ឆ្នាំ ២០១០-២០១៩
ជូន​ចំពោះ​មិត្តភក្ដិ និងសាសនាគន់ការី​របស់​សាសនាចក្រ
ខែ មេសា ឆ្នាំ ២០១៧


ជូន​ចំពោះ​មិត្តភក្ដិ និងសាសនាគន់ការី​របស់​សាសនាចក្រ

ប្រសិន​បើ​បងប្អូន​បង់​ថ្លៃ​សម្រាប់​វិវរណៈ បន្ទាប​ខ្លួន អាន​ព្រះគម្ពីរ អធិស្ឋាន ហើយ​ប្រែ​ចិត្ត នោះ​ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​បងប្អូន​នឹង​ដឹង​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ។

នៅរសៀល​ថ្ងៃ​សុក្រ​មួយ នា​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ​១៩៨៨ ក្នុង​សាលាប្រជុំ​វួដ​វីសិនតេ ឡូប៉េស នៅ​រដ្ឋ​ប៊ុយណូ អៃរ៉េស ប្រទេស​អាហ្សង់ទីន ខ្ញុំ​បាន​ជ្រមុជទឹក​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ មាន​មិត្ត​ដ៏​ល្អ​ម្នាក់ ឈ្មោះ អាលីន ស្ប៉ានណូស​បាន​ជ្រមុជទឹក​ខ្ញុំ​នៅ​ថ្ងៃ​នោះ ហើយ​ខ្ញុំ​មាន​ចិត្ត​រីករាយ ស្រាល​ខ្លួន ហើយ​ចង់​រៀន​បន្ថែម​ទៀត ។

រូបភាព
ពិធីបុណជ្រមុជទឹក​របស់​អែលឌើរ ខូស្តា

នៅ​ថ្ងៃនេះ ខ្ញុំ​ចង់​ចែកចាយ​មេរៀន​មួយ​ចំនួន​ដែល​ខ្ញុំ​បាន​រៀន​ លើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ពិធីបុណ្យជ្រមុជទឹក​របស់​ខ្ញុំ—ជា​មេរៀន​ដែល​ខ្ញុំ​សង្ឃឹម​ថា វា​អាច​ជួយ​បងប្អូន​កំពុង​ស្ដាប់​ដែល​ពុំ​មែន​ជា​សមាជិក​សាសនាចក្រ​នេះ​នៅ​ឡើយ ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​ដួង​ចិត្ត​បងប្អូន​បាន​ប៉ះពាល់​ដោយ​ព្រះវិញ្ញាណ​ដូចជា​ខ្ញុំ​ដែរ ។

ទីមួយ ការ​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា

ហេតុអ្វី​បុគ្គល​ម្នាក់​ដែល​គ្មាន​បញ្ហា​ប្រឈម តម្រូវការ ឬ​សំណួរ​ដែល​បង្ខិត​បង្ខំ​អាច​នឹង​ចាប់​អារម្មណ៍​ចង់ជួប​អ្នក​ផ្សព្វផ្សាយ​សាសនា ហើយ​ស្ដាប់​មេរៀន​របស់​ពួកគេ ? មែនហើយ ក្នុងករណី​ខ្ញុំ គឺ​ដោយ​សារ​ក្ដីស្រឡាញ់—ចំពោះ​នារី​ម្នាក់​ឈ្មោះ​ថា រីនេ ។ ខ្ញុំ​ចាប់ចិត្តស្រឡាញ់​នាង ហើយ​ខ្ញុំចង់​រៀបការ​នឹង​នាង ។ នាង​មាន​ភាពខុស​ប្លែក ហើយ​មាន​បទដ្ឋាន​ខុស​ពី​នារី​ភាគច្រើន​ដែល​ខ្ញុំ​ស្គាល់ ។ ប៉ុន្តែ​ចាប់​ចិត្ត​នឹង​គាត់ ហើយ​បាន​សុំ​នាងឲ្យ​រៀបការ​នឹង​ខ្ញុំ—ហើយ​នាង​និយាយ​ថា​ទេ !

រូបភាព
អែលឌើរ និង ស៊ីស្ទើរ ខូស្តា

ចិត្តខ្ញុំ​ច្របូក​ច្របល់ ។ ខ្ញុំបានគិតថា ខ្ញុំមាន​រូបរាង​ល្អប៉ុណ្ណឹង​ដែរ ! ទាំង​សង្ហា មាន​វ័យ​ ២៤ ឆ្នាំ រៀន​ចប់​ពី​សាកលវិទ្យាល័យ ហើយ​មាន​ការ​ងារ​ល្អ ទៀត ។ នាង​ប្រាប់​ពី​គោលដៅ​នាង—អំពី​ការ​រៀបការ​ជាមួយ​តែ​បុរស​ដែល​អាច​នាំ​នាង​ទៅ​ព្រះវិហារ​បរិសុទ្ធ អំពី​ការ​មាន​គ្រួសារ​ដ៏​អស់កល្ប—ហើយ​នាង​បាន​បដិសេធ​សំណើ​ខ្ញុំ ។ ខ្ញុំ​ចង់​បន្ត​ទំនាក់ទំនង​នោះ ដូច្នេះ​ខ្ញុំ​ព្រម​រៀន​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា ។ តើ​នេះ​ជា​ហេតុផល​ល្អ​មួយ​ដើម្បី​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែទេ ? វា​ជា​ហេតុផល​សម្រាប់​ខ្ញុំ ។

កាល​ខ្ញុំ​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង ខ្ញុំ​មិន​យល់​ដឹង​ច្រើន​អំពី​អ្វី​ដែល​ពួកគេ​និយាយ​ឡើយ ហើយ​ប្រាប់​ឲ្យ​ត្រង់​ចុះ ខ្ញុំ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​ពួកគេ​ទេ ។ ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​សាសនា​ថ្មី​ឡើយ ។ ខ្ញុំ​ចង់​បង្ហាញ​ថា​ពួកគេ​ខុស ហើយ​មាន​ពេល​បញ្ចុះបញ្ចូល​រីនេ​ឲ្យ​ព្រម​រៀប​ការ​នឹង​ខ្ញុំ​តែ​ប៉ុណ្ណោះ ។

សព្វថ្ងៃ​នេះ កូនៗ​ខ្ញុំ​ធ្លាប់​បម្រើ និង​កំពុង​បម្រើ​បេសកកម្ម ហើយ​ខ្ញុំ​ដឹង​ពី​ពលិកម្ម​ដែល​យុវជន និង​យុវនារី​ទាំងនេះ​បាន​ធ្វើ​ដើម្បី​បង្រៀន​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។ ឥឡូវ ខ្ញុំ​ប៉ង​ប្រាថ្នា​ថា​ខ្ញុំ​អាច​ផ្ដោត​អារម្មណ៍​បាន​ច្រើន​ចំពោះ​អែលឌើរ រីឆាដ អែលឌើរ ហ្វារ៉េល និង​អែលឌើរ ហាយលែន ជា​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដ៏​ឆ្នើម​ដែល​បាន​បង្រៀន​ខ្ញុំ ។

ដូច្នេះ នៅ​ក្នុង​មេរៀន​ទីមួយ​របស់​ខ្ញុំខ្ញុំ​សូម​និយាយ​ទៅ​កាន់​បងប្អូន​ដែល​ជា​មិត្តភក្ដិ និង​សាសនាគន់ការី​របស់​សាសនាចក្រ កាល​បងប្អូន​ជួប​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា សូម​ស្ដាប់​ពួកគេ​ដោយ​យក​ចិត្ត​ទុក​ដាក់ ពួកគេ​កំពុង​លះបង់​ពេល​ដ៏​សំខាន់​ក្នុង​ជីវិត​ពួកគេ​សម្រាប់​តែ​បងប្អូន​ប៉ុណ្ណោះ ។

ទីពីរ ការ​ទៅ​ព្រះវិហារ

គ្រា​ដំបូង​ដែល​ខ្ញុំ​ទៅ​ចូល​រួម​ការ​ប្រជុំ​សាសនា ខ្ញុំ​ស្ដាប់​ឮ​ពាក្យ​ជាច្រើន​ដែល​ខ្ញុំ​ពុំ​យល់​សោះ ។ តើ​ក្រុម​ប៊ីហៃ​ជា​នរណា ? តើ​បព្វជិតភាព​អើរ៉ុន ថ្នាក់​សមាគមសង្គ្រោះ​ជា​អ្វី ?

បើ​នេះ​ជា​គ្រា​ដំបូង​ដែល​បងប្អូន​ចូល​រួម​ការ​ប្រជុំ​សាសនាចក្រ ហើយ​មាន​អារម្មណ៍​ច្របូក​ច្របល់​ដោយ​អ្វី​មួយ​ដែល​បងប្អូន​មិន​យល់ សូម​កុំ​បារម្ភ ! ខ្ញុំ​ក៏​មិន​យល់​ដូច​គ្នា​ដែរ ។ ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ​ពី​អារម្មណ៍ ជា​អារម្មណ៍​ថ្មី​នៃ​ភាព​សុខសាន្ត និង​អំណរ​ដែល​ខ្ញុំ​បាន​មាន ។ នៅ​ពេល​នោះ​ខ្ញុំ​មិន​ដឹង​ទេ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​កំពុង​ខ្សឹប​ដាក់​ត្រចៀក​ខ្ញុំ និង​ចិត្ត​ខ្ញុំ​ថា « រឿង​នេះ​ត្រឹមត្រូវ » ។

ដូច្នេះ ខ្ញុំ​ចង់​សង្ខេប​មេរៀន​នេះ ជាប្រយោ​គ​តែមួយថា បើ​បងប្អូន​មាន​ចិត្ត​ច្របូក​ច្រ​បល់ សូម​កុំ​បារម្ភ—សូម​ចងចាំ​ពី​អារម្មណ៍​ដែល​បងប្អូន​មាន វា​មក​ពី​ព្រះ ។

ទីបី ការអានព្រះគម្ពីរមរមន

បន្ទាប់​ពី​ជួប​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ពីរ​បី​ដង ខ្ញុំ​មិន​សូវ​រីកចម្រើនទៅមុខ​ប៉ុន្មាន​ទេ ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​មិន​បាន​ទទួល​ចម្លើយ​បញ្ជាក់​ពី​សេចក្ដី​ពិត​ពេញ​លេញ​នៃ​ដំណឹងល្អ​សោះ ។

មាន​ថ្ងៃ​មួយ រីនេ បាន​សួរ​ខ្ញុំ​ថា « តើ​លោក​អាន​ព្រះគម្ពីរ​មរមន​ទេ ? »

ខ្ញុំ​បាន​តប​ថា « ទេ » ។ ខ្ញុំ​បាន​ស្ដាប់​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ហើយ—តើ​វា​ពុំ​គ្រប់​គ្រាន់​ទេ​ឬ ?

រីនេ បាន​បញ្ជាក់ប្រាប់ខ្ញុំ​ទាំង​ទឹក​ភ្នែក​ថា នាង​ដឹង​ថា​ព្រះ​គម្ពីរ​មរមន​ពិត ហើយ​បាន​ពន្យល់​ថា បើ​ខ្ញុំ​ចង់​ដឹង​ថា​វា​ពិត គឺ​មាន​វិធី​តែ​មួយ​គត់—គឺ—ត្រូវ​អាន​វា ! រួច​ហើយ​ទូល​សួរ ។

សូម​អាន ពិចារណា​នៅ​ក្នុង​ចិត្ត​លោក ហើយ​ « សូម​សួរ​ដល់​ព្រះ​ជា​ព្រះវរបិតា​ដ៏​គង់​នៅ​អស់កល្ប​ជានិច្ច ដោយ​នូវ​ព្រះ​នាម​នៃ​ព្រះគ្រីស្ទ … សូម​សួរ​ដោយ​ចិត្ត​ស្មោះ​សរ​គឺ ដោយ​ស្មោះ​អស់​ពី​ចិត្ត ដោយ​មាន​សេចក្តី​ជំនឿ​ជឿ​ដល់​ព្រះគ្រីស្ទ » ( មរ៉ូណៃ ១០:៤ ) បើ​ព្រគម្ពីរ​មរមន​ពិត បើ​នេះ​ជា​សាសនាចក្រ​ពិត ។

ដូច្នេះ​ប្រយោគ​មួយ​​សង្ខេបចេញពីមេរៀន​ទី​បីគឺ ៖ ពេល​បងប្អូន​ទទួល​រឿង​ទាំងនេះ​—​ព្រះគម្ពីរ​មរមន—ហើយ​បងប្អូន​ត្រូវ​បាន​ដាស់​តឿន​ឲ្យ​អាន ហើយ​សួរ​ព្រះ បើ​វា​ពិត សូម​ធ្វើ​វា !

ចុង​ក្រោយ ការ​ប្រែ​ចិត្ត

បទពិសោធន៍​ចុង​ក្រោយ​ដែល​ខ្ញុំ​ចង់​ចែកចាយ​គឺ​អំពី​ការ​ប្រែ​ចិត្ត ។ បន្ទាប់​ពី​ខ្ញុំ​បាន​បញ្ចប់​មេរៀន​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយសាសនា ខ្ញុំនៅតែ​មិន​ជឿ​ថា ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​​អ្វី​មួយ​ក្នុង​ជីវិត​ខ្ញុំ​ឡើយ ។ មាន​ថ្ងៃ​មួយ​អែលឌើរ ខាត់ឡឺ ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ម្នាក់​ដែល​មាន​ទំនុក​ចិត្ត ដោយ​ចេះ​ភាសា​អេស្ប៉ាញ​បន្តិច​បន្តួច​បាន​និយាយ​ថា « ចូឃ្វីន ចូរ​យើង​អាន អាលម៉ា ៤២ រួម​គ្នា ហើយ​យើង​នឹង​ដាក់​ឈ្មោះ​លោក​នៅ​ក្នុង​នោះ ពេល​យើង​អាន » ។

ខ្ញុំ​បាន​គិត​ថា វា​ជា​ជារឿងគួរឲ្យអស់សំណើច ប៉ុន្តែ​ខ្ញុំ​បាន​ធ្វើ​ដូច​អែលឌើរ ខាត់ឡឺ ហើយ​អាន​ក្នុង ទី ១ ៖ « ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក [ ចូឃ្វីន ] អើយ ឪពុក​យល់​ឃើញ​ថា នៅ​មាន​ការ​ខ្លះ​ទៀត ដែល​ធ្វើ​ឲ្យ​កូន​កង្វល់​ក្នុង​គំនិត ដែល​កូន​ពុំ​អាច​យល់ » ។ អូ៎ ! ព្រះគម្ពីរ​នេះ​កំពុង​និយាយ​មក​កាន់​ខ្ញុំ ។

ហើយ​យើង​អាន​ក្នុង ខ​ទី ២ ៖ « ឥឡូវ​នេះ មើល​ចុះ [ ចូឃ្វីន ] កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​នឹង​ពន្យល់​រឿង​នេះ​ប្រាប់​ដល់​កូន » ហើយក្រោយមក​ការ​ធ្លាក់​របស់​អ័ដាម​ត្រូវ​បាន​រៀបរាប់ ។

រួចហើយ​នៅ​ក្នុង ខទី ៤ ៖ « ម្ល៉ោះ​ហើយ យើង​ឃើញ​​ថា មាន​ពេល​មួយ​ដែល​ទុក​សម្រាប់​ឲ្យ [ ចូឃ្វីន ] ប្រែ​ចិត្ត » ។

យើង​បាន​បន្ត​អាន​យឺតៗ មួយ​ខ​ម្ដងៗ រហូត​យើង​អាន​ដល់​ខ​បី​ចុង​ក្រោយ ។ ពេល​នោះ​ខ្ញុំ​បាន​គ្រប​ដណ្ដប់​ដោយ​អានុភាព​ដ៏​អស្ចារ្យ​មួយ ។ ព្រះគម្ពីរ​នោះ​បាន​និយាយ​មក​កាន់​ខ្ញុំ​ដោយ​ផ្ទាល់ ហើយ​ខ្ញុំ​បាន​ចាប់ផ្ដើម​យំ កាល​ខ្ញុំ​អាន ​« ហើយ​ឥឡូវ​នេះ [ ចូឃ្វីន ] កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ពុំ​មាន​បំណង​ចង់​ឲ្យ​រឿង​ទាំង​នេះ ធ្វើ​ឲ្យ​កូន​កង្វល់​ចិត្ត​ត​ទៅ​ទៀត​ទេ ហើយ​ទុក​ឲ្យ​តែ​អំពើ​បាប​របស់​កូន​បារម្ភ​ដល់​កូន​តែប៉ុណ្ណោះ​បាន​ហើយ គឺ​ការ​បារម្ភ​នេះ​ហើយ ដែល​អាច … ឲ្យ​កូន​ប្រែ​ចិត្ត » ( ខទី ២៩) ។

ឥឡូវ​នេះ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ចង់​ទទួល​បាន​វិវរណៈ​ដោយ​គ្មាន​ការ​លះបង់នោះឡើយ ។ រហូត​ដល់​ពេល​នោះ​ខ្ញុំ​ពុំ​ធ្លាប់​សន្ទនា​នឹង​ព្រះ​ឡើយ ហើយ​គំនិត​នៃ​ការ​និយាយ​នឹង​មនុស្ស​ម្នាក់​ដែល​មើល​មិន​ឃើញ​វា​ហាក់ដូច​ជា​រឿង​ដ៏​ចម្លែកមួយ ។ ខ្ញុំ​បាន​មាន​ចិត្ត​រាបសា ហើយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​ត្រូវ​បាន​សុំ​ឲ្យ​ធ្វើ ទោះ​ក្នុង​គំនិត​ខ្ញុំ​គិត​ថា​វា​ជា​រឿង​គួរឲ្យអស់សំណើចក្ដី ។

នៅ​ថ្ងៃ​នោះ ខ្ញុំ​បាន​បើក​ដួង​ចិត្ត​ទៅ​រក​ព្រះវិញ្ញាណ បាន​មាន​បំណង​ប្រែចិត្ត ហើយ​ចង់​ជ្រមុជទឹក ។ ពីមុន​គ្រា​នោះ ខ្ញុំ​បាន​គិត​ថា ការ​ប្រែចិត្ត​ជា​រឿង​អវិជ្ជមាន​ទាក់​ទងតែ​នឹង​អំពើ​បាប ឬ និង​កំហុស ប៉ុន្តែ​រំពេចនោះ ​​ខ្ញុំ​បាន​មើល​វា​ក្នុង​ពន្លឺ​មួយ​ថ្មី—ជា​រឿង​វិជ្ជមាន​ដែល​ត្រួស​ត្រាយ​ផ្លូវ​ទៅ​រក​ការ​រីកចម្រើន និង​សុភមង្គល ។

ថ្ងៃនេះ​អែលឌើរ ខាត់ឡឺ បាន​នៅ​ទីនេះ ហើយ​ខ្ញុំ​ចង់​អរគុណ​គាត់​សម្រាប់​ការធ្វើ​​ឲ្យ​ភ្នែក​ខ្ញុំ​បាន​ភ្លឺ ។ ចាប់​ពី​ពេល​នោះ​មក ការ​សម្រេច​ចិត្ត​រាល់​ថ្ងៃ​ដែល​ខ្ញុំ​បាន​ធ្វើ​ក្នុង​ជីវិតខ្ញុំ ត្រូវ​បាន​រង​ឥទ្ធិពល​ក្នុង​គ្រា​នោះ​កាល​ខ្ញុំ​បាន​រាបសា ហើយ​បាន​អធិស្ឋាន​សូម​ការ​អភ័យ​ទោស និង​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​សម្រាប់​រូបខ្ញុំ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ជីវិត​ខ្ញុំ ។

ដូច្នេះ​ ប្រយោគ​សម្រាប់មេរៀន​ចុងក្រោយ ៖ សូម​ដក​ពិសោធន៍​ការ​ប្រែ​ចិត្ត គ្មាន​អ្វី​ដែល​នាំ​បងប្អូន​ឲ្យ​ខិត​ទៅ​ជិត​ព្រះអម្ចាស់ ព្រះយេស៊ូវ​គ្រីស្ទ ជាង​បំណង​ប្រាថ្នា​ដើម្បី​ផ្លាស់ប្ដូរ​ឡើយ ។

បងប្អូន​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ បើ​បងប្អូន​កំពុង​ស្ដាប់​នៅ​ថ្ងៃ​នេះ បងប្អូន​ជិត​ទទួល​បាន​អំណរ​ដ៏​ធំ​បំផុត​ហើយ ។ បងប្អូន​ជិត​ទទួលបានហើយ !

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន ដោយ​អស់​ពី​ដួង​ចិត្ត​ និង​ព្រលឹង​ខ្ញុំ សូម​ទៅ​ទទួល​បុណ្យ​ជ្រមុជទឹក​ ! វា​ជា​រឿង​ល្អ​បំផុត​ដែល​បងប្អូន​ពុំ​ធ្លាប់​ធ្វើ​ពី​មុន​មក ។ វា​នឹង​ពុំ​គ្រាន់​តែ​ផ្លាស់​ប្ដូរ​ជីវិត​បងប្អូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្លាស់​ប្ដូរ​ជីវិត​កូនចៅ​របស់​បងប្អូន​ដែរ ។

រូបភាព
ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​របស់​អែលឌើរ និង ស៊ីស្ទើរ ខូស្តា

ព្រះអម្ចាស់​បាន​ប្រទាន​គ្រួសារ​ឲ្យ​ខ្ញុំ ។ ខ្ញុំ​បាន​រៀបការ​នឹង​រីនេ ហើយ​យើង​មាន​កូន​បួន​នាក់​ដ៏​ស្រស់​ស្អាត ។ ហើយ​ដោយសារ​ពិធី​បុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ដូចគ្នា​នឹង​ព្យាការី​លីហៃ​កាលពី​បុរាណ​ដែរ ខ្ញុំ​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ទទួល​ទាន​ផ្លែ​នៃ​ដើម​ឈើ​ជីវិត ដែល​ជា​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​ ( សូម​មើល នីហ្វៃទី ១ ៨:១៥; ១១:២៥ ) ។ ខ្ញុំ​អាច​ជួយ​ពួកគេ​ឲ្យ​មក​រក​ព្រះគ្រីស្ទ ។

ដូច្នេះ​សូម​ពិចារណា​ពី​បទពិសោធន៍​របស់​ខ្ញុំ ហើយ ​(១) សូម​ស្ដាប់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដោយ​យកចិត្ត​ទុកដាក់ (២) ទៅ​ព្រះវិហារ ហើយ​ចងចាំ​អំពី​អារម្មណ៍​ខាង​វិញ្ញាណ (៣) អាន​ព្រះគម្ពីរ​មរមន ហើយ​ទូល​សួរ​ព្រះអម្ចាស់ បើ​វា​ពិត និង​(៤) ដក​ពិសោធន៍​ការ​ប្រែចិត្ត និង​ទទួល​បុណ្យ​ជ្រមុជទឹក ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា បើ​បងប្អូន​លះបង់​ដើម្បី​ទទួល​បាន​វិវរណៈ មាន​ចិត្ត​រាបសា អាន អធិស្ឋាន ហើយ​ប្រែចិត្ត ស្ថានសួគ៌​នឹង​បើក​ឡើង ហើយ​បងប្អូន​នឹង​ដឹង ដូចជា​ខ្ញុំ​ថា ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ថាទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ និង​របស់​បងប្អូន ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។