ឆ្នាំ ២០១០-២០១៩
សំឡេង​នៃ​ការ​ព្រមាន
ខែ មេសា ឆ្នាំ ២០១៧


សំឡេង​នៃ​ការ​ព្រមាន

ទោះ​ជា​ព្យាការី​មាន​កាតព្វកិច្ច​ពិសេស​ដើម្បី​ព្រមាន​ក្ដី ក៏​វា​ជា​កាតព្វកិច្ច​របស់​មនុស្ស​ដទៃ​ទៀត​ផងដែរ ។

ព្យាការី អេសេគាល បាន​កើត​ប្រហែល​ជា​ពីរ​ទសវត្សរ​ពី​មុន​លីហៃ និង​គ្រួសារ​លោក​ចាក​ចេញ​ពី​យេរូសាឡិម ។ នៅ​ឆ្នាំ ៥៩៧ មុន​គ.ស. ក្នុង​វ័យ ២៥ ឆ្នាំ អេសេគាល​គឺជា​បុគ្គល​ម្នាក់​ក្នុង​ចំណោម​មនុស្ស​ជាច្រើន​ដែល​យក​ទៅ​ធ្វើ​ជាឈ្លើយ​នៅ​បាប៊ីឡូន ដោយ​ស្ដេច​នេប៊ូក្នេសា ហើយ​តាម​យើង​ដឹង គាត់​បាន​ចំណាយ​ពេល​អស់​មួយ​ជីវិត​នៅ​ទី​នោះ ។​ គាត់​មាន​តំណ​ពូជពង្ស​ជា​សង្ឃ​ដូច​អើរ៉ុន​ដែរ ហើយ​កាល​គាត់​មាន​វ័យ ៣០ ឆ្នាំ គាត់​បាន​ក្លាយ​ជា​ព្យាការី ។

ក្នុង​ការ​ហៅ​អេសេគាល ព្រះយេហូវ៉ា​បាន​ប្រើ​នូវ​និមិត្តរូប​នៃ​អ្នក​ចាំ​យាម​ម្នាក់ ។

« បើ [ អ្នកចាំ​យាម ] នោះ​ឃើញ​ដាវ​មក​លើ​ស្រុក​ក៏​ផ្លុំ​ត្រែ​ដាស់​បណ្តាជន

« ហើយ​មាន​អ្នក​ណា​ឮ​សូរ​ត្រែ តែ​មិន​អើពើ​សោះ​បើ​ដាវ​មក​ពិត ហើយ​យក​ជីវិត​គេ​ទៅ នោះ​ឈាម​គេ​នឹង​ធ្លាក់​ទៅ​លើ​ក្បាល​គេ​វិញ » ។

ម្យ៉ាង​វិញ​ទៀត « បើ​អ្នក​ចាំ​យាម​ឃើញ​ដាវ​មក ហើយ​មិន​ផ្លុំត្រែ​ឲ្យ​បណ្តាជន​បាន​ដឹង រួច​ដាវ​ក៏​មក​ដល់​យក​ជីវិត​អ្នក​ណា​ចេញ​ពី​ពួក​គេ​ទៅ … យើង​នឹង​ទារ​ឈាម​របស់​អ្នក​នោះ​ពី​ដៃ​អ្នក​ចាំ​យាម​វិញ » ។

បន្ទាប់​មក ដោយ​មាន​បន្ទូល​ទៅ​អេសេគាល​ផ្ទាល់ ព្រះយេហូវ៉ា​បាន​ប្រកាស​ថា « កូន​មនុស្ស​អើយ គឺ​យ៉ាង​នោះ​ឯង​ដែល​យើង​បាន​តាំង​ឯង​ឡើង​ឲ្យ​ធ្វើ​ជា​អ្នក​ចាំ​យាម​ដល់​ពួក​វង្ស​អ៊ីស្រាអែល ដូច្នេះ​ចូរ​ស្តាប់​ពាក្យ​ពី​មាត់​យើង ហើយ​ប្រកាស​ប្រាប់​គេ [ ឲ្យ ] យើង » ។ ការ​ព្រមាន​នោះ​គឺ​ការ​ងាក​ចេញ​ពី​អំពើបាប ។

« កាលណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឱ​មនុស្ស​អាក្រក់​អើយ​ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត តែ​ឯង​មិន​ពន្យល់​ប្រាប់​មនុស្ស​អាក្រក់​នោះ ឲ្យ​លះ​ចោល​ផ្លូវ​របស់​ខ្លួន​ទេ ដូច្នេះ​មនុស្ស​អាក្រក់​នោះ​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន​មែន តែ​យើង​នឹង​ទារ​ឈាម​វា​ពី​ដៃ​ឯង​វិញ ។

« ប៉ុន្តែ​បើ​ឯង​ពន្យល់​ប្រាប់​ដល់​មនុស្ស​អាក្រក់​ពី​ផ្លូវ​របស់​វា ឲ្យ​បាន​លះ​ចោល​ផ្លូវនោះ​ចេញ​តែ​វា​មិន​បែរ​ចេញ​ពី​ផ្លូវ របស់​ខ្លួន​នោះ​វា​នឹង​ស្លាប់​ក្នុង​អំពើ​ទុច្ចរិត​របស់​វា តែ​ឯង​បាន​ដោះ​ខ្លួន​ឲ្យ​រួច​វិញ។…

« មួយ​ទៀត​បើ​កាលណា​យើង​ប្រាប់​ដល់​មនុស្ស​អាក្រក់​ថា ឯង​នឹង​ត្រូវ​ស្លាប់​ជា​ពិត នោះ​បើ​គេ​បែរ​ចេញ​ពី​អំពើ​បាប​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​សេចក្តីដែល​ទៀងត្រង់ ហើយ​ត្រឹមត្រូវ​វិញ …

« ដូច្នេះ​នឹង​គ្មាន​អ្នកណា​នឹក​ចាំ​ពី​អំពើ​បាប​ទាំង​ប៉ុន្មាន​ដែល​អ្នក​នោះ​បាន​ប្រព្រឹត្ត​ឲ្យ​ទាស់​នឹង​ខ្លួន​ទៀត​ឡើយ ដ្បិត​គេ​បាន​ប្រព្រឹត្ត​តាម​សេចក្តី​ទៀង​ត្រង់​ត្រឹមត្រូវ ហើយ​គេ​នឹង​រស់នៅ​ជា​ពិត » ។

រឿង​គួរ​ចាប់អារម្មណ៍​គឺ​ថា ការ​ព្រមាន​នេះ​ក៏​អនុវត្ត​ចំពោះ​ជន​សុចរិត​ដែរ ។ « កាលណា​យើង​ប្រាប់​ដល់​មនុស្ស​សុចរិត​ថា គេ​នឹង​រស់​នៅ​ជា​ពិត នោះ​បើ​គេ​ពឹង​ដល់​សេចក្តី​សុចរិត​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​វិញ នោះ​នឹង​គ្មាន​អ្នកណា​នឹក​ចាំ​ពី [ ទង្វើ​សុចរិត ] ទាំង​ប៉ុន្មាន​របស់​អ្នក​នោះ​ទេ គឺ​គេ​នឹង​ស្លាប់​ទៅក្នុង​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​នោះ​វិញ » ។

ដោយ​អង្វរ​ដល់​កូនចៅ​របស់​ទ្រង់ ព្រះ​ប្រាប់​ទៅ​អេសេគាល​ថា « ចូរ​ប្រាប់​គេ​ថា ព្រះអម្ចាស់​យេហូវ៉ា​ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់នៅ នោះ​ប្រាកដ​ជា​អញ​មិន​រីករាយ​ចំពោះ​សេចក្តី​ស្លាប់​របស់​មនុស្ស​អាក្រក់​ឡើយ គឺ​ចូលចិត្ត​ឲ្យ​គេ​លះចោល​ផ្លូវ​របស់​ខ្លួន ហើយ​មាន​ជីវិត​រស់នៅ​វិញទេ​តើ ចូរ​ឲ្យ​ឯង​រាល់​គ្នា​បែរ​មក ចូរ​បែរ​មក​ពី​ផ្លូវ​អាក្រក់​របស់​ខ្លួន​ចុះ ដ្បិត​ឱ​ពួក​វង្ស​អ៊ីស្រាអែល​អើយ ហេតុ​អ្វី​បាន​ជា​ចង់​ស្លាប់ ? »

ជំនួស​ឲ្យ​ការ​ចង់​ថ្កោល​ទោស​យើង ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​យើង​ស្វែង​រក​សុភមង្គល​យើង ហើយ​អង្វរ​ឲ្យ​យើង​ប្រែ​ចិត្ត ដោយ​ត្រាស់​ដឹង​យ៉ាង​ច្បាស់​ថា « សេចក្ដី​ទុច្ចរិត​ពុំ​ដែល [ និង​ពុំ ] ជា​សុភមង្គល​ឡើយ » ។ ដូច្នេះ​អេសេគាល និង​ព្យាការី​គ្រប់​រូប​ពីមុន និង​ចាប់​ពី​នោះ​មក ដោយ​ថ្លែង​ពី​បន្ទូល​របស់​ព្រះ​ចេញ​ពី​ចិត្ត បាន​ព្រមាន​ជន​ដែល​ធ្វើ​ដូច្នេះ​ឲ្យ​ងាក​ចេញ​ពី​សាតាំង ជា​មារសត្រូវ​នៃ ព្រលឹង​ពួកគេ ហើយ​« រើសយក​ឥស្សរភាព និង ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច តាមរយៈព្រះ​ជាអ្នក​សង្រួបសង្រួម​ដ៏​ធំ​របស់​មនុស្ស​លោក​ទាំងអស់ » ។

ទោះ​ជា​ព្យាការី​មាន​កាតព្វកិច្ច​ពិសេស​ដើម្បី​ព្រមាន​ក្ដី ក៏​វា​ជា​កាតព្វកិច្ច​របស់​មនុស្ស​ដទៃ​ទៀត​ផង​ដែរ ។ តាម​ពិត វា « តម្រូវ​ឲ្យ​មនុស្ស​ម្នាក់ៗ​ណា​ដែល​បាន​ព្រមាននោះ​ត្រូវ​ព្រមាន​អ្នក​ជិតខាង​របស់​ខ្លួន » ។ យើង​ដែល​បាន​ទទួល​ចំណេះដឹង​អំពី​ផែនការ​នៃ​សុភមង្គល​ដ៏​មហិមា—និង​បទបញ្ញត្តិ​ដែល​មាន​ក្នុង​ផែនការ​នោះ—គួរ​មាន​បំណង​ចែកចាយ​ចំណេះដឹង​នោះ ដោយសារ​វា​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក និង​ភាព​អស់​កល្ប​ជានិច្ច ។ ហើយ​បើ​យើង​សួរ​ថា « តើ​អ្នក​ជិត​ខាង​ដែល​ខ្ញុំ​គួរ​ព្រមាន​នោះ​ជា​នរណា​ទៅ ? » ប្រាកដ​ណាស់​ចម្លើយ​នឹង​បាន​រក​ឃើញ​នៅ​ក្នុង​រឿង​ប្រៀប​ប្រដូច​មួយ​ដែល​ចាប់​ផ្ដើម​ថា « មាន​មនុស្ស​ម្នាក់​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូសាឡិម ចុះ​ទៅ​ឯ​ក្រុង​យេរីខូរ ក៏​ធ្លាក់​ខ្លួន​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ចោរ »  ។ល។

ការ​ពិចារណា​ពី​រឿង​ប្រៀប​ប្រដូច​ស្ដីពី​សាសន៍​សាម៉ារី​ដ៏​សប្បុរស​ក្នុង​បរិបទ​នេះ រំឭក​យើង​ថា​សំណួរ « តើ​អ្នក​ជិត​ខាង​ខ្ញុំ​ជា​នរណា ? » បាន​ចង​ភ្ជាប់​ទៅ​នឹង​បទបញ្ញត្តិ​ធំ​ពីរ ៖ « ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត​អស់​ពី​ព្រលឹង ហើយ​អស់​អំពី​គំនិត​ឯង ព្រម​ទាំង​អ្នក​ជិត​ខាង ដូច​ខ្លួន​ឯង​ដែរ » ។ ការ​លើក​ទឹក​ចិត្ត​ឲ្យ​បន្លឺ​សំឡេង​ព្រមាន​គឺជា​ក្ដី​ស្រឡាញ់—ជា​ក្ដី​ស្រឡាញ់​ចំពោះ​ព្រះ និង​មនុស្ស​ដទៃ ។ ការ​ព្រមាន​គឺជា​ការ​ខ្វល់​ខ្វាយ ។ ព្រះអម្ចាស់​បង្គាប់​ថា វា​ត្រូវ​ធ្វើ​ឡើង​« ដោយ​នូវ​ភាពទន់ភ្លន់ និង​ស្លូតបូត »​ និង​« ដោយ​ការ​លួងលោម ដោយ​ការ​អត់ធ្មត់ … និង​ដោយ​ការ​ស្រឡាញ់​ស្មោះ​ត្រង់ » ។ វា​អាច​ជា​រឿង​បន្ទាន់ ដូចជា​ពេល​យើង​ហាម​កុំ​ឲ្យ​ក្មេង​ម្នាក់​ដាក់​ដៃ​វា​លើ​ភ្លើង​ដែរ ។ វា​ត្រូវតែ​ច្បាស់លាស់ ហើយ​ពេល​ខ្លះ​ម៉ឺង​ម៉ាត់ ។ ពេល​ខ្លះ ការ​ព្រមាន​អាច​ជា​ការប្រៀន​ប្រដៅ « កាល​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ »  ប៉ុន្តែ​ជានិច្ច​កាល​វា​ចាក់​ឫស​នៅ​ក្នុង​ក្ដី​ស្រឡាញ់ ។ ឧទាហរណ៍ សាក្សី​នៃ​សេចក្តីស្រឡាញ់​ដែល​ជំរុញ​ដល់​ការបម្រើ និង​ការបូជា​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ។

ក្ដីស្រឡាញ់​ពិត​នឹង​ជំរុញ​ឲ្យ​ឪពុក​ម្ដាយ​ព្រមាន « ពួក​អ្នក​ជិត​ខាង » ដ៏​ជិត​ស្និទ្ធ​បំផុត— គឺ​កូនចៅ​ពួកគេ ។ នេះ​មាន​ន័យ​ថា ការ​បង្រៀន និង​ការ​ថ្លែង​ទីបន្ទាល់​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ។ វា​មាន​ន័យ​ថា បង្រៀន​កូនចៅ​ពី​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ រួម​មាន ៖​សេចក្ដីជំនឿ ការ​ប្រែចិត្ត ពិធី​បុណ្យ​ជ្រមុជទឹក និង​អំណោយទាន​នៃ​ព្រះវិញ្ញាះ​បរិសុទ្ធ ។ ព្រះអម្ចាស់​រំឭក​ដល់​ឪពុក​ម្ដាយ​ថា « យើង​បាន​បញ្ជា​ដល់​អ្នក ឲ្យ​ចិញ្ចឹម​កូនចៅ​របស់​ខ្លួន​នៅ​ក្នុង​ពន្លឺ និង សេចក្ដីពិត » ។

កត្តា​ដ៏​សំខាន់​មួយ​នៃ​កាតព្វកិច្ច​ជា​ឪពុកម្ដាយ​ដើម្បី​ព្រមាន​មិន​ត្រឹម​តែ​គូរ​បង្ហាញ​ពី​ផលវិបាក​នៃ​អំពើ​បាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពី​អំណរ​នៃ​ការ​ដើរ​ក្នុង​ការ​គោរព​ប្រតិបត្តិ​បទបញ្ញត្តិ​ដែរ ។ សូម​នឹក​ចាំ​សម្ដី​របស់​អេណុស​អំពី​អ្វី​ដែល​បាន​ដឹកនាំ​លោក​ឲ្យ​ស្វែង​រក​ព្រះ ទទួល​ការផ្តាច់បាប ហើយ​បាន​ប្រែ​ចិត្ត​ជឿ ៖

« មើល​ចុះ ខ្ញុំ​បាន​ទៅ​បរបាញ់​សត្វ​នៅ​ក្នុង​ព្រៃ ហើយ​ពាក្យ​ទាំង​ឡាយ​ដែល​ខ្ញុំ​តែង​បាន​ឮ​ឪពុក​ខ្ញុំ​និយាយ​ជា​ញឹកញាប់​អំពី​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច និង​សេចក្ដី​អំណរ​នៃ​ពួក​បរិសុទ្ធ បាន​ជ្រួត​ជ្រាប​ទៅ​ក្នុង​ដួង​ចិត្ត​ខ្ញុំ ។

« ហើយ​ព្រលឹង​ខ្ញុំ​ស្រេក​ឃ្លាន ហើយ​ខ្ញុំ​បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ​ដែល​បង្កើត​ខ្ញុំ ហើយ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះអង្គ​ដោយ​ការ​អធិស្ឋាន និង​ការ​ទូល​អង្វរ​ដ៏​ខ្លាំង » ។

ដោយសារ​ក្ដី​ស្រឡាញ់ និង​ខ្វល់ខ្វាយ​ដ៏​ធំ​របស់​ទ្រង់​សម្រាប់​មនុស្ស​ដទៃ និង​សុភមង្គល​ពួកគេ ព្រះយេស៊ូវ​មិន​ខ្លាច​នឹង​ព្រមាន​ឡើយ ។ នៅ​ដើម​នៃ​ការងារ​បម្រើ​របស់​ទ្រង់ « ព្រះយេស៊ូវ​ក៏​ចាប់តាំង​ប្រកាស ដោយ​ព្រះបន្ទូល​ថា ចូរ​ប្រែ​ចិត្ត​ឡើង ដ្បិត​នគរ​ស្ថានសួគ៌​ជិត​ដល់​ហើយ » ។ ដោយ​សារ​ទ្រង់​ជ្រាប​ថា ពុំ​មែន​គ្រប់​ផ្លូវ​សុទ្ធ​តែ​នាំ​ទៅ​ស្ថានសួគ៌​ទាំងអស់​ទេ នោះ​ទ្រង់​បាន​បង្គាប់​ថា

« ចូរ​ឲ្យ​ចូល​តាម​ទ្វារ​ចង្អៀត ដ្បិត​ទ្វារ​ដែល​នាំ​ទៅ​ឯ​សេចក្តី​ហិនវិនាស នោះ​ធំ ហើយ​ទូលាយ​ផង ក៏​មាន​មនុស្ស​ជា​ច្រើន​ដែល​ចូល​តាម​ទ្វារ​នោះ ៖

« តែ​ឯ​ទ្វារ​ដែល​នាំ​ទៅឯ​ជីវិត នោះ​តូច​ហើយ​ចង្អៀត​វិញ ក៏​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ » ។

ទ្រង់​បា​នចំណាយ​ពេល​នៅ​ជាមួយ​នឹង​ពួក​អ្នក​មាន​បាប ដោយ​មាន​បន្ទូល​ថា « ខ្ញុំ​មិន​បាន​ហៅ​ពួក​មនុស្ស​សុចរិត​ទេ គឺ​មក​ហៅ​តែ​មនុស្ស​មាន​បាប ឲ្យ​គេ​ប្រែ​ចិត្ត​វិញ​ទេ​តើ » ។

ទាក់ទង​នឹង​ពួក​អាចារ្យ ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី ព្រះយេស៊ូវ​មាន​ភាព​ម៉ឺង​ម៉ាត់​ក្នុង​ការ​ថ្កោល​ទោស​ដល់​ការ​លាក់ពុត​របស់​ពួកគេ ។ ការ​ព្រមាន និង​បទបញ្ញត្តិ​របស់​ទ្រង់​គឺ​ត្រង់ៗ​ថា ៖ « វេទនា​ដល់​អ្នករាល់គ្នា ពួក​អាចារ្យ និង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយមួយភាគ​ក្នុង​ដប់ ទាំង​ជីរអង្កាម ជីរ​លីងលាក់ និង​ល្ង​ផង តែ​បាន​ចោល​សេចក្តី​សំខាន់​ជាង​ដែល​នៅក្នុង​ក្រឹត្យវិន័យ​វិញ ដូច​ជា​សេចក្តី​យុត្តិធម៌ សេចក្តី​មេត្តាករុណា និង​សេចក្តី​ជំនឿ​គួរតែ​ឲ្យ​អ្នករាល់គ្នា​បាន​ប្រព្រឹត្តការ​ទាំង​នេះ ហើយ​ការ​ឯ​ទៀត​នោះ​ក៏​មិន​ត្រូវ​ចោល​ផង » ។ ពិតណាស់ គ្មាន​នរណាម្នាក់​នឹង​ចោទ​ប្រកាន់​ព្រះអង្គ​សង្គ្រោះ​ដោយសារ​តែ​មិន​ស្រឡាញ់​ដល់​ពួក​អាចារ្យ និង​ពួកផារិស៊ី​ឡើយ—ក្រោយ​ពី​អ្វី​ដែល​ទ្រង់​បាន​រងទុក្ខ ហើយ​សុគត​ដើម្បី​សង្គ្រោះ​ពួកគេ​ដែរ ។ ប៉ុន្តែ​ដោយ​ការ​ស្រឡាញ់​ពួកគេ នោះ​ទ្រង់​ពុំ​អាច​បណ្ដោយ​ឲ្យ​ពួកគេ​បន្ត​ស្ថិត​ក្នុង​អំពើ​បាប​ដោយ​មិន​កែតម្រូវ​ពួកគេ​ឲ្យ​ច្បាស់​នោះ​ឡើយ ។ មាន​អ្នក​សង្កេត​ការណ៍​ម្នាក់​បាន​សម្គាល់​ឃើញ​ថា « ព្រះយេស៊ូវ​បានបង្រៀន​ពួក​អ្នក​ដើរ​តាម​ទ្រង់​ឲ្យ​ធ្វើ​ដូចជា​ទ្រង់ ៖ ស្វាគមន៍​មនុស្ស​គ្រប់​គ្នា ប៉ុន្តែ​ក៏​បង្រៀន​អំពី​អំពើបាប​ដែរ ដោយសារ​ក្ដី​ស្រឡាញ់​តម្រូវ​ឲ្យ​ព្រមាន​មនុស្ស​ពី​អ្វី​ដែល​អាច​ធ្វើ​ឲ្យ​ពួកគេ​ឈឺចាប់ » ។

ពេល​ខ្លះ ជន​ដែល​បន្លឺ​សំឡេង​ព្រមាន​ត្រូវ​គេ​យល់​ខុស​ថា​ជា​ការ​វិនិច្ឆ័យ ។ ប៉ុន្តែ ជន​ដែល​អះអាង​ថា សេចក្ដី​ពិត​គឺជា​ទស្សនៈ​បុគ្គល ហើយ​បទដ្ឋាន​សីលធម៌​គឺជា​ចំណង់​ចំណូល​ចិត្ត​ផ្ទាល់​ខ្លួន​មួយ ជា​រឿយៗ​គឺជា​បុគ្គល​ដែល​រិះគន់​ខ្លាំង​បំផុត​ដល់​មនុស្ស​ដែល​មិន​ទទួល​យក​បទដ្ឋាន​បច្ចុប្បន្ន​នៃ « ការ​គិត​ត្រឹមត្រូវ » ដោយ​មិន​សម​ហេតុផល ។ មាន​អ្នក​និពន្ធ​ម្នាក់​បាន​ហៅ​ការណ៍​នេះ ថា « វប្បធម៌​នៃ​ភាព​អាម៉ាស់ » ៖

« ក្នុង​វប្បធម៌​មួយ​ដែល​គិត​ពី​កំហុស អ្នក​ដឹង​ថា អ្នក​ល្អ ឬ​អាក្រក់​តាម​មនសិកា​របស់​អ្នក ។ ក្នុង​វប្បធម៌​មួយ​នៃ​ភាព​អាម៉ាស់ អ្នក​ដឹង​ថា អ្នក​ល្អ ឬ​អាក្រក់​ដោយ​សង្គម​របស់​អ្នក ដោយ​វា​ឲ្យ​តម្លៃ ឬ​ដក​អ្នក​ចេញ ។ … [ ក្នុង​វប្បធម៌​នៃ​ភាពអាម៉ាស់ ] ជីវិត​រមែង​ស្លាប់​មិន​បាន​ស្ថាបនា​នៅ​លើ​ការ​បន្ត​នៃ​រឿង​ត្រូវ និង​ខុស​នោះ​ទេ វា​ស្ថាបនា​ឡើង​នៅ​លើ​ការ​បន្ត​នៃ​ការ​រាប់​បញ្ចូល និង​ការ​បដិសេធ ។ …

« … មនុស្ស​គ្រប់​គ្នា​គ្មាន​សុវត្ថិភាព​រហូត​ក្នុង​ប្រព័ន្ធ​សីលធម៌​មួយ​ដែល​ផ្អែក​លើ​ការ​រាប់​បញ្ចូល និង​ការ​បដិសេធ ។ វា​គ្មាន​នូវ​បទដ្ឋាន​អចិន្ត្រៃយ៍​នោះ​ទេ វា​គ្រាន់​តែ​ជា​ការ​វិនិច្ឆ័យ​ដែល​ផ្លាស់​ប្ដូរ​របស់​ក្រុម​មនុស្ស​ប៉ុណ្ណោះ ។ វា​គឺជា​វប្បធម៌​មួយ​នៃ​ការ​ងាយ​ប៉ះទង្គិច​ចិត្ត​ហួស​ពេក ការ​មាន​ប្រតិកម្ម​ហួស​ពេក និង​ភាព​ស្លន់​ស្លោ​ខាង​សីលធម៌​ជា​ទៀងទាត់ អំឡុងពេល​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​តាម ។ …

« វប្បធម៌​ដែល​គិត​ពី​កំហុស​អាច​មើល​ទៅ​ថា​ជា​រឿង​អាក្រក់ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​អ្នក​អាច​ស្អប់​អំពើបាប ហើយ​នៅ​តែ​ស្រឡាញ់​អ្នក​ធ្វើ​បាប ។ វប្បធម៌​នៃ​ភាព​អាម៉ាស់​បច្ចុប្បន្ន​នេះ​ឲ្យតម្លៃ​យ៉ាង​ងាយ​ទៅ​លើ​ការ​រាប់​បញ្ចូល និង​មិន​ប្រឆាំង ប៉ុន្តែ​វា​ដូចជា​ខ្វះ​ក្ដី​មេត្តា​ដល់​ជន​ដែល​មិន​យល់​ព្រម និង​ជន​ដែល​ចូល​មិន​ចុះ​ចំណោម​នឹង​គេ » ។

ផ្ទុយ​ពី​ការណ៍​នេះ​គឺ « សិលានៃព្រះដ៏ប្រោសលោះនៃ​យើង » ជា​គ្រឹះ​មាន​ស្ថេរភាព ហើយ​អចិន្ត្រៃយ៍​នៃ​យុត្តិធម៌ និង​គុណធម៌ ។ តើ​វា​ប្រសើរ​ប៉ុណ្ណា​ទៅ​ដើម្បី​មាន​ក្រឹត្យវិន័យ​ដែល​មិន​ផ្លាស់ប្ដូរ​របស់​ព្រះ ដែល​យើង​អាច​ធ្វើ​សកម្មភាព​ដើម្បី​ជ្រើស​យក​ជោគវាសនា​យើង ជា​ជាង​ជាប់​ជា​ចំណាប់​ខ្មាំង​ទៅ​នឹង​ច្បាប់​ប្រែប្រួល និង​កំហឹង​របស់​ក្រុម​មនុស្ស​អាក្រក់​ក្នុង​បណ្ដាញ​សង្គម ។ តើ​វា​ប្រសើរ​ប៉ុណ្ណា​ទៅ​ដោយ​បាន​ស្គាល់​សេចក្ដី​ពិត​ជា​ជាង​ត្រូវ​បាន « គ្រប់​អស់​ទាំង​ខ្យល់​នៃ​សេចក្ដី​បង្រៀន​បោក ហើយ​ផាត់​យើងចុះ​ឡើង » ។ តើ​វា​ប្រសើរ​ប៉ុណ្ណា​ទៅ​ដើម្បី​ប្រែ​ចិត្ត ហើយ​ព្យាយាម​រស់​នៅ​តាម​បទដ្ឋាន​ដំណឹងល្អ ជា​ជាង​ធ្វើ​ពុត​ថា​គ្មាន​រឿង​ខុស ឬ​ត្រូវ ហើយ​ចុះ​អន់​ថយ​ក្នុង​អំពើបាប និង​ភាពសោក​ស្ដាយ ។

ព្រះអម្ចាស់​បាន​ប្រកាស​ថា « សំឡេង​នៃ​ការព្រមាន នឹង​ត្រូវ​ប្រាប់​ដល់​មនុស្ស​ទាំងអស់ ដោយ​មាត់​នៃ​ពួក​សិស្ស​ទាំងឡាយ​របស់​យើង ដែល​យើង​បាន​រើស​នៅគ្រា​ចុង​ក្រោយ​បង្អស់​នេះ » ។ ក្នុង​នាម​ជា​អ្នក​ចាំ​យាម និង​ជា​ពួក​សិស្ស យើង​មិន​អាច​មិន​គិត​ពី « ផ្លូវ​មួយ​ដ៏​ប្រសើរ​លើស​លែង » នេះ​បាន​ឡើយ ។ ដូចជា​អេសេគាល​ដែរ យើង​មិន​អាច​ឃើញ​ដាវ​ធ្លាក់​មក​លើ​ដែនដី ហើយ «មិន​ផ្លុំ​ត្រែ » នោះ​ឡើយ ។ នេះ​ពុំ​មែន​មាន​ន័យ​ថា យើង​គួរ​គោះ​ទ្វារ​អ្នក​ជិត​ខាង​យើង ឬ​ឈរ​ស្រែក​តាម​ទី​សាធារណៈ​ថា « ប្រែចិត្ត ! » នោះ​ទេ ! » ពិតណាស់ ពេល​បងប្អូន​គិត​អំពី​រឿង​នេះ យើង​មាន​នៅ​ក្នុង​ដំណឹងល្អ​ដែល​បាន​ស្ដារឡើង​វិញ​នូវ​អ្វី​ដែល​មនុស្ស​ពិត​ជា​ចង់​បាន​យ៉ាង​ខ្លាំង ។ ដូច្នេះ ជាទូទៅ សំឡេង​ព្រមាន​ពុំ​គ្រាន់​តែ​ជា​ពាក្យ​គួរ​សម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​ឃ្លា​របស់​ទំនុកតម្កើង វា​គឺជា​ការ « ឡើង​សំឡេង​ដោយ​អំណរ » ផង​ដែឬ ។

មតិ​របស់​នាយក​និពន្ធ Deseret News ឈ្មោះ​ហល ប៊យដ៍​បាន​លើក​ឡើង​ពី​គំរូ​មួយ​នៃ​ការ​នៅ​ស្ងៀម​នាំ​ផល​អាក្រក់​ដល់​មនុស្ស​ដទៃ ។ គាត់​បាន​សង្កេត​ឃើញ​ថា កាលដែល​គំនិត​នៃ​ការ​រៀបការ​គឺ​នៅ​តែ​ជា​បញ្ហា​មួយ​នៃ « ការ​ពិភាក្សា​ខាង​បញ្ញា » ក្នុង​ចំណោម​ឥស្សរជន​ក្នុង​សង្គម​អាមេរិក ការ​រៀបការ​នោះ​ឯង​ពុំ​មែន​ជា​បញ្ហា​នៃ​ការ​ពិភាក្សា​សម្រាប់​ពួកគេ​ចំពោះ​អ្វី​ដែល​ពួកគេ​ធ្វើ​នោះ​ទេ ។ « ឥស្សរជន​ទាំង​នោះ​រៀបការ ហើយ​បន្ត​រួម​រស់​នឹង​គ្នា ហើយ​ត្រូវ​បាន​ប្រាកដ​ថា​កូនចៅ​ពួកគេ​រីករាយ​នឹង​អត្ថប្រយោជន៍​នៃ​អាពាហ៍​ពិពាហ៍​ដែល​មាន​ស្ថេរភាព​នោះ ។ … ប៉ុន្តែ​បញ្ហា​នោះ​គឺថា [ ពួកគេ ] មិន​ចង់​ផ្សាយ​អ្វី​ដែល​ពួកគេ​ធ្វើ » ។ ពួក​គេ​មិន​ចង់ « បង្ខំ » ជន​ដែល​អាច​ប្រើ​ភាពដឹកនាំ​ខាង​សីលធម៌​របស់​ពួកគេ​ឡើយ ប៉ុន្តែ « វា … ជា​ពេល​សម្រាប់​ជន​ដែល​មាន​ការ​អប់រំ និង​ក្រុម​គ្រួសារ​រឹងមាំ​ដើម្បី​បញ្ឈប់​អព្យាក្រឹត្យភាព​ក្លែង​ក្លាយ ហើយ​ចាប់​ផ្ដើម​ផ្សាយ​អ្វី​ដែល​ពួកគេ​ធ្វើ​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍ និង​ភាព​ជា​ឪពុកម្ដាយ… [ ហើយ ] ជួយ​ជនជាតិ​អាមេរិក​ផ្សេង​ទៀត​ឲ្យ​ឱប​ក្រសោប​វា » ។

យើង​ទុក​ចិត្តជាពិសេស​ថា បងប្អូន​ដែល​ជា​អ្នក​កំពុង​ពេញ​វ័យ ជា​យុវវ័យ និង​យុវមជ្ឈិមវ័យ​ដែល​ព្រះអម្ចាស់​ត្រូវ​ពឹង​ផ្អែក​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចការ​ទ្រង់​នា​ពេល​ខាង​មុខ នឹង​គាំទ្រ​ដល់​ការ​បង្រៀន​នៃ​ដំណឹងល្អ និង​បទដ្ឋាន​របស់​សាសនាចក្រ​ជាសាធារណៈ ក៏​ដូចជា​ពេល​នៅ​តែ​ឯង​ដែរ ។ សូម​កុំ​បោះ​បង់​ជន​ដែល​នឹង​ស្វាគមន៍​ការ​ពិត​ឲ្យស្មុគស្មាញ ហើយ​បរាជ័យ​នៅ​ក្នុង​សេចក្ដី​ល្ងង់​ខ្លៅ​ឡើយ ។ សូម​កុំ​បន្ទន់​តាម​ការ​យល់​ខុស​ឆ្គង​នៃ​ការ​អត់ឱន ឬ​ភ័យខ្លាច—ភ័យខ្លាច​នឹង​ការ​លំបាក ការ​ខក​ចិត្ត ឬ​សូម្បី​តែ​ការ​រងទុក្ខ ។ សូម​ចងចាំ​ការ​សន្យា​របស់​ព្រះអង្គ​សង្គ្រោះ ៖

« អ្នករាល់​គ្នា​មាន​ពរ​ក្នុង​កាលដែល​គេ​ជេរ បៀតបៀន ហើយ​និយាយ​បង្ខុស​គ្រប់​ទាំង​សេចក្តី​អាក្រក់​ពី​អ្នករាល់គ្នា​ដោយ​ព្រោះខ្ញុំ ។

« ចូរ​មាន​ចិត្ត​អំណរ ហើយ​រីករាយ​ជា​ខ្លាំង​ចុះ ដ្បិត​អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ​ស្ថានសួគ៌​ពី​ព្រោះ​គេ​ក៏​បាន​ធ្វើ​ទុក្ខ​ដល់​ពួកហោរា​ដែល​នៅមុន​អ្នករាល់​គ្នា​បែប​ដូច្នោះ​ដែរ » ។

នៅ​ទីបំផុត យើង​ទាំងអស់​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ព្រះ​សម្រាប់​ការ​ជ្រើស​រើស និង​ជីវិត​ដែល​យើង​រស់​នៅ ។ ព្រះអង្គសង្គ្រោះ​បាន​ប្រកាស​ថា « ហើយ​ព្រះវរបិតា​យើង​ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក​ដើម្បី​ឲ្យ​យើង​អាច​ត្រូវ​បាន​លើក​ឡើង​លើ​ឈើឆ្កាង ហើយ​បន្ទាប់​ពី​យើង​ត្រូវ​បាន​លើកឡើង​លើ​ឈើឆ្កាង​គឺ​ប្រយោជន៍​ឲ្យ​យើង​អាច​ទាញ​នាំ​គ្រប់​មនុស្ស​ទាំងអស់​ឲ្យ​មករក​យើង​ហើយ​ដូច​ជា​យើង​ត្រូវ​បានលើក​ឡើង​លើ​ឈើឆ្កាង​ដោយ​មនុស្ស​លោក​យ៉ាងណា នោះ​មនុស្ស​លោក​ក៏​នឹង​ត្រូវបាន​លើកឡើង​ដោយ​ព្រះវរបិតា​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​ឈរ​ចំពោះ​យើង​ដើម្បី​ទទួល​ការជំរុំជម្រះ​ស្រប​តាម​កិច្ចការ​ទាំងឡាយ​របស់​ខ្លួន ដើម្បី​ឲ្យ​ឃើញ​ថា​ពួកគេ​ល្អ ឬក៏​អាក្រក់ » ។

ដោយ​ទទួល​ស្គាល់​ការណ៍​នេះ ជា​ភាព​ដ៏​ធំ​ឧត្តម​របស់​ព្រះអម្ចាស់ ខ្ញុំ​សូម​អង្វរ​ដោយ​ពាក្យ​របស់​អាលម៉ា​ថា ៖

« ហើយ​ឥឡូវ​នេះ ឱ​បង​ប្អូន​របស់​ខ្ញុំ​អើយ ខ្ញុំ​មាន​បំណង​ពី​ជម្រៅ​ចិត្ត​ខ្ញុំ មែន​ហើយ ដោយ​ក្ដី​បារម្ភ​ដ៏​ធំ គឺ​ដល់​ការ​ឈឺ​ចាប់ សូម​ឲ្យ​អ្នក​រាល់​គ្នា … បោះបង់​ចោល​អំពើ​បាប​ទាំង​ឡាយ​របស់​អ្នក ហើយ​កុំ​បង្អែរ​បង្អង់​ដល់​ថ្ងៃ សម្រាប់​ប្រែចិត្ត​របស់​អ្នក​ឡើយ។

« តែ​សូម​ឲ្យ​អ្នក​រាល់​គ្នា​បន្ទាប​ខ្លួន​ចំពោះ​ព្រះ​អម្ចាស់ ហើយ​អំពាវនាវ​ដល់​ព្រះ​នាម​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ហើយ​ចាំ​យាម និង​អធិស្ឋាន​ជានិច្ច ដើម្បី​កុំ​ឲ្យ​អ្នក​ត្រូវ​ល្បួង​លើស​ជាង​អ្វី​ដែល​អ្នក​រាល់​គ្នា​អាច​អត់ទ្រាំ​បាន​ឡើយ ម្ល៉ោះ​ហើយ សូម​ឲ្យ​បាន​នាំ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ …

« សូម​ឲ្យ​មាន​សេចក្ដីជំនឿ​ជឿ​ដល់​ព្រះអម្ចាស់ សូម​ឲ្យ​មាន​សេចក្ដីសង្ឃឹម​មួយ​ថា អ្នករាល់គ្នា​នឹង​ទទួល​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច សូម​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ​នៅក្នុង​ចិត្ត​អ្នក​ជានិច្ច ដើម្បី​ឲ្យ​អ្នករាល់គ្នា​បាន​លើក​ឡើង​នៅថ្ងៃ​ចុង​ក្រោយ​បង្អស់ ហើយ​ចូលទៅក្នុង​សេចក្ដី​សម្រាក​របស់​ទ្រង់ » ។

សូម​យើង​ម្នាក់ៗ​អាច​ទូល​ទៅ​ព្រះអម្ចាស់ ជាមួយ​នឹង​ដាវីឌ​ថា « ​ទូលបង្គំ​មិន​បាន​លាក់​សេចក្តី​សុចរិត​របស់​ទ្រង់​នៅ​ក្នុង​ចិត្ត​ទេ​គឺ​បាន​ថ្លែង​ប្រាប់​ពី​សេចក្តី​ស្មោះត្រង់ និង សេចក្តី​សង្គ្រោះរបស់​ទ្រង់​វិញ​ក៏​មិន​បាន​បំបិទ​សេចក្តី​សប្បុរស និង សេចក្តី​ពិត​របស់ទ្រង់​នៅ​ក្នុងក្រុម​ជំនុំ​ធំ​ដែរ ។ ឱ​ព្រះយេហូវ៉ា​អើយ សូម​កុំ​បង្ខាំង​សេចក្តី​មេត្តាករុណា របស់​ទ្រង់​ចំពោះ​ទូលបង្គំ​ឡើយ » ។ នៅក្នុងព្រះនាមនៃព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។