ឆ្នាំ ២០១០-២០១៩
ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ
ខែ មេសា ឆ្នាំ ២០១៧


ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ

តាម​ការចាត់តាំង​មក​ពី​ព្រះ ព្រះវិញ្ញាណ​បរិសុទ្ធ​បំផុស​គំនិត ថ្លែង​ទីបន្ទាល់ បង្រៀន ហើយ​បំផុស​គំនិត​យើង​ឲ្យ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះអម្ចាស់ ។

បងប្អូន​ប្រុសស្រី ខ្ញុំ​ទទួល​ស្គាល់​ដូច​ជា​បងប្អូន​ដែរ​ថា យើង​កំពុង​ឃើញ​កិច្ចការ​របស់​ព្រះអម្ចាស់​ត្រូវបាន​ពន្លឿន តាមរយៈ​ប្រធាន ថូម៉ាស អេស ម៉នសុន និង​សារលិខិត​របស់​លោក​ព្រឹក​នេះ ។ ប្រធាន​ម៉នសុន ពួក​យើង​ស្រឡាញ់​លោក គាំទ្រ​លោក ហើយ​អធិស្ឋាន​ឲ្យ​លោកដែល​ជា « ព្យាការី​ជាទី​ស្រឡាញ់​របស់​យើង » ។

យើង​បាន​ទទួល​ព្រះវិញ្ញាណ​យ៉ាង​បរិបូរ​នា​ចុង​សប្តាហ៍​នេះ ។ មិន​ថា​បងប្អូន​នៅ​ក្នុង​សាល​ដ៏​ធំ​នេះ ឬ កំពុង​ទស្សនា​តាម​ផ្ទះ ឬ​ប្រជុំ​គ្នា​នៅ​ក្នុង​សាលាប្រជុំ​ នៅ​កន្លែង​នានា​ក្នុង​ពិភពលោក​ក្តី បងប្អូន​មាន​ឱកាស​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ ។ ព្រះវិញ្ញាណ​បញ្ជាក់​ដល់​ដួងចិត្ត និង​គំនិត​បងប្អូន​នូវ​សេចក្តីពិត​ដែល​បាន​បង្រៀន​នៅ​សន្និសីទ​នេះ ។

ចូរ​ពិចារណា​ពី​ទំនុកបទ​នៃ​ទំនុកតម្កើង​ដែល​ស្គាល់​នេះ ៖

ទុក​ឲ្យ​ព្រះវិញ្ញាណ​ដឹកនាំ

ទុក​ឲ្យ​ទ្រង់​បង្រៀន​ការ​ពិត

ទ្រង់​នឹង​ថ្លែង​អំពី​ព្រះគ្រីស្ទ

បំភ្លឺ​ចិត្ត​យើង​ពី​សួគ៌ា ។

តាមរយៈ​វិវរណៈ​ថ្ងៃ​ចុង​ក្រោយ យើង​ដឹង​ថា​ក្រុម​ព្រះ​រួម​មាន​តួអង្គ​បី​អង្គ​ដាច់​ដោយ​ឡែក​ពីគ្នា ៖ ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថានសួគ៌ បុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ យើង​ដឹង​ថា « ព្រះវរបិតា​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង ដែល​ជាក់ស្ដែង​ដូចជា​រូបកាយ​មនុស្ស ព្រះ​រាជបុត្រា​ក៏​ដូច្នោះ​ដែរ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង​ឡើយ តែ​មាន​រូប​ជា​វិញ្ញាណ​វិញ ។ បើ​ពុំ​នោះ​ទេ ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​អាច​សណ្ឋិត​នៅក្នុង​យើង​បាន​ឡើយ » ។

សារលិខិត​របស់​ខ្ញុំ​ថ្ងៃ​នេះ​ផ្ដោត​ទៅលើ​សារៈ​សំខាន់​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​នៅក្នុង​ជីវិត​យើង ។ ព្រះវរបិតា​យើង​ដែល​គង់​នៅ​ស្ថាន​សួគ៌​ជ្រាប​ដឹង​ថា នៅក្នុង​ជីវិត​រមែង​ស្លាប់​នេះ យើង​នឹង​ជួប​ឧបសគ្គ សេចក្តីវេទនា និង​ភាពជ្រួលច្របល់ ទ្រង់​ជ្រាប​ដឹង​ថា យើង​នឹង​ប្រឈម​មុខ​នឹង​ចម្ងល់​ជា​ច្រើន ការខក​ចិត្ត ការល្បួង និង​ភាពទន់​ខ្សោយ ។ ដើម្បី​​ផ្តល់​ភាពរឹងមាំ​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ​ដល់​យើង និង​ផ្តល់​ការណែនាំ​មក​ពី​ព្រះ នោះ​ទ្រង់​បាន​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា​ព្រះវិញ្ញាណ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​ចង​ភ្ជាប់​យើង​ទៅនឹង​ព្រះអម្ចាស់ ។ តាម​ការចាត់តាំង​មក​ពី​ព្រះ ទ្រង់​បំផុស​គំនិត ថ្លែង​ទីបន្ទាល់ បង្រៀន ហើយ​បំផុស​គំនិត​យើង​ឲ្យ​ដើរ​ក្នុង​ពន្លឺ​នៃ​ព្រះអម្ចាស់ ។ យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ពិសិដ្ឋ​ដើម្បី​រៀន​ទទួលស្គាល់​ព្រះចេស្តា​ទ្រង់​ក្នុង​ជីវិត​យើង និង​ការឆ្លើយតប​របស់​ទ្រង់ ។

ចូរ​ចាំ​ការសន្យា​របស់​ព្រះអម្ចាស់​ថា « យើង​នឹង​រំលែក​ដល់​អ្នក​នូវ​ព្រះវិញ្ញាណ​របស់​យើង ដែល​នឹង​បំភ្លឺ​គំនិត​របស់​អ្នក ដែល​នឹង​បំពេញ​ព្រលឹង​របស់​អ្នក​ដោយ​សេចក្ដីអំណរ » ។ ខ្ញុំ​ចូលចិត្ត​ការអះអាង​នោះណាស់ ! អំណរ​ដែល​បំពេញ​ព្រលឹង​យើង នាំ​មក​ដល់​យើង​នូវ​ទស្សនវិស័យ​អស់កល្ប​មួយ ដែល​ផ្ទុយ​ពី​ការរស់នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ ។ អំណរ​នោះ​កើត​ឡើង​ជា​ភាពសុខសាន្ត​ក្នុង​ស្ថានភាព​លំបាក ឬ​ការខូច​ចិត្ត ។ វា​ផ្តល់​ការលួងលោម និង​ការលើក​ទឹកចិត្ត បើកសម្តែង​សេចក្តីពិត​នៃ​ដំណឹង​ល្អ ហើយ​ពង្រីក​សេចក្តីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះអម្ចាស់ និង​កូនចៅ​ទាំងអស់​របស់​ទ្រង់ ។ ទោះបី​ជា​តម្រូវការ​សម្រាប់​ពរជ័យ​បែប​នោះ​ធំធេង​ក្តី ពិភពលោក​នេះ​បាន​បំភ្លេច និង​បោះបង់​ចោល​ពរជ័យ​ទាំង​នោះ​តាម​របៀប​ជា​ច្រើន ។

រៀងរាល់​សប្ដាហ៍ ពេល​យើង​ទទួល​ទាន​សាក្រាម៉ង់​ដ៏​ពិសិដ្ឋ យើង​ចុះ​សេចក្ដីសញ្ញា​ដើម្បី « ចងចាំ​ទ្រង់​ជានិច្ច » គឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ និងការ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ។ ពេល​យើង​រក្សា​សេចក្តីសញ្ញា​ពិសិដ្ឋ​នេះ យើង​ត្រូវបាន​សន្យា​ថា « យើង​អាច​នឹង​បាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​នឹង [ យើង ] ជា​ដរាប » ។

តើ​យើង​ធ្វើ​វា​ដោយ​របៀប​ណា ?

ទីមួយ យើង​ត្រូវ​ព្យាយាម​រស់នៅ​ដើម្បី​មាន​ភាពសក្ដិសម​នឹង​ព្រះវិញ្ញាណ ។

ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​នៅ​ជាមួយ​អស់​អ្នក​ដែល « ចងចាំ​យ៉ាង​ខ្ជាប់​ដល់​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​គេ​ជា​រៀងរាល់​ថ្ងៃ » ។ ដូច​ព្រះអម្ចាស់​ប្រទាន​ឱវាទ​ថា យើង​ត្រូវ « ទុក​ចោល​របស់​ទាំង​ឡាយ​នៃ​ពិភពលោក​នេះ ហើយ​ចូរ​ស្វែង​រក​របស់​ទាំងឡាយ​ណា​ដែល​គ្រាន់​បើ​ជាង​នេះ​វិញ »  ដ្បិត « ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​ពុំ​គង់នៅ​ក្នុង​ព្រះ​វិហារ​ណា​ដែល​ឥត​បរិសុទ្ធ​ឡើយ » ។ យើង​ត្រូវ​ព្យាយាម​គោរព​តាម​ក្រឹត្យវិន័យ​របស់​ព្រះ​ជានិច្ច សិក្សា​ព្រះគម្ពីរ អធិស្ឋាន ចូលរួម​ព្រះវិហារ​បរិសុទ្ធ ហើយ​រស់នៅ​ដោយ​ស្មោះត្រង់​តាម មាត្រា​នៃ​សេចក្តីជំនឿ​ទី​ដប់​បី « ប្រព្រឹត្ត​ដោយ​ទៀងត្រង់ ត្រឹម​ត្រូវ បរិសុទ្ធ សប្បុរស គុណធម៌ ហើយ…ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ » ។

ទីពីរ យើង​ត្រូវតែ​មាន​ឆន្ទៈ​ទទួល​ព្រះវិញ្ញាណ ។

ព្រះអម្ចាស់​បាន​សន្យា​ថា « យើង​នឹង​ប្រាប់​អ្នក​នៅ​ក្នុង​គំនិត​របស់​អ្នក និង​នៅក្នុង​ចិត្ត​របស់​អ្នក ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​នឹង​សណ្ឋិត​មក​លើ​អ្នក ហើយ​ដែល​នឹង​គង់​នៅក្នុង​ចិត្ត​របស់​អ្នក » ។ ខ្ញុំ​ចាប់ផ្តើម​យល់​ពី​ការណ៍​នេះ កាល​ខ្ញុំ​ជា​អ្នកផ្សព្វផ្សាយ​សាសនា​វ័យ​ក្មេង​នៅក្នុង​ទីក្រុង ស្កត់ ផ្លែន នូវជើស៊ី ។ នៅ​ព្រឹក​មួយ​នា​រដូវ​ក្តៅ​ខែ​កក្កដា ដៃគូ​ខ្ញុំ និង​ខ្ញុំ​ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​យើង​រកមើល​ការផ្តល់​អ្នក​រៀន​មកពី​វិសាលដ្ឋាន​នៃ​ព្រះវិហារ​បរិសុទ្ធ។ យើង​បាន​គោះ​ទ្វារ​ផ្ទះ​គ្រួសារ អែលវួដ ស្កាហ្វើរ ។ លោក​ស្រី ស្កាហ្វើរ បាន​សុំ​ឲ្យ​យើង​ចាកចេញ​ទៅ​វិញ​ដោយការ​គួរ​សម ។

ពេល​គាត់​ហៀប​នឹង​បិទ​ទ្វារ ខ្ញុំ​ទទួល​អារម្មណ៍​ឲ្យ​ធ្វើ​អ្វី​មួយ ដែល​ខ្ញុំ​ពុំ​ធ្លាប់​ធ្វើ​ពីមុន ហើយ​ពុំ​ធ្លាប់​ធ្វើ​វា​ឡើយ​តាំង​ពី​ពេល​នោះ​មក ! ខ្ញុំ​បាន​ដាក់​ជើង​ខ្ញុំ​ខ្ទាស់​នឹង​ទ្វារ ហើយ​ខ្ញុំ​សួរថា « តើ​មាន​នរណា​ផ្សេង​ទៀត​ដែល​អាច​ចាប់​អារម្មណ៍​នឹង​សារលិខិត​របស់​យើង​ទេ ? » ម៉ាទី កូនស្រី​អាយុ ១៦ ឆ្នាំ​របស់​គាត់​ពិតជា​មាន​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​បាន​អធិស្ឋាន​ដោយ​ស្មោះត្រង់​សុំ​ការណែនាំ​កាល​ពី​មួយ​ថ្ងៃ​មុន​នោះ ។ ម៉ាទី បាន​ជួប​យើង ហើយ​ក្នុង​ពេល​នោះ​ម្តាយ​នាង​ក៏​បាន​ចូលរួម​ក្នុង​ការពិភាក្សា​នោះ​ផងដែរ ។ ពួកគេ​ទាំង​ពីរ​នាក់​បាន​ចូល​ជា​សមាជិក​សាសនាចក្រ ។

រូបភាព
អែលឌើរ រ៉ាសបាន​កាល​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា

ជា​លទ្ធផល​ដោយ​សារ​តែ​ម៉ាទី បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក នោះ​មាន​មនុស្ស ១៣៦ នាក់​រួមទាំង​គ្រួសារ​របស់​នាង​ជា​ច្រើន​នាក់ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ចុះ​សេចក្តីសញ្ញា​នៃ​ដំណឹង​ល្អ ។ ឱ ខ្ញុំ​មាន​ពរ​អ្វី​ម៉្លេះ ដែល​ខ្ញុំ​បាន​ស្តាប់​តាម​ព្រះវិញ្ញាណ ហើយ​ដាក់​ជើង​ខ្ញុំ​ខ្ទាស់​ទ្វារ​នៅ​រដូវ​ក្តៅ​ខែ​កក្កដា​នា​ថ្ងៃ​នោះ ។ ម៉ាទី និង​សមាជិក​មួយ​ចំនួន​ក្នុង​គ្រួសារ​ដ៏​ជា​ទីស្រឡាញ់​របស់​នាង​មាន​វត្តមាន​នា​ថ្ងៃ​នេះ ។

ទីបី យើង​ត្រូវ​ទទួល​ស្គាល់​ព្រះវិញ្ញាណ​ពេល​ទ្រង់​មាន​វត្តមាន ។

បទពិសោធន៍​ដែល​ខ្ញុំ​មាន​គឺ​ថា ជា​ញឹកញាប់​បំផុត​ព្រះវិញ្ញាណ​ទាក់ទង​យើង​តាម​អារម្មណ៍ ។ បងប្អូន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​តាម​ពាក្យ​ដែល​បងប្អូន​ស្គាល់ ដែល​ធ្វើ​ឲ្យ​បងប្អូន​យល់​ដែល​បំផុស​គំនិត​បងប្អូន ។ ចូរ​ពិចារណា​អំពី​ចម្លើយ​របស់​ពួកសាសន៍​នីហ្វៃ ពេល​ពួកគេ​ស្តាប់​តាម​ព្រះអម្ចាស់​អធិស្ឋាន​សម្រាប់​ពួកគេ ៖ « ហើយ​ហ្វូង​មនុស្ស​បាន​ឮ ហើយ​បាន​ធ្វើ​បន្ទាល់ ហើយ​ចិត្ត​គេ​បាន​បើក បណ្ដា​ល​ឲ្យ​គេ​យល់​នៅ​ក្នុង​ចិត្ត​គេ​នូវ​ពាក្យ​ទាំង​ឡាយ​ដែល​ទ្រង់​បាន​អធិស្ឋាន » ។១០ ពួកគេ​បាន​ទទួល​អារម្មណ៍​ក្នុង​ចិត្ត​ពួកគេ​នូវ​បន្ទូល​ដែល​ទ្រង់​អធិស្ឋាន ។ សំឡេង​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ជា​សំឡេង​តូច​រហៀងៗ ។

អេលីយ៉ា​ប្រកួត​នឹង​សង្ឃ​នៃ​ព្រះបាល​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ ពួកសង្ឃ​រំពឹង​ថា « សំឡេង » នៃ​ព្រះ​បាល​គឺ​ជា​សំឡេង​ផ្គរ​លាន់ និង​ជា​ភ្លើង​ដែល​ដុត​បញ្ឆេះ​យញ្ញ​បូជា​របស់​ពួកគេ ។ ប៉ុន្តែ​វា​គ្មាន​សំឡេង ហើយ​ក៏​គ្មាន​ភ្លើង​ដែរ ។១១

ក្រោយ​មក​ទៀត អេលីយ៉ា​បាន​អធិស្ឋាន ។ « នោះ​មើល ព្រះយេហូវ៉ា​ទ្រង់​យាង​ទៅ​តាម​ទី​នោះ ហើយ​កើត​មាន​ខ្យល់​ព្យុះ​គំហុក​ជា​ខ្លាំង បក់​មក​ប៉ះ​បំបាក់​ភ្នំ​បំបែក​ថ្ម​ខ្ទេចខ្ទី​នៅ​ចំពោះ​ព្រះយេហូវ៉ា តែ​ព្រះយេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ខ្យល់​នោះ​ទេ ក្រោយ​ខ្យល់​នោះ​មក ក៏​មាន​កក្រើក​ដី តែ​ព្រះយេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ការ​កក្រើក​ដី​នោះ​ទេ ៖

បន្ទាប់​ពី​ការ​កក្រើក​ដី​នោះ​មក នោះ​មាន​ភ្លើង​ឆេះ តែ​ព្រះយេហូវ៉ា​ទ្រង់​មិន​មែន​គង់​នៅ​ក្នុង​ភ្លើង​នោះ​ទេ ក្រោយ​ពី​ភ្លើង​នោះ​មក មាន​ឮ​សំឡេង​តូច​រហៀងៗ » ។១២

តើ​បងប្អូន​ស្គាល់​សំឡេង​នោះ​ដែរ​ឬ​ទេ ?

ប្រធាន ម៉នសុន បាន​បង្រៀន​ថា « នៅពេល​យើង​បន្ត​ដំណើរ​នៃ​ជីវិត​នេះ ចូរ​យើង​រៀន​នូវ​ភាសា​នៃ​ព្រះវិញ្ញាណ » ។១៣ ព្រះវិញ្ញាណ​មាន​បន្ទូល​នូវ​ពាក្យ​ដែល​យើង​ទទួល​អារម្មណ៍ ។ អារម្មណ៍​ទាំង​នេះ​មាន​ភាព​រម្យទម ជំរុញ​ចិត្ត​ឲ្យ​ធ្វើ​សកម្មភាព ឲ្យ​ធ្វើ ឲ្យ​និយាយ​អ្វី​មួយ ឲ្យ​ឆ្លើយ​តប​ក្នុង​របៀប​ជាក់លាក់​មួយ ។ ប្រសិនបើ​យើង​ពុំ​ខ្វល់ ឬ​ពុំ​យក​ចិត្ត​ទុកដាក់​ក្នុង​ការថ្វាយ​បង្គំ បង្វែរ​អារម្មណ៍ និង​ធ្វើ​ឲ្យ​វិញ្ញាណ​យើង​អាប់អួរ​ដោយសារ​តែ​ការស្វែងរក​ខាងលោកិយ នោះ​យើង​ឃើញ​ថា​ខ្លួន​យើង​បន្ថយ​លទ្ធភាព​ក្នុង​ការ​ទទួល​អារម្មណ៍​នោះ ។ នីហ្វៃ​បាន​និយាយ​ទៅកាន់​លេមិន និង​លេមយួល​ថា « បង​រាល់​គ្នា​បាន​ឮ​សំឡេង​របស់​ព្រះ​អង្គជា​ញឹកញយ ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​ជាមួយ​នឹង​បង​រាល់​គ្នា​ដោយ​សំឡេង​តូច​រហៀងៗ ប៉ុន្តែ​បង​រាល់​គ្នា​មាន​ចិត្ត​វក់​វិញ ទើប​មិន​អាច​ចាប់​អារម្មណ៍ [ ពី ] ព្រះ​បន្ទូល​របស់​ព្រះ​អង្គ​ឡើយ » ។១៤

កាល​ពី​ខែ​មិថុនា​ឆ្នាំ​មុន ខ្ញុំ​ត្រូវបាន​ចាត់តាំង​ទៅ​អាមេរិក​ខាង​ត្បូង ។ យើង​មាន​កាលវិភាគ​ដ៏​មមាញឹក​ចំនួន ១០ ថ្ងៃ​ដើម្បី​ទស្សនា​ប្រទេស កូឡុំប៊ី ប៉េរូ និង អេក្វាឌ័រ ។ ការរំញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ​បាន​សម្លាប់​មនុស្ស​អស់​រាប់​រយ​នាក់ រាប់ពាន់​នាក់​ទៀត​រង​របួស ហើយ​ផ្ទះ និង​សហគមន៍​នៅក្នុង​ទីក្រុង ផ័រតូវីហូ និង​ម៉ានតា​នៃ​ប្រទេស​អេក្វាឌ័រ​ត្រូវ​បំផ្លិចបំផ្លាញ ។ ខ្ញុំ​ទទួល​ការបំផុស​គំនិត​ឲ្យ​បន្ថែម​ការសួរសុខទុក្ខ​លើ​កាល​វិភាគ​របស់​យើង ដល់​សមាជិក​ដែល​រស់នៅ​ក្នុង​ទីក្រុង​ទាំងនោះ ។ យើង​ពុំ​ប្រាកដ​ថា​យើង​អាច​ទៅ​ទី​នោះ​បាន​ឬ​អត់​នោះ​ទេ ដោយសារ​ផ្លូវ​បាន​ខូច ។ ប្រាកដ​ណាស់ គេ​ប្រាប់​យើង​ថា​យើង​ពុំ​អាច​ទៅ​ទីនោះ​បាន​ឡើយ ប៉ុន្តែ​ការបំផុស​គំនិត​នោះ​មិន​ទៅ​ណា​ឡើយ ។ ក្រោយ​មក​យើង​មាន​ពរ ហើយ​យើង​អាច​សួរសុខទុក្ខ​សមាជិក​នៅ​ទីក្រុង​ទាំង​ពីរ​នោះ ។

ជាមួយ​នឹង​ការជូន​ដំណឹង​ដ៏ខ្លី​នោះ ខ្ញុំ​រំពឹង​ទុក​ថា​នឹង​មាន​ថ្នាក់​ដឹកនាំ​ក្នុង​តំបន់​តែ​ពីរបី​នាក់​ប៉ុណ្ណោះ ដែល​ចូលរួម​ក្នុង​ការប្រជុំ​គ្នា​ដ៏​ប្រញាប់ប្រញាល់​នោះ ។ ប៉ុន្តែ​ពេល​បាន​មក​ដល់​មជ្ឈមណ្ឌល​ស្តេក​នីមួយៗ យើង​ឃើញ​មាន​មនុស្ស​ពេញ​សាលា​ជំនុំ​តាំង​ពី​ក្រោយ​រហូត​ដល់​វេទិកា ។ ពួកគេ​មួយ​ចំនួន​ដែល​បាន​ចូលរួម​នោះ​គឺ​ជា​សមាជិក​រឹងមាំ​នៅក្នុង​តំបន់​នោះ ជា​អ្នក​ត្រួសត្រាយ​ដែល​បន្ត​ស្មោះត្រង់​នឹង​សាសនាចក្រ បាន​លើក​ទឹកចិត្ត​អ្នក​ដទៃ​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ​ក្នុងការ​ថ្វាយ​បង្គំ និង​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​ក្នុង​ជីវិត​ពួកគេ ។ អ្នក​អង្គុយ​នៅ​កៅអី​ជួរ​មុខ​គឺ​ជា​សមាជិក​ដែល​មាន​គ្រួសារ និង​អ្នក​ជិតខាង​បាន​ស្លាប់​ក្នុង​ការរំញ្ជួយ​ដី​នោះ ។ ខ្ញុំ​ទទួល​ការបំផុស​គំនិត​ឲ្យ​ផ្តល់​ការប្រសិទ្ធពរ​ក្នុង​នាម​ជា​សាវក​ដល់​អស់​អ្នក​ដែល​ចូលរួម ជា​ការផ្តល់​ប្រសិទ្ធពរលើក​ដំបូង​របស់​ខ្ញុំ ។ ទោះបី​ខ្ញុំ​ឈរ​នៅ​ខាង​មុខ​ពួកគេ​ក្តី ខ្ញុំ​ហាក់បី​ដូច​ជា​បាន​ដាក់​ដៃ​ខ្ញុំ​លើ​ក្បាល​ពួកគេ​ម្នាក់ៗ ហើយ​ខ្ញុំ​ទទួល​អារម្មណ៍​ឲ្យ​និយាយ​នូវ​ព្រះបន្ទូល​ព្រះ​ចេញ​មក ។

រូបភាព
អែលឌើរ និង​ស៊ិស្ទើរ រ៉ាសបាន​នៅ​អាមេរិក​ខាង​ត្បូង

វា​ពុំ​បាន​បញ្ចប់​ត្រឹម​នោះ​ឡើយ ។ ខ្ញុំ​ទទួល​ការបំផុស​គំនិត​ឲ្យ​និយាយ​ទៅ​កាន់​ពួកគេ ដូច​ពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​ធ្វើ ពេល​ទ្រង់​ជួប​ប្រជាន​នៅក្នុង​ទ្វីប​អាមេរិក ។ « ទ្រង់​បាន​យក​កូន​ក្មេង​របស់​ពួកគេ…ហើយ​បាន​ប្រទាន​ពរ​ដល់​ពួក​វា ហើយ​បាន​អធិស្ឋាន​ដល់​ព្រះវរបិតា​សម្រាប់​ពួក​គេ » ។១៥ យើង​បាន​នៅក្នុង​ប្រទេស​អេក្វាឌ័រ យើង​បាន​ធ្វើ​កិច្ចការ​របស់​ព្រះវរបិតា ហើយ​ពួកគេ​គឺ​ជា​កូនចៅ​ទ្រង់ ។

ទីបួន យើង​ត្រូវ​ធ្វើ​តាម​ការបំផុស​លើកដំបូង ។

ចូរ​ចាំ​ពី​ពាក្យ​របស់​នីហ្វៃ លោក​បាន​មាន​ប្រសាសន៍​ថា ៖ « ហើយ​ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា តើ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ ។ ទោះ​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​ដើរ​តម្រង់​ទៅ​មុខ » ។១៦

យើង​ត្រូវ​ធ្វើ​ដូច្នោះ​ផងដែរ ! យើង​ត្រូវ​តែ​មាន​ទំនុក​ចិត្ត​ទៅ​លើ​ការ​បំផុសគំនិត​ដែល​យើងទទួល​បាន​ជា​លើក​ដំបូង ។ ជួនកាល​យើង​ស្រពិចស្រពិល​ដោយ​ឆ្ងល់​ថា តើ​យើង​ទទួល​អារម្មណ៍​បំផុស​គំនិត​ពី​ព្រះ​វិញ្ញាណ ឬ​វា​ជា​អារម្មណ៍​ខ្លួន​យើង​ផ្ទាល់ ។ ពេល​យើង​ចាប់ផ្តើម​ស្មាន​អំពី​អារម្មណ៍​យើង​ជា​លើក​ទី​ពីរ ឬ​ទី​បី​—ដូច​ពួកយើង​ទាំងអស់​គ្នា​ធ្វើ—នោះ​យើង​កំពុង​បណ្តេញ​ព្រះវិញ្ញាណ យើង​កំពុង​ឆ្ងល់​អំពី​ដំបូន្មាន​ពី​ព្រះ​ហើយ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា « ប្រសិនបើ​អ្នក​នឹង​ស្តាប់​តាម​ការបំផុស​គំនិត​លើក​ដំបូង នោះ​ក្នុង​ការបំផុស​គំនិត​ដប់​ដង អ្នក​ច្បាស់​ជា​ទទួល​បាន​ដល់​ទៅ​ប្រាំបួន​ដង​ហើយ » ។១៧

នេះ​ជា​ការព្រមាន​មួយ ៖ ចូរ​កុំ​រំពឹង​គិត​អំពី​ពរជ័យ​ដ៏​ធំធេង ដោយសារ​តែ​អ្នក​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ​ឡើយ ។ ចូរ​ចងចាំ​ថា អ្នក​កំពុង​ធ្វើ​តាម​សំឡេង​តូច​រហៀង ។

អំឡុង​ពេល​បម្រើ​ជា​ប្រធាន​បេសកកម្ម​នៅ​ទីក្រុង នូវ យ៉ោក ខ្ញុំ និង​អ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​ទៀត​បាន​ទៅ​ភោជនីដ្ឋាន​មួយ​ក្នុង​ទីក្រុង​ប្រុន ។ មាន​គ្រួសារ​វ័យ​ក្មេង​មួយ​គ្រួសារ​បាន​ចូល​មក ហើយ​អង្គុយ​ក្បែរ​ពួកយើង ។ ពួកគេ​ដូច​ជា​ត្រៀម​ខ្លួន​រួចរាល់​ដើម្បី​ទទួល​យក​ដំណឹង​ល្អ។ ខ្ញុំ​បាន​មើល​អ្នក​ផ្សព្វផ្សាយ​សាសនា​យើង ពេល​ពួកគេ​បន្ត​នៅ​ជាមួយ​ខ្ញុំ បន្ទាប់​មក​បាន​ឃើញ​ថា​គ្រួសារ​នោះ​បាន​ស្រស់ស្រូប​អាហារ​រួច ហើយ​ក៏​បាន​ចាកចេញ​ទៅ ។ បន្ទាប់​មក ខ្ញុំ​បាន​និយាយ​ថា « អែលឌើរ មាន​មេរៀន​មួយ​នៅ​ទីនេះ​នាថ្ងៃ​នេះ ។ អែលឌើរ​បាន​ឃើញ​គ្រួសារ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​មួយ​បាន​ចូល​មក​ភោជនីដ្ឋាន​នេះ ។ តើ​យើង​គួរតែ​ធ្វើ​ដូចម្តេច ?

អែលឌើរ​ម្នាក់​បាន​និយាយ​ភ្លាម​ថា ៖ « ខ្ញុំ​គិត​ថា​ក្រោក​ឡើង ហើយ​ទៅ​និយាយ​ជាមួយ​ពួកគេ ។ ខ្ញុំ​ទទួល​ការជំរុញ​ចិត្ត​នោះ ប៉ុន្តែ​ខ្ញុំ​ពុំ​បាន​ធ្វើ​តាម​ឡើយ » ។

ខ្ញុំ​បាន​និយាយ​ថា « អែលឌើរ យើង​ត្រូវ​ធ្វើ​តាម​ការបំផុស​គំនិត​លើក​ដំបូង​របស់​យើង​ជានិច្ច ។ ការជំរុញ​ចិត្ត​ដែល​អែលឌើរ​បាន​ទទួល​នោះ​គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ ! »

ការបំផុស​គំនិត​លើក​ដំបូង​គឺ​ជា​ការបំផុស​គំនិត​សុទ្ធសាធ​មក​ពី​ស្ថានសួគ៌ ។ ពេល​ការបំផុស​គំនិត​ទាំងនោះ​បញ្ជាក់ ឬ​ថ្លែង​ទីបន្ទាល់​ដល់​យើង នោះ​យើង​ត្រូវ​ទទួល​ស្គាល់​វា ហើយ​ពុំ​ត្រូវ​ឲ្យ​វា​របូត​ទៅ​ផុត​ឡើយ ។ ដូច្នេះ​ជារឿយៗ ព្រះវិញ្ញាណ​បំផុស​គំនិត​យើង​ឲ្យ​ទៅ​ជួយ​នរណា​ម្នាក់​ក្នុង​គ្រា​អាសន្ន ជាពិសេស​គ្រួសារ និង​មិត្តភក្តិ​យើង ។ « មែន​ហើយ…សំឡេង​តូច​រហៀងៗ​ដែល​ខ្សឹប ហើយ​ទំ​លុះ​គ្រប់​ទាំង​អស់ » ១៨ ចង្អុល​បង្ហាញ​យើង​អំពី​ឱកាស​បង្រៀន​ដំណឹង​ល្អ ថ្លែង​ទីបន្ទាល់​អំពី​ការស្តារ​ឡើង​វិញ និង​អំពី​ព្រះយេស៊ូវគ្រីស្ទ ផ្តល់​ការគាំទ្រ និង​ខ្វល់ខ្វាយ ព្រមទាំង​សង្គ្រោះ​កូនចៅ​ដ៏​មាន​តម្លៃ​របស់​ព្រះ ។

ចូរ​គិត​អំពី​វា​ថា​ជា​អ្វី​មួយ​ដែល​ហៅ​ថា​អ្នក​ឆ្លើយ​តប​ដំបូង ។ នៅក្នុង​សហគមន៍​ភាគច្រើន អ្នក​ឆ្លើយ​តប​ដំបូង​ទៅ​នឹង​សោកនាដកម្ម គ្រោះ​ភ័យ ឬ​គ្រោះ​អន្តរាយ​គឺ​មាន​ដូចជា​អ្នក​ពន្លត់​អគ្គិភ័យ ប៉ូលីស អ្នក​ជំនួយ​វេជ្ជបណ្ឌិត ។ ពួកគេ​បាន​មក​ដោយ​មាន​ពន្លឺ​ពិល ហើយ​ខ្ញុំ​សូម​បន្ថែម​ថា យើង​មាន​អំណរគុណ​ជា​ខ្លាំង​ចំពោះ​ពួកគេ ។ របៀប​របស់​ព្រះអម្ចាស់​គឺ​ពិបាក​នឹង​មើល​ឃើញ​ជាក់ស្តែង ប៉ុន្តែ​តម្រូវ​ឲ្យ​មាន​ការឆ្លើយ​តប​ភ្លាមៗ ។ ព្រះអម្ចាស់​ជ្រាបដឹង​ពី​តម្រូវការ​កូនចៅ​ទាំងអស់​របស់​ទ្រង់—ហើយ​ទ្រង់​ជ្រាបដឹង​ពី​អ្នក​ដែល​បាន​រៀបចំ​ខ្លួន​ដើម្បី​ជួយ ។ ប្រសិនបើ​យើង​អនុញ្ញាត​ឲ្យ​ព្រះអម្ចាស់​ជ្រាប​ដឹង​នៅក្នុង​ការអធិស្ឋាន​ពេល​ព្រឹក​របស់​យើង​ថា យើង​ត្រៀម​ខ្លួន​រួច​ជាស្រេច នោះ​ទ្រង់​នឹង​ហៅ​យើង​ឲ្យ​ឆ្លើយ​តប ។ ប្រសិនបើ​យើង​ឆ្លើយ​តប នោះ​ទ្រង់​នឹង​ហៅ​យើង​ម្តង​ហើយ​ម្តង​ទៀត ហើយ​យើង​នឹង​ឃើញ​ថា យើង​ធ្វើ « ធុរកិច្ច​របស់​ព្រះ​អម្ចាស់ » ដូច​អ្វី​ដែល​ប្រធាន​ម៉នសុន​បាន​ហៅ ។១៩ យើង​នឹង​ក្លាយ​ជា​អ្នក​ឆ្លើយ​តប​ដំបូង ដែល​នាំ​ជំនួយ​មក​ពី​ស្ថានលើ ។

ប្រសិនបើ​យើង​យក​ចិត្ត​ទុកដាក់​ចំពោះ​ការបំផុស​គំនិត​ដែល​កើត​មាន​ដល់​យើង នោះ​យើង​នឹង​រីកចម្រើន​ក្នុង​វិញ្ញាណ​នៃ​វិវរណៈ ហើយ​ទទួល​បាន​ការយល់​ដឹង និង​ការណែនាំ​មក​ពី​ព្រះវិញ្ញាណ​កាន់តែ​ច្រើន​ឡើងៗ ។ ព្រះអម្ចាស់​មាន​បន្ទូល​ថា « ចូរ​ដាក់​ទី​ទុក​ចិត្ត​របស់​អ្នក​ទៅ​នឹង​ព្រះ​វិញ្ញាណ​នោះ ដែល​នាំ​ឲ្យ​ធ្វើ​ល្អ » ។២០

សូម​ឲ្យ​យើង​ទទួល​យក​ការហៅ​របស់​ព្រះអម្ចាស់​ដោយ​ហ្មត់ចត់​ឲ្យ « សង្ឃឹម​ឡើង ដ្បិត​យើង​នឹងដឹកនាំ​អ្នក​រាល់​គ្នា » ។២១ ទ្រង់​ដឹកនាំ​យើង​តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ សូម​យើង​រស់នៅ​ឲ្យ​ជិតស្និទ្ធ​នឹង​ព្រះវិញ្ញាណ ធ្វើ​តាម​ការបំផុស​គំនិត​ដំបូង​ភ្លាមៗ ដោយ​ដឹង​ថា​វា​ជា​ការបំផុស​មក​ពី​ព្រះ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ថា​ទ្រង់ ដឹកនាំ​យើង ការពារ​យើង ហើយ​គង់​នៅ​ជាមួយ​យើង នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។