២០១៤
​ប្រទេស ម៉ិចស៊ិក​បាន​អភិវឌ្ឍ ៖ ពី​បញ្ហា​ទៅ​កាន់​ភាព​រឹងមាំ
ខែ មករា ឆ្នាំ 2014


ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​នៅគ្រប់​ដែនដី

ប្រទេស​ម៉ិចស៊ិក​បាន​អភិវឌ្ឍពីបញ្ហា​ទៅ​កាន់​ភាព​រឹងមាំ

ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​នៅ​​ប្រទេស ម៉ិចស៊ិកបាន​ស្ថាបនា​នូវ​កេរមរតក​នៃ​សេចក្ដីជំនឿ​របស់​ពួកគេ ដើម្បី​នាំ​មក​នូវ​អនាគត​ដ៏​ស្រស់ស្អាត​ដល់​ប្រទេស​របស់​ពួកគេ ។

នៅ​ថ្ងៃ​ទី 6 ខែ វិច្ឆិកា ឆ្នាំ 1945 ការ​អធិស្ឋាន​បាន​ទទួល​ចម្លើយ​នៅ​ពេល​ក្រុម​ទីមួយ​នៃ​ពួក​បរិសុទ្ធថ្ងៃ​ចុងក្រោយ​ម៉ិចស៊ិក​បាន​មក​ដល់​ព្រះវិហារ​បរិសុទ្ធ មេសា អារីហ្សូណា ដើម្បី​ទទួល​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ភាសា​កំណើត​របស់​ខ្លួន ។ ហូសេ ក្រាសៀ នៅ​ពេល​នោះ​ជា​ប្រធាន​សាខា មន់ធើររេ បាន​ប្រាប់ឲ្យដឹង​ថា « យើង​បាន​មក​ដើម្បី​ធ្វើ​កិច្ចការ​ដ៏​អស្ចារ្យ​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​ដូនតា​របស់​យើង ។… ប្រហែល​ជា​យើង​មួយ​ចំនួនបាន​ធ្វើ​ការ​លះបង់ ប៉ុន្តែ​ការ​លះបង់ទាំងនោះ​ដែល​យើង​បាន​ធ្វើ​គឺ​ពុំ​ឥត​ប្រយោជន៍​ឡើយ ។ យើង​មាន​អំណរណាស់​ដោយ​បាន​ធ្វើ​កិច្ចការ​ទាំងនេះ » ។1

ប្រធាន ក្រាសៀ និង​សមាជិក​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រះវិហារ​បរិសុទ្ធ​បាន​ដើរ​តាម​ដានជើង​នៃពួក​អ្នក​ត្រួសត្រាយ​ផ្លូវ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ម៉ិចស៊ិច​ពី​ជំនាន់ដើម ដែល​បាន​លះបង់ដូចគ្នា​នេះ​ចំពោះ​ដំណឹងល្អ​ដែល​បាន​ស្ដារឡើងវិញ ។

ការ​ស្ថាបនាគ្រឹះ

ដែនដី​ភ្នំ វាលខ្សាច់ ព្រៃ និងឆ្នេរសមុទ្រ​ដ៏​ល្អ​ស្រស់​ស្អាត ​ប្រទេស ម៉ិចស៊ិក​​ពី​បុរាណ​គឺ​ជា​ផ្ទះ​សម្រាប់​មនុស្ស​ដែល​បាន​សាងសង់​ព្រះវិហារ​បរិសុទ្ធ និង​ទីក្រុង​ដ៏​ស្រស់ស្អាត ។ ជាច្រើន​សតវត្សរ៍ ប្រជា​ជន​ម៉ិចស៊ិចបាន​ស្ថាបនា​គ្រឹះ​នៃ​សេចក្ដីជំនឿ​ និង​ការអធិស្ឋាន​ដ៏​រឹង​មាំ​មួយដែល​បាន​ជួយ​ពួកគេក្នុង​គ្រា​ដ៏​លំបាក ។

ខណៈដែល​ពួក​បរិសុទ្ធ​កំពុងស្ថាបនា​សាសនាចក្រ​នៅ​ក្នុង​រដ្ឋ យូថាហ៍ នោះ​ប្រជាជន​ម៉ិចស៊ិច​បានកំពុង​ធ្វើ​កិច្ចការ​រៀបចំ​រចនា​សម្ព័ន្ធសង្គម​របស់​ពួកគេ​ឡើង​វិញ រួម​ទាំង​ការ​សរសេរច្បាប់​រដ្ឋធម្មនុញ្ញ​ថ្មីមួយ​ដែល​បែងចែក ព្រះវិហារ និងរដ្ឋ​ដាច់​ពីគ្នា ។ សារលិខិត​នៃ​ដំណឹងល្អបាន​មក​ដល់​ប្រទេស​ម៉ិចស៊ិក​នៅ​ឆ្នាំ 1876 ជាមួយ​នឹង​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ដំបូង កាន់​ព្រះគម្ពីរ​ដែល​បាន​ជ្រើសរើសក្នុង​ព្រះគម្ពីរ​មរមន ដែល​វា​បាន​ផ្ញើ​ទៅ​ឲ្យ​មេដឹកនាំ​ម៉ិចស៊ិក ។ មិនយូរប៉ុន្មាន បុណ្យជ្រមុជទឹក​បាន​កើត​មាន​ឡើង ។

អំឡុង​ពេល​សន្និសីទពិសេស​មួយ​នៃ​សាសនាចក្រ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី 6 ខែ មេសា ឆ្នាំ 1881 ប្រធាន​សាខា ស៊ិលវីយ៉ាណូ អាតេអាហ្គា ថ្នាក់ដឹកនាំ​មូលដ្ឋាន​មួយចំនួន និង​សាវក ម៉ូសេ ថាត់ឆើរ ( 1842–1909 ) បាន​ឡើង​ទៅ​លើ​ចំណោទភ្នំ​ភ្លើង ។ ​ប៉ូប៉ូកាតេប៉េត ។ បន្ទាប់មក អែលឌើរ ថាត់ឆើរ បានឧទ្ទិស​ដែនដីនេះ​សម្រាប់ការ​ប្រកាសដំណឹងល្អ ។

នៅ​សន្និសីទ​នោះ​ ប្រធាន អាតេអាហ្គា បាន​អធិស្ឋាន ហើយ​អែលឌើរ ថាត់ឆើរ​ បាន​មាន​ប្រសាសន៍​ថា ៖ « ទឹកភ្នែករបស់​គាត់​បាន​ហូរ​ស្រក់​មក ដើម្បី​ធ្វើ​ឲ្យ​ពូជសាសន៍ និង​ប្រជាជន​របស់​គាត់​មាន​សេរីភាព ។… ខ្ញុំ​ពុំ​ធ្លាប់ឮបុរស​ណា​ម្នាក់​អធិស្ឋាន​ដោយ​ស្មោះត្រង់​បែប​នេះ​ឡើយ ហើយ​ទោះ​ជា​ការអធិស្ឋាន​ជា​ភាសា​មួយ​ដែល​ខ្ញុំ​មិន​យល់ ប៉ុន្តែ​ខ្ញុំ​ហាក់ដូចជា​យល់​តាមរយៈព្រះវិញ្ញាណ នូវ​អ្វី​ដែលគាត់​បាន​អង្វរ​សុំ » ។2

នៅ​ពេល​ជាមួយ​គ្នានោះដែរ សាខា​ម៉ិចស៊ិក​មួយ​ចំនួន​ត្រូវ​បាន​ស្ថាបនា​នៅ​ក្នុងតំបន់ ។ ដេស៊ីដេរីយ៉ា យ៉ាណេស ជា​ស្ត្រី​មេម៉ាយ​វ័យ​ចំណាស់​ម្នាក់​រស់នៅ​រដ្ឋ ហ៊ីដាល់ហ្គូ បាន​មាន​សុបិន​មួយ​ពី​កូន​សៀវភៅ​របស់​ប៉ាលី ភី ប្រាត្ត A Voice of Warning ( សំឡេង​នៃ​ការ​ព្រមាន ) ។ គាត់​បាន​ឲ្យ​កូនប្រុស​របស់​គាត់​ទៅ​ទីក្រុង​​​ម៉ិចស៊ិក ដើម្បី​យក​កូនសៀវភៅ​នោះ ដែល​ទើប​តែ​បាន​បកប្រែ​ជា​ភាសា​អេស្ប៉ាញ ។ គាត់​បាន​ចូលរួម​នឹង​សាសនាចក្រ​នៅ​ឆ្នាំ 1880 ដោយ​ក្លាយ​ទៅជា​ស្ត្រី​ទីមួយ​ដែល​ចូល​រួម​ក្នុង​សាសនាចក្រ​នៅ​ប្រទេស​ម៉ិចស៊ិក ។3

ចាប់តាំងពី​ពេល​នោះ​មក សមាជិក​សាសនាចក្រ​ជាច្រើន​នៅ​​ប្រទេស ម៉ិចស៊ិក​បាន​បន្តស្មោះត្រង់ដោយ​ឆ្លង​កាត់​នូវ​ទសវត្ស​នៃ​ការ​បដិវត្តន៍ ការ​ធ្វើ​ទុក្ខទោស ភាព​ក្រីក្រ និង​ភាព​ឯកោ ។4

គំរូ​នៃ​ពួក​អ្នកត្រួសត្រាយ​ផ្លូវ​ដ៏ស្មោះត្រង់

គំរូ​មួយ​នៃ​សេចក្ដីស្មោះត្រង់​នេះ​គឺត្រូវបាន​រកឃើញ​នៅ​ក្នុង​សាខា សានប៉េដ្រូម៉ាទើរ ដែល​បាន​រៀបចំ​ឡើង​នៅ​ក្នុង​ឆ្នាំ 1907 ។ សមាជិក​ពី​ជំនាន់មុន​បាន​ជួប​គ្នា​តែនៅ​ភាគ​ខាង​ត្បូង​នៃ​ទីក្រុង​​ ម៉ិចស៊ិកប៉ុណ្ណោះ គឺ​នៅ​ក្នុង​អគារ​មួយ​ដែល​បាន​សង់​ឡើង​ដោយ​អ្នក​ទើប​ជ្រមុជទឹក​ថ្មីឈ្មោះ អាហ្គាស្ទីន ហារ៉ូ ដែល​ត្រូវបាន​ហៅ​ឲ្យ​ធ្វើ​ជា​អធិបតី​នៅ​សាខា​នោះ ។ អំឡុង​គ្រា​ដ៏​លំបាក​នៃ​ការធ្វើ​បដិវត្តន៍​ក្នុង​ប្រទេស​ម៉ិចស៊ិក ជា​ពេល​ដែល​យ៉ាងហោចណាស់​ប្រជាជន​ម៉ិចស៊ិក​មួយ​លាន​នាក់​ត្រូវបាន​គេ​សម្លាប់ នោះពួក​បរិសុទ្ធ​ជាច្រើន​បាន​ស្វែង​រក​ទី​ជំរក​ជ្រក​កោន​នៅ​សាន ប៉េដ្រូ នៅ​ពេល​រដ្ឋ​របស់​ពួកគេ​បាន​ក្លាយ​ទៅ​ជា​ទីលានចម្បាំង ។ បងប្អូនស្រី​នៅ​ក្នុង​សមាគមសង្គ្រោះ​ក្នុង​សាន ប៉េដ្រូ​បាន​ផ្ដល់​ដល់​ជនភៀសខ្លួន​ទាំងនេះ​នូវ​ការ​បម្រើ​ប្រកបដោយ​សេចក្ដីមេត្តា​យ៉ាងខ្លាំង ។5

សមាជិក​ក៏​ត្រូវបាន​ប្រទានពរ​ឲ្យ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​ដែល​មាន​ការ​លះបង់​ដូចជា រេ អិល ប្រាត្ត ។ ត្រូវបាន​ហៅ​ធ្វើ​ជា​ប្រធាន​បេសកកម្ម​ម៉ិចស៊ិក​ក្នុង​ឆ្នាំ 1907 គាត់​បាន​បម្រើ​នៅ​ក្នុង​ការ​ហៅ​នោះ​រហូត​ដល់​បាន​ទទួល​មរណភាព​នៅ​ឆ្នាំ 1931 ។ គាត់​ស្រឡាញ់​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ប្រជាជន​ម៉ិចស៊ិក ហើយ​បាន​ទទួល​សេចក្ដីស្រឡាញ់ និង​ការទុក​ចិត្ត​របស់​ពួកគេ នៅ​ពេល​ពួកគេធ្វើ​ការ​រួម​គ្នា​ដើម្បី​ពង្រឹង​គ្រឹះ​របស់​សាសនាចក្រ​នៅ​ទីនោះ ។ កិច្ចខិតខំ​របស់​ប្រធាន ប្រាត្ត ដើម្បី​ពង្រឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ជនជាតិ​ម៉ិចស៊ិក បាន​បង្ហាញ​នូវ​សារៈសំខាន់យ៉ាង​ពិសេស​ក្នុងឆ្នាំ 1926 នៅ​ពេល​រដ្ឋាភិបាល​ម៉ិចស៊ិច​បាន​ចាប់ផ្ដើមពង្រឹង​ច្បាប់​ដែល​ហាមឃាត់​មិន​ឲ្យ​ជន​បរទេស​គ្រប់គ្រង​ក្រុម​ជំនុំ​នៅ​ក្នុង​ប្រទេស​ម៉ិចស៊ិកនោះ ។6 អំឡុង​ពេល​នោះ មាន​សមាជិក​មួយ​ក្រុម​បាន​បង្កើត​ក្រុម​មួយ​ដែល​ពួកគេ​ហៅ​ថា អនុសញ្ញា​ទីបី ហើយ​បាន​ចាប់ផ្ដើម​ហៅ​ថ្នាក់​ដឹកនាំ​របស់​ពួកគេ ហើយ​សង់​សាលាប្រជុំ ។

ការ​ស្ថាបនាគ្រឹះ

អាវ៉ែល អិល ភាស ត្រូវបាន​ហៅ​ជា​ប្រធាន​បេសកកម្ម​ម៉ិចស៊ិក​នៅឆ្នាំ 1942 ។ ដោយ​ពឹង​ផ្អែក​លើ​បទពិសោធន៍​របស់​គាត់​ខណៈដែល​ធំដឹង​ក្ដី​ឡើង​នៅ ឈឺហូអាហួអាំ និង​ការ​បម្រើ​បេសកកម្ម​នៅ​ប្រទេសម៉ិចស៊ិក ប្រធាន ភាស បាន​ឈោងទៅ​ជួយ​ដោយ​សេចក្ដីស្រឡាញ់ និង​ការ​យល់​ចិត្ត នៅ​ពេល​បាន​បង្រៀន​ ពង្រឹង ហើយ​ធ្វើ​ឲ្យ​សមាជិក​មាន​ភាព​សាមគ្គីភាព ។ គាត់ក៏​បាន​ធ្វើ​ការ​ជាមួយ​នឹង​សមាជិក​នៃ​ក្រុម​អនុសញ្ញា​ទីបី​ដើម្បី​ដោះស្រាយ​កង្វល់របស់​ពួកគេ​ផងដែរ ។

គោលដៅ​មួយ​របស់​ប្រធាន​ ភាស គឺ​ដើម្បី​ជួយសមាជិក​ឲ្យ​ទៅកាន់​ព្រះវិហារ​បរិសុទ្ធ ។7 ក្នុង ឆ្នាំ 1943 កិច្ចខិតខំ​ដើម្បី​ធ្វើ​ឲ្យ​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ​កើត​មាន​ដល់​សមាជិក​​ជាច្រើន​ទៀត​បាន​កើត​ឡើង ។ បន្ទាប់ពីការ​ប្រជុំ​ជាមួយ​នឹង​ថ្នាក់ដឹកនាំ​សាសនាចក្រ​ក្នុង​មូលដ្ឋាន​ក្នុង​រដ្ឋ អារីហ្សូណា ស.រ.អា. អែលឌើរ យ៉ូសែប ហ្វ៊ិលឌីង ស្ម៊ីធ ( 1876–1972 ) ដែល​នៅ​ពេល​នោះ​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរនាក់ បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​មើល​ឃើញ​ថា ភាសាអង់គ្លេស​មិន​គួរ​ជា​ភាសា​តែ​មួយ​នៅ​ក្នុង​ការ​ប្រជុំ​នៅ​ព្រះវិហារ​បរិសុទ្ធ​ឡើយ » ។8 អែលឌើរ អាន់តូណេ អ័រ អាយវីនស៍ នៃ​ពួក​ចិតសិបនាក់ និង​អេឌូអាដូ បាលឌើរ៉ាស ក្នុង​នាយកដ្ឋាន​បកប្រែ​របស់​សាសនាចក្រ​ត្រូវបាន​ស្នើសុំ​ឲ្យ​បកប្រែ​ពិធីបរិសុទ្ធ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ភាសាអេស្ប៉ាញ ។ ការ​បកប្រែ​នេះ​បាន​កំណត់​ជំហាន​សម្រាប់​ព្រះវិហារបរិសុទ្ធ​នឹង​ត្រូវបាន​សាងសង់​ឡើង​នៅ​លើ​ទឹកដីផ្សេងទៀត ។9

ដោយ​មាន​ពិធី​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​ភាសា​អេស្ប៉ាញ​នៅ​ព្រះវិហារ​បរិសុទ្ធ មេសា អារីហ្សូណា និង​ដោយ​មាន​ទស្សនកិច្ច​មួយ​ពី​ប្រធាន​សាសនាចក្រ ចច អ័លប៊ើត ស៊្មីធ ( 1870–1951 ) ទៅ​ប្រទេស​ម៉ិចស៊ិក​ ក្នុង​ឆ្នាំ 1946 ដើម្បី​ជួយ​បង្រួប​បង្រួម​ពួក​បរិសុទ្ធ​ម៉ិចស៊ិក10 នោះ​សាសនាចក្រ​បាន​ចាប់ផ្ដើម​រីក​លូតលាស់​តាម​របៀប​មួយ​ដែល​ជំនាន់​ពី​មុន​បាន​ត្រឹមតែ​ស្រមើស្រមៃ​ប៉ុណ្ណោះ ។ បេសកកម្ម និង​ស្តេក​ថ្មី​ជាច្រើន​ត្រូវបាន​ប​ង្កើត​ឡើង​ពេញ​ផ្ទៃ​ប្រទេស ហើយ​សាលារៀន​ដែល​ឧបត្ថម្ភ​ដោយ​សាសនាចក្របា​នលើក​កម្ពស់​ដល់​ការ​អប់រំ ។

ក្នុង​ឆ្នាំ 1964 សាសនា​ចក្រ​​បាន​ឧទ្ទិសឆ្លង​សាលារៀន​ El Centro Escolar Benemérito de las Américas ជា​សាលារៀន​មួយ​ដែល​បាន​បម្រើ​សេចក្ដីត្រូវការ​របស់​សមាជិក​ខាង​វិស័យ​អប់រំ សង្គម ខាង​វិញ្ញាណ និង​ភាព​ជា​អ្នកដឹកនាំ​របស់​សមាជិក​រហូត​ដល់​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​បំពាក់បំប៉ន​អ្នកផ្សព្វផ្សាយ​សាសនា​នៅ​ឆ្នាំ 2013 ។11 បងស្រី ឡូរេណា ហ្គូមេស អាល់វ៉ារេស្ស ដែល​បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​នោះ​ បាន​និយាយ​ថា « Benemérito បាន​ជួយ​ខ្ញុំ​ឲ្យ​រកឃើញ ហើយ​អភិវឌ្ឍ​នូវ​ទេពកោសល្យ​របស់​ខ្ញុំ និង​ដើម្បី​ទទួល​បាន​ការ​អំប់រំ និង​ចំណេះដឹង​មួយ​នៃ​ដំណឹងល្អដែល​បាន​ប្រទាន​ពរ​ដល់​ជីវិត​របស់​ខ្ញុំ ។ ឥឡូវនេះ វា​នឹង​ជួយ​ដល់​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សាយ​ដំណឹងល្អ ហើយ​នឹង​បន្ត​ប្រទាន​ពរ​ដល់​ជីវិត​របស់​ប្រជាជន គឺ​ជា​របៀប​ពិសេស​មួយ » ។12

យុគសម័យនៃ​ការ​រីកចម្រើន

សន្និសីទ​នៅ​ទីក្រុង​​ម៉ិចស៊ិកនៅ​ឆ្នាំ 1972 គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ទៀត​ក្នុង​ការ​រីកចម្រើន​របស់​សាសនាចក្រ ។ សមាជិក​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ដើម្បី​ស្ដាប់​ប្រធាន ហារ៉ូល ប៊ី លី ( 1899–1973 ) ទីប្រឹក្សា​របស់​លោក ពួក​សាវក​មួយចំនួន និង​ថ្នាក់ដឹកនាំ​ដទៃទៀត ។ ក្រុម​ចម្រៀង​រោងឧបោសថ​បាន​សម្ដែង​នៅ​ទី​នោះ ដោយបន្ថែម​នូវ​ចំណី​អារម្មណ៍​ខាង​វិញ្ញាណ ។ ពួ​កអ្នកចូលរួម​នៅ​សន្និសីទបាន​ស្រែក​ឡើង​ថា « វា​លើស​ពី​អ្វី​ដែល​យើង​ស្រមើស្រមៃ​ថា​នឹង​កើតឡើង​ទៅ​ទៀត—ជា​សន្និសីទ​នៅ​ក្នុង​ដែនដី​ផ្ទាល់​របស់​យើង » ។13

នៅ​ទសវត្សរ៍ឆ្នាំ 1970 គឺជា​ពេល​ដ៏​រីករាយ​នៃ​ការ​រីកលូតលាស់​ក្នុង​ប្រទេស​ម៉ិចស៊ិក ។ នៅ​ឆ្នាំ 1970 មាន​សមាជិក​ជិត 70,000 នាក់​នៅ​ក្នុង​ប្រទេស​នេះ លុះ​ដល់​ចុង​ទសវត្សរ៍​មានជិត​ទៅ​ដល់ 250,000 នាក់ ។ បីឆ្នាំក្រោយ​ពី​សន្និសីទ​នៅ​តំបន់​នេះ អែលឌើរ ហាវើដ ដបុលយូ ហឹនធើរ ( 1907–95 ) បាន​បំបែក​ស្តេក​ចំនួន​បី​ដែល​មាន​រួចហើយ ដើម្បី​បង្កើត​ជា 15 ស្តេក​នៅ​ចុងសប្ដាហ៍​មួយ ដោយ​ហៅ​សមាជិក​ម៉ិចស៊ិក​វ័យក្មេង​ជា​ច្រើន​ធ្វើ​ជា​អ្នក​ដឹកនាំ ។14

កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ក៏​បាន​ពង្រីក​ផងដែរ​នៅ​អំឡុង​ពេល​នេះ ។ បេសកកម្ម​ម៉ិចស៊ិក ដែល​បាន​បើក​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ 1879 ត្រូវបាន​បំបែក​ជា​លើកដំបូង​នៅ​ឆ្នាំ 1956 ។ ឥឡូវ​នេះ​ ប្រទេស​ម៉ិចស៊ិក​មាន​បេសកកម្ម​ 34 កន្លែង ។15 បងប្រុស ចច ហ្សាម៉ូរា ដែល​បានបម្រើ​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ក្នុង​បេសកកម្ម​ម៉ិចស៊ិកស៊ីធី​ខាង​ជើង​ក្នុង​ទសវត្សរ៍ឆ្នាំ 1980 បាន​ឃើញ​ពី​ការ​រីកចម្រើន​នេះ ។ គាត់បាន​នឹកចាំ​ពី​តំបន់បេសកកម្ម​មួយ​របស់​គាត់​ដែល​សមាជិក​ត្រូវ​បាន​ធ្វើ​ដំណើរ​រយៈពេល​មួយ​ម៉ោង​ទៅ​ចូល​រួម​នៅ​ព្រះវិហារ ។ ឥឡូវ​នេះ​មាន​ស្តេក​មួយ​នៅទីនោះ ។ គាត់​និយាយ​ថា « វា​អស្ចារ្យ​ណាស់​ចំពោះ​ខ្ញុំ​នូវ​របៀប​ដែល​ព្រះអម្ចាស់​ធ្វើការ​ដើម្បី​ស្ថាបនា​សាសនាចក្រ ដោយ​មិន​គិត​ពី​ប្រទេស ឬ​វប្បធម៌​ណា​នោះ​ទេ » ។

មាន​ព្រះវិហារបរិសុទ្ធ​ជាច្រើន​នៅ​លើ​ដែនដី​នេះ

ប្រជាជន​ម៉ិចស៊ិក​ស្រឡាញ់​ពិធីការ​សង្គ្រោះ​របស់​ព្រះវិហារ​បរិសុទ្ធ ហើយ​យល់​ព្រម​ដើម្បី​ធ្វើ​ការ​លះបង់ពេលវេលា​ និង​ប្រាក់ដ៏​អស្ចារ្យដើម្បី​ថ្វាយ​បង្គំ​នៅ​ទីនោះ ។ គ្រាន់​តែ​ជាង 100 ឆ្នាំ បន្ទាប់​ពី​អែលឌើរ ថាត់ឆើរ បាន​ឧទ្ទិសឆ្លង​ដែនដី​នេះ​សម្រាប់​ការ​ផ្សព្វផ្សាយ​ដំណឹងល្អ ព្រះវិហារ​បរិសុទ្ធ​មួយ​ត្រូវបាន​សង់ឡើង​នៅ​ក្នុង​ទីក្រុង​ម៉ិចស៊ិក ។ ការ​បើកសម្ពោធ​នៅ​ឆ្នាំ 1983 បាន​ជួយ​នាំ​សាសនាចក្រ​​ចេញ​ពី​ទីអាប់អួរ​នៅ​ក្នុង​ប្រទេសម៉ិចស៊ិក នៅ​ពេល​មាន​មនុស្ស​រាប់ពាន់នាក់​បាន​មក​ទស្សនា​ព្រះវិហារ​បរិសុទ្ធ ហើយ​បាន​សួរ​ពី​ព័ត៌មាន​បន្ថែម​ទៀត ។ ក្នុង​រយៈពេល​ 30 ឆ្នាំ ព្រះវិហារ​បរិសុទ្ធ 11 ថែម​ទៀត​ត្រូវបាន​ឧទ្ទិសឆ្លង​ពេញ​ផ្ទៃ​ប្រទេស ហើយ​មាន​មួយ​ទៀត​កំពុង​​សាងសង់ ។

អ៊ីសាប៊េល ឡេឌេស្សម៉ា បាន​ធំ​ឡើង​នៅ តាំពីកូ ហើយ​ចងចាំ​ពី​ពេល​ដែល​ឪពុកម្ដាយ​នាង​បាន​ផ្សារភ្ជាប់​នៅ​ក្នុង​ព្រះវិហារ​បរិសុទ្ធ មេសា អារីហ្សូណា ។ នាង​និយាយថា « វា​ចំណាយ​ពេល​ពីរ​ថ្ងៃ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​អារីហ្សូណា ហើយ​ការ​ធ្វើដំណើរ​នោះ​ថ្លៃ​ខ្លាំងណាស់ » ។ « នៅ​ពេល​ព្រះវិហារ​បរិសុទ្ធ​ម៉ិចស៊ិកស៊ីធីម៉ិចស៊ិក​ បាន​ឧទ្ទិសឆ្លង ចម្ងាយផ្លូវ​ត្រូវបានបន្ថយមក​ត្រឹម​តែ 12 ម៉ោង ដោយ​ធ្វើ​ដំណើរ​តាម​រថយន្ត » ។ ឥឡូវ​នេះ​ដោយ​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ តាំពីកូ នោះ​យើង​អាច​ចូល​រួម​បាន​ញឹកញាប់ » ។

លីមហៃ អន់ទីវ៉េរ៉ូស ដែល​បាន​បម្រើ​ជា​ប្រធាន​ព្រះវិហារ​បរិសុទ្ធអោស្សាកាម៉ិចស៊ិក​ពី ឆ្នាំ 2007 ដល់ 2010 បាន​មាន​ប្រសាសន៍​ថា « អស់អ្នក​ដែល​មានទីបន្ទាល់​ដ៏​ស៊ីជម្រៅ ហើយ​ខ្ជាប់ខ្ជួន​ពីដំណឹងល្អ​ស្វែងរក​វិធី​ដើម្បី​មក សូម្បី​តែ​មាន​ការ​លំបាក​លើ​ចម្ងាយផ្លូវ និង​ហិរញ្ញវត្ថុ​ក្ដី ហើយ​ពួកគេ​មើល​ឃើញ​ព្រះវិហារ​បរិសុទ្ធ​ជានិមិត្តរូបនៃ​ការ​ការពារ » ។

បងស្រី ឡេឌេស្សម៉ា បានបន្ថែម​ថា « យើង​ត្រូវការ​ព្រះវិញ្ញាណ​នៅ​ក្នុង​ទីក្រុង​របស់​យើង ហើយ​ការ​មាន​ព្រះវិហារ​បរិសុទ្ធ​នៅ​ទីនេះ​ជួយ​ឲ្យ​ការណ៍​នោះ​កើតឡើង » ។ នៅ​ពេល​យើង​មាន​បញ្ហា នៅ​ពេល​យើង​សោកសៅ ព្រះវិហារ​បរិសុទ្ធ​គឺ​នៅ​ជិត ហើយ​យើង​ស្វែង​រក​សេចក្ដីសុខសាន្ត​នៅ​ទីនោះ » ។

ការ​យក​ឈ្នះ​លើ​សេចក្ដីលំបាក

សមាជិក​ម៉ិចស៊ិក​បាន​ប្រឈមមុខ​នឹង​ឧបសគ្គ និង​ការ​ល្បួង​ទូទៅ​ជា​ច្រើន ប៉ុន្តែ​ពួកគេ​ដឹងថា ពួកគេ និង​ពួក​បរិសុទ្ធ​ដទៃទៀត​គឺជា​កូនចៅ​នៃ​ព្រះវរបិតាជាទីស្រឡាញ់ ។ ស្ថានភាពសេដ្ឋកិច្ច និង​សង្គម​ពុំមែន​ជា​បញ្ហា​នៅ​ក្នុង​របៀប​ដែល​ពួកគេ​ប្រព្រឹត្តចំពោះ​គ្នា​នោះឡើយ ។

គ្រួសារ​ មេនដេស្ស រស់នៅ​ក្នុង​ទីក្រុង​តូចមួយ​នៅ​លើ​ភ្នំក្បែរ​ទីក្រុង អោស្សាកា នៅភាគខាង​ត្បូង​ប្រទេស​ម៉ិចស៊ិក ។ ពួកគេ​និយាយថា « មាន​ពេល​លំបាកៗ​ខាង ហិរញ្ញវត្ថុ និង​ចម្ងាយផ្លូវ ប៉ុន្តែ​ឆន្ទៈ​ដើម្បីធ្វើ​​អ្វី​ដែល​ព្រះអង្គសង្គ្រោះ​របស់​យើង​ចង់​ឲ្យ​យើង​ធ្វើ​បាន​លើកទឹកចិត្ត​យើង​ឲ្យ​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ » ។

ហ្គន់ស្សាឡូ មេនដេស្ស អាយុ 15 ឆ្នាំ បាននិយាយថា « នៅ​ពេល​អ្នក​រស់​នៅ​ទីកន្លែង​មួយ​ដែល​មាន​គ្រោះថ្នាក់ ការល្បួងទាំងឡាយ​អាច​មាន​ការ​លំបាក ប៉ុន្តែ​ដោយ​មាន​ជំនួយ​នៃ​ការ​អធិស្ឋាន​យើង​មិន​ទទួល​យក​ភាពរីករាយ​នៃពិភពលោក ហើយ​យើង​ឈរ​ជា​សាក្សី​ចំពោះ​ផ្លូវ​ដ៏​ប្រសើរ​មួយ​នៃ​ជីវិត » ។

ការ​សម្លឹង​ឆ្ពោះ​ទៅ​កាន់​អនាគត

ដំណឹងល្អ​ត្រូវ​បាន​ស្ថាបនា​នៅ​ប្រទេស​ម៉ិចស៊ិកជា​យូរ​មក​ហើយ ប៉ុន្តែ​នៅ​មាន​តំបន់​ខ្លះ​ដែល​សាសនាចក្រ​កំពុង​តែ​អភិវឌ្ឍ ។ ចៃ​មី ក្រាស់ អាយុ 15 ឆ្នាំ និង​គ្រួសារ​របស់​គាត់​គឺ​ជា​សមាជិកនៃ​សាសនាចក្រ​តែ​មួយ​គត់​នៅ​ក្នុង​ក្រុង​តូច​មួយ​របស់​ពួកគេ​នៅ​លើ​ភ្នំខាង​លើ​ទីក្រុង អោសាកា ។ គាត់​ និង​មិត្ត​របស់គាត់ ហ្គន់ស្សាឡូ ធ្វើ​ការ​សិក្សា​ថ្នាក់​សិក្ខាសាលា​នៅ​ផ្ទះរាល់​សប្ដាហ៍ ។ រៀងរាល់ថ្ងៃ​សៅរ៍ ​ពួកគេ​បាន​ធ្វើ​ដំណើរ​ពីរម៉ោង​ដោយ​ជិះ​ឡាន​ក្រុង​ទៅ​រោងជំនុំ​ដែល​នៅ​ជិត​ជាង​គេ​បំផុត​ដើម្បី​ចូល​រៀន​ថ្នាក់សិក្ខា​សាលា​ជាមួយ​នឹង​យុវវ័យ​ផ្សេងទៀត​ក្នុង​វួដរបស់​ពួកគេ ។ ចៃមី បាន​ចែកចាយ​នូវ​អ្វីដែល​គាត់​បាន​រៀន​ក្នុង​ថ្នាក់សិក្ខា​សាលា​ជាមួយ​នឹង​មិត្ត​រួម​ថ្នាក់​របស់​គាត់​នៅ​ឯសាលា ហើយ​បាន​ឆ្លើយ​នឹង​សំណួរ​របស់​ពួកគេ ។ ប្អូន​ប្រុស​របស់​ចៃមី ឈ្មោះ អាឡិច ជា​ឌីកុន​ គឺជា​អ្នក​ដឹកនាំ​ម្នាក់​នៅ​ក្នុងចំណោម​​មិត្ត​ភក្ដិ​របស់​គាត់ ។ អាឡិច និយាយថា នៅ​ពេល​គាត់​សុំពួកគេ​ដោយ​និយាយ​ពាក្យ​ល្អ​កុំ​ឲ្យ​ប្រើ​ពាក្យ​មិន​ល្អ ឬ​ស្លៀកពាក់​សំលៀកបំពាក់​មិន​សមរម្យ នោះ​ពួកគេ​ស្ដាប់តាម​អ្វី​ដែល​គាត់​និយាយ ។ ចៃ​មី និង​អាឡិច ពួកគេ​ទាំងពីរ​នាក់​បាន​ដឹង​ថា ការ​កាន់​បព្វជិតភាព​គឺ​ជាកិត្តិយស និង​ទំនួលខុស​ត្រូវ​មួយ ។ ចៃមី និយាយថា « ខ្ញុំ​ដឹង​ថា បព្វជិតភាព​ត្រូវបាន​ផ្ដល់​ឲ្យ​ដល់​យុវជន​ដើម្បី​សរសើរ​តម្កើង​ដល់​ព្រះនាម​របស់​ព្រះ​ដោយ​ការ​បម្រើ​ដល់​មនុស្ស​ដទៃទៀត និង​ដោយ​ការ​ប្រកាសដំណឹងល្អ » ។

អំឡុងពេល​ទស្សនកិច្ច​ថ្មីៗ​នេះ​នៅ​ប្រទេស​ម៉ិចស៊ិក អែលឌើរ នែល អិល អាន់ឌើរសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវកដប់ពីរនាក់​បាន​ ជួប​យុវវ័យ​មកពី​ស្តេកចំនួន​បី នៅ​ក្នុង​ទីក្រុង ខានខាន់ ។ ពេល​លោក​នៅ​ជាមួយ​នឹង​យុវវ័យ​ទាំងនេះ​ លោក​បាន​មាន​ប្រសាសន៍ថា « យើង​បាន​ឃើញ​ពន្លឺ​នៅ​ក្នុង​កែវភ្នែក​របស់​ពួកគេ និង​សេចក្ដីសង្ឃឹម​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួកគេ ព្រមទាំងក្ដីស្រមៃ​ដែល​ពួកគេ​មាន ។ ខ្ញុំនៅ​តែ​គិតពី​អនាគត​ដ៏​ភ្លឺថ្លា​មួយ​ដែល​ប្រទេសម៉ិចស៊ិក​មាន » ។16

កំណត់​ចំណាំ

  1. ហិនរី អេ ស្ម៊ីធ « 200 Lamanites Gather in History-Making Conference, Temple Sessions » Church News ថ្ងៃ​ទី 10 ខែ វិច្ឆិកា ឆ្នាំ 1945 ទំព័រ 8 ។

  2. ម៉ូសេ ថាត់ឆើរ នៅ​ក្នុង Moses Thatcher Journal ឆ្នាំ 1866–1868 ទំព័រ 54 ។

  3. សូមមើល ប្រ៊ិតថានី អេ ឆាបមិន និង រីឆាដ អ៊ី ធើលេ ជុញ្ញ័រ Women of Faith in the Latter Days វ៉ុល1 ឆ្នាំ 1775–1820 ទំព័រ 461–470 ។

  4. សូមមើល អូសិន ស្កត់ ខាដ « It’s a Young Church in … Mexico » Ensign ខែ កុម្ភៈ ឆ្នាំ 1977 ទំព័រ 17–24 ។

  5. សូមមើល ឃឺក ហេនរីចសិន « Mexican Mormon Pioneers » ពិពរណ៌​ឆ្នាំ 2010 នៅ​មជ្ឈមណ្ឌល​សម្រាប់​អ្នក​ទស្សនា​នៃ​ព្រះវិហារ​បរិសុទ្ធ ​ម៉ិចស៊ីស៊ីធី ​ម៉ិចស៊ិក ។

  6. សូមមើល ហ្គែរី អ័រ ផ្លេក « Mormons in Mexico: The First 96 Years » Ensign ខែ កញ្ញា ឆ្នាំ 1972 ទំព័រ 20–21 ។

  7. អេហ្វ ឡាម៉ុន ទូល្លីស « A Shepherd to Mexico’s Saints: Arwell L. Pierce and the Third Convention » BYU Studies វ៉ុល37 លេខ 1 ( 1997 ) ៖ ទំព័រ 127–151 ។

  8. សូមមើល អេឌូអាដូ បាល់ឌើរ៉ាស « Northward to Mesa » Ensign ខែ កញ្ញា ឆ្នាំ 1972 ទំព័រ 30 ។

  9. សូមមើល អេឌូអាដូ បាល់ឌើរ៉ាស « Northward to Mesa » ទំព័រ 30–31 ។

  10. សូមមើល « The Church Moves On » Improvement Era ខែ កក្កដា ឆ្នាំ 1946 ទំព័រ 446, ចន ឌី ហ្គាលស៍ « Father Lehi’s Children » Improvement Era ខែ កញ្ញា ឆ្នាំ 1946 ទំព័រ 556 ។

  11. សូមមើល យ៉ូសែប វ៉កឃើរ « Missionary surge prompts LDS Church to open new MTC in Mexico » Deseret News ថ្ងៃទី 30 ខែ មករា ឆ្នាំ 2013, www.deseretnews.com ។

  12. ពាក្យ​ដកស្រង់​នេះ និង​ពាក្យ​ដកស្រង់​លើកក្រោយ​ពី​សមាជិក​សាសនចក្រ​សម័យ​ទំនើប​ក្នុង​ប្រទេសម៉ិចស៊ិក​បាន​មក​ពី​បទសម្ភាសន៍​ជាមួយ​អ្នក​និពន្ធ​នៅ​ថ្ងៃទី 7 ខែ កុម្ភៈ ឆ្នាំ 2013 ។

  13. នៅ​ក្នុង​ ជេ អិម ថត « The Remarkable Mexico City Area Conference » Ensign ខែ វិច្ឆិកា ឆ្នាំ 1972 ទំព័រ 88 ។

  14. សូមមើលអេលិនន័រ ណូល Howard W. Hunter ( ឆ្នាំ 1994 ) ទំព័រ​ 202 ។

  15. សូមមើល ដន អិល សៀល « One Million in Mexico » Ensign ខែ កក្កដា ឆ្នាំ 2004 ទំព័រ 34, គ្រីស្ទីន មិនើរ « The Church in Oaxaca, Mexico » Ensign ខែ មេសា ឆ្នាំ 2001 ទំព័រ 78 ។

  16. ដកស្រង់ពី​បទសម្ភាសន៍​មួយ​ជាមួយ​នាយកដ្ឋានសោតទស្សន៍ ខែ មេសា ឆ្នាំ 2012 ។

  17. រេ អិល ប្រាត្ត នៅ​ក្នុង The Young Woman’s Journal វ៉ុល25 លេខ 9 ( ឆ្នាំ 1914 ) ទំព័រ 539 ។

  18. ដកស្រង់ពី​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​អ្នកនិពន្ធ​នៅ​ថ្ងៃទី 5 ខែ មេសា ឆ្ 2013 ។

  19. សូមមើល « Agricol Lozano Herrera: Mexican Mormon Church Leader » http://mittromneymormon.net/meet-some-mormons-2/meet-some-mormons-2/agricol-lozano-herrera-mexican-mormon-church-leader ។

ការ​រីកលូតលាស់​នៃ​សាសនាចក្រ​ក្នុង​ប្រទេស​ម៉ិចស៊ិក

1901 ៖ 3,000

1945 ៖ 5,099

1954 ៖ 9,210

1965 ៖ 44,473

1975 ៖ 141,768

1985 ៖ 304,915

1995 ៖ 727,410

2005 ៖ 1,043,718

2013 ៖ 1,331,946*

*គិតត្រឹមខែ មិថុនា ឆ្នាំ 2013

ប្រធាន ចច អ័លប៊ើត ស៊្មីធ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ិចស៊ិក ហើយ​ជួយបង្រួបបង្រួមសមាជិក​ នៅ​ពេល​លោកឈោង​ទៅ​ជួយ​ក្រុម​អនុសញ្ញា​ទីបី ។

ជារឿយៗ សមាជិក​ពីដើម​បាន​លះបង់យ៉ាងធំធេង​សម្រាប់ដំណឹងល្អ ។

សមាជិក​ម៉ិចស៊ិក​បាន​ចូល​រួម​ចំណែក​នៅ​ក្នុង​គម្រោង​សហគមន៍ ។ សមាជិក​ទាំងនេះ​បាន​ជួយ​ដាំ​កូនឈើ​នៅ​ឆ្នាំ 2007 ។

សិស្ស​ថ្នាក់សិក្ខាសាលា​នៅ អោស្សាកា រីករាយក្នុងការ​ជួបជុំ​គ្នា ។

រចនារូបថត​ដោយ អ៊ីស្រាអែល ហ្គូទីយ៉េរ៉េស, ពី​ផ្នែក​ខាង​លើ ៖ រចនា​រូបថត​ដោយ ក្រេក​ ដាយមិន, រូបថត © Getty Images , ការ​ថតរូបទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ, រូបថត ដោយ សាលី ចនសុន អូឌេឃឺក, រចនា​រូបថត​ដោយ វៀលឌេន ស៊ី អាន់ឌើរសុន 

ការ​ថតរូបទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ លើកលែងដូចបានកត់សំគាល់  Covered Wagons ដោយ ហ្គារី អិល ខាប, ការ​ថតរូប​នៃ​វិមានប៊េនីតូ ជូអារ៉េស្ស ដោយ សាលី ចនសុន អូឌេឃឺក

ការ​ថតរូបទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ លើកលែងដូចបានកត់សំគាល់ ការថតរូប​នៃ​គម្រោង​ស្ដីពី​ការ​បម្រើ​ដោយ ចូស ម៉ូរ៉ាស សង់ដូវ៉ាល់ ហាម​ថតចម្លង ការ​ថតរូប​នៃ​ព្រៃ តាមិលិសា ការ​ថតរូប​នៃ​ថូ​ពី iStockphoto/Thinkstock

ខាង​ឆ្វេង ៖ រចនារូបថត​ដោយ វៀលឌេន ស៊ី អាន់ឌើរសុន, ក្រេក ដាយមិន និង​អ៊ីស្រាអែល ហ្គូទីយ៉េរ៉េស, បន្ទាត់ពេលវេលា ៖ ការ​ថតរូបទទួល​បាន​សិទ្ធិ​អនុញ្ញាត​ជា​ផ្លូវ​ការ​ពី​បណ្ណាល័យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ, ការ​ថតរូប © IRI, ផ្នែក​ខាង​លើ ៖ រូបភាពពី iStockphoto/Thinkstock, ផ្នែក​ខាង​ក្រោម ៖ ការ​ថតរូបដោយ ដេហ្វណេ ជូនកូ មេនដេស្ស