២០១៤
ដូចជា​ព្រះគម្ពីរ !
ខែ មករា ឆ្នាំ 2014


ដូចជា​ព្រះគម្ពីរ !

អ្នកនិពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា. ។

យើង​បាន​គិត​ថា ការ​ដើរ​ឡើង​ភ្នំ​នឹង​អស្ចារ្យ​ណាស់ រហូត​ដល់​យើង​បាន​មើល​ឃើញ​សញ្ញា​នៅ​តាម​ផ្លូវលំ ។

« យើង​នឹង​សម្រាល​បន្ទុក​ទាំងឡាយ ដែល​ដាក់​នៅ​លើ​ស្មាអ្នក​ផង » ( ម៉ូសាយ 24:14 ) ។

អាយុ​ដប់ឆ្នាំ ឈ្លាស​វៃ​ណាស់ ។ យើង​ចូលចិត្ត​ស្វែង​យល់​ដោយ​ខ្លួន​ឯង ។

ឪពុក​របស់​ខ្ញុំ​តែងតែ​ប្រាប់​ខ្ញុំ​ឲ្យ​ប្រៀបប្រដូច​ខគម្ពីរ​មកនឹង​ខ្លួន​ខ្ញុំ ។ ប្រៀបប្រដូច មាន​ន័យ​ថា អ្នក​ព្យាយាម​ប្រើ​អ្វី​ដែល​អ្នក​រៀន​មក​ពី​ខគម្ពីរ​ មកក្នុង​ជីវិត​របស់​អ្នក ។ ដូច្នេះ នៅពេល​យើង​អាន​ជាមួយ​គ្នា​ជា​គ្រួសារ ពេល​ខ្លះ​ខ្ញុំ​និយាយ​ភ្លាម​​មុន​ពេល​ឪពុក​ខ្ញុំ​ពន្យល់​វា​ដល់​យើង ។ ដូច​ជា « ប៉ា ខ្ញុំ​ដឹង យើង​ត្រូវ​តមអាហារ និង​អធិស្ឋាន ដូច​ជា​បាន​និយាយ​នៅក្នុង​ខគម្ពីរ » ។

គាត់​ញញឹម ពី​ព្រោះ​ខ្ញុំ​តែងតែ​យល់​សារលិខិត​ត្រឹមត្រូវ ។

ប៉ុន្តែ​មាន​គ្រា​មួយ ខ្ញុំ​បាន​រក​ឃើញ​ថា ខគម្ពីរ​ពិត​ជា​ដូច​ជា​ជីវិត​ខ្ញុំ​ខ្លាំង​ណាស់ ! វា​បាន​កើត​ឡើង​នៅ​ពេល​យើង​​ដើរ​ឡើង​ភ្នំ​ទៅ​បោះ​ជំរុំ​ជា​គ្រួសារ ។

ខ្ញុំ​បាន​ស្ពាយ​កាបូប​ធំ​របស់​ខ្ញុំ និង​តង់​សម្រាប់​ដេក ហើយ​ខ្ញុំ​មិន​រអ៊ូរទាំ​ទេ ។ បន្ទាប់មក វា​មាន​ចម្ងាយ​ត្រឹមតែ បួន​ម៉ែល​ ( 6.5 គ.ម ) ទៀតប៉ុណ្ណោះ​ទៅ​ដល់​ស្ទឹង​ហើយ ។ ខ្ញុំ​អាច​ធ្វើ​បាន គ្មាន​បញ្ហា​ទេ ។

ការ​ដើរ​ឡើង​ភ្នំ​ពុំ​ពិបាក​ខ្លាំង​ទេ ប៉ុន្តែ​ខ្ញុំ​រីករាយ​ដើម្បី​ឈប់​សម្រាកម្ដង​ បន្ទាប់​ពី​ដើរ​បាន​ពីរ​ម៉ែល ( 3 គ.ម ) ។ បន្ទាប់​មក​យើងមើល​ឃើញ​សញ្ញា​តាម​ផ្លូវ​លំដំបូង​គេ ។ សញ្ញា​ប្រាប់​ថា ស្ទឹង​គឺ​នៅ​មាន​ចម្ងាយប្រាំ​មួយ​ម៉ែល ( 9.5 គ.ម ) ទៀត ។ ឪពុក​ខ្ញុំ​ពុំ​ចាំបាច់​ប្រាប់​ខ្ញុំ​ថា ផ្លូវ​លំ​នោះ​នឹង​មាន​ចម្ងាយ​ពីរដង​ទៀត ឆ្ងាយ​ជា​ង​អ្វី​ដែល​យើងបាន​​គិត​ពី​ដំបូង ។ ខ្ញុំ​បាន​យល់​ដឹង​​រួច​ទៅ​ហើយ ។ គាត់​ ចាំបាច់​ត្រូវ​រំឭក​យើង​អំពីការរក្សា​ទុក​ទឹក​របស់​យើង​ សម្រាប់​ចម្ងាយ​ផ្លូវ​ឆ្ងាយ​នោះ ។

ដំបូន្មាន​របស់​ឪពុក​ខ្ញុំ​សំខាន់​ ប៉ុន្តែ​ពិបាក​ធ្វើ​តាម ។ ព្រះអាទិត្យ​ពេល​រសៀលមាន​កំដៅ​​ក្ដៅ ហើយ​យើង​ស្ទើរ​តែ​គ្មាន​ម្លប់​ជ្រក​នៅ​តាម​ផ្លូវ​លំនោះ​ទេ ។ វា​ហាក់​ដូចជា​យើង​នឹង​ទៅ​ពុំ​ដល់​បឹង​​នោះ​ទេ ។

មនុស្ស​ចាស់​ឈប់​តាម​ផ្លូវ​​ជាមួយ​នឹង​ក្មេង​តូច ហើយ​បងប្អូន​ជីដូន​មួយ​ដែល​ធំជាង បាន​ដើរ​ទៅ​មុខ ។ ខ្ញុំ​នៅ​ជាមួយ​នឹង​បងប្អូន​ជីដូន​មួយខ្ញុំ​ដែល​មាន​អាយុ​ស្របាល​គ្នា ហើយ​យើង​បាន​ទៅ​ដល់កន្លែង​មួយ​​​នៅ​ចន្លោះ​ផ្លូវ​រវាង​ពួកគាត់ ។

នៅពេល​យើង​មើល​ពុំ​ឃើញ​នរណា​ម្នាក់​នៅ​ខាង​មុខ ឬ​នៅ​ខាង​ក្រោយ​យើង យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​ភ័យ​ព្រួយ ។ កាបូប​ស្ពាយ​របស់​យើង​ហាក់​ដូចជា​ធ្ងន់ ហើយ​ដប​ទឹក​របស់​យើង​អស់ទឹក​ទៀត ។ ប៉ា តើ​យើង​ត្រូវ​ទៅ​ឆ្ងាយ​ប៉ុណ្ណា​ទៀត​ទៅ ?

ទីបំផុត យើង​បាន​ភ័យបារម្ភ​យ៉ាងខ្លាំង ហើយ​បាន​នឿយ​ហត់ ដល់​យើង​បាន​សម្រេចចិត្ត​ថា ឈប់សិន រួច​​អធិស្ឋាន ។

បន្ទាប់​ពី​ការ​អធិស្ឋាន យើង​បាន​លើក​កាបូប​ស្ពាយ​ ហើយ​បាន​ដើរ​ទៅ​មុខ​ទៀត​ដោយ​យឺតៗ ។

បន្តិច​ក្រោយ​មក យើង​បាន​ឮ​សម្លេង​ជើង​សេះ​ជិះ​មក​តាម​ផ្លូវ​យើង ។ យើង​បាន​រង់ចាំ​មើល ឃើញ​បុរស​ម្នាក់​ជិះ​​​សេះ​សំដៅ​មក​កាន់​យើង ។

គាត់​បាន​ឈប់​ ហើយ​ឲ្យ​ទឹក​ដល់​យើង​ខ្លះ ។ គាត់​បាន​ពន្យល់ប្រាប់​​ថា បងប្អូន​ជីដូន​មួយ​ធំៗ​របស់​យើង បាន​ប្រញាប់​ទៅ​ដល់​ស្ទឹង ដោយ​មាន​ដប​ដាក់​ទឹក​ដើម្បី​យក​មក​ឲ្យ​ពួក​យើង ។ បុរស​បាន​ឮ​ថា​យើង​ត្រូវ​ការ​ទឹក នោះ​គាត់​បានយល់​ព្រម​ជួយ ។ « តើ​មាន​នរ​ណា​ចង់​ឲ្យ​ខ្ញុំ​ជួយ​ស្ពាយ​កាបូប​​ទេ ? » គាត់​បាន​សួរ ។

ខ្ញុំ​បាន​មើល​ទៅ​បងប្អូន​ជីដូន​មួយ​ខ្ញុំ ហើយ​គេ​បាន​ញញឹម​ដាក់​ខ្ញុំ ។ យើង​ពិត​ជា​មិន​អី​ទេ !

យើង​បាន​និយាយ​ទៅ​បុរស​នោះ​ថា « អ្នក​អាច​ទៅ​ជួយ​ដល់​អ្នកដទៃទៀត​ចុះ » ។ « យើង​មិន​អី​ទេ » ។

ហើយ​វា​ជា​ការ​ពិត ! នៅ​តាម​ផ្លូវ​ធ្វើដំណើរទៅ​បឹងបន្ត​ទៀត​នោះ​ យើង​មាន​អារម្មណ៍​ហាក់​ដូចជា​ពួកទេវតា​លើក​កាបូប​ស្ពាយ​របស់យើង ហើយ​រុញ​យើង​ឲ្យ​ទៅ​មុខ​ដូច្នោះ​ដែរ ។ ក្រោយ​មក​នៅ​ពេល​ខ្ញុំ​បាន​ប្រាប់​ឪពុក​ខ្ញុំ​អំពី​រឿង​នេះ​ ឪពុក​បាន​ញញឹម ហើយ​ម្ដាយ​បាន​ស្រក់​ទឹកភ្នែក ។

មួយ​សប្ដាហ៍​ក្រោយមក គ្រួសារ​ខ្ញុំ​បាន​អាន ម៉ូសាយ 24 ។ ភ្នែក​របស់​ខ្ញុំ​បាន​បើក​ធំៗ នៅពេល​យើង​អាន​ពាក្យ​ទាំ​ង​នេះ​ថា ៖ « យើង​នឹង​សម្រាល​បន្ទុក​ទាំងឡាយ ដែល​ដាក់​នៅ​លើ​ស្មាអ្នក​ផង ហើយ​សូម្បី​តែ​រូប​អ្នក​ក៏​នឹង​មិនអាច​ចាប់​អារម្មណ៍​ថា មាន​បន្ទុក​ទាំង​នោះ​នៅ​លើ​ខ្នង​អ្នក​ឡើយ » ( ខ 14 ) ។

ខ្ញុំ​បាន​ភ្លាត់​មាត់​ថា « នោះ​ជា​អ្វី​ដែល​បាន​កើត​ឡើង​នៅ​តាម​ផ្លូវ​លំ » ។ ខ្ញុំ​ពុំ​ចាំ​បាច់​​គិត​អំពី​របៀប​ដើម្បី​ប្រើ​គម្ពីរ​នេះ​នៅ​ក្នុង​ជីវិត​របស់​ខ្ញុំ​ទេ— គម្ពីរ​នេះ​បាន​ពិពណ៌នា​ជីវិត​របស់​ខ្ញុំ​រួច​ទៅ​ហើយ ! វា​អស្ចារ្យ​ណាស់ ! ខ្ញុំ​ស្ទើរតែមិនអាច​ចាំ​រក​ខគម្ពីរ​ផ្សេង ដែលប្រ​ដូច​នឹងជីវិត​ខ្ញុំ​ណាស់ ។

ហើយ​នោះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​រៀន​ថា ខ្ញុំ​បាន​ប្រដូច​ខគម្ពីរ​មក​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​ក៏​អាច​ប្រដូច​ខ្លួន​ខ្ញុំ​ទៅ​នឹង​ខគម្ពីរ​ដែរ !

រចនា​រូប​ភាព ដោយ ស្កត ភេក