២០១៤
តើ​ខ្ញុំ​សុំ​អាន​សៀវភៅ​នោះ​បាន​ទេ ?
ខែ មករា ឆ្នាំ 2014


តើ​ខ្ញុំ​សុំ​អាន​សៀវភៅ​នោះ​បាន​ទេ ?

នៀល អ័រ ខាដុន រដ្ឋ យូថាហ៍ ស.រ.អា.

ប្រហែល​ជា​ 50 ឆ្នាំ​មុន ដៃគូ​ផ្សព្វផ្សា​យសាសនា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​ដើរ​គោះទ្វារ​នៅ​ក្បែរ​សកលវិទ្យា​ល័យ គ័រដូបា នៅ​ប្រទេស អាហ្សង់ទីន មាន​យុវជន​ម្នាក់​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​គាត់ ។ រំពេច​នោះ វា​បង្ហាញ​យ៉ាងច្បាស់ថា គាត់ និង​មិត្ត​របស់​គាត់​បាន​អញ្ជើញ​យើង​ឲ្យ​ចូល​មក​ដើម្បី​ជជែក​តវ៉ា​ពី​វត្តមាន​របស់​ព្រះប៉ុណ្ណោះ ។

យើង​មិន​ចង់​ជជែក​តវ៉ា​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​យើង​បាន​យល់ព្រម​ជួប​នៅ​ពេល​ក្រោយ​ដើម្បី​ពិភាក្សា​ពី​សារលិខិត​របស់​យើង​នៅ​ក្នុង​បរិយាកាសល្អ​មួយសម្រាប់កា​ររៀនសូត្រ ។ នៅ​ពេល​យើង​បាន​ត្រលប់​មកវិញ យុវជន​នោះ​បាន​ពន្យល់​ពី​ហេតុផល​ដែល​គាត់​បាន​ជឿ​ថា​គ្មាន​ព្រះ ។ គាត់​បាននិយាយ​ថា មនុស្ស​បាន​បង្កើត​ព្រះឡើង​ ដោយសារ​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ដើម្បី​ជឿ​លើ​អ្វី​មួយ​ប្រសើរ​ជាង ជា​អ្វី​មួយ​ដែល​អរូបី ។

នៅ​ពេល​ដល់​វេន​របស់​យើង ខ្ញុំ​បាន​សួរ​ថា « តើ​អ្នកដឹង​ថា​មាន​សហរដ្ឋ​ដោយ​របៀប​ណា ? » ខ្ញុំ​បាន​ថ្លែងទីបន្ទាល់​ពី​ភាពពិត​របស់​វា ហើយ​បាន​សួរ​ប្រសិន​បើ​មាន​ភស្ដុតាង​ផ្សេងទៀត​ដែល​បង្ហាញ​ពី​វត្តមាន​របស់​វា ។ គាត់​បាន​និយាយ​ថា គាត់​បាន​អាន​វា​នៅ​ក្នុង​សៀវភៅ និង​សារព័ត៌មាន ។ បន្ទាប់មក ខ្ញុំ​បាន​សួរ​ប្រសិន​បើ​គាត់​ជឿ​លើ​ទីបន្ទាល់​របស់ខ្ញុំ និង​អ្វី​ដែល​គាត់​បាន​អាន ។ គាត់បាននិយាយ​ទាំងបង្ខំចិត្ត​ថា គាត់​ជឿ ។

ខ្ញុំ​បាននិយាយ​ថា « ដូច្នេះ​យើង​មិន​អាច​បដិសេធ​ទីបន្ទាល់​របស់​ជន​មក​ពី​សហរដ្ឋ​ដូចជា​ខ្ញុំ​បាន​ឡើយ » ។ « ឬ​យើង​ក៏​មិន​អាច​បដិសេធ​ពី​ទីបន្ទាល់​របស់​ជន​ដែល​សរសេរ​ពី​វា​បាន​ដែរ » ។ យុវជន​នោះ​បាន​យល់ស្រប ។

បន្ទាប់​មក​ខ្ញុំ​បាន​សួរ​ថា « ដោយ​ផ្អែក​លើ​ភស្ដុតាង​នេះ តើ​យើង​អាច​បដិសេធ​នូវ​ទីបន្ទាល់​របស់​ជន​ដែល​បាន​ឃើញ​ព្រះ ហើយ​បាន​សរសេរ​ពី​បទពិសោធន៍​របស់​ពួកគេ​បាន​ទេ ? » ខ្ញុំ​បាន​ប​ង្ហាញ​ព្រះគម្ពីរ​ប៊ីប​ដល់​គាត់ ដោយ​ប្រាប់​គាត់​ថា វា​មាន​នូវ​ទីបន្ទាល់​របស់​បុរសស្ត្រី​ដែល​បាន​ឃើញ ហើយ​បាន​និយាយ​ជាមួយ​នឹង​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ។ ខ្ញុំ​បាន​សួរ​ថាតើ​យើង​អាច​បដិសេធ​នូវ​ទីបន្ទាល់​ដែល​មាន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​បាន​ទេ ហើយ​គាត់​បាន​ឆ្លើយ​ទាំង​ស្ទាក់ស្ទើរ​ថា​ ទេ ។

ក្រោយមក​ខ្ញុំ​បា​នសួរ​ថា « តើ​អ្នក​គិត​យ៉ាង​ណា​ដែរ​ពី​សៀវភៅ​មួយ​សរសេរ​ឡើង​ដោយ​មនុស្សមួយ​ក្រុម​​ផ្សេង​ទៀត​ក្រៅ​ពី​ជន​នៅ​ក្នុង​ព្រះគម្ពីរ​ប៊ីប​ដែល​បានឃើញ​ព្រះដែល​ជា​អ្នក​និពន្ធ​នៃ​ព្រះគម្ពីរ​ប៊ីប​នោះ ? » គាត់​បា​នឆ្លើយ​ថា គឺ​គ្មាន​សៀវភៅ​បែប​នោះ​ទេ ។

យើង​បាន​បង្ហាញ​ព្រះគម្ពីរ​មរមន​ដល់​គាត់ ហើយ​បាន​បង្រៀន​គាត់​ពី​គោលបំណង​របស់​វា ។ យើង​បាន​ថ្លែងទីបន្ទាល់ថា ព្រះគម្ពីរ​នោះ​ពិត ហើយ​ថា​ព្រះ​នៅ​តែ​ធ្វើ​ការ​ទាក់ទង​តាមរយៈព្យាការី​ដែល​នៅ​រស់របស់ទ្រង់​នៅ​សព្វថ្ងៃ​នេះ ។

គួរ​ឲ្យ​ភ្ញាក់ផ្អើល យុវជន​នោះ​បាន​និយាយ​ថា « ខ្ញុំ​ធ្លាប់​ធ្វើ​ឲ្យ​ពួក​គ្រូ​គង្វាល​មក​ពី​ព្រះវិហារ​ផ្សេង​មាន​ការ​ច្របូក​ច្របល់ ។ អ្នក​មាន​នូវ​អ្វី​មួយ​ដែល​ខ្ញុំ​ពុំ​​ធ្លាប់​ឮពី​មុន​មក ។ តើ​ខ្ញុំ​សុំ​អាន​សៀវភៅ​នោះ​បាន​ទេ ? យើង​បាន​ឲ្យ​ព្រះគម្ពីរ​នោះ​ទៅ​គាត់ ហើយ​បាន​ថ្លែងទីបន្ទាល់ពី​សេចក្ដី​ស្រឡាញ់​ដែល​ព្រះ​មាន​ចំពោះ​កូនចៅ​របស់​ទ្រង់ ។

ដោយសារ​ការ​សិក្សា​ត្រូវបាន​បញ្ចប់ យើង​មិន​អាច​ទៅ​ជួប​នឹង​យុវជន​ម្នាក់​នេះ​ម្ដងទៀត​ឡើយ ពី​មុន​គាត់​ត្រលប់ទៅ​ផ្ទះ​របស់​គាត់​វិញ​នៅ​ប្រទេស បូលីវៀ ។ ប៉ុន្តែ ខ្ញុំ​បាន​អធិស្ឋាន​ថា គាត់​នឹង​អាន​ព្រះគម្ពីរ​មរមន ហើយ​ទទួល​បាន​ទីបន្ទាល់​មួយ ។

នៅ​ឆ្នាំ 2002 ខ្ញុំ​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​ប្រធាន​សាខា​ក្នុង​សាខា​អេស្ប៉ាញ​មួយ​នៅ​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា ប្រូវ៉ូ ។ នៅ​ថ្ងៃ​អាទិត្យ​មួយ ខ្ញុំ​បាន​លើក​ឡើង​ពី​ដំណើររឿង​ដូចគ្នា​នេះ​ប្រាប់ទៅ​ពួក​អ្នកផ្សព្វផ្សាយ​សាសនា ។ ក្រោយ​មក មានអ្នកផ្សព្វផ្សាយ​សាសនា​ម្នាក់​មក​ពី​ប្រទេស បូលីវៀ បាន​ប្រាប់ខ្ញុំ​ថា គាត់ធ្លាប់ឮ​បុរស​ចំណាស់​ម្នាក់​នៅ​ក្នុង​ស្តេក​របស់​គាត់​ប្រាប់ពី​ដំណើររឿង​ពី​ការ​ផ្លាស់ប្រែចិត្ត​ជឿ​របស់​ខ្លួន—ជា​ដំណើរ​រឿង​​ដូចគ្នា​ដែល​ខ្ញុំ​បាន​លើកឡើង​នៅទីនេះ ។

ទឹកភ្នែក​របស់​ខ្ញុំ​បាន​ស្រក់ហូរចុះ​មក ។ បន្ទាប់ពី 40 ឆ្នាំ ខ្ញុំ​បានទទួល​ចម្លើយ​នឹង​ការ​អធិស្ឋាន​របស់​ខ្ញុំ​ពី​យុវជន​ម្នាក់​នោះ​មក​ពី​ប្រទេស បូលីវៀ ។ គាត់​បាន​ដឹង​ពី​វត្តមាន​របស់​ព្រះ និង​ផែនការ​សុភមង្គល​ដ៏​អស្ចារ្យរបស់​ទ្រង់ ។ ខ្ញុំ​ដឹង​ថា នៅ​ថ្ងៃ​ណា​មួយ​យើង​នឹង​ជួប​គ្នា​ម្ដងទៀត ហើយ​ខ្ញុំ​នឹង​រីករាយ​ជាមួយ​នឹង​គាត់​នៅ​ក្នុង​ដំណឹងល្អ ។