ឆ្នាំ ២០១០-២០១៩
«ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា»
ខែ មេសា ឆ្នាំ ២០១៧


« ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា »

ព្រះអម្ចាស់​បាន​សន្យា​សេចក្ដីសុខសាន្ដ​ដល់​ពួកសិស្ស​របស់​ទ្រង់​ នៅពេល​ទ្រង់​ហៀប​នឹង​ចាក​ចេញ​ពី​ពួកគេ ។ ទ្រង់​បាន​ធ្វើ​នូវការ​សន្យា​ដូចគ្នា​នេះ​ចំពោះ​យើង ។

បងប្អូន​ស្ត្រី​ជា​ទី​ស្រឡាញ់ ពួក​យើង​មាន​ពរ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះ​នាយប់​នេះ ។ សារលិខិត​ដ៏​បំផុសគំនិត​មកពី​អ្នកដឹកនាំ​ស្ត្រី​ដ៏​មាន​អានុភាព និងតន្ត្រី ​បាន​ការ​ពារ​ជំនឿរបស់​យើង ហើយ​បង្កើន​បំណង​ប្រាថ្នា​របស់​យើង​ដើម្បី​រក្សា​សេចក្ដីសញ្ញា​ពិដិស្ឋ ដែល​យើង​បាន​ធ្វើ​ជា​មួយ​ព្រះវរបិតាសួគ៌​ជា​ទីស្រឡាញ់​របស់​យើង ។ ពួក​យើង​ទទួល​អារម្មណ៍​ថា សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់​ព្រះយេស៊ូវគ្រីស្ទ​បាន​កើន​ឡើង ហើយ​មាន​អំណរគុណ​ចំពោះ​អំណោយ​ទាន​ដ៏​មហិមា​នៃ​ពលិកម្ម​ធួន​របស់​ទ្រង់ ។

សារលិខិត​របស់​ខ្ញុំ​នា​យប់​នេះ គឺ​សាមញ្ញ ។ យើង​បាន​ទទួល​អារម្មណ៍​សុខសាន្ដ​នា​យប់​នេះ ។ យើងទាំងអស់គ្នា​ចង់​ទទួល​អារម្មណ៍​ភាព​សុខសាន្ដ​​​ដូច​នេះក្នុង​ខ្លួន​យើង ក្នុង​ក្រុមគ្រួសារ​យើង និង​​មនុស្ស​ដែល​នៅ​ជុំវិញ​យើង​​ជាញឹកញាប់​ ។ ព្រះអម្ចាស់​បាន​សន្យា​សេចក្ដីសុខសាន្ដ​ដល់​ពួកសិស្ស​របស់​ទ្រង់​ នៅពេល​ទ្រង់​ហៀប​នឹង​ចាក​ចេញ​ពី​ពួកគេ ។ ទ្រង់​បាន​ធ្វើ​នូវការ​សន្យា​ដូចគ្នា​នេះ​ចំពោះ​យើង ។ ប៉ុន្ដែ​ទ្រង់​បាន​មានបន្ទូល​ថា ទ្រង់​នឹង​ប្រទាន​ភាព​សុខសាន្ដ​តាម​របៀប​របស់​ទ្រង់ ពុំ​មែន​តាម​របៀប​របស់​លោកិយ​ទេ ។ ទ្រង់​បាន​ពិពណ៌នា​ពី​របៀប​នៃ​ការ​បញ្ជូន​ភាព​សុខសាន្ដ​​របស់​ទ្រង់ថា ៖​

« តែ​ព្រះ​ដ៏​ជា​ជំនួយ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ព្រះវរបិតា​នឹង​ចាត់​មក​ដោយ​នូវ​ឈ្មោះ​ខ្ញុំ ទ្រង់​នឹង​បង្រៀន​អ្នក​រាល់​គ្នា​ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី​ដែល​ខ្ញុំ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ ។

« ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នករាល់គ្នា​ថប់​បារម្ភ ឬ ភ័យ​ឡើយ » ( យ៉ូហាន ១៤: ២៦-២៧) ។

បុត្រា​ទាំងឡាយ​របស់​ម៉ូសាយ​ត្រូវការ​អំណោយទាន​នៃ​ភាព​សុខសាន្ដ​នោះ នៅពេល​ពួកគេ​បាន​បម្រើ​បេសកកម្ម​របស់​ពួកគេ​ដល់​សាសន៍​លេមិន ។ ដោយ​មាន​ចិត្តរសាប់រសល់​​កាន់​តែ​ខ្លាំង​ពេល​ពួកគេ​បាន​ដឹង​ពី​ភាព​មហិមា​នៃ​កិច្ចការ​របស់​ខ្លួន នោះ​ពួកគេ​បាន​អធិស្ឋាន​សូម​ការ​បញ្ជាក់​អះអាង ។ ហើយ « ព្រះអម្ចាស់​ទ្រង់បាន​យាង​មក​រក​គេ​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់ ហើយមាន​ព្រះបន្ទូល​ទៅ​គេ​ថា ៖ ចូរ​ក្សាន្ដ​ចិត្ត​ចុះ ។ ហើយ​ពួកគេ​ក៏​បាន​ក្សាន្ដ​ចិត្ត​ទៅ »(អាលម៉ា ១៧:១០;សូមមើល​ផងដែរអាលម៉ា ២៦:២៧) ។

ជួន​កាល អ្នក​ទន្ទឹង​ចង់បាន​​ភាព​សុខសាន្ដ ពេល​អ្នកជួប​នឹង​ភាព​ពុំ​ពិតប្រាកដ ហើយ​មាន​ឧបសគ្គ​​លេចឡើងចំពោះ​អ្នក ។ ពួក​បុត្រា​របស់​ម៉ូសាយ បាន​រៀន​មេរៀន​ដែលព្រះអម្ចាស់​បាន​បង្រៀន​ដល់​មរ៉ូណៃ ។ វាជា​ការ​ដឹកនាំ​សម្រាប់​យើង​ទាំងអស់​គ្នា​ថា « បើសិន​ជា​មនុស្ស​លោក​មក​រកយើង នោះ​យើង​នឹង​បង្ហាញ​ដល់​ពួកគេ​នូវ​ភាពទន់​ខ្សោយ​របស់​ពួកគេ ។ យើង​ឲ្យ​ភាព​ទន់​ខ្សោយ​ទៅ​មនុស្ស ដើម្បី​ឲ្យ​ពួកគេ​អាច​បាន​រាបសា ហើយ​គុណ​របស់​យើង​មាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​​ទាំងអស់ [ដែល]​បន្ទាបខ្លួននៅ​ចំពោះ​យើង ដ្បិត​បើសិនជា ពួកគេ​បន្ទាបខ្លួន​នៅ​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ជឿដល់​យើង លំដាប់​នោះ​យើង​នឹង​ធ្វើ​ឲ្យ​អ្វី​ដែល​ទន់​ខ្សោយ​ក្លាយ​ទៅជា​ខ្លាំង​ពូកែ​ចំពោះ​ពួកគេ​វិញ » (អេធើរ ១២:២៧ ) ។

មរ៉ូណៃ​បាន​ប្រាប់​ថា ពេល​លោក « បាន​ឮ​នូវ​ពាក្យ​ទាំងនេះ » លោក « ក៏​បាន​ស្កប់​ចិត្ត » (អេធើរ ១២:២៩) ។ វា​អាច​ជា​ការ​លួងលោម​ចិត្ត​ដល់​យើងទាំងអស់​គ្នា ។ អ្នកទាំងឡាយ​ដែល​ពុំ​មើល​ឃើញ​ពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួននឹង​​ពុំ​រីកចម្រើន​ទេ ។ ការ​ដឹង​ពី​ភាព​ទន់ខ្សោយ​របស់​បងប្អូន គឺ​ជា​ពរជ័យ​មួយ ពេល​​វា​នឹង​ជួយ​បងប្អូន​បន្ដ​មានភាព​រាបសារ ហើយ​បន្ដ​ងាក​ទៅ​រក​ព្រះអង្គសង្គ្រោះ ។ ព្រះវិញ្ញាណ​ពុំ​គ្រាន់តែ​លួងលោម​ចិត្ត​បងប្អូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទ្រង់​ក៏​​ជា​ភ្នាក់ងារ​ដែល​ដង្វាយធួន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ធម្មជាតិ​ក្នុង​ខ្លួន​បងប្អូនដែរ ។ បន្ទាប់មក​​អ្វី​ដែល​ទន់ខ្សោយ​ក្លាយ​ទៅ​ជា​ខ្លាំង​ពូកែ ។

ជួន​កាល​សាតាំង​នឹងល្បួង​​សេចក្ដីជំនឿ​របស់​បងប្អូន ព្រោះ​វា​កើត​មាន​ចំពោះ​សិស្ស​ទាំងអស់​របស់​ព្រះយេស៊ូវ ។ ការ​ការពារ​ទាស់​នឹង​ការ​វាយ​ប្រហារ​ទាំងនេះ គឺ​រក្សា​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើជា​ដៃគូ​របស់​បង​ប្អូន ។ ព្រះវិញ្ញាណ​​នឹង​ខ្សឹប​ពីភាព​សុខសាន្ដ​ទៅ​ព្រ​លឹង​បងប្អូន ។ ទ្រង់​នឹង​ជម្រុញ​បងប្អូន​ឲ្យ​ឆ្ពោះ​ទៅមុខ​ដោយ​ជំនឿ ។ ហើយ​ទ្រង់​នឹង​នាំ​ឲ្យ​បងប្អូន​នឹកចាំ​ពី​គ្រា​ទាំងឡាយ ពេល​បងប្អូន​ទទួល​អារម្មណ៍​​ពី​ពន្លឺ និង​សេចក្ដីស្រឡាញ់​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ការ​ចងចាំ​អាច​ជា​អំណោយទាន​ដ៏​មាន​តម្លៃ​បំផុត​មួយ​ដែល​ព្រះវិញ្ញាណ​អាច​ប្រទាន​ដល់​បងប្អូន ។ ទ្រង់​នឹង « ​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី [ដែល​ព្រះអម្ចាស់] ​បាន​ប្រាប់​ដល់​អ្នក​រាល់​គ្នា​ដែរ » (យ៉ូហាន ១៤:២៦) ។ ការ​នឹកចាំ​នេះអាច​ជា​ការ​អធិស្ឋាន​ដែល​បាន​ទទួល​ចម្លើយ អាច​ជា​ពិធីបរិសុទ្ធ​នៃ​បព្វជិតភាពដែល​បាន​ទទួល ការ​បញ្ជាក់​ពី​ទីបន្ទាល់របស់​បងប្អូន ឬ​ជា​គ្រា​ដែល​បងប្អូន​បាន​ឃើញ​ព្រះហស្ដ​​ដឹកនាំ​របស់​ព្រះ​ជួយ​ក្នុង​ជីវិត​របស់​បងប្អូន ។ ប្រហែល​ជា​នៅ​ថ្ងៃ​អនាគត ពេល​បងប្អូន​ត្រូវ​ការ​កម្លាំង នោះព្រះវិញ្ញាណ​អាច​នឹង​នាំ​ឲ្យ​បង​ប្អូន​ចងចាំ​ពី​អារម្មណ៍​ដែល​បងប្អូន​មាន​អំឡុង​ការ​ប្រជុំ​នេះ ។ ខ្ញុំ​អធិស្ឋាន​ឲ្យ​ការណ៍​នេះ​បាន​ដូច្នោះ ។

ការ​ចងចាំ​មួយ​ដែល​ព្រះវិញ្ញាណ​បាន​នាំ​ឲ្យ​ខ្ញុំ​ចាំ​ក្នុង​គំនិត​ជា​ញឹកញាប់ គឺ​អំពី​ការ​ប្រជុំ​សាក្រាម៉ង់​ពេល​ល្ងាច​មួយ​ដែល​ធ្វើ​ឡើងជាច្រើន​ឆ្នាំ​កន្លង​ទៅ​​នៅ​ក្នុង​ផ្ទះ​ស័ង្កសី​នៅ​ អ៊ីនស៍ប្រាក ប្រទេស​អូទ្រីស​ ។ ផ្ទះ​នោះ​​ស្ថិត​នៅពី​ក្រោម​ផ្លូវរថភ្លើង ។ នៅទីនោះ​មាន​តែ​មនុស្ស​បួនដប់នាក់​ប៉ុណ្ណោះ​អង្គុយ​នៅ​លើ​កៅអី​ឈើ ។ ពួកគាត់​ភាគ​ច្រើន​គឺជា​ស្ត្រី មាន​ក្មេង​ខ្លះ ចាស់​ខ្លះ ។ ខ្ញុំ​បាន​ឃើញ​​មនុស្សស្រក់​ទឹកភ្នែកនៃ​ការ​ដឹងគុណ ពេល​ពិធីសាក្រាម៉ង់​ត្រូវ​បានធ្វើ​​ឡើងក្នុង​ចំណោម​ក្រុមជំនុំ​ដ៏​តូច​នេះ ។ ខ្ញុំ​ទទួល​អារម្មណ៍​សេចក្ដីស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ​ចំពោះ​ពួកបរិសុទ្ធ​ទាំងនោះ ហើយ​ពួកគេ​ក៏​ទទួល​ដូច្នោះ​ដែរ ។ ប៉ុន្តែ​អព្ភូតហេតុ ដែល​ខ្ញុំ​ចងចាំ​ច្បាស់​បំផុតនោះគឺ​ពន្លឺ​ដែល​ហាក់ដូចជា​បំភ្លឺ​ពេញ​ផ្ទះ​ស័ង្កសី​នោះ ដែល​នាំ​មកនូវ​​អារម្មណ៍​នៃ​ភាព​សុខសាន្ដ ។ វា​គឺជា​ពេល​យប់ ហើយ​គ្មាន​បង្អួច​ទេ ប៉ុន្តែ​បន្ទប់​ទាំង​មូល​ត្រូវ​បាន​បំភ្លឺ ដូចជា​ព្រះអាទិត្យ​នៅពេល​ថ្ងៃ ។

ពន្លឺ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ គឺភ្លឺ ហើយចែងចាំង​នាល្ងាច​នោះ ។ ហើយ​បង្អួច​ដែល​បើក​ទទួល​ពន្លឺ​នោះ​គឺ​ជា​ដួងចិត្ត​រាបសា​នៃ​ពួក​បរិសុទ្ធ​ទាំងនោះ ដែល​បាន​មក​ចំពោះ​ព្រះអម្ចាស់​សូម​ការ​អភ័យទោស​ពី​អំពើបាប​របស់ពួកគេ ហើយ​តាំង​ចិត្ត​ចងចាំ​ទ្រង់​ជានិច្ច ។ នាពេលនោះ វា​ពុំ​ពិបាក​ដើម្បី​ចងចាំ​ពី​ទ្រង់​ទេ ហើយ​ការ​ចងចាំ​របស់​ខ្ញុំ​ពីបទពិសោធន៍​ដ៏ពិសិដ្ឋ​នា​​ថ្ងៃ​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ចងចាំ​ទ្រង់ និង​ដង្វាយធួន​របស់​ទ្រង់​​កាន់តែ​ងាយ​ស្រួល​នៅ​​ឆ្នាំ​ក្រោយៗ​មក ។ ​ការ​សន្យា​នៅក្នុង​ការ​អធិស្ឋាន​ពិធីសាក្រាម៉ង់ថ្ងៃ​នោះ គឺ​ថា ព្រះវិញ្ញាណ​នឹង​គង់​នៅជាមួយ​យើង ត្រូវ​បាន​បំពេញ ហើយ​បាន​នាំ​អារម្មណ៍​នៃ​ពន្លឺ និងភាព​សុខសាន្ដ​មក ។

ក៏ដូចជា​បងប្អូន​ដែរ ខ្ញុំ​អរគុណ​ចំពោះ​ព្រះអម្ចាស់​ដែល​បាន​យាងមក​រក​ខ្ញុំ​តាម​វិធី​ជាច្រើន​ជាមួយ​​ព្រះដ៏ជាជំនួយ ពេល​ខ្ញុំ​ត្រូវការ​ភាពសុខសាន្ដ ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​របស់​យើង​ពុំ​ខ្វល់​ព្រះទ័យ​តែ​អំពី​ការក្សាន្ដ​ចិត្ត​របស់​យើង​ប៉ុណ្ណោះទេ ប៉ុន្តែ​ខ្វល់​ព្រះទ័យកាន់តែ​ខ្លាំង​អំ​ពីការ​រីកចម្រើន​ឡើង​របស់​យើង ។ « ព្រះដ៏ជាជំនួយ » គឺ​ជា​របៀប​តែ​មួយ​គត់​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ពិពណ៌នា​នៅ​ក្នុង​បទគម្ពីរ​នានា ។ នេះ​ជា​ខគម្ពីរ​មួយ​ទៀត ៖ « ហើយ​ឥឡូវ​នេះ ប្រាកដ​មែន យើង​ប្រាប់​អ្នកជា​ប្រាកដ​ថា ចូរ​ដាក់​ទី​ទុកចិត្ត​របស់​អ្នកទៅនឹង​ព្រះវិញ្ញាណ​នោះ ដែល​នាំ​ឲ្យ​ធ្វើ​ល្អ » (គ និង ស ១១:១២) ។ ជាញឹកញាប់ សេចក្ដីល្អ​ដែល​ទ្រង់​នឹង​ដឹកនាំ​បងប្អូន​ទៅធ្វើ នឹង​ជា​ការ​ជួយ​នរណា​ម្នាក់​ទៀត​ឲ្យ​ទទួលការ​លួងលោមមក​ពី​ព្រះ ។

នៅក្នុង​ប្រាជ្ញា​របស់​ទ្រង់ ព្រះអម្ចាស់​បាន​នាំ​បងប្អូនមក​ជួបជុំ​គ្នា​នៅ​ក្នុង​អង្គការ ឬ​ថ្នាក់​រៀន​នានា​ក្នុង​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ធ្វើ​ការណ៍​នេះ​ដើម្បី​ចម្រើន​អំណាច​របស់​បងប្អូន​ក្នុង​ការ​ធ្វើ​ល្អ ។ នៅក្នុង​អង្គការ​ទាំងនេះ បងប្អូន​មាន​ការ​ទទួលខុសត្រូវ​ជាក់លាក់​ដើម្បី​បម្រើ​អ្នកដទៃ​ជំនួស​ទ្រង់ ។ ឧទាហរណ៍ ប្រសិន​បើ​ប្អូន​គឺជា​យុវនារី​ម្នាក់ ប្អូន​អាច​ត្រូវ​ប៊ីស្សព ឬ​អ្នកដឹកនាំ​យុវនារី​សុំ​ឲ្យ​ជួយឡូរ៉ល​​ម្នាក់​ដែល​យើង​ហៅ​ថា ​« មិនសូវ​សកម្ម » ។ ប្អូន​អាច​នឹង​ស្គាល់​នាង​បាន​ល្អ​ជាង​ប៊ីស្សព ឬ​អ្នកដឹកនាំ​យុវនារី ។ ប្អូន​អាច​នឹង​ដឹង​ថា នាង​មានបញ្ហា​នៅ​ផ្ទះ ឬ​នៅ​សាលា​រៀន ឬប្រហែលជា​ទាំង​ពីរ ។ អ្នកដឹកនាំ​របស់​ប្អូន​អាច​នឹង​មិន​ដឹង​ថា​ហេតុអ្វី​ក៏​ពួកគាត់​ទទួល​អារម្មណ៍​ឲ្យ​សុំ​ឲ្យ​ប្អូន​ទៅ​ជួយ​ដល់​យុវនារី​នោះ​ទេ ប៉ុន្តែ​ព្រះអម្ចាស់​ញាណ​ដឹង ហើយ​ទ្រង់​ដឹកនាំ​កិច្ចការ​នេះ តាមរយៈ​ការ​បំផុសគំនិត​ពី​ព្រះវិញ្ញាណ​របស់​ទ្រង់ ។

ជោគជ័យ​នៅក្នុង​កិច្ចខិតខំ​របស់​ប្អូន​នឹង​នាំ​ឲ្យ​មាន​អព្ភូតហេតុ​ផ្លាស់ប្ដូរ​ទាំង​នៅ​ក្នុង​ដួងចិត្ត​ប្អូន និង​ដួងចិត្ត​យុវនារីដែលប្អូន​ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​ជួយ​សង្គ្រោះ​​នោះ—ហើយ​ការណ៍នេះតម្រូវ​ឲ្យ​មាន​ភាព​ជា​ដៃគូ​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ព្រះវិញ្ញាណអាច​​អនុញ្ញាត​ឲ្យ​ប្អូន​មើល​ទៅឡូរ៉ល​ដែល​មិន​សូវ​សកម្ម​នោះ ដូចជា​ព្រះអម្ចាស់​ទត​មើល​ទៅ​នាង ។ ព្រះអម្ចាស់​​ស្គាល់​ដួងចិត្តនាង និង​ដួងចិត្ត​ប្អូន ហើយ​ទ្រង់​ស្គាល់​ពី​លទ្ធភាព​នៃ​ដួងចិត្ត​ដែល​អាច​ផ្លាស់ប្ដូរ ។ ទ្រង់​អាច​យាង​មក​រក​ប្អូន​ទាំងពីរ​នាក់​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់​ដើម្បី​បំផុសគំនិត​នូវភាព​រាបសា ការ​អភ័យទោស និង​សេចក្ដីស្រឡាញ់ ។

ព្រះវិញ្ញាណ​នោះ​អាច​បំផុស​ពាក្យសម្ដី ទង្វើ និង​ការ​អំណត់​ដែល​ចាំបាច់​សម្រាប់​អ្នក​អញ្ជើញ​កូនចៀម​ឲ្យ​ត្រឡប់​មក​ក្រោល​វិញ​បាន ។ ហើយ​ទ្រង់​អាច​ប៉ះ​ដួងចិត្ត​នៃ​ហ្វូង​ចៀម​ក្នុង​ថ្នាក់​ឡូរ៉ល​​ឲ្យ​ស្រឡាញ់ ហើយ​ស្វាគមន៍​ដល់​ចៀម​ដែល​បាត់​នោះ ដើម្បី​ពេល​នាង​ត្រឡប់មកវិញ នាង​នឹង​មាន​អារម្មណ៍​ថា​នាង​បាន​មក​ផ្ទះ​វិញ ។​

អំណាច​របស់​អ្នក​ដើម្បី​ធ្វើ​ល្អ​ ក្នុងនាម​ជា​ក្រុម​នៃ​បុត្រី​របស់​ព្រះ​នឹង​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅលើ​​សាមគ្គីភាព និង​សេចក្ដី​ស្រឡាញ់​ដែល​មាន​នៅ​ក្នុងចំណោម​បងប្អូន ។ នេះ​គឺជា​អំណោយ​ទាននៃភាព​សុខសាន្ដ​មួយ​ទៀត​ដែល​កើត​មក​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

អាលម៉ាយល់​អំពី​រឿង​នេះ ។ នោះ​ជា​មូលហេតុ​ដែល​លោកបាន​​អង្វរ​ដល់​រាស្ត្រ​របស់​លោក​ថា « មិន​គួរ​ឲ្យ​មាន​ការ​ទាស់​ទែង​គ្នាទៅវិញ​ទៅមក​ឡើយ តែ​ថា ពួកគេ​គួរ​តែ​មើល​ទៅ​មុខ​ដោយភ្នែក​តែ​មួយ មាន​សេចក្ដីជំនឿ​តែ​មួយ និង​បុណ្យជ្រមុជទឹក​តែ​មួយ មាន​ចិត្ត​ចងក្រងរួមគ្នា​ដោយ​សាមគ្គី ហើយ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក » (ម៉ូសាយ ១៨:២១) ។​

សាមគ្គីភាព ​គឺជា​ការ​ចាំបាច់​ដើម្បី​យើង​មាន​ព្រះវិញ្ញាណ​នៅក្នុង​ថ្នាក់ និង​គ្រួសារ​របស់​យើង ។ ប៉ុន្ដែ​បងប្អូន​ដឹងមកពី​បទពិសោធន៍​​ដូច​ខ្ញុំ​​ថា ​សាមគ្គីភាព​ដោយ​ក្ដី​ស្រឡាញ់​ដូច្នេះ​ពិបាក​នឹង​ថែរក្សាណាស់ ។ វា​ត្រូវ​មាន​ព្រះវិញ្ញាណបរិសុទ្ធ​ធ្វើជា​ដៃគូ​ដើម្បីបើក​ភ្នែក​ ហើយ​លត់ដំ​ដួងចិត្តរបស់​យើង ។

ខ្ញុំ​ចាំ​ថា​មាន​ម្ដង​នោះ កូនប្រុស​អាយុ​ប្រាំពីរ ឬប្រាំបី​ឆ្នាំ​របស់​ខ្ញុំ​លោត​លើគ្រែ​យ៉ាង​ខ្លាំង​ដែល​ខ្ញុំ​គិត​ថា​វា​អាច​នឹង​ធ្លាក់ ។​ ខ្ញុំ​មានអារម្មណ៍មួរម៉ៅ ហើយ​ខ្ញុំ​បាន​ទៅ​ភ្លាម​ដើម្បី​រៀបចំ​ឲ្យ​ផ្ទះ​មាន​សណ្ដាប់ធ្នាប់ ។ ខ្ញុំ​បាន​ចាប់​រឹប​ស្មា​កូនប្រុស​ខ្ញុំ​​លើក​ឡើង​មក​ទល់​នឹង​មុខ​ខ្ញុំ ។

ព្រះវិញ្ញាណបាន​ដាក់​ពាក្យ​ក្នុង​ចិត្ត​ខ្ញុំ ។ វា​ហាក់​ដូចជា​ជាសំឡេង​ស្ងប់ស្ងាត់ ប៉ុន្តែ​វា​ចាក់​ទម្លុះ​ដួងចិត្ត​ខ្ញុំ ៖ « អ្នក​កំពុង​តែ​កាន់​មនុស្ស​ដ៏អស្ចារ្យ​ម្នាក់ » ។ ខ្ញុំ​បាន​ដាក់​គាត់​ចុះ​​ថ្នម​ៗ​នៅ​លើ​គ្រែ​វិញ ​រួច​សុំ​អភ័យទោស ។

ឥឡូវ​គាត់​បាន​ក្លាយ​ជា​បុរស​ដ៏​អស្ចារ្យ​ដូច​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ឲ្យ​ខ្ញុំ​មើល​ឃើញ​កាល​ពី ៤០ ឆ្នាំ​កន្លង​ទៅ ។ ខ្ញុំ​មាន​អំណរគុណ​ដ៏​អស់កល្ប​ដែល​ព្រះអម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ពី​អារម្មណ៍ចិត្ត​មិន​ល្អ តាមរយៈ​ការ​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​ខ្ញុំ​មើល​ទៅ​កូន​របស់​ព្រះ​ម្នាក់​ដូចជា​ទ្រង់​ទត​មើល​គាត់​ដែរ ។

សាមគ្គីភាព​ដែល​យើង​ស្វែងរក​នៅក្នុង​ក្រុម​គ្រួសារ​របស់​យើង និង​នៅ​ក្នុង​សាសនាចក្រ​នឹង​កើត​មាន ពេល​យើង​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​មាន​ឥទ្ធិពល​លើ​អ្វី​ដែល​យើង​មើល​ឃើញ ពេល​យើង​មើល​ទៅ​គ្នា​ទៅវិញ​ទៅមក ហើយ​សូម្បី​តែ​ពេល​យើង​គិត​ពីគ្នា​ទៅ​វិញទៅមក​ផង ។ ព្រះវិញ្ញាណ​មើល​ដោយ​សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ។ សូមស្ដាប់​ពាក្យសម្ដី​របស់​មរមន ដែល​ប្រើ​ពិពណ៌នា​អំពី​សេចក្ដីសប្បុរស ។ ចូរ​គិត​ពី​គ្រា​ដែល​បងប្អូន​ធ្លាប់​មានអារម្មណ៍​នេះ ៖

« សេចក្តី​សប្បុរស​តែង​តែ​អត់ធ្មត់ ហើយ​ចិត្តល្អ ហើយ​ពុំ​ចេះឈ្នានីស ហើយ​ពុំ​ចេះ​អួត​ខ្លួន ពុំ​រក​ប្រយោជន៍​ផ្ទាល់ខ្លួន ពុំ​រហ័សខឹង ពុំ​គិតដល់​សេចក្តី​អាក្រក់ ហើយ​ពុំ​ដែលអររីករាយ​ចំពោះ​សេចក្តី​ទុច្ចរិត​ឡើយ ប៉ុន្តែអរ​រីករាយ​តែ​នឹង​សេចក្តីពិត​វិញ គឺ​ទ្រាំទ្រ​ការណ៍​ទាំងអស់ ជឿ​ដល់​ការណ៍​ទាំងអស់ សង្ឃឹម​ដល់​ការណ៍​ទាំង​អស់ ហើយ​ស៊ូទ្រាំទ្រ​ការណ៍​ទាំងអស់ ។

« ហេតុដូច្នោះ​ហើយ ឱ បងប្អូនប្រុស [ហើយ​ខ្ញុំ​បន្ថែម​បងប្អូន​ស្ត្រី]​ ដ៏​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ បើសិន​ជា​អ្នករាល់គ្នា​គ្មាន​សេចក្ដី​សប្បុរស​ទេ នោះ​អ្នករាល់​គ្នា​គ្មាន​អ្វី​ទាំងអស់ ដ្បិត​សេចក្ដី​សប្បុរស​ពុំ​បាត់បង់​ទៅ​ឡើយ ។ ហេតុដូច្នោះហើយ ចូរ​តោង​ជាប់​សេចក្ដី​សប្បុរស​ដែល​ជា​សេចក្ដី​ដ៏​មហិមា​បំផុត ដ្បិត​អ្វី​ផ្សេងៗទៀត​នឹង​ត្រូវ​ខូចបង់—

« ប៉ុន្តែ​សេចក្ដី​សប្បុរស គឺ​ជា​សេចក្ដី​ស្រឡាញ់​ដ៏​សុទ្ធសាធ​នៃ​ព្រះគ្រីស្ទ ហើយ​ស្ថិតស្ថេរ​នៅ​ជានិច្ច ហើយ​អស់​អ្នក​ណា​ដែល​មាន​សេចក្ដី​សប្បុរស​នៅ​ក្នុង​ថ្ងៃចុង​ក្រោយ​បង្អស់​នឹង​បាន​ស្រួល​ដល់​អ្នក​នោះ​ហើយ ។

« ហេតុដូច្នោះ​ហើយ ឱ បងប្អូនប្រុស [ស្ត្រី]​ ដ៏​ជា​ទីស្រឡាញ់​របស់​ខ្ញុំ​អើយ ចូរ​អធិស្ឋាន​ដល់​ព្រះវរបិតា ដោយ​អស់​ពី​កម្លាំង​ចិត្ត ដើម្បី​ឲ្យ​អ្នករាល់​គ្នាបាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​អស់​អ្នក​ណា​ដែល​ជា​អ្នក​ដើរ​តាម​ដ៏​ពិត​នៃ​ព្រះរាជបុត្រា​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​ឲ្យ​អ្នករាល់​គ្នា​អាច​ក្លាយ​ទៅ​ជាបុត្រា ​[និង​បុត្រី] នៃព្រះ ដើម្បី​កាលណា​ទ្រង់​នឹង​លេច​មក នោះ​យើង​រាល់គ្នា​នឹង​បាន​ដូចជា​ទ្រង់ ដ្បិត​យើង​នឹង​ឃើញ​ទ្រង់ ជា​ទ្រង់​ពិត​ប្រាកដ ដើម្បី​ឲ្យ​យើង​អាច​មាន​សេចក្ដី​សង្ឃឹម​នេះ ដើម្បី​ឲ្យ​យើង​អាច​បាន​បរិសុទ្ធ​ដូចជា​ទ្រង់​បរិសុទ្ធ » (មរ៉ូណៃ ៧:៤៥–៤៨) ។

នេះ​គឺជា​គោលដៅ​ដែល​ព្រះវរបិតាសួគ៌​របស់​បងប្អូន​មាន​សម្រាប់​បងប្អូន ដែល​ជា​បុត្រី​ដ៏​មាន​តម្លៃ​របស់​ទ្រង់ ។ សម្រាប់​បងប្អូន វា​អាច​មើល​ទៅ​ហាក់ដូចជា​វាជា​គោលដៅ​មួយនៅ​ឆ្ងាយ ប៉ុន្តែ​តាម​ព្រះចក្ខុ​របស់​ទ្រង់ បងប្អូន​ពុំ​នៅ​ឆ្ងាយ​ពី​វា​ទេ ។ ដូច្នេះ​ទ្រង់​យាង​មក​រក​បងប្អូន​ដោយ​ព្រះវិញ្ញាណ​របស់​ទ្រង់​ដើម្បី​ក្សាន្ដចិត្ត​បងប្អូន លើក​ទឹកចិត្ត​បងប្អូន ហើយ​បំផុសគំនិត​បង​ប្អូន​ឲ្យ​បន្ដ​ឆ្អោះទៅ​មុខ ។

ខ្ញុំ​សូម​បន្សល់​ទុក​នឹង​បងប្អូន​នូវ​សាក្សី​ដ៏​រឹងមាំ​របស់​ខ្ញុំ​ថា ព្រះវរបិតា​សួគ៌​ស្គាល់​តម្រូវការ និង​ឈ្មោះ​បងប្អូន— ស្រឡាញ់​បងប្អូន ហើយ​ស្ដាប់​ឮ​ការ​អធិស្ឋាន​របស់​បងប្អូន ។ បុត្រាដ៏ជាទីស្រឡាញ់របស់​ទ្រង់ កំពុង​អញ្ជើញ​បងប្អូនឲ្យ​មក​រក​ទ្រង់ ។ ហើយ​ពួក​ទ្រង់​បាន​បញ្ជូន​ព្រះវិញ្ញាណ​បរិសុទ្ធ​ឲ្យ​មក​ចូលរួម​នឹង​បងប្អូន​នៅក្នុងការ​ខិតខំ​របស់​បងប្អូន​ដើម្បី​បម្រើ​អ្នកដទៃ​ជំនួស​ទ្រង់ ។

ដោយសារ​តែ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ភាព​ជា​ដៃគូ​ដ៏ខ្ជាប់ខ្ជួននៃ​ព្រះវិញ្ញាណបរិសុទ្ធ នឹង​មាន​ឥទ្ធិពល​ញែក​ឲ្យ​បរិសុទ្ធ និង​ស្អាតស្អំ​ក្នុង​វិញ្ញាណ​របស់​បងប្អូន ។ បងប្អូន​នឹង​ទទួល​អារម្មណ៍​សុខសាន្ដ​ដូចដែល​ព្រះអង្គសង្គ្រោះ​បាន​សន្យា​បន្សល់​ទុក​នៅ​នឹង​ពួកសិស្ស​របស់ទ្រង់ ។​ ជាមួយនឹង​ភាព​សុខសាន្ដ​នោះ នឹង​កើត​មាន​នូវ​ក្ដីសង្ឃឹម​ដ៏​ភ្លឺថ្លា​មួយ និង​អារម្មណ៍​នៃពន្លឺ និង​ក្ដីស្រឡាញ់​មកពី​ព្រះវរបិតា និង​ព្រះ​បុត្រាដ៏ជាទីស្រឡាញ់​របស់​​ទ្រង់ ដែល​ដឹកនាំ​នគរ​របស់​ទ្រង់​នៅលើ​ផែនដី​តាមរយៈ​វិវរណៈ ទៅកាន់​ព្យាការី​នៅ​រស់​របស់​ទ្រង់ ។ ខ្ញុំថ្លែង​ទីបន្ទាល់​ដូច្នោះ នៅក្នុងព្រះនាមនៃព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។