២០១៤
បេសកកម្ម​ដ៏​ទេវភាពនៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ អង្គ​ដ៏​ជា​គំរូ
ខែ មករា ឆ្នាំ 2014


សារលិខិត​បង្រៀន​សួរ​សុខទុក្ខ

បេសកកម្ម​ដ៏​ទេវភាព​នៃ​ព្រះយេស៊ូវ​គ្រីស្ទ ៖ អង្គ​ដ៏​ជា​គំរូ

សូម​សិក្សា​ឯកសារ​នេះ ហើយស្វែងរក​ដើម្បី​បាន​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ចែកចាយ​ប្រកប​ដោយ​ការ​អធិស្ឋាន ។ តើ​ការ​យល់ដឹង​ពីឆាក​ជីវិត និង បេសកកម្ម​របស់​ព្រះអង្គ​សង្គ្រោះ ​នឹង​ពង្រីក​​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ទ្រង់ ហើយ​ប្រទាន​ពរ​ដល់​ជន ​ដែល​មើល​ថែ​តាមរយៈ​ការ​បង្រៀន​សួរ​សុខ​ទុក្ខតាម​ផ្ទះ​ដោយ​របៀបណា ? សម្រាប់​​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ reliefsociety.lds.org ។

សេចក្ដី​ជំនឿ ក្រុមគ្រួសារ ការសង្គ្រោះ

នៅ​ពេល​យើង​យល់ថា ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​គំរូ​របស់​យើង​នៅ​គ្រប់កិច្ចការ​ទាំងអស់ នោះ​យើង​អាច​បង្កើន​បំណងប្រាថ្នា​របស់​យើង​ដើម្បី​ធ្វើតាម​ទ្រង់ ។ ព្រះគម្ពីរ​គឺ​ពោរពេញ​ដោយ​ការ​លើក​ទឹកចិត្តសម្រាប់យើង​ដើម្បីដើរតាម​ស្នាម​ព្រះបាត​របស់​ព្រះគ្រីស្ទ ។ ព្រះគ្រីស្ទបាន​មាន​បន្ទូល​ទៅ​សាសន៍​នីហ្វៃថា « ត្បិតអ្វីៗ​ដែល​អ្នក​រាល់គ្នា​បាន​ឃើញ​យើង​ធ្វើ​យ៉ាងណា នោះ​អ្នក​ត្រូវធ្វើតាម​យ៉ាងនោះ​ដែរ » ( នីហ្វៃទី 3 27:21 ) ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅថូម៉ាស​ថា « ខ្ញុំ​ជាផ្លូវ ជា​សេចក្ដីពិត ហើយ​ជា​ជីវិត បើ​មិន​មក​តាម​ខ្ញុំ នោះ​គ្មាន​អ្នកណា​ទៅឯ​ព្រះវរបិតា​បានឡើយ » ( យ៉ូហាន 14:6 ) ។

សព្វថ្ងៃ​នេះ ពួកអ្នកដឹកនាំ​របស់​យើង​រំឭក​យើង​ឲ្យ​យក​ព្រះអង្គសង្គ្រោះ​ធ្វើ​ជា​គំរូ​របស់​យើង ។ លីនដា ខេ ប៊ើតុន ជាប្រធាន​សមាគមសង្គ្រោះ​ទូទៅ បានមាន​ប្រសាសន៍​ថា « នៅ​ពេល​យើង​ម្នាក់ៗ​មាន​គោលលទ្ធិ​នៃ​ដង្វាយធួនឆ្លាក់ជាប់​យ៉ាងជ្រៅ​នៅ​ក្នុង​ដួងចិត្ត​របស់​យើង នោះ​យើង​នឹងចាប់ផ្ដើមក្លាយ​ជា​មនុស្ស​ដែល​ព្រះអម្ចាស់​ចង់​ឲ្យយើង​ប្រែក្លាយ » ។1

ប្រធាន ថូម៉ាស អេស ម៉នសុន បានមាន​ប្រសាសន៍​ថា « ព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវគ្រីស្ទ គឺជា​អង្គដ៏​គំរូរ​បស់​យើង និង​ជា​កម្លាំង​របស់​យើង » ។2

ចូរយើងខិតខំចូល​ទៅជិត​ព្រះយេស៊ូវគ្រីស្ទ គោរព​ព្រះបញ្ញត្តិ​របស់​ទ្រង់ ហើយ​ព្យាយាម​ត្រលប់​ទៅ​រក​ព្រះវរបិតាសួគ៌​របស់​យើង​វិញ ។

ចេញ​ពី​ព្រះគម្ពីរ

នីហ្វៃទី 2 នីហ្វៃទី 31:16, អាលម៉ា 17:11, នីហ្វៃទី 3 27:27, មរ៉ូណៃ 7:48

ចេញ​ពី​ប្រវត្តិសាស្ត្រ​របស់​យើង

អ៊ីឡៃស្សា អរ ស្នូ ជាប្រធាន​សមាគមសង្គ្រោះទូទៅ​ទីពីរ បាន​សរសេរ​ពីការបម្រើ​ក្នុង​ជីវិតរមែងស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ​ថា « ទ្រង់​បាន​គូសដាន ហើយ​ដឹកនាំ​ផ្លូវ » ។3 ទ្រង់បាន​បម្រើមនុស្ស​ទូទៅ—ម្នាក់ម្ដងៗ ។ ទ្រង់បាន​បង្រៀន​ថា យើង​គួរ​ទុក​សត្វចៀម​កៅសិបប្រាំបួន ហើយ​ទៅ​សង្គ្រោះ​សត្វចៀម​មួយ​ដែល​វង្វេង​ផ្លូវ ( សូមមើល លូកា 15:3–7 ) ។ ទ្រង់បាន​ព្យាបាល ហើយ​បាន​បង្រៀន​មនុស្ស​ទូទៅ ថែមទាំងចំណាយ​ពេល​សម្រាប់មនុស្ស​ម្នាក់ៗក្នុង​ក្រុមមនុស្ស 2,500 នាក់ ( សូមមើល នីហ្វៃទី 3 11:13–15, 17:25 ) ។

ប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ជាទីប្រឹក្សាទីពីរ​នៅ​ក្នុងគណៈប្រធានទីមួយ បាន​មាន​ប្រសាសន៍​ពី​ស្ត្រី​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ថា ៖ « អ្នកដែល​ជា​បងប្អូនស្រី​ដ៏អស្ចារ្យបាន​ផ្ដល់​ការ​បម្រើដ៏សប្បុរស​ដល់​មនុស្ស​ដទៃសម្រាប់ហេតុផល​ដែល​ធំធេង​ជាង​បំណងប្រាថ្នា​ចង់​បាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។ ក្នុង​កិច្ចការ​នេះ​ អ្នក​បាន​ដើរតាម​ព្រះអង្គសង្គ្រោះ ។… គំនិត​របស់​ទ្រង់​តែងតែ​ចង់ជួយ​ដល់​មនុស្សដទៃជានិច្ច » ។4

កំណត់​ចំណាំ

  1. លីនដា ខេ ប៊ើតុន « Is Faith in the Atonement of Jesus Christ Written in Our Hearts? » Liahona ខែ វិច្ឆិកា ឆ្នាំ 2012 ទំព័រ 114 ។

  2. ថូម៉ាស អេស ម៉នសុន « Meeting Life’s Challenges » Ensign ខែ វិច្ឆិកា ឆ្នាំ 1993 ទំព័រ 71 ។

  3. « ឱប្រាជ្ញា និងក្ដីស្រឡាញ់​ដ៏​ធំអស្ចារ្យ » ទំនុក​តម្កើង និង ចម្រៀង​កុមារាកុមារី ទំព័រ 19 ។

  4. ឌៀថើរ អេស្វ អុជដូហ្វ « Happiness, Your Heritage » ឬ Liahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 120 ។

ការរស់ឡើងវិញ, ដោយ ហារី អាន់ឌើរសិន