ឆ្នាំ ២០១០-២០១៩
ចូរ​រៀប​ចំ​ផ្លូវ
ខែ មេសា ឆ្នាំ ២០១៧


ចូរ​រៀប​ចំ​ផ្លូវ

នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​មិលគីស្សាដែក​គឺ​ជា​ដៃគូ​ដែល​ពុំ​អាច​បំបែក​ចេញពី​គ្នា​បាន​ឡើយ ទោះបី​ពួកគេ​មាន​បេសកកម្ម និង​សិទ្ធិ​អំណាច​ផ្សេង​ពី​គ្នា​ក្តី ។

កាល​ខ្ញុំ​អាយុ ៣០ ឆ្នាំ ខ្ញុំ​បាន​ចាប់ផ្តើម​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​លក់រាយ​មួយ​នៅក្នុង​ប្រទេស​បារាំង ។ ថ្ងៃ​មួយ​ប្រធាន​ក្រុមហ៊ុន​នោះ ដែល​ជា​បុរស​ល្អ​ម្នាក់​នៅ​ព្រះវិហារ​ផ្សេង បាន​ហៅ​ខ្ញុំ​ចូល​ទៅក្នុង​ការិយាល័យ​របស់​គាត់ ។ សំណួរ​របស់​គាត់​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់ផ្អើល​ណាស់ គាត់​និយាយ​ថា ៖ « ខ្ញុំ​ទើប​តែ​ដឹង​ថា​ប្អូន​គឺ​ជា​សង្ឃ​នៅក្នុង​ព្រះវិហារ​របស់​ប្អូន ។ តើ​រឿងនោះ​ពិត​ទេ ?

ខ្ញុំ​ឆ្លើយ​ថា « បាទ នោះ​ជា​ការពិត ។ ខ្ញុំ​កាន់​បព្វជិតភាព » ។

ខ្ញុំ​អាច​ឃើញ​ថា​គាត់​ចាប់អារម្មណ៍​នឹង​ចម្លើយ​ខ្ញុំ នោះ​គាត់​បាន​បន្ត​សួរ​ថា « ប៉ុន្តែ​ប្អូន​បាន​សិក្សា​នៅ​សិក្ខាសាលា​ខាង​សាសនាវិទ្យា​ដែរ​ឬទេ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « ប្រាកដណាស់ ខ្ញុំ​បាន​រៀនកាល​ខ្ញុំ​អាយុ ១៤ ដល់ ១៨ ឆ្នាំ ហើយ​ខ្ញុំ​បាន​សិក្សា​មេរៀន​ថ្នាក់​សិក្ខាសាលា​ស្ទើរ​តែ​រាល់ថ្ងៃ ! » ស្រាប់តែ​គាត់​រក​កល​ស្ទើរតែ​ធ្លាក់​ពី​លើ​កៅអី​អង្គុយ ។

ជាច្រើន​សប្តាហ៍​ក្រោយ​មក ខ្ញុំ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​គាត់​បាន​ហៅ​ខ្ញុំ​ទៅ​ក្នុង​ការិយាល័យ​របស់​គាត់​ទៀត ដើម្បី​ផ្តល់​មុខ​តំណែង​ជា​នាយក​គ្រប់គ្រង​នៅក្នុង​ក្រុម​មួយ​នៃ​ក្រុម​ហ៊ុន​នោះ ។ ខ្ញុំ​មាន​ក្តី​ភ្ញាក់ផ្អើល ហើយ​បាន​បង្ហាញ​អំពី​កង្វល់​ខ្ញុំ​ថា ខ្ញុំ​នៅ​ក្មេង ហើយ​គ្មាន​បទពិសោធន៍​នឹង​កាន់​នូវ​ការ​ទទួល​ខុសត្រូវ​ដ៏​សំខាន់​នោះ​ឡើយ ។ គាត់​បាន​និយាយ​ដោយ​ស្នាម​ញញឹម​ដ៏​រាបសា​ថា « ប្រហែល​នោះ​គឺ​ជា​រឿង​ពិត​ហើយ ប៉ុន្តែ​វា​មិន​សំខាន់​ឡើយ ។ ខ្ញុំ​ស្គាល់​គោលការណ៍​របស់​ប្អូន ហើយ​ខ្ញុំ​ដឹង​អំពី​អ្វី​ដែល​ប្អូន​បាន​រៀ​ន​នៅ​ក្នុង​ព្រះវិហារ​របស់​ប្អូន ។ ខ្ញុំ​ត្រូវការ​ប្អូន » ។

គាត់​ពិត​ជា​គិត​ត្រូវ​អំពី​អ្វី​ដែល​ខ្ញុំ​បាន​រៀន​នៅ​ព្រះវិហារ ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​គឺ​ជា​គ្រា​ដ៏​លំបាក ហើយ​ខ្ញុំ​ពុំ​ដឹង​ថា តើ​ខ្ញុំ​អាច​មាន​ជោគជ័យ​យ៉ាងណា​នោះទេ ប្រសិន​បើ​ខ្ញុំ​គ្មាន​បទពិសោធន៍​ដែល​ខ្ញុំ​បាន​ទទួល តាមរយៈ​ការបម្រើ​នៅក្នុង​សាសនាចក្រ តាំង​ពី​ខ្ញុំ​នៅ​ជា​យុវជន​នោះ ។

ខ្ញុំ​មាន​ពរជ័យ​ដែល​បាន​ធំ​ឡើង​នៅក្នុង​សាខា​តូច​មួយ ។ ដោយសារ​យើង​មាន​គ្នា​តិច នោះ​យុវវ័យ​ត្រូវបាន​អំពាវនាវ​ឲ្យ​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​គ្រប់​ទិដ្ឋភាព​ទាំង​អស់​ក្នុង​សាខា ។ ខ្ញុំ​មាន​ភាព​មមាញឹក តែ​ពេញចិត្ត​ដែល​ថា​ខ្លួន​មាន​ប្រយោជន៍ ។ ថ្ងៃ​អាទិត្យ​ខ្ញុំ​បាន​ប្រសិទ្ធពរ​នៅតុ​សាក្រាម៉ង់ បាន​បម្រើ​នៅក្នុង​កូរ៉ុម​បព្វជិតភាព​របស់​ខ្ញុំ ហើយ​ធ្វើ​កិច្ចការ​ផ្សេងៗ​នៅក្នុង​ការហៅ​បម្រើ​ផ្សេង​ទៀត ។ ជារឿយៗ អំឡុង​ពេល​ក្នុង​សប្តាហ៍​ខ្ញុំ​ទៅ​ជាមួយ​ឪពុក​ខ្ញុំ និង​អ្នក​កាន់​បព្វជិតភាព​ពេញវ័យ​ផ្សេង​ទៀត ពេល​យើង​ទៅ​បង្រៀន​តាមផ្ទះ លួង​លោម​ដល់​អ្នក​ឈឺ និង​អ្នក​ដែល​មាន​ទុក្ខ​វេទនា ហើយ​ជួយ​ដល់​ជន​ដែល​ខ្វះខាត ។ គ្មាន​នរណា​ម្នាក់​គិត​ថា ខ្ញុំ​ក្មេង​ពេក​ដើម្បី​បម្រើ ឬ​សូម្បី​តែ​ដឹកនាំ​ឡើយ ។ ចំពោះ​ខ្ញុំ​រឿង​ទាំង​នេះ​ហាក់ដូច​ជា​រឿង​សាមញ្ញ និង​ធម្មតា ។

ការបម្រើ​ដែល​ខ្ញុំ​បាន​ធ្វើ​អំឡុង​ពេល​យុវវ័យ​នោះ បាន​ជួយ​ខ្ញុំ​ឲ្យ​ស្ថាបនា​ទីបន្ទាល់​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​នៅ​ជាប់​ក្នុង​ដំណឹង​ល្អ ។ មាន​បុរស​ដែល​ល្អ និង​មាន​សេចក្តី​អាណិត​មេត្តា ជា​អ្នកដែល​បាន​តាំងចិត្ត​ប្រើប្រាស់​បព្វជិតភាព​ខ្លួន​ដើម្បី​ប្រទាន​ពរជ័យ​ដល់​មនុស្ស​ដទៃ​ជា​ច្រើន​ទៀត​នៅ​ជុំវិញ​ខ្ញុំ ។ ខ្ញុំ​ចង់​ក្លាយ​ដូចជា​ពួកគាត់ ។ កាល​ខ្ញុំ​បម្រើ​ជាមួយ​នឹង​ពួក​គាត់ ខ្ញុំ​បាន​រៀន​ការណ៍​ជាច្រើន​រហូត​ធ្វើ​ឲ្យ​ខ្ញុំ​ក្លាយជា​អ្នក​ដឹកនាំ​ក្នុង​សាសនាចក្រ និង​ក្នុង​ពិភពលោក​ផងដែរ ។

យើង​មាន​យុវជន​ជាច្រើន​ចូលរួម ឬ​ស្តាប់​ការប្រជុំ​នា​ល្ងាច​នេះ​ដែល​កាន់​បព្វជិតភាព​អើរ៉ុន ។ ពេល​ខ្ញុំ​សម្លឹង​ទៅ​ប្អូន​ទាំងអស់​គ្នា ខ្ញុំ​ឃើញ​ថា​ប្អូនៗ​ជាច្រើន​អង្គុយ​ក្បែរ​បុរស​ដែល​មាន​ភាពចាស់​ទុំ ប្រហែល​ពួកគាត់​ជា​ឪពុក ជីតា បងប្រុស ឬ​អ្នក​ដឹក​នាំ​បព្វជិតភាព​របស់​ប្អូនៗ—ដែលជា​អ្នក​កាន់​បព្វជិតភាព​មិលគីស្សាដែក​ទាំងអស់ ។ ពួកគាត់​ស្រឡាញ់​ប្អូនៗ ហើយ​ពួកគាត់​មក​ទីនេះជា​ច្រើន​នាក់​នា​ល្ងាច​នេះ​ដើម្បី​នៅ​ជាមួយ​ប្អូនៗ ។

ការ​ប្រមូល​ផ្តុំ​នៃ​ជំនាន់​ទាំង​នេះ​ផ្តល់​ទស្សន​វិស័យ​ដ៏​អស្ចារ្យ​នៃ​សាមគ្គីភាព និង​ភាព​ជា​បងប្អូន​ដែល​មាន​រវាង​បព្វជិតភាព​ទាំង​ពីរ​របស់​ព្រះ ។ នៅក្នុង​កិច្ចការ​នៃ​សេចក្តី​សង្គ្រោះ បព្វជិតភាព​អើរ៉ុន និង​បព្វជិតភាព​មិលគីស្សាដែក​គឺ​ជា​ដៃគូ​ដែល​ពុំ​អាច​បំបែក​ចេញពី​គ្នា​បាន​ឡើយ ទោះបី​ពួកគេ​មាន​បេសកកម្ម និង​សិទ្ធិ​អំណាច​ផ្សេង​ពី​គ្នា​ក្តី ។ ពួកគេ​ពួត​ដៃ​គ្នា ហើយ​ត្រូវការ​គ្នា​យ៉ាង​ខ្លាំង ។

គំរូ​ដ៏​ល្អ​ឥតខ្ចោះ​អំពី​ទំនាក់​ទំនង​ស្និទ្ធស្នាល ដែល​មាន​រវាង​បព្វជិតភាព​ទាំង​ពីរ​មាន​នៅក្នុង​ទំនាក់ទំនង​រវាង​ព្រះយេស៊ូវ និង​យ៉ូហាន បាទីស្ទ ។ តើ​បុគ្គល​ម្នាក់​អាច​គិត​អំពី​យ៉ូហាន បាទីស្ទ ដោយ​ពុំ​គិត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែរ​ឬ​ទេ ? តើ​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ប្រែ​ជា​យ៉ាង​ណា​ទៅ ប្រសិ​នបើ​គ្មាន​ការ​រៀប​ចំ​ទុក​ដោយ​យ៉ូហាន​នោះ ?

យ៉ូហាន បាទីស្ទ ត្រូវបាន​ប្រទាន​ឲ្យ​នូវ​បេសកកម្ម​ដ៏​រុង​រឿង​មួយ​ដែល​មិន​ធ្លាប់​មាន ៖ « ដើម្បី​រៀបចំ​ផ្លូវ​ថ្វាយ​ព្រះ​អម្ចាស់ »  ដើម្បី​ធ្វើ​បុណ្យជ្រមុជទឹក​ឲ្យ​ទ្រង់ ហើយ​រៀបចំ​មនុស្ស​រួច​ជាស្រេច​ដើម្បី​ទទួល​ទ្រង់ ។ « [ បុរស ] សុចរិត…និង…បរិសុទ្ធ​នេះ »  ដែល​ត្រូវបាន​តែងតាំង​ឲ្យ​នូវ​បព្វជិតភាព​ទាប​ជាង បាន​ដឹង​យ៉ាង​ច្បាស់​អំពី​សារៈ​សំខាន់ និង​ដែន​កំណត់​នៃ​បេសកកម្ម និង​សិទ្ធិ​អំណាច​របស់​លោក ។

ប្រជាជន​បាន​ប្រមូល​គ្នា​មក​ស្ដាប់​យ៉ូហាន ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ពី​លោក ។ មនុស្ស​ផ្តល់​តម្លៃ និង​គោរព​លោក​ដោយ​សារលោក​គឺ​ជា​បុរស​នៃ​ព្រះ ។ ប៉ុន្តែ​ពេល​ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ទ្រង់​មក យ៉ូហាន​បាន​ចុះចូល​នឹងទ្រង់​ដែល​ជា​អង្គ​ប្រសើរ​ជាង​លោក ហើយ​លោក​បាន​ប្រកាស​ថា « ខ្ញុំ​ធ្វើ​បុណ្យ​ជ្រមុជ​ដោយ​ទឹក ប៉ុន្តែ​នៅ​កណ្តាល​ពួក​អ្នក​រាល់​គ្នា នោះ​មាន​ព្រះ​មួយ​អង្គ…ដែល​មក​ក្រោយ​ខ្ញុំ តែ​បាន​គង់​នៅ​មុន​ខ្ញុំ ខ្ញុំ​មិន​គួរ​នឹង​ស្រាយ​ខ្សែ​សុព័ណ៌បាទ​ទ្រង់​ទេ » ។

ដ្បិត​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​បង្កើត​តែ​មួយ​នៃ​ព្រះវរបិតា ដែលកាន់​បព្វជិតភាព​ខ្ពស់​ជាង បាន​ទទួល​ស្គាល់​ដោយ​រាបសា​នូវ​សិទ្ធិ​អំណាច​របស់​យ៉ូហាន ។ ព្រះអង្គ​សង្គ្រោះ​មាន​បន្ទូល​អំពី​លោក​ថា « ក្នុង​បណ្តា​មនុស្ស​ដែល​កើត​ពី​ស្ត្រី​មក នោះ​គ្មាន​អ្នក​ណា​បាន​ធំ​ជាង​យ៉ូហាន-បាទីស្ទ​ទេ » ។

សូម​គិត​ថា តើ​មាន​អ្វី​កើត​ឡើង​នៅក្នុង​កូរ៉ុម​បព្វជិតភាព​របស់​យើង ប្រសិន​បើ​ទំនាក់​ទំនង​រវាង​អ្នក​កាន់​បព្វជិតភាព​ទាំង​ពីរ ត្រូវបាន​បំផុស​គំនិត​តាមរយៈ​គំរូ​ដែល​ស្ថាបនា​ដោយ​ព្រះយេស៊ូវ និង​យ៉ូហាន បាទីស្ទ​នោះ ។ ដូច​ជា​យ៉ូហាន​ដែរ តួនាទី​របស់​ប្អូនៗ​យុវជន​ក្នុង​បព្វជិតភាព​អើរ៉ុន​គឺ​ដើម្បី « រៀបចំ​ផ្លូវ »  សម្រាប់​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​បព្វជិតភាព​មិលគីស្សាដែក ។ ប្អូនៗ​ធ្វើ​កិច្ចការ​នេះ​តាម​របៀប​ជាច្រើន ។ ប្អូនៗ​ធ្វើ​ពិធីបរិសុទ្ធ​នៃ​បុណ្យ​ជ្រមុជទឹក និង ពិធីសាក្រាម៉ង់ ។ ប្អូនៗ​ជួយ​រៀប​ចំ​មនុស្ស​សម្រាប់​ព្រះអម្ចាស់ តាមរយៈ​ការ​ប្រកាស​ដំណឹង​ល្អ តាមរយៈ​ការ « [ ទៅ ] ផ្ទះ​នៃ​សមាជិក​ម្នាក់ៗ »  និង​តាមរយៈ​ការ « [ មើល​ការ​ខុសត្រូវ ] លើ​សាសនាចក្រ » ។ ប្អូនៗ​ផ្តល់​ជំនួយ​ដល់​ជន​ទ័ល​ក្រ និង​ជន​ខ្វះខាត តាមរយៈ​ការ​ប្រមូល​ដង្វាយ​តម​អាហារ ហើយ​បងប្អូន​ចូលរួម​ក្នុង​ការថែទាំ​សាលា​ប្រជុំ​សាសនាចក្រ និង​ធនធាន​ខាង​សាច់​ឈាម​ផ្សេងៗ​ទៀត ។ តួនាទី​របស់​ប្អូនៗ​សំខាន់​មាន​ប្រយោជន៍ ហើយ​ពិសិដ្ឋ ។

បងប្អូន​ពេញវ័យ​របស់​ខ្ញុំ​អើយ ទោះ​បងប្អូន​ជា​ឪពុក ប៊ីស្សព អ្នក​ឲ្យ​ដំបូន្មាន​ក្រុម​យុវជន ឬ​គ្រាន់តែ​ជា​អ្នកកាន់​បព្វជិតភាព​មិលគីស្សាដែក​ក្ដី ក៏​បងប្អូន​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះអង្គ​សង្គ្រោះ​បាន​ដែរ តាមរយៈ​ការគិត​ដល់​បងប្អូន​ប្រុស​របស់​បងប្អូន ដែល​កាន់​បព្វជិតភាព​ទាប​ជាង ហើយ​អញ្ជើញ​ពួកគេ​ឲ្យ​ធ្វើការ​ជាមួយ​បងប្អូន ។​ តាម​ពិត​ទៅ ការ​អញ្ជើញ​នេះ​គឺ​មក​ពី​ព្រះអម្ចាស់​ផ្ទាល់ ។ ទ្រង់​មាន​បន្ទូល​ថា « ហេតុដូច្នេះ​ហើយ ចូរ​យក​អស់​អ្នក​ណា​ដែល​បាន​តែងតាំង​ឡើង​ចំពោះ​បព្វជិតភាព​តូច​ជាង​ទៅ​ជាមួយ​អ្នក​ចុះ ហើយ​ចាត់​ឲ្យ​ពួកគេ​ទៅ​មុន​អ្នក ដើម្បី​ណាត់​ពេល​ទុក ហើយ​ដើម្បី​រៀប​ចំ​ផ្លូវ និង​ដើម្បី​បំពេញ​កិច្ចការ​ទាំងឡាយ​ណា ដែល​រូប​អ្នក​ផ្ទាល់​ពុំ​អាច​បំពេញ​បាន​នោះ » ។

នៅពេល​បងប្អូន​អញ្ជើញ​ពួក​ប្អូន​ប្រុសៗ​របស់​បងប្អូន​ឲ្យ « រៀបចំ​ផ្លូវ » នោះ​បងប្អូន​ជួយ​ពួកគេ​ឲ្យ​ទទួល​ស្គាល់ ហើយ​គោរព​សិទ្ធិ​អំណាច​ដ៏​ពិសិដ្ឋ​ដែល​ពួកគេ​កាន់ ។ តាមរយៈ​ការធ្វើ​ដូច្នេះ បងប្អូន​ជួយ​ពួកគេ​ឲ្យ​រៀបចំ​ផ្លូវ​របស់​ពួកគេ​ផ្ទាល់ ខណៈពួកគេ​រៀបចំ​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​នឹងទទួល ហើយ​អនុវត្ត​បព្វជិតភាព​ដែល​ខ្ពស់​ជាង ។

ខ្ញុំ​សូម​ចែកចាយ​រឿង​ពិត​មួយ​របស់​អាឡិច ជា​សង្ឃ​ក្មេង​ម្នាក់​ដែល​រម្យទម ចេះ​គិតគូរ និង​ឆ្លាតវៃ ។ ថ្ងៃ​អាទិត្យ​មួយ​នៅ​ក្នុង​ថ្នាក់​រៀន ប៊ីស្សព​របស់​អាឡិច​បាន​ឃើញ​គាត់​ស្ថិត​ក្នុង​សភាព​កើត​ទុក្ខ​ជា​ខ្លាំង ។ យុវជន​នោះ​បាន​ពន្យល់​អំពី​ការលំបាក​ដ៏​ឈឺចាប់​សម្រាប់​គាត់ ក្នុងការ​ចូលរួម​ព្រះវិហារ​ដោយ​គ្មាន​ឪពុក ដែល​មិន​មែន​ជា​សមាជិក ។ ក្រោយ​មក​គាត់​និយាយ​ទាំង​យំ​ថា ប្រហែល​​វា​ជា​ការ​ប្រសើរ​ជាង​​ប្រសិនបើ​គាត់​ចាកចេញ​ពី​ព្រះវិហារ​នេះ ។

ដោយ​មាន​ការខ្វាយខ្វល់​ដ៏​ស្មោះត្រង់​អំពី​យុវជន​នេះ ប៊ីស្សព​បាន​ចាត់​ឲ្យ​ក្រុមប្រឹក្សា​វួដ​ធ្វើ​សកម្មភាព​ភ្លាមៗ​ដើម្បី​ជួយ​អាឡិច ។ ផែនការ​របស់​គាត់​គឺ​សាមញ្ញ ៖ ដើម្បី​ឲ្យ​អាឡិច​បន្ត​សកម្ម ហើយ​ជួយ​គាត់​អភិវឌ្ឍ​ទីបន្ទាល់​ដ៏​ជ្រាលជ្រៅ​អំពី​ដំណឹងល្អ ពួកគេ​ត្រូវតែ « ដាក់​គាត់​ឲ្យ​នៅ​ជាមួយ​មនុស្ស​ល្អៗ ហើយ​ផ្តល់​កិច្ចការ​សំខាន់ៗ​ឲ្យ​គាត់​ធ្វើ » ។

មិន​យូរ​ប៉ុន្មាន​បងប្អូន​ប្រុស​បព្វជិតភាព និង​សមាជិក​វួដ​ទាំងអស់​បាន​រួម​សាមគ្គី​គ្នា​ជួយ​អាឡិច ហើយ​បង្ហាញ​សេចក្តីស្រឡាញ់​ និង​ការគាំទ្រ​របស់​ពួកគេ ។ អ្នក​ដឹកនាំ​ក្រុម​សង្ឃ​ជាន់​ខ្ពស់ ជា​បុរស​ម្នាក់​ដែល​មាន​សេចក្តីជំនឿ និង​សេចក្តីស្រឡាញ់​ដ៏​អស្ចារ្យ ត្រូវបាន​រើស​ឲ្យ​ធ្វើ​ជា​ដៃគូ​បង្រៀន​តាម​ផ្ទះ​របស់​គាត់ ។ សមាជិក​ក្នុង​គណៈប៊ីស្សព​បាន​គាំទ្រ​គាត់ ហើយ​រាប់​អាន​គាត់​យ៉ាង​ជិតស្និទ្ធ​បំផុត ។

ប៊ីស្សព​បាន​និយាយ​ថា « យើង​បាន​ឲ្យ​អាឡិច​ធ្វើការ​ច្រើន ។ គាត់បាន​ទទួល​ភ្ញៀវ​នៅ​ក្នុង​ពិធីមង្គល​ការ ទទួល​ភ្ញៀវ​នៅក្នុង​ពិធី​បុណ្យ​សព ជួយ​ខ្ញុំ​នៅ​ឯ​ការឧទ្ទិស​ឆ្លង​ផ្នូរ ជ្រមុជទឹក​សមាជិក​ថ្មី​មួយ​ចំនួន តែងតាំង​យុវជន​នូវ​តំណែង​នានា​ក្នុង​បព្វជិតភាព​អើរ៉ុន បង្រៀន​មេរៀន​ក្នុង​ថ្នាក់​យុវជន ទៅ​បង្រៀន​ជាមួយ​អ្នក​ផ្សព្វផ្សាយ​សាសនា បើក​ទ្វារ​អគារ​សម្រាប់​ពេល​មាន​សន្និសីទ ហើយ​ចាក់​សោ​អគារ​នៅ​ពេល​យប់​បន្ទាប់​ពី​សន្និសីទ​ចប់ ។ គាត់​បាន​ធ្វើការបម្រើ ទៅ​ជាមួយ​ខ្ញុំ​សួរ​សុខ​ទុក្ខ​សមាជិក​វ័យ​ចំណាស់​នៅ​ក្នុង​មន្ទីរ​ពេទ្យ ឡើង​និយាយ​នៅក្នុង​ការប្រជុំ​សាក្រាម៉ង់ ធ្វើ​ពិធី​សាក្រាម៉ង់​សម្រាប់​អ្នក​ឈឺ​នៅ​ក្នុង​មន្ទីរ​ពេទ្យ ឬ​នៅក្នុង​ផ្ទះ​របស់​ពួកគេ ហើយ​ក្លាយ​ជា​មនុស្ស​ម្នាក់​ក្នុង​ក្រុម​មនុស្ស​តូច​មួយ​ដែល​ខ្ញុំ​អាច​ពឹងពាក់​ទាំងស្រុង​ក្នុង​នាម​ជា​ប៊ីស្សព » ។

រូបភាព
អាឡិច និង​ប៊ីស្សព​របស់​គាត់

បន្ដិចម្ដងៗ អាឡិច​បាន​ផ្លាស់ប្ដូរ ។ សេច​ក្ដី​ជំនឿ​របស់​គាត់​លើ​ព្រះ​អម្ចាស់​បាន​កើន​ឡើង ។ គាត់​បាន​ទទួល​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង និង​នៅ​ក្នុង​អំណាច​នៃ​បព្វជិតភាព​ដែល​គាត់​កាន់ ។ ប៊ីស្សព​បាន​មាន​ប្រសាសន៍​ថា « អាឡិច​គឺជា និង​តែង​តែ​ជា​ពរជ័យ​ដ៏​មហិមា​មួយ​របស់​ខ្ញុំ នៅក្នុង​គ្រា​ដែល​ខ្ញុំ​បម្រើ​ជា​ប៊ីស្សព ។ ឱ នេះ​ជា​ឯកសិទ្ធិ​ដ៏​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ធ្វើការ​ជាមួយ​គាត់ ។ ខ្ញុំ​ជឿ​យ៉ាង​ពិតប្រាកដ​ថា គ្មាន​យុវជន​ណា​ម្នាក់​ធ្លាប់​ទៅ​តំបន់​បេសកកម្ម ដោយ​គ្មាន​ការ​រៀបចំ​យ៉ាង​ច្រើន តាមរយៈ​ការបម្រើ​ក្នុង​បព្វជិតភាព​ខ្លួន​ឡើយ » ។១០

ប៊ីស្សព​ជា​ទីស្រឡាញ់​អើយ នៅក្នុង​ការ​តែង​តាំង និង​ការ​ញែក​ចេញ​របស់​បងប្អូន​ក្នុង​នាម​ជា​ប៊ីស្សព​ក្នុង​វួដ​របស់​បងប្អូន នោះ​បងប្អូន​មាន​ការហៅ​ពិសិដ្ឋ​ដើម្បី​បម្រើ​ជា​ប្រធាន​បព្វជិតភាព​អើរ៉ុន និង​កូរ៉ុម​សង្ឃ ។ ខ្ញុំ​ដឹង​អំពី​បន្ទុក​ធ្ងន់​ដែល​បងប្អូន​រែក ប៉ុន្តែ​បងប្អូន​គប្បី​ដាក់​អាទិភាព​នៃ​កាតព្វកិច្ច​របស់​បងប្អូន​ចំពោះ​យុវជន​ទាំង​នេះ​ឲ្យ​បាន​ខ្ពស់​បំផុត ។ បងប្អូន​ពុំ​អាច​ព្រងើយ​កន្តើយ​នឹង​វា ឬ​ផ្ទេរ​តួនាទី​របស់​បងប្អូន​នៅក្នុង​ការទទួលខុសត្រូវ​នេះ​ឲ្យ​ទៅ​អ្នក​ដទៃ​ឡើយ ។

ខ្ញុំ​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​ពី​អ្នក​កាន់​បព្វជិតភាព​អើរ៉ុន​វ័យ​ក្មេង​ម្នាក់ៗ​នៅ​ក្នុង​វួដ​របស់​បងប្អូន ។ ពុំគួរ​ឲ្យ​ពួកគេ​ណា​ម្នាក់​មាន​អារម្មណ៍​ថា ពួកគេ​គ្មាន​អ្នក​រាប់រក ឬ​គ្មាន​ប្រយោជន៍​ឡើយ ។ តើ​មាន​យុវជន​ណា​ម្នាក់​ដែល​បងប្អូន និង​បងប្អូន​ដែល​កាន់​បព្វជិតភាព​ផ្សេង​ទៀត​អាច​ជួយ​​គាត់​ដែរ​ឬ​ទេ ? សូម​អញ្ជើញ​គាត់​ឲ្យ​បម្រើ​ជាមួយ​បងប្អូន ។ ជា​រឿយៗ យើង​ព្យាយាម​ឲ្យ​យុវជន​មាន​ការកម្សាន្ត ហើយ​ទុក​ឲ្យ​ពួកគេ​មើល​យើង ខណៈ​ដែល​សេចក្តីជំនឿ និង​សេចក្តីស្រឡាញ់​របស់​ពួកគេ​ចំពោះ​ដំណឹង​ល្អ អាច​ត្រូវបាន​អភិវឌ្ឍ​ឲ្យ​បាន​ល្អ​បំផុត តាមរយៈ​ការតម្កើង​បព្វជិតភាព​របស់​ពួកគេ​នោះ ។ តាមរយៈ​ការចូលរួម​យ៉ាង​សកម្ម​នៅក្នុង​កិច្ចការ​នៃ​សេចក្តីសង្គ្រោះ នោះ​ពួកគេ​នឹង​មាន​ទំនាក់ទំនង​ជាមួយ​ស្ថានសួគ៌ ហើយ​ពួកគេ​នឹង​ទទួល​បាន​ការយល់​ដឹង​អំពី​សក្តានុពល​នៃ​ភាព​ជា​ព្រះ​របស់​ខ្លួន ។

បព្វជិតភាព​អើរ៉ុន​គឺ​លើស​ពី​ក្រុម​មួយ​កម្មវិធី​ការបង្រៀន ឬ​សកម្មភាព ឬ​ជា​ពាក្យ​មួយ​ដែល​តាក់​តែង​ឡើង​សំដៅ​ដល់​យុវជន​នៃ​សាសនាចក្រ​ទៅ​ទៀត ។ វា​គឺ​ជា​អំណាច និង​សិទ្ធិ​អំណាច​ចូលរួម​នៅក្នុង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការសង្គ្រោះ​ព្រលឹង—ទាំង​ព្រលឹង​នៃ​យុវជន​ទាំង​នោះ​ដែល​កាន់​អំណាច​នេះ និង​ព្រលឹង​នៃ​អស់​អ្នក​ដែល​ពួកគេ​បម្រើ​ផងដែរ ។ ចូរ​យើង​ដាក់​បព្វជិតភាព​អើរ៉ុន​​នៅក្នុង​តួនាទី​ត្រឹមត្រូវ ក្នុង​កន្លែង​ជម្រើស—ជា​កន្លែង​នៃ​ការបម្រើ ការរៀបចំ និង​សមិទ្ធិផល​សម្រាប់​យុវជន​ទាំងអស់​នៃ​សាសនាចក្រ ។

បងប្អូនប្រុស​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​អើយ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពង្រឹង​តំណ​ចាំបាច់ ដែល​ចង​ភ្ជាប់​បព្វជិតភាព​នៃ​ព្រះ​ទាំង​ពីរ​នេះ ។ សូម​ផ្តល់​អំណាច​ដល់​យុវជន​ដែល​កាន់​បព្វជិតភាព​អើរ៉ុន ដើម្បី​រៀបចំ​ផ្លូវ​ពីមុខ​អ្នក ។ សូម​ប្រាប់​ពួកគេ​ដោយ​ទំនុក​ចិត្ត​ថា « ខ្ញុំ​ត្រូវ​ការ​ប្អូនៗ » ។ ចំពោះ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​វ័យ​ក្មេង​អើយ ខ្ញុំ​សូម​អធិស្ឋាន​ថា ពេល​ប្អូនៗ​បម្រើ​ជាមួយ​បងប្អូន​ប្រុស​ដែល​ចាស់​ទុំ​របស់​ប្អូន នោះ​ប្អូន​នឹង​ស្តាប់​ឮ​សំឡេង​របស់​ព្រះអម្ចាស់​ប្រាប់​ប្អូន​ដូច្នេះ ៖ « អ្នក​មាន​ពរ​ហើយ ដ្បិត​អ្នក​នឹង​ត្រូវ​បាន​ធ្វើ​ការ​ដ៏​ធំធេង ។ មើល​ចុះ អ្នក​ត្រូវ​បាន​ចាត់​ឲ្យ​មក​ដូច​ជា​យ៉ូហាន ដើម្បី​រៀបចំ​ផ្លូវ​ពីមុខ​យើង » ។១០ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។