តើនរណាចង់អធិស្ឋានខ្លះ ?
ចារ៉ែល អិម ប្រទេសភីលីពីន
នៅក្នុងបេសកកម្មរបស់ខ្ញុំ ដៃគូខ្ញុំ និងខ្ញុំ បានបង្រៀនគ្រួសារមួយដែលមានកូនជាច្រើន ។ អំឡុងពេលមួយក្នុងម៉ោងដាក់ផែនការយើងបានអធិស្ឋាន ហើយពិភាក្សាអំពីមេរៀនអ្វី ដែលយើងគួរបង្រៀនដល់កុមារតូចៗបន្ទាប់ទៀត ហើយយើងទាំងពីរនាក់បានយល់ស្របដើម្បីបង្រៀនអំពីការអធិស្ឋាន ។
នៅពេលយើងទៅដល់ផ្ទះរបស់គេ ជីដូន និងចៅៗមានចិត្តរំភើបណាស់ ។ យើងបានចាប់ផ្ដើមមេរៀនដោយការអធិស្ឋាន ។ កុមារនៅស្ងាត់ស្ងៀម ហើយត្រៀមខ្លួនជាស្រេចដើម្បីស្ដាប់ ។ យើងបានពន្យល់ដល់ពួកគេអំពីរបៀប និងមូលហេតុដែលត្រូវអធិស្ឋាន ។ ដើម្បីបញ្ចប់មេរៀនរបស់យើង យើងបានសួរពួកគេថា « តើនរណាចង់អធិស្ឋានបិទ ? » ពួកគេទាំងអស់គ្នាចង់អធិស្ឋាន ! ដូច្នេះយើងបានដាក់កាលវិភាគមួយសម្រាប់ពួកគេ ដើម្បីអធិស្ឋានរាល់ពេលដែលយើងទៅបង្រៀនមេរៀនមួយ ។ យើងក៏បានអញ្ជើញពួកគេឲ្យអធិស្ឋានផងដែរ នៅពេលយើងពុំបាននៅជាមួយនឹងពួកគេ ។
បន្ទាប់ពីមេរៀននោះ ខ្ញុំបានគិតថា « តើហេតុអ្វីបានជាកុមារតូចៗទាំងនេះ ចង់អធិស្ឋាន ខណៈដែលអ្នករៀនវ័យចំណាស់របស់យើង ពិបាកនឹងធ្វើការអធិស្ឋានវិញដូច្នេះ ? ខ្ញុំរកបានចម្លើយមួយនៅក្នុង Bible Dictionary ( វចនានុក្រមព្រះគម្ពីរបរិសុទ្ធ ) ៖ « ដរាបណាយើងរៀនអំពីទំនាក់ទំនងពិត ដែលយើងឈរឆ្ពោះទៅរកព្រះ ( ដូចជា ព្រះគឺជាព្រះវរបិតារបស់យើង ហើយយើងគឺជាកូនចៅរបស់ទ្រង់ ) នោះការអធិស្ឋាន នឹងមានលក្ខណៈចេញពីធម្មជាតិហើយ ដោយមិនចាំបាច់បង្ខំនៅក្នុងផ្នែករបស់យើង ( ម៉ាថាយ 7:7 11 ) ។ ការលំបាកជាច្រើនអំពីការអធិស្ឋានបានកើតឡើងមកពីការភ្លេចនូវទំនាក់ទំនងនេះ » ( « ការអធិស្ឋាន » សូមមើលផងដែរ សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ « ការអធិស្ឋាន » scriptures.lds.org ) ។
ចាប់ពីពេលនោះមក ខ្ញុំបានព្យាយាមជួយមនុស្សឲ្យយល់អំពីទំនាក់ទំនងពិតរបស់ពួកគេជាមួយនឹងព្រះវរបិតាសួគ៌របស់យើង ។ ព្រះវរបិតាសួគ៌របស់យើង ចង់មានបន្ទូលមកកាន់កូនចៅរបស់ទ្រង់ ដូចជាឪពុកម្ដាយនៅលើផែនដីរបស់យើងចង់និយាយនឹងយើងផងដែរ ។ ទ្រង់ស្រឡាញ់យើង ទ្រង់ចង់មានបន្ទូលមកកាន់យើង ហើយទ្រង់ចង់ឲ្យយើងទូលទៅកាន់ទ្រង់ ។