ឆ្នាំ ២០១០-២០១៩
ក្រុមព្រះ និង​ផែនការ​នៃ​សេចក្តី​សង្រ្គោះ
ខែ មេសា ឆ្នាំ ២០១៧


ក្រុមព្រះ និង​ផែនការ​នៃ​សេចក្តី​សង្រ្គោះ

ដោយសារ​យើង​មាន​សេចក្តីពិត​អំពី​ក្រុម​ព្រះ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ពួកទ្រង់ នោះ​យើង​មាន​ផែនទី​ប្រាប់​ផ្លូវ​សម្រាប់​ដំណើរ​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។

I.

មាត្រា​នៃ​សេចក្តីជំនឿ​ខ​ទី​មួយ របស់​យើង​ចែង​ដូច្នេះ ៖ « យើង​ខ្ញុំ​ជឿ​ដល់​ព្រះ គឺ​ព្រះ​វរបិតា​ដ៏​គង់នៅ​អស់​កល្ប​ជានិច្ច និង​ដល់​ព្រះ​រាជ​បុត្រា​ទ្រង់ គឺ​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​ដល់​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ។ យើង​មាន​ជំនឿ​លើ​ព្រះវរបិតា និង​ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដូច​នឹង​ពួកគ្រិស្តសាសនិក​ផ្សេង​ទៀត​ដែរ ប៉ុន្តែ​អ្វី​ដែល​យើង​ជឿ​អំពី​ពួក​ទ្រង់​នោះ​គឺ​ផ្សេង​ពី​ជំនឿ​របស់​អ្នកដទៃ ។ យើង​ពុំ​ជឿ​លើ​គោលលទ្ធិ​ដែល​ពួក​គ្រិស្តសាសនិក​ក្នុង​ពិភពលោក​នេះ​ហៅ​ថា គោលលទ្ធិ​នៃ​ព្រះទាំង​បី​ដ៏បរិសុទ្ធ​ឡើយ ។ នៅក្នុង​ការនិមិត្ត​ដំបូង យ៉ូសែប ស៊្មីធ បាន​ឃើញ​តួអង្គពីរ​ផ្សេង​ពី​គ្នា​គឺ​ពីរ​អង្គ ដូច្នេះ​ការណ៍​នេះ​បញ្ជាក់​ថា ជំនឿ​ទូទៅ​នៅ​ជំនាន់​នោះ​ទាក់ទង​នឹង​ព្រះ និង​ក្រុម​ព្រះ​គ្មាន​ភាពពិតប្រាកដ​ឡើយ ។

ផ្ទុយ​នឹង​ការជឿ​ថា ព្រះ​គឺ​ជា​អាថ៌កំបាំង​មួយ​ដែល​ពុំ​អាច​យល់ និង​ពុំ​អាច​ស្គាល់បាន នោះ​សេចក្តីពិត​អំពី​លក្ខណៈ​នៃ​ព្រះ និង​ទំនាក់ទំនង​យើង​ជាមួយ​ទ្រង់​គឺ​អាច​យល់​បាន ហើយ​វាជា​គន្លឹះ​ទៅកាន់​រឿង​គ្រប់​យ៉ាងផ្សេង​ទៀត​នៅក្នុង​គោលលទ្ធិ​យើង ។ ព្រះគម្ពីរ​ប៊ីប​កត់ត្រា​អំពីការអធិស្ឋាន​ជំនួស​ដ៏​អស្ចារ្យ​របស់​ព្រះយេស៊ូវ កាល​ទ្រង់​បាន​ប្រកាស​ថា « នេះ​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បាន​ស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះ​ពិត​តែ​មួយ និង​ព្រះយេស៊ូវគ្រីស្ទ​ដែល​ទ្រង់​បាន​ចាត់​ឲ្យ​មក​ផង » (យ៉ូហាន ១៧:៣) ។

រូបភាព
ព្រះគម្ពីរ​ប៊ីប

ការប្រឹងប្រែង​ដើម្បី​ស្គាល់​ព្រះ និង​កិច្ចការ​ទ្រង់​បានចាប់ផ្តើម​ពីមុន​ជីវិត​រមែង​ស្លាប់ ហើយ​នឹង​មិន​បញ្ចប់​នៅលើ​ផែន​នេះ​ឡើយ ។ ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បង្រៀន​ថា « វា​នៅពេល​យ៉ាងយូរ​ទៀត បន្ទាប់​ពី​អ្នក​បាន​ឆ្លងកាត់​វាំងនន មុន​ពេល​អ្នក​នឹង​បាន​រៀន…គោលការណ៍​ទាំងអស់​នៃ​ភាព​តម្កើង​ឡើង » ។ យើង​ស្ថាបនា​លើ​ចំណេះ​ដឹង ដែល​យើង​ទទួល​បាន​នៅក្នុង​ពិភព​វិញ្ញាណ​នៃ​ជីវិត​មុន​ផែន​ដី ។ ដូច្នេះ​ហើយ ក្នុងការ​ព្យាយាម​បង្រៀន​ពួក​អ៊ីស្រាអែល​អំពី​លក្ខណៈ​របស់​ព្រះ និង​ទំនាក់ទំនង​ទ្រង់​ជាមួយ​កូនចៅ​ទ្រង់ ព្យាការី​អេសាយ​បាន​ប្រកាស​ដូច​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ​ប៊ីប​ថា ៖

« ដូច្នេះ​តើ​អ្នក​រាល់​គ្នា​នឹង​ធៀប​ផ្ទឹម​ព្រះ ដូច​ជា​អ្នក​ណា ឬ​ប្រៀប​ទ្រង់​នឹង​ភាព​អ្វី ? …

តើ​អ្នក​រាល់​គ្នា​មិន​បាន​ដឹង​ទេ​ឬ តើ​មិន​បាន​ឮ តើ​ឥត​មាន​អ្នក​ណា​ប្រាប់​ដល់​អ្នក​រាល់​គ្នា តាំង​ពី​ដើម​មក តើ​អ្នក​រាល់​គ្នា​មិន​បាន​យល់​សេចក្តី តាំង​ពី​កំណើត​លោកិយ​រៀង​មក​ទេ​ឬ​អី ? » (អេសាយ ៤០:១៨, ២១) ។

យើង​ដឹង​ថា សមាជិក​ទាំង​បី​នៃ​ក្រុម​ព្រះ​ជា​តួ​អង្គ​ផ្សេង និង​ដាច់​ដោយ​ឡែក​ពី​គ្នា ។ យើង​ដឹង​រឿង​នេះ​មក​ពី​ការណែនាំ​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​ផ្តល់​ឲ្យ​យើង ៖ « ព្រះវរបិតា ទ្រង់​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង ដែល​ជាក់ស្ដែង​ដូចជា​រូបកាយ​មនុស្ស ព្រះរាជបុត្រា​ក៏​ដូច្នោះ​ដែរ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​មាន​ព្រះកាយ​ជា​សាច់ និង ឆ្អឹង​ឡើយ តែមាន​រូប​ជា​វិញ្ញាណ​វិញ ។ បើ​ពុំ​នោះសោតទេ ព្រះវិញ្ញាណ​បរិសុទ្ធ​ពុំ​អាច​សណ្ឋិត​នៅក្នុង​យើង​បាន​ឡើយ » ( គ. និង ស. ១៣០:២២) ។

ទាក់ទង​នឹង​មុខ​ងារ​ដ៏ខ្ពស់​បំផុត​របស់​ព្រះ​ជា​ព្រះវរបិតា​នៅក្នុង​ក្រុម​ព្រះ និង​តួនាទី​ដែល​តួ​អង្គ​នីមួយៗ​មាន នោះ​ព្យាការី យ៉ូសែប បាន​ពន្យល់​ដូច្នេះ ៖

រូបភាព
ព្យាការី យ៉ូសែប ស៊្មីធ

« អ្នកណា​ដែល​បាន​ឃើញ​ស្ថានសួគ៌​បើក​ចំហរ ដឹង​ថា​មាន​តួអង្គ​បី​នៅ​លើ​ស្ថានសួគ៌ ដែល​កាន់កូនសោនៃ​អំណាច ហើយ​មាន​មួយ​អង្គ​ជា​អធិបតី​លើ​អ្វីៗ​ទាំងអស់ ។…

« … អង្គ​ទាំង​នេះ … ត្រូវបាន​ហៅ​ថា​ព្រះ ព្រះ​ទីមួយ​គឺ​អង្គបង្កបង្កើត ព្រះ​ទី​ពីរ​គឺ​ព្រះអង្គ​ប្រោសលោះ និង​ព្រះ​ទីបី​គឺ​ជា​សាក្សី ឬ​ម្ចាស់​បណ្តាំ ។

« [ វា​ជា ] សិទ្ធិ​អំណាច​របស់​ព្រះវរបិតា​ដើម្បី​ធ្វើ​ជា​អធិបតី ក្នុង​នាម​ជា​មេ ឬ​ប្រធាន ឯ​ព្រះយេស៊ូវ​គឺ​ជា​អង្គ​សង្រួបសង្រួម និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ជាម្ចាស់​បណ្តាំ ឬ​សាក្សី » ។

II. ផែនការ

យើង​យល់​អំពី​ទំនាក់​ទំនង​យើង​ជាមួយ​នឹង​សមាជិក​នៃ​ក្រុម​ព្រះ​មក​ពី​អ្វី​ដែល​ត្រូវបាន​បើក​សម្តែង​ឡើង​អំពី​ផែនការ​នៃ​សេចក្តីសង្គ្រោះ ។

សំណួរ​ដូច​ជា « តើ​យើង​មក​ពី​ណា ? » « ហេតុអ្វី​យើង​នៅ​ទីនេះ ? » និង « តើ​យើង​នឹង​ទៅ​ណា ? » ត្រូវបាន​ឆ្លើយ​នូវ​អ្វី​ដែល​បទ​គម្ពីរ​ហៅ​ថា « ផែន​ការ​នៃ​សេចក្តី​សង្រ្គោះ » « ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា » ឬ « ផែនការ​នៃ​សេចក្ដី​ប្រោសលោះ » (អាលម៉ា ៤២:៥, ៨, ១១) ។ ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ផ្តោត​សំខាន់​ទៅលើ​ផែនការ​នេះ ។

នៅ​ក្នុង​សណ្ឋាន​មួយ​ពីមុន​ជីវិត​រមែង​ស្លាប់ ក្នុងនាម​ជា​កូន​វិញ្ញាណ​របស់​ព្រះ យើង​ប៉ង​ចង់​បាន​ជោគវាសនា​នៃ​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ប៉ុន្តែ​យើង​ពុំ​អាច​រីកចម្រើន​ឡើង​បាន ដោយ​គ្មាន​បទពិសោធន៍​នៃ​ជីវិត​រមែង​ស្លាប់​នៅក្នុង​រូបកាយ​ជា​សាច់​ឈាម​នេះ​ឡើយ ។ ដើម្បី​ផ្តល់​ឱកាស​នោះ ព្រះវរបិតាសួគ៌​យើង​បាន​ធ្វើ​ជាអធិបតី​លើ​ការបង្កបង្កើត​ពិភពលោក​នេះ ជា​កន្លែង​យើង​អាច​បង្ហាញ​ពី​ឆន្ទៈ​យើង​ក្នុងការ​គោរព​បទបញ្ញត្តិ​ទ្រង់ ហើយ​ដកពិសោធន៍ និង​រីកចម្រើន​តាមរយៈ​ឧបសគ្គ​ផ្សេងៗ​ទៀត​នៃ​ជីវិត​រមែង​ស្លាប់ ប៉ុន្ដែ​យើង​មិន​បាន​ចងចាំ​អ្វីៗ​ដែល​មាននៅ​ពីមុន​កំណើត​នៃ​ជីវិត​រមែង​ស្លាប់​យើង​ឡើយ ។ ប៉ុន្តែ​នៅក្នុង​ដំណើរ​នៃ​បទពិសោធន៍​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ហើយ​ដោយសារ​តែ​លទ្ធផល​នៃ​ការ​ធ្លាក់​របស់​ឪពុក​ម្តាយ​ដើម​របស់​យើង នោះ​យើង​នឹង​រងទុក្ខ​ដោយ​ការស្លាប់​ខាង​វិញ្ញាណ ដោយ​ត្រូវ​កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ ប្រឡាក់​ដោយ​អំពើ​បាប និង​ទទួល​ការស្លាប់​ខាង​រូបកាយ ។ ផែនការ​របស់​ព្រះវរបិតា​បាន​រៀបចំ​ទុក​ជាមុន ហើយ​ផ្តល់​មធ្យោបាយ​ដើម្បី​ឈ្នះ​លើ​ឧបសគ្គ​ទាំងអស់​នោះ ។

III. ក្រុមព្រះ

ដោយ​យល់​ដឹង​ពី​គោលបំណង​នៃ​ផែនការ​ដ៏មហិមា​របស់​ព្រះ ឥឡូវ​នេះ​ចូរ​យើង​ពិចារណា​អំពី​តួនាទី​នីមួយៗ​របស់​សមាជិក​ទាំង​បី​នៃ​ក្រុម​ព្រះ​នៅក្នុង​ផែនការ​នោះ ។

យើង​ចាប់ផ្តើម​ជាមួយ​នឹង​ការបង្រៀន​មក​ពី​ព្រះគម្ពីរ​ប៊ីប ។ នៅក្នុង​ការបញ្ចប់​សំបុត្រ​ទីពីរ​របស់​លោក​ទៅកាន់​ពួក​កូរិនថូស សាវក​ប៉ុលបាន​សរសេរ​សេចក្ដី​យោង​នេះ​ដោយ​ពុំ​បាន​គិត​ទុក​ជាមុន ទាក់ទង​នឹង​ក្រុម​ព្រះ​អំពី​ព្រះវរបិតា ព្រះបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ដូច្នេះ ៖ « សូម​ឲ្យ​អ្នក​រាល់​គ្នា បាន​ប្រកប​ដោយ​ព្រះគុណ​នៃ​ព្រះអម្ចាស់យេស៊ូវគ្រីស្ទ និង​សេចក្តី​ស្រឡាញ់​របស់​ព្រះ ហើយ​និង​សេចក្តី​រួបរួមគ្នា [ ឬ ការប្រកប​គ្នា ]នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ » (កូរិនថូសទី ២ ១៣:១៤) ។

ខគម្ពីរ​ក្នុង​គម្ពីរ​ប៊ីប​នេះ​បង្ហាញ​អំពី​ក្រុមព្រះ ហើយ​ប្រាប់​អំពី​អត្ថន័យ​ទាំងអស់ និង​សេចក្តីស្រឡាញ់​ដ៏បំផុស​គំនិត​របស់​ព្រះ​ជា​ព្រះវរបិតា បេសកកម្ម​ដ៏​មេត្តា​ករុណា និង​សង្គ្រោះ​របស់​ព្រះយេស៊ូវគ្រីស្ទ ព្រមទាំង​អំពី​ការប្រកបគ្នា​នឹង​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះ​ជា​ព្រះវរបិតា

វា​ចាប់ផ្តើម​ជាមួយ​នឹង​ព្រះ​ជា​ព្រះវរបិតា ។ ដោយសារ​យើង​ស្គាល់​ទ្រង់​តិចតួច នោះ​អ្វី​ដែល​យើង​ដឹង​គឺ​សំខាន់​ក្នុង​ការយល់​ដឹង​អំពី​មុខងារ​ដ៏​ខ្ពស់​បំផុត​របស់​ទ្រង់ ទំនាក់ទំនង​ជាមួយ​ទ្រង់ និង​តួនាទី​គ្រប់គ្រង​របស់​ទ្រង់​នៅក្នុង​ផែនការ​នៃ​សេចក្តីសង្គ្រោះ ការបង្កបង្កើត និង​អ្វី​ទាំងអស់​ដែល​កើត​ឡើង​បន្ទាប់​ពី​នោះ ។

ដូច​អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី បាន​សរសេរ​ពីមុន​លោក​ទទួល​មរណភាព​ថា ៖ « នៅ​ក្នុង​ពាក្យ​ដ៏​សំខាន់ និង​ចុង​ក្រោយ​នេះគឺ​ថា មាន​ព្រះតែ​មួយ​អង្គ​ប៉ុណ្ណោះ​ដែល​ពិត និង​មាន​ព្រះជន្ម​រស់ ។ ទ្រង់​គឺ​ជា​ព្រះវរបិតា ជា​អេឡូហិម​ដ៏​មាន​មហិទ្ធិឫទ្ធិ ជា​ព្រះ​ដ៏​ខ្ពស់បំផុត ជា​ព្រះ​ដ៏​បង្កបង្កើត និង​ជា​អ្នក​គ្រប់គ្រង​សាកល​លោក » ។ ទ្រង់​គឺ​ជា​ព្រះ និង​ព្រះវរបិតា​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ជា​បិតា​នៃ​យើង​ទាំងអស់​គ្នា ។ ប្រធាន ដេវីឌ អូ មិកឃេ បាន​បង្រៀន​ថា « សេចក្តីពិត​គ្រឹះ​ដំបូង​ដែល​បាន​ផ្សាយ​ដោយ​ព្រះយេស៊ូវគ្រីស្ទ​នោះ​គឺ​ថា លើស​ពី​អ្វីៗ​ទាំងអស់​នោះ​មាន​ព្រះ​ជា​ព្រះវរបិតា ជា​ព្រះអម្ចាស់​នៃ​ស្ថានសួគ៌ និង​ផែនដី » ។

ភាគច្រើន​អ្វី​ដែល​យើង​ស្គាល់​អំពី​លក្ខណៈ​នៃ​ព្រះ​ជា​ព្រះវរបិតា គឺ​ជា​អ្វី​ដែល​យើង​អាច​រៀន​ពី​ការបម្រើ និង​ការបង្រៀន​របស់​ព្រះរាជបុត្រា​បង្កើត​តែ​មួយ​របស់​ទ្រង់​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ ដូចអែលឌើរ ជែហ្វ្រី អ័រ ហូឡិន បាន​បង្រៀន​ថា គោលបំណង​សំខាន់​បំផុត​នៃ​ការងារ​បម្រើ​របស់​ព្រះយេស៊ូវ​គឺ បើក​សម្តែង​ដល់​មនុស្ស​អំពី « លក្ខណៈ​នៃ​ព្រះជា​ព្រះវរបិតា​អស់កល្ប​របស់​យើង… ដើម្បី​បើក​សម្តែង និង​ធ្វើ​ឲ្យ​យើង​ដឹង​ដោយ​ផ្ទាល់​អំពី​លក្ខណៈពិត​របស់​ព្រះវរបិតា​ទ្រង់ ដែល​ជា​ព្រះវរបិតា​សួគ៌​របស់​យើង » ។ ព្រះគម្ពី​ប៊ីបមាន​សាក្សី​នៃ​សាវក​មួយ​ដែល​ថា ព្រះយេស៊ូវ​គឺ​ជា « រូបភាព » នៃ​ព្រះវរបិតា​ទ្រង់ (ហេព្រើរ ១:៣) ដែល​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ការបង្រៀន​ផ្ទាល់​របស់​ព្រះយេស៊ូវថា « អ្នក​ណា​ដែល​ឃើញ​ខ្ញុំ នោះ​ក៏​បាន​ឃើញ​ព្រះវរបិតា​ដែរ » (យ៉ូហាន ១៤:៩) ។

ព្រះ​ជា​ព្រះវរបិតា គឺ​ជាព្រះ​បិតា​នៃ​វិញ្ញាណ​របស់​យើង ។ យើង​គឺជា​កូនចៅ​ទ្រង់ ។ ទ្រង់​ស្រឡាញ់​យើង ហើយ​អ្វី​ទាំងអស់​ដែល​ទ្រង់​ធ្វើ​គឺ​សម្រាប់​ជា​ប្រយោជន៍​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង ។ ទ្រង់​គឺ​ជា​អ្នក​និពន្ធ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ ហើយ​ដោយសារ​ព្រះចេស្តា​របស់​ទ្រង់ ទើប​ផែនការ​របស់​ទ្រង់​អាច​សម្រេច​នូវ​គោលបំណង​នៃ​ផែនការ​នោះ​សម្រាប់​សិរី​ល្អ​អស់កល្ប​នៃ​កូនចៅ​ទ្រង់ ។

ព្រះ​រាជ​បុត្រា

ចំពោះ​មនុស្ស​លោក សមាជិក​នៃ​ក្រុមព្រះ​ដែល​មើល​ឃើញ​បំផុត​នោះ​គឺ​ព្រះយេស៊ូវគ្រីស្ទ ។ សេចក្តីថ្លែង​អំពី​គោលលទ្ធិ​ដ៏​អស្ចារ្យ​មួយ ដោយ​គណៈប្រធាន​ទីមួយ​ក្នុង​ឆ្នាំ ១៩០៩ ប្រកាស​ថា​ទ្រង់​គឺ​ជា « បុត្រ​ច្បង​ក្នុង​ចំណោម​បុត្រា​ទាំងអស់​របស់​ព្រះ—ជា​បុត្រ​បង្កើត​ដំបូង​ខាង​វិញ្ញាណ និង​ជាបុត្រ​បង្កើត​តែ​មួយ​នៅក្នុង​សាច់​ឈាម » ។ ព្រះរាជបុត្រាជា​ព្រះ​ដែល​មហិមា​លើ​អ្វីៗ​ទាំង​អស់ ត្រូវបាន​ជ្រើស​ដោយ​ព្រះវរបិតាឲ្យ​អនុវត្ត​ផែនការ​របស់​ព្រះវរបិតា—ឲ្យ​អនុវត្ត​ព្រះចេស្តា​របស់​ព្រះវរបិតា ដើម្បី​បង្កើត​ពិភពលោក​ដ៏​ច្រើន​ឥត​គណនា ( សូម​មើល ម៉ូសេ ១:៣៣) និង​ដើម្បី​សង្គ្រោះ​កូនចៅ​ព្រះ​ពី​សេចក្តីស្លាប់​តាមរយៈ​ការមាន​ព្រះជន្មរស់​ឡើង​វិញ​របស់​ទ្រង់ និង​រួច​ពី​អំពើ​បាប​តាមរយៈ​ដង្វាយធួន​ទ្រង់ ។ ការ​បូជា​ដ៏​ទេវភាព​នេះ​ពិត​ជា​ត្រូវបាន​ហៅ​ថា « កិច្ចការ​ដ៏​សំខាន់​ចំពោះ​ប្រវត្តិ​សាស្ត្រ​នៃ​មនុស្ស​លោក​ទាំង​អស់ » ។

រូបភាព
ព្រះអម្ចាស់យេស៊ូវគ្រីស្ទ

ក្នុង​ឱកាស​ពិសេស និង​ពិសិដ្ឋ​ទាំង​នោះ នៅពេល​ព្រះ​ជា​ព្រះវរបិតា​បាន​ណែនាំ​ព្រះបុត្រា​ដោយ​ផ្ទាល់ ទ្រង់​មានបន្ទូល​ថា « នេះ​ជា​កូន​ស្ងួន​ភ្ងា​យើង ៖ ចូរ​ស្តាប់​តាម​ទ្រង់​ចុះ » (ម៉ាកុស ៩:៧; លូកា ៩:៣៥ សូមមើល​ផងដែរ នីហ្វៃទី​៣ ១១:៧; យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ១:១៧) ។ ដូច្នេះ​គឺ​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះយេហូវ៉ា ជា​ព្រះ​អម្ចាស់​នៃ​សាសន៍​អ៊ីស្រាអែល ដែល​មាន​បន្ទូល​ទៅ​កាន់ និង​តាមរយៈ​ព្យាការី ។ នោះ​ជា​មូលហេតុ​នៅពេល​ព្រះយេស៊ូវ​បង្ហាញ​ព្រះកាយ​ដល់​ពួកសាន៍​នីហ្វៃ បន្ទាប់​ពី​ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ នោះ​ទ្រង់​បាន​ណែនាំអង្គ​ទ្រង់​ថា « ជា​ព្រះ​នៃ​ផែនដី​ទាំង​មូល » (នីហ្វៃទី​៣ ១១:១៤) ។ នោះ​ជា​មូលហេតុ ដែល​ជារឿយៗ​ព្រះយេស៊ូវ​មាន​បន្ទូល​ទៅ​កាន់​ព្យាការី​ក្នុង​ព្រះគម្ពីរ​មរមន និង​ព្យាការី​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​ថា​ជា « ព្រះវរបិតា និង​ព្រះរាជបុត្រា » ជា​ចំណង​ជើង​មួយ​ដែល​បាន​ពន្យល់​នៅក្នុង​ការពិពណ៌នា​ខាង​គោលលទ្ធិ​ដ៏​បំផុស​គំនិត​របស់​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​ដប់​ពីរ​នាក់​កាល​ពី ១០០ ឆ្នាំ​កន្លង​ទៅ ។១០

ព្រះវិញ្ញាណ​បរិសុទ្ធ

សមាជិក​ទីបី​នៃ​ក្រុមព្រះ​គឺ​ព្រះវិញ្ញាណ​បរិសុទ្ធ ក៏​ហៅ​បាន​ថា​ជា ព្រះវិញ្ញាណ ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ និង ព្រះ​ដ៏​ជា​ជំនួយ ។ ទ្រង់​ជា​សមាជិក​នៃ​ក្រុម​ព្រះ ដែល​ជា​ភ្នាក់ងារ​នៃ​វិវរណៈ​ផ្ទាល់​ខ្លួន ។ ដោយ​មាន​រូប​ជា​ព្រះ​វិញ្ញាណ ( សូមមើល គ. និង ស. ១៣០:២២) នោះ​ទ្រង់​អាច​គង់​នៅ​ក្នុង​យើង ហើយ​សម្តែង​តួនាទី​ចាំបាច់​ជា​អ្នក​ទាក់ទង​រវាង​ព្រះវរបិតា និង​ព្រះរាជបុត្រា ជាមួយ​កូនចៅ​របស់​ព្រះ​នៅលើ​ផែនដី ។ បទគម្ពីរ​ជាច្រើន​បង្រៀន​ថា បេសកកម្ម​របស់​ទ្រង់​គឺ​ដើម្បី​ថ្លែង​ទីបន្ទាល់​អំពី​ព្រះវរបិតា និង​ព្រះរាជបុត្រា ( សូមមើល យ៉ូហាន ១៥:២៦; នីហ្វៃទី​៣ ២៨:១១; គ. និង ស. ៤២:១៧) ។ ព្រះអង្គសង្គ្រោះ​បាន​សន្យា​ថា ព្រះ​ដ៏​ជា​ជំនួយ​នឹង​បង្រៀន​យើង​ពី​គ្រប់​សេចក្តី​ទាំង​អស់ រំឭក​ពី​គ្រប់​ទាំង​សេចក្តី ហើយ​នាំ​យើង​ចូល​ក្នុង​គ្រប់​ទាំង​សេចក្តី​ពិត ( សូមមើល យ៉ូហាន ១៤:២៦; យ៉ូហាន ១៦:១៣) ។ ហេតុដូច្នោះ​ហើយ ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង​ញែក​ឲ្យ​ដឹង​រវាង​សេចក្តី​ពិត និង​ការក្លែងក្លាយ ដឹកនាំ​យើង​ក្នុង​ការសម្រេច​ចិត្ត​សំខាន់ៗ​របស់​យើង ហើយ​ជួយ​យើង​ឆ្លងកាត់​ឧបសគ្គ​នានា​នៃ​ជីវិត​រមែង​ស្លាប់​នេះ ។១១ ទ្រង់​ក៏ជា​មធ្យោបាយ​មួយ​ដែល​ញែក​យើង​ចេញ​ជា​បរិសុទ្ធ ដែល​លាង​ជម្រះ និង​បន្សុទ្ធ​យើង​ចេញ​ពី​អំពើ​បាប ( សូមមើល នីហ្វៃទី​២ ៣១:១៧; នីហ្វៃទី​៣ ២៧:២០; មរ៉ូណៃ ៦:៤) ។

IV.

ដូច្នេះ តើ​ការយល់​ដឹង​អំពី​គោលលទ្ធិ​ដែល​បាន​បើក​សម្តែង​ពី​សួគ៌ា​ស្តីពី​ក្រុម​ព្រះ និង​ផែនការ​នៃ​សេចក្តីសង្គ្រោះ​នេះ ជួយ​យើង​ដោះស្រាយ​នឹង​ឧបសគ្គ​របស់​យើង​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្តេច ?

ដោយសារ​យើង​មាន​សេចក្តីពិត​អំពី​ក្រុម​ព្រះ និង​ទំនាក់ទំនង​របស់​យើង​ជាមួយ​ពួកទ្រង់ គោលបំណង​នៃ​ជីវិត​នេះ និង​លក្ខណៈ​នៃ​ជោគ​វាសនា​ដ៏​អស់កល្ប​ជានិច្ច​របស់​យើង នោះ​យើង​មាន​ផែនទី​ប្រាប់​ផ្លូវ និង​ការអះអាង​ដ៏​សំខាន់​សម្រាប់​ដំណើរ​យើង​ក្នុង​ជីវិត​រមែង​ស្លាប់​នេះ ។ យើង​ស្គាល់​អង្គ​ដែល​យើង​ថ្វាយ​បង្គំ និង​មូលហេតុ​ដែល​យើង​ថ្វាយ​បង្គំ​ទ្រង់ ។ យើង​ស្គាល់​ខ្លួន​យើង និង​អ្វី​ដែល​យើង​អាច​ប្រែក្លាយ ( សូមមើល គ. និង ស. ៩៣:១៩) ។ យើង​ស្គាល់​អង្គ​ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​អាច​កើត​ឡើង​បាន ហើយ​យើង​ដឹង​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បី​រីករាយ​នឹង​ពរជ័យ​អស់កល្ប ដែល​កើត​ឡើង​តាមរយៈ​ផែនការ​នៃ​សេចក្តីសង្គ្រោះ​របស់​ព្រះ ។ តើ​យើង​ដឹង​រឿង​ទាំងអស់​នេះ​ដោយ​របៀប​ណា ? យើង​ដឹង​តាមរយៈ​វិវរណៈ​នៃ​ព្រះ​ដល់​ព្យាការី​ទ្រង់ និង​ដល់​ពួកយើង​រៀងៗ​ខ្លួន ។

ការទទួល​បាន​អ្វី​ដែល​សាវក​ប៉ុល​បាន​ពិពណ៌នា​ថា « ដល់​ខ្នាត​កម្ពស់​នៃ​សេចក្តី​ពោរពេញ​ផង​ព្រះគ្រីស្ទ » (អេភេសូរ ៤:១៣) តម្រូវ​ឲ្យ​មាន​លើស​ពី​ការគ្រាន់តែ​ទទួល​បាន​ចំណេះ​ដឹង​ទៅ​ទៀត ។ វា​ពុំ​គ្រប់គ្រាន់​ឡើយ​សម្រាប់​យើង ដើម្បី​គ្រាន់តែ​ត្រូវបាន​បញ្ចុះបញ្ចូល ឲ្យ​ជឿ​លើ​ដំណឹង​ល្អ​នោះ យើង​ត្រូវតែ​អនុវត្ត ហើយ​ពិចារណា​ផងដែរ ប្រយោជន៍​ឲ្យ​យើង​អាចប្រែចិត្ត​ជឿ ដោយសារ​ដំណឹង​ល្អ ។ វា​ផ្ទុយពី​ស្ថាប័ន​នានា​ក្នុង​លោកិយ​នេះ ដែល​បង្រៀន​យើង​ឲ្យ​ស្គាល់​អ្វី​មួយ នោះ​ផែនការ​នៃ​សេចក្ដីសង្គ្រោះ និង​ដំណឹង​ល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​តាំង​ចិត្ត​យើង​ឲ្យ ប្រែក្លាយ ជា​អ្វី​មួយ ។

រូបភាព
ប្រធាន ថូម៉ាស អេស ម៉នសុន

ដូច​ប្រធាន ថូម៉ាស អេស ម៉នសុន បាន​បង្រៀន​យើង​នៅក្នុង​សន្និសីទ​ទូទៅ​មុន​ដូច្នេះ ៖

« ផ្នែក​សំខាន់​នៃ​ផែនការ [ នៃ​សេចក្តីសង្គ្រោះ ] គឺ​ព្រះអង្គសង្គ្រោះ​របស់​យើង ជា​ព្រះយេស៊ូវ​គ្រីស្ទ ។ បើ​គ្មាន​ពលិកម្ម​ធួន​របស់​ទ្រង់​ទេ នោះ​មនុស្ស​ទាំងអស់​នឹង​ត្រូវ​វង្វេង ។ ទោះជា​យ៉ាងណា​ក្តី វា​ពុំ​គ្រប់គ្រាន់​ទេ បើ​គ្រាន់តែ​ជឿ​ទៅលើ​ទ្រង់ និង​បេសកកម្ម​របស់​ទ្រង់​នោះ ។ យើង​ចាំបាច់​ត្រូវ​ធ្វើ​ការ ហើយរៀន ស្រាវជ្រាវ ហើយ​អធិស្ឋាន ប្រែចិត្ត ហើយ​កែលម្អ ។ យើង​ចាំបាច់​ត្រូវ​ស្គាល់​ក្រឹត្យវិន័យ​របស់​ព្រះ ហើយ​រស់នៅ​តាម​វា ។ យើង​ចាំបាច់​ត្រូវ​ទទួល​នូវ​ពិធី​បរិសុទ្ធ​សង្គ្រោះ​របស់​ទ្រង់ ។ មាន​តែ​ការ​ធ្វើ​ដូច្នេះ​ទេ ទើប​យើង​នឹង​បាន​ទទួល​សុភមង្គល​អស់​កល្ប​ជានិច្ច​ដ៏​ពិត​ប្រាកដ ។…

ប្រធាន ម៉នសុន បាន​ប្រកាស​ថា « ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​អំណោយ​ដ៏​មហិមា​ដែល​ជា​ផែនការ​របស់​ព្រះវរបិតា​សម្រាប់​យើង ដោយ​អស់​ពី​ជម្រៅ​នៃ​ព្រលឹង​របស់​ខ្ញុំ និង​ដោយ​រាបសា​បំផុត ។ វា​គឺ​ជា​ផ្លូវ​មួយ​ដ៏​ឥតខ្ចោះ​ទៅ​កាន់​ភាពសុខសាន្ដ និង​សុភមង្គល​ទាំង​នៅ​ផែនដី​នេះ និង​នៅក្នុង​បរលោក​នាយ » ។១២

ខ្ញុំ​សូម​បន្ថែម​ទីបន្ទាល់​ខ្ញុំ​ទៅ​នឹង​ប្រសាសន៍​នៃ​ព្យាការី​ដែល​ជា​ប្រធាន​ជា​ទី​ស្រឡាញ់​របស់​យើង​ផង​ដែរ ។ ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ព្រះវរបិតាសួគ៌​មួយ​អង្គ ដែល​ស្រឡាញ់​ពួកយើង ! ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា យើង​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ ដែល​ដឹកនាំ​យើង ។ ហើយ​ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ជាព្រះអង្គ​សង្គ្រោះ​របស់​យើង ដែល​ធ្វើ​ឲ្យ​អ្វីៗ​ទាំងអស់​អាច​កើត​ឡើង​បាន នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។

កំណត់ចំណាំ

  1. Teachings of Presidents of the Church: Joseph Smith ( ឆ្នាំ ២០០៧ ) ទំព័រ ២៦៨ ។

  2. Teachings: Joseph Smith ទំព័រ ៤២ ។

  3. នេះ​គឺ​ជា​អត្ថន័យ​រួម​មួយ​នៃ​ពាក្យ communion កាល​ពាក្យ​នោះ​ត្រូវបាន​ជ្រើសរើស​ដោយ​អ្នក​បកប្រែ​របស់​ស្តេច​ជេមស៍ ( សូមមើល The Oxford Universal Dictionary ការបោះពុម្ព​លើក​ទី ៣ កំណែ [ ឆ្នាំ ១៩៥៥ ] ទំព័រ ៣៥២ ) ។

  4. សូមមើល ប្រ៊ូស អ័រ ម៉ាក់ខន់ឃី A New Witness for the Articles of Faith ( ឆ្នាំ ១៩៨៥ ) ទំព័រ ៥១ ។

  5. ដេវីឌ អូ. មិកឃេ នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៣៥ ទំព័រ ១០០ ។

  6. ជែហ្វ្រី អ័រ ហូឡិន «The Grandeur of God» Liahona ខែ វិច្ឆិកា ឆ្នាំ ២០០៣ ទំព័រ ៧០ ។

  7. គណៈប្រធានទីមួយ «The Origin of ManEnsign ខែ កុម្ភៈ ឆ្នាំ ២០០២ ទំព័រ ២៦, ២៩ ។

  8. ឧទាហរណ៍​សូមមើល រ័សុល អិម ណិលសុន «Drawing the Power of Jesus Christ into Our Lives» Liahona ខែ ឧសភា ឆ្នាំ ២០១៧ ទំព័រ ៤០, «The Living Christ: The Testimony of the Apostles» Liahona ខែ មេសា ឆ្នាំ ២០០០ ទំព័រ ២ ។

  9. សូមមើល យ៉ូសែប ហ៉្វីលឌីង ស៊្មីធ Doctrines of Salvation comp ។ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ( ឆ្នាំ ១៩៥៤ ) នាទីទី ១:២៧ ។

  10. សូមមើល គណៈប្រធាន​ទី​មួយ និង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ «The Father and the Son» Ensign ខែ មេសា ឆ្នាំ ២០០២ ទំព័រ ១៣–១៨ ។

  11. សូមមើល រ៉ូបឺត ឌី ហែល «The Holy Ghost»Liahona ខែ ឧសភា ឆ្នាំ ២០១៦ ទំព័រ ១០៥–៧ ។

  12. ប្រធាន ថូម៉ាស អេស ម៉នសុន «The Perfect Path to Happiness» Liahona ខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ៨០–៨១ ។