២០១៤
ខ្ញុំតែងតែ​ចងចាំ​ទ្រង់​ជានិច្ច
ខែ មករា ឆ្នាំ 2014


ដើម្បី​កម្លាំង​នៃ​យុវជន

ខ្ញុំ ​ចងចាំទ្រង់ ជានិច្ច

រូបភាព
លែរី អិម ហ្គីបសុន

របៀប​ដែល​យើង​រក្សា​ថ្ងៃ​បរិសុទ្ធ​ឲ្យ​បរិសុទ្ធ គឺ​ជា​ការ​បង្ហាញ​តាម​រយៈ​អាកប្បកិរិយាអំពីសេចក្ដី​សញ្ញា​របស់​យើង ដើម្បី​ចងចាំ​ព្រះយេស៊ូវ​គ្រីស្ទ​ជានិច្ច ។

រូបភាព
bishop and deacon standing by the sacrament table

រចនា​លំអរ​ដោយ​ ប៊ែន សូវ៉ើតស៍

ខ្ញុំ​នឹក​ចាំ​ថា ក្នុង​នាម​ជា​ក្មេង​អាយុ 11 ឆ្នាំ ដែល​ត្រូវ​បាន​ប៊ីស្សព​ដើរ​នាំ​ខ្ញុំ​ដោយ​គារវភាព​ទៅ​ក្នុង​រោង​ជំនុំ​នៃ​អគារ​វួដ​ថ្មី​របស់​យើង ជា​កន្លែង​ដែល​គាត់​អង្គុយ​ជាមួយ​ខ្ញុំ​នៅ​តុ​សាក្រាម៉ង់ ។ គាត់​មាន​ប្រសាសន៍​ថា « លែរី តើ​ប្អូន​ដឹង​ឬ​ទេ ថា​ប្អូន​នឹង​ត្រូវ​បាន​តែងតាំ​ក្នុង​តំណែង​ឌីកុន​ក្នុង​បព្វជិតភាព​អើរ៉ុន​នា​ពេល​ឆាប់ៗ​នេះ​ហើយ ។ តើ​អ្នក​បាន​ដឹង​អំពី ពរជ័យ​ និង​កាតព្វកិច្ច​ដ៏​ពិសេស ដែល​នឹង​កើត​មាន​ឬ​ទេ ? គាត់​បាន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​នឹង​មាន​ការទទួលខុសត្រូវ​ពិសិដ្ឋ ដើម្បី​ធ្វើ​កិច្ចការ​ដូច​ដែល​ព្រះ​អង្គសង្គ្រោះ​បាន​ធ្វើ នៅ​ក្នុង​ការ​ផ្ដល់​នូវ​និមិត្ត​រូប​នៃ​ពិធីសាក្រាម៉ង់​ដ៏​បរិសុទ្ធ ទៅ​ដល់​​អ្នកទាំងឡាយ​ដែល​នៅ​ក្នុងសាលា​ប្រជុំ​របស់​យើង ។ ខ្ញុំ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង​ជាមួយ​នឹង​ទំហំ​នៃ​ការ​ហៅ​បព្វជិតភាព ដែល​ខ្ញុំ​បាន​ទទួល ។

ប៊ីស្សព​របស់​ខ្ញុំ​បាន​សុំ​ឲ្យ​ខ្ញុំ​ទន្ទេញ​ការអធិស្ឋាន​សាក្រាម៉ង់​ពីរ ហើយ​គិត​អំពី​របៀប​ដែលការ​អធិស្ឋាន​នោះ​ ត្រូវនឹង​​ជីវិត​របស់​ខ្ញុំ ។ គាត់​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​ត្រូវ​តែ​ព្យាយាម​ធ្វើ​នូវ​រឿង​ទាំងឡាយ​ដែល​ការអធិស្ឋាន​សាក្រាម៉ង់​ សុំ​ដល់​យើង​ម្នាក់ៗ​ធ្វើ បើ​សិនជា​ខ្ញុំ​ត្រូវ​ធ្វើ​ជំនួស​ព្រះអង្គសង្គ្រោះ នៅ​ក្នុង​ការ​ផ្ដល់​សាក្រាម៉ង់​ដល់​អ្នកដទៃ ។ បន្ទាប់​ពី​ខ្ញុំ​បាន​ត្រឡប់​មក​ផ្ទះ​វិញ ឪពុក​របស់​ខ្ញុំ បាន​ជួយ​ខ្ញុំ​មើល​ការ​អធិស្ឋាន​សាក្រាម៉ង់ ទាំង​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ( 20:76–79 ) និង​ព្រះគម្ពីរមរមន ( មរ៉ូណៃ 4; 5 ) ។ ខ្ញុំ​អាន​វា​ដោយ​យកចិត្ត​ទុកដាក់ ជា​លើក​ដំបូង​នៅ​ក្នុង​ជីវិត​ខ្ញុំ ។ ខ្ញុំ​បាន​ស្ដាប់​ដោយ​យកចិត្ត​ទុក​ដាក់ នៅ​ពេល​ការ​អធិស្ឋាន​ទាំងនេះ ធ្វើ​ឡើង​នៅ​ក្នុង​ព្រះវិហារ ។ ខ្ញុំ​ពិចារណា​ពាក្យ​ទាំងឡាយ នៅពេល​នំប៉័ង​ត្រូវ​បាន​ចែក ប៉ុន្តែ​ឥទ្ធិពល​នៃ​សេចក្ដី​សញ្ញា​សាក្រាម៉ង់​ទាំង​ស្រុង បាន​ស្ដែង​ចេញ​មក នៅ​ពេល​ខ្ញុំ​ស្ដាប់​ពាក្យ​ទាំងនេះ​នៅ​ក្នុង​ការ​ប្រសិទ្ធពរ​ទឹក ៖ « ដើម្បី​ឲ្យ​ពួកគេ​ចងចាំ​ដល់​ទ្រង់​ជានិច្ច » ។ ខ្ញុំ​បាន​សួរ​ខ្លួន​ឯង​ថា « តើ​ខ្ញុំចងចាំ​ទ្រង់​​ ជានិច្ច ឬ​ទេ ? តើ​ពាក្យ​ ជានិច្ច មាន​ន័យ​យ៉ាង​ណា ? តើ​ខ្ញុំ​អាច​ចងចាំ​ទ្រង់​ជានិច្ច​ដោយ​របៀប​ណា ? រាល់​ពេល​ដែល​ខ្ញុំ​ស្ដាប់​ឮ​ការអធិស្ឋាន​សាក្រាម៉ង់​ដ៏ពិសិដ្ឋ​ទាំងនោះ ខ្ញុំ​បាន​នឹក​គិត​ដល់​សំណួរ​ដដែល​ទាំង​នោះ ។

របៀប​ដែល​យើង​រក្សា​ថ្ងៃ​បរិសុទ្ធ​ឲ្យ​បរិសុទ្ធ គឺ​ជា​ការ​បង្ហាញ​ផ្នែក​ខាង​ក្រៅ​នៃ​សេចក្ដីសញ្ញា​របស់​យើង​ជាមួយ​ព្រះវរបិតាសួគ៌ ដើម្បី​ចងចាំ​ព្រះយេស៊ូវគ្រីស្ទ​ជា​និច្ច ។ ថ្ងៃ​បរិសុទ្ធ គួរ​តែ​ក្លាយ​ជា​គ្រឹះ​សម្រាប់​ការ​ចងចាំ​របស់​យើង​អំពី​ទ្រង់ សម្រាប់​ថ្ងៃ​ប្រាំមួយ​ថ្ងៃ​ដទៃទៀត​ក្នុងសប្ដាហ៍ ។

ថ្ងៃ​អាទិត្យ​គឺ​ជា​ថ្ងៃ​មួយ ដើម្បី​បន្ថយ​ល្បឿន ឈប់សម្រាក និង ចងចាំទ្រង់ ។ យើង​ចូលរួម​ការ​ប្រជុំ​សាសនាចក្រ​របស់​យើង នឹកគិត​អំពី​កម្លាំង​ ពរជ័យ និង​ការ​ធ្លាក់របស់​យើង ស្វែងរក​ការ​អភ័យទោស ទទួលទាន​សាក្រាម៉ង់ និង​ពិចារណា​អំពី​ការរងទុក្ខ​របស់​ព្រះអង្គសង្គ្រោះ​ជំនួស​យើង ។ យើង​ព្យាយាម​ដើម្បី​កុំ​ឲ្យ​មាន​ការ​រំខាន​ពី​អ្វី​ៗ​ផ្សេង ដែល​នឹង​រារាំង​យើង​មិន​ឲ្យ​ថ្វាយ​បង្គំ​ទ្រង់ ត្បិត « នៅ​ថ្ងៃ​នេះ » ដូច​ព្រះអម្ចាស់​បាន​មាន​បន្ទូល « អ្នក​មិន​ត្រូវ​ធ្វើ​អ្វី​ឡើយ » (  គ. និង ស. 59:13 ) ។ រាល់​សកម្មភាព​ដែល​យើង​ចូលរួម​អំឡុង​ថ្ងៃ​បរិសុទ្ធ គួរ​តែ​ស្ថិត​នៅ​ក្នុង​ការរក្សាឲ្យ​មាន​វិញ្ញាណ​នៃ​ការ​ចងចាំ​អំពី​ព្រះគ្រីស្ទ ។ បើ​មានអ្វី​ដែល​យើង​កំពុង​ធ្វើ​នៅ​ក្នុង​ថ្ងៃ​បរិសុទ្ធ ដែល​នាំ​យើង​មិន​ឲ្យ​ចងចាំ​អំពី ព្រះអង្គសង្គ្រោះ និង​ការ​បម្រើ​នៅ​ថ្ងៃ​បរិសុទ្ធ ដូច​ដែល​ទ្រង់​នឹង​បម្រើ នោះ​ប្រហែល​ជា​យើង​គួរ​តែ​ពិចារណា​ឡើង​វិញ​នូវ​អ្វី​ដែល​យើង​កំពុង​ធ្វើ​នោះ ។ ការ​ចងចាំ ថ្ងៃ​បរិសុទ្ធ គឺ​ជា​ថ្ងៃ​មួយ​ដែល​បាន​តាំង​ឡើង ពុំ​គ្រាន់​តែ​ « សម្រាក​ពី​ការ​ងារ​របស់​អ្នក » ប៉ុន្តែ​ក៏ « ដើម្បី​ថ្វាយ​ភក្ដីភាព​របស់​អ្នក​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត » ( គ. និង ស. 59:10 ) ។

យើង​ត្រូវ​តែ​រៀបចំ​ផែនការ​ជីវិត​របស់​យើង តាម​របៀប​មួយ ដែល​គ្មាន​ការ​ដោះសារ ដើម្បី​ងាក​ចេញ​ពីការ​ញែក​ឲ្យ​បរិសុទ្ធ​នៃ​ថ្ងៃ​របស់​ព្រះអម្ចាស់​ក្នុង​ផ្នែក​ណា​មួយ​ឡើយ ។ វា​គឺ​ជា​ថ្ងៃ​មួយ​ដើម្បី​ធ្វើ​កិច្ចការ​របស់ទ្រង់ ជាថ្ងៃ​មួយ​ដែល​ជីវិត​របស់​យើង​ទាំងមូល អាច​ត្រូវ​បាន​ពរ និង​រំឭក​ដោយ​ការ​មាន​បទពិសោធន៍​ពិសិដ្ឋៗ ។ វា​គឺ​ជា​ថ្ងៃ​មួយ​សម្រាប់​ការ​រីកចម្រើន​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន និងជាមួយក្រុមគ្រួសារយើង ។

សូម​ចំណាយ​ពេល​ខ្លះ​នៅ​ថ្ងៃ​នេះ បង្កើត​ផែនការ​ដែល​ប្រកប​ដោយការ​គិតគូចំពោះ​អ្វីៗ ដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ ​ធ្វើ​ឲ្យ​ថ្ងៃ​បរិសុទ្ធ ជា​ថ្ងៃ​ពិសិដ្ឋដ៏​ពិត​មួយ និង​ជា​ថ្ងៃ​បរិសុទ្ធ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។ បន្ទាប់មក​ចូរ​ធ្វើតាម​ផែនការ​របស់​អ្នក ។

សូម​ចងចាំ​នូវ​ការ​សន្យា​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ ចំពោះ​អ្នក​ទាំងឡាយ​ដែល​គោរព​ដល់​ថ្ងៃ​ឈប់​សម្រាក​ដោយ​ត្រឹមត្រូវ​ថា ៖ « ហើយ​ដរាប​ណា​អ្នករាល់គ្នា​ប្រព្រឹត្ត​ការ​ទាំង​នេះ ដោយ​អំណរ​គុណ ដោយទឹកចិត្ត និង​ទឹក​មុខ​រីករាយ … នោះ​ផល​បរិបូរ​នៃ​ផែនដី​ជា​របស់​ផង​អ្នករាល់គ្នា​ហើយ »  ( គ និង ស 59:15–16 ) ។ តើ​យើង​អាច​បោះបង់​ចោល​នូវ​ពរជ័យទាំង​នេះ​នៅ​ក្នុង​ជីវិត​របស់​យើង និង​ជីវិត​សមាជិក​គ្រួសារ​របស់​យើង​ឬ​ទេ ?

ខ្ញុំ​ជឿ​លើ​ការ​គោរព​ថ្ងៃ​បរិសុទ្ធ ។ ខ្ញុំថ្លែង​ជា​សាក្សី​ម៉ឹងម៉ាត់ និងដោយ​រាបសារ​ថា ការ​រក្សា​ថ្ងៃ​បរិសុទ្ធ គឺ​ជា​បទបញ្ញត្តិ​មួយ​របស់​ព្រះ​យើង ដែល​មាន​ព្រះជន្ម​រស់ ហើយដែល​ស្រឡាញ់​យើង​ម្នាក់ៗ ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា បើ​យើង​នឹង​ធ្វើ​តាម ហើយ​រស់​នៅ​តាម​បញ្ជា​ព្រះ ដើម្បី​រក្សា​ថ្ងៃ​បរិសុទ្ធ​ឲ្យ​បរិសុទ្ធ នោះ​ព្រះអម្ចាស់ នឹង​ប្រទាន​ពរ​ដល់​យើង ដឹកនាំ​យើង ហើយ​បំផុស​គំនិត​យើង នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា ដែល​ប្រឈម​មុខ​នឹង​យើង​វិញ ។