២០១៦
ការដោះស្រាយ​បញ្ហា​ជាមួយ​នឹង​ការត្រឡប់​មក​ផ្ទះវិញ​មុន​កំណត់
July 2016


ការដោះស្រាយ​បញ្ហា​ជាមួយ នឹង​ការត្រឡប់​មក​ផ្ទះវិញ​មុន​កំណត់

អ្នក​និពន្ធ​រស់​នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។

ការត្រឡប់​មក​ពី​បេសកកម្ម​វិញ​មុន​កំណត់ ដោយសារ​តែ​ហេតុផល​សុខភាព​ក្តី ក៏​អាច​ជា​បទពិសោធន៍​មួយ​ដ៏​បាក់​ទឹក​ចិត្ត​ខ្លាំង​បំផុត ។ វា​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ ។ ប៉ុន្តែ​អ្នក​អាច​ធ្វើ​វា​ឲ្យ​រីកចម្រើន​ទៅមុខ មិនមែន​អន់​ថយ​ទៅ​ក្រោយ​ឡើយ ។

រូបភាព
sister-missionary-returning-home

រចនា​លម្អ​រូបថត​ដោយ ខូលីន លីហ្គើតវ៉ូដ

ឪពុក​ខ្ញុំ​មិន​នៅ​ផ្ទះ​ឡើយ​ដោយសារ​គាត់​ជាប់​ធ្វើ​ដំណើរ​ផ្នែក​ជំនួញ ដូច្នោះ​មាន​តែ​ម្តាយ​ខ្ញុំ​ម្នាក់​គត់​ដែល​បាន​ទៅ​ស្វាគមន៍​ខ្ញុំ នៅពេល​ខ្ញុំ​បាន​ចុះ​ពី​យន្តហោះ​ពី​បេសកកម្ម​របស់​ខ្ញុំ ។ គាត់​បាន​ឱប​ខ្ញុំ ហើយ​ពួកយើង​បាន​យំ ។

ខ្ញុំ​បាន​ធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន ប៉ុន្តែ​វេជ្ជបណ្ឌិត​ពុំ​អាច​ស្វែងរក​ឃើញ​បញ្ហា​អ្វី​ឡើយ ។ ការដោះ​ស្លាក​ឈ្មោះ​អ្នក​ផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ​ចេញ ប្រាំបួន​ខែ​មុន​កំណត់​គឺ​ជា​រឿង​ដ៏​លំបាក​បំផុត​ដែល​ខ្ញុំ​បាន​ជួប ។ ខ្ញុំ​មាន​អារម្មណ៍​ថា​វា​គឺ​ជា​ភាពបរាជ័យ​មួយ ដែល​ខ្ញុំ​មិន​បាន​បញ្ចប់​បេសកកម្ម ។

ពិតជា​មាន​ន័យ​ណាស់ ដើម្បី​ធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​រូប

ការ​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា គឺ​ជា​គោលដៅ​របស់​ខ្ញុំ​ជានិច្ច ។ ពេល​បងប្រុស​របស់​ខ្ញុំ​បាន​ចេញ​បម្រើ​បេសកកម្ម នោះ​ខ្ញុំ​បាន​ស្លៀកពាក់​ដោយ​មាន​ពាក់​ស្លាក​ឈ្មោះ​ដែល​ធ្វើ​ដោយ​ខ្លួន​ឯង ដើម្បី​លា​គាត់​នៅ​ប្រលាន​យន្តហោះ ។ ពេល​អាយុ​បម្រើ​បេសកកម្ម​បាន​ផ្លាស់ប្តូរ​កាល​ពី​ឆ្នាំ ២០១២ នោះ​ខ្ញុំ​មាន​អាយុ ១៩ ឆ្នាំ ហើយ​ខ្ញុំ​បាន​ដឹង​ថា​ការប្រកាស​នោះ​គឺ​ជា​ចម្លើយ​ចំពោះ​ការអធិស្ឋាន​របស់​ខ្ញុំ ។ ខ្ញុំ​បាន​រាំ​ក្នុង​បន្ទប់ បំពេញ​ទម្រង់​បែប​បទ​បម្រើ​របស់​ខ្ញុំ​នៅ​ថ្ងៃ​នោះ ណាត់​ជួប​ពេទ្យ​ពិនិត្យ​សុខភាព ហើយ​បាន​ដាក់​បញ្ជូន​ទម្រង់​បែបបទ​បម្រើ​របស់​ខ្ញុំ​នៅក្នុង​សប្តាហ៍​នោះ​តែ​ម្តង ។ ពីរ​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ការបម្រើ​ទៅ​បេសកកម្ម កាលីហ្វូញ៉ា អាណាហៀម ហើយ​ត្រូវ​ទៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នក​ផ្សព្វផ្សាយ​សាសនា​រយៈពេល​ពីរ​ខែ​បន្ទាប់​ពី​នោះ ។

ពេល​ខ្ញុំ​បាន​ទៅ​ក្នុង​តំបន់​បេសកកម្ម ខ្ញុំ​មាន​អារម្មណ៍ « ពុះ​កញ្ជ្រោល » ធ្វើ​កិច្ចការ​នេះ ហើយ​ពុំ​ចង់​បង្អង់​កិច្ចការ​នេះ​ឡើយ ។ អ្នក​បំពាក់បំប៉ន​ខ្ញុំ និង រូប​ខ្ញុំ​ពិត​ជា​ខិតខំ​រៀន​មេរៀន​មួយ​ចំនួន​យ៉ាង​លឿន ដោយសារ​យើង​រំភើប​ចិត្ត​ដើម្បី​បង្រៀន​ខ្លាំង​ណាស់ ។ សម្រាប់​ខ្ញុំ ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ពេញ​ម៉ោង គឺ​ជា​រឿង​សាមញ្ញ​បំផុត​នៅ​លើ​លោក​នេះ ។ ជួន​កាល​ខ្ញុំ​មាន​ការលំបាក និង ស្មុគស្មាញ ប៉ុន្តែ​ចំពោះ​ខ្ញុំ​គ្មាន​អ្វី​ដែល​អស្ចារ្យ​ជាង​ការធ្វើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ឡើយ ។

អំឡុង​ពេល​ប្រាំបី​ខែ​នៅក្នុង​បេសកកម្ម​របស់​ខ្ញុំ ដៃគូ​ខ្ញុំ និង រូបខ្ញុំ​ត្រូវ​ជិះកង់​ផ្សព្វផ្សាយ ដោយសារ​គ្មាន​ឡាន​គ្រប់គ្រាន់​ឡើយ ។ ខ្ញុំ​ខាន​ជិះ​កង់​យូរ​មក​ហើយ ហើយ​ពុំ​ដឹង​ថា​ជិះ​កង់​ទាំង​ស្លៀក​សំពត់​យ៉ាង​ដូចម្តេច​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​រំភើប​ណាស់ ។ ប៉ុន្តែ​បន្ទាប់​ពី​ពីរបី​សប្តាហ៍​ក្រោយ​មក ខ្ញុំ​បាន​ចាប់ផ្តើម​ឈឺ​នៅ​ចំហៀង​ខ្លួន ដែល​វា​ឈឺ​បាត់ៗ ។ ខ្ញុំ​មិន​ខ្វល់ខ្វាយ​នឹង​ការឈឺ​ចាប់​នោះ​ទេ ហើយ​បន្ត​ខិតខំ​ធ្វើ​ការ ។

ការឈឺ​នោះ​បាន​ប្រែ​កាន់តែ​ញឹកញាប់ ហើយ​ខ្លាំង​ឡើងៗ រហូត​ដល់​យប់​មួយ​ដៃគូ​របស់​ខ្ញុំ​បាន​យក​ខ្ញុំ​ទៅ​បន្ទប់​សង្គ្រោះ​បន្ទាន់ ។ ខ្ញុំ​បាន​ធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ជា​ច្រើន ប៉ុន្តែ​វេជ្ជបណ្ឌិត​ពុំ​អាច​ស្វែងរក​ឃើញ​ប្រភព​នៃ​ការឈឺចាប់​នោះ​ឡើយ ។

នៅ​ប៉ុន្មាន​សប្តាហ៍​ក្រោយមក ខ្ញុំ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតាសួគ៌ ទូលសុំ​ឲ្យ​ការឈឺចាប់​នោះ​បាន​រសាយ​បាត់​ទៅ ហើយ​ទទួល​ការប្រសិទ្ធពរ​បព្វជិតភាព​បួន​ប្រាំ​ដង ប៉ុន្តែ​វា​កាន់តែ​ឈឺ​ខ្លាំង​ឡើងៗ ។ ខ្ញុំ​មាន​ការឈឺ​ចាប់​គ្រប់​ពេល​ទោះបី​ដេក ដើរ ឈរ អង្គុយ​ក្តី ការឈឺ​ចាប់​នោះ​មាន​ជាប់​ជានិច្ច ។ ប៉ុន្តែ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា ខ្ញុំ​អាច​ទម្លាប់​នឹង​ការឈឺចាប់​នោះ ហើយ​បន្ត​ធ្វើ​ការ​ទៀត ។

នា​ថ្ងៃ​មួយ​ខ្ញុំ​បាន​ដួល​សន្លប់​នៅលើ​ចិញ្ចើម​ថ្នល់ ហើយ​ពុំ​អាច​ធ្វើ​ចលនា​អ្វី​ទៀត​បាន​ឡើយ ។ ខ្ញុំ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​ធ្វើ​តេស្ត​ផ្សេងៗ ប៉ុន្តែ​ម្តង​នេះ​នៅ​តែ​គ្មាន​លទ្ធផល​អ្វី​ឡើយ ។ ខ្ញុំ​បាន​ព្យាយាម​សម្រាក​បន្តិច ហើយ​អង្គុយ​លើ​កៅអី​រង់ចាំ​រថយន្ត​ក្រុង​ជាមួយ​ដៃ​គូ​ខ្ញុំ ហើយ​បង្រៀន​មនុស្ស​កាល​ពួកគេ​កំពុង​រង់ចាំ​ឡាន​ក្រុង ។ ខ្ញុំ​បាន​អង្គុយ​រហូត​ដល់​បង្រៀន​ចប់ ដោយ​ខាំ​មាត់​អត់​ទ្រាំ​នឹង​ការ​ឈឺចាប់ ។ ទីបំផុត​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​កាន់តែ​ដុនដាប​ខ្លាំង​ឡើង ហើយ​ក្រោយមក​ខ្ញុំ​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​សារ​ជាថ្មី​ម្តង​ទៀត ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​ធ្វើ​បាប​ខ្លួន​ឯង​ជា​អចិន្ត្រៃយ៍ ប្រសិនបើ​ខ្ញុំ​បន្ត​នៅ​បម្រើ​បេសកកម្ម​របស់​ខ្ញុំ​ទៀត​នោះ ។ បន្ទាប់​ពី​អធិស្ឋាន​ជាច្រើន​ដង​មក ខ្ញុំ​បាន​ទទួល​ចម្លើយ​ថា ខ្ញុំ​គួរតែ​ត្រឡប់​ទៅ​ផ្ទះ​វិញ ដើម្បី​ដោះស្រាយ​បញ្ហា​សុខភាព​របស់​ខ្ញុំ​សិន ។

ជំហាន​នៃ​ការរីកចម្រើន

រូបភាព
young-adult-studying-scriptures-with-family

ពេល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​មក​ផ្ទះ​វិញ​ជា​រៀង​រហូត នោះ​ខ្ញុំ​មាន​ការបាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ។ ប៉ុន្តែ​ខ្ញុំ​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​របស់​ខ្ញុំ ដើម្បី​បន្ត​សេចក្តីជំនឿ​របស់​ខ្ញុំ និង សិក្សា​ព្រះគម្ពីរ ។ គ្រួសារ​របស់​ខ្ញុំ​បាន​ប្រព្រឹត្តិ​យ៉ាង​ល្អ​ចំពោះ​ខ្ញុំ ប៉ុន្តែ​មនុស្ស​ដទៃ​ទៀត​ដែល​នៅ​ជុំ​វិញ​ខ្ញុំ​ពុំ​ដឹង​ច្បាស់ ថា​តើ​ត្រូវ​ប្រព្រឹត្តិ​បែប​ណា​ចំពោះ​ស្ថានភាព​របស់​ខ្ញុំ​ឡើយ ។ ពួកគេ​បន្ត​សួរ​សំណួរ​ខ្ញុំ ហើយ​ខ្ញុំ​មាន​ការពិបាក​នឹង​គ្រប់គ្រង​អារម្មណ៍​សោកសៅ​របស់​ខ្ញុំ​ណាស់ ។ ប៉ុន្តែ មាន​បុរស​ម្នាក់​បាន​ទូរសព្ទ​មក​ខ្ញុំ​ដោយ​ពុំ​រំពឹង​ទុក ហើយ​បាន​ប្រាប់​ខ្ញុំ​ថា កូនប្រុស​របស់​គាត់​បាន​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​ពី​បេសកកម្ម​របស់​គាត់​យូរយារ​ណាស់​មក​ហើយ ។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា ការ​សាកល្បង​នេះ​មាន​សក្តានុពល​អាច​បំផ្លាញ​សេចក្តីជំនឿ និង សុភមង្គល​របស់​ខ្ញុំ​បាន ហើយ​ថា​ជាញយៗ​វា​បំផ្លាញ​ដល់​អ្នក​ត្រឡប់​ពី​បេសកកម្ម​មុន​កំណត់​ជាច្រើន​នាក់​មក​ហើយ ។ គាត់​បាន​និយាយ​ថា « អ្វី​ដែល​អ្នក​ត្រូវ​ចងចាំ​នោះ​គឺ​ថា ដរាប​ណា​អ្នក​ព្យាយាម​រស់នៅ​ដោយ​សុចរិត​យ៉ាង​អស់​ពី​ចិត្ត នោះ​វា​គឺ​ជា​ជំហាន​នៃ​ការរីកចម្រើន​មួយ មិន​ថា​មាន​អ្វី​កើត​ឡើង​នោះ​ឡើយ » ។

វា​បាន​ក្លាយ​ជា​បាវចនា​របស់​ខ្ញុំ ហើយ​ខ្ញុំ​បាន​ពឹង​ផ្អែក​លើ​វា​យ៉ាង​ខ្លាំង​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ។ អស់​រយៈពេល​ប្រាំបី​ខែ ខ្ញុំ​អាច​ដើរ​បាន​តិចៗ ប៉ុន្តែ​មនុស្ស​ផ្សេង​នៅតែ​វិនិច្ឆ័យ​ខ្ញុំ ពេល​ពួកគេ​បាន​ដឹង​ថា​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់ ។ ពួកគេ​បាន​និយាយ​ថា មាន​មនុស្ស​ជាច្រើន​ដែល​បាន​ឈឺ​ធ្ងន់​ជាង​នេះ​ទៀត ប៉ុន្តែ​ពួកគេ​បាន​បម្រើ​រហូត​ដល់​ចប់ ។ ពួកគេ​ពុំ​យល់​ពី​មូលហេតុ​ដែល​ខ្ញុំ​ពុំ​អាច​នៅ​បន្ត​រហូត​ដល់​ចប់​ឡើយ ទោះបី​ជា​មាន​ជំងឺ​យ៉ាង​ណា​ក្តី ។ ខ្ញុំ​មាន​ការឈឺ​ចាប់​ណាស់​ដែល​បាន​ឮ​រឿង​នេះ ដោយសារ​ខ្ញុំ​ស្រឡាញ់​បេសកកម្ម​របស់​ខ្ញុំ​ជា​ខ្លាំង ប៉ុន្តែ​ខ្ញុំ​មាន​សេចក្តីជំនឿ​ថា ព្រះវរបិតាសួគ៌​មាន​ព្រះរាជ​បំណង​មួយ ចំពោះ​ការសាកល្បង​របស់​ខ្ញុំ ហើយ​វា​អាច​ជា​ជំហាន​នៃ​ការរីកចម្រើន ។

ខ្ញុំ​បាន​ចាប់ផ្តើម​ចូល​រៀន​វិញ​ម្តង​ទៀត ហើយ​បាន​ចាប់ផ្តើម​ដើរ​លេង​ជា​គូ ។ ខ្ញុំ​អាច​ឃើញ​ថា​ខ្ញុំ​មាន​ការរីកចម្រើន ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មើល​ទៅ​បេសកកម្ម​របស់​ខ្ញុំ​គឺ​ជា​រឿង​ដ៏​ជូរចត់​មួយ​ជានិច្ច ។ ក្រោយមក​មិត្ត​ម្នាក់​របស់​ខ្ញុំ​បាន​រំឭក​ខ្ញុំ​ថា ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​អាច​ព្យាបាល​គ្រប់​ការឈឺចាប់ និង ភាព​ជូរចត់​គ្រប់​បែប​យ៉ាង ។ ដោយ​មាន​ជំនួយ​ពី​ទ្រង់ ខ្ញុំ​អាច​សប្បាយ​ចិត្ត​នៅពេល​គិត​អំពី​បេសកកម្ម​របស់​ខ្ញុំ ។

ខ្ញុំ​បាន​លុត​ជង្គង់ ហើយ​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​របស់​ខ្ញុំ ។ ខ្ញុំ​បាន​ទូល​ប្រាប់​ទ្រង់​ពី​ការឈឺចាប់ និង កិច្ចខិតខំ​របស់​ខ្ញុំ​ដើម្បី​បាន​ជាសះស្បើយ ហើយ​បាន​ការលួងលោម ។ ខ្ញុំ​បាន​ទូលសុំ ប្រសិនបើ​ទ្រង់​អាច​ដក​យក​ភាពជូរចត់​ដែល​ខ្ញុំ​បាន​មាន​អារម្មណ៍​នោះ​ចេញ ។ បន្ទាប់​ពី​ការអធិស្ឋាន​របស់​ខ្ញុំ ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​ពី​បេសកកម្ម​របស់​ខ្ញុំ ដែល​ចេញ​មក​ពី​ទស្សនវិស័យ​របស់​ទ្រង់ ។ ទាំង​ការបម្រើ និង ការត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​របស់​ខ្ញុំ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ព្រះអម្ចាស់ ដើម្បី​ជួយ​ឲ្យ​ខ្ញុំ​ដើរ​លើ​ផ្លូវ​ដែល​ទ្រង់​មាន​ព្រះទ័យ​ចង់​ឲ្យ​ខ្ញុំ​ប្រែក្លាយ ។ ខ្ញុំ​អាច​ឃើញ​អព្ភូតហេតុ​នានា ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ តាំង​ពី​ខ្ញុំ​មក​ដល់​ផ្ទះ​វិញ ។ វា​គឺ​ជា​ផ្លូវ​មួយ​ដ៏​លំបាក ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំ​អាច​ក្រឡេក​មើល​ទៅ​ការត្រឡប់​មក​ផ្ទះ​វិញ​មុន​កំណត់​របស់​ខ្ញុំ​ទាំង​ក្តីសុខសាន្ត ដោយ​ដឹង​ថា​ព្រះ​មាន​ព្រះទ័យ​ចង់​ថ្វាយ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ខ្ញុំ ។