២០១៤
ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​របស់​ម៉ាម៉ា សេហ្វី
ខែ មករា ឆ្នាំ 2014


ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​របស់​ម៉ាម៉ា សេហ្វី

បេទី វ៉េន​ធូរ៉ា រដ្ឋ​យូថាហ៍ ស.រ.អា

នា​ថ្ងៃ​មួយ ខណៈ​ដែល​ខ្ញុំ​​នៅ​ក្នុង​ការិយាល័យ​បេសកកម្ម​ ម៊ិកស៊ិក កាល​ពី​ឆ្នាំ 1940 មាន​ស៊ីស្ទើរ​ម្នាក់​បាន​មក​ពី​ទីក្រុង​តូច​មួយ​នៃ​ អូហ្សូមបា ដែល​មាន​ទីតាំង​នៅ​ជើង​ភ្នំ ប៉ូប៉ូ​កា​តេ​ប៉េត ជា​កន្លែង​មាន​ភ្នំភ្លើង​សកម្ម​មួយ ប្រហែល​ជា 43 ម៉ែល ( 70 គីឡូម៉ែត្រ ) ប៉ែក​អាគ្នេយ៍​នៃ​ទីក្រុង​ម៊ិកស៊ិក ។ យើង​ទាំងអស់​គ្នា​ស្គាល់​គាត់ ។ ឈ្មោះ​គាត់ គឺ ម៉ាម៉ា សេហ្វី ។

ពួក​អ្នក​ផ្សព្វផ្សាយសាសនា​ពេញ​ម៉ោង បាន​រស់​នៅក្នុង​ផ្ទះ​ដីឥដ្ឋ​តូច​​របស់​គាត់ ជា​កន្លែង​ដែល​គាត់​តែងតែ​ទុក​បន្ទប់​មួយ​សម្រាប់​​តែ​​ពួកគេ ។ ​ម៉ាម៉ា សេហ្វី មាន​កម្ពស់​មិន​ដល់​ប្រាំ​ហ្វីត​ផង ( 1.5 ម. ) គាត់​រក​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត​ដោយ​ការ​លក់​ផ្លែ​ឈើ​នៅ​ផ្សារ​ក្នុង​ក្រុង​ជុំ​វិញ​​ អូហ្សូមបា ។ ក្រុង​នីមួយៗ បើកផ្សាលក់តាមថ្ងៃ​ផ្សេងៗ​គ្នា ហើយ​គាត់​បាន​ទៅ​ផ្សា​នីមួយៗ​ដើម្បី​លក់​ផ្លែ​ឈើ ។

គាត់​បាន​មក​ការិយាល័យ​បេសកកម្ម​នា​ថ្ងៃ​នោះ ដោយ​មាន​នូវស្បោង​​ម្សៅ​ដ៏​ធំមួយ ។ ក្នុង​ស្បោង​នោះ​មានសុទ្ធ​តែ​ tostones ពេញ ដែល​ជា​កាក់​ប្រាក់​កន្លះ​ប៉េសូ ដែល​គាត់​បាន​សន្សំ​អស់​ជា​ច្រើន​ឆ្នាំ​មក​នោះ ។ ប្រាក់​មួយ​ចំណែក​ខ្លះ បាន​មក​ពី​ជំនាន់​នៃ​ ព័រ​ហ្វី​រីយ៉ូ ឌីយ៉ាហ្ស ដែល​បាន​គ្រប់​គ្រង​ប្រ​ទេស​ម៊ិកស៊ិក ចាប់​ពី​ឆ្នាំ 1884 ដល់​ឆ្នាំ 1911 ។ ម៉ាម៉ា សេហ្វី បាន​ធ្វើ​ដំណើរ​មក​ពី អូហ្សូមបា ទៅ​ផ្ទះ​បេសកកម្ម​តាម​រថយន្ដ​ក្រុង​ ជាមួយ​នឹង​ស្បោង​ប្រាក់​របស់​គាត់ ។ គាត់​បាន​ប្រាប់​ប្រធាន អាវ៉ែល អិល. ភីស ថា​គាត់​បាន​សន្សំ​ប្រាក់​ជាច្រើន​ឆ្នាំ​មក​ហើយ ដើម្បី​គាត់​អាច​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារបរិសុទ្ធ​ទីក្រុង​សលត៍ លេក ដើម្បី​ទទួលពិធី​​អំណោយ​ទាន​ពិសិដ្ឋ​របស់​គាត់ ។

គាត់​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ចាក​ចេញ​ពី​ប្រទេស អ្នក​ផ្សព្វ​ផ្សាយសាសនា​ម្នាក់​បាន​ឲ្យ​វ៉ាលី​ដល់​គាត់​ខ្ចី ហើយ​យើង​បាន​នាំ​គាត់​ទៅ​ជិះ​រថភ្លើង ។ ប្រធាន ភីស បាន​ទូរស័ព្ទ​ទៅ​មនុស្ស​ម្នាក់​នៅ អ៊ែល ផាសូ រដ្ឋ​តិចសាស ដើម្បី​ទៅ​ជួបគាត់​ពេល​​រថភ្លើង​ឆ្លង​កាត់ព្រំដែន​​ ស.ហ.រ ហើយ​នាំ​ ម៉ាម៉ា សេហ្វី ឡើង​ជិះ​រថយន្ដ​ក្រុង​ទៅ​ទីក្រុង​សលត៍ លេក ។ សមាជិក​នៃ​សាខា​អេស្ប៉ាញជាច្រើន​ នៅ​ទីក្រុង​សលត៍ លេក បាន​ទៅ​ជួប​គាត់​នៅ​កន្លែង​ឡាន​ក្រុង ហើយ​បាន​មើល​ថែ​ពី​តម្រូវ​ការ​ស្នាក់​នៅ​របស់​គាត់ ហើយ​ជួយ​គាត់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។

ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក ម៉ាម៉ា សេហ្វី បាន​ត្រឡប់​ទៅ​កាន់​ទីក្រុង ម៊ិកស៊ិក​វិញ រួច​ហើយ​ត្រឡប់​ទៅផ្ទះ នៅ អូហ្សូមបា ។ គាត់​បាន​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដោយ​សុវត្ថិភាព ។ បន្ទាប់មក​គាត់​បាន​ទៅ​លក់​ផ្លែ​ឈើ​នៅ​ផ្សា​វិញ ។

ម៉ាម៉ា សេហ្វី ពុំ​ចេះ​និយាយ​ភាសា​អង់គ្លេស​ទេ ដូច្នេះ​យើង​បាន​សួរ​គាត់​​ពី​របៀប​ដែល​គាត់​គ្រប់គ្រង​ក្នុង​ការ​បញ្ជាទិញ​អាហារ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុងពី អ៊ែល ផាសូ ទៅ​ទីក្រុង​សលត៍ លេក ដោយ​របៀប​ណា—ជា​ការ​ធ្វើ​ដំណើរ​អស់​ជាច្រើន​ថ្ងៃ ។ គាត់​បាន​និយាយ​ថា មាន​មនុស្ស​ម្នាក់​បាន​បង្រៀន​គាត់​ឲ្យ​ចេះ​និយាយ​ « នំផ្លែប៉ោម » ជា​ភាសា​អង់គ្លេស ដូច្នេះ​រាល់​ពេល​ដែល​ឡាន​ក្រុង​ឈប់​សម្រាប់​បរិភោគ​អាហារ គាត់​នឹង​ទិញ​នំផ្លែប៉ោម ។

ដោយ​សារ​នោះ​ជា​ភាសា​អង់គ្លេស​​តែ​មួយ​ម៉ាត់គត់ ដែល​គាត់​ចេះ នោះ​គាត់​បាន​រស់​នៅ​ដោយ​បរិភោគ​នំផ្លែប៉ោម អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុងទាំង​ទៅ និងទាំង​មក​វិញ ។ ប៉ុន្តែ​ ម៉ាម៉ា សេហ្វី ពុំ​ខ្វល់​នោះ​ទេ ។ ប៉ុន្តែ គាត់​បាន​ត្រឡប់មក​វិញ​ដោយ​ការ​ដឹងគុណ ហើយ​ពេញ​ចិត្ត​នឹង​បទពិសោធន៍​របស់​គាត់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ។