ឆ្នាំ ២០១០-២០១៩
ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ
ខែ មេសា ឆ្នាំ ២០១៧


ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ

ទោះ​ស្ថិត​ក្នុង​គ្រា​ដ៏​លំបាក និងអាប់អួរ​បំផុត​ក្តី ក៏​នៅ​មាន​ពន្លឺ និង​សេចក្តីល្អសប្បុរស​នៅ​ហ៊ុម​ព័ទ្ធជុំ​វិញ​យើង​ដែរ ។

ប៉ុល​បាន​ចែកចាយ​សារលិខិត​ដ៏​អស្ចារ្យ​អំពី​សេចក្តីសង្ឃឹម​ជាមួយ​ពួក​កូរិនថូស ៖

« ដែលយើង​ខ្ញុំ​ត្រូវគេ​សង្កត់សង្កិន​គ្រប់​ជំពូក​តែ​មិន​ទ័ល​ផ្លូវ​ឡើយ មាន​សេចក្តី​វិលវល់​តែ​មិន​ទ័ល​គំនិត​ទេ

មាន​គេ​ធ្វើ​ទុក្ខ​តែ​មិនមែន​ត្រូវ​ចោល​នៅ​ម្នាក់​ឯង​ទេ ត្រូវ​គេ​វាយ​ដួល​ស្តូក​តែ​មិន​ស្លាប់​ទេ » ។

តើអ្វី​ទៅ​ដែល​ជា​ប្រភពនៃ​សេចក្តីសង្ឃឹម​របស់​ប៉ុល ? ចូរ​ស្តាប់​ការ​ពន្យល់​របស់​លោក ៖ « ដ្បិត​គឺ​ជា​ព្រះ​ដែល​មាន​ព្រះបន្ទូល​បង្គាប់​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត ទ្រង់​បាន​បំភ្លឺ​មក​ក្នុង​ចិត្ត​យើង​ខ្ញុំ​ឲ្យ​យើង​ខ្ញុំ​មាន​រស្មី​ពន្លឺ​នៃ​ដំណើរ​ស្គាល់​សិរីល្អ​របស់​ព្រះ ដែល​នៅ​ព្រះភក្ត្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ » ។

ទោះ​ស្ថិត​ក្នុង​គ្រា​ដ៏​លំបាក និងអាប់អួរ​បំផុត​ក្តី ក៏​នៅ​មាន​ពន្លឺ និង​សេចក្តីល្អ​សប្បុរស​នៅ​ហ៊ុម​ព័ទ្ធជុំ​វិញ​យើង​ដែរ ។ កាល​ពី​ខែតុលា​កន្លង​ទៅ​ប្រធាន​ឌៀថើរ អែហ្វ អុជដូហ្វ បាន​រំឭក​យើង​ថា « យើង​ត្រូវបាន​ហ៊ុមព័ទ្ធ​ដោយ​ពន្លឺ និង​សេចក្ដីពិត​ដ៏រំភើប​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ងឿង​ឆ្ងល់​ថា តើ​យើង​ពិតជា​មាន​អំណរគុណ​ចំពោះ​អ្វីៗ​ដែល​យើង​មាន​ដែរ​ឬ​ទេ » ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មារសត្រូវ​ចង់​ឲ្យ​យើង​ផ្តោត​ទៅលើ « អ័ព្ទ​នៃ​សេចក្តីងងឹត … ដែល​ធ្វើ​ឲ្យ​ភ្នែក​ទាំងឡាយ​ខ្វាក់ … ធ្វើឲ្យ​ចិត្តទាំងឡាយ … រឹងរូស … ហើយ… នាំឲ្យ … ចេញ​ឆ្ងាយ​ទៅ » ។

ប៉ុន្តែ​ដោយ​មាន​ការជ្រាបដឹង​ដ៏​ឥតខ្ចោះ​អំពី​ឧបសគ្គ​នៅ​ជំនាន់​របស់​យើង​នេះ ព្រះអម្ចាស់​សន្យាដូច្នេះ ៖ « អ្វី​ដែល​មក​ពី​ព្រះ​ជា​ពន្លឺ ហើយ​អ្នក​ណា​ដែល​ទទួល​ពន្លឺ ហើយ​នៅ​ជាប់​ក្នុង​ព្រះ នោះ​ទទួល​ពន្លឺ​ថែម​ទៀត ហើយ​ពន្លឺ​នោះ​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើងៗ​រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥត​ខ្ចោះ » ។

យើង​ជា​បុត្រា​បុត្រី​របស់ព្រះ ។ ការ​ទទួល​ពន្លឺ ការ​បន្ដ​នៅ​ក្នុង​ព្រះ និង​ការ​ទទួល​ពន្លឺ​បន្ថែម​គឺជា​អ្វី​ដែល​យើង​ត្រូវ​បាន​បង្កើត​ឲ្យ​ធ្វើ ។ ចាប់​តាំង​ពី​ដើម​កំណើត​មក យើង​បាន​ធ្វើ​តាម​ពន្លឺ យើង​ធ្វើតាម​ព្រះវរបិតាសួគ៌​របស់​យើង និង​ផែនការ​របស់​ទ្រង់ ។ ការស្វែងរក​ពន្លឺ​គឺ​ស្ថិតនៅក្នុង DNA ខាង​វិញ្ញាណ​របស់​យើង ។

ខ្ញុំ​បាន​ស្តាប់​ឮ​សេចក្តីពិត​អស់កល្ប​ជានិច្ច​នេះ ដែល​បាន​បង្រៀន​យ៉ាង​ប្រពៃ​នៅ​កន្លែង​មួយ​ដែល​ពុំបាន​រំពឹង​ទុក ។ អំឡុង​ពេល​ខ្ញុំ​ធ្វើ​ការ​ក្នុង​ធនាគារ​ដ៏​ធំ​មួយ ខ្ញុំ​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​កម្មវិធី​សិក្សា​មួយ​នៅ​សាកលវិទ្យាល័យ​មីឈីហ្កេន ។ នៅ​ក្នុង​កម្មវិធី​នោះ​សាស្ត្រាចារ្យ គីម ខេម៉ារ៉ុន បាន​បង្រៀន​អំពី​ទស្សន​នៃ​ភាពជា​អ្នក​ដឹកនាំ​វិជ្ជមាន និង​ឥទ្ធិពល​រីកចម្រើន​ដែល​កើត​មក​ពី​ទស្សន​នោះ ។ លោក​បាន​ពន្យល់​ដូច្នេះ ៖ « ទស្សន​នេះ​គឺ​សំដៅ​លើ​ទំនោរ​ចិត្ត​នៅក្នុង​ប្រព័ន្ធសរីរៈ​ដែល​មានជីវិត​ទាំងអស់ ទោរទន់ទៅរក​ថាមពល​វិជ្ជមាន​គឺ [ ពន្លឺ ] ហើយ​ងាក​ចេញ​ពី​ថាមពល​អវិជ្ជមាន​គឺ [ ភាពងងឹត ] ។ ចេញ​ពី​សរីរាង្គ​ដែល​មាន​កោសិកា​តែ​មួយ បង្កើត​ទៅ​ជា​ប្រព័ន្ធ​សរីរាង្គ​មនុស្ស​ដ៏ស៊ាំញ៉ាំ គ្រប់​សរីរៈ​មាន​ជីវិត​ទាំងអស់​មាន​ទំនោរ​ចិត្ត​តាំង​ពី​កំណើត ទោរទន់​ទៅរក​អ្វី​ដែល​វិជ្ជមាន ហើយ​ងាកចេញ​ពី​អ្វី​ដែល​អវិជ្ជមាន » ។

តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ឥត​គណនា លោក​ក៏​បាន​ផ្តោត​លើ​សមាសភាគ​សំខាន់​បី​យ៉ាង​នៃ​វប្បធម៌​ជោគជ័យ​នៅ​កន្លែង​ធ្វើ​ការ​គឺ ៖ សេចក្តីមេត្តករុណា ការអភ័យទោស និង​ភាពកតញ្ញូ ។​ វា​ធ្វើ​ឲ្យ​យល់​កាន់តែ​ច្បាស់​ថា នៅពេល​មនុស្ស​ងាក​ទៅរក​ភាពវិជ្ជមាន ( ពន្លឺ ) នោះ​លក្ខណៈ​ដ៏​ល្អ​ឥត​ខ្ចោះ​នៃ​គំរូ​មកពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​ជាពន្លឺ​នៃ​ពិភពលោក​មាន​វត្តមាន​ឡើង !

បងប្អូន​ប្រុស​ស្រី សូម​រីករាយ​នឹង​ពន្លឺ​ដែល​មាន​សម្រាប់​ពួកយើង ។ ខ្ញុំសូម​ផ្តល់​យោបល់​អំពីចំណុច​បីយ៉ាង ដែល​យើង​នឹង​រកឃើញ​ពន្លឺ​ជានិច្ច ៖

១. ពន្លឺ​នៃ​សាសនាចក្រ

សាសនាចក្រ​គឺ​ជា​សើន​បញ្ចាំង​ពន្លឺ​ទៅកាន់​ពិភពលោក​ដ៏​អន្ធការ​នេះ ។ នេះ​គឺ​ជា​គ្រា​ដ៏​អស្ចារ្យ​ក្នុងការធ្វើ​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ! សាសនាចក្រ​រឹងមាំ​ជាង​ពេល​ណាៗ​ទាំងអស់ ហើយ​រីកចម្រើន​កាន់តែខ្លាំង​ឡើង​រាល់​ថ្ងៃ នៅពេល​សមាជិក​ថ្មី​ចូលរួម​ជាមួយ​ពួកយើង ពេល​ក្រុម​ជំនុំ​ថ្មី​បង្កើត​ឡើង ពេល​អ្នក​ផ្សព្វផ្សាយ​សាសនា​ត្រូវបានហៅ​បម្រើ និង​ពេល​តំបន់​ថ្មីៗ​បើក​ទទួល​យក​ដំណឹង​ល្អ ។ យើង​ឃើញ​អស់​អ្នក​ដែល​បាន​ងាកចេញ​ពី​សកម្មភាព​ក្នុង​សាសនាចក្រ​មួយ​រយៈ បាន​ត្រឡប់​មក​វិញ​ដោយសារ​តែ​ទស្សនៈគិត​វែងឆ្លាយ​ក្នុង​ការសង្គ្រោះ មក​ពី​ប្រធាន​ថូម៉ាស អេស ម៉នសុន នាំ​ឲ្យ​មាន​អព្ភូតហេតុ​កើត​ឡើង​រាល់ថ្ងៃ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ជួប​នឹង​យុវជន​នៅក្នុង​ប្រទេស​ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ ឈីលី និង​អាហ្សង់ទីន​អំឡុងពេល​សន្និសីទរបស់​ពួកគេ​ក្រោម​ប្រធានបទ ដើម្បី​កម្លាំង​នៃ​យុវជន ។ យុវជន និង​យុវនារី​រាប់​ពាន់​រាប់​ម៉ឺន​នាក់​បាន​ចំណាយ​ពេល​មួយ​សប្តាហ៍ ដើម្បី​ពង្រឹង​សេចក្តីស្រឡាញ់​របស់​ពួកគេ​លើ​ព្រះអង្គសង្គ្រោះ ហើយ​បន្ទាប់​មក​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទៅ​រក​គ្រួសារ និង​មិត្តភក្តិ​របស់​ពួកគេ ដោយ​បញ្ចាំង​នូវ​ពន្លឺ និង​សេចក្តីស្រឡាញ់​របស់​ព្រះគ្រីស្ទ ។

មើល​ចុះ មនុស្ស​តែងតែ​រិះគន់​សាសនាចក្រ​ជានិច្ច ។ វា​តែងតែ​មាន​ការរិះគន់បែប​នេះ ចាប់តាំង​ពី​ដើម​ដំបូង​មក ហើយ​នឹង​បន្ត​មាន​រហូត​តទៅ ។ ប៉ុន្ដែ​យើង​ពុំ​អាច​អនុញ្ញាត​ឲ្យ​ការរិះគន់​បែប​នោះ ធ្វើ​ឲ្យ​ការយល់​ដឹង​របស់​យើង​អំពី​ពន្លឺ​ដែល​មាន​សម្រាប់​យើង​ស្រអាប់​បាន​ឡើយ ។ ការទទួល​ស្គាល់​ពន្លឺ និង​ការស្វែងរក​ពន្លឺ​នឹង​ធ្វើ​ឲ្យ​យើង​សក្តិសម​ក្នុងការ​ទទួល​បាន​ពន្លឺ​បន្ថែម​ទៀត ។

នៅក្នុង​ពិភពលោក​ដ៏​អាប់អួរ​នេះ ពន្លឺ​នៃសាសនាចក្រ នឹង​បំភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ ។

២. ពន្លឺ​នៃ​ដំណឹង​ល្អ

ពន្លឺ​នៃ​ដំណឹង​ល្អ​គឺ​ជា​ផ្លូវ​ដែល « ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កម្លាំង »  ហើយ​វា​រះឡើង​ដោយ​ភ្លឺ​ចិញ្ចែងចិញ្ចាច​នៅក្នុង​គ្រួសារ​យើង និង​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ទូទាំង​ពិភពលោក ។

ប្រកាស​ដំណឹង​ល្អ​របស់​យើង ចែង​ដូច្នេះ ៖ « តាមរយៈ​ពន្លឺ​នៃ​ដំណឹង​ល្អ គ្រួសារ​អាច​រក​ដំណោះស្រាយ​អំពីការភាន់​ច្រឡំ ការឈ្លោះទាស់ទែង និង​ឧបសគ្គ​នានា ។ គ្រួសារ​ដែល​បាក់បែក​មក​ពី​ការខ្វែង​គំនិត​គ្នា​អាច​នឹង​ផ្សះផ្សារ​បាន​តាមរយៈ​ការប្រែចិត្ត ការអភ័យទោស និង​សេចក្តីជំនឿ​នៅក្នុង​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ » ។១០ គ្រួសារ​របស់​យើង​ត្រូវតែ​ធ្វើ​ជា​ប្រភព​នៃ​ពន្លឺ​ដ៏អស្ចារ្យ​ដល់​មនុស្ស​គ្រប់​រូប​ដែល​នៅជុំវិញ​យើង ក្នុងពេល​នេះ​ជាង​ពេល​ណាៗ​ទាំងអស់ ។ គ្រួសារ​រីកចម្រើន​នៅក្នុង​ពន្លឺ​នៅពេល​ពួកគេ​បង្កើន​សេចក្តីស្រឡាញ់ និង​សេចក្តី​សប្បុរស ។ នៅពេល​យើង​បង្កើត​ក្រុមគ្រួសារ​នៃ « សេចក្តីជំនឿ … ការប្រែចិត្ត ការអភ័យទោស ការគោរព​គ្នា សេចក្ដី​ស្រឡាញ់ [ និង ] សេចក្តីមេត្តាករុណា » ១១ នោះ​យើង​នឹង​កាន់តែ​មាន​សេចក្តីស្រឡាញ់​ចំពោះ​ព្រះអង្គសង្គ្រោះ និង​រវាង​គ្នា​នឹង​គ្នា ។ គ្រួសារ​នឹង​រីកចម្រើន​កាន់តែ​ខ្លាំង​ឡើង ហើយ​ពន្លឺ​ដែល​មាន​នៅក្នុង​ខ្លួន​យើង​ម្នាក់ៗ​នឹង​ភ្លឺ​កាន់តែ​ខ្លាំង​ឡើង ។

យើង​អាន​នៅក្នុង Bible Dictionary ( វចនានុក្រម​គម្ពីរ​ប៊ីប​ ) ថា « មាន​តែគេហដ្ឋាន​ប៉ុណ្ណោះ​ដែល​អាច​ប្រៀប​ផ្ទឹម​នឹង​ព្រះវិហារបរិសុទ្ធ​ក្នុង​ភាព​ពិសិដ្ឋ​បាន » ។១២ ឥឡូវ​នេះ​យើង​មាន​ព្រះវិហារ​បរិសុទ្ធ​ដែល​កំពុង​ដំណើរ​ការ​ចំនួន ១៥៥ ហើយ​នឹង​មាន​បន្ថែម​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ ។ ក្រុម​គ្រួសារ​ជាច្រើន​បន្ថែម​ទៀត​ត្រូវបាន​ផ្សារ​ភ្ជាប់ ​សម្រាប់​ជីវិត​នេះ និង​ជីវិត​ដ៏​អស់កល្បជានិច្ច​ ។ សមាជិក​កំពុង​បញ្ជូន​ឈ្មោះ​ជីដូនជីតា​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ដើម្បី​ធ្វើ​ពិធី​បរិសុទ្ធ​នៃ​ការសង្គ្រោះ​ដល់​ពួកគេ ។ យើង​ពិត​ជា​កំពុង​មាន​បទពិសោធន៍​នៃ​អំណរ​ដ៏​មហិមា និង​ការសាទរ​នៅ​ផ្នែក​ទាំង​សង្ខាង​នៃ​វាំងនន !

នៅក្នុង​ពិភពលោក​ដ៏​អាប់អួរ​នេះ ពន្លឺ​នៃដំណឹង​ល្អ នឹង​បំភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ​រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ ។

៣. ពន្លឺ​នៃ​ព្រះគ្រីស្ទ

អ្នក​ពុំ​អាច​និយាយ​អំពី​ពន្លឺ នៅក្នុង ពិភពលោក​នេះ​ដោយ​មិន​និយាយ​អំពី​ពន្លឺ នៃ ពិភពលោក​នេះ​ដែល​ជា​ព្រះយេស៊ូវគ្រីស្ទ​បាន​ឡើយ ។ ការសម្តែង​ចេញ​មក​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​គឺ​ថា មនុស្ស​គ្រប់​គ្នា​ដែល​កើត​មក​ក្នុង​ជីវិត​នេះ ត្រូវបាន​ប្រទាន​ពរ​ឲ្យ​មាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ ដើម្បី​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ ប្រធាន​ប៊យដ៍ ឃេ ផាកកឺ បាន​បង្រៀន​ដូច្នេះ ៖ « ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ​គង់នៅ​ទីនោះ​ជានិច្ច ។… ពន្លឺ​នៃ​ព្រះគ្រីស្ទ មាន​លក្ខណៈ​ទូលំទូលាយ​ដូចជា​ពន្លឺ​ព្រះអាទិត្យ​ដែរ ។ ទីណា​ដែល​មាន​ជីវិត​មនុស្ស​រស់នៅ ទី​នោះ​មាន​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ » ។១៣ ពន្លឺ​នៃ​ព្រះគ្រីស្ទ « អញ្ជើញ ហើយ​ញុះញង់​ឲ្យ​ធ្វើ​ល្អ​ឥត​ឈប់​ឈរ » ១៤ ហើយ​រៀបចំ​អស់​អ្នក​ដែល​ស្វែងរក​សេចក្តីសប្បុរស និង​សេចក្តីពិត​ឲ្យ​ទទួល​បាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះអង្គសង្គ្រោះ​បង្រៀន​ថា ទ្រង់​គឺជា​ពន្លឺ​ដែល « ​បំភ្លឺ​ភ្នែក​អ្នក », « ប្រោស​យោបល់​ដល់​អ្នក » និង « ផ្ដល់​ជីវិត​ដល់​គ្រប់​ទាំង​អស់ » ។១៥ ពន្លឺ​នៃ​ព្រះគ្រីស្ទ​នឹង​ជួយ​យើង​ឲ្យ​មើល​ទៅ​អ្នក​ដទៃ តាមរយៈ​ព្រះនេត្រ​របស់​ព្រះអង្គសង្គ្រោះ ។ យើង​នឹង​កាន់តែ​ស្រឡាញ់ ហើយ​យល់ពី​ការលំបាក​របស់​អ្នក​ដទៃ​កាន់តែ​ច្រើន​ឡើង ។ វា​នឹង​ជួយ​យើង​ឲ្យ​កាន់តែ​មាន​ភាពអត់ធ្មត់​ជាមួយ​អស់​អ្នក​ដែល​ពុំ​ថ្វាយ​បង្គំ​ដូចជា​យើង​ធ្វើ ឬ​បម្រើ​ដូច​ជា​ពួកយើង ។ វា​នឹង​ជួយ​យើង​ឲ្យ​យល់​ពី​ផែនការ​​នៃ​សុភមង្គល​ដ៏​មហិមា​កាន់តែ​ពេញលេញ ហើយ​ឃើញ​អំពី​របៀប​ដែល​យើង​ទាំងអស់​គ្នា​សក្តិសម​ទៅនឹង​ផែនការ​នៃ​សេចក្តីស្រឡាញ់​ដ៏​មហិមា​នោះ ។ វា​ផ្តល់​ជីវិត អត្ថន័យ និង​គោលបំណង​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​យើង​ធ្វើ ។ ឥឡូវ​នេះ​ជាមួយ​នឹង​សុភមង្គល​ទាំងអស់​ដែល​នឹង​កើត​ឡើង​ចំពោះ​យើង នៅពេល​យើង​យល់​កាន់តែ​ពេញលេញ​អំពី​ពន្លឺ​នៃ​ព្រះគ្រីស្ទ នោះ​វា​នឹង​ពុំ​អាច​ប្រៀប​ផ្ទឹម​ទៅ​នឹង​អំណរ ដែល​យើង​ទទួល​បាន កាល​យើង​ឃើញ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​ដឹកនាំ​មនុស្ស​ដទៃ​ឡើយ​ដូចជា ៖​គ្រួសារ មិត្តភក្ដិ និង​សូម្បី​តែ​អ្នក​ដទៃ​ដែល​យើង​មិន​ធ្លាប់​ស្គាល់​សោះ ។

រូបភាព
ការ​ពន្លត់អគ្គិភ័យ​សាលា​ប្រជុំ

ខ្ញុំ​ទទួល​បាន​អំណរ​នោះ កាល​ខ្ញុំ​បាន​ឮ​អំពី​ការខិតខំ​របស់​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ដ៏​ក្លាហាន បាន​តស៊ូ​សង្គ្រោះ​មជ្ឈមណ្ឌល​ស្តេក​ដែល​ឆេះ​នៅក្នុង​រដ្ឋ កាលីហ្វូញ៉ា​ភាគខាង​ត្បូង​ក្នុង​ឆ្នាំ ២០១៥ ។ នៅពេល​ភ្លើង​កំពុង​ឆេះ​យ៉ាងសន្ធោរសន្ធៅ នោះ​មេបញ្ជាការ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​ហៅ​មិត្តភក្តិ​ដែល​ជាពួក អិល.ឌី.អេស ដើម្បី​សួរ​អំពី​កន្លែង​ទុក​វត្ថុ​ពិសិដ្ឋ និង​ពែង​សាក្រាម៉ង់ ដើម្បី​ពួកគេ​អាច​ជួយ​យក​វត្ថុ​ទាំង​នោះ​ចេញ​មក ។ មិត្ត​ភក្ដិ​របស់​គាត់​បាន​បញ្ជាក់​ប្រាប់​គាត់​ថា គ្មាន​វត្ថុ​ពិសិដ្ឋ​អ្វី​ទេ ហើយ​ពែង​សាក្រាម៉ង់​នោះ​គឺ​ជា​ធម្មតា​អាច​រក​ទិញ​ថ្មី​បាន ។ ប៉ុន្តែ​មេបញ្ជាការ​នោះ​មាន​អារម្មណ៍​ថា គាត់​គួរតែ​ធ្វើ​អ្វី​បាន​ច្រើន​ជាង​នោះ ដូច្នេះ​គាត់​បាន​បញ្ជូន​អ្នក​ពន្លត់​ភ្លើង ឲ្យ​ត្រឡប់​ទៅ​ក្នុង​អគារ​ដែល​កំពុងឆេះ​នោះ ដើម្បី​ដក​យក​រូបគំនូរ​ព្រះគ្រីស្ទ​ទាំងអស់​ចេញ​ពី​ជញ្ជាំង ដើម្បី​រក្សា​វា​ទុក ។ ពួកគេ​ថែមទាំង​បាន​ព្យួរ​រូប​គំនូរ​នោះ​មួយ​នៅ​លើ​រថយន្ត​ពន្លត់​អគ្គិភ័យ​ផងដែរ ដោយ​សង្ឃឹម​ថា​អ្នក​ពន្លត់​អគ្គិភ័យ​នឹង​មើល​ថែ​វា ។ ខ្ញុំ​ពិត​ជា​រំជួលចិត្ត​ដោយសារ​តែ​សេចក្តីសប្បុរស សេចក្តីល្អ និង​ការយល់ដឹង​អំពី​ពន្លឺ​របស់​មេបញ្ជា​នោះ អំឡុង​គ្រា​គ្រោះថ្នាក់ និង​លំបាក ។

រូបភាព
ការ​ជួយ​យក​រូប​គំនូរ​របស់​ព្រះអង្គសង្គ្រោះ​ចេញ​ពី​អគ្គិភ័យ
រូបភាព
អ្នក​ពន្លត់​អគ្គិភ័យ​ជាមួយ​នឹង​រូប​គំនូរ​របស់​ព្រះអង្គសង្គ្រោះ

នៅក្នុង​ពិភពលោក​ដ៏​អាប់អួរ​នេះ ពន្លឺ​នៃព្រះគ្រីស្ទ នឹង​បំភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ រហូត​ដល់​ថ្ងៃ​បាន​ល្អ​ឥតខ្ចោះ !

ខ្ញុំ​សូម​ថ្លែង​ប្រសាសន៍​របស់​ប៉ុល​ម្តង​ទៀត ៖ « យើង​ត្រូវ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ » ។១៦ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះគ្រីស្ទ ។ ទ្រង់​ជា​ពន្លឺ​នៃ​ពិភពលោក ។ សូម​ឲ្យ​យើង​ត្រូវបាន​ពង្រឹង​ឡើង​តាមរយៈ​ពន្លឺ ដែល​មាន​សម្រាប់​ពួកយើង តាមរយៈ​ការចូលរួម​កាន់តែ​ប្រសើរ​ឡើង​នៅ​ព្រះវិហារ និង​ការអនុវត្ត​គោលការណ៍​នៃ​ដំណឹង​ល្អ​កាន់តែ​ខ្លាំង​ឡើង​នៅក្នុង​ក្រុមគ្រួសារ​យើង ។ សូម​ឲ្យ​យើង​មើល​ឃើញ​ពន្លឺ​នៃ​ព្រះគ្រីស្ទ​នៅក្នុង​មនុស្ស​ដទៃ​ជានិច្ច ហើយ​ជួយ​ពួកគេ​ឲ្យ​មើល​ឃើញ​ពន្លឺ​នោះ​នៅក្នុង​ខ្លួន​ពួកគេ​ផងដែរ ។ នៅពេល​យើង​ទទួល​ពន្លឺ​នោះ យើង​នឹង​ទទួល​បាន​ពរ​ឲ្យ​មាន​ពន្លឺ​បន្ថែម​ទៀត គឺ​រហូត​ដល់​ថ្ងៃបាន​ល្អ​ឥត​ខ្ចោះ នៅពេល​យើង​ឃើញ « ព្រះវរបិតា​នៃ​ពន្លឺ » ម្តង​ទៀត ១៧ គឺ​ព្រះវរបិតាសួគ៌​របស់​យើង ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ក្នុង​ព្រះនាម​ដ៏​បរិសុទ្ធ​ជា​ពន្លឺ​នៃ​ពិភពលោក​គឺ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។