ភក្ដីភាព និង ភាពស្មោះត្រង់
ការបំផុសគំនិតដកស្រង់ចេញពីខ្សែជីវិត និង ការបង្រៀនរបស់ យ៉ូសែប ហ៉្វីលឌីង ស៊្មីធ
កំណត់ចំណាំ ៖ ម្ដាយរបស់អ្នកនិពន្ធឈ្មោះ ណាអូមី ស្ម៊ីធ ប្រ៊ូស្ទឺ បានកើតនៅឆ្នាំដែលយ៉ូសែប ហ៉្វីលឌីង ស៊្មីធ ត្រូវបានហៅបំរើចូលទៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ហើយជាកូនទីពីររបស់ អេធេល ចចជីណា ស្ម៊ីធ ជាស្ត្រីដែលប្រធាន ស្ម៊ីធ បានរៀបការជាមួយបន្ទាប់ពីភរិយាដំបូងរបស់លោកបានទទួលមរណៈភាពទៅ ។
« ចូរយើងមានភក្ដីភាព ហើយស្មោះត្រង់ជានិច្ច ដោយមានបំណងប្រាថ្នាមួយដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយគោរពទ្រង់ ហើយចងចាំសេចក្ដីសញ្ញាដែលយើងបានធ្វើជាមួយនឹងទ្រង់ » ។
នៅពេល យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ដែលមានវ័យ 33 ឆ្នាំ ដើរចូលទៅក្នុងរោងឧបោសថ សលត៍ លេក នៅថ្ងៃទី 6 ខែ មេសា ឆ្នាំ 1910 ដើម្បីចូលរួមក្នុងសន្និសីទទូទៅ នោះមានអ្នកនាំផ្លូវម្នាក់បាននិយាយមកកាន់លោកថា « មែនហើយ យ៉ូសែប តើនរណាទៅនឹងក្លាយជាសាវកថ្មី ? »
យ៉ូសែប បានតបថា « ខ្ញុំមិនដឹងនោះទេ » ។ « ប៉ុន្តែវានឹងពុំមែនជាអ្នក ហើយក៏ពុំមែនជាខ្ញុំដែរ ! »1
នៅពេលឈ្មោះរបស់ពួកសាវកដប់ពីរនាក់ត្រូវបានអានសម្រាប់ការបោះឆ្នោះគាំទ្រ រំពេចនោះ យ៉ូសែប បានទទួលអារម្មណ៍ថា ឈ្មោះរបស់លោកអាចនឹងត្រូវបានគេលើកឡើងនៅពេលបន្ទាប់ទៀត ។ វាជាការពិតមែន ហើយបន្ទាប់មកលោកត្រូវបានគាំទ្រជាបុរសទី 12 នៅក្នុងកូរ៉ុមដ៏អស្ចារ្យនេះ ។
ការបន្ទាបខ្លួន និងភាពកំប្លុកកំប្លែងរបស់ យ៉ូសែប បានបង្ហាញនៅពេលលោកចេញពីសន្និសីទ ហើយត្រលប់ទៅផ្ទះវិញ ដើម្បីប្រាប់ដល់គ្រួសាររបស់គាត់ពីការហៅថ្មីរបស់គាត់ ។ លោកបានប្រាប់ដល់ភរិយារបស់លោកនូវពាក្យដែលធ្វើឲ្យងឿងឆ្ងល់ ដោយមានប្រសាសន៍ថា ៖ « បងគិតថា យើងត្រូវលក់គោ » ។ ប្រាកដណាស់ គាត់មានការភ្ញាក់ផ្អើលនៅពេលគាត់រង់ចាំការពន្យល់បន្ថែមទៀត ។ ចម្លើយដ៏សាមញ្ញរបស់លោកគឺ « បងគ្មានពេលដើម្បីមើលថែវាទៀតទេ ! » ។2 នេះជាការចាប់ផ្ដើមនៃការបម្រើជាសាវកម្នាក់ ដែលអស់រយៈពេលច្រើនជាងប្រាំមួយឆ្នាំ ។
ចៅប្រុសរបស់ ហៃរ៉ុម ស្ម៊ីធ ឈ្មោះ យ៉ូសែប ហ៉្វីលឌីង ស៊្មីធ គឺជាប្រធានទី 10 នៃសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ។ លោកបានបម្រើយ៉ាងយូរជាសមាជិកក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ពីមុនការហៅរបស់លោកឲ្យបម្រើជាប្រធាននៃសាសនាចក្រលើសពីប្រធានផ្សេងទៀតនៃសាសនាចក្រនេះ ។ នៅក្នុងរយៈពេល 60 ឆ្នាំរបស់លោកក្នុងនាមជាសមាជិកក្នុងកូរ៉ុមនៃពួកសាក្សីពិសេសនោះ ដំបូងលោកបានធ្វើដំណើរដោយជិះនៅលើខ្នងសេះ និងដោយរទេះ ហើយក្រោយមកដោយរថយន្ត និងតាមយន្តហោះប្រតិកម្មដើម្បីបង្រៀនដល់ពួកបរិសុទ្ធ ។ ការបង្រៀន និងការនិពន្ធជាច្រើនរបស់លោកបានប្រទានពរដល់សាសនាចក្រ និងអស់អ្នកណាដែលបានស្ដាប់តាមសារលិខិតដ៏បំផុសគំនិតរបស់លោក ។
ខ្ញុំត្រូវបានអញ្ជើញឲ្យសរសេរអត្ថបទនេះដោយសារទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ជាអ្នកដែលខ្ញុំពេញចិត្តនឹងហៅគាត់ថាជាជីតា ។ ខ្ញុំមានចិត្តរំភើបចំពោះឆាកជីវិតរបស់លោកតាំងពីកំណើតរបស់ខ្ញុំ នៅពេលលោកបានធ្វើពិធីដាក់ឈ្មោះឲ្យខ្ញុំ និងការប្រសិទ្ធពរ រហូតដល់លោកបានទទួលមរណៈភាព នៅពេលខ្ញុំស្ថិតនៅក្នុងចំណោមចៅប្រុសជាច្រើនដែលបានបម្រើជាអ្នកសែងក្ដារមឈូសនៅក្នុងបុណ្យសពរបស់លោក ។
ព្យាការីដែលបានតែងតាំងទុកជាមុន
ដូចគ្នានឹងពួកព្យាការីទាំងអស់របស់ព្រះដែរ យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ត្រូវបានតែងតាំងទុកជាមុនដើម្បីមកកាន់ផែនដីស្របតាមកាលវេលាដ៏ទេវភាពរបស់ព្រះអម្ចាស់ ( សូមមើលកិច្ចការ 17:26 ) ។ យ៉ូសែប ជាកូនទីបួន ប៉ុន្តែជាកូនប្រុសដំបូងរបស់ ជូលីណា ឡែមសុន ស្ម៊ីធ ។ នៅក្នុងវិញ្ញាណដ៏រាបសានៃម្ដាយដ៏ស្មោះត្រង់ឈ្មោះ ហាន់ណា នៅក្នុងព្រះគម្ពីរសញ្ញាចាស់ ( សូមមើល សាំយ៉ូអែលទី 1 1:11 ) នោះជូលីណាបានសច្ចាថា ប្រសិនបើព្រះអម្ចាស់នឹងប្រទានកូនប្រុសម្នាក់ដល់គាត់ « គាត់នឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់គាត់ដើម្បីជួយកូនប្រុសនោះឲ្យបានជាប្រយោជន៍ដល់ព្រះអម្ចាស់ និងឪពុករបស់ខ្លួន » ។3 ព្រះអម្ចាស់មិនគ្រាន់តែឆ្លើយតបចំពោះការទូលសុំរបស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានសម្ដែងឲ្យគាត់ឃើញពីមុនកំណើតកូនប្រុសរបស់គាត់ថា កូននេះនឹងត្រូវបានហៅឲ្យបម្រើជាសាក្សីពិសេសម្នាក់របស់ទ្រង់នៅថ្ងៃណាមួយនៅក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។4
យ៉ូសែប បានកើតនៅថ្ងៃទី 19 ខែ កក្កដា ឆ្នាំ 1876 ជាកូនរបស់ យ៉ូសែប អេហ្វ ស្ម៊ីធ និងជូលីណា ឡែមសុន ស្ម៊ីធ ។ នៅកំណើតរបស់យ៉ូសែប ឪពុករបស់លោកគឺជាសាវក និងជាទីប្រឹក្សារបស់ប្រធាន ព្រិកហាំ យ៉ង់ ។ នៅពេល យ៉ូសែប មានអាយុប្រាំបួនខែ ឪពុកម្ដាយរបស់លោកបានយកលោកទៅការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ សេន ចច យូថាហ៍ ។ ក្រោយមក លោកបានមានប្រសាសន៍ចំអកលេងថា « ការចាត់តាំងដំបូងរបស់ខ្ញុំក្នុងសាសនាចក្រគឺដើម្បីអមដំណើរ ព្រិកហាំ យ៉ង់ ទៅការឧទ្ទិសឆ្លងព្រះវិហារបរិសុទ្ធ សេន ចច យូថាហ៍ » ។5
នៅពេល យ៉ូសែប បានទទួលពរអយ្យកោរបស់លោកនៅវ័យ 19 ឆ្នាំ លោកអយ្យកោដ៏បំផុសគំនិតម្នាក់បានដាក់ដៃលើក្បាលរបស់ យ៉ូសែប ហើយបានប្រកាសថា ៖ « វាជាអភ័យឯកសិទ្ធិរបស់ឯងដើម្បីរស់នៅរហូតដល់វ័យចំណាស់សមល្មមមួយ និងតាមព្រះទ័យរបស់ព្រះអម្ចាស់ដើម្បីអាចក្លាយជាបុរសម្នាក់ដ៏ខ្លាំងក្លានៅក្នុងអ៊ីស្រាអែល ។…ពិតណាស់ ឯងនឹងឈរនៅក្នុងចំណោមមនុស្សទូទៅជាព្យាការី និងជាអ្នកទទួលវិវរណៈម្នាក់សម្រាប់ពួកគេ ត្បិតព្រះអម្ចាស់បានប្រទានពរដល់អ្នក ហើយបានតែងតាំងអ្នកសម្រាប់ការហៅនេះ » ។6
ជីវិតគ្រួសារ ៖ ការផ្សំបញ្ចូលគ្នារវាងសេចក្ដីស្រឡាញ់ និងការសាកល្បង
ចំពោះ យ៉ូសែប ហ៉្វីលឌីង ស៊្មីធ « គ្រួសារគឺជាក្រុមដ៏សំខាន់បំផុតនៅក្នុងគ្រានេះ ឬនៅភាពអស់កល្បជានិច្ច » ។7 លោកបានចិញ្ចឹមបីបាច់នៅក្នុងគ្រួសារមួយដែលមានសេចក្ដីស្រឡាញ់ សេចក្ដីជំនឿ បទដ្ឋានសីលធម៌ខ្ពស់ និងក្រមសីលធម៌ធ្វើការងារដោយឧស្សាហ៍ ហើយលោកបានខិតខំជាបន្តបន្ទាប់ដើម្បីនាំយកគោលការណ៍ដូចគ្នានោះចូលទៅក្នុងគ្រួសាររបស់លោកផ្ទាល់ ។ ( សូមមើល ជំពូកទី 4, 15 និង 16 នៃ Teachings of Presidents of the Church: Joseph Fielding Smith ) ។
លោកបានរៀបការនឹង លូអី អេមីលី ស្ស៊ឺតលីហ្វ ក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ក្នុងឆ្នាំ 1898 ។ មួយឆ្នាំក្រោយមក លោកត្រូវបានហៅទៅបេសកកម្មនៅចក្រភពអង់គ្លេសរយៈពេលពីរឆ្នាំ ហើយត្រូវបានគាំទ្រដោយស្មោះពីភរិយារបស់លោក ។ ក្រោយពេលត្រលប់មកវិញ អ្នកទាំងពីរបានចាប់ផ្ដើមជីវិតរួមគ្នាវិញ ហើយត្រូវបានប្រទានពរឲ្យនូវកូនស្រីពីរនាក់ ។ ជាអកុសល អំឡុងពេលដ៏លំបាកនៃការមានទម្ងន់ជាលើកទីបី លូអី បានទទួលមរណៈភាព ។
នៅក្នុងភាពសោកសៅរបស់លោក យ៉ូសែប បានអធិស្ឋានថា « សូមជួយដល់ទូលបង្គំផង ឱ ព្រះអម្ចាស់អើយ ដើម្បីទូលបង្គំអាចរស់នៅដោយមានភាពសក្ដិសមដើម្បីបានជួបនឹងនាងនៅក្នុងសិរីល្អដ៏នៅអស់កល្បជានិច្ច ដើម្បីបានរួមរស់នឹងនាងជាថ្មីម្ដងទៀត ជារៀងរហូតទៅមិនបែកគ្នាឡើយ ។… សូមជួយទូលបង្គំឲ្យចិញ្ចឹមបីបាច់កូនតូចៗដ៏ស្រស់ស្អាតរបស់ទូលបង្គំ ដើម្បីពួកគេនឹងបន្តនៅបរិសុទ្ធ ហើយគ្មានស្នាមប្រឡាក់ពេញមួយជីវិតរបស់ពួកគេ » ។8
ដោយមានការជម្រុញពីឪពុករបស់លោក បុរសពោះម៉ាយដែលមានកូនពីរនាក់រូបនេះបានស្វែងរកភរិយា និងម្ដាយសម្រាប់កូនតូចៗរបស់ខ្លួនប្រកបដោយការអធិស្ឋាន ។ បំណងប្រាថ្នាដ៏សុចរិតរបស់លោកត្រូវបានប្រទានពរឲ្យដោយមាន អេធេល ចចជីណា រេណុល ត្រូវបាននាំមកក្នុងជីវិតរបស់លោក ។ ពួកគាត់បានរៀបការនៅខែ វិច្ឆិកា ឆ្នាំ 1908 ក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ។ ស្ត្រីដ៏អស្ចារ្យរូបនេះបានក្លាយជាម្ដាយកូនស្រីពីរនាក់ដំបូងរបស់យ៉ូសែប ហើយក្រោយមកបានផ្ដល់កំណើតដល់កូនប្រាំបួននាក់បន្ថែមទៀត ។
មានគ្រាមួយ បន្ទុកដ៏ធ្ងន់ធ្ងររបស់ភរិយាលោកបានដិតជាប់នឹងគំនិតរបស់សាវករូបនេះ នៅពេលលោកធ្វើដំណើរទៅសន្និសីទស្ដេកមួយ ។ លោកបានសរសេរសំបុត្រមួយឲ្យភរិយារបស់លោក ដោយមានប្រសាសន៍ថា ៖ « បងកំពុងគិតពីអូន ហើយប្រាថ្នាថាបងអាចនៅជិតអូនជានិច្ចសម្រាប់ពីរបីសប្ដាហ៍ខាងមុខ ដើម្បីជួយមើលថែដល់អូន ។ បងនឹងជួយអូននូវរាល់កិច្ចការដែលបងអាចធ្វើបាន ហើយសង្ឃឹមថាអូននឹងអាច ទទួលអារម្មណ៍នេះ ចេញពីដួងចិត្តរបស់បង ។ សូមប្រាប់កូនៗផងឲ្យចេះធ្វើល្អនឹងអូន និងចំពោះគ្នាទៅវិញទៅមក » ។9 បន្ទាប់មកលោកបានចែកចាយជាមួយនឹងភរិយារបស់លោកជាមួយនឹងអារម្មណ៍ដ៏ជ្រាលជ្រៅក្នុងដួងចិត្តរបស់លោកនូវកំណាព្យមួយ ដែលក្រោយមកបានក្លាយទៅជាទំនុកតម្កើងព្រះមួយរបស់យើង « Does the Journey Seem Long? ( តើដំណើរមើលទៅហាក់ដូចជាវែងឆ្ងាយឬ ? ) » ( ល.រ. 127 ) ។
ជាអកុសល អេធេល បានទទួលមរណៈភាព នៅឆ្នាំ 1937 ។ នៅពេលភរិយារបស់លោកបានទទួលមរណៈភាព មានកូននៅក្នុងបន្ទុកប្រាំនាក់ដែលមិនទាន់រៀបការ ។ អែលឌើរ ស្ម៊ីធ បានទទួលការបំផុសគំនិតឲ្យស្វែងរកភរិយា និងដៃគូម្នាក់ទៀត ។ នៅឆ្នាំ 1938 លោកបានរៀបការនឹង ជេស៊ី អេវ៉ាន់ស៍ ស្ម៊ីធ នៅក្នុងព្រះវិហារបរិសុទ្ធ សលត៍ លេក ។
មនុស្សម្នាក់ដែលបានស្គាល់ពួកគាត់យ៉ាងច្បាស់បានសរសេរថា ៖ « ថ្វីបើមានអាយុខុសគ្នាម្ភៃប្រាំមួយឆ្នាំ និងមានបុគ្គលិកលក្ខណៈ ជំនាញ និងការបំពាក់បំប៉នខុសគ្នាក្ដី ក៏យ៉ូសែប ហ្វីលឌីង ស្ម៊ីធ និងជេស៊ី អេវ៉ាន់ស៍ ស្ម៊ីធ មានភាពសក្ដិសមនឹងគ្នាខ្លាំងណាស់ ។… រឿងមួយដែលចងភ្ជាប់ភាពខុសគ្នាយ៉ាងខ្លាំងរវាងបុគ្គលិកលក្ខណៈរបស់អ្នកទាំងពីរនេះគឺសេចក្ដីស្រឡាញ់ និងការគោរពដ៏ស្មោះត្រង់ដែលពួកគាត់មានចំពោះគ្នា » ។10 ( សូមមើល ទំព័រ 6–23 ក្នុងសៀវភៅសិក្សានេះ ) ។
អ្នកស្វែងរកការរៀនសូត្រដោយការសិក្សា និងដោយសេចក្ដីជំនឿផងដែរ
យ៉ូសែប ហ៉្វីលឌីង ស៊្មីធ មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងសាសនាចក្រថាជាអ្នកប្រាជ្ញខាងព្រះគម្ពីរ និងដំណឹងល្អ ។ នៅការចាប់ផ្ដើមនៃយុវវ័យរបស់លោក លោកមានបំណងប្រាថ្នាដ៏ធំមួយដើម្បី « ស្វែងរកការរៀនសូត្រគឺដោយការសិក្សា និងដោយសារសេចក្ដីជំនឿផង » ( គ. និង ស. 88:118 ) ។ លោកបានអានព្រះគម្ពីរមរមនចប់ពីរលើកពីមុនលោកមានអាយុ 10 ឆ្នាំ ។ នៅពេលមិត្តរបស់លោកបាត់រូបលោក នោះជារឿយៗពួកគេឃើញលោកក្នុងជង្រុកដាក់ចំបើងកំពុងអានព្រះគម្ពីរ ។11
លោកបានប្រាប់ដល់ក្រុមជំនុំមួយនៅប៉ុន្មានឆ្នាំក្រោយមកថា « ចាប់តាំងពីពេលដែលខ្ញុំចេះអានជាលើកដំបូង ខ្ញុំមានចិត្តរីករាយ និង ពេញចិត្តយ៉ាងខ្លាំងនៅក្នុងការសិក្សាព្រះគម្ពីរ…លើសពីអ្វីៗទាំងអស់នៅក្នុងពិភពលោកនេះ » ។12 ( សូមមើលជំពូកទី 10 និង 18 ) ។
មានគ្រាមួយប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ( ឆ្នាំ 1856–1945 ) បានសរសើរដល់ការរៀនសូត្ររបស់ប្រធានស្ម៊ីធ ដោយបានមានប្រសាសន៍ថា « ខ្ញុំបានគិតថា លោកគឺជាបុរសដ៏អស្ចារ្យខាងបទគម្ពីរនៅក្នុងចំណោមពួកអ្នកមានសិទ្ធិអំណាចទូទៅដែលយើងមាន » ។13
ការស្រេកឃ្លានរបស់លោកចំពោះការរៀនសូត្រមិនបានធ្វើឲ្យលោកខកខានក្នុងការចូលរួមក្នុងកីឡា និងល្បែងកម្សាន្តកាលពីនៅក្មេង ឬនៅពេលពេញវ័យនោះឡើយ ។ លោកចូលចិត្តលេងកីឡាវាយកូនបាល់ ហើយល្បែងកម្សាន្ដជាច្រើនដែលយុវវ័យដែលរស់នៅក្នុងសង្គមកសិកម្មមួយលេង ។ ក្នុងនាមជាមនុស្សពេញវ័យម្នាក់ លោកបានក្លាយជាកីឡាករដ៏ឆ្នើមផ្នែកកីឡា handball ហើយបានចូលរួមជាទៀងទាត់ក្នុងព្រឹត្តិការណ៍កីឡារបស់លោក ។ លោកក៏ចូលរួមក្នុងកីឡាជាការជួបគ្នាជាគ្រួសារផងដែរ ។ ខ្ញុំនៅចាំយ៉ាងច្បាស់ពីការលេងកីឡាមួយ នៅពេលលោកតារបស់ខ្ញុំបានចោលបាល់ទៅចំនឹងម៉ាស៊ីនថតរបស់អ៊ុំប្រុសម្នាក់ដែលកំពុងថតនៅផ្នែកខាងឆ្វេងនៃទីលានប្រកួត ។
អ្នកការពារសេចក្ដីជំនឿដែលមានចិត្តសប្បុរស
សូម្បីតែពីមុន ការហៅរបស់លោកជាសាវកក្ដី យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ត្រូវបានគេស្គាល់ថា ជាអ្នកការពារសេចក្ដីជំនឿម្នាក់ដែលម្ដងម្កាលធ្វើឲ្យមនុស្សមួយចំនួនគិតខុសពីលោកថាជាមនុស្សតឹងរឹង ។ ទោះបីជាលោកមិនបញ្ឈប់នូវបំណងប្រាថ្នារបស់លោកដើម្បីមានភក្ដីភាពចំពោះសេចក្ដីសញ្ញា និងដើម្បីលើកទឹកចិត្តមនុស្សទាំងអស់ឲ្យឱបក្រសោបជាប់នឹងដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដែលបានស្ដារឡើងវិញក្ដី លោកក៏មាននូវផ្នែកទន់ភ្លន់ដែលត្រូវបានទទួលស្គាល់ដោយស្មោះពីសំណាក់គ្រួសារ និងពួកអ្នកស្គាល់លោកដែរ ។ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ( ឆ្នាំ 1895–1985 ) បានមានប្រសាសន៍ថា ៖ « យើងធ្លាប់បាននិយាយជាច្រើនដងថា ដោយសារពួកដប់ពីរនាក់នឹងក្លាយជាចៅក្រមនៃអ៊ីស្រាអែល នោះយើងគ្រប់គ្នានឹងរីករាយដោយមានការមើលថែពីលោក ពីព្រោះការកាត់សេចក្ដីរបស់លោកនឹងមានចិត្តសប្បុរស មានក្ដីមេត្តា យុត្តិធម៌ និងបរិសុទ្ធ » ។14
ប្រធាន ស្ម៊ីធ បានបង្ហាញគំរូមួយនៃចិត្តសប្បុរសបែបនេះនៅក្នុងការប្រជុំមួយដែលគាត់បាននិយាយពីគ្រោះថ្នាក់មួយទាក់ទងនឹងរថយន្តរបស់សាសនាចក្រ ។ មានបុរសវ័យចំណាស់ម្នាក់បើកឡានដឹកបន្លែដែលគ្មានការធានារ៉ាប់រងបានមកប៉ះនឹងរថយន្តរបស់សាសនាចក្រ ។ បន្ទាប់ពីការពិភាក្សាគ្នាខ្លះៗមក គេបានលើកទឹកចិត្តឲ្យសាសនាចក្រប្ដឹងពីបញ្ហានេះនៅក្នុងតុលាការ ។ ប៉ុន្តែ ប្រធានស្ម៊ីធ បានមានប្រសាសន៍ថា ៖ « មែនហើយ យើងអាចធ្វើបាន ។ ហើយប្រសិនបើយើងខិតខំឲ្យអស់ពីលទ្ធភាព នោះយើងអាចថែមទាំងដកហូតឡានពីបុរសក្រីក្រម្នាក់នោះផងដែរ ដូច្នេះតើគាត់នឹងប្រកបរបរចិញ្ចឹមជីវិតបានដោយរបៀបណា ? » គណៈកម្មការនោះបានផ្លាស់ប្ដូរអនុសាសន៍របស់ខ្លួន ហើយបានទុកឲ្យបញ្ហានោះបញ្ចប់ទៅ ។15
ខ្ញុំបានឃើញពីសេចក្ដីស្រឡាញ់ដែលមនុស្សដទៃទៀតមានចំពោះលោក នៅពេលដើរសំដៅទៅរកប្រធាន ហារ៉ូល ប៊ី លី ( ឆ្នាំ 1899–1973 ) នៅកន្លែបញ្ចុះសពក្នុងទីក្រុង សលត៍ លេក បន្ទាប់ពីការឧទ្ទិសផ្នូររបស់ប្រធានស្ម៊ីធ ។ ខ្ញុំបាននិយាយទៅកាន់លោកថា « ប្រធានលី តាំងនាមជាសមាជិកម្នាក់ក្នុងគ្រួសារខ្ញុំចង់ឲ្យលោកដឹងពីអំណរគុណដ៏ធំធេងដែលខ្ញុំមានសម្រាប់ចិត្តសប្បុរសដែលលោកមានចំពោះលោកតារបស់ខ្ញុំ » ។ លោកបានមើលមុខខ្ញុំ ហើយបានមានប្រសាសន៍ដោយទន់ភ្លន់ថា « ខ្ញុំស្រឡាញ់បុរសម្នាក់នោះ ! »
អ្នកបម្រើដ៏ពិត ហើយស្មោះត្រង់
ការបម្រើរបស់ប្រធានស្ម៊ីធត្រូវបានកត់សម្គាល់ដោយការគោរពប្រតិបត្តិតាមការបង្រៀនរបស់ព្រះគម្ពីរក្នុងការប្រកាសពីការប្រែចិត្ត ( សូមមើល ឧទាហរណ៍ គ. និង ស. 6:9, 11:9 ) ។ លោកបានមានប្រសាសន៍ថា ៖ « វាជាបេសកកម្មរបស់ខ្ញុំ ខ្ញុំគិតថា វាត្រូវបានបំផុសគំនិតដោយព្រះវិញ្ញាណរបស់ព្រះអម្ចាស់នៅក្នុងការធ្វើដំណើររបស់ខ្ញុំក្នុងស្ដេកនៃស៊ីយ៉ូន ដើម្បីនិយាយទៅកាន់មនុស្សទូទៅថា ឥឡូវនេះ គឺជាថ្ងៃនៃការប្រែចិត្ត ហើយអំពាវនាវដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយឲ្យចងចាំពីសេចក្ដីសញ្ញារបស់ខ្លួន…ដោយជម្រុញពួកគេឲ្យមានភក្ដីភាព ហើយស្មោះត្រង់ នៅគ្រប់កិច្ចការទាំងអស់ » ។16 ( សូមមើល ជំពូកទី 5 ) ។
ក្នុងមួយជីវិតរស់នៅរបស់លោកអស់រយៈពេលជិត 96 ឆ្នាំ ប្រធានស្ម៊ីធ បានអធិស្ឋានថា លោកនឹងបន្តមានភក្ដីភាព ហើយស្មោះត្រង់ ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុត ។ ពិតណាស់ ប្រធាន ប៊យដ៍ ឃេ ផាកកឺ ជាប្រធានកូរ៉ុមនៃពួកសាវកដប់ពីរនាក់នៅបច្ចុប្បន្ននេះ បានសង្កេតឃើញថា ៖ « សូម្បីតែពេលលោកមានអាយុលើសកៅសិបឆ្នាំក៏ដោយ លោកបានអធិស្ឋានថាលោកនឹងអាចរក្សាសេចក្ដីសញ្ញា និងកាតព្វកិច្ចរបស់លោក ហើយកាន់ខ្ជាប់ដរាបដល់ចុងបំផុតដែរ » ។17
ចំពោះប្រធានស្ម៊ីធ « ភក្ដីភាព ហើយភាពស្មោះត្រង់ » គឺលើសពីឃ្លាដែលគ្រាន់តែថាឡើងវិញជារឿយៗទៅទៀត ។ វាជាអារម្មណ៍ដ៏អស្ចារ្យនៃសេចក្ដីសង្ឃឹមរបស់លោកចំពោះមនុស្សគ្រប់គ្នា—ចំពោះសមាជិកសាសនាចក្រដែលបានធ្វើសេចក្ដីសញ្ញា ហើយជាការពិតណាស់ចំពោះកូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌របស់យើង ។ ប្រធានស្ម៊ីធបានទទូចអង្វរថា « យើងគួរតែជាមនុស្សដ៏ដំបូងគេបង្អស់ …ចំពោះនគរព្រះ និងសេចក្ដីសុចរិតរបស់ទ្រង់ » ។ ចូរយើងមានភក្ដីភាព ហើយស្មោះត្រង់ជានិច្ច ដោយមានបំណងប្រាថ្នាមួយដើម្បីគោរពតាមព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ ហើយគោរពទ្រង់ ហើយចងចាំសេចក្ដីសញ្ញាដែលយើងបានធ្វើជាមួយនឹងទ្រង់ ។ នេះជាការអធិស្ឋានរបស់ខ្ញុំដើម្បីជាប្រយោជន៍ដល់អ៊ីស្រាអែលទាំងមូល » ។18 ( សូមមើល ជំពូក 19–22 ) ។
នៅពេលអ្នកសញ្ជឹងគិតនូវការបង្រៀនដ៏បំផុសគំនិតរបស់លោក នោះទីបន្ទាល់របស់អ្នកនឹងត្រូវបានពង្រឹង ហើយអ្នកនឹងត្រូវបានប្រទានពរឲ្យជាមួយនឹងការកើនឡើងនូវការយល់ដឹងពីសេចក្ដីពិតដ៏បរិសុទ្ធ ហើយសាមញ្ញនៃដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ។ វគ្គសិក្សានេះនឹងបង្កើនបំណងប្រាថ្នារបស់អ្នកដើម្បីរស់នៅជាមនុស្សមាន « ភក្ដីភាព ហើយស្មោះត្រង់ » ។