ដើម្បីកម្លាំងនៃយុវជន
ខ្ញុំ ចងចាំទ្រង់ ជានិច្ច
របៀបដែលយើងរក្សាថ្ងៃបរិសុទ្ធឲ្យបរិសុទ្ធ គឺជាការបង្ហាញតាមរយៈអាកប្បកិរិយាអំពីសេចក្ដីសញ្ញារបស់យើង ដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទជានិច្ច ។
ខ្ញុំនឹកចាំថា ក្នុងនាមជាក្មេងអាយុ 11 ឆ្នាំ ដែលត្រូវបានប៊ីស្សពដើរនាំខ្ញុំដោយគារវភាពទៅក្នុងរោងជំនុំនៃអគារវួដថ្មីរបស់យើង ជាកន្លែងដែលគាត់អង្គុយជាមួយខ្ញុំនៅតុសាក្រាម៉ង់ ។ គាត់មានប្រសាសន៍ថា « លែរី តើប្អូនដឹងឬទេ ថាប្អូននឹងត្រូវបានតែងតាំក្នុងតំណែងឌីកុនក្នុងបព្វជិតភាពអើរ៉ុននាពេលឆាប់ៗនេះហើយ ។ តើអ្នកបានដឹងអំពី ពរជ័យ និងកាតព្វកិច្ចដ៏ពិសេស ដែលនឹងកើតមានឬទេ ? គាត់បានប្រាប់ខ្ញុំថា ខ្ញុំនឹងមានការទទួលខុសត្រូវពិសិដ្ឋ ដើម្បីធ្វើកិច្ចការដូចដែលព្រះអង្គសង្គ្រោះបានធ្វើ នៅក្នុងការផ្ដល់នូវនិមិត្តរូបនៃពិធីសាក្រាម៉ង់ដ៏បរិសុទ្ធ ទៅដល់អ្នកទាំងឡាយដែលនៅក្នុងសាលាប្រជុំរបស់យើង ។ ខ្ញុំរំភើបចិត្តយ៉ាងខ្លាំងជាមួយនឹងទំហំនៃការហៅបព្វជិតភាព ដែលខ្ញុំបានទទួល ។
ប៊ីស្សពរបស់ខ្ញុំបានសុំឲ្យខ្ញុំទន្ទេញការអធិស្ឋានសាក្រាម៉ង់ពីរ ហើយគិតអំពីរបៀបដែលការអធិស្ឋាននោះ ត្រូវនឹងជីវិតរបស់ខ្ញុំ ។ គាត់បានមានប្រសាសន៍ថា ខ្ញុំត្រូវតែព្យាយាមធ្វើនូវរឿងទាំងឡាយដែលការអធិស្ឋានសាក្រាម៉ង់ សុំដល់យើងម្នាក់ៗធ្វើ បើសិនជាខ្ញុំត្រូវធ្វើជំនួសព្រះអង្គសង្គ្រោះ នៅក្នុងការផ្ដល់សាក្រាម៉ង់ដល់អ្នកដទៃ ។ បន្ទាប់ពីខ្ញុំបានត្រឡប់មកផ្ទះវិញ ឪពុករបស់ខ្ញុំ បានជួយខ្ញុំមើលការអធិស្ឋានសាក្រាម៉ង់ ទាំងនៅក្នុងគោលលទ្ធិ និងសេចក្ដីសញ្ញា ( 20:76–79 ) និងព្រះគម្ពីរមរមន ( មរ៉ូណៃ 4; 5 ) ។ ខ្ញុំអានវាដោយយកចិត្តទុកដាក់ ជាលើកដំបូងនៅក្នុងជីវិតខ្ញុំ ។ ខ្ញុំបានស្ដាប់ដោយយកចិត្តទុកដាក់ នៅពេលការអធិស្ឋានទាំងនេះ ធ្វើឡើងនៅក្នុងព្រះវិហារ ។ ខ្ញុំពិចារណាពាក្យទាំងឡាយ នៅពេលនំប៉័ងត្រូវបានចែក ប៉ុន្តែឥទ្ធិពលនៃសេចក្ដីសញ្ញាសាក្រាម៉ង់ទាំងស្រុង បានស្ដែងចេញមក នៅពេលខ្ញុំស្ដាប់ពាក្យទាំងនេះនៅក្នុងការប្រសិទ្ធពរទឹក ៖ « ដើម្បីឲ្យពួកគេចងចាំដល់ទ្រង់ជានិច្ច » ។ ខ្ញុំបានសួរខ្លួនឯងថា « តើខ្ញុំចងចាំទ្រង់ ជានិច្ច ឬទេ ? តើពាក្យ ជានិច្ច មានន័យយ៉ាងណា ? តើខ្ញុំអាចចងចាំទ្រង់ជានិច្ចដោយរបៀបណា ? រាល់ពេលដែលខ្ញុំស្ដាប់ឮការអធិស្ឋានសាក្រាម៉ង់ដ៏ពិសិដ្ឋទាំងនោះ ខ្ញុំបាននឹកគិតដល់សំណួរដដែលទាំងនោះ ។
របៀបដែលយើងរក្សាថ្ងៃបរិសុទ្ធឲ្យបរិសុទ្ធ គឺជាការបង្ហាញផ្នែកខាងក្រៅនៃសេចក្ដីសញ្ញារបស់យើងជាមួយព្រះវរបិតាសួគ៌ ដើម្បីចងចាំព្រះយេស៊ូវគ្រីស្ទជានិច្ច ។ ថ្ងៃបរិសុទ្ធ គួរតែក្លាយជាគ្រឹះសម្រាប់ការចងចាំរបស់យើងអំពីទ្រង់ សម្រាប់ថ្ងៃប្រាំមួយថ្ងៃដទៃទៀតក្នុងសប្ដាហ៍ ។
ថ្ងៃអាទិត្យគឺជាថ្ងៃមួយ ដើម្បីបន្ថយល្បឿន ឈប់សម្រាក និង ចងចាំទ្រង់ ។ យើងចូលរួមការប្រជុំសាសនាចក្ររបស់យើង នឹកគិតអំពីកម្លាំង ពរជ័យ និងការធ្លាក់របស់យើង ស្វែងរកការអភ័យទោស ទទួលទានសាក្រាម៉ង់ និងពិចារណាអំពីការរងទុក្ខរបស់ព្រះអង្គសង្គ្រោះជំនួសយើង ។ យើងព្យាយាមដើម្បីកុំឲ្យមានការរំខានពីអ្វីៗផ្សេង ដែលនឹងរារាំងយើងមិនឲ្យថ្វាយបង្គំទ្រង់ ត្បិត « នៅថ្ងៃនេះ » ដូចព្រះអម្ចាស់បានមានបន្ទូល « អ្នកមិនត្រូវធ្វើអ្វីឡើយ » ( គ. និង ស. 59:13 ) ។ រាល់សកម្មភាពដែលយើងចូលរួមអំឡុងថ្ងៃបរិសុទ្ធ គួរតែស្ថិតនៅក្នុងការរក្សាឲ្យមានវិញ្ញាណនៃការចងចាំអំពីព្រះគ្រីស្ទ ។ បើមានអ្វីដែលយើងកំពុងធ្វើនៅក្នុងថ្ងៃបរិសុទ្ធ ដែលនាំយើងមិនឲ្យចងចាំអំពី ព្រះអង្គសង្គ្រោះ និងការបម្រើនៅថ្ងៃបរិសុទ្ធ ដូចដែលទ្រង់នឹងបម្រើ នោះប្រហែលជាយើងគួរតែពិចារណាឡើងវិញនូវអ្វីដែលយើងកំពុងធ្វើនោះ ។ ការចងចាំ ថ្ងៃបរិសុទ្ធ គឺជាថ្ងៃមួយដែលបានតាំងឡើង ពុំគ្រាន់តែ « សម្រាកពីការងាររបស់អ្នក » ប៉ុន្តែក៏ « ដើម្បីថ្វាយភក្ដីភាពរបស់អ្នកដល់ព្រះដ៏ខ្ពស់បំផុត » ( គ. និង ស. 59:10 ) ។
យើងត្រូវតែរៀបចំផែនការជីវិតរបស់យើង តាមរបៀបមួយ ដែលគ្មានការដោះសារ ដើម្បីងាកចេញពីការញែកឲ្យបរិសុទ្ធនៃថ្ងៃរបស់ព្រះអម្ចាស់ក្នុងផ្នែកណាមួយឡើយ ។ វាគឺជាថ្ងៃមួយដើម្បីធ្វើកិច្ចការរបស់ទ្រង់ ជាថ្ងៃមួយដែលជីវិតរបស់យើងទាំងមូល អាចត្រូវបានពរ និងរំឭកដោយការមានបទពិសោធន៍ពិសិដ្ឋៗ ។ វាគឺជាថ្ងៃមួយសម្រាប់ការរីកចម្រើនខាងវិញ្ញាណផ្ទាល់ខ្លួន និងជាមួយក្រុមគ្រួសារយើង ។
សូមចំណាយពេលខ្លះនៅថ្ងៃនេះ បង្កើតផែនការដែលប្រកបដោយការគិតគូចំពោះអ្វីៗ ដែលអ្នកនឹងធ្វើដើម្បី ធ្វើឲ្យថ្ងៃបរិសុទ្ធ ជាថ្ងៃពិសិដ្ឋដ៏ពិតមួយ និងជាថ្ងៃបរិសុទ្ធនៅក្នុងជីវិតរបស់អ្នក ។ បន្ទាប់មកចូរធ្វើតាមផែនការរបស់អ្នក ។
សូមចងចាំនូវការសន្យាដ៏អស្ចារ្យរបស់ព្រះអម្ចាស់ ចំពោះអ្នកទាំងឡាយដែលគោរពដល់ថ្ងៃឈប់សម្រាកដោយត្រឹមត្រូវថា ៖ « ហើយដរាបណាអ្នករាល់គ្នាប្រព្រឹត្តការទាំងនេះ ដោយអំណរគុណ ដោយទឹកចិត្ត និងទឹកមុខរីករាយ … នោះផលបរិបូរនៃផែនដីជារបស់ផងអ្នករាល់គ្នាហើយ » ( គ និង ស 59:15–16 ) ។ តើយើងអាចបោះបង់ចោលនូវពរជ័យទាំងនេះនៅក្នុងជីវិតរបស់យើង និងជីវិតសមាជិកគ្រួសាររបស់យើងឬទេ ?
ខ្ញុំជឿលើការគោរពថ្ងៃបរិសុទ្ធ ។ ខ្ញុំថ្លែងជាសាក្សីម៉ឹងម៉ាត់ និងដោយរាបសារថា ការរក្សាថ្ងៃបរិសុទ្ធ គឺជាបទបញ្ញត្តិមួយរបស់ព្រះយើង ដែលមានព្រះជន្មរស់ ហើយដែលស្រឡាញ់យើងម្នាក់ៗ ។ ខ្ញុំថ្លែងទីបន្ទាល់ថា បើយើងនឹងធ្វើតាម ហើយរស់នៅតាមបញ្ជាព្រះ ដើម្បីរក្សាថ្ងៃបរិសុទ្ធឲ្យបរិសុទ្ធ នោះព្រះអម្ចាស់ នឹងប្រទានពរដល់យើង ដឹកនាំយើង ហើយបំផុសគំនិតយើង នៅក្នុងការដោះស្រាយបញ្ហា ដែលប្រឈមមុខនឹងយើងវិញ ។