ព្រះគម្ពីរ
នីហ្វៃ ទី ១ 4


ជំពូក​ទី ៤

នីហ្វៃ​ប្រហារ​ឡាបាន់ តាម​បញ្ជា​របស់​ព្រះ​អម្ចាស់ ហើយ​បន្ទាប់​មក ក៏​យក​ផ្ទាំង​លង្ហិន​បាន ដោយ​ប្រើ​ឧបាយកល — សូរាំ​ដាច់​ចិត្ត​ទៅ​តាម​គ្រួសារ​លីហៃ​ក្នុង​ទីរហោស្ថាន។ ប្រមាណ​ជា​ឆ្នាំ ៦០០–៥៩២ ម.គ.ស.។

ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​និយាយ​ទៅ​កាន់​បងៗ​ខ្ញុំ​ថា ៖ ចូរ​យើង​ឡើង​ទៅ​ឯ​ក្រុង​យេរូសាឡិម​ជា​ថ្មី​ម្ដង​ទៀត ហើយ​ចូរ​យើង មាន​ចិត្ត​ស្មោះត្រង់​ក្នុង​ការ​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ត្បិត​មើល​ចុះ ទ្រង់​មាន​អំណាច​ជាង​អ្វីៗ​នៅ​លើ​ផែនដី​នេះ ទាំង​អស់ ហើយ​ចុះ​ហេតុ​អ្វី ក៏​មិន​មាន​អំណាច​ជាង​ឡាបាន់ និង​មនុស្ស​៥០​នាក់​របស់​គាត់​បាន មែន​ហើយ ឬ​មាន​អំណាច​លើស​ជាង​ទាំង​មនុស្ស​រាប់​ម៉ឺន​នាក់​ទៅ​ទៀតនោះ?

ហេតុ​ដូច្នេះ​ហើយ ចូរ​យើង​ឡើង​ទៅ ចូរ​យើង​មាន​កម្លាំង​ខ្លាំង ដូច​លោក​ម៉ូសេ ត្បិត​លោក​ពិត​ជា​បាន​និយាយ​ទៅ​ទឹក​នៅ​ក្នុង​សមុទ្រ​ក្រហម ហើយ​ទឹក​ក៏​បែក​ចេញ​ជា​ពីរ​ចំណែក ដើម្បី​ឲ្យ​ពួក​អយ្យកោ​យើង​ឆ្លងកាត់​ទៅ​លើ​ដីគោក រួច​ផុត​ពី​ការ​ជាប់​ឃុំឃាំង ហើយ​ពលទ័ព របស់​ផារ៉ោន​ដែល​បាន​ដេញ​តាម ក៏​បាន​លិចលង់​នៅ​ក្នុង​ទឹក​សមុទ្រ​ក្រហម​អស់​ទៅ។

ឥឡូវ​នេះ មើល​ចុះ បង​ដឹង​ថា​នេះ​ជា​ការ​ពិត ហើយ​បង​ក៏​ដឹង​ដែរ​ថា មាន​ទេវតា​មួយ​មាន​បន្ទូល​មក​បង ហេតុ​ដូច្នោះ​ហើយ តើ​បង​នៅ​តែ​សង្ស័យ​ទៀត​ឬ? ចូរ​យើង​ឡើង​ទៅ ព្រះ​អម្ចាស់​ទ្រង់​នឹង​រំដោះ​យើង​ឲ្យ​រួច​ផុត ដូច​ជា​ទ្រង់​បាន​រំដោះ​ពួក​អយ្យកោ​យើង​ឲ្យ​រួច​ផុត​ដែរ ហើយ​នឹង​បំផ្លាញ​ឡាបាន់​ចោល ក៏​ដូច​ជា​បាន​បំផ្លាញ​ពួក​សាសន៍​អេស៊ីព្ទ​ដែរ។

ឥឡូវ​នេះ នៅ​ពេល​ខ្ញុំ​បាន​ពោល​ពាក្យ​ទាំង​នេះ នោះ​បងៗ​ខ្ញុំ​នៅ​តែ​ក្រេវក្រោធ ហើយ​នៅ​តែ​រអ៊ូរទាំ​ត​ទៅ​ទៀត ក៏​ប៉ុន្តែ​គេ​បាន​ឡើង​តាម​ខ្ញុំ រហូត​ទៅ​ដល់​ខាងក្រៅ​កំផែង​ក្រុង​យេរូសាឡិម។

ហើយ​ពេល​នោះ​ជា​វេលា​យប់ ហើយ​ខ្ញុំ​ឲ្យ​បងៗ​ខ្ញុំ​ពួន​នៅ​ខាងក្រៅ​កំផែង។ ហើយ​បន្ទាប់​ពី​គេ​បាន​ពួន​រួច​ហើយ នោះ​ខ្ញុំ នីហ្វៃ បាន​លួច​ចូល​ទៅ​ក្នុង​ទីក្រុង ហើយ​ដើរ​សំដៅ​ទៅ​ផ្ទះ​ឡាបាន់។

ហើយ​ខ្ញុំ​ត្រូវ​បាន​នាំ​ទៅ​ដោយ​ព្រះ​វិញ្ញាណ ដោយ​មិន​ដឹង​ជា​មុន​សោះ​ឡើយ​ថា តើ​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​អ្វី​ខ្លះ។

ទោះ​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​ដើរ​តម្រង់​ទៅ​មុខ ហើយ​កាល​ខ្ញុំ​ទៅ​ជិត​ដល់​ផ្ទះ​ឡាបាន់​ហើយ នោះ​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់ ហើយ​លោក​បាន​ដួល​នៅ​លើ​ដី​ចំពោះ​មុខ​ខ្ញុំ ត្បិត​លោក​ស្រវឹង​ស្រា។

ហើយ​នៅ​ពេល​ខ្ញុំ​ទៅ​ដល់​លោក ក៏​ឃើញ​ថា​លោក​គឺជា​ឡាបាន់។

ហើយ​ខ្ញុំ​បាន​ឃើញ​ដាវ​របស់​លោក ហើយ​ខ្ញុំ​បាន​ហូត​ដាវ​នោះ​ចេញ​ពី​ស្រោម ហើយ​ដង​ដាវ​ធ្វើ​ពី​មាស​សុទ្ធ ហើយ​ក្បូរ​ក្បាច់​ដាវ​នោះ​ល្អ​វិចិត្រ ហើយ​ខ្ញុំ​ឃើញ​ផ្លែដាវ​ធ្វើ​ពី​ដែក​ដ៏​មាន​តម្លៃ​បំផុត។

១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​ត្រូវ​បាន​បង្ខំ​ដោយ​ព្រះ​វិញ្ញាណ​ថា ខ្ញុំ​ត្រូវ​តែ​សម្លាប់​ឡាបាន់ ប៉ុន្តែ​ខ្ញុំ​នឹក​ក្នុង​ចិត្ត​ថា ៖ ខ្ញុំ​មិន​ដែល​បាន​កំចាយ​ឈាម​ជន​ណា​ម្នាក់​សោះ​ឡើយ។ ហើយ​ខ្ញុំ​ក៏​រុញរា​មិន​ចង់​សម្លាប់​គាត់​ឡើយ។

១១ហើយ​ព្រះ​វិញ្ញាណ ទ្រង់​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ទៀត​ថា ៖ មើល​ចុះ ព្រះ​អម្ចាស់ ទ្រង់​បាន​ប្រគល់​ឡាបាន់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។ មែន​ហើយ ហើយ​ខ្ញុំ​ក៏​បាន​ដឹង​ថា លោក​បាន​រក​ផ្ដាច់​ជីវិត​ខ្ញុំ​ដែរ មែន​ហើយ លោក​មិន​ព្រម​ស្ដាប់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ នៃ​ព្រះ​អម្ចាស់​ទេ ហើយ​លោក​ថែមទាំង​បាន​យក​ទ្រព្យសម្បត្តិ​របស់​យើង​ផង។

១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​វិញ្ញាណ ទ្រង់​ក៏​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ​ទៀត​ថា ៖ ចូរ​សម្លាប់​គាត់​ចុះ ត្បិត​ព្រះ​អម្ចាស់​ទ្រង់ បាន​ប្រគល់​គាត់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។

១៣មើល​ចុះ ព្រះ​អម្ចាស់ ទ្រង់​បាន​សម្លាប់​ពួក​ទុច្ចរិត​ចោល ដើម្បី​នាំ​មក​នូវ​គោលបំណង​ដ៏​សុចរិត​ទាំង​ឡាយ​របស់​ទ្រង់។ មនុស្ស​ម្នាក់​វិនាស​ទៅ គឺ​ប្រសើរ​ជាង​សាសន៍​ទាំងមូល​ត្រូវ​ចុះ​អន់ថយ ហើយ​វិនាស​ក្នុង​ការ​ឥត​ជំនឿ។

១៤ហើយ​ឥឡូវ​នេះ កាល​ខ្ញុំ នីហ្វៃ បាន​ឮ​ពាក្យ​ទាំង​នេះ​ហើយ នោះ​ខ្ញុំ​នឹក​ឃើញ​ដល់​ព្រះ​បន្ទូល​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ ដែល​មាន​ព្រះ​បន្ទូល​មក​ខ្ញុំ កាល​នៅ​ក្នុង​ទីរហោស្ថាន​ថា ៖ ដរាបណា​ពូជ​របស់​អ្នក​នៅ​កាន់​តាម​បញ្ញត្តិ​ទាំង​ឡាយ​របស់​យើង នោះ​គេ​នឹង​បាន​ចម្រើន​ឡើង​នៅ​លើ​ដែនដី​សន្យា។

១៥មែន​ហើយ ខ្ញុំ​គិត​ដែរ​ថា ពួក​គេ​មិន​អាច​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ តាម​ក្រឹត្យវិន័យ​លោក​ម៉ូសេ​បាន​ទេ លើក​លែង​តែ​គេ​មាន​ក្រឹត្យវិន័យ​នោះ។

១៦ហើយ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ក្រឹត្យវិន័យ​នោះ​មាន​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន។

១៧ហើយ​មួយ​ទៀត ខ្ញុំ​ក៏​ដឹង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​ប្រគល់​ឡាបាន់​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ ដោយ​ព្រោះ​ហេតុ​នេះ — ដើម្បី​ឲ្យ​ខ្ញុំ​អាច​បាន​បញ្ជី​ទាំង​ប៉ុន្មាន តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ​របស់​ទ្រង់។

១៨ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​បាន​គោរព​តាម​សំឡេង​នៃ​ព្រះ​វិញ្ញាណ ហើយ​បាន​ចាប់​ក្របួច​សក់​ក្បាល​របស់​ឡាបាន់ ហើយ​ខ្ញុំ​បាន​កាត់​ក្បាលលោក ដោយ​ដាវ​របស់លោក​ផ្ទាល់។

១៩ហើយ​ក្រោយ​ពី​ខ្ញុំ​បាន​កាត់​ក្បាល​ឡាបាន់ ដោយ​ដាវ​ផ្ទាល់​របស់លោក​ហើយ នោះ​ខ្ញុំ​យក​សំលៀកបំពាក់​ទាំង​ឡាយ​របស់​ឡាបាន់ មក​បំពាក់​លើ​ខ្លួន​ខ្ញុំ មែន​ហើយ ដោយ​មិន​មាន​ខ្វះ​មុខ​ណា​ឡើយ ហើយ​ខ្ញុំ​បាន​យក​គ្រឿង​ការពារ​ខ្លួន​របស់លោក​មក​ក្រវាត់​នៅ​ចង្កេះ​ខ្ញុំ។

២០ហើយ​បន្ទាប់​ពី​ខ្ញុំ​បាន​ធ្វើ​ដូច្នេះ​ហើយ នោះ​ខ្ញុំ​បាន​ទៅ​កាន់​ឃ្លាំង​របស់​ឡាបាន់។ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​ដើរ​តម្រង់​ទៅ​ឯ​ឃ្លាំង​របស់​ឡាបាន់ មើល​ចុះ ខ្ញុំ​បាន​ឃើញ​បាវ​បម្រើ​របស់​ឡាបាន់ ជា​អ្នក​កាន់​សោ​ឃ្លាំង។ ហើយ​ខ្ញុំ​បាន​បញ្ជា​បុរស​នោះ ដោយ​ប្រើ​សំឡេង​របស់​ឡាបាន់​ឲ្យ​ទៅ​ក្នុង​ឃ្លាំង​ជាមួយ​ខ្ញុំ។

២១ហើយ​គាត់​បាន​គិត​ស្មាន​ថា ខ្ញុំ​ជា​ឡាបាន់ ជា​ចៅហ្វាយ​របស់​ខ្លួន ព្រោះ​គាត់​បាន​ឃើញ​សំលៀកបំពាក់​ទាំង​ឡាយ និង​ដាវ​ផង ដែល​ក្រវាត់​នៅ​ចង្កេះ​ខ្ញុំ។

២២ហើយ​គាត់​បាន​និយាយ​មក​កាន់​ខ្ញុំ ពី​ពួក​ចាស់ទុំ​នៃ​ពួក​សាសន៍​យូដា គាត់​ដឹង​ថា ឡាបាន់ ជា​ចៅហ្វាយ​របស់​ខ្លួន បាន​ចេញ​ទៅ​ក្នុង​ចំណោម​ពួក​នោះ​នៅ​ពេល​យប់។

២៣ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​គាត់ ហាក់​ដូច​ជា​ខ្ញុំ​គឺ​ឡាបាន់។

២៤ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​គាត់​ទៀត​ថា ខ្ញុំ​ត្រូវ​តែ​យក​ឆ្លាក់​ត្រា​ទាំង​ឡាយ ដែល​ឆ្លាក់​នៅ​លើ​ផ្ទាំង​លង្ហិន​ទៅ​រក​បងៗ​ខ្ញុំ ដែល​នៅ​ខាងក្រៅ​កំផែង។

២៥ហើយ​ខ្ញុំ​ថែមទាំង​បាន​បង្គាប់​ឲ្យ​គាត់​មក​តាម​ខ្ញុំ។

២៦ហើយ​គាត់​គិត​ស្មាន​ថា ខ្ញុំ​និយាយ​អំពី​ពួក​បងប្អូន​នៃ​សាសនាចក្រ ហើយ​ស្មាន​ថា ខ្ញុំ​នេះ​ពិត​ជា​ឡាបាន់ ដែល​ខ្ញុំ​បាន​សម្លាប់ ទើប​គាត់​មក​តាម​ខ្ញុំ។

២៧ហើយ​គាត់​បាន​និយាយ​មក​កាន់​ខ្ញុំ​ជាច្រើន​ដង អំពី​ពួក​ចាស់ទុំ​នៃ​ពួក​សាសន៍​យូដា នៅ​ពេល​ខ្ញុំ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​រក​បងៗ​ខ្ញុំ ដែល​នៅ​ខាង​ក្រៅ​កំផែង។

២៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​លេមិន​បាន​ឃើញ​ខ្ញុំ គាត់​ក៏​កើត​សេចក្ដី​ភ័យស្លុត​ជា​ខ្លាំង ឯ​លេមយួល និង​សាំ ក៏​ដូច្នោះ​ដែរ។ ហើយ​ពួក​គេ​បាន​រត់​ចេញ​ពី​វត្តមាន​ខ្ញុំ ត្បិត​ពួក​គេ​បាន​គិត​ស្មាន​ថា នេះ​ជា​ឡាបាន់ ហើយ​គិត​ថា ឡាបាន់​បាន​សម្លាប់​ខ្ញុំ​ចោល ហើយ​បាន​មក​រក​ផ្ដាច់​ជីវិត​ពួក​គេ​ដែរ។

២៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ស្រែក​ហៅ​បងៗ​ខ្ញុំ ហើយ​គេ​បាន​ឮ​ខ្ញុំ​ហៅ ហេតុ​ដូច្នោះ​ហើយ គេ​ក៏​ឈប់​រត់​ចេញ​ពី​វត្តមាន​ខ្ញុំ​ទៀត​ទៅ។

៣០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​បាវ​បម្រើ​របស់​ឡាបាន់​បាន​ឃើញ​បងៗ​ខ្ញុំ គាត់​ក៏​ញ័រ​រន្ធត់ ហើយ​ស្ទើរតែ​នឹង​រត់​ភៀស​ខ្លួន​ពីមុខ​ខ្ញុំ ហើយ​ត្រឡប់​ទៅ​ឯ​ទីក្រុង​យេរូសាឡិម​វិញ។

៣១ហើយ​ឥឡូវ​នេះ ខ្ញុំ នីហ្វៃ ដែល​ជា​មនុស្ស​មាឌ​ធំ ព្រម​ទាំង​បាន​ទទួល​កម្លាំង​ជា​ច្រើន​ពី​ព្រះ​អម្ចាស់ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​បាន​ចាប់​បាវ​បម្រើ​របស់​ឡាបាន់ ហើយ​ឱប​គាត់​ជាប់ ដើម្បី​មិន​ឲ្យ​រត់​បាន។

៣២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​និយាយ​ទៅ​គាត់​ថា បើសិនជា​គាត់​ប្រុង​ស្ដាប់​តាម​ពាក្យ​ទាំង​ឡាយ​របស់​ខ្ញុំ ប្រាកដ ដូច​ជា​ព្រះ​អម្ចាស់ ទ្រង់​មាន​ព្រះ​ជន្ម​រស់នៅ ហើយ​ប្រាកដ​ដូច​ជា​ខ្ញុំ​នៅ​មាន​ជីវិត ហើយ​ដរាបណា​គាត់​ប្រុង​ស្ដាប់​តាម​ពាក្យ​ទាំង​ឡាយ​របស់​យើង នោះ​យើង​នឹង​ប្រណី​ជីវិត​ដល់​គាត់។

៣៣ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​គាត់ គឺ​ដោយ​ពាក្យ​សម្បថ ថា​គាត់​មិន​ត្រូវ​ភ័យខ្លាច​អ្វី​ឡើយ ថា​គាត់​នឹង​បាន​រួច​ខ្លួន​ជា​អ្នក​សេរី ដូច​យើង​រាល់​គ្នា​ដែរ បើ​គាត់​ព្រម​ចុះ​ទៅ​ក្នុង​ទីរហោស្ថាន​ជាមួយ​នឹង​យើង។

៣៤ហើយ​ខ្ញុំ​បាន​និយាយ​ទៅ​គាត់​ទៀត​ថា ៖ ជា​ប្រាកដ​មែន ព្រះ​អម្ចាស់​ទ្រង់​បាន​បញ្ជា​ឲ្យ​យើង​ធ្វើ​កិច្ចការ​នេះ ហើយ​តើ​យើង​មិន​ខំ​ព្យាយាម​កាន់​តាម​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ នៃ​ព្រះ​អម្ចាស់​ទេ​ឬ? ហេតុ​ដូច្នេះ​ហើយ បើសិនជា​អ្នក​ព្រម​ចុះ​ទៅ​ក្នុង​ទីរហោស្ថាន ទៅ​ឯ​ឪពុក​ខ្ញុំ នោះ​អ្នក​នឹង​មាន​កន្លែង​នៅ​ជាមួយ​នឹង​យើង។

៣៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សូរាំ​បាន​តាំងចិត្ត​ក្លាហាន​ឡើង​ចំពោះ​ពាក្យ​ទាំង​ឡាយ​របស់​ខ្ញុំ។ ឥឡូវ​នេះ សូរាំ គឺ​ជា​ឈ្មោះ​របស់​បាវ​បម្រើ​នោះ ហើយ​គាត់​បាន​សន្យា​ថា​នឹង​ចុះ​ទៅ​ក្នុង​ទីរហោស្ថាន​ទៅ​ឯ​ឪពុក​យើង។ មែន​ហើយ គាត់​ក៏​បាន​ស្បថស្បែ​ជាមួយ​នឹង​យើង ថា​គាត់​នឹង​នៅ​ជាមួយ​នឹង​យើង​ចាប់​ពី​ពេល​នោះ​ត​ទៅ។

៣៦ឥឡូវ​នេះ យើង​មាន​បំណង​ចង់​ឲ្យ​គាត់​នៅ​ជាប់​ជាមួយ​នឹង​យើង ដើម្បី​កុំ​ឲ្យ​ពួក​សាសន៍​យូដា​ដឹង​ពី​រឿង​ភៀសខ្លួន​របស់​យើង​ចូល​ក្នុង​ទីរហោស្ថាន ក្រែង​គេ​នឹង​លប​តាម​មក​បំផ្លាញ​យើង​ចោល។

៣៧ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​សូរាំ​បាន​ស្បថ​ចំពោះ​យើង​រួច​ស្រេច​ហើយ នោះ​សេចក្ដី​ខ្លាច​ទាំង​ប៉ុន្មាន​របស់​យើង​ដែល​មាន​ចំពោះ​គាត់ ក៏​បាត់​អស់រលីង​ទៅ។

៣៨ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា យើង​បាន​នាំ​យក​ផ្ទាំង​លង្ហិន និង​បាវ​បម្រើ​របស់​ឡាបាន់ ហើយ​ចេញ​ទៅ​ក្នុង​ទីរហោស្ថាន ហើយ​បាន​ធ្វើ​ដំណើរ​ទៅ​ឯ​ត្រសាល​ឪពុក​យើង៕