ។ សូម​ប្រទាន​ពរ​ដល់​ខ្ញុំ​នូវ​ជោគជ័យ​នៅក្នុង​ការប្រកួត​នេះ » ។ នៅពេល​គាត់​ដើរ​ចេញ​ទៅ​ទី​ចាប់ផ្តើម គាត់​បាន​ដឹង​ថា​ព្រះវរបិតាសួគ៌​បាន​ស្តាប់​ឮ​ការអធិស្ឋាន​របស់​គាត់ ។ គាត់​បាន​ទុកចិត្ត​លើ​ព្រះ​ហឫទ័យ​របស់​ព្រះវរបិតាសួគ៌ ។

នា​ល្ងាច​នោះ​មាន​ភ្លៀង​ធ្លាក់ ហើយ​មាន​ភក់ ។ នៅពេល​ក្លារែន​ចាប់ផ្តើម​ការប្រកួត វា​ហាក់បី​ដូចជា​គាត់​បាន​រត់​អស់​ជាច្រើន​គីឡូម៉ែត្រ​មក​ហើយ ។ ល្បឿន​រត់​នោះ​លឿន​ណាស់ ហើយ​ជើង​ឯង ដាណឺម៉ាក​នោះ​បាន​រត់​ទៅ​មុន​គាត់ ។ ប៉ុន្តែ នៅពេល​ក្លារែន​បាន​រត់​បញ្ចប់​ជុំ​ទីបី ភ្លាម​នោះ​គាត់​មិន​នឿយ​ហត់​ទៀត​ឡើយ ។ គាត់​បាន​ចាប់ផ្តើម​រត់​លឿន​ជាង​មុន ហើយ​វា​អត់​ឈឺ​អ្វី​ឡើយ ។ រត់​ទៅ​កាន់តែ​លឿន​ជាង​មុន ហើយ​វា​អត់​ឈឺ​អ្វី​ឡើយ ។ គាត់​បាន​រត់​ហួស​ជើង​ឯក ដាណឺម៉ាក ហើយ នៅតែ រត់​ទៅមុន​យ៉ាង​លឿន ។

នៅពេល​ក្លារែន​បាន​រត់​មក​ដល់​ជុំត្រឡប់​វិញ គ្រូបង្វឹក​របស់​គាត់​បាន​ស្រែក​ថា « បន្ថយ​ល្បឿន ! ប្អូន​នឹង​មិន​អាច​រត់​ដល់​ទី​ផ្តាច់ព្រ័ត​ឡើយ ! » ។ ប៉ុន្តែ​ក្លារែន​បាន​ដឹង​ថា គាត់​អាច​បន្ត​រត់​ទៀត​បាន ។ ហើយ​នៅពេល​គាត់​បញ្ចប់​ការប្រកួត​របស់​ខ្លួន គាត់​បាន​រត់​លឿន​ជាង​កីឡាករ ដាណឺម៉ាក​នោះ​ច្រើន​ជាង ៤៦ ម៉ែត្រ ! គាត់​បាន​ដឹង​ថា​គាត់​ឈ្នះ ដោយសារ​ព្រះវរបិតាសួគ៌​បាន​ឆ្លើយ​តប​ការអធិស្ឋាន​របស់​គាត់ ហើយ​ដោយសារ​ពាក្យ​សម្តី​នៃ​ប្រាជ្ញា​វាងវៃ​គឺ​ជា​ការពិត ។