២០១៤
សួស្ដី កូនចៀម​តូច
ខែ មករា ឆ្នាំ 2014


សួស្ដី​ កូនចៀម​តូច​

ខូលីន សូឡូម៉ូន ទីក្រុង​អុនតារីយ៉ូ ប្រទេស​កាណាដា

ស្វាមី​របស់​ខ្ញុំ និង​ខ្ញុំ បាន​ជួយ​កូនស្រី​របស់​យើង និង​កូន​ប្រុស​ពីរ​នាក់​របស់​នាង​ទៅ​ព្រលាន​យន្ដ​ហោះ ជា​កន្លែង​ដែល​ពួកគេ​រៀបចំធ្វើ​ដំណើរ​​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ យើ​ងបាន​ជួយ​កូន​ស្រី​របស់​យើង នៅពេល​នាង​រាប់​មើល​វ៉ាលី​ ដាក់​លិខិត​ឆ្លង​ដែន និង​មើល​កូន​រពឹស​អាយុ​បីឆ្នាំ​ម្នាក់ ។ ថមមី ចៅ​ប្រុស​អាយុ​មួយ​ខួប​របស់​យើង គេង​លក់​នៅ​ក្នុង​រទេះ​រុញ​របស់​គាត់ ទាល់​តែយើង​​ដាស់​គាត់ឲ្យ​ភ្ញាក់​ឡើង ។ ​គាត់​ភ័យ​ស្លន់ នៅ​ពេល​គាត់​សម្រប​ខ្លួន​ទៅ​នឹង​សម្លេង ពន្លឺភ្លើង​ភ្លឺៗ និង ភាពអ៊ូអរនោះ ។

ខ្ញុំ​បាន​ឃើញ​នូវ​ទឹកមុខ​របស់​គាត់ ហើយ​បាន​ដឹង​នូវ​អ្វី​ដែល​ហៀប​នឹង​កើត​ឡើង ដូច្នេះ​ខ្ញុំ​បាន​ស្រែក​ប្រាប់​កូន​ស្រី​របស់​ខ្ញុំ ។ នាង​បាន​មក​ជាប្រញាប់ ដាក់​បាតដៃនាង​ផ្ទប់​មុខ​ថមមី ហើយ​មើល​សម្លឹង​ទៅ​ចំ​គាត់ រួច​​និយាយ​ដោយ​ក្ដី​ស្រឡាញ់​ថា « សួស្ដី កូន​ចៀម​តូច » ។

ភ្លាម​នោះ គាត់​ឈប់​ជ្រួញ​ចិញ្ចើម ឈប់​ស្រែក ហើយឈប់​ចំកោង​​ខ្លួន ដែល​រាង​កាយ​ទាំង​មូល​ឲ្យ​សញ្ញា​ថា ធូរ​ស្បើយ​​ហើយ ។ គាត់​បាន​ញញឹម​មុន​ពេល​បិទ​ភ្នែក​គេង​ទៅវិញ ។ ភាព​ភ័យ​ខ្លាច​របស់​គាត់​បាន​ជំនួស​ដោយ​ការ​អះអាង​ដ៏​ស្ងប់ស្ងាត់ ហើយ​សេចក្ដី​សុខសាន្ដ​បាន​គ្រប់​ដណ្ដប់​លើ​គាត់ ។ វា​ជា​រឿង​តូច​មួយ ប៉ុន្តែ​ជា​ការ​សម្ដែង​ឲ្យ​ឃើញ​ប្រកប​ដោយ​អានុភាព​អំពី​ការ​ទុក​ចិត្ត​របស់​ ថមមី ទៅ​លើ​ម្ដាយ​របស់​គាត់ ។ ការ​ប៉ះ សម្លេង និង វត្តមាន​របស់​នាង បាន​ជួយ​លួងលោម​គាត់ ។

ដូច​ជា​ ថមមី យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ភ័យ​ខ្លាច មិន​ពិតប្រាកដ ហើយ​ច្របូកច្របល់ ។ វា​ជា​ការ​លួងលោម​ចិត្ត ពេល​ដឹង​ថា ព្រះយេស៊ូវ​គ្រីស្ទ ជា​អ្នក​គង្វាល​ល្អ ស្រែក​ហៅ​រក​យើង ។ ទ្រង់​ស្គាល់​ហ្វូង​របស់​ទ្រង់ ហើយ​យើង​អាច​ទុក​ចិត្ត​លើ​ទ្រង់​ទាំង​ស្រុង​បាន ។ ទ្រង់​មាន​បន្ទូល​ដោយ​ក្ដី​ស្រឡាញ់​ថា « ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ខ្ញុំ​ដល់​​​អ្នក ។… កុំ​ឲ្យ​ចិត្ត​អ្នករាល់​គ្នា​ថប់បារម្ភ ឬ ភ័យ​ឡើយ » ( យ៉ូហាន 14:27 ) ។

ខ្ញុំ​ដឹង​ថា អំឡុង​ពេល​នៃ​ភាព​មិន​ពិតប្រាកដ នោះ​យើង​អាច​ទទួល​បាន​ការ​លួងលោម​ចិត្ត និង ការ​អះអាង នៅពេល​យើង​ងាក​បែរ​ទៅ​រក​អ្នក​គង្វាល​ល្អ ដោយ​ក្ដី​ជំនឿ និង ការ​ទុកចិត្ត ។ នៅពេល​ខ្ញុំ​ទទួលបាន​នូវ​​ពរ​ដោយ​ការ​លួង​លោម​នៅ​ក្នុង​កណ្ដាល​នៃ​ភាព​អ៊ូអែ នោះ​ខ្ញុំ​ចូល​ចិត្ត​គិត​អំពី​គ្រា​ដែល​នៅ​ព្រលាន​យន្ដ​ហោះ​ជាមួយ​នឹង​កូនស្រី និង ចៅ​ប្រុស​របស់​ខ្ញុំ ។ ដូច​ជា ថមមី ខ្ញុំ​អាច​ដក​ដង្ហើមរសាយ នៅពេល​បន្ទុក​របស់​ខ្ញុំ​ត្រូវ​បាន​លើក​ចេញ ។ អំឡុង​ពេល​នោះ ខ្ញុំ​មាន​អារម្មណ៍ផ្ទាល់​មួយ​ថា « សួស្ដី កូនចៀម​តូច » មក​ពី​អ្នក​គង្វាល​របស់​ខ្ញុំ ។