ឆ្នាំ ២០១០-២០១៩
ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គាត់​ដោយ​ស្រឡាញ់
ខែ មេសា ឆ្នាំ ២០១៧


ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គាត់​ដោយ​ស្រឡាញ់

គ្រប់ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ថា បងប្អូន​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​កិច្ចការ​ដែល​លំបាក ចូរ​គិត​អំពី​ព្រះអម្ចាស់​ដែលទ្រង់​ទត​ទៅបងប្អូន ស្រឡាញ់បងប្អូន ហើយ​អញ្ជើញ​បងប្អូន​ឲ្យ​មក​តាម​ទ្រង់ ។

ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​នឹង​ភរិយា​ខ្ញុំ ចាកគីត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អធិបតី​លើ​បេសកកម្ម​ ស្ពូកខាន វ៉ាស៊ីនតោន ។ ពួកយើង​បាន​ទៅដល់​តំបន់​បេសកកម្ម​ ដោយ​មាន​អារម្មណ៍​ភ័យ​ផងអរផង ចំពោះ​ការទទួល​ខុសត្រូវ​ក្នុងការ​ធ្វើការ​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ដ៏​អស្ចារ្យ​ជាច្រើន​នាក់ ។ ពួកគេ​មាន​ប្រវត្តិ​ខុសៗ​គ្នា ហើយ​មិន​យូរ​ប៉ុន្មាន​ពួកគេ​បាន​ក្លាយ​ដូច​ជា​កូនប្រុសស្រី​ផ្ទាល់​របស់​យើង ។

ទោះបី​ជា​ពួកគេ​ស្ទើរតែ​គ្រប់រូប​បាន​ធ្វើកិច្ចការ​យ៉ាងល្អ​ប្រពៃ​ក្តី ក៏​មាន​ពួកគេ​មួយ​ចំនួន​មាន​ការលំបាក​នឹង​ការរំពឹង​ទុក​ដ៏​ខ្ពស់​នៃ​ការហៅ​របស់​ពួកគេ​ផងដែរ ។ ខ្ញុំ​ចាំ​ថា​មាន​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ប្រាប់​ខ្ញុំ​ថា « ប្រធាន​ខ្ញុំ​មិនចូលចិត្ត​មនុស្ស​ទេ » ។ ពួកគេ​ជាច្រើន​នាក់​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​ខ្វះ​បំណង​ប្រាថ្នា ដើម្បី​ធ្វើ​តាម​​ច្បាប់​ដ៏​តឹងរឹង​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។ ខ្ញុំ​បារម្ភ ហើយ​ឆ្ងល់​ថា​តើ​យើង​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ផ្លាស់ប្តូរ​ដួងចិត្ត​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​នោះ ដែលពុំ​ទាន់​បាន​ដឹង​អំពី​អំណរ​នៃ​ការគោរព​ប្រតិបត្តិ ។

ថ្ងៃ​មួយ​អំឡុង​ពេល​បើកបរ​ឆ្លងកាត់​វាលស្រែ​ដ៏​ស្រស់ស្អាត​នៅព្រំដែនរដ្ឋ​វ៉ាស៊ីនតោន និង​រដ្ឋ​អៃដាហូ នោះ​ខ្ញុំ​បាន​ស្តាប់​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែល​ថត​ជា​សំឡេង ។ ពេល​ខ្ញុំ​ស្តាប់​ដំណើរ​រឿង​មួយ​ដែល​ធ្លាប់​ស្តាប់​ឮ​ពីមុន​អំពី​កម្លោះ​អ្នក​មាន​ម្នាក់ បាន​មក​រក​ព្រះអង្គសង្គ្រោះ​ដើម្បី​សួរ​ថា តើ​គាត់​អាច​ធ្វើ​អ្វី​ទៀត​ដើម្បី​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច នោះ​ខ្ញុំ​បាន​ទទួល​វិវរណៈ​ដែល​ពុំ​បាន​រំពឹង​ទុក ប៉ុន្តែ​ជា​វិវរណៈ​ផ្ទាល់​ខ្លួន​យ៉ាង​អស្ចារ្យ ដែល​ឥឡូវ​នេះ​វា​គឺ​ជា​អនុស្សាវរីយ៍​ដ៏​ពិសិដ្ឋ​មួយ ។

បន្ទាប់​ពី​ស្តាប់​ឮ​ព្រះយេស៊ូវ​រៀបរាប់​ព្រះបញ្ញត្តិ ហើយ​កម្លោះ​អ្នក​មាន​​នោះ​តប​ថា​ គាត់​បាន​ប្រតិបត្តិ​តាម​បទបញ្ញត្តិ​ទាំង​នេះ​តាំង​ពី​ក្មេង​មក នោះ​ខ្ញុំ​បាន​ស្តាប់​រក​ការកែតម្រូវ​ដ៏​រាបសា​របស់​ព្រះអង្គសង្គ្រោះ​ដូច្នេះ ៖ « អ្នក​នៅ​ខ្វះ​កិច្ច​មួយ​ទៀត… ​ចូរលក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ហើយ …. មក … តាម​ខ្ញុំ​ចុះ » ។ ផ្ទុយ​ទៅវិញ​ដោយ​ក្តី​ភ្ញាក់​ផ្អើល ខ្ញុំ​បាន​ស្តាប់​ឮ​ពាក្យ​ប្រាំ​មួយ​ម៉ាត់​ពីមុន​ផ្នែក​នៃ​ខគម្ពីរ​ទាំង​នោះ ដែល​ខ្ញុំ​ហាក់ដូច​ជា​ពុំ​ធ្លាប់​បាន​ឮ ឬ​អាន​ពីមុន​សោះ ។ ហាក់​ដូច​ជា​ពាក្យ​ទាំង​នោះ​ទើប​តែ​ត្រូវបាន​បន្ថែម​ទៅ​ក្នុង​ខគម្ពីរ ។ ខ្ញុំ​មាន​ចិត្ត​អស្ចារ្យ​នឹង​ការយល់ដឹង​ដ៏​បំផុស​គំនិត​នោះ​ដែល​បាន​បើក​សម្តែង​នៅ​ពេល​ក្រោយ​មក ។

តើ​ពាក្យ​ទាំង​ប្រាំមួយ​ម៉ាត់​​ដែល​មាន​ឥទ្ធិពល​ខ្លាំងបែប​នោះ​គឺ​ជាពាក្យ​អ្វី ? ចូរ​ស្តាប់​ដើម្បី​ឃើញ​ថា អ្នក​អាច​ស្គាល់​ពាក្យសាមញ្ញ​ទាំង​នេះ ដែល​គ្មាន​នៅក្នុង​ដំណើរ​រឿង​នៃដំណឹង​ល្អ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​នៅ​ក្នុង​ដំណឹង​ល្អ​នៃ​ម៉ាកុស​ប៉ុណ្ណោះ ៖

« នោះ​មាន​ម្នាក់​រត់​មក…ហើយ​ទូល​សួរ​ថា លោក​គ្រូ​ល្អ​អើយ តើ​ត្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច ប្រយោជន៍​ឲ្យ​បាន​គ្រង​ជីវិត​រស់​អស់​កល្ប​ជានិច្ច ?

ព្រះយេស៊ូវ​មាន​ព្រះបន្ទូល​ទៅ​គាត់​ថា…

 អ្នក​បាន​ស្គាល់​បញ្ញត្តិ​ទាំង​ប៉ុន្មាន​ហើយ ដែល​ថា កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សម្លាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​គេ​ឲ្យ​សោះ កុំ​ឲ្យ​ធ្វើ​ជា​ទី​បន្ទាល់​ក្លែង​ឲ្យ​សោះ កុំ​ឲ្យ​បំបាត់​គេ​ឲ្យ​សោះ ចូរ​គោរព​ប្រតិបត្តិ​ដល់​ឪពុក​ម្តាយ​ឯង ។

តែ​គាត់​ទូល​ឆ្លើយ​ថា…លោក​គ្រូ ខ្ញុំ​បាន​កាន់​តាម​សេចក្តី​ទាំង​នោះ តាំង​ពី​ក្មេង​មក​ដែរ ។

ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គាត់ ដោយ​ស្រឡាញ់ ហើយ​មាន​ព្រះបន្ទូល​ថា អ្នក​នៅ​ខ្វះ​កិច្ច​មួយ​ទៀត គឺ​ត្រូវ​ទៅ​លក់​របស់​ទ្រព្យ​អ្នក​ទាំង​ប៉ុន្មាន ចែក​ទាន​ឲ្យ​ដល់​ពួក​អ្នក​ក្រ​ទៅ នោះ​អ្នក​នឹង​បាន​ទ្រព្យសម្បត្តិ​នៅ​លើ​ស្ថានសួគ៌​វិញ រួច​ឲ្យ​ផ្ទុក​ឈើ​ឆ្កាង​មក​តាម​ខ្ញុំ​ចុះ » ។

« ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គាត់​ដោយ​ស្រឡាញ់ » ។

នៅពេល​ខ្ញុំ​ឮ​ពាក្យ​ទាំង​នេះ រូបភាព​ដ៏​ច្បាស់លាស់​មួយ​បាន​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ​អំពី​ព្រះអម្ចាស់ ឈប់​គង់​មួយ​សន្ទុះ ហើយទតទៅ កម្លោះ​​ម្នាក់​នោះ ។ ទត​ទៅ—គឺ​ការ​ទត​មើល​ឲ្យ​ស៊ីជម្រៅ និង​ទត​មើល​ធ្លុះ​ដល់​ព្រលឹង​កម្លោះ​នោះ ដោយ​ទទួល​ស្គាល់​សេចក្តីល្អ​សប្បុរស​របស់​គាត់ ព្រមទាំង​សក្តានុពល​របស់​គាត់ ក៏​ដូចជា​ការញែក​ដឹង​ពី​តម្រូវការ​ដ៏​ធំធេង​របស់​គាត់ ។

បន្ទាប់​មក​ពាក្យ​សាមញ្ញ​នេះ—ព្រះយេស៊ូវ ស្រឡាញ់ គាត់ ។ ទ្រង់​មាន​ក្តីស្រឡាញ់ និង​សេចក្តីអាណិតមេត្តា​​ដ៏​ច្រើន​លើសលុប​ដល់​កម្លោះល្អ​ម្នាក់​នេះ ហើយ​ដោយសារសេចក្តីស្រឡាញ់ និង​ជាមួយនឹង​សេចក្តីស្រឡាញ់​នេះ ព្រះយេស៊ូវ​បាន​សុំឲ្យ​គាត់​ធ្វើកិច្ចការ​កាន់តែ​ច្រើន​បន្ថែម​ទៀត ។ ខ្ញុំ​បាន​ស្រមៃ​មើល​ថា តើ​កម្លោះ​ម្នាក់​នេះ​មាន​អារម្មណ៍​បែប​ណា ចំពោះ​សេចក្តីស្រឡាញ់​ដ៏​ខ្លាំង​បែប​នេះ​ដែល​គាត់​បាន​ទទួល ខណៈ​ដែល​ត្រូវបាន​សុំ​ឲ្យ​ធ្វើ​កិច្ចការ​ដ៏​សែន​លំបាក ដូចជា​ការ​លក់​ទ្រព្យ​សម្បត្តិ​ដែល​​គាត់​មាន ហើយ​ចែកវា​ដល់​អ្នក​ក្រ ។

នៅ​គ្រា​នោះ ខ្ញុំ​បាន​ដឹង​ថា ពុំមែន​មាន​តែ​អ្នក​ផ្សព្វផ្សាយ​មួយ​ចំនួន​នោះ​ទេ​ដែល​ត្រូវ​ផ្លាស់ប្តូរ​ចិត្ត ។ ខ្ញុំ​ក៏​ត្រូវ​ផ្លាស់ប្តូរ​ចិត្ត​ផងដែរ ។ គ្មាន​សំណួរសួរ​ថា « តើ​ប្រធាន​បេសកកម្ម​ដែល​មាន​ចិត្ត​ស្មុគស្មាញ​អាច​ជួយ​ឲ្យ​អ្នកផ្សព្វផ្សាយ​សាសនា​ដែល​មាន​ការលំបាក​ឲ្យ​ប្រព្រឹត្ត​បាន​ប្រសើរ​ឡើង​យ៉ាង​ដូច​ម្តេច​ទៅ ? » ទៀត​ហើយ ។ ផ្ទុយទៅវិញ សំណួរ​នោះ​គឺ​ថា « តើ​ខ្ញុំ​អាច​បំពេញ​សេចក្តីស្រឡាញ់​ដូច​ជា​ព្រះគ្រីស្ទ​ក្នុង​ចិត្ត​ខ្ញុំ​តាមរបៀប​ណា ដើម្បី​ឲ្យ​អ្នក​ផ្សព្វផ្សាយ​សាសនា អាច​ទទួល​អារម្មណ៍​នៃ​ក្តីស្រឡាញ់​របស់​ព្រះ តាមរយៈ​ខ្ញុំ ហើយ​មាន​បំណង​ផ្លាស់ប្តូរ​នោះ ? » តើ​ខ្ញុំ​អាច​មើល​ពួកគេ​ដូច​ព្រះអម្ចាស់​បាន​ទត​មើល​កម្លោះ​អ្នក​មាន​នោះ​យ៉ាង​ដូចម្តេច ដោយការ​មើល​​ថា តើ​ពួកគេ​ជា​មនុស្ស​បែបណា ហើយ​ពួកគេ​អាច​ប្រែទៅ​ជា​បែប​ណា ជាជាង​ការគ្រាន់តែ​មើល​ថា តើ​ពួកគេ​ធ្វើ​ ឬ​មិន​ធ្វើ​អ្វី​ខ្លះ ? តើ​ខ្ញុំ​អាច​ប្រែ​កាន់តែ​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​ដោយ​របៀប​ណា ?

« ព្រះយេស៊ូវ​ទ្រង់​ទត​ទៅ​គាត់​ដោយ​ស្រឡាញ់ » ។

ចាប់​តាំង​ពី​ពេល​នោះ​មក ពេល​ខ្ញុំ​ជួប​ជាមួយ​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​ដែលមានភាពលំបាក ក្នុងការ​គោរពប្រតិបត្តិ​នូវ​ច្បាប់​មួយ​ចំនួន នោះ​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​បាន​ឃើញ​យុវជន ឬ​យុវនារី​ស្មោះត្រង់ ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​ចេញ​បម្រើ​បេសកកម្ម ។ នោះ​ខ្ញុំ​អាច​និយាយ​ដោយ​អស់​ទាំង​អារម្មណ៍​របស់​មេបា​ដ៏​ទន់ភ្លន់​ម្នាក់ដូច្នេះ ៖​ « អែលឌើរ ឬ ស៊ិស្ទើរ​អើយ ប្រសិន​បើ​ខ្ញុំ​ពុំ​ស្រឡាញ់​អ្នក​ទេ នោះ​ខ្ញុំ​ពុំ​ខ្វល់ថា​មាន​អ្វី​កើត​ឡើង​ក្នុង​បេសកកម្ម​របស់​អ្នក​ឡើយ ។ ប៉ុន្តែ​ខ្ញុំ​ពិត​ជាស្រឡាញ់​អែលឌើរ ស៊ីស្ទើរ​ណាស់ ហើយ​ដោយសារ​ខ្ញុំ​ស្រឡាញ់​អ្នក នោះ​ខ្ញុំ​ខ្វាយខ្វល់​ថា​តើ​អ្នកនឹង​ប្រែក្លាយ​ជា​មនុស្ស​ប្រភេទ​ណា ។​ ដូច្នេះ​ខ្ញុំ​អញ្ជើញ​អ្នក​ឲ្យ​ផ្លាស់ប្តូរ​រឿង​ដែល​លំបាក​ដល់​អ្នក ហើយ​កែប្រែ​ខ្លួន​អ្នក​ឲ្យក្លាយ​ជា​មនុស្ស​ដែល​ព្រះ​អម្ចាស់​សព្វ​ព្រះទ័យ » ។

គ្រប់ពេល​ដែល​ខ្ញុំ​ទៅ​សម្ភាស​អ្នក​ផ្សព្វផ្សាយ​សាសនា ដំបូង​ខ្ញុំ​អធិស្ឋាន​ទូលសុំ​អំណោយ​ទាន​នៃ​សេចក្តីសប្បុរស ហើយ​ថា​ខ្ញុំ​អាច​មើល​ឃើញ​អែលឌើរ និង​ស៊ីស្ទើរ ដូច​ព្រះអម្ចាស់​ទត​មើល​ឃើញ​ពួកគេ​ដែរ ។

ពីមុន​សន្និសីទ​ស្សូន ពេល​ស៊ីស្ទើរ ផលម័រ និង​ខ្ញុំ​ស្វាគមន៍​អ្នក​ផ្សព្វផ្សាយ​សាសនាម្តង​ម្នាក់ៗ នោះ​ខ្ញុំ​បាន​ឈប់​មួយ​សន្ទុះ ហើយ​មើលយ៉ាង​ស៊ីជម្រៅ​ចំ​កែវ​ភ្នែក​របស់​ពួកគេ​សម្លឹង​មើល​ពួកគេ—ដែល​វាគឺ​ជា​ការសម្ភាសន៍​ដោយ​មិន​ចេញស្តី​—ហើយ​ដោយ​ពុំ​ខកចិត្ត នោះ​ខ្ញុំ​បាន​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​​​ដ៏​ខ្លាំង​ដល់​បុត្រា និង​បុត្រី​នៃ​ព្រះ​ដ៏​មាន​តម្លៃ​ទាំង​នោះ ។

ខ្ញុំ​បាន​រៀន​មេរៀន​ជាច្រើន​ទៀត ដែល​ផ្លាស់ប្តូរ​ជីវិត​មក​ពី​បទពិសោធន៍​ផ្ទាល់​ខ្លួន​យ៉ាង​ជ្រាលជ្រៅ​ជាមួយ​នឹង​ គម្ពីរ​ម៉ាកុស​ជំពូក ១០ ។ នេះ​គឺ​ជា​មេរៀន​បួន​ដែល​ខ្ញុំ​ជឿ​ថា​នឹង​ជួយ​ដល់​ពួក​យើង​ម្នាក់ៗ ៖

  1. នៅពេល​យើង​រៀន​មើល​ទៅ​អ្នក​ដទៃ ដូច​ជា​ព្រះអម្ចាស់​ទតមើល​ពួកគេ ជាជាង​មើល​ដោយ​ភ្នែក​ផ្ទាល់​របស់​យើង នោះ​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ពួកគេ​នឹង​កើន​ឡើង ហើយ​បំណង​ប្រាថ្នា​យើង​ដើម្បី​ជួយ​ពួកគេ​ក៏​កើន​ឡើង​ផងដែរ ។ យើង​នឹង​ឃើញ​សក្តានុពល​​ដែល​មាន​នៅក្នុង​ខ្លួន​អ្នកដទៃ ដែល​ពួកគេ​ហាក់​បី​ដូចជា​មើល​ពុំ​ឃើញ​ដោយ​ខ្លួន​ឯង ។ ជាមួយ​នឹង​សេចក្តីស្រឡាញ់​ដូចជា​ព្រះគ្រីស្ទ នោះ​យើង​នឹង​ពុំ​ខ្លាច​និយាយ​ដោយ​​ក្លាហាន​ឡើយ ដ្បិត « សេចក្តី​ស្រឡាញ់​ដែល​ពេញ​ខ្នាត នោះ​បណ្តេញ​សេចក្តី​ភ័យ​ខ្លាច​ចេញ » ។​ ហើយ​យើង​នឹង​ពុំ​ចុះចាញ់​ឡើយ ដោយ​ចងចាំ​ថា​អស់​អ្នក​ដែល​ពិបាក​នឹង​ស្រឡាញ់​បំផុត គឺ​ត្រូវការ​សេចក្តីស្រឡាញ់​ខ្លាំង​បំផុត ។

  2. គ្មានការបង្រៀន ឬ​ការរៀនសូត្រ​ពិតប្រាកដ​ណា ដែល​នឹង​កើត​ឡើងបាន​ឡើយ នៅ​ពេល​ត្រូវបាន​ធ្វើ​ឡើង​ក្នុងភាព​ស្មុគស្មាញ ឬ​កំហឹង ហើយ​ដួងចិត្ត​នឹង​ពុំ​ផ្លាស់ប្តូរ​ឡើយប្រសិនបើ​គ្មាន​វត្តមាន​នៃ​សេចក្តីស្រឡាញ់​នោះ ។ ទោះបីជា​យើង​ធ្វើតាម​តួនាទី​យើង​ជា​ឪពុកម្តាយ គ្រូបង្រៀន ឬ​ថ្នាក់ដឹកនាំ​ក្តី ការ​បង្រៀន​ដ៏​ពិត​​នឹង​កើត​មាន​ឡើង​តែ​ក្នុង​បរិយាកាស​នៃ​ការទុកចិត្ត​ប៉ុណ្ណោះ ពុំមែន​ដោយ​ការកាត់ទោស​នោះ​ទេ ។ គេហដ្ឋាន​របស់​យើង​គប្បី​ជា​ស្ថានសួគ៌​ដ៏​សុវត្ថិភាព​ជានិច្ច​សម្រាប់​កូនៗ​យើង—ពុំមែន​ជា​បរិយាកាសមិនគួរ​ឲ្យ​ពេញ​ចិត្ត​នោះ​ទេ ។

  3. សេចក្តីស្រឡាញ់​ពុំ​គួរ​ដកយក​ចេញ​ឡើយ នៅពេល​កូន មិត្ត​ភក្ដិ ឬ​សមាជិក​គ្រួសារ​ពុំ​បាន​រស់នៅ​តាម​ការរំពឹង​ទុក​របស់​យើង ។ យើង​ពុំដឹង​ថា​មាន​អ្វី​កើត​ឡើង​ចំពោះ​កម្លោះ​អ្នកមាន​នោះ​ឡើយ បន្ទាប់​ពី​គាត់​បាន​ចាកចេញ​ទៅ​ដោយក្តីព្រួយ ប៉ុន្តែ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ព្រះយេស៊ូវ​នៅតែ​ស្រឡាញ់​គាត់យ៉ាង​ឥតខ្ចោះ ទោះបីជា​គាត់​បាន​ជ្រើសរើស​ផ្លូវ​ដែល​ងាយស្រួល​ជាង​នោះ​ក្តី ។ ប្រហែល​ជា​ពេល​គាត់​ចាស់​ទៅ គាត់​ឃើញ​ថា​ទ្រព្យសម្បត្តិ​មហាសាល​របស់​គាត់​នោះ​គ្មាន​តម្លៃ​ឡើយ គាត់​ចាំ ហើយ​ធ្វើ​តាម​បទពិសោធន៍​ដ៏​អស្ចារ្យ​របស់​ព្រះអម្ចាស់ ដោយការទតមើល​ទៅ​គាត់ ស្រឡាញ់​គាត់ ហើយ​អញ្ជើញ​គាត់​ឲ្យ​មក​តាម​ទ្រង់ ។

  4. ដោយសារ​ទ្រង់​ស្រឡាញ់​យើង នោះ​ព្រះអម្ចាស់​រំពឹង​អ្វីៗ​ជាច្រើន​ពី​យើង ។ ប្រសិនបើ​យើង​បន្ទាបខ្លួន នោះ​យើង​នឹង​ស្វាគមន៍​ការអញ្ជើញ​របស់​ព្រះ​អម្ចាស់​​ឲ្យ​ប្រែចិត្ត លះបង់ និង​បម្រើ​ ទុកជា​ភស្តុតាង​នៃ​សេចក្តីស្រឡាញ់​ឥតខ្ចោះ​របស់​ទ្រង់​ចំពោះ​ពួកយើង ។ ក្រៅពីនោះ ការអញ្ជើញ​ឲ្យ​ប្រែចិត្ត​ក៏​ជា​ការអញ្ជើញ​មួយ ដើម្បី​ទទួល​អំណោយ​ទាន​ដ៏អស្ចារ្យ​នៃ​ការអភ័យ​ទោស និង​មាន​ភាពសុខសាន្ត​ផងដែរ ។ ហេតុដូច្នោះ​ហើយ « កុំ​ឲ្យ​មើលងាយ…សេចក្តី​ផ្ចាញ់ផ្ចាល​របស់​ព្រះអម្ចាស់​ឡើយ ក៏​កុំ​ឲ្យ​រសាយ​ចិត្ត​ក្នុង​កាល​ដែល​ទ្រង់​បន្ទោស​ឯង​ដែរ ដ្បិត​ព្រះអម្ចាស់​ទ្រង់​ផ្ចាញ់​ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ » ។

បងប្អូន​ប្រុសស្រី​ជាទីស្រឡាញ់​របស់​ខ្ញុំ​អើយ ឥឡូវ​នេះគ្រប់ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ថា​បង​ប្អូន​ត្រូវបាន​សុំ​ឲ្យ​ធ្វើកិច្ចការ​ដែល​លំបាក—ដូចជា បោះបង់​ចោល​ទម្លាប់​អាក្រក់ ឬ​ការញៀន ទុកចំណាប់​អារម្មណ៍​ខាង​លោកិយ​មួយ​អន្លើរ លះបង់​ចោល​សកម្មភាព​ដែល​ចូលចិត្ត​ដោយសារ​វា​ជា​ថ្ងៃ​ឈប់​សម្រាក អភ័យទោស​ដល់​នរណា​ម្នាក់​បាន​ធ្វើ​ខុស​នឹង​អ្នក—ចូរ​គិត​អំពី​ព្រះអម្ចាស់​ដែលទ្រង់​ទត​ទៅបងប្អូន ស្រឡាញ់​បងប្អូន ហើយ​អញ្ជើញ​បងប្អូន​ឲ្យបោះបង់​ចោល​អ្វីៗ​ទាំង​នោះ ហើយ​មក​តាម​ទ្រង់ ។ ហើយ​ថ្លែង​អំណរគុណ​ទ្រង់​ចំពោះ​សេចក្តីស្រឡាញ់​ទ្រង់​ដល់​បងប្អូន​គ្រប់គ្រាន់​ល្មម ដើម្បី​អញ្ជើញ​បងប្អូន​ឲ្យ​ធ្វើ​កិច្ចការ​បន្ថែម​ទៀត ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​​អំពី​ព្រះអង្គសង្គ្រោះ​​យើងគឺ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ទន្ទឹង​រង់ចាំ​ដល់​ថ្ងៃ​ ដែល​ទ្រង់​នឹង​លាត​ព្រះហស្ត​ទ្រង់​ឱប​យើង​ម្នាក់ៗ​ដោយ​ទតមើល​យើង ហើយ​ហ៊ុម​ព័ទ្ធ​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ឥតខ្ចោះ​របស់​ទ្រង់ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។