២០១៤
អ្នក​ត្រូវ​បាន​អញ្ជើញ
ខែ មករា ឆ្នាំ 2014


អ្នក​ត្រូវ​បាន​អញ្ជើញ

រូបភាព
គណៈ​ប្រធាន​យុវនារី​ទូទៅ ឆ្នាំ 2013

តើ​នរណា​ដែល​មិន​ចូលចិត្ត​ការ​អញ្ជើញ ? នៅ​ពេល​យើង​ទទួល​ការ​អញ្ជើញ​មួយ ដើម្បី​ចូលរួម​នៅ​ក្នុង​ពិធី​ខួបកំណើត​ ឬ​ពិធីភោជនីយ​អាហារ​អាពាហ៍ពិពាហ៍ យើង​មាន​អារម្មណ៍​រីករាយ​ដើម្បី​អាច​សប្បាយ​រីករាយ​ជាមួយ​នឹង​អ្នកដទៃ​ក្នុង​ព្រឹត្តការ​សំខាន់ៗ​ក្នុង​ជីវិត​របស់​ពួកគេ ។ បាវចនា​ម៉្ញូឆល​សម្រាប់​ឆ្នាំ 2014 ក៏​មាន​នូវ​ការ​អញ្ជើញ​ដ៏​រីករាយ​មួយ​ដែល​សំខាន់​ដ៏​អស់កល្ប​ផងដែរ​ថា ៖ « ចូរ​មក​រក​ព្រះគ្រីស្ទ ហើយ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​នៅ​ក្នុង​ទ្រង់ ហើយ​ចូរ​លះបង់​ចោល​នូវ​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ » ( មរ៉ូណៃ 10:32 ) ។

ការ​អញ្ជើញ​ជាច្រើន​តម្រូវ​ឲ្យ​មាន​ការ​ឆ្លើយ​តប​មួយ —ចម្លើយ​មួយ— ដើម្បី​បង្ហាញ​ថា​យើង​ទទួល​យក​ការ​អញ្ជើញ​ ឬ​អត់ ។ តើ​អ្នក​បាន​ឆ្លើយ​តប​ការ​អញ្ជើញ​នេះ​នៅ​ក្នុង​ជីវិត​របស់​អ្នក​ឬ​ទេ ? ការ​មក​រក​ព្រះគ្រីស្ទ មាន​ន័យ​ថា យើង​កំពុង​រក្សា​សេចក្ដី​សញ្ញា​ដ៏​ពិសិដ្ឋ ដែល​យើង​បាន​ធ្វើ​នៅ​ពិធីបុណ្យ​ជ្រមុជទឹក ។ វា​មាន​ន័យ​ថា យើង​បាន​ទទួល​យក​ព្រះយេស៊ូវ​គ្រីស្ទ ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​ដោយ​ផ្ទាល់​របស់​យើង ។ វា​មាន​ន័យ​ថា យើង​ទទួល​ស្គាល់ ហើយ​ជឿ​នូវ​អ្វី​ដែល​អាលម៉ា បាន​បង្រៀន​ដល់​កូន​ប្រុស​របស់​គាត់ ស៊ីបឡុន ៖ « គ្មាន​ផ្លូវ​ ឬ មធ្យោបាយ​ឯណា​ផ្សេង​ទៀត​ទេ ដែល​នាំ​ឲ្យ​មនុស្ស​បាន​សង្គ្រោះ មាន​តែ​ដោយ និង​តាមរយៈ​ព្រះគ្រីស្ទ​មួយ​ប៉ុណ្ណោះ » ( អាលម៉ា 38:9 ) ។ ការ​ទទួល​យក​ការ​អញ្ជើញ​នេះ មាន​ន័យ​ថា យើង​មាន​ការ​តាំងចិត្ត​ដើម្បី​ដើរ​តាម​គំរូ​ដ៏​ឥត​ខ្ចោះ​របស់​ព្រះគ្រីស្ទ ដោយ​ការ​រស់​នៅ​ប្រកប​ដោយ​គុណធម៌ និង​មាន​ជីវិត​ដែល​​បាន​ឧទ្ទិស ហើយ​ដោយ​ក្តី​ស្រឡាញ់ និង​ការ​បម្រើ​ដល់​អ្នក​ដទៃ ។​ ​

ការ​អញ្ជើញ​នេះ គឺ​ពុំ​មែន​សម្រាប់​ព្រឹត្តការ​តែ​មួយ​ដង​នោះ​ទេ វា​គឺ​ជា​ដំណើរ​ការ​មួយ ។ យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ដើរ​តាម​ផ្លូវ​មួយ ដែល​នឹង​ដឹកនាំ​យើង​ទៅ​ព្រះវិហារបរិសុទ្ធ ដែល​យើង​ធ្វើ​សេចក្ដី​សញ្ញា​បន្ថែម​ទៀត ជាមួយ​ព្រះវរបិតា​យើង​នៅ​ស្ថានសួគ៌ ហើយ​ចូលរួម​ក្នុងពិធីបរិសុទ្ធ​សំខាន់​ចំពោះ​ការ​លើក​តម្កើង​របស់​យើង ។ ផ្លូវ​នេះ អាច​រួម​មាន​ការ​បម្រើ​បេសកកម្ម ។ វា​នឹង​បញ្ចូល​ទាំង​អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារបរិសុទ្ធ និង​ការ​ក្លាយ​ទៅ​ជា​បុរស និង ស្ត្រី​សុចរិត​នៅក្នុង​នគរ​នៃ​ព្រះ ។ វា​ក៏​មាន​ន័យ​ផងដែរ​ថាជាការ​កាន់​ខ្ជាប់​ដរាប​ដល់​ចុងបំផុត ។ ដូច​ជា​ការ​អញ្ជើញ​បាន​ថ្លែង នៅពេល​យើង​មក​រក​ព្រះគ្រីស្ទ នោះ​យើង​អាច​បាន​ល្អ​ឥត​ខ្ចោះ​ក្នុង​ទ្រង់ ។ ព្រះគ្រីស្ទ​បាន​ធ្វើ​​ឲ្យវា​កើត​ឡើង​បាន ដើម្បី​ស្ថិត​នៅ​លើ​ផ្លូវ​សេចក្ដី​សញ្ញា​នេះ តាមរយៈ​សេចក្ដីជំនឿ​ទៅ​លើ​ទ្រង់ និង​តាមរយៈ​ការ​ប្រែចិត្ត ។ ដំណើរ​ការ​នៃ​ការ​ប្រែក្លាយ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​​នេះ អាច​ចាប់​ផ្ដើម​នៅ​ថ្ងៃ​នេះ ដង្វាយ​ធួន​នៃ​ព្រះ​គ្រីស្ទ​ធ្វើឲ្យ​វា​កើត​ឡើង​បាន ។

ការ​អញ្ជើញ​នេះ សុំ​ឲ្យ​យើង​លះបង់​ចោល​ខ្លួន​យើង​នូវ​​អស់​ទាំង​អំពើ​ដ៏​ឥត​បរិសុទ្ធ​ចុះ— ដើម្បី​ខុស​ប្លែក​ពី​ម៉ូត បទដ្ឋាន និង​ការ​អនុវត្ត​របស់​លោកិយ ។ យើង​ត្រូវ​បាន​អញ្ជើញ​ឲ្យ « ទុក​ចោល​របស់​ទាំងឡាយ​នៃ​លោកិយ​នេះ ហើយ​ចូរ​ស្វែង​រក​របស់​ទាំង​ឡាយ​ណា ដែល​គ្រាន់​បើ​ជាង​នេះ​វិញ ( គ និង ស. 25:10 ) ។ យើងសូម​ថ្លែង​ទីបន្ទាល់​ថា ការ​ទទួល​យក​ការ​អញ្ជើញ​ដើម្បី « មក​រក​ព្រះគ្រីស្ទ ហើយ​បាន​ល្អ​ឥតខ្ចោះ​នៅ​ក្នុង​ទ្រង់​ចុះ » នឹង​ដឹក​នាំ​ទៅ​រក​សុភមង្គល​ក្នុង​ជីវិត​នេះ និង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច នៅ​ក្នុង​ពិភព​ខាង​មុខ ។ អ្នក​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ឆ្លើយ​តប​នៅ​ថ្ងៃ​នេះ !