ឆ្នាំ ២០១០-២០១៩
កុំ​ក្រ​ឡេក​មើល​ជុំវិញ​ខ្លួន ប៉ុន្តែ​ត្រូវ​ងើយ​មើល​ទៅ​លើ​វិញ!
ខែ មេសា ឆ្នាំ ២០១៧


កុំ​ក្រ​ឡេក​មើល​ជុំវិញ​ខ្លួន ប៉ុន្តែ​ត្រូវ​ងើយ​មើល​ទៅ​លើ​វិញ !

ការ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​គឺជា​គោលបំណង​របស់​យើង ហើយ​យើង​អាច​បំពេញ​គោលបំណង​នេះ បាន​ដោយ​ងើយ​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ។

គោលបំណង​របស់​ខ្ញុំ​គឺ​ដើម្បី​ « អញ្ជើញអ្នកដទៃ​ឲ្យមក​រក​ព្រះគ្រីស្ទ » ។ នេះ​ក៏ជា​គោលបំណង​របស់​បងប្អូនផង​ដែរ ។ យើង​អាច​បំពេញ​គោលបំណង​នេះ​ដោយ​ងើយ​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
គ្រួសារ​របស់​អែលឌើរ ឆោវ

ខ្ញុំ​បាន​ជ្រមុជទឹក​ជាមួយ​នឹង​ឪពុកម្ដាយ​ខ្ញុំ កាល​ខ្ញុំ​មាន​អាយុ ១៦ ឆ្នាំ ។ ប្អូន​ប្រុស​ខ្ញុំ ឃ្វុង វ៉ាន់ ដែល​មាន​អាយុ ១៤ ឆ្នាំ បាន​ចូល​សាសនាចក្រ​តាមរយៈ​ពូ​ខ្ញុំ​ឈ្មោះ យ៉ាំង ជីក លី ហើយ​បាន​អញ្ជើញ​យើង​ឲ្យ​ទៅ​ព្រះវិហារ​គាត់ ។ សមាជិក​គ្រួសារ​យើង​ទាំង​ ១០​នាក់ ម្នាក់ៗ​ទៅ​ព្រះវិហារ​ខុសៗ​គ្នា ដូច្នេះ​យើង​មាន​ចិត្ត​រីករាយ​ដើម្បី​ស្វែង​រក​សេចក្ដីពិត​ ហើយ​ចង់​ចែកចាយ​សុភមង្គល​ដែល​យើង​រក​ឃើញ​ក្នុង​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ បន្ទាប់​ពី​យើង​បាន​ជ្រមុជទឹក ។

រូបភាព
ឪពុក​របស់​អែលឌើរ ឆោវ​ជាមួយ​មនុស្ស​ដទៃ​ផ្សេង​ទៀត

លោក​ឪពុក​ខ្ញុំ​មាន​ចិត្ត​រំភើប​ជាងគេ​ដើម្បី​រៀន ហើយ​ចែកចាយ​សេចក្ដីពិត​នោះ ។ គាត់​ធ្លាប់​ក្រោក​តាំង​ពី​ព្រលឹម​សិក្សា​ព្រះគម្ពីរ​ជាង​ពីរ​ម៉ោង​រាល់​ថ្ងៃ ។ ក្រោយ​ចេញ​ពី​ធ្វើ​ការ គាត់​បាន​ទៅ​ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​សួរ​សុខ​ទុក្ខ​គ្រួសារ មិត្តភក្ដិ និង​អ្នក​ជិត​ខាង​យើង​នៅ​ក្បែរ​នោះ​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ ។ បន្ទាប់​ពី​យើង​ជ្រមុជទឹក​បាន​ប្រាំពីរ​ខែ​មក គ្រួសារ និង​សាច់​ញាតិ​ខ្ញុំ​ចំនួន ២៣ នាក់​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ ។ បន្ទាប់​មក​ទៀត​គឺ​ជា​អព្ភូតហេតុ​នៃ​ការ​ឃើញ​មនុស្ស ១៣០ នាក់​បាន​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​បន្ទាប់​នោះ តាមរយៈ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​របស់​លោក​ឪពុក​ខ្ញុំ ។

រូបភាព
ការចាប់ផ្តើម​នៃ​កិច្ចការ​អ្នកផ្សព្វផ្សាយ​សាសនា
រូបភាព
កិច្ចការ​ផ្សព្វផ្សាយ​សាសនា​បាន​ពង្រីក​ឡើង

ពង្សប្រវត្តិ​ក៏​ជា​ផ្នែក​ដ៏​សំខាន់​ចំពោះ​គាត់​ដែរ ហើយ​បាន​បំពេញ​ឈ្មោះ​បុព្វការីជន​យើង​ចំនួន​ប្រាំបី​ជំនាន់ ។ តាំង​ពី​ពេល​នោះ​មក ផល​ផ្លែ​នៃការ​ប្រែចិត្ត​ជឿ​របស់​គ្រួសារ​យើង ដែល​ចាប់​ផ្ដើម​ដោយ​ប្អូន​ប្រុស​ខ្ញុំ​អាយុ ១៤ ឆ្នាំ មាន​ចំនួន​កើន​ឡើង​តាម​របៀប​ជាច្រើន​ពុំ​មែន​សម្រាប់​អ្នក​ដែល​នៅ​រស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដល់​អ្នក​ស្លាប់​ផងដែរ ។ ដោយ​ស្ថាបនា​លើ​ការងារ​របស់​លោក​ឪពុក​ខ្ញុំ និង​មនុស្ស​ផ្សេង​ទៀត ឥឡូវ​មែក​ធាង​គ្រួសារ​យើង​បាន​ពង្រីក​ដល់​ទៅ ៣២ ជំនាន់ ហើយ​ឥឡូវ​យើង​បាន​បញ្ចប់​កិច្ចការ​ក្នុង​ព្រះវិហា​បរិសុទ្ធ​ឲ្យ​ពួកគេ​ជា​ច្រើន ។ សព្វ​ថ្ងៃ​នេះ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ហើយ​មាន​អំណរ​ជា​ខ្លាំង​ចំពោះ​តំណ​ភ្ជាប់​រវាង​បុព្វការី​ជន​យើង និងកូន​ចៅ​យើង ។

រូបភាព
ពង្សប្រវត្តិ​បាន​ពង្រីក​ឡើង

ប្រធាន ហ្គរដុនប៊ី ហ៊ិងគ្លី បាន​កត់ត្រា​បទពិសោធន៍​មួយ​ស្រដៀង​គ្នា​នេះ​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​កូឡុំប៊ើស អូហៃអូ ៖

« ការ​នឹក​គិត​ពី​ជីវិត​របស់ [ ជីទួត ជីតា និង​លោក​ឪពុក​ខ្ញុំ ] កាល​ខ្ញុំ​អង្គុយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​បាន​មើល​ទៅ​កូនស្រី​ខ្ញុំ កូន​ស្រី​គាត់ … និង​កូន​ស្រី​នាង ដែល​ជា​ចៅ​ទួត​របស់​ខ្ញុំ ។ រំពេច​នោះ​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​ឈរ​នៅ​ចំ​កណ្ដាល​នៃ​ជំនាន់​ទាំង​ប្រាំពីរ​នេះ—បី​ជំនាន់​ពី​មុន​ខ្ញុំ និង​បី​ជំនាន់​ក្រោយ​ខ្ញុំ ។

« នៅ​ក្នុង​ដំណាក់​ដ៏​ពិសិដ្ឋ ហើយ​បរិសុទ្ធ​នោះ អារម្មណ៍​នៃ​កាតព្វកិច្ច​ដ៏​ធំ​មួយ​បាន​ផុស​ក្នុង​គំនិត​ខ្ញុំ ដែល​វា​ជា​កាតព្វកិច្ច​របស់​ខ្ញុំ​ដើម្បី​ផ្ទេរ​នូវ​អ្វី​ទាំងអស់​ដែល​ខ្ញុំ​បាន​ទទួល​ជា​កេរមរតក​មួយ​មក​ពី​ដូន​តា​ខ្ញុំ​ទៅ​ឲ្យ​ជំនាន់​ក្រោយៗ​ទៀត » ។​

រូបភាព
នៅ​ពាក់​កណ្តាល​នៃ​ជំនាន់​របស់​យើង

យើង​ទាំងអស់​គ្នា​ស្ថិត​នៅ​ចំ​កណ្ដាល​នៃ​គ្រួសារ​ដ៏​អស់កល្ប​មួយ ។ តួនាទី​របស់​យើង​អាច​ជា​ចំណុច​របត់​មួយ​ដែល​ការ​ផ្លាស់​ប្ដូរ​ដ៏​សំខាន់​អាច​កើត​ឡើង​តាម​របៀប​វិជ្ជមាន ឬ​អវិជ្ជមាន ។ ប្រធាន ហ៊ិងគ្លី បាន​បន្ត​ថា « សូម​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​តំណ​ដ៏​ទន់​ខ្សោយ​មួយ​នៅ​ក្នុង​ជំនាន់​របស់​បងប្អូន​ឡើយ » ។ ភាព​ស្មោះ​ត្រង់​របស់​បងប្អូន​នៅ​ក្នុង​ដំណឹងល្អ​នឹង​ពង្រឹង​គ្រួសារ​បងប្អូន ។ តើ​យើង​អាច​ប្រាកដ​ថា យើង​នឹង​ក្លាយ​ជា​តំណ​មួយ​ដ៏​រឹងមាំ​ក្នុង​គ្រួសារ​ដ៏​អស់​កល្ប​របស់​យើង​តាម​របៀបណា ?

មាន​ថ្ងៃ​មួយ ក្រោយ​ពី​ខ្ញុំ​ជ្រមុជទឹក​បាន​ពីរ​បី​ខែ ខ្ញុំ​បាន​ស្ដាប់​ឮ​សមាជិក​មួយ​ចំនួន​រិះ​គន់​គ្នា​នៅ​ក្នុង​ព្រះវិហារ ។ ខ្ញុំ​មាន​ការ​ខក​ចិត្ត​ជា​ខ្លាំង ។ ខ្ញុំ​បាន​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​លោក​ឪពុក​ខ្ញុំ​ថា ប្រហែល​ជា​ខ្ញុំ​មិន​គួរ​ទៅ​ព្រះវិហារ​ទៀត​ទេ ។ ការ​មើល​ឃើញ​សមាជិក​រិះគន់​គ្នា​បែប​នោះ វា​ជា​រឿង​ពិបាក​ទទួល​យក​ណាស់ ។ បន្ទាប់​ពី​បាន​ស្ដាប់​ខ្ញុំ​រួច លោក​ឪពុក​ខ្ញុំ​បាន​បង្រៀន​ខ្ញុំ​ថា ដំណឹងល្អ​បាន​ស្ដារ​ឡើង​វិញ ហើយ​វា​ល្អ​ឥត​ខ្ចោះ ប៉ុន្តែ​សមាជិក​មិន​ដូច្នោះ​ទេ សូម្បី​តែ​រូបគាត់ ឬ​ខ្ញុំ​ក្ដី ។ គាត់​ពោល​យ៉ាង​ម៉ឺង​ម៉ាត់ថា « កុំ​បាត់​បង់​សេចក្ដី​ជំនឿ​ដោយសារ​តែ​មនុស្ស​ជុំ​វិញ​កូន ប៉ុន្តែ​ត្រូវ​ស្ថាបនា​ទំនាក់ទំនង​ដ៏​រឹង​មាំ មួយ​ជាមួយ​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។ កុំ​ក្រ​ឡេក​មើល​ជុំវិញ​ខ្លួន ប៉ុន្តែ​ងើយ​មើល​ទៅ​លើ​វិញ ! »

ចូរ​ងើយ​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ—ជា​ដំបូន្មាន​ដ៏​ឆ្លាត​វៃ​ពី​លោក​ឪពុក​ខ្ញុំ—បាន​ពង្រឹង​សេចក្ដី​ជំនឿ​ខ្ញុំ​ពេល​ណា​ខ្ញុំ​ជួប​ឧបសគ្គ​ក្នុង​ជីវិត ។ គាត់​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​អនុវត្ត​ការ​បង្រៀន​របស់​ព្រះគ្រីស្ទ ដូច​បន្ទូលទាំង​នេះ​ថា « ចូរ​មើល​មក​ឯ​យើង​ដោយ​នូវ​គ្រប់​ទាំង​គំនិត ចូរ​កុំ​សង្ស័យ កុំ​ខ្លាច​ឡើយ » ។

រូបភាព
អ្នកផ្សព្វផ្សាយសាសនា​នៅ​ព្រះវិហារ​បរិសុទ្ធ ស៊ីអាថល វ៉ាស៊ីនតោន

កាល​ខ្ញុំ​គ្រប់​គ្រង​បេសកកម្មភាព​ស៊ីអាថល វ៉ាស៊ីនតោន វា​ភ្លៀង​ស្ទើរ​រាល់​ថ្ងៃ​ពេញ​មួយ​ឆ្នាំ ។ ប៉ុន្តែ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​យើង​នៅ​តែ​ណែនាំ​ឲ្យ​ចេញ​ទៅ​ផ្សព្វផ្សាយ​ទាំង​មាន​ភ្លៀង​ធ្លាក់ ។ ខ្ញុំ​ធ្លាប់​ប្រាប់​ពួកគេ​ថា « ចូរ​ចេញ​ទៅ​ខាង​ក្រៅ​ទាំង​ភ្លៀង ងើយ​មើល​ទៅ​លើ​មេឃ ហា​មាត់​របស់​ប្អូន ហើយ​ផឹក​វា​ទៅ ! កាល​ប្អូន​ងើយ​មើល​ទៅ​លើ ប្អូន​មាន​កម្លាំង​ដើម្បី​បើក​មាត់​និយាយ​នឹង​មនុស្ស​គ្រប់​គ្នា​ដោយ​មិន​ភ័យ​ខ្លាច​ឡើយ » ។ វា​គឺជា​មេរៀន​មួយ​សម្រាប់​ពួកគេ​ឲ្យ​ងើយ​មើល​ទៅលើ ពេល​ពួកគេ​ជួប​ឧបសគ្គ សូម្បី​តែ​ក្រោយ​បេសកកម្ម​ពួកគេ​ក្ដី ។ សូម​កុំ​សាកល្បង​ធ្វើ​បែប​នេះ​នៅ​តំបន់​កខ្វក់ ។

កាល​កំពុង​បម្រើ​ក្នុង​បេសកកម្ម​ស៊ីអាថល ខ្ញុំ​បាន​ទទួល​ទូរសព្ទ​មួយ​មក​ពី​កូន​ប្រុស​ច្បង​ខ្ញុំ ឈ្មោះ សាន់ប៊ីម ជា​អ្នក​លេង​ព្យាណូ ។ គាត់ប្រាប់​ថា គាត់​នឹង​មាន​ឯកសិទ្ធិ​សម្ដែង​នៅ​សាល​ខាន័រហ្គី​ក្នុង​ទីក្រុង​ញូវយ៉ក ដោយ​សារ​គាត់​ឈ្នះ​ការ​ប្រកួត​ជាអន្តរជាតិ​មួយ ។ យើង​មាន​ចិត្ត​រំភើប​រីករាយ​ជា​ខ្លាំង​សម្រាប់​គាត់។ ប៉ុន្តែ​នៅ​ល្ងាច​នោះ កាល​កំពុង​អធិស្ឋាន​ថ្លែង​អំណរ​គុណ ភរិយា​ខ្ញុំ​បាន​នឹក​ឃើញ​ថា យើង​មិន​អាច​ចូល​រួម​មើល​គាត់​សម្ដែង​បាន​ឡើយ ហើយ​ទូល​ប្រាប់​ព្រះវរបិតា​សួគ៌​ថា « ព្រះវរបិតាសួគ៌​អើយ ខ្ញុំ​មាន​អំណរគុណ​ចំពោះ​ពរជ័យ​ដែល​ទ្រង់​បាន​ប្រទាន​ដល់​សាន់ប៊ីម ។ ប៉ុន្តែ ខ្ញុំ​ម្ចាស់​សូម​ទោស​ដែល​មិន​អាច​ទៅ​ចូល​រួម​បាន ។ ខ្ញុំ​ម្ចាស់​អាច​ទៅ​បាន បើ​ទ្រង់​ប្រទាន​ពរជ័យ​នេះ​នៅ​មុន ឬ​ក្រោយ​បេសកកម្ម​នេះ ។ ខ្ញុំ​ម្ចាស់​មិន​ត្អូញ​ត្អែរ​ទេ ប៉ុន្តែ ខ្ញុំ​ម្ចាស់​មាន​អារម្មណ៍​សោក​ស្ដាយ​បន្តិច​ប៉ុណ្ណោះ » ។

ពេល​គាត់​បញ្ចប់​ការ​អធិស្ឋាន​នេះ​ភ្លាម គាត់​បាន​ឮ​សំឡេង​ដ៏​ច្បាស់​មួយ ៖ « ដោយសារអ្នក​ពុំ​អាច​ទៅបាន នោះ​កូនប្រុស​របស់​អ្នក​ត្រូវបាន​ផ្តល់​នូវ​ឯកសិទ្ធិ​នេះ ។ តើ​អ្នក​ចង់​ដោះដូរ​ទេ ? »

ភរិយា​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ។ គាត់​បាន​ដឹង​ថា កូនៗ​យើង​នឹង​មាន​ពរ​តាមរយៈ​កិច្ចការ​ដ៏​ស្មោះ​ត្រង់​របស់​ឪពុក​ម្ដាយ​ពួកគេ នៅ​ក្នុង​នគរ​ព្រះអម្ចាស់ ប៉ុន្តែ​វា​ជា​លើក​ដំបូង​ដែល​គាត់​យល់​ពី​តួនាទី​គាត់​កាន់​តែ​ច្បាស់ ។ គាត់​បាន​តប​ទៅ​ទ្រង់​ភ្លាម​ថា ៖ « ទេ ទេ ខ្ញុំ​ម្ចាស់​មិន​ទៅ​ក៏​បាន ។ ចូរ​ឲ្យ​គាត់​ទទួល​បាន​កិត្តិយស​នោះ​ចុះ » ។

បងប្អូន​ប្រុស​ស្រី​ជាទី​ស្រឡាញ់ វា​មិន​ងាយ​ឲ្យ​យើង​ស្គាល់​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះវរបិតា​សួគ៌​ឡើយ ពេល​យើង​មើល​ជុំវិញ​ដោយ​ភ្នែក​ខាង​សាច់​ឈាម​យើង ដោយសារ​ដំបូង​ឡើយ​យើង​មើល​ឃើញ​តែ​ការ​លំបាក ការ​បាត់​បង់ បន្ទុក ឬ​ភាព​ឯកោ​ប៉ុណ្ណោះ ។ ផ្ទុយ​ទៅវិញ យើង​អាច​មើល​ឃើញ​ពរជ័យ​នៅ​ខាង​មុខ ពេល​យើង​ងើយ​មើល​ទៅ​លើ ។ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា « កាលណា​យើង​បាន​ព្រះ​ពរ​ណា​មួយ​ពី​ព្រះ​នោះ​គឺ​ដោយសារ​ការគោរព​ដល់​ក្រឹត្យវិន័យ​នោះ ដែល​ព្រះពរ​នោះ​ផ្អែក​ទៅ​លើ » ។ ចំពោះ​ជន​ដែល​ចាប់ផ្ដើម​ធ្វើ​ការ​បម្រើ​ណា​មួយ​ដល់​ព្រះ សូម​ដឹង​ថា បងប្អូន​គឺ​ជា​តំណ​ភ្ជាប់​ដ៏​រឹង​មាំ​មួយ​សម្រាប់​អំណាច​ដ៏​អស្ចារ្យ​ទៅ​នឹង​ជន​ដែល​រស់​នៅ​ពីមុន​បងប្អូន និង​ជំនាន់​ក្រោយៗ​ទៀត ។

ថ្ងៃ​នេះ ខ្ញុំ​មាន​អំណរ​ដោយ​ឃើញ​ថា សមាជិក​គ្រួសារ​យើង​ជាច្រើន​មាន​ភាពស្មោះត្រង់​នៅ​លើ​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ប៉ុន្តែ​ខ្ញុំ​សោកស្ដាយ​ដោយ​ឃើញ​មាន​កៅអី​ទំនេរ​នៅក្បែរ​យើង ។ អែលឌើរ អិមរ័សុល បាឡឺដ បាន​ថ្លែង​ថា « បើ​បងប្អូន​ជ្រើស​ក្លាយ​ជា​អសកម្ម ឬ​ចាក​ចេញ​ពី​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដែល​បាន​ស្ដារ​ឡើង​វិញ តើ​បងប្អូន​នឹង​ទៅ​កន្លែង​ណា ? តើ​បងប្អូន​នឹង​ធ្វើ​អ្វី ? ការ​សម្រេច​ចិត្ត​ឈប់ ‹ ដើរ​ជាមួយ​នឹង​សមាជិក​សាសនាចក្រ និង​ថ្នាក់​ដឹកនាំ​ដែល​ព្រះអម្ចាស់​បាន​ជ្រើស​រើស​នឹង​មាន​ផល​ប៉ះពាល់​នៅ​ពេល​ខាង​មុខ​ដែល​វា​មិន​ទាន់​មើល​ឃើញ​នៅ​ពេល​នេះ » ។ ប្រធាន ថូម៉ាសអេស ម៉នសុន បាន​លើក​ទឹក​ចិត្ត​យើង​ថា « សូម​ឲ្យ​យើង​ជ្រើសរើស​ផ្លូវ​ត្រូវ​ជានិច្ច​ទោះ​ជា​វា​លំបាក​ក្ដី កុំ​ជ្រើសរើស​ផ្លូវ​ខុស​ដែល​ងាយ​ស្រួល​ឡើយ » ។

វា​ពុំ​ទាន់​ហួស​ពេល​ឡើយ​ដើម្បី​ងើយ​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ។ ព្រះហស្ដ​ទ្រង់​លាត​សន្ធឹង​ចាំ​បងប្អូន​ជានិច្ច ។ មាន​ជំនាន់​ពីមុន​យើង និង ជំនាន់​ក្រោយ​យើង​ដែល​ពឹង​ផ្អែក​លើ​យើង​ឲ្យ​ដើរ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​យើង​អាច​មាន​គ្រួសារ​ដ៏​អស់កល្ប​មួយ​របស់​ព្រះ ។

កាល​ខ្ញុំ​ត្រូវ​បាន​ដោះលែង​ពី​ការ​ហៅ​ជា​ប្រធាន​ស្តេក ពួក​កូន​ប្រុស​ខ្ញុំ​មាន​ចិត្ត​រំភើប​អំពី​ការ​មាន​ពេល​វេលា​ច្រើន​នៅ​ជាមួយ​ខ្ញុំ ។ បីសប្ដាហ៍​ក្រោយ​មក ខ្ញុំ​ត្រូវ​បាន​ហៅ​ជា​ពួក​ចិត​សិប​នាក់ ។ ដំបូង​ខ្ញុំ​បាន​គិត​ថា ពួកគេ​អាច​មាន​ការ​ខក​ចិត្ត ប៉ុន្តែ​ចម្លើយ​រាបសា​របស់​កូនប្រុស​ពៅ​ខ្ញុំ​គឺ​ថា « ប៉ា កុំ​បារម្ភ​អី ។ យើង​ជា​គ្រួសារ​ដ៏​អស់កល្ប » ។ វា​ជា​សេចក្ដី​ពិត​ដ៏សាមញ្ញ ហើយ​ច្បាស់​ខ្លាំង​ណាស់ ! ខ្ញុំ​រៀង​បារម្ភ​បន្តិច ដោយសារ​ខ្ញុំ​បាន​មើល​ជុំវិញ​ជីវិត​រមែង​ស្លាប់​នេះ​ជា​មុន​សិន ប៉ុន្តែ​កូន​ប្រុស​ខ្ញុំ​មាន​ចិត្ត​រីករាយ ដោយសារ​គាត់​មិន​បាន​មើល​ជុំវិញ​ទេ ប៉ុន្តែ​គាត់​បាន​បើក​ភ្នែក​មើល​ឆ្ពោះ​ទៅ​ភាព​អស់​កល្ប និង​ព្រះរាជបំណង​របស់​ព្រះអម្ចាស់ ។

ជានិច្ច​កាល វា​មិន​ងាយ​ឡើយ​ក្នុង​ការ​ងើយ​មើល​ទៅ​លើ កាល​ឪពុក​ម្ដាយ​បងប្អូន​បដិសេធ​ដំណឹងល្អ កាល​បងប្អូន​ជា​សមាជិក​ម្នាក់​ក្នុង​អង្គភាព​តូច​មួយ​របស់​សាសនាចក្រ កាល​ភរិយា ឬ​ស្វាមី​បងប្អូន​មិន​មែន​ជា​សមាជិក កាល​បងប្អូន​នៅ​តែ​នៅលីវ ទោះ​ជា​ខំ​អស់​លទ្ធភាព​ដើម្បី​បានរៀបការ​ក្ដី កាល​កូន​ម្នាក់​បាន​វង្វេង កាល​បងប្អូន​ជា​ម្ដាយ ឬ​ឪពុក​ទោល កាល​បងប្អូន​មាន​ឧបសគ្គ​ខាង​ផ្លូវ​កាយ ឬ​ផ្លូវ​ចិត្ត កាល​បងប្អូន​ជា​ជន​រងគ្រោះ​ក្នុង​គ្រោះ​មហន្តរាយ​មួយ ។ល។ សូម​តោង​សេចក្ដី​ជំនឿ​បងប្អូន​ឲ្យ​ជាប់​នៅ​គ្រា​ដ៏​លំបាក​ទាំងនោះ ។ សូម​ងើយ​មើល​ទៅ​ព្រះគ្រីស្ទ ទូល​សូម​កម្លាំង លំនឹង និង​ការ​ព្យាបាល ។ តាមរយៈ​អំណាច​នៃ​ដង្វាយ​ធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ « គ្រប់ការណ៍​ទាំងអស់​ផ្សំគ្នា សម្រាប់​សេចក្ដី​ល្អ​ដល់​[ បងប្អូន ] » ។

ខ្ញុំ​សូម​ថ្លែង​ជា​សាក្សី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ទ្រង់​គឺជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​យើង ។ កាល​យើង​ធ្វើ​តាម​ព្យាការី​បច្ចុប្បន្ន​របស់​យើង​គឺ ប្រធាន​ថូម៉ាស អេស ម៉នសុន នោះ​យើង​ងើយ​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​ហើយ ។ កាល​យើង​អធិស្ឋាន ហើយ​សិក្សា​ព្រះគម្ពីរ​រាល់​ថ្ងៃ ហើយ​ទទួល​ទាន​សាក្រាម៉ង់​រាល់​សប្ដាហ៍​ដោយ​ចិត្ត​ស្មោះ យើង​ទទួល​បាន​កម្លាំង​ដើម្បី​ងើយ​មើល​ទៅ​ទ្រង់​ជានិច្ច ។ ខ្ញុំ​រីករាយ​ដោយ​បាន​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នេះ ហើយ​ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏​អស់កល្ប ។ ខ្ញុំ​ចូល​ចិត្ត​ចែក​ចាយ​ដំណឹងល្អ​ដ៏​អស្ចារ្យ​នេះ ដល់​មនុស្ស​ដទៃ ។ ការ​អញ្ជើញ​មនុស្ស​ដទៃ​ឲ្យ​មក​រក​ព្រះគ្រីស្ទ​គឺជា​គោលបំណង​របស់​យើង ហើយ​យើង​អាច​បំពេញ​គោលបំណង​នេះ បាន​ដោយ​ងើយ​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ ។ ខ្ញុំ​សូម​ថ្លែង​ទី​បន្ទាល់​ដោយ​រាបសា​នូវ​រឿង​ទាំងនេះ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។