២០១៤
តើ​ការ​ដឹងអំពី​​ក្រុម​ព្រះ​ អាច​ផ្លាស់​ប្ដូរ​ខ្ញុំ​ដោយរបៀប​ណា ?
ខែ មករា ឆ្នាំ 2014


តើ​ការ​ដឹងអំពី​​ក្រុម​ព្រះ​ អាច​ផ្លាស់​ប្ដូរ​ខ្ញុំ​ដោយរបៀប​ណា ?

គោលការណ៍​ចំនួន​ប្រាំ​អំពី​ក្រុមព្រះ អាច​ធ្វើ​ឲ្យ​មាន​ភាព​ខុស​ប្លែក​មួយ​នៅ​ក្នុង​របៀប​ដែល​អ្នក​រស់​នៅ ។

រូបភាព
Aaronic Priesthood meeting in Manaus, Brazil.

យ៉ូសែប ស្ម៊ីធ បាន​មាន​ប្រសាសន៍​ថា « វា​គឺ​ជា​គោលការណ៍​ទីមួយ​នៃ​ដំណឹងល្អ ដើម្បី​ដឹង​ឲ្យ​ច្បាស់​អំពី​ចរិក​លក្ខណៈ​របស់​ព្រះ » ។1 អ្វី​ដែល​យើង​ដឹង​អំពី​ក្រុមព្រះ អាច​ផ្លាស់​ប្ដូរ​របៀប​ដែល​យើង​រស់​នៅ ពុំ​មែន​នៅ​ក្នុង​​រឿង​ធំៗ​ទេ ប៉ុន្តែ​នៅ​ក្នុង​​រឿង​តូចៗ​ជារៀងរាល់​ថ្ងៃ ។ ចូរ​ពិចារណា​អំពី​របៀប​ដែល​ចំណេះ​ដឹង​របស់​អ្នក អំពី​ក្រុម​ព្រះ មាន​ឥទ្ធិពល​មក​លើ​ជីវិត​របស់​អ្នក នៅពេល​អ្នក​អាន​អំពី​គោលការណ៍​ទាំង​ប្រាំ​នេះ ។

ក្រុមព្រះ ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​អ្វី​ដែល​ល្អ​បំផុត​ដល់​យើង ។

សមាជិក​នៃ​ក្រុម​ព្រះ គឺ​អស់កល្ប ហើយ​គ្មាន​ទីបំផុត ប៉ុន្តែ​ក្រុម​ទ្រង់ នៅ​តែ​យក​ព្រះទ័យ​ទុកដាក់ ដើម្បី​ឲ្យ​យើង​សប្បាយ ហើយ​ធ្វើ​ល្អ ។ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ( ឆ្នាំ 1910– 2008 ) បាន​ថ្លែង​ទីបន្ទាល់​ថា ៖ « ក្រុម​ទ្រង់ ចាប់​ព្រះទ័យ​ចំពោះ​យើង ហើយ​យើង​ជា​ខ្លឹម​នៃ​កង្វល់​ដ៏​ខ្លាំង​របស់​ទ្រង់ ។ ទ្រង់​មាន​ពេល​សម្រាប់​យើង​ម្នាក់ៗ ។ យើង​ទៅ​រក​ព្រះបិតា តាមរយៈ​ព្រះរាជបុត្រា ។ ទ្រង់​គឺ​ជា​អង្គ​អង្វរជំនួស​របស់​យើង​នៅ​ឯ​បល្ល័ង្ក​នៃ​ព្រះ ។ តើ​ជា​ការ​អស្ចារ្យ​យ៉ាង​ណា​ទៅ ដែល​យើង​ក៏​អាច​ទូល​ទៅ​កាន់​ព្រះបិតា​នៅ​ក្នុង​ព្រះ​នាម​នៃ​ព្រះរាជបុត្រា » ។2

ដោយ​សារ​សមាជិក​នៃ​ក្រុម​ព្រះ ស្រឡាញ់​យើង ហើយ​ចង់​ឲ្យ​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​យើង នោះ​ការ​ជ្រើសរើស​របស់​យើង​សំខាន់ ជាពិសេស​នូវ​រឿង​តូចៗ ដែល​យើង​ធ្វើ​រាល់​ថ្ងៃ ដែល​នាំ​យើង​ឲ្យ​ខិត​ទៅ​កាន់​តែ​ជិត​ពួក​ទ្រង់ ។ យើង​មាន​សក្ដានុពល​គ្មាន​ដែន​កំណត់ ហើយ​ព្រះ​ខ្វល់​ព្រះទ័យ​អំពី​ជោគជ័យ​របស់​យើង ទោះ​ជា​នៅ​ក្នុង​រឿង​តូចៗ ។

ព្រះវរបិតាសួគ៌ ប្រទានឲ្យ​យើងនូវ​អ្វីៗ​ទាំង​អស់ ។

យើង​ដឹង​ថា ព្រះវរបិតាសួគ៌ បាន​ប្រទាន​ដល់​យើង​អ្វីៗ​គ្រប់​យ៉ាង ដូច្នេះ​យើង​គួរ​តែ​ព្យាយាម​ដើម្បី​ស្គាល់​ព្រះហស្ដ​របស់​ទ្រង់ ហើយ​មាន​អំណរគុណ ។ នៅ​ពេល​យើង​មាន​អំណរគុណ នោះ​យើង​មាន​​ទង្វើ​ផ្សេង ។ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​សន្យា​ថា « យើង​អាច​លើក​ខ្លួន​យើង​ឡើង និង អ្នក​ដទៃ​ផងដែរ នៅពេល​យើង​បដិសេធ​ដើម្បី​បន្ដ​នៅ​ក្នុងអណាចក្រ​នៃ​​គំនិត​អវិជ្ជមាន ហើយបណ្ដុះ​នៅ​ក្នុង​ដួងចិត្ត​យើង​នូវ​គំនិត​នៃ​ការ​ដឹង​គុណ​មួយនោះ » ។3

ដោយ​សារ​អ្វីៗ​ដែល​យើង​មាន​គឺ​បាន​មក​ពី​ព្រះ ( សូមមើល ម៉ូសាយ 2:20–21 គ. និងស. 59:21 )ការ​ដឹង​គុណ​របស់​យើង អាច​ធ្វើ​ឲ្យ​យើង​មាន​ឆន្ទៈ​ចែករំលែក​​កាន់​តែ​ច្រើន​ជា​មួយ​អ្នកដទៃ ។ ការណ៍​​នេះ រួម​មាន​ទាំង​​ពេល​វេលា និង​ទេពកោសល្យ​​របស់​យើង ក៏​ដូចជា​ពរជ័យ​ខាង​សម្ភារ​របស់​យើង​ដែរ ។

ព្រះវរបិតាសួគ៌ គឺ​ប្រកប​ដោយ​ក្ដី​មេត្តាករុណា ។

កិច្ចការ​របស់​ព្រះ និង សិរីល្អ​របស់​ព្រះ គឺ « ដើម្បី​នាំ​ឲ្យ​មាន​​អមតភាព និង ជីវិត​ដ៏​នៅ​អស់កល្បជានិច្ច​ដល់​មនុស្ស » ( ម៉ូសេ 1:39 ) ។ ទ្រង់​ចង់​ឲ្យ​យើង​មាន​ជោគជ័យ ដូច្នេះ​ទ្រង់​បាន​ប្រទាន​នូវ​ការ​អភ័យ​ទោស​ដល់​យើង​ ចំពោះ​កំហុស​ដែល​យើង​បាន​ធ្វើ ។ ក្ដី​មេត្តាករុណា​របស់​ទ្រង់ ក៏​បាន​ប្រទាននូវ​​ការអភ័យទោស​ នៅពេល​យើង​ធ្វើ​កំហុស​ដដែលៗផងដែរ ។ ព្រះវរបិតាសួគ៌ ព្រះយេស៊ូវ​គ្រីស្ទ និង ព្រះវិញ្ញាណ​បរិសុទ្ធ នឹង​ជួយ​យើង​ផ្លាស់ប្ដូរ ។

ក្ដី​មេត្តា​ករុណា​របស់​ព្រះ បង្រៀន​យើង​អំពីការ​អភ័យទោស ។ ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជា​ទី​ប្រឹក្សា​ទីពីរ នៅ​ក្នុង​គណៈ​ប្រធាន​ទីមួយ បាន​មាន​ប្រសាសន៍​ថា « ដោយ​សារ​តែ​ព្រះ​ស្រឡាញ់​យើង​យ៉ាង​ខ្លាំង ដូច្នេះ​យើង​ក៏​ត្រូវ​ស្រឡាញ់ និង អភ័យទោស​ចំពោះ​គ្នា​ទៅ វិញ​ទៅ​មក​ផងដែរ » ។4 នេះ​រួម​ទាំង​ការ​អភ័យ​ទោស​ដល់​ខ្លួន​យើង​ផងដែរ ។

ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​រង​ទុក្ខ​សម្រាប់​យើង ។

តាម​រយៈ​ដង្វាយធួន ព្រះអង្គសង្គ្រោះ​បាន​ទទួល​បទពិសោធន៍​នូវ​ការ​ឈឺចាប់ និង​ការ​សោក​សៅ​ទាំងអស់​របស់​យើង ( សូមមើលអាលម៉ា 7:11–13 ) ។ បើ​សិន​ជា​យើង​មាន​ថ្ងៃ​មួយ​ដែល​លំបាក ហើយ​មាន​អារម្មណ៍​ដូច​ជា​គ្មាននរណា​ម្នាក់​យល់​ពីយើង នោះ​យើង​អាច​ដឹង​ថា ព្រះអង្គសង្គ្រោះគឺយល់​ពី​យើង ។ ហើយ​នៅ​ពេល​យើង​មាន​ថ្ងៃ​ល្អ ហើយ​ចង់ចែកចាយ​វា​​ឲ្យ​នរណា​ម្នាក់​ ព្រះអង្គសង្គ្រោះ​ គឺ​គង់​នៅទី​នោះ​សម្រាប់​យើង ។ ទ្រង់​ចង់​ចែកចាយ​ក្ដីអំណរ​របស់​យើង ដូចជា​ទ្រង់​ចែកការឈឺចាប់​របស់​យើង ។

ព្រះវិញ្ញាណបរិសុទ្ធ​ដឹកនាំ​យើង ។

ព្រះយេស៊ូវ​គ្រីស្ទ បាន​សន្យា​នឹង​សាវក​របស់ទ្រង់ថា អង្គលួងលោម​ចិត្ត ឬ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​គង់​នៅ​ជាមួយ​ពួកគេ​ជានិច្ច ដើម្បី​បង្រៀន និង​លួងលោម​ចិត្ត​ពួកគេ ( សូមមើល យ៉ូហាន 14:16–17, 26–27 ) ។ យើង​ក៏​អាច​មាន​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បីដឹកនាំ​យើង​ផងដែរ ។ ហើយ​យើង​អាច​ទុកចិត្ត​ថា ចម្លើយ​ទាំងឡាយ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ប្រទាន​ឲ្យ នឹង​ជួយ​ដល់​យើង ។ ព្រម​ជាមួយ​នឹង​ការ​ដឹកនាំ​របស់​ទ្រង់ នោះ​យើង​អាច​មាន​ទំនាក់ទំនង​យ៉ាង​ខ្ជាប់ខ្ជួន​ជាមួយ​នឹង​ក្រុម​ព្រះ ។ ហើយ​នៅពេល​យើ​ង​ធ្វើ​តាម​ការ​បំផុសគំនិត​ដែល​យើង​​ទទួល នោះ​យើង​នឹង​ចាប់​ផ្ដើមស្គាល់​ពួក​ទ្រង់​កាន់​តែ​ល្អ​ប្រសើរ ។

កំណត់​ចំណាំ

  1. យ៉ូសែប ស្ម៊ីធ នៅក្នុង History of the Church 6: 305 ។

  2. ហ្គរដុន ប៊ី ហ៊ិងគ្លី « In These Three I Believe » Liahona, ខែ​កក្កដា ឆ្នាំ 2006, ទំព័រ 8 ។

  3. ថូម៉ាស អេស. ម៉នសុន « The Divine Gift of Gratitude » Liahona, ខែ​វិច្ឆិកា ឆ្នាំ 2010, ទំព័រ 88 ។

  4. ឌៀថើរ អេស្វ អុជដូហ្វ « The Merciful Obtain Mercy » Liahona, ខែ​ឧសភា ឆ្នាំ 2012, ទំព័រ 76 ។

មេរៀន​ទាំងឡាយ​នៅ​ថ្ងៃ​អាទិត្យ

ប្រធាន​បទ​ខែ​នេះ ៖ ក្រុម​ព្រះ

រូប​ថត​លំអរ​ដោយ វែលឌិន ស៊ី. អាន់ឌើរសិន និង ម៉ាថាយ រៀរ ការ​និមិត្ត​ដំបូង, ដោយ​ ឌែល ផាសុន; ព្រះគ្រីស្ទ​នៅ​ក្នុង​សួន​ច្បារ​គេតសេម៉ានី, ដោយ​ហ៊ែរី អាន់ឌើរសិន