ឆ្នាំ ២០១០-២០១៩
ការ​ទាញ​យក​ព្រះចេស្ដានៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង
ខែ មេសា ឆ្នាំ ២០១៧


ការ​ទាញ​យក​ព្រះចេស្ដានៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​មក​ក្នុង​ជីវិត​របស់​យើង

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ពោរ​ពេញ​ដោយ​ព្រះចេស្ដារបស់​ទ្រង់ ដែល​មាន​ដល់​គ្រប់​បុត្រី ឬ​បុត្រា​របស់​ព្រះ​ដែល​ស្វែងរកទ្រង់​ដោយ​អស់​ពីដួងចិត្ត ។

បងប្អូន​ប្រុសស្រី​ជា​ទីស្រឡាញ់​របស់​ខ្ញុំ យើង​រស់នៅ​ក្នុង​គ្រា​កាន់កាប់​ត្រួត​ត្រា​ដ៏​លំបាក​បំផុត​មួយ ។ ឧបសគ្គ ភាពចម្រូងចម្រាស់ និង​ភាព​ស្មុគស្មាញ​មាន​នៅ​ជុំ​វិញ​ពួក​យើង ។ គ្រា​ដ៏​ចលាចល​ទាំង​នេះ​ត្រូវ​បាន​ព្រះអង្គ​សង្គ្រោះ​ទត​ឃើញ​ជា​មុន​រួចហើយ ។ ទ្រង់​បាន​ព្រមាន​ថា នៅក្នុង​ជំនាន់​របស់​យើង មារសត្រូវ​នឹង​ចាក់រុក​ឲ្យ​មាន​កំហឹង​នៅក្នុង​ដួងចិត្ត​របស់​មនុស្ស ហើយ​ដឹកនាំ​ពួកគេ​ឲ្យ​វង្វេង ។ ប៉ុន្តែ​ព្រះវរបិតាសួគ៌​របស់​យើង​ពុំមាន​ព្រះទ័យ​ថា​ឲ្យ​យើង​ប្រឈម​មុខ​នឹង​បញ្ហាផ្ទាល់ខ្លួន និង​បញ្ហា​សង្គម​ដ៏ច្របូកច្របល់​ដោយ​ខ្លួន​យើង​នោះទេ ។

ព្រះ​ទ្រង់​ស្រឡាញ់​លោកិយ​ដល់​ម្ល៉េះ បានជា​ទ្រង់​បានប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ១​មក​ ជួយ​យើង ។ ហើយ​ព្រះរាជបុត្រា​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ បាន​ប្រទាន​ព្រះជន្ម​របស់​ទ្រង់​ដើម្បី​យើង ។ ទាំងអស់​គឺ​ដើម្បី​ឲ្យយើង​អាច​មាន​ព្រះចេស្ដា​នៃព្រះ—ជា​ព្រះចេស្ដា​ល្មម​គ្រប់គ្រាន់​ដើម្បី​ប្រឈម​នឹង​បន្ទុក ឧបសគ្គ និង​ការ​ល្បួង​នានា​នៃ​ជំនាន់​របស់​យើង ។ ថ្ងៃ​នេះ ខ្ញុំ​ចង់​និយាយ​អំពី​របៀប​ដែល​យើងអាច​ទាញ​យក​ព្រះចេស្ដា​នៃ​ព្រះអម្ចាស់​ និង​លោកចៅហ្វាយនៃ​យើង​ ព្រះយេស៊ូវគ្រីស្ទ មក​ក្នុង​​ជីវិត​របស់​យើង ។

យើង​ចាប់​ផ្ដើម​ដោយ​ការ​រៀន​អំពី​ទ្រង់ ។ វា « គ្មាន​ផ្លូវ​ទេ​សម្រាប់​ [ យើង ] ​បាន​សង្គ្រោះ​ក្នុងការ​ល្ងង់​ខ្លៅ » ។​ កាលណា​យើង​កាន់តែ​ដឹង​អំពី​ការ​បម្រើ​ និង​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះនោះ​យើង​កាន់តែ​យល់​​ពី​គោលលទ្ធិ​របស់​ទ្រង់ និង​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​យើង​—​យើង​កាន់តែ​ដឹង​ថា ទ្រង់​អាច​ប្រទាន​ព្រះចេស្ដា​ដែល​យើង​ត្រូវ​ការ​សម្រាប់​ជីវិត​យើង ។

កាល​ពី​ដើម​ឆ្នាំ​នេះ ខ្ញុំ​បានសុំ​យុវមជ្ឈិមវ័យ​នៃ​សាសនាចក្រ​ឲ្យ​ថ្វាយ​មួយ​ផ្នែក​នៃ​ពេលវេលា​របស់​ពួកគេ​រាល់​សប្ដាហ៍​ដើម្បី​សិក្សា​អ្វីៗ​ដែល​ព្រះយេស៊ូវ​បាន​មាន​បន្ទូល និង​បាន​ធ្វើ ដូច​បាន​កត់ត្រា​នៅក្នុង​ព្រះគម្ពីរ ។​ ខ្ញុំ​បានអញ្ជើញ​ពួកគេ​ឲ្យដាក់​សេចក្ដីយោង​បទគម្ពីរ​អំពី​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុងការណែនាំតាមប្រធានបទ​ ឲ្យ​ទៅជា​កម្មវិធី​សិក្សា​សំខាន់​ផ្ទាល់​ខ្លួន​របស់​ពួកគេ ។​​

ខ្ញុំ​បាន​ផ្ដល់​សំណូម​ពរ​នោះ ដោយសារ​ខ្ញុំ​បាន​ទទួល​យក​វាខ្លួន​ឯង​រួច​ហើយ ។ ខ្ញុំបាន​អាន ហើយគូស​បន្ទាត់​ពី​ក្រោមគ្រប់ខគម្ពីរ​ដែល​ប្រាប់​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ដូច​បាន​រៀបរាប់​ក្រោម​ចំណងជើង​រង​ចំនួន ៥៧ នៅក្នុង​ការ​ណែនាំ​តាម​ប្រធានបទ ។​ នៅពេល​ខ្ញុំ​បាន​បញ្ចប់​លំហាត់​ដ៏​រំភើប​នោះ​ហើយ ភរិយា​របស់​ខ្ញុំ​បាន​សួរ​ខ្ញុំ​ថា​តើ​វា​មាន​ឥទ្ធិពល​មក​លើ​ខ្ញុំ​យ៉ាង​ណា​ខ្លះ ។ ខ្ញុំ​បាន​ប្រាប់គាត់​ថា « ខ្ញុំ​ជា​មនុស្ស​ផ្សេង​ម្នាក់ ! »

ខ្ញុំ​បាន​មានអារម្មណ៍​ពី​ភក្ដីភាព​ចំពោះ​ទ្រង់​ជាថ្មី ពេល​ខ្ញុំ​អាន​​ព្រះគម្ពីរ​មរមន​ម្ដងទៀត​ ជាសេចក្ដី​ថ្លែងការណ៍​ផ្ទាល់​របស់​ព្រះអង្គសង្គ្រោះ​អំពី​បេសកកម្ម​របស់​ទ្រង់​នៅក្នុង​ជីវិតរមែង​ស្លាប់ ។ ទ្រង់ប្រកាស​ថា ៖

« យើង​បាន​មក​ឯ​លោកិយ​នេះ ដើម្បី​ធ្វើ​តាម​ព្រះហឫទ័យ​នៃ​ព្រះវរបិតា​របស់​យើង ពីព្រោះ​ព្រះវរបិតា​របស់​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក។

« ហើយ​ព្រះវរបិតា​យើង ទ្រង់​បាន​ចាត់​ឲ្យ​យើង​មក ដើម្បី​ឲ្យ​យើង​អាច​ត្រូវបាន​លើកឡើង​លើ​ឈើឆ្កាង » ។

ក្នុង​នាម​ជា​ពួក​បរិសុទ្ធ​ថ្ងៃចុង​ក្រោយ យើង​សំដៅ​បេសកកម្ម​របស់​ទ្រង់​ថា​ជា​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ដែល​បាន​ធ្វើ​ឲ្យ​ការ​រស់ឡើងវិញ​ក្លាយជា​ការពិត​ចំពោះ​មនុស្ស​ទាំងអស់ ហើយ​បាន​ធ្វើ​ឲ្យ​មាន​ជីវិត​អស់កល្បជានិច្ច​ចំពោះអស់​អ្នក​ដែល​ប្រែចិត្តពី​អំពើបាប​របស់​ពួកគេ ហើយ​ទទួល​យក និង​រក្សា​ពិធីបរិសុទ្ធ និងសេចក្ដីសញ្ញា​សំខាន់ៗ​ទាំងឡាយ ។

វា​ពុំ​ពេញលេញ​ខាង​គោលលទ្ធិ​ទេ ដែល​និយាយ​អំពី​ពលិកម្មដ៏​ធួន​របស់​ព្រះអម្ចាស់​តែ​ឃ្លាកាត់ ដូចជា « ដង្វាយធួន » ឬ « អំណាច​នៃ​ដង្វាយធួនដែល​អាច​ធ្វើ​ទៅបាន » ឬ « ការ​អនុវត្ត​ដង្វាយធួន » ឬ « ការ​ត្រូវ​បាន​ពង្រឹង​ដោយ​ដង្វាយធួន » នោះ ។ ការប្រើ​ឃ្លា​ទាំងនេះបង្ហាញ​ពី​ហានិភ័យដ៏​ពិត​មួយ ដែល​អាចប្រើ​ជំនឿ​ខុស​ដោយចាត់​ទុក​ព្រឹត្តិការណ៍​នេះ​ដូចជា​វា​មានជីវិត និង​សមត្ថភាព​ឯករាជ្យ​ពី​ព្រះវរបិតាសួគ៌​​របស់​យើង និង​ព្រះរាជបុត្រា​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ ។

នៅក្រោម​ផែនការ​ដ៏អស់កល្បជានិច្ច​ដ៏​មហិមា​របស់​ព្រះបិតា​គឺ​ព្រះអង្គសង្គ្រោះ​ដែល​បាន​រងទុក្ខ ។ គឺ​ព្រះអង្គសង្គ្រោះ​ដែល​បាន​ផ្ដាច់​ចំណង​នៃ​សេចក្ដីស្លាប់ ។ គឺ​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​បង់​ថ្លៃ​សម្រាប់​អំពើបាប និង​ការ​រំលង​ទាំងឡាយ​របស់​យើង ហើយ​បាន​លុប​ចោល​ក្រោម​លក្ខខណ្ឌ​នៃ​ការ​ប្រែ​ចិត្ត​របស់​យើង ។ គឺ​ព្រះអង្គ​សង្គ្រោះ​ដែល​បាន​រំដោះ​យើង​ពី​ការ​ស្លាប់​ខាង​រូបកាយ និង​ខាង​វិញ្ញាណ ។

គ្មាន​តួអង្គ​ឥត​រូប​ណា​ដែល​ហៅថា​« ដង្វាយធួន » ដែល​យើង​អាច​ហៅ​រក​ការ​ជួយ ការ​ព្យាបាល ការ​អភ័យទោស ឬ​អំណាច​បាន​នោះទេ ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ប្រភព ! ពាក្យ​ពិសិដ្ឋ​ដូចជា ដង្វាយធួននិង​ការរស់ឡើងវិញ ពិពណ៌នា​អំពី​អ្វី​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ធ្វើ ស្របតាម​ផែនការ​របស់​ព្រះបិតា ដើម្បី​យើងអាច​រស់នៅ​ដោយ​ក្ដីសង្ឃឹម​នៅក្នុង​ជីវិត​នេះ ហើយ​ទទួល​បាន​ជីវិត​អស់កល្ប​ជានិច្ច​នៅ​បរលោកនាយ ។ ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ—ជា​ទង្វើ​ដ៏​សំខាន់​នៃ​ប្រវត្តិសាស្ត្រ​មនុស្ស​លោក—ត្រូវ​បាន​យល់ និង​កោត​សរសើរ​ខ្លាំង​បំផុត នៅពេល​យើង​ភ្ជាប់​វា​ទៅនឹង​ទ្រង់​យ៉ាង​ច្បាស់​លាស់ ។

ចំណុច​សំខាន់​នៃ​បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ត្រូវ​បាន​គូស​បញ្ជាក់​ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ដែលបាន​ប្រកាស​ច្បាស់ៗ​ថា « គោលការណ៍​គ្រឹះ​នៃ​សាសនា​របស់​យើង គឺ​ជាទី​បន្ទាល់​របស់​​ពួក​សាវក​និងពួកព្យាការី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ថា​ទ្រង់​បាន​សុគត ត្រូវ​បាន​គេ​បញ្ចុះ ហើយ​បាន​រស់​ឡើង​វិញ​នៅ​ថ្ងៃ​ទីបី ហើយ​បាន​យាង​ឡើង​ទៅ​ស្ថានសួគ៌ ហើយ​រឿង​ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​សាសនា​របស់​យើង​គឺ​ជា​រឿង​បន្ទាប់​បន្សំ​ប៉ុណ្ណោះ » ។

គឺសេចក្ដី​ថ្លែង​ការ​ណ៍​របស់​ព្យាការី​នេះ​ហើយ ដែល​បាន​ធ្វើ​ឲ្យពួក​ព្យាការី អ្នក​មើល​ឆុត អ្នក​ទទួល​វិវរណៈ ១៥ រូប​ផ្ដួច​ផ្ដើម​គំនិត​ឮចេញ និ​ងចុះ​ហត្ថលេខា​លើ​ទីបន្ទាល់​របស់​ពួកគាត់​ដើម្បី​រំឮក​ខួប ២០០០ ឆ្នាំនៃ​កំណើត​របស់​ព្រះអម្ចាស់ ។ ទីបន្ទាល់​ជា​ប្រវត្តិសាស្ត្រនោះមាន​ចំណង​ជើង​ថា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ។ សមាជិក​ជា​ច្រើន​បាន​ទន្ទេញ​ចាំ​សេចក្ដីពិត​​នោះ ។ អ្នកខ្លះ​ទៀត​ស្ទើរ​តែ​មិនដែល​ឮពី​វា​ ។ នៅពេល​អ្នក​ព្យាយាម​រៀន​បន្ថែម​ទៀតអំពី​ព្រះយេស៊ូវ​គ្រីស្ទ ខ្ញុំ​ជំរុញ​ឲ្យ​បងប្អូន​សិក្សា « ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្មរស់ » ។

នៅពេល​យើង​វិនិយោគ​ពេលវេលា​ក្នុងកា​ររៀន​សូត្រ​អំពី​ព្រះអង្គសង្គ្រោះ និង​ពលិកម្ម​ដ៏ធួន​របស់​ទ្រង់ នោះ​យើង​ខិត​ចូល​ទៅធាតុ​គន្លឹះ​មួយ​ទៀត​ដើម្បី​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ៖ គឺ​យើង​ជ្រើសរើស​ដើម្បី​មាន​ជំនឿ​ទៅលើ​ទ្រង់ ហើយ​ធ្វើ​តាម​ទ្រង់ ។

សិស្ស​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ស្ម័គ្រចិត្ត​ឈរ​ឡើង បញ្ចេញ​មតិ ហើយ​ខុស​ពី​មនុស្ស​នៃ​លោកិយ ។ ពួកគេ​ពុំ​ខ្លាច មានការ​លះបង់ និង ភាព​ក្លាហាន ។ ខ្ញុំ​បាន​រៀនពី​ពួក​សិស្ស​ទាំងនោះ អំឡុង​ពេល​ការ​ចាត់តាំង​នា​ពេល​ថ្មី​ៗ​នេះ​ឲ្យ​ទៅ​ប្រទេស​ម៊ិកស៊ិក ជាកន្លែង​ដែល​ខ្ញុំ​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល និង​អ្នកដឹកនាំ​មកពី​និកាយ​សាសនា​ផ្សេងៗ​ទៀត ។ ម្នាក់ៗ​បាន​អរគុណ​ខ្ញុំ​ចំពោះ​កិច្ចការដ៏​ក្លាហាន និង​ដ៏ជោគជ័យ​របស់​សមាជិក​យើង​ក្នុង​ការ​ការ​ពារ ហើយ​រក្សា​អាពាហ៍ពិពាហ៍ និងក្រុមគ្រួសារ​ឲ្យ​បានរឹងមាំ​នៅក្នុង​ប្រទេស​ពួកគេ ។

គ្មាន​អ្វី​ដែល​ងាយស្រួល ឬ​ស្វ័យ​ប្រវត្តិ​អំពី​ការ​ក្លាយ​ជា​ពួក​សិស្ស​ដ៏​មាន​អានុភាព​ដូច្នេះ​បាន​ទេ ។ ការ​ផ្ដោត​របស់​យើង​ត្រូវ​តែ​ផ្អែក​យ៉ាង​រឹងមាំ​ទៅលើ​ព្រះអង្គ​សង្គ្រោះ និង​ដំណឹងល្អ​របស់​ទ្រង់ ។ វា​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ខាង​សតិអារម្មណ៍​យ៉ាង​ខ្លាំង​ដើម្បី​មើល​ទៅ​ទ្រង់​គ្រប់​គំនិត ។​ ប៉ុន្តែ​នៅពេល​ដែល​យើង​ធ្វើ​វា​បាន នោះភាព​សង្ស័យ និង​ការភ័យ​ខ្លាច​របស់​យើង​នឹង​រលត់​បាត់អស់ ។

ថ្មីៗ​នេះ ខ្ញុំ​បាន​ស្គាល់​យុវនារី​ឡូរ៉ល​ដ៏​អង់អាច​ម្នាក់ ។ នាង​ត្រូវ​បានគេ​អញ្ជើញ​ឲ្យ​ចូលរួម​នៅក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​វិទ្យាល័យ​ទូទាំង​រដ្ឋមួយ នៅពេល​ល្ងាច​ដែលនឹង​ការ​ប្រជុំ​សមាគម​សង្គ្រោះ​ស្ដេក​មួយ ដែល​នាង​តាំង​ចិត្ត​ថា​ទៅ​ចូល​រួម​ផងដែរ ។ នៅពេល​នាង​បាន​ដឹង​ពី​ការ​ជាន់​កាលវិភាគ​គ្នា​នេះ នាង​បាន​ពន្យល់​ទៅ​អ្នក​ដែល​កាន់​ការ​ប្រកួត​​ថា នាង​នឹង​ត្រូវ​ចេញ​ពី​ការ​ប្រកួត​មុន​ម៉ោង​ដើម្បី​ទៅ​ចូលរួម​ការ​ប្រជុំ​សំខាន់​មួយ តែ​គេ​ប្រាប់​នាង​ថា​បើ​នាង​ធ្វើ​ដូច្នោះ នាង​នឹង​មិនបាន​ជាប់​ទេ ។

តើ​យុវនារី​ឡូរ៉ល​ថ្ងៃ​ចុង​ក្រោយ​រូបនេះ​បាន​ធ្វើ​យ៉ាង​ដូចម្ដេច ? នាង​បាន​រក្សា​ការ​តាំង​ចិត្ត​របស់​នាង​ដើម្បី​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ​សមាគម​សង្គ្រោះ ។ ដូច​បាន​សន្យា នាង​បាន​ធ្លាក់​ពី​ការ​ប្រកួត​ប្រចាំ​រដ្ឋ​នោះ ។ នៅពេល​គេ​សួរ​នាង​អំពី​ការ​សម្រេច​ចិត្ត​របស់​នាង នាង​បាន​តប​យ៉ាង​សាមញ្ញ​ថា « មែនហើយ សាសនាចក្រ​គឺ​សំខាន់​ជាង មែន​ទេ ? »

សេចក្ដី​ជំនឿ​ទៅ​លើ​ព្រះយេស៊ូវ​គ្រីស្ទ លើក​ទឹកចិត្ត​យើង​ឲ្យ​ធ្វើ​រឿង​ដែល​យើង​នឹង​មិនហ៊ាន​ធ្វើ ។ សេចក្ដី​ជំនឿ​ដែល​លើក​ទឹកចិត្ត​យើង​ឲ្យ​ធ្វើ​សកម្មភាព ធ្វើ​ឲ្យ​យើង​ទទួល​បាន​ព្រះចេស្ដារបស់​ទ្រង់​កាន់តែ​ច្រើន ។

យើង​ក៏​បង្កើន​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​យើង​ផងដែរ នៅពេល​យើង​ធ្វើ​សេចក្ដី​សញ្ញា ហើយ​រក្សា​សេចក្ដី​សញ្ញា​ទាំង​នោះ​ឲ្យ​បាន​ជាក់​លាក់ ។ សេចក្តីសញ្ញា​របស់​យើង​ចង​ភ្ជាប់​យើងទៅ​នឹង​ទ្រង់ ហើយ​ប្រទាន​ដល់​យើង​នូវ​ព្រះចេស្ដា​របស់​ព្រះ ។ ក្នុងនាម​ជា​សិស្ស​ស្មោះត្រង់ យើង​ប្រែចិត្ត ហើយ​ដើរ​តាម​ទ្រង់​ចូល​ទៅ​ក្នុង​ទឹក​នៃ​ពិធី​បុណ្យ​ជ្រមុជ​ទឹក ។ យើង​ដើរ​តាម​ផ្លូវ​នៃ​សេចក្ដីសញ្ញា​ដើម្បី​ទទួល​បាន​ពិធី​បរិសុទ្ធ​សំខាន់ៗ​ដទៃ​ទៀត ។ ហើយ​យើង​មាន​អំណរគុណ ដែល​ផែនការ​របស់​ព្រះ​ផ្ដល់​ពរជ័យ​ដល់​ជីដូន​ជីតា​ដែល​បាន​ស្លាប់​ទៅ ដោយ​គ្មាន​ឱកាស​ដើម្បី​ទទួល​បាន​ពរជ័យ​នោះ​ក្នុង​ពេល​ជីវិត​រមែង​ស្លាប់​របស់​ពួក​គាត់ ។​

បុរស​ស្ត្រី​ដែល​រក្សា​សេចក្ដីសញ្ញា ព្យាយាម​រក​វិធី​ដើម្បី​រក្សា​ខ្លួន​ពួកគេ​ពុំ​ឲ្យ​ប្រឡាក់​ស្នាម​ពី​លោកិយ ដើម្បី​កុំ​ឲ្យ​មាន​អ្វី​មក​រារាំង​ពួកគេ​ពីការ​ទទួល​បាន​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ ។ ថ្មីៗ​នេះ ភរិយា និង​ជា​ម្ដាយ​ស្មោះត្រង់​ម្នាក់​បាន​សរសេរ​រឿង​នេះ​ថា ៖ « ពេល​នេះ​គឺជា​គ្រា​ដ៏​ចលាចល និង​លំបាក ។ ឱ វា​ជា​ពរជ័យណាស់ ដែល​យើង​មាន​ចំណេះដឹង​បន្ថែម​អំពី​ផែនការ​នៃ​សេចក្ដី​សង្គ្រោះ និង​ការ​ដឹកនាំ​ដ៏​បំផុស​គំនិត​មក​ពី​ពួក​ព្យាការី ពួក​សាវក និង​ថ្នាក់​ដឹកនាំ​ជា​ទី​ស្រឡាញ់ ដើម្បី​ជួយ​យើង​ឲ្យ​ឆ្លង​សមុទ្រ​ព្យុះ​ទាំងនេះ​ដោយ​សុវត្ថិភាព ។ យើង​បាន​បញ្ឈប់​ទម្លាប់​បើក​វិទ្យុ​នៅ​ពេល​ព្រឹក ។ ជំនួស​ឲ្យ​វិទ្យុ ឥឡូវ​យើង​ស្ដាប់​ប្រសាសន៍សន្និសីទ​ទូទៅ​នៅ​លើ​ទូរសព្ទ​ដៃ​របស់​យើង​ជា​រៀងរាល់​ព្រឹក​នៅពេល​យើង​រៀបចំ​ខ្លួន​សម្រាប់​ថ្ងៃ​ថ្មី​វិញ » ។

ធាតុ​មួយ​ទៀត​ដើម្បី​ទាញ​យក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​មក​ដាក់​ក្នុង​ជីវិត​របស់​យើង គឺ​ឈោង​ទៅ​រក​ទ្រង់​ដោយ​សេចក្ដី​ជំនឿ ។ ការ​ឈោង​ទៅ​រក​ដូច្នេះ​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​យ៉ាង​ឧស្សាហ៍ និង​ផ្ដោត​ចិត្ត ។

រូបភាព
ស្ត្រី​ប៉ះ​ជាយ​ព្រះពស្ដ​របស់​ព្រះអង្គ​សង្គ្រោះ

តើ​បងប្អូន​នៅ​ចាំ​រឿង​ក្នុង​គម្ពីរ​ប៊ីប​អំពី​ស្ត្រី​ម្នាក់​ដែល​បាន​រក​ទុក្ខ​រយៈ​ពេល ១២ ឆ្នាំ ដោយ​ជំងឺធ្ងន់ និង​គួរ​ខ្មាសអៀន​ឬទេ ? នាង​បាន​អនុវត្ត​សេចក្ដីជំនឿ​ដ៏​អស្ចារ្យ​ទៅលើ​ព្រះអង្គ​សង្គ្រោះ ដោយ​ប្រកាស​ថា « បើ​គ្រាន់​តែ​ពាល់​ព្រះពស្ត្រ​ទ្រង់​ប៉ុណ្ណោះ នោះ​នឹង​បាន​ជា​ហើយ » ។

ស្ត្រី​ស្មោះត្រង់ និង​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​រូប​នេះ ចាំបាច់​ត្រូវ​ឈោង​ទៅ​ឲ្យ​បាន​ឆ្ងាយ​ដើម្បី​នាង​អាច​ទទួល​បាន​ព្រះចេស្ដា​របស់​ទ្រង់ ។ ការ​ឈោង​ទៅ​ខាង​រូបកាយ​របស់​នាង គឺជា​និមិត្ត​រូប​នៃ​ការ​ឈោង​ទៅ​ខាង​វិញ្ញាណ​របស់​នាង​ផងដែរ ។

ពួក​យើងជា​ច្រើន​បាន​ស្រែក​យំ​ចេញ​ពី​ក្រអៅ​ដួងចិត្ត​របស់​យើង នូវ​សម្ដី​ស្រដៀង​នឹង​ស្ត្រី​រូបនេះ​ដែរ ៖ « ប្រសិន​បើ​ខ្ញុំ​អាច​ឈោង​ខាង​វិញ្ញាណ​ឲ្យ​ល្មម​ដើម្បី​ទាញ​យក​ព្រះចេស្ដា​របស់​ព្រះអង្គ​សង្គ្រោះ​ដាក់​ក្នុង​ជីវិត​របស់​ខ្ញុំ នោះ​ខ្ញុំ​នឹង​ដឹង​ពី​របៀប​ដើម្បី​ដោះ​ស្រាយ​ស្ថាន​ភាព​ឈឺចាប់​ក្នុង​ចិត្ត​របស់​ខ្ញុំ​បាន ។ ខ្ញុំ​នឹង​ដឹង​ថា​ត្រូវ​ធ្វើ​អ្វីហើយ ។ ហើយ​ខ្ញុំ​នឹង​មាន​ព្រះចេស្ដា​ដើម្បី​ធ្វើ​វា​បាន » ។

នៅពេល​បងប្អូន​ឈោង​ទៅ​ដើម្បី​មាន​ព្រះចេស្ដា​របស់​ព្រះអម្ចាស់​នៅ​ក្នុង​ជីវិត​របស់​បងប្អូន​ដោយ​កម្លាំង​ដូចគ្នានឹង​កម្លាំង​របស់​មនុស្ស​លង់​ទឹក​ម្នាក់​ខំ​តោង​ចាប់ ហើយ​ដង្ហក់​រក​ខ្យល់ នោះ​ព្រះចេស្ដា​មកពី​ព្រះយេស៊ូវ​គ្រីស្ទ​នឹង​ជា​របស់​បងប្អូន ។ នៅពេល​ព្រះអង្គ​សង្គ្រោះ​ដឹង​ថា​បងប្អូន​ពិតជា​ចង់​ឈោង​ទៅរក​ទ្រង់—ពេល​ទ្រង់​អាច​ញាណ​ដឹង​ពី​បំណង​ប្រាថ្នា​ដ៏​ខ្លាំង​បំផុត​នៃ​ដួងចិត្ត​របស់​បងប្អូន​ថា បងប្អូន​ចង់​ទាញ​យក​ព្រះចេស្ដា​របស់​ទ្រង់​ដាក់​ក្នុង​ជីវិត—​នោះ​បងប្អូន​នឹង​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ដឹង​ច្បាស់​ពី​អ្វី​ដែល​បងប្អូន​ចាំបាច់​ត្រូវ​ធ្វើ ។

នៅពេល​បងប្អូន​ឈោង​ខាង​វិញ្ញាណ​ហួស​ពី​អ្វី​ៗ​ដែល​បងប្អូនធ្លាប់​ធ្វើ​ពី​មុន​មក នោះ​ព្រះចេស្ដា​របស់​ទ្រង់​នឹងចាក់​ស្រោច​មក​លើ​បងប្អូន ។​ បន្ទាប់មក បងប្អូន​នឹង​យល់​ពីអត្ថន័យ​ជ្រាល​ជ្រៅ​នៃ​ទំនុក​ដែល​យើង​ច្រៀង​នៅ​ក្នុង​ទំនុកតម្កើង « ព្រះវិញ្ញាណនៃព្រះ » ៖

ព្រះអង្គ​ទ្រង់​ពង្រីក​យោបល់​ដល់​ពួក​បរិសុទ្ធ ។ …

តម្រិះ​និង​ព្រះចេស្ដា​នៃ​ព្រះ​រីកសាយ​វិសុទ្ធ

ស្បៃ​គ្រប​ដណ្ដប់​ផែនដី​ចាប់​ផ្ដើម​រសាត់​ទៅ ។

ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ពោរ​ពេញ​ដោយ​ព្រះចេស្ដារបស់​ទ្រង់ ដែល​មាន​ដល់​គ្រប់​បុត្រី ឬ​បុត្រា​របស់​ព្រះ​ដែល​ស្វែងរកទ្រង់​ដោយ​អស់​ពីដួងចិត្ត ។ វាគឺជា​ទីបន្ទាល់​របស់​ខ្ញុំ​ថា នៅពេល​យើង​ទាញ​យក​ព្រះចេស្ដា​របស់​ទ្រង់​ដាក់​ក្នុង​ជីវិត​របស់​យើង នោះ​ទាំង​ទ្រង់ និង​យើង​នឹង​អរ​សប្បាយ ។

ក្នុង​នាមជា​សាក្សីពិសេស​ម្នាក់​របស់​ទ្រង់ ខ្ញុំ​សូម​ប្រកាស​ថា ព្រះ​មាន​ព្រះជន្ម​រស់ ! ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ! សាសនាចក្រ​របស់​ទ្រង់​បាន​ស្ដារ​ឡើង​វិញ​មក​លើ​ផែនដី ! ព្យាការី​របស់ព្រះ​នៅ​លើ​ផែនដី​សព្វថ្ងៃ​នេះ គឺ​ប្រធាន​ថូម៉ាស អេស ម៉នសុន ដែល​ខ្ញុំ​គាំទ្រ​ដោយ​អស់​ពី​ដួងចិត្ត ។ ដោយ​សេចក្ដី​ស្រឡាញ់ និង​ពរជ័យ​របស់​ខ្ញុំ​សម្រាប់​បង​ប្អូន​គ្រប់​គ្នា ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​នេះ​នៅ​ក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវ គ្រីស្ទ អាម៉ែន។

កំណត់ចំណាំ

  1. សូម​មើល នីហ្វៃទី២ ២៨:១៩–៣០ ។

  2. សូមមើល យ៉ូហាន ៣:១៦ ។

  3. ព្រះយេស៊ូវ​គឺជា​អង្គ​ដែល​បាន​ចាក់​ប្រេងតាំង—ដែល​បាន​តែងតាំង​ដោយ​ព្រះវរបិតា​សួគ៌​ដើម្បី​ធ្វើ​ជា​អ្នក​តំណាង​ផ្ទាល់​របស់​ទ្រង់​នៅ​គ្រប់​អ្វីៗ​ទាំងអស់​ដែល​ទាក់ទង​ទៅនឹង​សេចក្ដី​សង្គ្រោះ​របស់​មនុស្ស​លោក ។ ព្រះយេស៊ូវ​ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ព្រះអង្គ​សង្គ្រោះ និង​ព្រះ​ប្រោសលោះ​របស់​យើង ។ ពីមុន​លោកិយ​ត្រូវ​បាន​បង្កើត ព្រះយេស៊ូវ​ត្រូវ​បាន​តែងតាំងដើម្បី​ធ្វើ​ឲ្យ​ជីវិត​អមត និង​ជីវិត​អស់កល្បជានិច្ច​កើត​ឡើង​សម្រាប់​កូន​ចៅ​ទាំងអស់​របស់​ព្រះ ( សូមមើល​ យ៉ូហាន ១៧:២៤, ពេត្រុសទី ១ ១:២០) ។ ហេតុដូច្នោះ​ហើយ ព្រះយេស៊ូវ​មាន​នូវ​ព្រះនាម​ពិសេស​ពីរ​នេះ​ថា ៖ ព្រះមែស៊ី ( ភាសា​ហេព្រើរ ) និង ព្រះគ្រីស្ទ( ភាសា​ក្រិក )—ដែលព្រះនាម​នីមួយៗ​មាន​ន័យ​ថា « បានតែងតាំង » ។ ( សូមមើល Bible Dictionary «Anointed One» ) ។

  4. យើង​អាច​ការពារ​ខ្លួន​យើង​ដោយ​ការ​ស្គាល់ និង​រស់នៅ​តាម​ព្រះបន្ទូល​នៃ​ព្រះ ( សូមមើល អេភេសូរ ៦:១៧–១៨គោលលទ្ធិ និង សេចក្តីសញ្ញា ២៧:១៨ ) ។

  5. នៅក្រោម​ការ​ដឹកនាំ​របស់​ព្រះបិតា​ទ្រង់ ព្រះយេស៊ូវ​គឺជា​អង្គ​បង្កបង្កើត​នៃ​ផែនដី ( សូមមើល យ៉ូហាន ១:២–៣) និង​ពិភព​ដទៃ​ទៀត​រាប់​មិនអស់ ( សូមមើល ម៉ូសេ ១:៣៣) ។ ជាយូរយា​ពីមុន​ការ​ប្រសូត្រ​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ទ្រង់ ព្រះយេស៊ូវ​គឺជា​ព្រះយេហូវ៉ា​ដ៏​មហិមា—ជាព្រះ​នៃ​ព្រះគម្ពីរ​សញ្ញា​ចាស់ ។ គឺជា​ព្រះយេហូវ៉ា​ដែល​បាន​សន្ទនា​នឹង​ម៉ូសេ​នៅលើ​ភ្នំ​ស៊ីណាយ ។ គឺជា​ព្រះយេហូវ៉ា​ដែល​បាន​ធ្វើ​សេចក្ដីសញ្ញា​មួយ​ជាមួយ​អ័ប្រាហាំ​ថា​គ្រប់ជាតិសាសន៍​នៅ​លើ​ផែនដី​នឹង​ត្រូវ​បាន​ពរ តាមរយៈ​ខ្សែស្រឡាយ​របស់​អ័ប្រាហាំ ។ ហើយ​ជា​ព្រះយេហូវ៉ា​នេះ​ឯង​ដែល​បាន​ធ្វើ​សេចក្ដីសញ្ញា​ជាមួយ​ក្រុមគ្រួសារ​នៃ​វង្សអ៊ីស្រាអែល ។ ព្រះយេស៊ូវ​គឺ​ជា​អេម៉ាញូអែល​ដែល​បាន​សន្យា​ផងដែរ ដូច​បាន​ព្យាករ​ដោយ​លោក​អេសាយ ( សូមមើល អេសាយ ៧:១៤) ។

  6. គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:៦ ។

  7. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៧៦:៤០–៤១ ។

  8. សូមមើល នីហ្វៃទី២ ៣១:២–២១ ។

  9. ព្រះគម្ពីរប៊ីប​ព្រះគម្ពីរ​មរមន ព្រះគម្ពីរ​គោលលទ្ធិ និង សេចក្តី​សញ្ញា និង​ព្រះគម្ពីរ​មុក្តា​ដ៏​មាន​តម្លៃ​មហិមា ។

  10. សូម​មើល Topical Guide « Jesus Christ » ។ បន្ថែម​ពី​លើ​អត្ថបទ​ដែល​នៅ​ក្រោម​ងារ​ដ៏​ធំ​នោះ មាន​ងារ​រងចំនួន ៥៧ អំពី​ទ្រង់ ។ សម្រាប់​គម្ពីរ​ដែល​ពុំ​មែន​ជា​ភាសា​អង់គ្លេស សូម​ប្រើ​សេចក្ដី​ណែនាំ​ដល់​បទគម្ពីរទាំងឡាយ ។

  11. ការ​រៀបរាប់ច្រើនជាង ២២០០ ដង ត្រូវ​បាន​ដក​ស្រង់​ពី​ក្នុង​ទំព័រទាំង ១៨ នោះ​នៃ Topical Guide ។

  12. នីហ្វៃទី​៣ ២៧:១៣–១៤ ។

  13. ការ​បង្រៀន​របស់​ប្រធាន​សាសនា​ចក្រ ៖ យ៉ូសែប ស្ម៊ីធ( ឆ្នាំ ២០០៧ ) ទំព័រ ៤៩ ។

  14. សូមមើល«ព្រះគ្រីស្ទ​ដ៏​មាន​ព្រះជន្ម​រស់ ៖ ទីបន្ទាល់​នៃ​ពួក​សាវកលីអាហូណាខែ មេសា ឆ្នាំ ២០០០ ទំព័រ ២–៣ ។

  15. សូមមើល ហេលេមិន ៨:១៥ ។

  16. សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៦:៣៦ ។

  17. ព្រះយេស៊ូវ​គ្រីស្ទ​បាន​បង្រៀន​យើង​អំពី​សារៈសំខាន់​នៃ​ពិធីបរិសុទ្ធ​ដ៏ពិសិដ្ឋ ដូចជា​ពិធី​បុណ្យ​ជ្រមុជទឹក ( សូមមើល យ៉ូហាន ៣:៥ )ពិធី​សាក្រាម៉ង់ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩:៩ )និង អំណោយទាន​ពិសិដ្ឋ និង​ពិធី​បរិសុទ្ធ​នៃ​ការ​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារបរិសុទ្ធ ( សូមមើល គោលលទ្ធិ និង សេចក្តីសញ្ញា ១២៤:២៩–៣២ ) ។

  18. សូមមើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:២៩–៣២ ។

  19. សូមមើល លូកា ៨:៤៣–៤៤ ។

  20. ម៉ាកុស ៥:២៨ ។

  21. សូមមើល គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៨:៦៣ ។

  22. នៅពេល​ស្ត្រី​ស្មោះត្រង់​ដែល​បាន​ពាល់​ព្រះពស្ត្រ​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ទ្រង់​បាន​តប​ភ្លាម « ខ្ញុំ​ដឹង​ថា​មានឬទ្ធិ [មកពី​ភាសា​ក្រិក dunamisមានន័យ​ថា « ព្រះចេស្តា » ] ផ្សាយ​ចេញ​ពី​ខ្ញុំ​ទៅ​ហើយ ​» (លូកា ៨:៤៦គូស​បញ្ជាក់​បន្ថែម ) ។

  23. « ព្រះវិញ្ញាណនៃព្រះ » ទំនុកតម្កើងលេខ ២ ។

  24. សូមមើល នីហ្វៃទី​៣ ១៧:២០ ។