ជំពូកទី ១៧
នីហ្វៃត្រូវបានបញ្ជាឲ្យសង់សំពៅមួយ — បងៗរបស់លោករឹងទទឹងនឹងលោក — លោកទូន្មានពួកគេ ដោយប្រាប់អំពីប្រវត្តិនៃទំនាក់ទំនងនៃព្រះជាមួយនឹងសាសន៍អ៊ីស្រាអែល — លោកបានពោរពេញទៅដោយព្រះចេស្ដានៃព្រះ — បងៗរបស់លោកត្រូវបានហាមមិនឲ្យប៉ះពាល់លោក ក្រែងពួកគេត្រូវស្វិតដូចដើមត្រែងស្ងួត។ ប្រមាណជាឆ្នាំ ៥៩២–៥៩១ ម.គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា យើងបានបន្តដំណើរក្នុងទីរហោស្ថានម្ដងទៀត ហើយយើងបានធ្វើដំណើរបញ្ឆិតទៅទិសខាងកើត ចាប់ពីពេលនោះតទៅ។ ហើយយើងបានធ្វើដំណើរលុយកាត់សេចក្ដីវេទនាជាច្រើននៅក្នុងទីរហោស្ថាន ហើយប្រពន្ធ យើងបានបង្កើតកូននៅក្នុងទីរហោស្ថាន។
២ហើយព្រះពរនៃព្រះអម្ចាស់ ដែលទ្រង់បានប្រទានមកលើយើងនោះច្រើនណាស់ គឺនៅពេលដែលយើងបានចិញ្ចឹមជីវិតដោយសាច់ឆៅនៅក្នុងទីរហោស្ថាន នោះប្រពន្ធយើងមានទឹកដោះគ្រប់គ្រាន់សម្រាប់បំបៅកូនៗ ហើយមានកម្លាំងមាំមួន មែនហើយ ដូចជាប្រុសៗដែរ ហើយពួកគេបានចាប់ផ្ដើមទ្រាំទ្រនឹងការធ្វើដំណើរ ដោយពុំបានរអ៊ូរទាំឡើយ។
៣ដូច្នេះហើយ ទើបយើងឃើញថា ព្រះបញ្ញត្តិទាំងឡាយនៃព្រះត្រូវតែបានបំពេញ។ ហើយបើសិនជាកូនចៅមនុស្សកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះទ្រង់នឹងចិញ្ចឹមគេ ហើយផ្ដល់កម្លាំងដល់គេ ព្រមទាំងផ្ដល់ផ្លូវឲ្យដើម្បីគេអាចសម្រេចនូវអ្វីៗដែលទ្រង់បានបញ្ជាពួកគេ ហេតុដូច្នោះហើយ ទ្រង់បានផ្ដល់ផ្លូវសម្រាប់ពួកយើង នៅពេលដែលយើងឈប់សម្រាកក្នុងទីរហោស្ថាន។
៤ហើយយើងបានធ្វើដំណើរអស់រយៈពេលជាច្រើនឆ្នាំ មែនហើយ គឺអស់ដល់ទៅប្រាំបីឆ្នាំ នៅក្នុងទីរហោស្ថាន។
៥ហើយយើងបានមកដល់ដែនដីដែលយើងហៅថា បរិបូរណ៍ ពីព្រោះទីនោះបរិបូរទៅដោយផ្លែឈើ និងទឹកឃ្មុំព្រៃ ហើយគ្រប់ការណ៍ទាំងអស់នេះ ត្រូវបានរៀបចំទុកដោយព្រះអម្ចាស់ ដើម្បីកុំឲ្យយើងអាចត្រូវវិនាស។ ហើយយើងបានឃើញសមុទ្រ ដែលយើងហៅថា អើរេអានទុម ដែលប្រែថា ទឹកច្រើន។
៦ហើយហេតុការណ៍បានកើតឡើងថា យើងបានបោះត្រសាលនៅក្បែរឆ្នេរសមុទ្រ ហើយទោះបីយើងរងទុក្ខសេចក្ដីវេទនា និងសេចក្ដីលំបាកមកជាច្រើនក៏ដោយ មែនហើយ គឺច្រើនណាស់រហូតដល់យើងពុំអាចសរសេរឲ្យអស់ទេ គង់តែយើងមានសេចក្ដីត្រេកអរជាខ្លាំង កាលយើងមកដល់មាត់សមុទ្រ ហើយយើងហៅទីនោះថា បរិបូរណ៍ ពីព្រោះទីនោះមានផ្លែឈើច្រើន។
៧ហើយហេតុការណ៍បានកើតឡើងថា កាលខ្ញុំ នីហ្វៃ បាននៅក្នុងដែនដីបរិបូរណ៍ អស់រយៈពេលជាច្រើនថ្ងៃហើយ នោះសំឡេងនៃព្រះអម្ចាស់បានបន្លឺមកខ្ញុំថា ៖ ចូរក្រោកឡើង ហើយដើរទៅលើភ្នំ។ ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំក៏ក្រោកឡើង ហើយដើរឡើងទៅលើភ្នំ ហើយអំពាវនាវដល់ព្រះអម្ចាស់។
៨ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ អ្នកត្រូវសង់សំពៅមួយ តាមរបៀបដែលយើងនឹងបង្ហាញអ្នក ដើម្បីយើងអាចនាំគ្រួសាររបស់អ្នកឆ្លងកាត់ទឹកទាំងនេះ។
៩ហើយខ្ញុំទូលថា ៖ ឱព្រះអម្ចាស់អើយ តើទូលបង្គំនឹងទៅផ្លូវណា ដើម្បីរកលោហធាតុមករំលាយ ដើម្បីទូលបង្គំអាចធ្វើគ្រឿងឧបករណ៍សម្រាប់សង់សំពៅ ទៅតាមរបៀបដែលព្រះអង្គទ្រង់បានបង្ហាញទូលបង្គំនោះ?
១០ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់បានប្រាប់ខ្ញុំនូវកន្លែងដែលខ្ញុំត្រូវទៅដើម្បីរកលោហធាតុ ដើម្បីខ្ញុំអាចធ្វើគ្រឿងឧបករណ៍។
១១ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បានធ្វើឧបករណ៍ផ្លុំខ្យល់ដោយស្បែកសត្វ សម្រាប់ផ្លុំភ្លើង ហើយបន្ទាប់ពីខ្ញុំធ្វើបំពង់ដើម្បីយកទៅផ្លុំភ្លើងហើយ នោះខ្ញុំបានយកថ្មពីរដុំមកកួតនឹងគ្នា ដើម្បីបង្កាត់ភ្លើង។
១២ត្បិតព្រះអម្ចាស់ ទ្រង់មិនបានអនុញ្ញាតឲ្យយើងដុតភ្លើងឡើយ កាលយើងធ្វើដំណើរនៅក្នុងទីរហោស្ថាន ត្បិតទ្រង់មានព្រះបន្ទូលថា ៖ យើងនឹងធ្វើឲ្យអាហាររបស់អ្នកផ្អែមឆ្ងាញ់ ដោយអ្នកមិនបាច់ចម្អិនទេ។
១៣ហើយយើងក៏នឹងទៅជាពន្លឺរបស់អ្នករាល់គ្នានៅក្នុងទីរហោស្ថានដែរ ហើយយើងនឹងរៀបចំផ្លូវសម្រាប់អ្នករាល់គ្នា បើសិនជាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង ហេតុដូច្នោះហើយ ដរាបណាអ្នករាល់គ្នាកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងត្រូវបាននាំទៅដែនដីសន្យា ហើយអ្នករាល់គ្នានឹងដឹងថា គឺយើងនេះហើយដែលបាននាំអ្នករាល់គ្នាទៅ។
១៤មែនហើយ ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលដែរថា ៖ បន្ទាប់ពីអ្នករាល់គ្នាបានទៅដល់ដែនដីសន្យាហើយ នោះអ្នករាល់គ្នានឹងដឹងថា យើងជាព្រះអម្ចាស់គឺជាព្រះ ហើយថា យើងជាព្រះអម្ចាស់ បានរំដោះអ្នករាល់គ្នាឲ្យរួចផុតពីសេចក្ដីបំផ្លិចបំផ្លាញ មែនហើយ គឺថា យើងបាននាំអ្នករាល់គ្នាចេញពីដែនដីយេរូសាឡិម។
១៥ហេតុដូច្នោះហើយ ខ្ញុំ នីហ្វៃ បានខំព្យាយាមកាន់តាមបញ្ញត្តិទាំងឡាយនៃព្រះអម្ចាស់ ហើយខ្ញុំបានទូន្មានបងៗរបស់ខ្ញុំឲ្យមានចិត្តស្មោះត្រង់ ហើយមានចិត្តឧស្សាហ៍។
១៦ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានធ្វើគ្រឿងឧបករណ៍ផ្សេងៗ អំពីលោហធាតុ ដែលខ្ញុំចម្រាញ់យកពីថ្មមក។
១៧ហើយកាលបងៗខ្ញុំ បានឃើញខ្ញុំកំពុងនឹងសង់សំពៅ នោះពួកគេក៏ចាប់ផ្ដើមរអ៊ូរទាំទាស់នឹងខ្ញុំថា ៖ ប្អូនយើងជាមនុស្សឆ្កួត ព្រោះវាស្មានថា វាអាចសង់សំពៅបាន មែនហើយ ហើយវាក៏គិតស្មានថា វាអាចឆ្លងកាត់ទឹកដ៏ធំនេះបាន។
១៨ដូច្នេះហើយ ទើបបងៗខ្ញុំបានពោលត្អូញត្អែរទាស់នឹងខ្ញុំ ហើយដោយមានប្រាថ្នាថា ពួកគេមិនបាច់ធ្វើការទេ ត្បិតពួកគេមិនជឿថា ខ្ញុំអាចសង់សំពៅបានឡើយ ហើយពួកគេក៏ព្រមទាំងមិនជឿថា ខ្ញុំត្រូវបានបង្គាប់ពីព្រះអម្ចាស់ឡើយ។
១៩ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ កើតសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតែភាពរឹងរូសនៃចិត្តរបស់ពួកគេ ហើយឥឡូវនេះ នៅពេលដែលគេបានឃើញខ្ញុំចាប់ផ្ដើមកើតសេចក្ដីព្រួយបារម្ភ នោះពួកគេកើតសេចក្ដីសប្បាយក្នុងចិត្ត ដរាបដល់បានរីករាយដាក់លើរូបខ្ញុំ ដោយនិយាយថា ៖ យើងបានដឹងហើយថា ឯងមិនអាចសង់សំពៅបានទេ ព្រោះយើងដឹងហើយថា ឯងខ្វះការវិនិច្ឆ័យ ហេតុដូច្នោះហើយ ឯងពុំអាចសម្រេចនូវកិច្ចការដ៏ធំនេះបានឡើយ។
២០ហើយឯងនេះ ក៏ដូចជាឪពុកយើងដែរ ដោយបានត្រូវនាំដោយគំនិតដ៏ឥតប្រយោជន៍នៃចិត្តលោក មែនហើយ លោកបាននាំយើងចេញពីដែនដីយេរូសាឡិម ហើយយើងបានដើររសាត់ព្រាត់នៅក្នុងទីរហោស្ថានអស់ពេលជាច្រើនឆ្នាំ ហើយប្រពន្ធយើងបានធ្វើការនឿយហត់ដោយមានផ្ទៃពោះផង ហើយគេបានបង្កើតកូននៅក្នុងទីរហោស្ថាន ហើយរងទុក្ខគ្រប់យ៉ាង លើកលែងតែសេចក្ដីស្លាប់ ហើយប្រសិនបើគេបានស្លាប់មុនពេលចាកចេញពីក្រុងយេរូសាឡិម នោះគឺជាការប្រសើរជាងត្រូវរងទុក្ខសេចក្ដីវេទនាបែបនេះ។
២១មើលចុះ ប៉ុន្មានឆ្នាំមកហើយនេះ យើងបានរងទុក្ខនៅក្នុងទីរហោស្ថាន គឺជារយៈពេលនោះ ដែលយើងអាចត្រេកអរនឹងទ្រព្យសម្បត្តិរបស់យើង និងដែនដីនៃកេរ្តិ៍អាកររបស់យើង មែនហើយ ហើយយើងអាចមានសេចក្ដីសុខសប្បាយ។
២២ហើយយើងដឹងថា មនុស្សដែលនៅឯដែនដីយេរូសាឡិម គឺជាមនុស្សសុចរិត ព្រោះពួកគេបានកាន់តាមក្រឹត្យក្រម សេចក្ដីយុត្តិធម៌នៃព្រះអម្ចាស់ និងគ្រប់ទាំងបញ្ញត្តិទាំងអស់របស់ទ្រង់ ស្របតាមក្រឹត្យវិន័យលោកម៉ូសេ ហេតុដូច្នោះហើយ យើងដឹងថា ពួកគេជាមនុស្សសុចរិត ហើយឪពុកយើងបានថ្កោលទោសគេ ហើយបាននាំយើងចេញឆ្ងាយ ពីព្រោះយើងបានស្ដាប់តាមពាក្យសម្ដីលោក មែនហើយ ហើយប្អូនយើងនេះ ក៏ដូចលោកដែរ។ ហើយដោយពាក្យបែបនេះហើយ ដែលបងៗខ្ញុំបានរអ៊ូរទាំ ហើយពោលទាស់នឹងយើង។
២៣ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននិយាយទៅពួកគេថា ៖ តើបងរាល់គ្នាជឿទេថា ពួកអយ្យកោយើងជាកូនចៅរបស់អ៊ីស្រាអែល បានត្រូវនាំចេញពីកណ្ដាប់ដៃរបស់ពួកសាសន៍អេស៊ីព្ទរួចឬ ប្រសិនបើពួកគេមិនបានប្រុងស្ដាប់តាមព្រះបន្ទូលនៃព្រះអម្ចាស់នោះ?
២៤មែនហើយ តើបងរាល់គ្នាគិតស្មានថា ពួកគេនឹងត្រូវនាំចេញផុតពីសេវកភាពបានឬ ប្រសិនបើព្រះអម្ចាស់ ទ្រង់មិនបានបញ្ជាលោកម៉ូសេ ឲ្យនាំពួកគេចេញពីសេវកភាពនោះ?
២៥ឥឡូវនេះ បងរាល់គ្នាដឹងថា កូនចៅអ៊ីស្រាអែលនៅក្នុងសេវកភាព ហើយបងរាល់គ្នាដឹងថា ពួកគេត្រូវបង្ខំឲ្យធ្វើការជាទម្ងន់ ដែលពិបាកនឹងទ្រាំទ្របាន ហេតុដូច្នោះហើយ បងរាល់គ្នាដឹងថា ជាការល្អមួយសម្រាប់ពួកគេ ដែលពួកគេនឹងត្រូវនាំចេញពីសេវកភាព នោះបាន។
២៦ឥឡូវនេះ បងរាល់គ្នាដឹងហើយថា លោកម៉ូសេត្រូវបានបញ្ជាដោយព្រះអម្ចាស់ ឲ្យធ្វើកិច្ចការដ៏ធំនោះ ហើយបងរាល់គ្នាដឹងថា ដោយពាក្យរបស់លោក នោះទឹកសមុទ្រក្រហមត្រូវញែកជាពីរ ពីម្ខាងទៅម្ខាង ហើយពួកគេដើរឆ្លងកាត់លើដីគោក។
២៧ប៉ុន្តែបងរាល់គ្នាដឹងថា ពួកសាសន៍អេស៊ីព្ទ ដែលជាពលទ័ពរបស់ផារ៉ោន ត្រូវលិចលង់ទៅក្នុងទឹកសមុទ្រក្រហម។
២៨ហើយបងរាល់គ្នាក៏ដឹងដែរថា ពួកគេត្រូវបាននំម៉ាណាមកបរិភោគនៅក្នុងទីរហោស្ថាន។
២៩មែនហើយ បងរាល់គ្នាក៏ដឹងដែរថា លោកម៉ូសេ ដោយសារពាក្យរបស់លោក ដែលស្របតាមព្រះចេស្ដានៃព្រះដែលមាននៅក្នុងខ្លួនលោក នោះលោកបានវាយថ្ម ហើយទឹកក៏ហូរចេញមក ដើម្បីឲ្យកូនចៅអ៊ីស្រាអែលផឹកបំបាត់ស្រេក។
៣០ហើយទោះបីពួកគេត្រូវបាននាំទៅ ដោយមានព្រះអម្ចាស់ជាព្រះរបស់ពួកគេ ជាព្រះប្រោសលោះរបស់គេ យាងពីមុខគេ នាំគេក្នុងពេលថ្ងៃ និងផ្ដល់ពន្លឺក្នុងពេលយប់ ហើយធ្វើអ្វីៗសព្វបែបយ៉ាងសម្រាប់ពួកគេ ដែលសមនឹងមនុស្សបានទទួលក្ដី ក៏គង់តែពួកគេនៅតែធ្វើចិត្តរឹងរូស ហើយធ្វើគំនិតងងឹតងងល់ ហើយបានជេរប្រមាថទាស់នឹងលោកម៉ូសេ ហើយទាស់នឹងព្រះដ៏ពិត និងដ៏មានព្រះជន្មរស់នៅដែរ។
៣១ហើយហេតុការណ៍បានកើតឡើងថា ស្របតាមព្រះបន្ទូលរបស់ព្រះអង្គ ទ្រង់បានបំផ្លាញពួកគេ ហើយស្របតាមព្រះបន្ទូលរបស់ព្រះអង្គ ទ្រង់បាននាំពួកគេ ហើយស្របតាមព្រះបន្ទូលរបស់ព្រះអង្គ ទ្រង់បានធ្វើអ្វីៗសព្វបែបយ៉ាងសម្រាប់គេ ហើយគ្មានអ្វីមួយដែលត្រូវបានប្រព្រឹត្តឡើយ លើកលែងតែដោយសារព្រះបន្ទូលព្រះអង្គប៉ុណ្ណោះ។
៣២ហើយបន្ទាប់ពីគេបានឆ្លងកាត់ទន្លេយ័រដាន់ នោះទ្រង់បានធ្វើឲ្យពួកគេខ្លាំងពូកែ រហូតដល់បានដេញពួកកូនចៅដែលនៅលើដែនដីនោះចេញ មែនហើយ រហូតដល់ធ្វើឲ្យពួកនោះខ្ចាត់ខ្ចាយដល់សេចក្ដីបំផ្លិចបំផ្លាញ។
៣៣ហើយឥឡូវនេះ តើបងរាល់គ្នាគិតស្មានថា ពួកកូនចៅដែលនៅលើដែនដីនេះ ដែលនៅលើដែនដីសន្យា ដែលត្រូវបានដេញចេញដោយពួកអយ្យកោយើង តើបងរាល់គ្នាគិតស្មានថា ពួកគេជាមនុស្សសុចរិតឬ? មើលចុះ ខ្ញុំសូមប្រាប់បងថា មិនមែនទេ។
៣៤តើបងរាល់គ្នាគិតស្មានថា ពួកអយ្យកោយើងគាប់ព្រះហឫទ័យព្រះជាងពួកនេះឬ ប្រសិនបើពួកនេះជាមនុស្សសុចរិត? ខ្ញុំប្រាប់បងរាល់គ្នាថា មិនមែនទេ។
៣៥មើលចុះ ព្រះអម្ចាស់ទ្រង់យោគយល់ថាសាច់ទាំងអស់ដូចគ្នា អ្នកណាដែលសុចរិត នោះត្រូវបានប្រោសប្រណីពីព្រះ។ ប៉ុន្តែមើលចុះ ប្រជាជននេះបានបដិសេធនូវគ្រប់ព្រះបន្ទូលនៃព្រះ ហើយពួកគេកំពុងតែទុំក្នុងអំពើទុច្ចរិត ហើយភាពពោរពេញនៃសេចក្ដីក្រោធរបស់ព្រះបានធ្លាក់មកលើពួកគេ ហើយព្រះអម្ចាស់ទ្រង់បានដាក់បណ្ដាសាដែនដីនេះទាស់នឹងពួកគេ ហើយបានប្រទានពរដែនដីនេះដល់ពួកអយ្យកោយើង មែនហើយ ទ្រង់បានដាក់បណ្ដាសាដែនដីនេះទាស់នឹងពួកគេ រហូតដល់សេចក្ដីបំផ្លិចបំផ្លាញ ហើយបានប្រទានពរដែនដីដល់ពួកអយ្យកោយើង ឲ្យពួកគេមានអំណាចនៅលើដីនេះវិញ។
៣៦មើលចុះ ទ្រង់បានបង្កើតផែនដី ដើម្បីឲ្យមនុស្សអាស្រ័យនៅ ហើយទ្រង់បានបង្កើតកូនចៅរបស់ព្រះអង្គ ដើម្បីឲ្យគ្រប់គ្រងផែនដីនេះ។
៣៧ហើយទ្រង់បានលើកសាសន៍ដ៏សុចរិតមួយ ហើយបានបំផ្លាញសាសន៍ទាំងឡាយរបស់ពួកទុច្ចរិត។
៣៨ហើយទ្រង់បាននាំពួកសុចរិត ទៅឯដែនដីទាំងឡាយដែលពិសេស ហើយទ្រង់បំផ្លាញពួកទុច្ចរិត ហើយដាក់បណ្ដាសាដែនដីដល់ពួកនេះ ដោយយល់ដល់ពួកគេ។
៣៩ទ្រង់គ្រប់គ្រងនៅខ្ពស់លើមេឃ ត្បិតជាបល្ល័ង្ករបស់ទ្រង់ ហើយផែនដីនេះ គឺជាទីកំណល់កល់ព្រះបាទរបស់ទ្រង់។
៤០ហើយទ្រង់ស្រឡាញ់អស់អ្នកណា ដែលទទួលទ្រង់ជាព្រះរបស់គេ។ មើលចុះ ទ្រង់បានស្រឡាញ់ពួកអយ្យកោយើង ហើយទ្រង់បានធ្វើសេចក្ដីសញ្ញាជាមួយនឹងពួកគេ មែនហើយ គឺអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ហើយទ្រង់ចាំនូវសេចក្ដីសញ្ញាទាំងឡាយ ដែលទ្រង់បានធ្វើ ហេតុដូច្នោះហើយ បានជាទ្រង់នាំពួកគេចេញពីស្រុកអេស៊ីព្ទ។
៤១ហើយទ្រង់បានប្រដៅពួកគេនៅក្នុងទីរហោស្ថានដោយរំពាត់របស់ព្រះអង្គ ព្រោះពួកគេបានធ្វើចិត្តរឹងរូសដូចជាបងរាល់គ្នាដែរ ហើយទ្រង់បានប្រដៅពួកគេដោយព្រោះសេចក្ដីទុច្ចរិតរបស់ពួកគេ។ ទ្រង់បានចាត់ឲ្យពស់ភ្លើងហោះចុះមកក្នុងចំណោមពួកគេ ហើយបន្ទាប់ពីពួកគេត្រូវពស់ចឹក នោះទ្រង់បានរៀបចំផ្លូវឡើងដើម្បីឲ្យពួកគេបានជាវិញ ហើយការដែលគេត្រូវធ្វើនោះ គឺគេគ្រាន់តែក្រឡេកមើលប៉ុណ្ណោះ ហើយដោយវិធីនេះងាយពេក ឬស្រួលពេក ទើបមានមនុស្សជាច្រើនត្រូវវិនាស។
៤២ហើយជួនកាល ពួកគេបានធ្វើចិត្តរឹងរូស ហើយពួកគេបានជេរប្រមាថទាស់នឹងលោកម៉ូសេ ហើយព្រមទាំងទាស់នឹងព្រះផងដែរ ទោះជាយ៉ាងណាក៏ដោយ គង់តែបងរាល់គ្នាដឹងហើយថា ពួកគេត្រូវបាននាំដោយព្រះចេស្ដាដ៏ឥតប្រៀបផ្ទឹមបានរបស់ទ្រង់ទៅឯដែនដីសន្យាដែរ។
៤៣ហើយឥឡូវនេះ បន្ទាប់ពីគ្រប់ការណ៍ទាំងអស់នេះ នោះថ្ងៃក៏មកដល់ដែលពួកគេក្លាយទៅជាពួកទុច្ចរិត មែនហើយ គឺទុច្ចរិតជិតទុំអស់ទៅហើយ ហើយខ្ញុំមិនដឹងទេ ប៉ុន្តែថ្ងៃនេះ ពួកគេជិតត្រូវបំផ្លាញអស់ទៅហើយ ត្បិតខ្ញុំដឹងថា ថ្ងៃនោះនឹងមកដល់ជាពិតប្រាកដ ដែលគេត្រូវបំផ្លាញចោល លើកលែងតែមនុស្សបន្តិចបន្តួចប៉ុណ្ណោះ ដែលនឹងត្រូវចាប់យកទៅក្នុងការជាប់ឃុំឃាំង។
៤៤ហេតុដូច្នោះហើយ ព្រះអម្ចាស់ ទ្រង់បានបញ្ជាឲ្យឪពុកខ្ញុំថា លោកត្រូវចេញទៅទីរហោស្ថាន ហើយពួកសាសន៍យូដា ក៏ព្យាយាមរកផ្ដាច់ជីវិតលោកផង មែនហើយ ហើយបងរាល់គ្នាក៏ព្យាយាមរកផ្ដាច់ជីវិតលោកដែរ ហេតុដូច្នោះហើយ បងរាល់គ្នាក៏ជាពួកឃាតករនៅក្នុងចិត្តបង ហើយបងៗក៏ដូចពួកគេនោះដែរ។
៤៥បងរាល់គ្នារហ័សធ្វើអំពើទុច្ចរិតណាស់ ប៉ុន្តែកម្រនឹកចាំដល់ព្រះអម្ចាស់ ជាព្រះរបស់បង។ បងរាល់គ្នាបានឃើញទេវតា ហើយទេវតានោះបាននិយាយជាមួយនឹងបងរាល់គ្នា មែនហើយ បងរាល់គ្នាបានឮសំឡេងរបស់ព្រះអង្គជាញឹកញយ ហើយទ្រង់មានព្រះបន្ទូលជាមួយនឹងបងរាល់គ្នាដោយសំឡេងតូចរហៀងៗ ប៉ុន្តែបងរាល់គ្នាមានចិត្តវក់វិញ ទើបមិនអាចចាប់អារម្មណ៍ពីព្រះបន្ទូលរបស់ព្រះអង្គឡើយ ហេតុដូច្នោះហើយ បានជាទ្រង់មានព្រះបន្ទូលជាមួយនឹងបង ដូចជាសូរផ្គរលាន់ ដែលធ្វើឲ្យផែនដីញ័រ ហាក់បីដូចជាចង់ប្រេះចេញពីគ្នា។
៤៦ហើយបងរាល់គ្នាក៏ដឹងដែរថា ដោយព្រះចេស្ដានៃព្រះបន្ទូលដ៏មានឫទ្ធិរបស់ព្រះអង្គ ទ្រង់អាចធ្វើឲ្យផែនដីវិនាសបាត់បង់ទៅបាន មែនហើយ ហើយបងរាល់គ្នាដឹងថា ដោយព្រះបន្ទូលរបស់ព្រះអង្គ ទ្រង់អាចធ្វើឲ្យដីគ្រោតគ្រាតរាបស្មើបាន ហើយដីរាបបែកបាក់បាន ឱបើដូច្នោះមែន ហេតុអ្វីបានជាបងរាល់គ្នាធ្វើចិត្តរឹងរូសអ្វីម្ល៉េះ?
៤៧មើលចុះ ព្រលឹងខ្ញុំត្រូវទុក្ខព្រួយពីព្រោះតែបងរាល់គ្នា ហើយដួងចិត្តខ្ញុំក៏ឈឺខ្លោចផ្សា ខ្ញុំខ្លាចក្រែងតែបងរាល់គ្នានឹងត្រូវបោះបង់ចោលជារៀងដរាបតទៅ។ មើលចុះ ខ្ញុំពោរពេញទៅដោយព្រះវិញ្ញាណនៃព្រះ ដរាបដល់រាងកាយខ្ញុំអស់កម្លាំង។
៤៨ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលខ្ញុំបាននិយាយនូវពាក្យទាំងនេះរួចហើយ ពួកគេក៏ខឹងនឹងខ្ញុំ ហើយមានប្រាថ្នាចង់បោះខ្ញុំទៅក្នុងជម្រៅទឹកសមុទ្រ ហើយនៅពេលគេស្ទុះមកចាប់ខ្ញុំ ខ្ញុំបាននិយាយទៅគេថា ៖ ដោយនូវព្រះនាមនៃព្រះដ៏មានមហិទ្ធិឫទ្ធិ ខ្ញុំបញ្ជាបងថា កុំពាល់ខ្ញុំឲ្យសោះ ព្រោះខ្ញុំពោរពេញទៅដោយព្រះចេស្ដានៃព្រះ គឺរហូតដល់ឆេះសាច់ខ្ញុំ ហើយអស់អ្នកណាដាក់ដៃមកលើខ្ញុំ នោះនឹងត្រូវស្វិតដូចដើមត្រែងស្ងួត ហើយអ្នកនោះនឹងក្លាយជាសូន្យបាត់ទៅនៅចំពោះព្រះចេស្ដានៃព្រះ ព្រោះព្រះទ្រង់នឹងវាយអ្នកនោះ។
៤៩ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននិយាយទៅពួកគេថា គេមិនត្រូវរអ៊ូរទាំទាស់នឹងឪពុកគេតទៅទៀតឡើយ ហើយក៏មិនត្រូវប្រកែកមិនព្រមធ្វើកិច្ចការ ដែលខ្ញុំបានពឹងនោះដែរ ព្រោះព្រះទ្រង់បានបញ្ជាខ្ញុំថា ខ្ញុំត្រូវសង់សំពៅមួយ។
៥០ហើយខ្ញុំបាននិយាយទៅពួកគេថា ៖ បើព្រះទ្រង់បានបញ្ជាខ្ញុំឲ្យធ្វើនូវកិច្ចការគ្រប់យ៉ាង នោះខ្ញុំអាចធ្វើកិច្ចការទាំងនោះបាន បើព្រះទ្រង់បញ្ជាឲ្យខ្ញុំនិយាយទៅទឹកនេះថា ចូរក្លាយទៅជាដី នោះទឹកនឹងក្លាយទៅជាដីមែន ហើយបើខ្ញុំនឹងនិយាយថាដូចម្ដេច ក៏នឹងបានសម្រេចយ៉ាងនោះឯង។
៥១ហើយឥឡូវនេះ បើព្រះអម្ចាស់ទ្រង់មានព្រះចេស្ដាដ៏មហិមាយ៉ាងនេះ ហើយបានបង្កើតឲ្យមានអព្ភូតហេតុជាច្រើនក្នុងចំណោមកូនចៅមនុស្ស ហេតុអ្វីក៏ទ្រង់មិនអាចបង្គាប់ខ្ញុំឲ្យសង់សំពៅបាន?
៥២ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំ នីហ្វៃ បាននិយាយពីរឿងជាច្រើនទៅបងៗរបស់ខ្ញុំ ដរាបដល់ពួកគេត្រូវបានជ្រប់មុខ ហើយមិនអាចរករឿងទាស់នឹងខ្ញុំទៀតឡើយ ហើយពួកគេក៏មិនហ៊ានដាក់ដៃមកលើខ្ញុំ ឬប៉ះពាល់ខ្ញុំនឹងដៃពួកគេឡើយ គឺអស់រយៈពេលជាច្រើនថ្ងៃ។ ឥឡូវនេះ ពួកគេពុំហ៊ានធ្វើយ៉ាងនេះ ក្រែងពួកគេត្រូវស្វិតនៅចំពោះមុខខ្ញុំ ព្រះវិញ្ញាណនៃព្រះមានអំណាចដល់ម្ល៉េះ ហើយទ្រង់ប្រព្រឹត្តទៅលើពួកគេដូច្នោះ។
៥៣ហើយហេតុការណ៍បានកើតឡើងថា ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ចូរហុចដៃទៅឲ្យបងៗរបស់អ្នកទៀតចុះ ហើយពួកគេនឹងមិនត្រូវស្វិតនៅចំពោះអ្នកឡើយ ប៉ុន្តែព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា យើងនឹងធ្វើឲ្យគេភ្លឹកភ្លាំងស្មារតី ហើយយើងធ្វើយ៉ាងនេះ ដើម្បីឲ្យពួកគេដឹងថា យើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ។
៥៤ហើយហេតុការណ៍បានកើតឡើងថា ខ្ញុំបានហុចដៃទៅឲ្យបងៗខ្ញុំ ហើយពួកគេមិនបានស្វិតនៅចំពោះមុខខ្ញុំឡើយ ប៉ុន្តែព្រះអម្ចាស់ ទ្រង់បានកន្ទ្រាក់ពួកគេ ដូចដែលព្រះអង្គមានព្រះបន្ទូលទុក។
៥៥ហើយឥឡូវនេះ ពួកគេបាននិយាយថា ៖ យើងដឹងយ៉ាងច្បាស់ថា ព្រះអម្ចាស់ទ្រង់គង់នៅជាមួយនឹងឯង ព្រោះយើងដឹងថា ព្រះចេស្ដានៃព្រះអម្ចាស់បានកន្ទ្រាក់ពួកយើង។ ហើយពួកគេបានលុតជង្គង់ចុះចំពោះមុខខ្ញុំ ហើយបម្រុងនឹងថ្វាយបង្គំខ្ញុំ ប៉ុន្តែខ្ញុំបានឃាត់ ពួកគេថា ៖ ខ្ញុំជាប្អូនរបស់បង មែនហើយ មានអាយុតិចជាងបង ហេតុដូច្នោះហើយ សូមបងថ្វាយបង្គំព្រះអម្ចាស់ដ៏ជាព្រះរបស់បងវិញ ហើយសូមគោរពប្រតិបត្តិដល់ឪពុករបស់បង និងម្ដាយរបស់បងចុះ ដើម្បីឲ្យបងអាចមានអាយុយឺនយូរនៅលើដែនដី ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់បង ទ្រង់នឹងប្រទានឲ្យបង ៕