ឆ្នាំ ២០១០-២០១៩
ចម្រៀង​ដែល​បាន​ច្រៀង និង​ចម្រៀង​ដែល​មិន​បាន​ច្រៀង
ខែ មេសា ឆ្នាំ ២០១៧


ចម្រៀង​ដែល​បាន​ច្រៀង និង​ចម្រៀង​ដែល​មិន​បាន​ច្រៀង

ខ្ញុំ​សូម​អង្វរ​ដល់​យើង​ម្នាក់ៗ​ឲ្យ​បន្ដ​ស្មោះត្រង់​ជានិច្ច​នៅក្នុង​ក្រុម​ចម្រៀង ។

អេលីស្សា ហ៊ីវិឌបាន​សរសេរ​ថា « មាន​ពន្លឺ​ភ្លឺ​ក្នុង​ចិត្ត​ខ្ញុំ​រាល់​ថ្ងៃ ជា​ពន្លឺ​រុង​រឿង​ឧត្តម្ភ នោះ​ភ្លឺ​ជាង​ថ្ងៃ​នៅ​លើ​មេឃ​ខ្លាំង​ក្រៃ ព្រះយេស៊ូវ​ភ្លឺ​មក​ខ្ញុំ » ។​ ដោយ​មាន​ភាព​ភ្លឺ​ថ្លា​នៅ​គ្រប់​ខ្ទង់ ចម្រៀង​គ្រីស្ទាន​ពី​បុរាណ​ដ៏​អស្ចារ្យ​នេះគឺ​ពិត​ជា​ពិបាក​ច្រៀង​ដោយ​គ្មាន​ស្នាម​ញញឹម​ខ្លាំង​ណាស់ ។ ប៉ុន្ដែ​នៅ​ថ្ងៃ​នេះ ខ្ញុំ​ចង់​ប្រើ​សិទ្ធិ​ជា​អ្នកឡើង​និយាយ ដើម្បី​បក​ស្រាយ​អំពី​វគ្គ​មួយ ដែល​អាច​នឹង​ជួយ​ដល់​យើងនៅ​ថ្ងៃណា​ដែល​យើង​ពិបាក​នឹង​ច្រៀង ឬ​ញញឹម​ ហើយ « ព្រលឹង » ហាក់​ដូច​ជា​មិន « អរលំហើយ » នោះ ។ បើ​មាន​គ្រា​មួយ​ដែល​បងប្អូន ឬ​មនុស្ស​ជា​ទីស្រឡាញ់​របស់​បងប្អូន ពុំ​អាច​ច្រៀង​បទ​ដ៏​អំណរ​នេះ​តាម ពេល​អ្នកដទៃច្រៀង​ទេ ខ្ញុំ​សុំ​ឲ្យ​បងប្អូន​បន្ដ​កាន់​ខ្ជាប់​ទៅ​នឹង​ឃ្លា​នេះ​ក្នុង​ទំនុក​តម្កើង​ដោយ​ជឿជាក់​ថា « ព្រះយេស៊ូវ​ទ្រង់​ក៏​នឹក​ស្រមៃ​ពី​បទ [ អ្នក ] ​មិន​ចេះ​ច្រៀង​ផង » ។

នៅ​ក្នុង​ចំណោម​តថភាព​នានា​ដែល​យើង​ត្រូវ​ប្រឈម​ក្នុង​នាម​ជា​បុត្រ​នៃ​ព្រះ​ដែល​រស់​នៅ​ក្នុង​ពិភពលោក​ធ្លាក់​ចុះនេះ គឺ​ថា​មាន​ថ្ងៃ​ខ្លះ​មាន​ភាព​ពិបាក ជា​ថ្ងៃដែល​​សេចក្ដី​ជំនឿ និង​ភាព​រឹងមាំ​របស់​យើង​ត្រូវ​បាន​សាកល្បង ។ ឧបសគ្គ​ទាំងនេះ​អាច​កើត​មាន​ឡើង​ដោយ​សារ​ភាព​ខ្វះ​ចន្លោះ​មួយ​ក្នុង​ខ្លួន​យើង ​ក្នុង​ខ្លួន​អ្នកដទៃ ឬ​គ្រាន់តែ​ជា​ការ​ខ្វះ​ចន្លោះ​មួយ​នៅក្នុង​ជីវិត ប៉ុន្តែ យើង​រក​ឃើញ​ថា​វា​អាច​រារាំង​យើងមិន​ឲ្យ​ច្រៀង​ចម្រៀង​ទាំងឡាយ​ដែល​យើង​ចង់​ច្រៀង​យ៉ាង​ខ្លាំង ហើយ​ធ្វើ​ឲ្យ​ការ​សន្យា​នៃ​« រដូវ​លំហើយក្នុង​ចិត្ត » ដូចដែល​អេលីហ្សា​ពិពណ៌នា​នៅក្នុង​វគ្គ​មួយ​របស់​គាត់​នោះ​ងងឹត​សូន្យ​ឈឹង ។

ដូច្នេះ​តើ​យើង​ធ្វើ​អ្វីខ្លះនៅ​ក្នុង​ស្ថានភាពបែប​នេះ ? ដំបូង​យើង​ឱប​ក្រសោប​យក​ដំបូន្មាន​របស់​សាវក​ប៉ុល ហើយ « យើង​សង្ឃឹម​នឹង​បាន​អ្វី [ដែល] មើល​មិន​ឃើញ…[ហើយ]​​រង់ចាំ​នៅ​ដោយ​អំណត់ » ។ នៅ​គ្រា​ទាំង​នោះ ពេលដែល​សេចក្ដី​ជំនឿ​ធ្លាក់​ចុះយ៉ាងខ្លាំង រហូត​ដល់​យើង​ត្រូវ​ឈ​រ​នៅ​ស្ងៀម​មួយ​គ្រា​សិន ហើយ​គ្រាន់តែ​ស្ដាប់​អ្នកដទៃ ដើម្បី​ទទួល​បាន​កម្លាំង​មកពី​ភាព​រុងរឿង​នៃ​តន្ត្រី​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង ។ ពួក​យើង​ជាច្រើន​ដែល « ពិបាក​ក្នុង​ការច្រៀង » ត្រូវ​ពង្រឹង​ទំនុកចិត្ត​របស់​យើង នោះ​ការ​ច្រៀង​របស់​យើង​នឹង​រីកចម្រើន​យ៉ាង​ខ្លាំងដោយ​សារ​យើង​ឈរ​នៅ​ជិត​នឹង​នរណា​ម្នាក់​ដែល​មាន​សំឡេង​រឹងមាំ​ច្បាស់​ជាង​យើង ។ប្រាកដណាស់ វាដូចគ្នា ទៅនឹង ការច្រៀង ចម្រៀង នៃ ភាព​អស់កល្ប​ជានិច្ច​ដែរ យើងគួរ​ឈរ​នៅ​ជិត​ព្រះអង្គ​សង្គ្រោះ និង​ព្រះប្រោសលោះ​នៃ​ពិភពលោក​ឲ្យ​ខ្លាំង​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន—ព្រោះ​ទ្រង់​មាន​សំឡេង​ឥតខ្ចោះ ។ បន្ទាប់មក​យើង​អាច​មាន​ភាព​ក្លាហាន​ដោយសារ​សមត្ថភាព​របស់​ទ្រង់​ក្នុង​ការស្ដាប់​ឮ​ភាព​ស្ងៀមស្ងាត់​របស់​យើង ហើយ​មាន​សង្ឃឹម​ដោយសារ​ការអង្វរ​ព្រះបិតា​ជំនួស​យើង​ក្នុង​នាម​ជា​ព្រះមែស៊ី ។ ប្រាកដ​ណាស់ « ដ្បិត​កាល​ទ្រង់​គង់​ជិត​បង្កើយ នោះ​ក៏​កើត​ផល​នៃ​ព្រលឹង​យ៉ាង​ថ្លៃ [ហើយ ] ដែល​មក​ពី​ព្រះអង្គនៅ​ចិត្ត​ក៏​ពោរពេញ​ហើយ » ។

នៅ​ថ្ងៃ​ទាំងនោះ ពេល​យើង​មាន​អារម្មណ៍​ថា​ច្រៀង​ភ្លាត់​បន្ដិច ឬ​តិច​ជាង​អ្វី​ដែល​យើង​គិត​យើង​មើល​ឃើញ ឬ​ស្ដាប់​ឮ​ពី​អ្នក​ដទៃ ខ្ញុំ​ចង់សុំ​ឲ្យ​ពួក​យើង ជា​ពិសេស​យុវវ័យ​ក្នុង​សាសនាចក្រ​ឲ្យ ចងចាំ​ថា តាមរយៈ​ការ​រៀបចំ​របស់​ព្រះ សំឡេង​ទាំងអស់​នៅក្នុង​ក្រុម​ចម្រៀង​របស់​ព្រះ​គឺ​ពុំ​ដូចគ្នា​នោះទេ ។ វា​មាន​ភាព​ខុសគ្នា​—សំឡេង sopranos សំឡេង altos សំឡេង​មនុស្ស​ប្រុស និង​សំឡេង​basses— ដើម្បី​ធ្វើ​ឲ្យ​តន្ត្រី​ពិរោះ​រណ្ដំ ។ ខ្ញុំ​ខ្ចី​ឃ្លា​មួយ​ជួរ​មកពី​សំបុត្រ​ដ៏​រីករាយ​របស់​បងប្អូន​ស្ត្រី​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ដ៏​អស្ចារ្យ​ពីរ​រូប​ដែល​ថ្លែង​ថា « គ្រប់​មនុស្ស​ដែល​ព្រះ​បង្កើត​មក​មាន​តួនាទី​ក្នុង​ក្រុម​ចម្រៀង » ។ នៅ​ពេល​យើង​បង្អាប់​ភាព​ពិសេស​របស់​យើង ឬ​ព្យាយាម​អនុលោម​ទៅតាម​គោល​គំនិត​ឥត​ខ្ចោះ ដែល​ជម្រុញ​ដោយ​វប្បធម៌​អ្នក​ប្រើប្រាស់​ពុំ​ចេះ​ស្កប់​ស្កល់ និង​រីក​ដុះដាល​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម នោះ​យើង​បាត់​បង់​ភាព​ក្រអួន​ក្រអៅ​នៃ​សំឡេង​ចម្រុះ ដែល​ព្រះ​សព្វ​ព្រះទ័យ​ចង់​បាន ពេល​ទ្រង់​បាន​បង្ក​បង្កើត​ពិភពលោក​នៃ​ភាព​ចម្រុះ​គ្នា​នេះ​ឡើង ។

ឥឡូវ​នេះ​នេះ​ពុំ​មែន​មាន​ន័យ​ថា មនុស្ស​គ្រប់គ្នា​នៅ​ក្នុង​ក្រុម​ច្រៀង​របស់​ព្រះ អាច​ចាប់​ផ្ដើម​ស្រែក​ច្រៀង​ចម្រៀង​ផ្ទាល់​ខ្លួន​បាន​ភ្លាមៗ​នោះ​ទេ ! ភាព​ចម្រុះ​គឺ​ពុំ​មែន​ជា​សំឡេង​ស្រែក​ឮៗ​នោះ​ទេ ហើយ​ក្រុម​ចម្រៀង​ក៏​តម្រូវ​ឲ្យ​មាន​វិន័យ​ដែរ—សម្រាប់​គោលបំណង​របស់​យើង​នា​ថ្ងៃ​នេះ ខ្ញុំ​សូម​ប្រើ​ពាក្យ​ភាព​ជា​សិស្ស—ប៉ុន្តែ​នៅពេល​យើង​បាន​ទទួល​យក​បទ និងទំនុក​ដែល​បើក​សម្ដែង ហើយ​តាក់តែង​ឡើង​ដោយ​ព្រះ​ពី​មុន​លោកិយ​នេះ ព្រះវរបិតា​សួគ៌​របស់​យើង​សព្វ​ព្រះទ័យ​ឲ្យ​យើង​ច្រៀង​ដោយ​សំឡេង​របស់​យើង ពុំ​មែន​ដោយ​សំឡេង​អ្នក​ដទៃ​ទេ ។ ចូរ​ជឿ​លើ​ខ្លួន​ឯង ហើយ​ជឿ​លើ​ទ្រង់ ។ ចូរ​កុំ​បន្ទាប​បន្ថោក​ខ្លួនឯង ឬ​ការបរិច្ចាគ​របស់​បងប្អូន​ឡើយ ។ រឿង​សំខាន់​បំផុត​នោះ​គឺ​កុំ​បោះបង់​​តួនាទី​របស់​បងប្អូន​នៅក្នុង​ក្រុម​ចម្រៀង​នេះ​ឡើយ ។ ហេតុ​អ្វី​ទៅ ? ដោយ​សារ​បងប្អូន​ពិសេស ហើយ​គ្មាន​អ្វី​អាច​ជំនួស​បាន​ទេ ។ ការ​បាត់បង់​សំឡេង​តែ​មួយ​ធ្វើ​ឲ្យ​អ្នកច្រៀង​ដទៃទៀត​នៅក្នុង​ក្រុម​ចម្រៀង​ជីវិត​រមែង​ស្លាប់​ដ៏​ធំ​នេះ ត្រូវ​ទន់ខ្សោយ រួមទាំងការ​បាត់បង់​អស់​អ្នក​ដែល​មាន​អារម្មណ៍​ថា​ពួកគេ​មិន​សំខាន់​ចំពោះ​សង្គម ឬ​សាសនាចក្រ​ផង​ដែរ ។

ប៉ុន្តែទោះ​ជា​ខ្ញុំ​លើក​ទឹកចិត្ត​បងប្អូនឲ្យ​មាន​ជំនឿ ដែល​ទាក់ទង​នឹង​ចម្រៀង​ដែល​អាច​ពិបាក​ច្រៀង​ក្ដី ខ្ញុំ​បាន​ត្រៀម​ទទួល​ស្គាល់​ជា​ស្រេច​ថា ខ្ញុំ​ក៏​ត្រូវ​ខំ​តស៊ូ​ច្រៀង​បទ​ចម្រៀង​ផ្សេង​ទៀត— ដែល​គួរ​តែ​ច្រៀង​តែ​មិនទាន់​បាន​ច្រៀង​នៅ​ឡើយ​ដែរ ដោយសារ​មូលហេតុ​បញ្ហា​ផ្សេងៗ ។

នៅពេល​ខ្ញុំ​ឃើញ​ភាពមិន​ស្មើគ្នា​ខាង​សេដ្ឋកិច្ច​ដ៏​រន្ធត់​នៅក្នុង​ពិភពលោក​នេះ ខ្ញុំ​មាន​អារម្មណ៍​មិន​សូវ​ស្រួលចិត្ត​ក្នុង​ការច្រៀង​ជាមួយ​បងស្រី ហ៊ីវិឌ ថា « ខ្ញុំ​អរគុណ​ទ្រង់​ព្រោះ​ព្រះពរ​ដ៏​ថ្លៃ ដែល ‹មក​អំពី› ព្រះអង្គ »​ឡើយ ។ វគ្គ​បន្ទរ​នោះ​ពុំ​អាច​ច្រៀង​ដោយ​ស្មោះត្រង់​ពេញលេញ​បាន​ទេ ទាល់​តែ​យើង​បាន​មើលថែ​ដល់​អ្នក​ក្រីក្រ​ដោយ​ស្មោះ ។ ការ​ខ្វះខាត​ខាង​ផ្នែក​សេដ្ឋកិច្ច​គឺជា​បណ្ដាសារ​មួយ​ដែល​បន្ដ​ដាក់​បណ្ដាសារ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ។ វា​បំផ្លាញ​រូបកាយ ធ្វើ​ឲ្យ​រងគ្រោះ​ខាង​វិញ្ញាណ ធ្វើ​ទុក្ខ​ក្រុម​គ្រួសារ ហើយ​កម្ទេច​​សុបិន​ទាំងឡាយ ។ ប្រសិន​បើ​យើង​អាច​ធ្វើ​ច្រើន​ជាង​នេះ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ដូចជា​ព្រះយេស៊ូវ​បាន​បង្គាប់​ឲ្យ​យើង​ធ្វើ​ដដែលៗ នោះ ប្រហែល​ជា​អ្នក​ដែល​ពុំ​សូវ​មាន​វាសនា​ល្អ​នៅក្នុង​លោកិយ​នេះ អាចច្រៀង​រហ៊ឹមៗ​នូវ​ទំនុក​ពីរបី​ខ្ទង់​នៃ​បទ « មាន​ពន្លឺ​ភ្លឺ​ក្នុង​ចិត្តខ្ញុំ​រាល់​ថ្ងៃ » ប្រហែល​គេ​ច្រៀង​ជា​លើក​ទីមួយ​នៅក្នុង​ជីវិត​របស់​ពួកគេ​ផង ។

ខ្ញុំ​ក៏​ឃើញ​ថា វា​ពិបាក​ដើម្បី​ច្រៀង​ទំនុក​មាន​អំណរ​រីករាយ ពេល​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​យើង​រងទុក្ខ​ដោយ​សារ​ជំងឺ ស្មារតី និង​សតិអារម្មណ៍ ឬ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ផ្សេងទៀត ។ ជា​អកុសល បន្ទុក​ទាំងនេះ ពេល​ខ្លះ​កើត​មាន​ទោះ​ជា​មានការ​ខិតខំ​យ៉ាង​ក្លៀវក្លា​មកពី​អ្នក​មើល​ថែ​ជាច្រើន​ប្រភេទ​ក្ដី រួម​ទាំង​សមាជិក​គ្រួសារ​ផង​ដែរ ។ ខ្ញុំ​អធិស្ឋាន​សូម​ឲ្យ​យើង​កុំ​ទុក​កូនចៅ​របស់​ព្រះ​ដែល​រងទុក្ខ​ទាំង​នោះ​ឲ្យ​នៅ​ឯកោ ហើយ​ថា​យើង​នឹង​ទទួល​បាន​ព្រះ​សមត្ថភាព​របស់​ទ្រង់​ដើម្បី​ស្ដាប់​ឮ​ចម្រៀង​ដែល​ពួកគេ​មិន​អាច​ច្រៀង​នា​ពេល​នេះ​ផង ។

ហើយ​នៅ​ថ្ងៃ​ណា​មួយ ខ្ញុំ​សង្ឃឹម​ថា​ក្រុម​ចម្រៀង​ជាសាកល​ដ៏​មហិមា​មួយ​នឹង​ច្រៀង​ត្រូវ​គ្នា​ដោយ​មិន​គិត​ពី​ជាតិ​សាសន៍ អ្វី​ទាំងអស់ ដោយប្រកាស​ថា កាំភ្លើង និង​ពាក្យ​បង្កាច់ និងការស្អប់ ពុំ​មែន​ជា​របៀប​ដោះ​ស្រាយ​ភាព​ខុសគ្នា​នោះទេ ។ ការ​ប្រកាស​ពី​ស្ថានសួគ៌​ថ្លែង​មកកាន់​យើង​ថា របៀបតែ​មួយ​ដែល​បញ្ហា​សង្គម​ដ៏​ស្មុគស្មាញ​អាច​ត្រូវ​បាន​ដោះស្រាយ​ដោយ​ស្កប់​ចិត្ត​នោះ គឺ​មាន​តែ​ស្រឡាញ់​ព្រះ ហើយ​រក្សា​បទបញ្ញត្តិ​របស់​ទ្រង់​ប៉ុណ្ណោះ ព្រោះ​វា​ជា​ការ​បើក​ទ្វារ​ទៅកាន់​ផ្លូវ​សង្គ្រោះ​ដ៏​យូរ​អង្វែង​មួយ ដើម្បី​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដូចជា​អ្នកជិត​ខាង ។ ព្យាការី​អេធើរ បាន​បង្រៀនថា យើង​គួរ​សង្ឃឹម​ថា​នឹង​បាន​ពិភពលោក​មួយ​ដ៏​ប្រសើរ ។ មួយ​ពាន់​ឆ្នាំ​ក្រោយ​មក ពេល​អាន​ពី​គំនិត​របស់​មរ៉ូណៃ​ដែល​នឿយហត់​នឹង​សង្គ្រាម និង​អំពើ​ហឹង្សា​ដែល​បាន​ប្រកាស​ថា « ផ្លូវ​មួយ​ដ៏​ប្រសើរ​លើស​លែង​ទៅ​ទៀត » ចំពោះ​ពិភពលោក​នោះ គឺ​ជា​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ។

យើង​មាន​អំណរគុណ​ដើម្បី​ស្ថិត​នៅក្នុង​ចំណោម​បញ្ហា​ទាំងនោះ ហើយ​ពី​មួយ​គ្រា​ទៅ​មួយ​គ្រា យើង​ឃើញ​ថា​យើង​ពុំ​អាច​ច្រៀង​ចម្រៀង​ផ្សេង​មួយ​ទៀត​ឡើយ ដោយសារ​តែ​មូលហេតុ​ផ្សេង​មួយ ។ នេះ​គឺ​នៅ​ពេល​ដែល​អារម្មណ៍​កប់ជ្រៅ​ក្នុង​ខ្លួន និង​ជា​រឿង​ផ្ទាល់ខ្លួន ទាំង​ពិសិដ្ឋ​ផង ដែល​វា​មិនអាច ឬ​មិន​គួរ​នឹង​ថ្លែង​ប្រាប់​បាន—ដូចជា​សេចក្ដី​ស្រឡាញ់​របស់ ខូដេលៀ​ចំពោះ​ឪពុក​នាង កាល​នាង​ពោល​ថា « ក្ដីស្រឡាញ់​របស់​ប៉ា…គឺ​ខ្ញុំ​រក​ពាក្យ​ថ្លែង​ប្រាប់​ពុំ​បាន​ឡើយ… ។ ខ្ញុំ​ពុំ​អាច​រក​ពាក្យ​ថ្លែង​ពី​​ដួងចិត្ត​ខ្ញុំ​បាន​ទេ » ។ វា​កើត​មាន​ចំពោះ​យើង​ជា​អ្វី​មួយ​ដែល​បរិសុទ្ធ អារម្មណ៍​មនោសញ្ចេតនា​ទាំងនេះ គឺ​ពុំ​អាច​ថ្លែង​ប្រាប់​ដោយងាយៗ—​វា​កប់​យ៉ាងជ្រៅ​ខាង​វិញ្ញាណ—ដូចជា​ការ​អធិស្ឋាន​ដែល​ព្រះយេស៊ូវ​បាន​ផ្ដល់​សម្រាប់​កូនចៅ​សាសន៍​នីហ្វៃ​ដែរ ។ អស់​អ្នក​ដែល​បាន​ឃើញ​ព្រឹត្តិការណ៍​នោះ​បាន​កត់ត្រា ៖

« ភ្នែក​មិន​ដែល​ឃើញ​សោះ ឯ​ត្រចៀក​ក៏​មិន​ដែល​បាន​ឮ​រឿង​ដ៏​មហិមា និង អស្ចារ្យ ដូច​ដែល​យើង​បាន​ឃើញ ហើយ​បាន​ឮ​ព្រះយេស៊ូវ​ទ្រង់​មាន​ព្រះបន្ទូល​ទៅ​កាន់​ព្រះវរបិតា​ឡើយ 

« …គ្មាន​អណ្ដាត​ណា​អាច​ថ្លែង​ប្រាប់ ហើយ​គ្មាន​មនុស្ស​ណា​អាច​សរសេរ ហើយ​ក៏​គ្មាន​ចិត្ត​របស់​មនុស្ស​ណា​អាច​យល់​នូវ​រឿង​ដ៏​អស្ចារ្យ និង​មហិមា ដូចដែល​យើង​បាន​ឃើញ ហើយ​បាន​ឮ​ព្រះ​យេស៊ូវ ទ្រង់​មាន​ព្រះ​បន្ទូល​នោះ​ឡើយ ‍។១០

គ្រា​ដ៏បរិសុទ្ធ​ទាំងនេះ បន្ដ​នៅ​ជា​ការ​ណ៍​ពុំ​អាច​ថ្លែង​បាន ទោះជា​វា​អាច​ធ្វើ​ទៅបាន ពីព្រោះ​តែ​ការ​និយាយ​​នោះអាច​នឹងដូចជាការ​ប្រមាថ​ដល់​វត្ថុពិសិដ្ឋ ។

បងប្អូន​ប្រុស​ស្រី យើង​រស់នៅ​ក្នុងពិភពលោក​រមែង​ស្លាប់​មួយ ដែល​មាន​ចម្រៀង​ជាច្រើន​ដែល​យើ​ងពុំអាច​ច្រៀង ឬ​មិនទាន់​បាន​ច្រៀង​នៅឡើយ ។ ប៉ុន្ដែ​ខ្ញុំ​សូម​អង្វរ​ដល់​យើង​ម្នាក់ៗ​ឲ្យ​បន្ដ​នៅ​ក្នុង​ក្រុម​ចម្រៀង ហើយ​យើង​នឹង​អាច​រីករាយ​នឹង​សំឡេង​នៃ​ចម្រៀង​ដ៏​មាន​តម្លៃ​បំផុត—« ជា​ចម្រៀង​នៃ​សេចក្ដីស្រឡាញ់​ដ៏​ប្រោស​លោះ » ។១១ សំណាង​ល្អ មនុស្ស​គ្រប់រូប​អាច​ទទួល​បាន​ផល​ពី​ដង្វាយធួន​ដោយ​ឥត​ដែនកំណត់ ។ មាន​កន្លែង​សម្រាប់​អ្នក​ដែល​និយាយ​ភាសា​ខុសគ្នា​ប្រារព្ធ​វប្បធម៌​ចម្រុះ ហើយ​ប្រមូល​ផ្ដុំ​មកពី​ទីតាំង​អន្ដរជាតិ​ជាច្រើន ។ មាន​កន្លែង​សម្រាប់​អ្នកនៅលីវ អ្នក​រៀបការ​ហើយ គ្រួសារ​ធំ និង​អ្នក​ដែល​គ្មានកូន​ចៅ ។ មាន​កន្លែង​សម្រាប់​អ្នក​ដែល​ធ្លាប់​មាន​ចម្ងល់​ទាក់ទង​នឹង​ជំនឿ​របស់​ពួកគេ និង​កន្លែង​សម្រាប់​អ្នក​ដែល​នៅ​តែ​មាន​ចម្ងល់ ។ មាន​កន្លែង​សម្រាប់​អ្នក​ដែល​ខ្វែង​គំនិត​ចំពោះការ​ប្រតិព័ទ្ធ​ផ្លូវ​ភេទ ។ សរុប​សេចក្ដី​ទៅ មាន​កន្លែង​សម្រាប់​មនុស្ស​គ្រប់រូប​ដែល​ស្រឡាញ់​ព្រះ ហើយ​គោរព​បទបញ្ញត្តិ​របស់​ទ្រង់ ជា​បទដ្ឋាន​ដ៏​ឥត​រំលង​បាន​ដើម្បី​វាស់​ឥរិយាបថផ្ទាល់ខ្លួន ដ្បិត​ប្រសិន​បើ​សេចក្ដីស្រឡាញ់​របស់​ព្រះ គឺ​ជា​ទំនុក​នៃ​ចម្រៀង​ដែល​យើង​ច្រៀង​រួម​គ្នា នោះ​ចម្ងល់​ជា​ទូទៅ​របស់​យើង​ក្នុង​ការ​គោរព​ចំពោះ​ទ្រង់ គឺ​ជា​បទភ្លេង​ដ៏​សំខាន់​នៃ​ចម្រៀង​នោះ ។ ដោយមាន​បទបញ្ញត្តិ​របស់​ព្រះ​អំពី​សេចក្ដី​ស្រឡាញ់ និង​ជំនឿ ការប្រែចិត្ត និង​សេចក្ដី​មេត្តា​ករុណា នោះ​មាន​កន្លែងក្នុង​ក្រុម​ចម្រៀង​នេះ​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​ចង់​នៅ​ទីនេះ១២ ព្រះបិតា​ជា​ទី​ស្រឡាញ់​មាន​ព្រះបន្ទូល​មក​កាន់​យើង​ម្នាក់ៗ​ថា « ចូរ​មក​ដោយ​ខ្លួន​អ្នក » ប៉ុន្តែ​ទ្រង់​បន្ថែម​ថា « ចូរ​កុំ​គិត​ថា មិន​ផ្លាស់​ប្ដូរ​នោះ​ឡើយ » ។ យើង​ញញឹម ហើយ​ចងចាំ​ថា ព្រះ​តាំង​ព្រះទ័យ​ដើធ្វើ​ឲ្យ​យើង​ប្រែក្លាយ​ជា​មនុស្ស​ប្រសើរ​ជាង​យើង​គិត​ថា​យើង​អាច​ប្រែក្លាយ ។

នៅក្នុង​ចំណែក​តន្ដ្រី​ដ៏​មហិមា​នេះ ដែល​ជា​ផែនការ​របស់​ទ្រង់​សម្រាប់​ការ​លើក​តម្កើង​របស់​យើង សូម​ឲ្យ​យើង​ធ្វើ​តាម​ការ​ដឹកនាំ​របស់​ទ្រង់​ដោយ​រាបសារ ហើយ​បន្ដ​ហាត់​ចម្រៀង​ដែល​យើង​មិន​អាច​ច្រៀង រហូត​ដល់​យើង​អាច​ច្រៀង « ជា​បទ​ច្រៀង​សរសើរ​ព្រះអង្គ » ។១៣ នោះ​នៅ​ថ្ងៃ​មួយ កាល​ទំនុក​តម្កើង​ដ៏​យើង​ចូល​ចិត្ត​ជា​ខ្លាំង​បន្លឺ​ឡើង​ថា

យើង​ច្រៀង ហើយ​យើង​នឹង​ស្រែក​ទ្រហោ​​នឹងពល​ស្ថានសួគ៌

ហូសាណា ហូសាណាដល់​ព្រះ និង​កូនចៀម !…

…កាល​ព្រះយេស៊ូវ​យាង​មក​ដោយ​ព្រះរាជ​រថភ្លើង ! »១៤

ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា គ្រា​នោះ​នឹង​មកដល់ ថា​ព្រះ​ជា​ព្រះវរបិតាសួគ៌​របស់​យើង នឹង​បញ្ជូន​ព្រះរាជ​បុត្រា​បង្កើត​តែមួយ​របស់​ទ្រង់​មក​ផែនដី​ម្ដង​ទៀត នៅ​គ្រា​នេះ​ដើម្បី​គ្រប់គ្រង និង​គ្រងរាជ្យ​ជា​ស្ដេច​នៃ​អស់ទាំង​ស្ដេច​ជា​រៀង​រហូត ។ ខ្ញុំ​ថ្លែង​ទីបន្ទាល់​ថា នេះ​គឺជា​សាសនាចក្រ​របស់​ទ្រង់​ដែល​បាន​ស្ដារ​ឡើងវិញ ហើយ​គឺជា​យានយន្ដ​ដើម្បី​នាំ​ការបង្រៀន និង​ពិធីបរិសុទ្ធ​នៃ​ការ​សង្គ្រោះ​នៃ​ដំណឹងល្អ​របស់​ទ្រង់​ទៅ​កាន់​មនុស្ស​លោក​ទាំងអស់ ។ នៅ​ពេល​សារលិខិត​របស់​ទ្រង់​បាន « ចាក់​ទម្លុះ​គ្រប់​ទ្វីប ទៅគ្រប់​លំហរ​អាកាស »១៥ ព្រះយេស៊ូវ​នឹង​ប្រាកដ​ជា « បង្ហាញ​ព្រះភ័ក្ត្រ​ញញឹម​របស់​ទ្រង់ » ។១៦ នោះ​នឹង​មាន​ពន្លឺ​ភ្លឺ​ដ៏​អស់​កល្ប​ជានិច្ច​នៅក្នុង​ព្រលឹង​នៅ​ថ្ងៃ នោះ ។ ខ្ញុំ​សូម​អធិស្ឋាន​ជា​បន្ដ​បន្ទាប់​ដើម្បី​ឲ្យ​ការ​សន្យា​នេះ​បាន​កើត​ឡើង នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. « មាន​ពន្លឺ​ភ្លឺ​ក្នុង​ចិត្តខ្ញុំរាល់​ថ្ងៃ » ទំនុកតម្កើង លេខ ១៤៤ ។

  2. ទំនុកតម្កើងលេខ ១៤៤ ។

  3. ទំនុកតម្កើងលេខ ១៤៤ ។

  4. រ៉ូម ៨:២៥ ។

  5. ទំនុកតម្កើងលេខ ១៤៤ ។

  6. ប៊ីល ស្ដេនីស « All God’s Critters Got a Place in the Choir, » នៅក្នុង Laurel Thatcher Ulrich and Emma Lou Thayne, All God’s Critters Got a Place in the Choirឆ្នាំ ១៩៩៥) ទំព័រ ៤ ។

  7. ទំនុកតម្កើងលេខ ១៤៤ ។

  8. សូមមើល អេធើរ ១២:៤, ១១ ។

  9. វិល្លាម សេកស្ពៀរ, King Lear,act ១, scene ១, lines ៧៩–៨០, ៩៣–៩៤ ។

  10. នីហ្វៃទី៣ ១៧:១៦-១៧បានគូសបញ្ជាក់បន្ថែម ។

  11. អាលម៉ា ៧:២៦សូមមើល​ផងដែរ អាលម៉ា ២៦:១៣ផងដែរ ។

  12. សូម​មើល នីហ្វៃទី២ ២៦:៣៣ ។

  13. ទំនុកតម្កើងលេខ ១៤៤ ។

  14. « ព្រះវិញ្ញាណនៃព្រះ » ទំនុកតម្កើងលេខ ២ ។

  15. Teachings of Presidents of the Church: Joseph Smith( ឆ្នាំ ២០០៧ ) ទំព័រ ១៤២ ។

  16. ទំនុកតម្កើងលេខ ១៤៤ ។