ឆ្នាំ ២០១០-២០១៩
ប្រយោជន៍​ឲ្យ​ពន្លឺ​របស់​យើង​អាច​បាន​ទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា
ខែ មេសា ឆ្នាំ ២០១៧


ប្រយោជន៍​ឲ្យ​ពន្លឺ​របស់​យើង​អាច​បាន​ទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា

ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ ផ្តល់​ឱកាស​ជា​ច្រើន​ដល់​យើង ដើម្បី​ឲ្យ​ពន្លឺ​យើង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បមាណីយ​អស្ចារ្យ​ដល់​សាសន៍​នានា ។

ច្រើន​ឆ្នាំ​មក​ហើយ អំឡុង​ពេល​ខ្ញុំ​បម្រើ​ជា​គ្រូបង្រៀន​ថ្នាក់​សិក្ខាសាលា ខ្ញុំ​បាន​ឮ​មិត្តរួម​ការងារ​ខ្ញុំ​ម្នាក់​បាន​សុំឲ្យ​​សិស្ស​របស់​គាត់ ពិចារណា​អំពី​សំណួរ​ដូចត​ទៅ​នេះ ៖ ប្រសិនបើ​ប្អូនៗ​រស់នៅក្នុង​ជំនាន់​របស់​ព្រះអង្គសង្គ្រោះ តើ​ប្អូនៗ​គិត​ថា ហេតុអ្វី​ប្អូនៗ​នឹង​ធ្វើ​តាម​ទ្រង់​ក្នុង​នាម​ប្អូន​ជា​សិស្ស​ម្នាក់​របស់​ទ្រង់​នោះ ? ពួកគេ​បាន​ឈាន​ដល់​ការសន្និដ្ឋាន​​ថា អស់​អ្ន​កដែល​ធ្វើ​តាម​ព្រះអង្គសង្គ្រោះ​នៅ​សម័យ​បច្ចុប្បន្ន​នេះ ហើយ​ព្យាយាម​ធ្វើ​ជា​សិស្ស​ទ្រង់ ប្រហែល​ជា​ពួកគេ​ធ្វើ​ដូចជា​អ្នក​រស់នៅ​ជំនាន់​នោះ​ដែរ ។

ចាប់​តាំង​ពី​នោះ​មក ខ្ញុំ​បាន​ពិចារណា​អំពី​សំណួរ​នោះ និង​ការសន្និដ្ឋាន​របស់​ពួកគេ ។ ជារឿយៗ ខ្ញុំ​ឆ្ងល់​អំពី​របៀប​ដែល​ខ្ញុំ​ទទួល​អារម្មណ៍កាល​ស្តាប់​ព្រះអង្គ​ផ្ទាល់ ពេល​ទ្រង់​មាន​បន្ទូល​ដូចតទៅ​នេះ​នៅក្នុង​ទេសនកថា​នៅលើ​ភ្នំ ៖

« អ្នក​រាល់​គ្នា​ជា​ពន្លឺ​នៃ​លោកិយ ។ ឯ​ទីក្រុង​ណា​ដែល​នៅលើ​ភ្នំ​នោះ​លាក់​មិន​កំបាំង​ទេ ។

ក៏​គ្មាន​អ្នក​អុជ​ចង្កៀង​យក​ទៅ​ដាក់​ក្រោម​ថាំង​ដែរ​គេ​តែង​ដាក់​លើ​ជើង​ចង្កៀង​វិញ នោះ​ទើប​ភ្លឺ​ដល់​អ្នក​ដែល​នៅ​ក្នុង​ផ្ទះ​ទាំងអស់​គ្នា ។

ដូច្នេះ​ចូរ​ឲ្យ​ពន្លឺ​របស់​អ្នក​រាល់​គ្នា បាន​ភ្លឺ​នៅ​មុខ​មនុស្ស​លោក​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត រួច​សរសើរតម្កើង​ដល់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌ » (ម៉ាថាយ ៥:១៤–១៦) ។

តើ​បងប្អូន​អាច​ស្រមៃ​មើល​ថា តើ​បងប្អូន​ទទួល​អារម្មណ៍​បែប​ណា ដែល​ស្តាប់​ឮ​សំឡេង​របស់​ព្រះអង្គសង្គ្រោះ​នោះ ? ប្រាកដ​ណាស់ យើង​ពុំ​បាច់​ស្រមៃដឹង​ពី​អារម្មណ៍​នោះ​ឡើយ ។ វា​បាន​ក្លាយ​ជា​បទពិសោធន៍​ខ្ជាប់ខ្ជួន​មួយ​សម្រាប់​យើង ដើម្បី​ស្តាប់​សំឡេង​របស់​ព្រះអម្ចាស់ នៅពេល​យើង​ស្តាប់​សំឡេង​របស់​អ្នកបម្រើ​ទ្រង់​គឺ​ដូច​តែ​គ្នា ។

នៅ​ក្នុង​សារលិខិត​មួយ​ស្រដៀង​ទៅនឹង​ទេសនកថា​នៅលើ​ភ្នំ​ដែល​បាន​ប្រទានឲ្យ នោះក្នុង​ឆ្នាំ ១៨៣៨ ព្រះអម្ចាស់​បាន​ប្រកាស​ដូចតទៅ​នេះ តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ៖

« ដ្បិត​សាសនាចក្រ​របស់​យើង​នឹង​ត្រូវបាន​ហៅ​ថា​ដូច្នោះ​ហើយ​នៅ​គ្រាចុងក្រោយ​បង្អស់ គឺជា​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទនៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

« ប្រាកដមែន​យើង​ប្រាប់​អ្នក​ទាំងអស់​គ្នា​ដូច្នោះ​ថា ៖ ចូរ​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​ចេញ​ទៅ​ប្រយោជន៍​ឲ្យ​ពន្លឺ​របស់ អ្នក​អាច​បាន​ទៅ​ជា​បមាណីយ​ដល់​សាសន៍​នានា (គ. និង ស. ១១៥:៤–៥) ។

ជំនាន់​របស់​យើង​គឺ​ជា​ជំនាន់​អស្ចារ្យ​ណាស់ ដែល​ត្រូវបាន​បើក​បង្ហាញ​ជា​ការនិមិត្ត​មួយ​ដល់​ព្យាការី​អេសាយ ដែល​លោក​ក៏​បាន​ឃើញ ហើយ​ព្យាករ​អំពី​ជំនាន់​នៃការស្តារ​ឡើង​វិញ​នេះ​របស់​សាសនាចក្រ​ព្រះយេស៊ូវគ្រីស្ទ និង​គោលបំណង​នៃ​សាសនាចក្រ​នេះ​ដោយ​ថ្លែង​ថា « ទ្រង់​នឹង​លើក​ទង់​មួយ​ឡើង​សម្រាប់​អស់​ទាំង​សាសន៍ ហើយ​នឹង​ប្រមូល​ពួក​ព្រាត់ប្រាស​នៃ​សាសន៍​អ៊ីស្រាអែល ព្រម​ទាំង​រួបរួម​ពួក​ខ្ចាត់ខ្ចាយ​របស់​សាសន៍​យូដា​មក​ពី​ទិស​ទាំង​បួន​នៃ​ផែនដី » (អេសាយ ១១:១២) ។

នៅក្នុង​បរិបទ​នៃ​បទគម្ពីរ​ពាក្យ​ថា ទង់ ឬ​បមាណីយ​គឺ​ជាការប្រមូល​ផ្តុំទង់ជ័យ​មួយ ដែល​មនុស្ស​នឹង​ប្រមូល​ផ្តុំ​គ្នា​ក្នុង​គោលបំណង​នៃ​សាមគ្គីភាព ។ កាល​ពី​ជំនាន់​បុរាណ បមាណីយ ត្រូវបាន​ប្រើ​ធ្វើ​ជា​​កន្លែង​ប្រជុំ​ពល​សម្រាប់​ទាហាន​នៅក្នុង​សមរភូមិ ។ ដោយ​និយាយ​ប្រៀបធៀប​នោះ ព្រះគម្ពីរ​មរមន និង​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្តារ​ឡើង​វិញ គឺ​ជា​បមាណីយ​ដល់​សាសន៍​នានា ។ ( សូមមើល​សេចក្ដីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ ‌ «Ensign scriptures.lds.org ) ។

គ្មាន​ការសង្ស័យ​ឡើយ បមាណីយ​អស្ចារ្យ​មួយ​នៅក្នុង​ជំនាន់​ចុង​ក្រោយ​នេះ​គឺ​សន្និសីទ​ទូទៅ​ដ៏​សំខាន់​នេះ ដែល​កិច្ចការ និង​ផែនការ​ដ៏​មហិមា​របស់​ព្រះវរបិតាសួគ៌​យើង « ដើម្បី​នាំ​ឲ្យ​មាន​អតមភាព និង ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ដល់​មនុស្ស » (ម៉ូសេ ១:៣៩) ត្រូវបាន​បន្ត​ប្រកាស​ឡើង ។

ការបន្ត​ធ្វើ​សន្និសីទ​ទូទៅ​គឺ​ជា​ទីបន្ទាល់​មួយ​ដ៏​អស្ចារ្យ​បំផុត​ចំពោះ​ការពិត​ដែល​ថា ក្នុងនាម​យើង​ជា​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយយើង​ខ្ញុំ « ជឿ​ចំពោះ​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បាន​បើក​សម្ដែង​មក និង​ការណ៍​ទាំង​អស់ ដែល​ទ្រង់​បើក​សម្ដែង​នៅ​ពេល​ឥឡូវ​នេះ ហើយ​យើង​ខ្ញុំ​ជឿ​ថា ទ្រង់​នឹង​បើក​សម្ដែង​នូវ​ការណ៍​ដ៏​ធំ និង​សំខាន់ៗ​ជា​ច្រើន ដែល​ទាក់​ទង​ទៅ​នឹង​នគរ​នៃ​ព្រះ » (មាត្រា​នៃ​សេចក្តីជំនឿ ១:៩) ។

ដូច្នេះ​តើ​ព្រះអម្ចាស់​បាន​បើក​សម្តែង​អ្វី​ខ្លះ តាមរយៈ​ប្រធាន ថូម៉ាស អេស ម៉នសុន ដែល​យើង​ត្រូវតែ​បន្ត​ធ្វើ​បែប​នេះ ប្រយោជន៍​ឲ្យ​ពន្លឺ​របស់​យើង​នឹង​ក្លាយ​ជា​បមាណីយ​ដល់​សាសន៍​នានា​នោះ ? តើ​មាន​រឿង​សំខាន់​ណា​ខ្លះ​ដែល​ត្រូវ​ធ្វើ​នៅក្នុង​គ្រា​ដ៏​ត្រចះត្រចង់​នេះ ក្នុងការស្ថាបនា​ស៊ីយ៉ូន និង​ការប្រមូល​សាសន៍​អ៊ីស្រាអែល ?

ព្រះអម្ចាស់​តែងតែ​បើក​សម្តែង​ព្រះទ័យ​ទ្រង់​ដល់​ពួក​យើង « មួយបន្ទាត់​ម្ដងៗ មួយ​សិក្ខា​បទម្ដងៗ ឯណេះ​បន្ដិច ឯណោះ​បន្ដិច » (នីហ្វៃទី ២ ២៨:៣០) ។ ហេតុដូច្នេះ​ហើយ យើង​ពុំ​គួរ​ភ្ញាក់ផ្អើល​ចំពោះ​រឿង​ដែល​ហាក់ដូច​ជា​តូចតាច ដោយសារ​តែ​ភាពសាមញ្ញ និងច្រំដែលៗ​របស់​វា​ឡើយ ដ្បិត​ព្រះអម្ចាស់​បាន​ប្រទាន​ឱវាទ​ដល់យើង​រួច​មកហើយ ដោយ​មាន​បន្ទូល​ប្រាប់​យើង​ថា « មាន​ពរ​ហើយ ដល់​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​សិក្ខាបទ​ទាំង​ឡាយ​របស់​យើង ហើយ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ​ទូន្មាន​របស់​យើង ដ្បិត​ពួក​គេ​នឹង​មាន​ប្រាជ្ញា ដ្បិត​ចំពោះ​អ្នក​ណា​ដែល​បាន​ទទួល នោះ​យើង​នឹង​ឲ្យ​ថែម​ទៀត » (នីហ្វៃទី ២ ២៨:៣០) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា​តាមរយៈ​ការសិក្សា « មួយបន្ទាត់​ម្ដងៗ មួយ​សិក្ខា​បទម្ដងៗ ឯណេះ​បន្ដិច ឯណោះ​បន្ដិច » និង​តាម​រយៈ​ការស្តាប់​តាម​ដំបូន្មាន​ថ្នាក់​ដឹកនាំ​របស់​យើង នោះ​យើង​នឹង​មាន​ប្រេង​សម្រាប់​ចង្កៀង​របស់​យើង ដែល​នឹង​ធ្វើ​ឲ្យ​យើង​អាច​ផ្តល់​ពន្លឺ​ដល់​អ្នកដទៃ ដូច​ព្រះអម្ចាស់​បាន​ត្រាប់​បញ្ជា​ដល់​យើង ។

ខណៈ​មាន​កិច្ចការ​ជាច្រើន ដែល​យើង​អាច​ធ្វើ ដើម្បី​ធ្វើ​ជា​ពន្លឺ និង​ជា​ទង់​សម្រាប់​អ្នក​ដទៃ នោះ​ខ្ញុំ​ចង់​ផ្តោត​ទៅលើ​ចំណុច​បី​ដូចត​ទៅ​នេះ ៖ ការគោរពប្រតិបត្តិ​ដល់​ថ្ងៃ​ឈប់​សម្រាក ការពន្លឿន​កិច្ចការ​នៃ​សេចក្តីសង្គ្រោះ​ទាំង​សង​ខាង​វាំងនន និង​ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ។

ពន្លឺ​ដែល​យើង​កំពុង​និយាយ​នេះ កើត​ឡើង​មក​ពី​ការបូជា​ដែល​យើង​ផ្តល់ដល់​ការគោរព​ប្រតិបត្តិ​ថ្ងៃ​ឈប់​សម្រាក ទាំង​នៅ​ព្រះវិហារ និង​នៅ​ផ្ទះ វា​គឺជា​ពន្លឺ​ដែល​ភ្លឺ​ឡើង នៅពេល​យើង​រក្សា​ខ្លួន​យើង​កុំ​ឲ្យ​ប្រឡាក់​ពីលោកិយ វា​ជា​ពន្លឺ​ដែល​កើត​ឡើង​មក​ពី​ការថ្វាយ​សាក្រាម៉ង់​របស់​យើង​ឡើង​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​ទ្រង់ និង​ការ​ថ្វាយ​ភក្ដី​ភាព​របស់​យើង​ដល់​ព្រះ​ដ៏​ខ្ពស់​បំផុត ទាំងអស់​នេះ​អាច​ឲ្យ​យើង​មាន​ព្រះវិញ្ញាណ​របស់​ទ្រង់​គង់​នៅ​ជាមួយ​យើង​ជានិច្ច ។ វា​ជា​ពន្លឺ​ដែល​ភ្លឺ​ឡើង ហើយ​អាច​មើល​ឃើញ នៅពេល​យើង​ត្រឡប់​ទៅ​ផ្ទះវិញ ដោយ​អារម្មណ៍​នៃ​ការអភ័យ​ទោស ដែល​ប្រធាន ហិនរី ប៊ី អាវរិង បាន​ថ្លែង​កាល​ពី​សន្និសីទ​ទូទៅ​ខែ​តុលា​មុន កាល​លោក​ថ្លែង​ដូច្នេះ ៖ « រាល់​ពរជ័យ​ទាំងអស់​ដែល​យើង​អាច​រាប់​បាន ពរជ័យ​ដែល​ធំ​ជាង​គេ​បំផុត​គឺ​ជា​អារម្មណ៍​នៃ​ការ​អភ័យទោស​ដែល​កើត​មាន នៅ​ពេល​យើង​ទទួល​សាក្រាម៉ង់ ។ យើង​នឹង​ទទួល​អារម្មណ៍​នៃ​សេចក្ដីស្រឡាញ់ និង​ការដឹង​គុណ​កាន់តែ​ច្រើន​ចំពោះ​ព្រះអង្គ​សង្គ្រោះ ដែល​ការបូជា​របស់​ទ្រង់​ធ្វើ​ឲ្យ​យើង​អាច​ជ្រះ​ស្អាត​ពី​អំពើ​បាប » ( «Gratitude on the Sabbath Day»Liahonaខែ វិច្ឆិកា ឆ្នាំ ២០១៦ ទំព័រ ១០០ ) ។

ពេល​យើង​រក្សា​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​បរិសុទ្ធ ហើយ​ទទួលទាន​សាក្រាម៉ង់ នោះ​យើង​ពុំ​គ្រាន់តែ​ត្រូវបាន​ជ្រះស្អាត​ប៉ុណ្ណោះ​ឡើយ ពន្លឺ​របស់​យើង​នឹង​កាន់តែ​ភ្លឺ​ខ្លាំង​ឡើងៗ​ថែម​ទៀត ។

ពន្លឺ​របស់​យើង​ក៏​ភ្លឺ​ផងដែរ នៅពេល​យើង​បូជា និង​​ចំណាយ​ពេល​ស្វែងរក​ឈ្មោះ​ដូនតា​របស់​យើង យក​ឈ្មោះ​ទាំង​នោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ ហើយ​បង្រៀន​គ្រួសារ​យើង និង​អ្នក​ដទៃ​ឲ្យ​ធ្វើ​កិច្ចការ​នេះ​ផងដែរ ។

កិច្ចការ​ព្រះវិហារ​បរិសុទ្ធ និង​ពង្សប្រវត្តិ​ដ៏​ពិសិដ្ឋ​នេះ ដែល​យើង​មាន​រួម​គ្នា​ជាមួយ​នឹង​ពួកបរិសុទ្ធ​នៅ​ទាំងសងខាង​វាំង​នន កំពុង​កាន់តែ​ឆ្ពោះ​ទៅមុខ​ជាង​ពេល​ណាៗ​ទាំងអស់ នៅពេល​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​កំពុង​សាងសង់​ឡើង ។ ឥឡូវនេះ ដោយសារ​ព្រះវិហារ​បរិសុទ្ធ​មាន​កាលវិភាគ​ពិសេស សម្រាប់​ក្រុមគ្រួសារ ដែល​យក​ប័ណ្ណ​ឈ្មោះ​គ្រួសារ​ខ្លួន​ពួកគេ​ផ្ទាល់ នោះ​ភរិយា​ខ្ញុំ និង​ខ្ញុំ​មាន​បទពិសោធន៍​ដ៏​រីករាយ​ ពេល​យើង​បាន​បម្រើ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា ជាមួយ​កូនៗ និង​ចៅៗ​របស់​យើង ។

ពេល​យើង​ស្វែងរក ហើយ​យក​ឈ្មោះ​ទាំង​នោះ​ទៅ​ព្រះវិហារ​បរិសុទ្ធ និង​បង្រៀន​អ្នក​ដទៃ​អំពី​រឿង​នោះ​ដែរ ជាមួយ​គ្នា​នោះ​យើង​បញ្ចាំង​ពន្លឺ​ដូច​ជា​ទង់ ឬ​ជា​បមាណីយ​មួយ ។

ការរៀន​ដើម្បី​បង្រៀន​ដូចជា​ព្រះអង្គ​សង្គ្រោះ គឺ​ជា​វិធី​មួយ​ទៀត​​ដែល​យើង​អាច​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ ។ ខ្ញុំ​រីករាយ​ជាមួយ​អ្នក​ដែល​កំពុង​រៀន អំពី​របៀប​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​សូម​អាន​វគ្គ​នៅ​គ្រប​ទំព័រ​នៃ​សៀវភៅ​បង្រៀន​ថ្មី​នេះ ៖ « គោលដៅ​របស់​គ្រូបង្រៀន​ដំណឹងល្អ​គ្រប់រូប—គ្រប់​ឪពុក​ម្ដាយ គ្រប់​គ្រូបង្រៀន​ដែល​ត្រូវ​បាន​ហៅ​ជា​ផ្លូវការ គ្រប់​គ្រូ​បង្រៀន​តាមផ្ទះ និង​គ្រូ​បង្រៀន​សួរ​សុខ​ទុក្ខ​តាម​ផ្ទះ និង​គ្រប់​អ្នកដើរ​តាម​ព្រះគ្រីស្ទ​​ទាំងអស់—គឺ​ដើម្បី​​បង្រៀន​គោលលទ្ធិ​នៃ​ដំណឹងល្អ ដោយ​ព្រះវិញ្ញាណ… ដើម្បី​ជួយ​កូនចៅ​របស់​ព្រះ​ស្ថាបនា​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ហើយ​ប្រែ​ក្លាយ​កាន់តែ​ដូចជា​ទ្រង់ » (ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ [ ឆ្នាំ ២០១៦ ] ) ។ 

ឥឡូវ​នេះ គ្រូបង្រៀន​ស្មោះត្រង់​របស់​យើង​រាប់ពាន់​នាក់ កាន់​ពន្លឺ​មួយ នៅពេល​ពួកគេ​រៀន​អំពី​របៀប​បង្រៀន​តាម​របៀប​របស់​ព្រះអង្គ​សង្គ្រោះ ។ នៅក្នុង​បរិបទ​នេះ ការប្រជុំ​ក្រុម​ប្រឹក្សា​គ្រូបង្រៀន​ថ្មី​គឺ​ជា​របៀប​ក្រោក​ឡើង ហើយ​បញ្ចាំង​ពន្លឺ​នៅពេល​សិស្ស​ជួបគ្នា​ជុំវិញ​បមាណីយ​នៃ​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ ដ្បិត « គន្លឹះ​ដើម្បី​បង្រៀន​ដូចជា​ព្រះអង្គ​សង្គ្រោះ​បាន​បង្រៀន គឺ​ត្រូវ​រស់នៅ​ដូចជា​ទ្រង់​បាន​រស់នៅ » (ការបង្រៀន​តាម​របៀប​របស់​ព្រះអង្គសង្គ្រោះ ទំព័រ ៤ ) ។

ពេល​យើង​ទាំងអស់​គ្នា​បង្រៀន និង​រៀន​តាម​របៀប​ទ្រង់ ហើយប្រែ​កាន់តែ​ដូច​ទ្រង់ នោះ​ពន្លឺ​យើង​ភ្លឺ​កាន់តែ​ខ្លាំង​ឡើងៗ ដល់​អស់​អ្នក​ដែល​កំពុង​ស្វែងរក​ពន្លឺ​របស់​ព្រះអង្គសង្គ្រោះ ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​អើយ យើង​ពុំ​គួរ ហើយ​ពុំ​ត្រូវ​លាក់​ពន្លឺ​របស់​យើង​ឡើយ ។ ព្រះអង្គសង្គ្រោះ​យើង​ត្រាស់​បញ្ជា​យើង​ឲ្យ​បញ្ចាំង​ពន្លឺ​យើង ដូច​ជា​ទីក្រុង​មួយ​នៅលើ​ភ្នំ ឬ​ដូច​ជា​ពន្លឺ​មក​ពី​ជើង​ចង្កៀង ។ ពេល​យើង​ធ្វើដូច្នោះ នោះ​យើង​នឹង​សរសើរ​តម្កើង​ដល់​ព្រះវរបិតា​គង់​នៅ​ស្ថានសួគ៌​​យើង ។ ដំណឹងល្អ​របស់​ព្រះអង្គសង្គ្រោះ និង​សាសនាចក្រ​ដែល​បាន​ស្តារ​ឡើង​វិញ​របស់​ទ្រង់ ផ្តល់​ឱកាស​ជា​ច្រើន​ដល់​យើង ដើម្បី​ឲ្យ​ពន្លឺ​យើង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​បមាណីយ​អស្ចារ្យ​ដល់​សាសន៍​នានា ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ពន្លឺ​ដែល​យើង​ត្រូវ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ​គ្រីស្ទ អាម៉ែន ។