២០១៤
ក្រុម​ព្រះ​ដ៏​ទេវភាព
ខែ មករា ឆ្នាំ 2014


ដំណឹង​ល្អ​ពី​បុរាណ

ក្រុម​ព្រះ​ដ៏​ទេវភាព

ហ្គរដុន ប៊ី ហ៊ិងគ្លី ជា​ប្រធាន​ទី 15 នៃ​សាសនាចក្រ បាន​កើត​នៅ​ថ្ងៃ​ទី 23 ខែ មិថុនា ឆ្នាំ 1910 ។ លោក​ត្រូវបាន​តែងតាំង​ធ្វើជា​សាវក​នៅ​ថ្ងៃ​ទី 5 ខែ តុលា ឆ្នាំ 1961 នៅក្នុង​វ័យ 51 ឆ្នាំ ហើយ​នៅ​ថ្ងៃ​ទី 12 ខែ មិនា ឆ្នាំ 1995 លោក​ត្រូវបាន​គាំទ្រ​ជា​ប្រធាន​នៃ​សាសនាចក្រ ។

ដកស្រង់​ចេញ​ពី « The Father, Son, and Holy Ghost » Ensign ខែ វិច្ឆិកា ឆ្នាំ 1986 ទំព័រ 49–51; capitalization and punctuation standardized

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

ជំនឿ​របស់​យើង​ជឿ​លើ​ព្រះ​ជា​ព្រះវរបិតា​ដ៏​អស់កល្ប លើ​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ និង​លើ​ព្រះវិញ្ញាណ​បរិសុទ្ធគឺជា​កត្តា​ដ៏​សំខាន់​នៅ​ក្នុង​សាសនា​របស់​យើង ។

នៅ​ក្នុង​ការ​ពន្យល់​ពី​ពី​កត្តា​ចម្បង​នៃ​គោលលទ្ធិ​របស់​យើង នោះ​ព្យាការី​យ៉ូសែប បាន​ដាក់​ចំណុច​នេះ​ជាចំណុច​លេខ​មួយ ៖

« យើងខ្ញុំ​ជឿ​ដល់​ព្រះ​គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច និង ដល់​ព្រះរាជបុត្រា​ទ្រង់ គឺ ព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ » ( មាត្រា​នៃ​សេចក្ដី​ជំនឿ 1:1 ) ។

[ ព្យាការី​ក៏​បាន​បង្រៀន​ផង​ដែរ​ថា ] ៖ « វា​ជាគោលការណ៍​ទី​មួយ​នៃ​ដំណឹងល្អ​ដើម្បី​ដឹង​ពី​ភាព​ជាក់លាក់​មួយ​ពី​បុគ្គលិកលក្ខណៈ​នៃ​ព្រះ » ( History of the Church, 6:305 ) ។

ការ​ប្រកាស​ដ៏​ចម្បង ហើយ​សំខាន់​បំផុត​ទាំងនេះ គឺ​ស្របគ្នា​នឹង​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ថា ៖… ៖ « នេះ​ជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវ​គ្រីស្ទ​ដែលទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » ( យ៉ូហាន 17:3 ) ។ …

ព្រះជា​ព្រះវរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច

ខ្ញុំ​ជឿ​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ ឬពោរពេញ​ដោយ​ការ​តាំងចិត្ត​លើ​ព្រះ ជាព្រះវរបិតា​ដ៏​នៅអស់​កល្ប​ជានិច្ច ។ ទ្រង់​គឺជា​ព្រះវរបិតា​របស់ខ្ញុំ ជា​ព្រះវរបិតា​នៃ​វិញ្ញាណ​ខ្ញុំ និង​ជា​ព្រះវរបិតា​នៃ​វិញ្ញាណ​មនុស្ស​ទាំងអស់ ។ ទ្រង់គឺជា​ព្រះដ៏​បង្កបង្កើត​ដ៏​អស្ចារ្យ ជា​ព្រះគ្រប់គ្រង​សកលលោក​នេះ ។… មនុស្ស​ត្រូវ​បាន​បង្កើត​ឡើង​តាម​រូប​របស់អង្គ​​ទ្រង់ ។ ទ្រង់​មាន​តួអង្គ​ជាក់លាក់ ។ ទ្រង់​មាន​រូប​កាយ ។ ទ្រង់​មាន​រូបរាង​ដូចមនុស្ស ។ ទ្រង់​មាន « ព្រះកាយ​ជា​សាច់ និង​ឆ្អឹងដែលជាក់ស្ដែង​ដូចជា​រូបកាយមនុស្ស » ( គ. និង ស. 130:22 ) ។

នៅ​ក្នុង​ដំណើរ​រឿង​នៃ​ការ​បង្កើត​ផែនដីនេះ « ទ្រង់​ក៏​មាន​បន្ទូល​ថា ចូរ​យើង​ធ្វើ​មនុស្ស​ឲ្យ​ដូចជា​រូបយើង ឲ្យ​មាន​ភាព​ដូចយើង » ( លោកុប្បត្តិ 1:26 ) ។

តើ​មាន​ភាសា​ណា​ទៀត​ដែល​អាចមាន​ភាព​ជាក់លាក់​ជាងនេះ​ទៀត​នោះ ? តើវា​ធ្វើ​ឲ្យ​ព្រះ​បាត់​បង់​នូវ​តម្លៃ​មែនទេ ដោយសារ​តែ​មនុស្ស​ត្រូវបាន​បង្កើត​តាម​រូបភាព​ជាក់លាក់​របស់​ទ្រង់​នោះ ដូច​ដែល​មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​យើង​ជឿ ? ផ្ទុយ​ទៅវិញ វា​គួរ​តែ​ធ្វើ​ឲ្យ​ដួងចិត្ត​បុរស និង​ស្ត្រី​គ្រប់រូប​មាន​នូវ​អំណរគុណ​ដ៏​ធំធេង​មួយ​ចំពោះ​ខ្លួន​ឯង​ក្នុងនាម​ជា​បុត្រា ឬ​បុត្រី​ម្នាក់​នៃ​ព្រះ ។…

… ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ ខ្ញុំ​បាន​និយាយ​ [ នៅ​ទីក្រុង ឡុងដ៏ ប្រទេស អង់គ្លេស នៅ​ពេល​អ្នក​រិះគន់​ម្នាក់បាន​បង្អាក់ ដោយសួរ​ថា ] « ហេតុអ្វី​បាន​ជា​អ្នក​មិន​តាម​គោលលទ្ធិ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដែល​បាន​ចែង​ថា​ក្នុង​យ៉ូហាន ( 4:24 ) ថា ‹ ព្រះទ្រង់​ជាវិញ្ញាណ › ? »

ខ្ញុំ​បាន​បើក​ព្រះគម្ពីរ​ប៊ីប​របស់​ខ្ញុំ​ទៅរក​បទគម្ពីរ​នោះ​ដែល​គាត់​បាន​លើក​ឡើង ហើយ​បាន​អានខគម្ពីរ​នោះ​ទាំង​អស់​ឲ្យ​​គាត់​ស្ដាប់ ៖ « ព្រះទ្រង់​ជា​វិញ្ញាណ ហើយ​អ្នក​ណា​ដែល​ថ្វាយ​បង្គំទ្រង់ នោះ​ត្រូវតែ​ថ្វាយ​បង្គំដោយ​វិញ្ញាណ និង​សេចក្ដីពិត​ដែរ » ។

ខ្ញុំ​បាន​និយាយថា « ពិត​ណាស់ ព្រះទ្រង់​ជាវិញ្ញាណ ហើយ​អ្នក​ក៏​ដូចគ្នា​ផង​ដែរ ដោយ​ការ​រួម​គ្នា​រវាង​វិញ្ញាណ និង​រូបកាយ​ទើប​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ជា​ទៅ​មនុស្ស​ម្នាក់​ដែល​មាន​ជីវិតរស់ ហើយ​រួម​ទាំង​ខ្ញុំ​ផង​ដែរ » ។

យើង​ម្នាក់ៗ​មាន​រូបកាយ​ពីរគឺ​រូបកាយ​ខាង​វិញ្ញាណ និង​រូបកាយ​ខាង​សាច់ឈាម ។ មនុស្ស​ទាំងអស់​ស្គាល់​ពី​ជីវិត​នៃ​សេចក្ដីស្លាប់ … ហើយ​យើង​ម្នាក់ៗ​ក៏​ដឹង​ផង​ដែរ​ថា វិញ្ញាណរស់នៅ​ជា​រូបកាយ​មួយដាច់​ដោយ​ឡែក ហើយ​ថា​នៅ​ពេល​ខ្លះ ដោយ​ស្ថិត​នៅក្រោម​ផែនការ​ដ៏​ទេវភាព​ដែល​អា​ចធ្វើ​ទៅ​បាន​ដោយ​សារ​ការ​លះបង់​របស់​ព្រះរាជបុត្រា​នៃព្រះ នោះ​នឹង​មាន​ការ​រួបរួម​គ្នា​មួយ​រវាង​វិញ្ញាណ និង​រូបកាយ ។ ការ​ប្រកាស​របស់​ព្រះយេស៊ូវ​ថា ព្រះទ្រង់​ជា​វិញ្ញាណពុំ​មែន​មាន​ន័យ​​ថា ទ្រង់គ្មាន​រូបកាយ​នោះ​ទេ ដូចជាការ​ប្រកាស​នោះ​ដែរ ខ្ញុំ​ជា​វិញ្ញាណ​ពុំ​មែនមានន័យ​ថា ខ្ញុំ​គ្មាន​រូបកាយ​ឡើយ ។

ខ្ញុំ​ពុំ​បាន​ប្រៀបធៀប​រូបកាយ​របស់​ខ្ញុំ​នឹង​រូបកាយ​​របស់​ទ្រង់​នៅ​ក្នុង​ភាព​ប្រសើរ​ឡើង សមត្ថភាព ភាព​ស្រស់ស្អាត និងសិរីល្អ​ឡើយ ។ រូបកាយ​ទ្រង់​មាន​ភាពអស់កល្បជានិច្ច ។ រូបកាយ​ខ្ញុំ​ជា​រូបកាយ​រមែងស្លាប់ ។ ប៉ុន្តែ​ការណ៍​នោះ​បង្កើត​តែ​ការ​គោរពរបស់​ខ្ញុំ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ ។… ខ្ញុំខិតខំ​ស្រឡាញ់​ទ្រង់​ដោយ​អស់​ពី​ដួងចិត្ត កម្លាំង គំនិត និង​ពលំ​របស់ខ្ញុំ ។ ព្រះប្រាជ្ញាញាណ​របស់​ទ្រង់​គឺ​លើស​ពី​ប្រាជ្ញា​របស់​មនុស្ស​ទាំងអស់ ។… សេចក្ដីស្រឡាញ់​របស់​ទ្រង់​មាន​ចំពោះកូនចៅ​របស់​ទ្រង់​ទាំងអស់ ហើយ​វា​ជាកិច្ចការ និង សិរី​ល្អ​របស់​ទ្រង់​ដើម្បី​នាំ​ឲ្យ​កើត​មាន​អមតភាព និង​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់បុត្រា និង​បុត្រី​របស់​ទ្រង់ … ( សូមមើល ម៉ូសេ 1:39 ) ។ …

ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ

ខ្ញុំ​ជឿ​លើ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះរាជបុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះជន្មរស់​នៅ​អស់កល្ប​ជានិច្ច ។ ខ្ញុំ​ជឿ​លើ​ទ្រង់​ជា​បុត្រច្បង​នៃ​ព្រះវរបិតា និង​ជាបុត្រាបង្កើត​តែ​មួយនៃ​​ព្រះវរបិតា​ក្នុង​សាច់ឈាម ។ ខ្ញុំ​ជឿ​លើ​ទ្រង់​ជា​ព្រះ​មួយ​អង្គ ដែល​ដាច់ដោយឡែក​ពី​ព្រះវរបិតា​ទ្រង់ ។ …

ខ្ញុំ​ជឿ​ថា នៅ​ក្នុង​ជីវិត​រមែងស្លាប់​របស់​យើង ទ្រង់​ជា​អង្គ​ល្អ​ឥតខ្ចោះ​ដែល​បាន​រស់នៅ​លើ​ផែនដីនេះ ។ ខ្ញុំ​ជឿ​ថា ពន្លឺ និង​សេចក្ដីពិត​ដែល​នឹង​សង្គ្រោះ​ដល់​ពិភពលោក ហើយ​នាំ​មក​នូវភាពតម្កើង​ឡើង​ដល់​មនុស្ស​លោក​ត្រូវបាន​រក​ឃើញ​នៅ​ក្នុង​ព្រះបន្ទូល​របស់​ទ្រង់ ប្រសិន​បើបាន​រក​ឃើញ ។ ខ្ញុំ​ជឿ​ថា នៅ​ក្នុង​បព្វជិតភាព​របស់​ទ្រង់​មាន​នូវ​សិទ្ធិអំណាច​ដ៏​ទេវភាព—ជា​អំណាច​ដើម្បី​ប្រទានពរ ជា​អំណាច​ដើម្បី​ព្យាបាល ជា​អំណាច​ដើម្បីគ្រប់គ្រង​កិច្ចការ​របស់​ព្រះ​លើ​ផែនដី ជា​អំណាច​ដើម្បី​ចង​ភ្ជាប់​នៅ​ស្ថានសួគ៌​នូវ​អ្វីដែល​បាន​ចងភ្ជាប់​នៅ​លើ​ផែនដី ។

ខ្ញុំ​ជឿ​ថា តាមរយៈការ​លះបង់​ដែល​ធ្វើ​ឲ្យ​ធួន​របស់​ទ្រង់ ជា​ការ​ថ្វាយ​ព្រះជន្ម​របស់​ទ្រង់​នៅ​លើ​ភ្នំ​ កាល់វ៉ារី នោះ​ទ្រង់​បាន​ធួន​ចំពោះ​អំពើ​បាប​របស់​មនុស្ស​លោក ធ្វើ​ឲ្យ​យើង​រួចផុត​ពី​បន្ទុក​នៃ​អំពើបាប​ ប្រសិន​បើ​យើង​លះបង់​អំពើ​អាក្រក់​ចោល ហើយ​ធ្វើ​តាម​ទ្រង់ ។ ខ្ញុំ​ជឿ​លើ​ភាព​ជាក់ស្ដែង និង​អំណាច​នៃ​ការ​រស់​ឡើង​វិញ​របស់​ទ្រង់ ។ … ខ្ញុំ​ជឿ​ថា តាមរយៈដង្វាយ​ធួន​របស់​ទ្រង់ … យើង​ម្នាក់ៗត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​អំណោយ​​នៃ​ការ​រស់​ឡើង​វិញ​ពី​សេចក្ដី​ស្លាប់ ។ ខ្ញុំ​ជឿ​ថែម​ទៀត​ថា តាមរយៈ​ការលះបង់​នោះគឺ​បង្កើត​ឱកាស​សម្រាប់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច និង​ភាព​តម្កើង​ឡើង​នៅ​ក្នុង​នគ​ររបស់​ព្រះវរបិតា​យើង ដល់​បុរសស្ត្រី​ បុត្រាបុត្រី​នៃ​ព្រះគ្រប់រូប នៅ​ពេល​យើង … គោរពព្រះបញ្ញត្តិ​ទាំងឡាយ​របស់​ទ្រង់ ។

គ្មាន​មនុស្ស​ដ៏​អស្ចារ្យ​ណា​ម្នាក់​ដែល​បាន​រស់​​នៅ​លើ​ផែនដី​ឡើយ ។ គ្មាន​នរណា​ផ្សេងទៀត​ដែល​បាន​ធ្វើ​ការ​លះបង់​ ឬ​ផ្ដល់​ពរជ័យដូចនេះ​​ឡើយ ។ ទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ និង​ជាព្រះប្រោសលោះ​នៃ​ពិភពលោក ។ ខ្ញុំ​ជឿ​លើ​ទ្រង់ ។ ខ្ញុំ​សូម​ប្រកាស​ពី​ទេវភាព​របស់​ទ្រង់… ។ ខ្ញុំស្រលាញ់ទ្រង់ ។ ខ្ញុំ​សូម​និយាយ​ពី​ព្រះនាម​ទ្រង់​ដោយ​ការ​គោរព និង​ការ​ស្ងើចសរសើរ ។ …

… ព្រះគម្ពីរ​បាន​ប្រាប់ពី​មនុស្ស​ដែល​ទ្រង់​បាន​បង្ហាញ​អង្គទ្រង់ ហើយដែល​ទ្រង់​បាន​មាន​បន្ទូល​ជាមួយ​ក្នុងនាម​ជា​បុត្រានៃ​ព្រះ​ដែល​បានរស់ឡើងវិញ ហើយ​មាន​ព្រះជន្មរស់ ។ ដូចគ្នា​នេះ​ដែរ នៅ​គ្រាកាន់កាប់ត្រួតត្រា​នេះ​ទ្រង់បាន​បង្ហាញ​អង្គទ្រង់ ហើយ​មនុស្ស​ដែល​បាន​ឃើញ​ទ្រង់បាន​ប្រកាស​ថា ៖

« ហើយ​ឥឡូវ​នេះ បន្ទាប់ពីទីបន្ទាល់ជាច្រើន​ដែល​បាន​ថ្លែង​អំពី​ទ្រង់ នេះ​គឺជា​ទីបន្ទាល់​ចុងក្រោយ​បង្អស់ ដែល​យើង​ខ្ញុំ​សូម​ថ្លែង​អំពី​ទ្រង់ ៖ គឺថាទ្រង់មាន​ព្រះជន្មរស់នៅ !

« ត្បិត​យើង​ខ្ញុំ​បាន​ឃើញ​ទ្រង់គង់នៅ​ខាង​ស្ដាំ​ព្រះហស្ដ​នៃ​ព្រះ ហើយ​យើង​ខ្ញុំ​បាន​ឮ​សម្លេង​ដែល​ថ្លែង​ទីបន្ទាល់​ថា ទ្រង់គឺជា​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា—

« ថា​ដោយសារ​ព្រះអង្គ និង​តាមរយៈព្រះអង្គ ហើយ​ពី​ព្រះអង្គ នោះ​ពិភពលោក​ទាំងឡាយ​មានឡើង ហើយ​បាន​បង្កើត​មក ហើយ​បណ្ដា​ជន​នៅ​ទីនោះ គឺជា​បុត្រាបុត្រី​បង្កើត​ចំពោះព្រះ » ( គ. និង ស. 76:22–24 ) ។

នេះ​គឺជា​ព្រះគ្រីស្ទ ជាអង្គ​ដែល​ខ្ញុំជឿ ហើយ​ថ្លែងទីបន្ទាល់ ។

ព្រះវិញ្ញាណ​បរិសុទ្ធ

ចំណេះដឹងនោះ​កើត​ចេញពី​បន្ទូល​នៅ​ក្នុង​ព្រះគម្ពីរ ហើយ​ទីបន្ទាល់នោះ​កើត​ចេញ​តាមរយៈ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ វា​ជាអំណោយទាន​មួយ ពិសិដ្ឋ ហើយ​អស្ចារ្យ បានថ្លែង​តាមរយៈវិវរណៈពី​សមាជិក​ទីបី​នៃ​ក្រុម​ព្រះ ។ ខ្ញុំ​ជឿ​លើ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​អង្គ​នៃ​វិញ្ញាណ​ដែល​គង់​នៅ​ជាមួយ​នឹង​ព្រះវរបិតា និង​ព្រះរាជបុត្រា អង្គ​ទាំង​បីនេះ​បាន​បង្កើត​ទៅ​ជា​ក្រុម​ព្រះ​ដ៏​ទេវភាព ។…

ថា​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវបាន​រៀបចំឡើងកាល​ពីបុរាណ​ឲ្យ​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ព្រះ គឺ​មាន​ភស្ដុតាង​ក្នុង​ការ​សន្ទនា​រវាង​ពេត្រុស និងអាន្ន៉ានាស នៅ​ពេល​គេទុក​តម្លៃ​ដី​មួយចំណែក ដែល​បាន​មក​ពី​ការ​លក់​ដី​មួយ​កន្លែង ។

« តែពេត្រុសសួរ​ថា អាន្ន៉ានាសអើយ ហេតុអ្វី​បាន​ជាអារក្ស​សាតាំង​មក​នៅ​ពេញ​ក្នុងចិត្ត​អ្នក … ?

« … អ្នក​កាត់​ចិត្ត​ធ្វើ​ដូច្នេះ នេះ​មិន​មែន​កុហកដល់មនុស្សទេ គឺ​ឈ្មោះថា​កុហក​ដល់​ព្រះវិញ » ( កិច្ចការ 5:3–4 ) ។

ព្រះវិញ្ញាណ​បរិសុទ្ធ [ គឺជា ] អង្គ​លួងលោម​ចិត្ត​ដែល​បាន​សន្យា​ដោយ​ព្រះអង្គសង្គ្រោះថា ជាអង្គ​ដែល​នឹង​បង្រៀន​ដល់​ពួក​អ្នក​ដើរ​តាម​របស់​ទ្រង់​នូវ​រាល់​កិច្ចការ​ទាំងអស់ ហើយធ្វើ​ឲ្យ​ពួកគេ​ចងចាំ​នូវ​រាល់កិច្ចការ​ទាំងអស់ … ( សូមមើល យ៉ូហាន 14:26 ) ។

ព្រះវិញ្ញាណបរិសុទ្ធ​គឺជា​អង្គ​ថ្លែងទីបន្ទាល់ពី​សេចក្ដីពិត ជា​អង្គដែល​អាច​បង្រៀន​មនុស្ស​នូវ​កិច្ចការ​ទាំងឡាយ​ដែល​ពួកគេ​មិន​អាច​បង្រៀន​គ្នា​ទៅវិញ​ទៅ​មក​បាន ។… ចំណេះដឹង​មួយ​ពី​សេចក្ដី​ពិត​ស្ដីពី​ព្រះគម្ពីរមរមន​ត្រូវបាន​សន្យា « ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ។ បន្ទាប់មក មរ៉ូណៃ​ បាន​ប្រកាស​ថា « ហើយ​ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​អ្នក​រាល់គ្នា​អាច​ស្គាល់​សេចក្ដីពិត​នៃ​គ្រប់ការណ៍​ទាំងអស់ » ( មរ៉ូណៃ 10:4–5 ) ។

ខ្ញុំជឿ​ថា អំណាច​នេះ អំណោយទាននេះ គឺ​មាន​សម្រាប់​ពួកយើង​នៅ​សព្វថ្ងៃនេះ ។

ពិត ហើយ​ដាច់ដោយឡែក

…យើងខ្ញុំ​ជឿ​ដល់​ព្រះ​គឺ​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច និង​ដល់​ព្រះរាជបុត្រា​ទ្រង់ គឺ ព្រះយេស៊ូវគ្រីស្ទ ហើយ​ដល់​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ខ្ញុំ​បាន​ជ្រមុជទឹក​នៅ​ក្នុង​ព្រះនាម​នៃ​អង្គទាំង​បី​នេះ ។ ខ្ញុំ​បាន​រៀបការ​នៅ​ក្នុង​ព្រះនាម​នៃ​អង្គទាំងបីនេះ ។ ខ្ញុំ​គ្មាន​ការ​ងឿង​ឆ្ងល់​ស្ដីពីភាពពិត និង​ភាព​ដាច់ដោយ​ឡែក​របស់​ទ្រង់​ឡើយ ។ ភាពដាច់ដោយឡែកនោះត្រូវបាន​បង្ហាញ​នៅ​ពេល​ព្រះយេស៊ូវ ជ្រមុជ​ដោយ​យ៉ូហាន នៅ​ទន្លេ​យ័រដាន់ ។ ព្រះរាជបុត្រា​នៃ​ព្រះ​បាន​ឈរ​នៅ​ក្នុងទឹកទន្លេនោះ ។ ព្រះសូរសៀង​របស់​ព្រះវរបិតា​ទ្រង់​បាន​បន្លឺប្រកាស ពី​បុត្រា​ដ៏ទេវ​ភាព​នៃ​ទ្រង់ ហើយ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បង្ហាញ​ក្នុង​រាង​ជាសត្វ​ព្រាប ( សូមមើល ម៉ាថាយ 3:16–17 ) ។

ខ្ញុំ​ដឹង​ថា ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ពួកអ្នកដែល​ធ្លាប់បាន​ឃើញ​ទ្រង់ ហាក់​ដូចជា​បាន​ឃើញ​ព្រះវរបិតា​ដូច្នោះ​ដែរ [ សូមមើល យ៉ូហាន 14:9 ] ។ តើ​ការ​ណ៍នេះ​មិន​អាច​ត្រូវបាន​និយាយ​ដូចគ្នា​ពីសំណាក់​កូន​ដែល​មាន​រូបរាង​ដូចជា​ឪពុកម្ដាយ​ខ្លួន​ទេ​ឬ ?

នៅ​ពេល​ព្រះយេស៊ូវ​បាន​អធិស្ឋាន​ទៅ​កាន់​ព្រះវរបិតា ប្រាកដណាស់​គឺ​ទ្រង់​ពុំ​មែន​កំពុង​អធិស្ឋាន​ទៅ​អង្គឯង​នោះ​ឡើយ !

ការ​រួប​រួម​ដ៏​ល្អ​ឥតខ្ចោះ

ពួកទ្រង់​ជា​អង្គ​ដាច់​ដោយ​ឡែក​ពីគ្នា ប៉ុន្តែ​ពួកទ្រង់​មាន​​គោលបំណង និង​កិច្ច​ខិតខំ​តែ​មួយ ។ ពួក​ទ្រង់​បាន​រួបរួមតែ​មួយ​នៅ​ក្នុង​ការ​នាំ​ឲ្យ​កើត​មាន​នូវ​ផែនការ​ដ៏​ទេវភាព​យ៉ាង​ធំធេងសម្រាប់​សេចក្ដីសង្គ្រោះ និង​ភាពតម្កើង​ឡើង​ដល់​កូនចៅ​នៃ​ព្រះ ។

… ព្រះគ្រីស្ទបាន​ទូលអង្វរ​ជាមួយ​ព្រះវរបិតា​ទ្រង់​ស្ដីពី​ពួក​សាវក ដែល​ទ្រង់ស្រឡាញ់ ដោយ​មាន​បន្ទូល​ថា ៖

« ទូលបង្គំ​មិន​អធិស្ឋានឲ្យ​អ្នក​ទាំងនេះ​តែ​ប៉ុណ្ណោះ​ទេ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណាដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយសារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ

« ដើម្បី​ឲ្យ​ទាំងអស់​បាន​រួម​មក​តែ​មួយ ឱព្រះវរបិតា​អើយ ដូចជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំងនោះ​បាន​រួម​គ្នាតែ​មួយនៅ​ក្នុង​យើង » ( យ៉ូហាន 17:20–21 ) ។

ដោយសារ​តែ​សាមគ្គីភាព​ដ៏​ល្អ​ឥតខ្ចោះ​នោះ​ហើយគឺ​រវាង​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ ទើប​ធ្វើ​ឲ្យ​ទ្រង់​ទាំងបី​អង្គ​មាន​ព្រះទ័យ​តែ​មួយ​នៅ​ក្នុង​ក្រុម​ព្រះ​ដ៏​ទេវភាព ។

នីហ្វៃ​ទី 3 11:15 ៖ One by One ( ម្ដង​មួយៗ ) ដោយ វ៉លធើរ រ៉ែន ទទួល​បាន​សិទ្ធិ​អនុញ្ញាត​ពី​សារមន្ទីរប្រវត្តិសាស្ត្រសាសនាចក្រ

Prayer at Gethsemane ( ការ​អធិស្ឋាន​ក្នុង​ច្បារ​គែតសាម៉ានី ) ដោយ ឌេល ផាសុន