២០១៤
ទៅ​ជួសជុល​ម៉ាញ៉េ​របស់​គាត់
ខែ មករា ឆ្នាំ 2014


ទៅ​ជួសជុល​ម៉ាញ៉េ​របស់​គាត់

ខេន អេ. រ៉ាស៊ល, រដ្ឋ​ហ្លូរីដា, ស.រ.អា

អ្នក​ជិត​ខាង​របស់​យើង គឺ​ជា​អ្នក​គ្រប់​គ្រង​យុវវ័យ​នៅ​ព្រះវិហារ​ក្នុង​មូល​ដ្ឋាន​មួយ ហើយ​យុវវ័យ​នៃ​ព្រះវិហាររបស់​គាត់ បាន​មក​សួរសុខទុក្ខ​គាត់​ជា​ញឹក​ញាប់ ។ វា​មិន​មាន​អ្វី​ភ្ញាក់​ផ្អើល​ទេ ដែល​ឃើញ​មាន​ឡាន​ជាច្រើន​ចត​នៅ​ខាង​មុខ​ផ្ទះ​របស់​គាត់​ទាំង​យប់​ទាំង​ថ្ងៃ​នោះ ។

យុវវ័យ​មួយ​ចំនួន​ទាំង​នេះ ចាក់​ម៉ាញ៉េ​ឮ​ខ្លាំងៗ​នៅ​ក្នុង​ឡាន​របស់​ពួកគេ​គ្រប់​ពេល ។ យើង​អាច​ឮ​ពួកគេ​មក​ពី​ចម្ងាយ ហើយ​នៅពេល​ពួកគេ​មក​កាន់​តែ​ជិត នោះ​បង្អួច​ផ្ទះ​របស់​យើង​រង្គើរ​ហើយ ។ ជាញឹកញាប់​ ភ្លេង​ខ្លាំង​ៗ​នឹង​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ឡើង​ទាំង​យប់ ។ ភាព​ធុញ​ទ្រាន់​របស់​ខ្ញុំ​បានផ្ដុំច្រើន​​​ឡើងៗ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​មើល​ទៅ​ក្មេងៗ​ទាំងនេះ ដូចជា​សត្រូវ​របស់​ខ្ញុំ ។

មាន​ថ្ងៃ​មួយ ខណៈ​ដែល​ខ្ញុំ​កំពុង​តែ​បោស​ស្លឹក​ឈើ ខ្ញុំ​បាន​ឮ​សម្លេង​ម៉ាញ៉េ​ឡាន​ចាក់​ខ្លាំងៗ​មក​ពី​ចម្ងាយ ។ មិន​យូរ​ប៉ុន្មាន​សម្លេង​នោះ​បាន​មក​កាន់​តែ​ជិត ហើយ​កាន់​តែ​ឮ​ខ្លាំង​ឡើង ។ ពេល​ដែល​អ្នក​បើក​ឡាន​បត់​ឡាន​ត្រង់​កាច់​ជ្រុង​ ចូល​មក​ផ្ទះ​អ្នក​ជិត​ខាង​ខ្ញុំ នោះ​ខ្ញុំ​ខឹង ហើយខ្ញុំ​​បាន​អធិស្ឋាន​សុំ​ឲ្យ​ព្រះវរបិតាសួគ៌ បំផ្លាញ​ម៉ាញ៉េ​នោះ ។

ការ​អធិស្ឋាន​យ៉ាង​ខ្លាំង​​របស់​ខ្ញុំ បាន​ក្លាយ​ទៅ​ជា​ការ​អធិស្ឋាន​​​សរសើរ និង​​ដឹង​គុណវិញ​​ នៅ​ពេលដែល​​ម៉ាញ៉េ​នោះ​ឈប់ឮ​នៅរំពេច​ដែល​​​គាត់​នោះ​បើក​ឡាន​ចូល​មក ។ ខ្ញុំ​ធ្លាប់​ជួសជុល​ម៉ាញ៉េ​ឡាន ហើយ​ដឹង​ថា តាមរយៈ​សម្លេង​នោះ ដែល​វា​ពុំ​ត្រូវ​បាន​គេ​​បិទ— នោះ​វា​នឹង​ឈប់​ដើរ ។

យុវជន​នោះ ខក​ចិត្ត​ដែល​ម៉ាញ៉េ​ឡាន​គាត់ បាន​ឈប់​ដើរ ហើយ​មិត្ត​គាត់​ជាច្រើន​បាន​មក​លួង​លោម​ចិត្ត​គាត់ ។ ផ្ទុយ​ទៅ​វិញ ខ្ញុំ​មាន​អារម្មណ៍​ពេញចិត្ត​ណាស់ ពេល​ឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​គិត​ថា គឺ​ជា​ព្រះហស្ត​របស់​ព្រះ​ដែល​ធ្វើ​ឲ្យ​ម៉ាញ៉េ​នោះ​ឈប់​ដើរ ។

ប៉ុន្ដែ​នៅពេល​ខ្ញុំ​បន្ដ​មើល​ហេតុ​ការណ៍​នោះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​កំពុង​មើល​ខ្លួន​ខ្ញុំ ពេល​ខ្ញុំ​មាន​ចារិក​ដូច្នោះ​កាល​ពី​ច្រើន​ឆ្នាំ​កន្លង​ទៅ ។ ដួង​ចិត្ត​ខ្ញុំ​បាន​ទន់​ភ្លន់​វិញ ហើយ​ខ្ញុំ​បាន​ចាប់​ផ្ដើម​គិត​ថា ក្មេង​ប្រុស​នេះ​ពុំ​មែន​ជា​សត្រូវ​របស់​ខ្ញុំ​ទេ ។ បន្ទាប់មក​ព្រះវិញ្ញាណ​បាន​ខ្សឹប​ប្រាប់​ថា « ចូរ​ទៅ​ជួសជុល​ម៉ាញ៉េ​របស់​គាត់ទៅ » ។

ខ្ញុំ​បាន​ភ្ញាក់​ផ្អើល​ដោយ​ការ​បំផុសគំនិត​នេះ ហើយ​ព្យាយាម​មិន​គិត​ពី​វា ។ ហេតុអ្វី​ក៏​ខ្ញុំ​គួរ​ទៅ​ជួសជុល​អ្វី​ដែល​កំពុង​តែ​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្ញុំ​ពុំ​សុខស្រួល​នោះ ? ប៉ុន្តែ​ការ​បំផុសគំនិតបាន​​កើត​មាន​ឡើង​ម្ដងទៀត ហើយ​ខ្ញុំ​បាន​ធ្វើ​តាម ។

បន្ទាប់​ពី​ខ្ញុំ​បាន​សុំ​ជួយហើយ​ រំពេច​នោះ​​ខ្ញុំ​បាន​មើលឃើញ​ប្រភព​នៃ​បញ្ហា ។ ជួសជុល​តែ​មួយ​ភ្លែត ។ មិន​យូរ​ប៉ុន្មាន ម៉ាញ៉េ​បាន​ចាក់​ឮ​ម្ដងទៀត ឮ​ខ្លាំង​ដូច​ពី​ដើម ។

យុវជន​នោះ បាន​ថ្លែង​អំណរគុណ ហើយ​បាន​សួរ​ បើ​សិន​ជា​មាន​អ្វី​ដែល​គាត់​អាច​ធ្វើ​សម្រាប់​ខ្ញុំ​វិញ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ខ្ញុំ​ត្រូវ​ក្រោក​ពី​ព្រលឹម​ទៅ​ធ្វើ​ការ ហើយ​បើ​គាត់​អាច​បិទ​សម្លេង​ភ្លេង​របស់​គាត់បន្ដិច​​នៅពេល​ល្ងាច នោះ​ខ្ញុំពិត​ជា​មានអំណរ​គុណ​ណាស់ ។ គាត់​ញញឹម ហើយ​អះអាង​នឹង​ខ្ញុំ​ថា គាត់​នឹង​ធ្វើ​ដូច្នោះ​បាន ។

គាត់​មិន​ត្រឹម​តែ​បន្ថយ​សម្លេង​ម៉ាញ៉េ​របស់​គាត់​នៅ​ពេល​យប់​ប៉ុណ្ណោះ​ទេ គឺ​គាត់ថែម​ទាំង​​បាន​ក្លាយ​ជា​ប៉ូលីស​ការពារ​សម្លេង​ម៉ាញ៉េ​របស់​ខ្ញុំ​ ដែល​គាត់​ត្រូវ​​មើល​​ឲ្យ​ប្រាដកថា សម្លេង​ម៉ាញ៉េ​របស់​មិត្ត​ភិក្ត​គាត់​ត្រូវ​​បន្ថយ​សម្លេង​ផងដែរ ។ ចាប់​ពី​ពេល​នោះ​មក យើង​ពុំ​ដែល​មាន​បញ្ហា​នឹង​តន្ត្រី​ឮ​ខ្លាំង​ៗ​ពេល​យប់​ទៀត​ទេ ។

ព្រះវរបិតាសួគ៌ ពិត​ជា​បាន​ស្ដាប់​ឮ ហើយ​ឆ្លើយ​ការ​អធិស្ឋាន​របស់​ខ្ញុំ​មែន ។ ដំណោះ​ស្រាយ​របស់​ទ្រង់ ផ្ដល់​នូវភាព​សុខសាន្ដ និង ភាព​ស្ងប់​ស្ងាត់ ជា​មេរៀន​ដ៏​មាន​តម្លៃ​មួយ អំពី​ការ​ធ្វើ​តាម​ព្រះវិញ្ញាណ ហើយ​ជា​ការ​យល់​ដឹង​ដ៏​ល្អប្រសើរ​មួយ​អំពី​អ្វី​ដែល​មានន័យ​ថា « ឲ្យ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក » ( លូកា 6:27 ) ។