២០១៤
ភក្ដីភាព និង ភាព​ស្មោះត្រង់ ៖ ការ​បំផុសគំនិត​ដកស្រង់​ចេញ​ពី​ខ្សែ​ជីវិត និង​ ការ​បង្រៀន​របស់ យ៉ូសែប ហ៉្វីលឌីង ស៊្មីធ
ខែ មករា ឆ្នាំ 2014


ភក្ដីភាព និង ភាព​ស្មោះត្រង់

ការ​បំផុសគំនិត​ដកស្រង់​ចេញ​ពី​ខ្សែ​ជីវិត និង​ ការ​បង្រៀន​របស់ យ៉ូសែប ហ៉្វីលឌីង ស៊្មីធ

កំណត់ចំណាំ ៖ ម្ដាយ​របស់អ្នកនិពន្ធឈ្មោះ ណាអូមី ស្ម៊ីធ ប្រ៊ូស្ទឺ បាន​កើត​នៅ​ឆ្នាំ​ដែលយ៉ូសែប ហ៉្វីលឌីង ស៊្មីធ ត្រូវបានហៅបំរើ​ចូល​ទៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ ហើយ​ជា​កូនទីពីរ​របស់ អេធេល ចចជីណា ស្ម៊ីធ ជា​​ស្ត្រី​ដែល​ប្រធាន ស្ម៊ីធ បាន​រៀបការ​ជាមួយ​បន្ទាប់​ពី​ភរិយា​ដំបូង​របស់​លោក​បាន​ទទួល​មរណៈភាព​ទៅ ។

« ចូរ​យើង​មាន​ភក្ដីភាព ហើយ​ស្មោះត្រង់​ជានិច្ច ដោយ​មាន​បំណងប្រាថ្នា​មួយ​ដើម្បី​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​គោរព​ទ្រង់ ហើយ​ចងចាំ​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹងទ្រង់ » ។

នៅ​ពេល យ៉ូ​សែប ហ៉្វីលឌីង ស៊្មីធ ដែល​មាន​វ័យ 33 ឆ្នាំ ដើរ​ចូល​ទៅ​ក្នុង​រោងឧបោសថ សលត៍ លេក នៅ​ថ្ងៃទី 6 ខែ មេសា ឆ្នាំ 1910 ដើម្បី​ចូលរួម​ក្នុង​សន្និសីទទូទៅ នោះ​មាន​អ្នក​នាំ​ផ្លូវ​ម្នាក់​បាន​និយាយ​មក​កាន់​លោក​ថា « មែនហើយ យ៉ូសែប តើនរណាទៅ​នឹងក្លាយ​ជា​សាវកថ្មី ? »

យ៉ូសែប បាន​តបថា « ខ្ញុំ​មិន​ដឹង​នោះ​ទេ » ។ « ប៉ុន្តែ​វា​នឹង​ពុំមែន​ជាអ្នក ហើយ​ក៏​ពុំ​មែន​ជា​ខ្ញុំ​ដែរ ! »1

នៅ​ពេល​ឈ្មោះ​របស់​ពួក​សាវកដប់ពីរនាក់​ត្រូវបាន​អាន​សម្រាប់​ការ​បោះឆ្នោះ​គាំទ្រ រំពេចនោះ យ៉ូសែប​​ បាន​ទទួល​អារម្មណ៍​ថា ឈ្មោះ​របស់​លោកអាច​នឹងត្រូវបាន​គេ​លើក​ឡើង​នៅ​ពេល​បន្ទាប់ទៀត ។ វា​ជាការពិតមែន ហើយ​បន្ទាប់​មក​លោក​ត្រូវបាន​គាំទ្រ​ជា​បុរសទី​ 12 នៅក្នុង​កូរ៉ុម​ដ៏​អស្ចារ្យ​នេះ ។

ការ​បន្ទាបខ្លួន និង​ភាព​កំប្លុកកំប្លែង​របស់ យ៉ូសែប បាន​បង្ហាញ​នៅ​ពេល​លោក​ចេញ​ពីសន្និសីទ ហើយ​ត្រលប់ទៅផ្ទះវិញ ដើម្បី​ប្រាប់​ដល់​គ្រួសារ​របស់​គាត់​ពី​ការ​ហៅ​ថ្មី​របស់​គាត់ ។ លោក​បាន​ប្រាប់ដល់​ភរិយា​របស់​លោក​នូវ​ពាក្យ​ដែល​ធ្វើ​ឲ្យ​ងឿងឆ្ងល់ ដោយ​មាន​ប្រសាសន៍​ថា ៖ « បង​គិត​ថា យើង​ត្រូវ​លក់​គោ » ។ ប្រាកដ​ណាស់ គាត់មាន​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​គាត់​រង់​ចាំ​ការ​ពន្យល់​បន្ថែម​ទៀត ។ ចម្លើយ​ដ៏​សាមញ្ញ​របស់​លោក​គឺ « បង​គ្មាន​ពេល​ដើម្បី​មើល​ថែ​វា​ទៀត​ទេ ! » ។2 នេះ​ជា​ការ​ចាប់ផ្ដើម​នៃ​ការ​បម្រើ​ជា​សាវក​ម្នាក់​ ដែល​​អស់​រយៈពេល​ច្រើន​ជាងប្រាំមួយ​ឆ្នាំ ។

ចៅ​ប្រុស​របស់ ហៃរ៉ុម ស្ម៊ីធ ឈ្មោះ យ៉ូ​សែប ហ៉្វីលឌីង ស៊្មីធ គឺជា​ប្រធាន​ទី 10 នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ លោក​បាន​បម្រើ​យ៉ាង​យូរ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវកដប់ពីរនាក់ ពី​មុន​ការហៅ​របស់​លោក​ឲ្យ​បម្រើ​ជា​ប្រធាន​នៃ​សាសនាចក្រ​លើស​ពី​ប្រធានផ្សេងទៀត​​នៃ​សាសនាចក្រនេះ ។ នៅ​ក្នុង​រយៈពេល 60 ឆ្នាំរបស់​លោក​ក្នុងនាម​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួកសាក្សី​ពិសេស​នោះ ដំបូង​លោក​បាន​ធ្វើដំណើរដោយ​ជិះ​នៅ​លើ​ខ្នង​សេះ និង​ដោយ​រទេះ ហើយ​ក្រោយ​មកដោយ​រថយន្ត និងតាម​យន្តហោះ​ប្រតិកម្ម​ដើម្បី​បង្រៀន​ដល់​ពួក​បរិសុទ្ធ ។ ការ​បង្រៀន និង​ការ​និពន្ធ​ជាច្រើន​របស់​លោក​បាន​ប្រទានពរ​ដល់​សាសនាចក្រ និង​អស់​អ្នក​ណាដែល​បាន​ស្ដាប់តាម​សារលិខិត​ដ៏​បំផុសគំនិត​របស់​លោក ។

ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​សរសេរ​អត្ថបទ​នេះ​ដោយសារ​ទំនាក់ទំនង​របស់ខ្ញុំ​ជាមួយ​នឹង​ប្រធាន យ៉ូ​សែប ហ៉្វីលឌីង ស៊្មីធ ជា​អ្នក​ដែលខ្ញុំពេញ​ចិត្ត​នឹង​ហៅ​គាត់​ថា​ជា​ជីតា ។ ខ្ញុំ​មាន​ចិត្ត​រំភើបចំពោះ​ឆាក​ជីវិតរបស់​លោក​តាំងពី​កំណើតរបស់​ខ្ញុំ នៅ​ពេល​លោក​បាន​ធ្វើ​ពិធី​ដាក់ឈ្មោះឲ្យ​ខ្ញុំ និង​ការ​ប្រសិទ្ធពរ រហូតដល់​លោក​បាន​ទទួល​មរណៈភាព នៅ​ពេលខ្ញុំស្ថិតនៅ​ក្នុង​ចំណោម​ចៅ​ប្រុស​ជាច្រើន​ដែល​បាន​បម្រើ​ជា​អ្នក​សែងក្ដារមឈូសនៅ​ក្នុង​បុណ្យ​សព​របស់​លោក ។

ព្យាការី​ដែល​បាន​តែងតាំងទុក​ជាមុន

ដូចគ្នា​នឹង​ពួក​ព្យាការី​ទាំងអស់​របស់​ព្រះ​ដែរ យ៉ូ​សែប ហ៉្វីលឌីង ស៊្មីធ ត្រូវបាន​តែងតាំង​ទុក​ជាមុន​ដើម្បី​មក​កាន់​ផែនដី​ស្រប​តាម​កាលវេលា​ដ៏ទេវភាព​របស់​ព្រះអម្ចាស់ ( សូមមើលកិច្ចការ 17:26 ) ។ យ៉ូសែប ជា​កូន​ទី​បួន ប៉ុន្តែ​ជា​កូនប្រុស​ដំបូង​របស់ ជូលីណា ឡែមសុន ស្ម៊ីធ ។ នៅ​ក្នុង​វិញ្ញាណ​ដ៏រាបសា​នៃម្ដាយ​ដ៏​ស្មោះត្រង់ឈ្មោះ ហាន់ណា នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ( សូមមើល សាំយ៉ូអែលទី 1 1:11 ) នោះ​ជូលីណា​បាន​សច្ចាថា ប្រសិនបើ​ព្រះអម្ចាស់​នឹង​ប្រទានកូនប្រុស​ម្នាក់​ដល់​គាត់ « គាត់នឹងធ្វើ​អ្វី​គ្រប់យ៉ាង​នៅ​ក្នុង​អំណាច​របស់​គាត់​ដើម្បី​ជួយ​កូនប្រុស​នោះឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ព្រះអម្ចាស់ និង​ឪពុក​របស់​ខ្លួន » ។3 ព្រះអម្ចាស់​មិន​គ្រាន់តែ​ឆ្លើយតប​ចំពោះ​ការ​ទូលសុំ​របស់​គាត់​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​បាន​សម្ដែង​ឲ្យ​គាត់​ឃើញពីមុន​កំណើត​កូន​ប្រុស​របស់​គាត់ថា កូននេះ​នឹង​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​សាក្សីពិសេស​ម្នាក់​របស់​ទ្រង់​នៅ​ថ្ងៃ​ណា​មួយ​នៅ​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ ។4

យ៉ូសែប បានកើត​នៅ​ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 1876 ជា​កូន​របស់ យ៉ូសែប អេហ្វ ស្ម៊ីធ និង​ជូលីណា ឡែម​សុន ស្ម៊ីធ ។ នៅ​កំណើត​របស់​យ៉ូសែប ឪពុក​របស់​លោក​គឺជា​សាវក និង​ជា​ទីប្រឹក្សា​របស់​ប្រធាន ព្រិកហាំ យ៉ង់ ។ នៅ​ពេល យ៉ូសែប មាន​អាយុប្រាំបួន​ខែ ឪពុកម្ដាយ​របស់​លោក​បាន​យក​លោក​ទៅ​ការ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ សេន ចច យូថាហ៍ ។ ក្រោយ​មក​ លោក​បាន​មាន​ប្រសាសន៍ចំអក​លេង​ថា « ការ​ចាត់​តាំង​ដំបូង​របស់​ខ្ញុំ​ក្នុង​សាសនាចក្រ​គឺ​ដើម្បី​អមដំណើរ ព្រិកហាំ​ យ៉ង់ ទៅ​ការ​ឧទ្ទិសឆ្លង​ព្រះវិហារ​បរិសុទ្ធ សេន ចច យូថាហ៍ » ។5

នៅ​ពេល យ៉ូសែប បាន​ទទួល​ពរអយ្យកោ​របស់​លោក​នៅ​វ័យ 19 ឆ្នាំ លោក​អយ្យកោ​ដ៏​បំផុសគំនិត​ម្នាក់​បាន​ដាក់​ដៃ​លើ​ក្បាល​របស់ យ៉ូសែប ហើយ​បាន​ប្រកាស​ថា ៖ « វា​ជាអភ័យឯកសិទ្ធិ​របស់​ឯង​ដើម្បី​រស់​នៅ​រហូតដល់​វ័យ​ចំណាស់​សមល្មម​មួយ និង​តាម​ព្រះទ័យ​របស់​ព្រះអម្ចាស់ដើម្បី​អាច​ក្លាយ​ជា​បុរសម្នាក់​ដ៏​ខ្លាំង​ក្លា​នៅ​ក្នុងអ៊ីស្រាអែល ។…ពិត​ណាស់ ឯង​នឹង​ឈរ​នៅ​ក្នុង​ចំណោម​មនុស្ស​ទូទៅ​ជា​ព្យាការី​ និង​ជា​អ្នកទទួលវិវរណៈម្នាក់​សម្រាប់​ពួកគេ ត្បិត​ព្រះអម្ចាស់បាន​ប្រទាន​ពរ​ដល់​អ្នក ហើយ​បាន​តែងតាំងអ្នក​សម្រាប់ការហៅនេះ » ។6

ជីវិតគ្រួសារ ៖ ការ​ផ្សំបញ្ចូល​គ្នា​រវាង​សេចក្ដី​ស្រឡាញ់ និង​ការ​សាកល្បង

ចំពោះ យ៉ូ​សែប ហ៉្វីលឌីង ស៊្មីធ « គ្រួសារ​គឺ​ជា​ក្រុម​ដ៏សំខាន់​បំផុត​នៅ​ក្នុង​គ្រានេះ ឬ​នៅ​ភាព​អស់​កល្ប​ជានិច្ច » ។7 លោក​បាន​ចិញ្ចឹមបីបាច់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​សេចក្ដីស្រឡាញ់ សេចក្ដីជំនឿ បទដ្ឋាន​សីលធម៌​ខ្ពស់ និង​ក្រម​សីលធម៌​ធ្វើ​ការងារ​ដោយ​ឧស្សាហ៍ ហើយ​លោក​បាន​ខិតខំ​ជា​បន្តបន្ទាប់​ដើម្បី​នាំ​យក​គោលការណ៍​ដូចគ្នានោះ​ចូល​ទៅ​ក្នុង​គ្រួសារ​របស់​លោក​ផ្ទាល់ ។ ( សូមមើល ជំពូកទី 4, 15 និង 16 នៃ Teachings of Presidents of the Church: Joseph Fielding Smith ) ។

លោក​បាន​រៀបការ​នឹង លូអី អេមីលី ស្ស៊ឺតលីហ្វ ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ក្នុងឆ្នាំ 1898 ។ មួយ​ឆ្នាំ​ក្រោយ​មក លោក​ត្រូវ​បាន​ហៅ​ទៅ​បេសកកម្ម​នៅ​ចក្រភពអង់គ្លេស​រយៈពេលពីរឆ្នាំ ហើយ​ត្រូវបាន​គាំទ្រដោយ​ស្មោះ​ពី​ភរិយា​របស់លោក ។ ក្រោយ​ពេល​ត្រលប់​មកវិញ អ្នកទាំងពីរ​បាន​ចាប់ផ្ដើម​ជីវិត​រួម​គ្នា​វិញ ហើយ​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​នូវ​កូនស្រី​ពីរនាក់ ។ ជា​អកុសល អំឡុងពេល​ដ៏​លំបាក​នៃ​ការ​មាន​ទម្ងន់​ជា​លើក​ទីបី លូអី បាន​ទទួល​មរណៈភាព ។

នៅ​ក្នុង​ភាពសោក​សៅ​របស់​លោក យ៉ូសែប បាន​អធិស្ឋាន​ថា « សូម​ជួយ​ដល់​ទូលបង្គំ​ផង ឱ ព្រះអម្ចាស់​អើយ ដើម្បី​ទូលបង្គំ​អាច​រស់​នៅ​ដោយ​មាន​ភាព​សក្ដិសម​ដើម្បី​បាន​ជួប​​នឹង​នាង​នៅ​ក្នុង​សិរីល្អ​ដ៏​នៅ​អស់កល្ប​ជានិច្ច ដើម្បី​បាន​រួមរស់​នឹង​នាង​ជាថ្មី​ម្ដងទៀត ជា​រៀងរហូត​ទៅ​មិន​បែក​គ្នា​ឡើយ ។… សូម​ជួយ​ទូលបង្គំ​ឲ្យ​ចិញ្ចឹមបីបាច់​កូនតូចៗ​ដ៏​ស្រស់ស្អាត​របស់​ទូលបង្គំ ដើម្បីពួកគេ​នឹង​បន្ត​នៅ​បរិសុទ្ធ ហើយ​គ្មាន​ស្នាម​ប្រឡាក់​ពេញ​មួយ​ជីវិត​របស់​ពួកគេ » ។8

ដោយ​មាន​ការ​ជម្រុញ​ពី​ឪពុក​របស់​លោក បុរស​ពោះម៉ាយ​ដែល​មាន​កូន​ពីរនាក់​រូបនេះ​បាន​ស្វែងរក​ភរិយា និង​ម្ដាយ​សម្រាប់​កូន​តូចៗ​របស់​ខ្លួន​ប្រកប​ដោយ​ការ​អធិស្ឋាន ។ បំណងប្រាថ្នា​ដ៏​សុចរិត​របស់​លោក​ត្រូវបាន​ប្រទាន​ពរ​ឲ្យ​ដោយ​មាន​ អេធេល ចចជីណា រេណុល ត្រូវបាន​នាំ​មក​ក្នុង​ជីវិត​របស់​លោក ។ ពួកគាត់​បាន​រៀបការ​នៅ​ខែ វិច្ឆិកា ឆ្នាំ 1908 ក្នុងព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។ ស្ត្រី​ដ៏​អស្ចារ្យ​រូបនេះ​បាន​ក្លាយ​ជា​ម្ដាយ​កូនស្រី​ពីរនាក់​ដំបូង​របស់​យ៉ូសែប ហើយ​ក្រោយ​មកបាន​ផ្ដល់​កំណើត​ដល់​កូន​ប្រាំបួន​នាក់​បន្ថែម​ទៀត ។

មាន​គ្រាមួយ បន្ទុកដ៏​ធ្ងន់ធ្ងរ​របស់​ភរិយា​លោក​បាន​ដិតជាប់​នឹង​គំនិត​របស់​សាវក​រូបនេះ នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​សន្និសីទស្ដេក​មួយ ។ លោក​បាន​សរសេរសំបុត្រ​មួយ​ឲ្យ​ភរិយា​របស់​លោក ដោយមាន​ប្រសាសន៍​ថា ៖ « បងកំពុង​គិត​ពី​អូន ហើយ​ប្រាថ្នា​ថា​បងអាច​នៅ​ជិតអូនជានិច្ចសម្រាប់​ពីរបី​សប្ដាហ៍​ខាង​មុខ ដើម្បី​ជួយ​មើល​ថែ​ដល់អូន ។ បងនឹងជួយ​អូន​នូវ​រាល់កិច្ចការ​ដែល​បង​អាច​ធ្វើ​បាន ហើយ​សង្ឃឹម​ថាអូន​នឹង​អាច​ ទទួល​អារម្មណ៍នេះ ចេញពីដួងចិត្ត​របស់​បង ។ សូម​ប្រាប់កូនៗ​ផង​ឲ្យ​ចេះ​ធ្វើ​ល្អ​នឹង​អូន និង​ចំពោះ​គ្នា​ទៅវិញ​ទៅមក » ។9 បន្ទាប់មក​លោក​បាន​ចែកចាយ​ជាមួយ​នឹង​ភរិយា​របស់​លោក​ជាមួយ​នឹង​អារម្មណ៍​ដ៏​ជ្រាលជ្រៅ​ក្នុង​ដួងចិត្តរបស់​លោក​នូវ​កំណាព្យ​មួយ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​ទំនុកតម្កើង​ព្រះ​មួយ​របស់​យើង « Does the Journey Seem Long? ( តើដំណើរ​មើល​ទៅ​ហាក់ដូចជា​វែង​ឆ្ងាយ​ឬ ? ) » ( ល.រ. 127 ) ។

ជាអកុសល អេធេល បាន​ទទួល​មរណៈភាព នៅ​ឆ្នាំ 1937 ។ នៅ​ពេល​ភរិយា​របស់​លោក​បាន​ទទួល​មរណៈភាព មាន​កូននៅ​ក្នុង​បន្ទុក​ប្រាំនាក់ដែល​មិន​ទាន់​រៀបការ ។ អែលឌើរ ស្ម៊ីធ បាន​ទទួល​ការ​បំផុសគំនិត​ឲ្យ​ស្វែងរក​ភរិយា និង​ដៃគូ​ម្នាក់ទៀត ។ នៅ​ឆ្នាំ 1938 លោក​បាន​រៀបការ​នឹង ជេស៊ី អេវ៉ាន់ស៍ ស្ម៊ីធ នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ។

មនុស្ស​ម្នាក់​ដែល​បាន​ស្គាល់​ពួកគាត់​យ៉ាង​ច្បាស់​បាន​សរសេរថា ៖ « ថ្វី​បើ​មាន​អាយុ​ខុស​គ្នាម្ភៃប្រាំមួយ​ឆ្នាំ​ និង​មាន​បុគ្គលិកលក្ខណៈ ជំនាញ និង​ការ​បំពាក់បំប៉នខុសគ្នា​ក្ដី ក៏​យ៉ូសែប ហ្វីលឌីង ស្ម៊ីធ និង​ជេស៊ី អេវ៉ាន់ស៍ ស្ម៊ីធ មាន​ភាព​សក្ដិសម​នឹងគ្នា​ខ្លាំងណាស់ ។… រឿង​មួយ​ដែល​ចងភ្ជាប់​ភាព​ខុសគ្នា​យ៉ាង​ខ្លាំង​រវាងបុគ្គលិកលក្ខណៈ​របស់​អ្នក​ទាំងពីរនេះ​គឺ​សេចក្ដី​ស្រឡាញ់ និង​ការគោរពដ៏ស្មោះត្រង់​ដែល​ពួកគាត់​មាន​ចំពោះ​គ្នា » ។10 ( សូមមើល ទំព័រ 6–23 ក្នុង​សៀវភៅសិក្សា​នេះ ) ។

អ្នក​ស្វែងរក​ការ​រៀនសូត្រ​ដោយ​ការ​សិក្សា និង​ដោយ​សេចក្ដី​ជំនឿ​ផងដែរ

យ៉ូសែប ហ៉្វីលឌីង ស៊្មីធ មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ក្នុង​សាសនាចក្រ​ថា​ជា​អ្នក​ប្រាជ្ញ​ខាង​ព្រះគម្ពីរ និងដំណឹងល្អ ។ នៅ​ការ​ចាប់ផ្ដើម​នៃ​យុវវ័យ​របស់​លោក​ លោកមាន​បំណង​ប្រាថ្នា​ដ៏​ធំ​មួយ​ដើម្បី « ស្វែងរកការ​រៀន​សូត្រ​គឺ​ដោយ​ការ​សិក្សា និង​ដោយ​សារ​សេចក្ដី​ជំនឿផង » ( គ. និង ស. 88:118 ) ។ លោក​បាន​អាន​ព្រះគម្ពីរ​មរមន​ចប់ពីរ​លើក​ពីមុន​លោក​មាន​អាយុ 10 ឆ្នាំ ។ នៅ​ពេល​មិត្ត​របស់​លោក​បាត់​រូប​​លោក នោះ​ជារឿយៗ​ពួកគេ​ឃើញ​លោកក្នុងជង្រុក​ដាក់​ចំបើង​កំពុង​អាន​ព្រះគម្ពីរ ។11

លោក​បាន​ប្រាប់​ដល់ក្រុម​ជំនុំមួយ​នៅ​ប៉ុន្មាន​ឆ្នាំក្រោយមក​ថា « ចាប់តាំងពី​ពេល​ដែល​ខ្ញុំ​ចេះ​អាន​ជា​លើក​ដំបូង ខ្ញុំមាន​ចិត្ត​រីករាយ​ និង ពេញ​ចិត្ត​យ៉ាង​ខ្លាំងនៅ​ក្នុងការសិក្សា​ព្រះគម្ពីរ…លើស​ពី​អ្វី​ៗ​ទាំងអស់​នៅ​ក្នុង​ពិភពលោក​នេះ » ។12 ( សូមមើល​ជំពូកទី 10 និង 18 ) ។

មាន​គ្រា​មួយ​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ( ឆ្នាំ 1856–1945 ) បាន​សរសើរ​ដល់​ការ​រៀនសូត្ររបស់​ប្រធាន​ស្ម៊ីធ ដោយ​បាន​មាន​ប្រសាសន៍ថា « ខ្ញុំ​បាន​គិត​ថា លោក​គឺ​ជាបុរស​ដ៏​អស្ចារ្យ​ខាង​បទគម្ពីរ​នៅ​ក្នុង​ចំណោម​ពួកអ្នកមានសិទ្ធិអំណាចទូទៅ​ដែល​យើងមាន » ។13

ការ​ស្រេកឃ្លាន​របស់​លោក​ចំពោះ​ការ​រៀនសូត្រមិន​បាន​ធ្វើឲ្យ​លោក​ខកខាន​ក្នុងការ​ចូល​រួម​ក្នុង​កីឡា និង​ល្បែងកម្សាន្ត​កាល​ពី​នៅ​ក្មេង ឬ​នៅ​ពេល​ពេញ​វ័យ​នោះឡើយ ។ លោក​ចូល​ចិត្ត​លេង​កីឡា​វាយកូនបាល់ ហើយ​ល្បែងកម្សាន្ដ​ជាច្រើន​ដែល​យុវវ័យ​ដែល​រស់នៅ​ក្នុង​សង្គម​កសិកម្ម​មួយ​លេង ។ ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ​ម្នាក់ លោក​បាន​ក្លាយ​ជា​កីឡាករ​ដ៏​ឆ្នើម​ផ្នែក​កីឡា handball ហើយបាន​ចូលរួម​ជា​ទៀងទាត់​ក្នុង​ព្រឹត្តិការណ៍​កីឡា​របស់​លោក ។ លោក​ក៏​ចូល​រួម​ក្នុង​កីឡា​ជា​ការ​ជួបគ្នា​ជា​គ្រួសារ​ផងដែរ ។ ខ្ញុំ​នៅ​ចាំយ៉ាងច្បាស់​ពីការ​លេងកីឡា​មួយ​ នៅ​ពេល​លោក​តា​របស់ខ្ញុំ​បាន​ចោល​បាល់​ទៅចំ​នឹង​ម៉ាស៊ីន​ថត​របស់​អ៊ុំប្រុស​ម្នាក់​ដែល​កំពុង​ថត​នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​ទីលាន​ប្រកួត ។

អ្នក​ការពារ​សេចក្ដីជំនឿ​ដែល​មាន​ចិត្ត​សប្បុរស

សូម្បីតែ​ពីមុន ការហៅ​របស់​លោក​ជា​សាវក​ក្ដី យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកការពារ​សេចក្ដីជំនឿ​ម្នាក់​ដែល​ម្ដងម្កាល​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​គិត​ខុសពី​លោក​ថាជាមនុស្សតឹង​រឹង ។ ទោះបីជា​លោកមិន​បញ្ឈប់​នូវ​បំណង​ប្រាថ្នា​របស់​លោក​ដើម្បី​មាន​ភក្ដីភាព​ចំពោះ​សេចក្ដីសញ្ញា និង​ដើម្បី​លើក​ទឹកចិត្ត​មនុស្ស​ទាំងអស់​ឲ្យ​ឱបក្រសោបជាប់​នឹង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារ​ឡើងវិញ​ក្ដី លោក​ក៏​មាន​នូវ​ផ្នែក​ទន់ភ្លន់​ដែល​ត្រូវបាន​ទទួល​ស្គាល់​ដោយ​ស្មោះពីសំណាក់​គ្រួសារ និង​ពួកអ្នកស្គាល់​លោក​ដែរ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ 1895–1985 ) បាន​មាន​ប្រសាសន៍​ថា ៖ « យើង​ធ្លាប់​បាន​និយាយ​ជា​ច្រើន​ដង​ថា ដោយសារ​ពួក​ដប់ពីរនាក់​នឹង​ក្លាយ​ជា​ចៅក្រម​នៃ​អ៊ីស្រាអែល នោះ​យើង​គ្រប់គ្នា​នឹង​រីករាយ​ដោយ​មាន​ការ​មើលថែ​ពី​​លោក ពី​ព្រោះ​ការ​កាត់សេចក្ដី​របស់​លោក​នឹង​មាន​ចិត្ត​សប្បុរស មាន​ក្ដីមេត្តា យុត្តិធម៌ និង​បរិសុទ្ធ » ។14

ប្រធាន ស្ម៊ីធ បានបង្ហាញ​គំរូ​មួយ​នៃ​ចិត្តសប្បុរស​បែបនេះ​នៅ​ក្នុងការ​ប្រជុំ​មួយ​ដែល​គាត់​បាន​និយាយ​ពី​​គ្រោះថ្នាក់មួយ​ទាក់ទង​នឹង​រថយន្ត​របស់​សាសនាចក្រ ។ មាន​បុរស​វ័យ​ចំណាស់​ម្នាក់​បើក​ឡាន​ដឹក​បន្លែ​ដែល​គ្មាន​ការ​ធានារ៉ាប់រង​បាន​មក​ប៉ះ​នឹង​រថយន្ត​របស់​សាសនាចក្រ ។ បន្ទាប់ពី​ការ​ពិភាក្សា​គ្នា​ខ្លះៗ​មក គេ​បាន​លើក​ទឹកចិត្ត​​ឲ្យ​សាសនាចក្រ​ប្ដឹង​ពី​បញ្ហា​នេះ​នៅ​ក្នុង​តុលាការ ។ ប៉ុន្តែ ប្រធាន​ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា ៖ « មែនហើយ យើង​អាច​ធ្វើ​បាន ។ ហើយ​ប្រសិន​បើយើង​ខិតខំ​ឲ្យ​អស់​ពី​លទ្ធភាព នោះ​យើងអាច​ថែមទាំង​ដកហូត​ឡាន​ពី​បុរស​ក្រីក្រ​ម្នាក់​នោះ​ផងដែរ ដូច្នេះ​តើ​គាត់​នឹង​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ដោយរបៀប​ណា ? » គណៈកម្មការនោះបាន​ផ្លាស់ប្ដូរអនុសាសន៍​របស់​ខ្លួន ហើយបាន​ទុក​ឲ្យ​បញ្ហា​នោះ​បញ្ចប់​ទៅ ។15

ខ្ញុំ​បាន​ឃើញ​ពី​សេចក្ដីស្រឡាញ់​ដែល​មនុស្ស​ដទៃទៀត​មាន​ចំពោះ​លោក នៅ​ពេលដើរ​សំដៅ​ទៅ​រក​ប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ 1899–1973 ) នៅកន្លែបញ្ចុះសព​ក្នុង​ទីក្រុង សលត៍ លេក បន្ទាប់ពី​ការ​ឧទ្ទិស​ផ្នូរ​របស់​ប្រធាន​ស្ម៊ីធ ។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​លោក​ថា « ប្រធានលី តាំងនាម​ជា​សមាជិកម្នាក់​ក្នុង​គ្រួសារ​ខ្ញុំ​ចង់​ឲ្យ​លោក​ដឹង​ពី​អំណរគុណដ៏​ធំធេង​ដែល​ខ្ញុំ​មានសម្រាប់​ចិត្តសប្បុរស​ដែល​លោក​មាន​ចំពោះ​លោកតា​របស់​ខ្ញុំ » ។ លោក​បាន​មើល​មុខ​ខ្ញុំ​ ហើយ​បាន​មាន​ប្រសាសន៍​ដោយ​ទន់ភ្លន់ថា « ខ្ញុំ​ស្រឡាញ់​បុរស​ម្នាក់នោះ ! »

អ្នក​បម្រើ​ដ៏​ពិត ហើយ​ស្មោះត្រង់

ការ​បម្រើ​របស់​ប្រធាន​ស្ម៊ីធ​ត្រូវបាន​កត់សម្គាល់​ដោយ​ការ​គោរពប្រតិបត្តិ​តាម​ការ​បង្រៀន​របស់​ព្រះគម្ពីរ​ក្នុង​ការ​ប្រកាស​ពី​ការ​ប្រែចិត្ត ( សូមមើល ឧទាហរណ៍ គ. និង ស. 6:9, 11:9 ) ។ លោក​បាន​មាន​ប្រសាសន៍​ថា ៖ « វា​ជា​បេសកកម្ម​របស់​ខ្ញុំ ខ្ញុំ​គិត​ថា វា​ត្រូវបាន​បំផុសគំនិត​ដោយ​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ខ្ញុំ​ក្នុង​ស្ដេកនៃ​ស៊ីយ៉ូន ដើម្បី​និយាយ​ទៅ​កាន់​មនុស្ស​ទូទៅ​ថា ឥឡូវ​នេះ គឺ​ជា​ថ្ងៃ​នៃ​ការ​ប្រែចិត្ត ហើយ​អំពាវនាវ​ដល់​ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​ឲ្យ​ចងចាំ​ពី​សេចក្ដី​សញ្ញា​របស់​ខ្លួន…ដោយជម្រុញ​ពួកគេ​ឲ្យ​មាន​ភក្ដីភាព ហើយ​ស្មោះត្រង់ ​នៅ​គ្រប់កិច្ចការ​ទាំងអស់ » ។16 ( សូមមើល ជំពូក​ទី 5 ) ។

ក្នុង​មួយ​ជីវិត​រស់​នៅ​របស់​លោក​អស់​រយៈពេល​ជិត 96 ឆ្នាំ ប្រធាន​ស្ម៊ីធ​ បាន​អធិស្ឋាន​ថា លោក​នឹង​បន្ត​មាន​ភក្ដីភាព ហើយ​ស្មោះត្រង់ ហើយ​កាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ ពិតណាស់ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជា​ប្រធាន​កូរ៉ុម​នៃ​ពួក​សាវកដប់ពីរនាក់​នៅ​បច្ចុប្បន្ន​នេះ បាន​សង្កេត​ឃើញ​ថា ៖ « សូម្បី​តែ​ពេល​លោកមាន​អាយុលើសកៅសិបឆ្នាំ​ក៏​ដោយ លោក​បាន​អធិស្ឋាន​ថា​លោក​នឹង​អាច​រក្សា​សេចក្ដីសញ្ញា​ និង​កាតព្វកិច្ច​របស់​លោក ហើយ​កាន់ខ្ជាប់ដរាបដល់​ចុងបំផុត​ដែរ » ។17

ចំពោះ​ប្រធាន​ស្ម៊ីធ « ភក្ដីភាព ហើយ​ភាព​ស្មោះត្រង់ » គឺ​លើស​ពី​ឃ្លា​ដែល​គ្រាន់​តែ​ថា​ឡើង​វិញ​ជា​រឿយៗ​ទៅ​ទៀត ។ វា​ជា​អារម្មណ៍​ដ៏​អស្ចារ្យ​នៃ​សេចក្ដីសង្ឃឹម​របស់​លោក​ចំពោះ​មនុស្ស​គ្រប់​គ្នា—ចំពោះ​សមាជិកសាសនាចក្រ​ដែល​បាន​ធ្វើ​សេចក្ដីសញ្ញា ហើយ​ជា​ការពិតណាស់​ចំពោះ​កូនចៅ​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​របស់​យើង ។ ប្រធាន​ស្ម៊ីធ​បាន​ទទូច​អង្វរ​ថា « យើង​គួរ​តែ​ជាមនុស្ស​ដ៏ដំបូង​គេ​បង្អស់ …ចំពោះនគរ​ព្រះ និង​សេចក្ដីសុចរិត​របស់​ទ្រង់ » ។ ចូរ​យើង​មាន​ភក្ដីភាព ហើយ​ស្មោះត្រង់​ជានិច្ច ដោយមាន​បំណងប្រាថ្នា​មួយ​ដើម្បីគោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ ហើយ​គោរព​ទ្រង់ ហើយ​ចងចាំ​សេចក្ដីសញ្ញា​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹងទ្រង់ ។ នេះ​ជា​ការ​អធិស្ឋាន​របស់​ខ្ញុំដើម្បី​ជា​ប្រយោជន៍​ដល់​អ៊ីស្រាអែល​ទាំងមូល » ។18 ( សូមមើល ជំពូក 19–22 ) ។

នៅ​ពេល​អ្នកសញ្ជឹង​គិត​នូវការ​បង្រៀន​ដ៏​បំផុស​គំនិត​របស់​លោក នោះ​ទីបន្ទាល់​របស់​អ្នក​នឹង​ត្រូវបាន​ពង្រឹង ហើយ​អ្នក​នឹង​ត្រូវបាន​ប្រទានពរ​ឲ្យ​ជាមួយ​នឹង​ការ​កើន​ឡើង​នូវ​ការ​យល់ដឹងពី​សេចក្ដីពិត​ដ៏​បរិសុទ្ធ ហើយ​សាមញ្ញ​នៃ​ដំណឹងល្អ​របស់ព្រះយេស៊ូវគ្រីស្ទ ។ វគ្គសិក្សា​នេះ​នឹង​បង្កើនបំណងប្រាថ្នា​របស់​អ្នក​ដើម្បីរស់នៅ​ជា​មនុស្សមាន « ភក្ដីភាព ហើយ​ស្មោះត្រង់ » ។

កំណត់​ចំណាំ

  1. Teachings of Presidents of the Church: Joseph Fielding Smith ( ឆ្នាំ 2013 ) ទំព័រ 16 ។

  2. យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ជុញ្ញ័រនិង ចន ជេ ស្ទូវើត The Life of Joseph Fielding Smith ( ឆ្នាំ 1972 ) ទំព័រ 176 ។

  3. Teachings: Joseph Fielding Smith ទំព័រ 1, សូមមើល​ផងដែរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Joseph Fielding Smith: Apostle, Prophet, Father in Israel » Ensign ខែ សីហា ឆ្នាំ 1972 ទំព័រ 29 ។

  4. សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Joseph Fielding Smith » ទំព័រ 29 ។

  5. យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ដកស្រង់​នៅ​ក្នុង​ស្ម៊ីធ និង ស្ទូវើត The Life of Joseph Fielding Smithទំព័រ 49 ។

  6. បាន​ដកស្រង់នៅ​ក្នុងស្ម៊ីធ និង ស្ទូវើតThe Life of Joseph Fielding Smith ទំព័រ vii ។

  7. Teachings: Joseph Fielding Smith ទំព័រ 76 ។

  8. Teachings: Joseph Fielding Smith ទំព័រ 275 ។

  9. យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ដកស្រង់នៅ​ក្នុងស្ម៊ីធ និង ស្ទូវើតThe Life of Joseph Fielding Smith ទំព័រ 188–89 ។

  10. Teachings: Joseph Fielding Smith ទំព័រ 22, 23 ។

  11. សូមមើល Teachings: Joseph Fielding Smith ទំព័រ 4 ។

  12. Teachings: Joseph Fielding Smith ទំព័រ 4 ។

  13. ហ៊ីប៊ើរ ចេ ក្រាន្ត នៅ​ក្នុង ហ្វ្រេនស៊ីស អិម ហ្គីបបុន Joseph Fielding Smith: Gospel Scholar, Prophet of God ( ឆ្នាំ 1992 ) ទំព័រ 290 ។

  14. ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅក្នុង ប្រ៊ូស អ័រ ម៉ាក់ខន់ឃី « Joseph Fielding Smith » Ensign ខែ សីហា ឆ្នាំ 1972 ទំព័រ 28 ។

  15. សូមមើល លូស៊ីល ស៊ី ធេត Boyd K. Packer: A Watchman on the Tower ( ឆ្នាំ 1995 ) ទំព័រ 176 ។

  16. យ៉ូសែប ហ៉្វីលឌីង ស៊្មីធ នៅ​ក្នុង Conference Report ខែ តុលា ឆ្នាំ 1919 ទំព័រ 88 ការ​គូសបញ្ជាក់​បាន​បន្ថែម ។

  17. ប៊យដ៍ ឃេ ផាកកឺ « Covenants » Ensign ខែ វិច្ឆិកា ឆ្នាំ 1990 ទំព័រ 84 ។

  18. យ៉ូសែប ហ្វីលឌីង ស្ម៊ីធ នៅក្នុង Conference Report ខែ តុលា ឆ្នាំ 1912 ទំព័រ 124–25 ។

ខាង​លើ ៖ ​រូបថត​របស់យ៉ូសែប ហ៉្វីលឌីង ស៊្មីធ វ័យក្មេង នេះ​ត្រូវបាន​ដាក់​នៅ​ក្នុង​ព្រះគម្ពីរប៊ីប​របស់​ឪពុកម្ដាយ​លោក ។ ខាង​ស្ដាំ ៖ យ៉ូសែប លេង​កីឡា handball ដោយ​រីករាយ​ជាមួយ​នឹង​បងប្រុស​របស់​លោក ដេវីឌ ។ ខាង​ក្រោម ៖ អែលឌើរ ស្ម៊ីធ ( ទីពីរ​រាប់ពី​ខាង​ឆ្វេង​មក ) ជាមួយ​នឹង​ពួក​អ្នកផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​អង់គ្លេស ឆ្នាំ 1901 ។ រូបថត​នៅ​ទំព័រ​បន្ទាប់​ក៏ជា​រូបថត​នៅ​ពេល​លោក​ជា​អ្នកផ្សព្វផ្សាយ​សាសនា​ផង​ដែរ ។ ខាង​ក្រោម ខាង​ស្ដាំ ៖ អែលឌើរ ស្ម៊ីធ ( ខាង​ឆ្វេង ) ជាមួយ​នឹង​សាវក ចច អ័លប៊ើត ស៊្មីធ និង​អ៊ីស្រាអែល ស្ម៊ីធ នៅ​ឆ្នាំ​ 1936 ។

ខាង​លើ ៖ ប្រធាន​ស្ម៊ីធ និង​កូនប្រុស​របស់លោក ។ ខាង​លើស្ដាំដៃ ៖ អែលឌើរ​ ស្ម៊ីធ​ ត្រូវបាន​រាក់ទាក់​ដោយ ប្រធាន ដេវីឌ អូ មិកឃេ នៅ​ឆ្នាំ 1961 ។ ខាង​ស្ដាំ ៖ ប្រធាន​ស្ម៊ីធ បាន​អង្គុយ​នៅ​លើ​វេទិកា​ក្នុង​រោងឧបោសថ សលត៍ លេក ។ ខាង​ក្រោម ៖ ប្រធាន​ស្ម៊ីធ ឈរ​ឲ្យ​គេ​ថត​រូប​នៅ​ការ​លេង​កីឡា​វាយ​កូន​បាល់​មួយ ជា​កីឡា​ដែល​លោក​ចូលចិត្ត​លេង​កាល​ពីក្មេង ។

រូបថត​បាន​ទទួល​សិទ្ធិអនុញ្ញាត​ជាផ្លូវការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ និង​បណ្ណាសារ​របស់​គ្រួសារ​ស្ម៊ីធ