២០១៤
គ្រា​ដ៏​ល្អ​បំផុត​ដើម្បី​ដាំ​ដើម​ឈើ​
ខែ មករា ឆ្នាំ 2014


សារលិខិត​គណៈប្រធាន​ទី​មួយ

គ្រា​ដ៏​ល្អ​បំផុត​ដើម្បី​ ដាំ​ដើម​ឈើ​

រូបភាព
ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ

នៅក្នុង​សាសនា​រ៉ូម​កាល​ពី​បុរាណ ជេនណុស គឺជា​ព្រះ​នៃ​ការ​ចាប់ផ្ដើម ។ ជារឿយៗ​ទ្រង់​ត្រូវ​បាន​បរិយាយ​ថា​មាន​ព្រះភ័ក្រពីរ—​ព្រះភ័ក្រ​មួយ​មើល​ទៅ​អតីតកាល ​ព្រះភ័ក្រ​មួយ​ទៀត​មើល​ឆ្ពោះ​ទៅរក​អនាគត ។ មាន​ភាសា​ខ្លះ​បាន​ដាក់​ឈ្មោះ​ខែ​មករា​តាម​ឈ្មោះ​របស់ទ្រង់ ដោយសារដើម​ឆ្នាំ​គឺជា​គ្រា​មួយ​សម្រាប់ការ​គិតក៏​ដូចជា​កា​ររៀបចំផែនការ​ផង​ដែរ ។

រាប់ពាន់ឆ្នាំ​ក្រោយ​មក មាន​វប្បធម៌​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​អនុវត្ត​នូវ​ប្រពៃណី​​មួយ​នៃ​ការ​ធ្វើ​ការ​តាំង​ចិត្តនានា​សម្រាប់​ឆ្នាំ​ថ្មី ។ ពិតណាស់ ការ​ធ្វើ​ការ​តាំង​ចិត្ត​ជា​រឿង​ងាយ​ស្រួលទេ—ប៉ុន្តែ​រក្សា​ការ​តាំងចិត្តនោះ​គឺជា​រឿង​មួយ​ដែល​ផ្ទុយ​ស្រឡះ ។

បុរស​ម្នាក់​ដែល​បាន​សរសេរ​បញ្ជី​មួយ​យ៉ាង​វែង​ស្ដីពី​ការ​តាំងចិត្ត​​សម្រាប់​ឆ្នាំ​ថ្មី​មាន​អារម្មណ៍​ល្អ​ពី​ការ​រីកចម្រើន​របស់​ខ្លួន ។ គាត់បាន​គិត​ក្នុង​ចិត្ត​ថា « មក​ដល់​ពេល​នេះ ខ្ញុំបាន​ប្រកាន់ខ្ជាប់នឹង ​របប​អាហារ​របស់​ខ្ញុំ ខ្ញុំ​ពុំ​ឆាប់​ខឹង ខ្ញុំ​បាន​ធ្វើ​តាម​គម្រោង​​ថវិកា​របស់​ខ្ញុំ ហើយ​ខ្ញុំពុំ​បាន​ត្អូញត្អែរ​ម្ដង​ណាឡើយ​ពី​ឆ្កែ​របស់​អ្នក​ជិត​ខាង​ខ្ញុំ ។ ប៉ុន្តែ​ថ្ងៃ​នេះជា​​ថ្ងៃ​ទី 2 ខែ មករា ហើយ​នាឡិកាបាន​រោទិ៍​ឡើង ជា​ពេល​ដែល​ខ្ញុំ​ត្រូវក្រោក​ពីដេក ។ វា​ត្រូវការ​អព្ភូតហេតុ​មួយ​ដើម្បី​ខ្ញុំ​បន្ត​ធ្វើ​តាម​ការតាំងចិត្ត​របស់​ខ្ញុំ » ។

ការ​ចាប់ផ្ដើម​ម្ដង​ទៀត

មាន​អ្វី​មួយ​ដែល​ពោរពេញ​ដោយ​សេចក្ដីសង្ឃឹម​យ៉ាង​អស្ចារ្យ​ចំពោះ​ការ​ចាប់ផ្ដើម​ថ្មី​មួយ​នោះ ។ ខ្ញុំ​សូម​សន្មត​ថា នៅ​ពេល​ខ្លះ​យើងទាំងអស់​គ្នា​ចង់ចាប់​ផ្ដើម​ម្ដងទៀតដោយ​គ្មាន​កំហុស ។

ខ្ញុំ​ចូល​ចិត្ត​មាន​កុំព្យូទ័រ​ថ្មី​មួយ​ដែលមាន​ថាសរឹង​គឺ​ទទេរ​ស្អាត ។ មាន​គ្រា​មួយវា​ដំណើរ​ការ​យ៉ាង​ល្អ​ឥត​ខ្ចោះ ។ ប៉ុន្តែ​ពេល​វេលា​ចេះ​តែ​កន្លង​ផុត​ទៅ ហើយ​នៅ​ពេល​មាន​កម្មវិធី​កាន់តែ​ច្រើន​ត្រូវបាន​ដាក់ដំឡើង ( ដោយ​ចេតនាខ្លះ អចេតនា​ខ្លះ ) នោះ​នៅ​ទីបំផុត​កុំព្យូទ័រ​នោះ​បាន​ចាប់ផ្ដើមគាំង ហើយ​កិច្ចការ​ទាំងឡាយ​ដែល​ធ្លាប់​តែ​ធ្វើ​យ៉ាង​លឿន ហើយល្អ បាន​ក្លាយ​ទៅ​ជា​យឺត ។ ពេលខ្លះ វា​អត់​ដំណើរការទាល់​តែសោះ ។ សូម្បី​តែ​ធ្វើ​ឲ្យ​ដំណើរការក៏ពិបាក​​ ដោយសារ​ថាសរឹង​នោះ​បាន​ពង្រាយ​ដោយ​ភាព​ច្របូល​ច្របល់​ផ្សេងៗ និងកំទេច​អេឡិចត្រូនិក ។ មាន​ពេល​ខ្លះវិធី​តែ​មួយ​គត់គឺ​ត្រូវ ​លុប​​ថាសរឹង​នោះ​ចេញ ហើយ​ចាប់ផ្ដើម​សារ​ជា​ថ្មី ។

ដូចគ្នា​នេះ​ដែរ មនុស្ស​អាចត្រូវបាន​ពោរពេញ​​ដោយ​ភាព​ភ័យ​ខ្លាច ភាព​សង្ស័យ និង​កំហុស​ដ៏​ធំ ។ កំហុស​ទាំងឡាយ​ដែល​យើង​ធ្វើ ( ទាំងចេតនា និង​អចេតនា ) អាច​ដាក់​បន្ទុក​លើ​យើង​រហូត​ដល់វា​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាកធ្វើ​ចំពោះ​អ្វី​ដែល​យើង​គួរ​ធ្វើ ។

នៅ​ក្នុង​ករណី​នៃ​អំពើ​បាប មាន​ដំណើរ​ការ​លុបបំបាត់​មួយ​ដ៏​អស្ចារ្យ​ហៅ​ថា​ការ​ប្រែចិត្ត​ដែល​អនុញ្ញាត​ឲ្យ​យើងសម្អាត​បន្ទុកនៅ​ក្នុង​ខ្លួន​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ដួងចិត្ត​របស់​យើង​មាន​ទុក្ខ​ព្រួយ ។ តាមរយៈ​ដង្វាយ​ធួន​ដ៏អស្ចារ្យ ហើយ​ពេញ​ដោយ​សេចក្ដី​មេត្តា​ករុណា​នៃ​ព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អ​បង្ហាញ​ផ្លូវ​យើង​ឲ្យ​សម្អាត​ស្នាម​ប្រឡាក់​នៃ​អំពើ​បាប​ចេញពី​ព្រលឹង​របស់​យើង ហើយ​ប្រែក្លាយ​ជា​មនុស្ស​ថ្មី បរិសុទ្ធ ហើយ​គ្មាន​កំហុស​ដូចជា​កូនក្មេង​ម្នាក់ ។

ប៉ុន្តែ​ពេល​ខ្លះ ​មាន​រឿង​ផ្សេងទៀតបាន​រារាំង ហើយ​បង្អាក់​យើង ដោយ​ធ្វើ​ឲ្យ​កើត​ឡើង​នូវ​គំនិត និង​ទង្វើ​ឥតប្រយោជន៍​ដែល​ធ្វើ​ឲ្យ​យើង​មាន​ការ​លំបាក​ដើម្បី​ចាប់​ផ្ដើម ។

ការ​ធ្វើ​ឲ្យ​អស់​ពីសមត្ថភាព​របស់​យើង

ការ​ដាក់គោលដៅ​គឺជា​កិច្ចការ​មួយ​ដ៏​មាន​តម្លៃ ។ យើង​ដឹង​ថា ព្រះវរបិតា​សួគ៌​យើង​មាន​គោលដៅ​ច្រើន ដោយសារ​ទ្រង់​បាន​ប្រាប់​យើង​ថា កិច្ចការ​ និង​សិរី​ល្អ​របស់​ទ្រង់​គឺ​ « ដើម្បី​នាំ​ឲ្យ​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ 1:39 ) ។

គោលដៅ​ផ្ទាល់​ខ្លួន​របស់​យើង​អាច​ឲ្យ​យើង​ធ្វើបាន​ល្អ​បំផុត ។ ប៉ុន្តែ រឿង​មួយ​ដែល​បំផ្លាញ​ការ​ខិតខំ​របស់​យើង​នៅ​ក្នុង​ការ​ធ្វើ និងការ​រក្សា​ការតាំង​ចិត្ត​គឺ​ការ​ពន្យាពេល ។ ពេល​ខ្លះ យើង​ពន្យាពេល​ការ​ចាប់ផ្ដើម ដោយរង់ចាំ​ពេល​ត្រឹមត្រូវ​ដើម្បី​ចាប់ផ្ដើម—ជា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំថ្មី នៅដើម​រដូវក្ដៅ ​ពេល​ដែល​យើង​ត្រូវបាន​ហៅ​ជា​ប៊ីស្សព ឬ​ប្រធាន​សមាគមសង្គ្រោះ បន្ទាប់​ពី​កូនៗ​ចូល​សាលារៀន បន្ទាប់ពី​យើង​ចូល​និវត្តន៍ ។

អ្នក​ពុំចាំបាច់​ឲ្យ​មាន​ការអញ្ជើញ​មួយ​ពី​មុន​អ្នក​ចាប់ផ្ដើមងាកចូល​ទៅ​ក្នុង​ទិសដៅ​នៃ​គោលដៅ​ដ៏សុចរិត​របស់​អ្នក​ឡើយ ។ អ្នក​ពុំ​ចាំបាច់​រង់ចាំ​ការ​អនុញ្ញាត​ដើម្បី​ក្លាយ​ជា​មនុស្ស​ដែលអ្នក​ត្រូវបាន​រៀបចំ​ឲ្យ​ប្រែ​ក្លាយ​​នោះ​ទេ ។ អ្នក​ពុំចាំបាច់​រង់ចាំ​ឲ្យ​គេ​អញ្ជើញ​ដើម្បី​បម្រើ​នៅ​ក្នុង​សាសនាចក្រ​នោះ​ទេ ។

ពេល​ខ្លះ យើងអាច​ខ្ជះខ្ជាយ​ពេល​វេលា​ពេញ​មួយ​ជីវិត​របស់​យើង​ដើម្បីរង់​ចាំ​ឲ្យ​គេ​ជ្រើសរើស ( សូមមើល គ. និង ស. 121:34–36 ) ។ ប៉ុន្តែ​នោះ​ជា​គំនិត​​មួយ​ដែល​មិន​ពិត ។ អ្នក​ត្រូវបាន​ជ្រើសរើស​រួចហើយ !

ពេល​ខ្លះ​ នៅ​ក្នុង​ជិវិត​របស់​ខ្ញុំ ខ្ញុំ​ដេក​មិន​លក់​ដោយ​គិត​ពី​បញ្ហា ការ​ព្រួយបារម្ភ ឬ​ភាពសោកសៅ​ផ្ទាល់ខ្លួន ។ ប៉ុន្តែ​មិន​ថាយប់​នោះ​មាន​ភាព​ងងឹត​ដល់​កម្រិត​នោះ​ទេ ខ្ញុំ​តែង​តែ​លើក​ទឹកចិត្ត​ខ្លួន​ឯង​នូវ​គំនិត​នេះ​ថា ៖ នៅ​ពេល​ព្រឹក​ព្រះអាទិត្យ​នឹង​រះឡើង ។

ជាមួយ​នឹង​ថ្ងៃ​ថ្មី​ នោះ​ពន្លឺ​នៃ​ព្រឹកព្រលឹម​ថ្មី​មួយ​បាន​មក​ដល់—ពុំ​មែន​តែ​ចំពោះ​ផែនដី​ប៉ុណ្ណោះទេ ប៉ុន្តែ​ចំពោះ​យើង​ផងដែរ ។ ហើយ​ជាមួយ​នឹង​ថ្ងៃ​ថ្មី នោះ​ការ​ចាប់ផ្ដើម​ថ្មី​មួយ​បាន​មក​ដល់—ជា​ឱកាស​ដើម្បីចាប់ផ្ដើម​ម្ដងទៀត ។

ចុះ​បើ​យើង​បរាជ័យ​វិញ ?

ពេលខ្លះ រឿង​ដែល​ធ្វើ​ឲ្យ​យើង​រារែក​គឺ​ការ​ភ័យខ្លាច ។ យើង​ប្រហែល​ជា​ភ័យខ្លាច​ថា យើង​នឹង​ពុំ​ទទួល​បានជោគជ័យ ថា​យើង​នឹង​ទទួល​បាន​ជោគជ័យ ថា​យើងអាច​នឹង​ត្រូវ​ធ្វើ​ឲ្យ​អាម៉ាស់មុខ ថា​ជោគជ័យ​នឹង​ផ្លាស់ប្ដូរ​យើង ឬ​ថា​វា​អាច​ផ្លាស់ប្ដូរ​មនុស្ស​ដែល​យើង​ស្រឡាញ់ ។

ដូច្នេះ​ហើយ​យើង​ក៏រង់ចាំ ។ ឬ​បោះបង់ ។

រឿង​មួយ​ទៀត​ដែល​យើង​ត្រូវ​ចងចាំនៅ​ពេល​ដាក់គោលដៅ​នោះគឺថា ៖ យើង​អាច​នឹង​បរាជ័យ​យ៉ាង​ប្រាកដ—យ៉ាង​ហោច​ណាស់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ប៉ុន្តែ​ជាជាង​បាក់ទឹកចិត្ត យើង​អាច​ត្រូវបាន​ផ្ដល់​អំណាច​ឲ្យ​ដោយសារ​ការ​យល់ដឹងនេះ​បាន​ដកយក​សម្ពាធ​នៃ​ការ​មាន​ភាពល្អ​ឥតខ្ចោះ​នៅ​ពេល​នេះ ។ វា​ទទួល​ស្គាល់​តាំង​ពី​ដើម​ដំបូង​មក​ថា នៅ​ពេល​ណា​មួយ យើងអាច​ធ្វើ​ខុស ។ ការ​ដឹង​ពី​បញ្ហា​នេះ​ទុកជា​មុន​អាច​ដក​យក​ការភ្ញាក់ផ្អើល និង​ការ​បាក់ទឹកចិត្ត​នៃ​ការ​បរាជ័យ​ជាច្រើន ។

នៅ​ពេល​យើង​ចាប់ផ្ដើម​គោលដៅ​របស់​យើង​តាមរបៀប​នេះ ការ​បរាជ័យ​មិន​អាច​កំណត់​យើង​បាន​ឡើយ ។ សូម​ចងចាំថា ទោះជា​យើង​បរាជ័យ​នៅក្នុងការ​សម្រេច​គោលដៅ​ដែលប៉ងប្រាថ្នា​ភ្លាមៗ​ក្ដី ក៏​យើង​នឹង​បាន​ធ្វើ​នូវការ​រីកចម្រើន​ដែល​នឹង​ដឹកនាំ​ទៅរក​វា​ផងដែរ ។

ហើយ​នោះ​ជា​បញ្ហា​សំខាន់—វា​មាន​ន័យ​ធំធេងណាស់ ។

ទោះជា​យើង​អាច​បរាជ័យនៅ​ចុងបញ្ចប់ក្ដី ការ​បន្ត​ធ្វើ​ដំណើរនឹង​ធ្វើ​ឲ្យ​យើងបាន​ប្រសើរ​ឡើង​ជាងពីមុន ។

គ្រា​ចាប់ផ្ដើម​ដ៏​ល្អបំផុត​គឺ​នៅពេល​នេះ 

មាន​សុភាសិត​បុរាណ​មួយ​ពោលថា « គ្រា​ដ៏​ល្អ​បំផុត​ដើម្បី​ដាំ​ដើម​ឈើ​មួយ​គឺ​នៅ​ 20 ឆ្នាំមុន ។ គ្រាដ៏ល្អបំផុត​ទី​ពីរ​គឺនៅ​ពេល​នេះ » ។

មាន​អ្វី​មួយ​ដែល​អស្ចារ្យ និង​ពោរពេញ​ដោយ​សេចក្ដីសង្ឃឹម​ចំពោះ​ពាក្យ​ថានៅពេល​នេះ ។ មាន​អ្វី​មួយ​ដែល​មាន​អំណាច​ចំពោះការពិតថាប្រសិនបើ​យើង​ជ្រើសរើស​សម្រេច​ចិត្ត​នៅ​ពេលនេះ នោះ​យើង​អាច​ដើរ​ឆ្ពោះទៅមុខឥឡូវនេះ​ភ្លាម ។

នៅពេលនេះ គឺ​ជា​គ្រា​ដ៏​ល្អបំផុត​ដើម្បី​ចាប់ផ្ដើម​ក្លាយ​ជាមនុស្សដែល​យើង​ចង់ប្រែក្លាយ​—ពុំ​មែន​ត្រឹម​ 20 ឆ្នាំរាប់ពីពេលនេះ​ទៅនោះទេ ប៉ុន្តែ​ដ៏​នៅ​អស់កល្ប​ជានិច្ច​ផងដែរ ។

ការបង្រៀន​ចេញ​ពី​សារលិខិត​នេះ

ប្រធាន អុជដូហ្វ បាន​ពន្យល់ថា នៅ​ពេល​យើង​បរាជ័យ​នៅ​ក្នុង​ការ​សម្រេច​គោលដៅ​របស់​យើង « យើងអាច​ត្រូវបាន​ប្រទាន​អំណាច​ឲ្យ ។… ទោះជា​យើង​អាច​បរាជ័យនៅ​ចុងបញ្ចប់ក្ដី ការ​បន្ត​ធ្វើ​ដំណើរនឹង​ធ្វើ​ឲ្យ​យើងបាន​ប្រសើរ​ឡើង​ជា​ងពីមុន » ។សុំ​ឲ្យ​សមាជិកគ្រួសារ​ចែកចាយ​បទពិសោធន៍​ដែល​ពួកគេ​បាន​រៀន​ពីដំណើរការនេះ​ច្រើន​ជាងអ្វី​ដែល​ពួកគេ​រៀន​ពី​លទ្ធផល ដូចជា​ការ​បញ្ចប់ការសិក្សា ឬ​ការទទួលរង្វាន់​មួយ ។

រូបថត​ពី iStockphoto/Thinkstock