២០១៤
តើ​ទ្រង់​អាច​ឃើញ​ខ្ញុំ​ឬ​ទេ ?
ខែ មករា ឆ្នាំ 2014


លុះ​ត្រា​ជួប​ទៀត

តើ​ទ្រង់​អាច​ឃើញ​ខ្ញុំ​ឬ​ទេ ?

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា. ។

ដានីយ៉ែល បាន​រត់​ទៅ​រានហាល​ផ្ទះ ហើយ​បាន​សួរ​ខ្ញុំ​ថា « បើ​កូន​មើល​ទៅ​លើ​មេឃ ហើយ​ញញឹម តើ​ព្រះ​នឹង​ញញឹម​ត្រឡប់​មក​កូន​​វិញ​ទេ ? »

នៅ​ព្រឹក​មុន​ពេល​កូន​ប្រុស​របស់​ខ្ញុំ ដានីយ៉ែល​ ចូល​រៀន​សាលាមត្តេយ្យ​ថ្ងៃ​ទីមួយ​របស់​គាត់ គាត់​មាន​កង្វល់​មួយចំនួន​អំពី​ការ​ចាក​ចេញ​ពី​ផ្ទះ​ទៅ​ចូល​សាលារៀន ។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា គាត់​មាន​អារម្មណ៍​ថា បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ប្រឈម​មុខ​នឹង​បញ្ហា​ទាំងឡាយ​ក្នុង « ពិភពលោក​ពិត » ។ ខ្ញុំ​បាន​ប្រាប់​ដានីយ៉ែល​ថា ខ្ញុំ​នឹង​នឹកគាត់​ខ្លាំង​ណាស់ ពេល​គាត់​ទៅ​ឆ្ងាយ ។ ខ្ញុំ​បាន​ប្រាប់​គាត់​ថា ទោះ​ជា​ខ្ញុំ​ពុំ​អាច​នៅ​ជាមួយ​គាត់​នៅ​សាលារៀនក្ដី ក៏​គាត់​ពុំ​ចាំបាច់​ខ្លាច ឬ​មាន​អារម្មណ៍​ឯកោ​ឡើយ ព្រោះ​ព្រះវរបិតាសួគ៌​នឹង​ទត​មើល​មក​លើ​គាត់ ។ ខ្ញុំ​បាន​រំឭក​គាត់​ថា គាត់​អាច​អធិស្ឋាន​គ្រប់​ពេល គ្រង់​ទីកន្លែង នោះ​ព្រះ​នឹង​ស្ដាប់​ឮ​គាត់​ជានិច្ច ។

នៅ​ពេល​ខ្ញុំ​និយាយ ដានីយ៉ែល ដែល​មាន​អាយុ​ជិត​ប្រាំ​ឆ្នាំ បាន​ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់ ។ បន្ទាប់​ពី​បាន​គិត​ខ្លះៗ គាត់បាន​តប​ថា « តើ​ទ្រង់​អាច​មើល​ឃើញកូន ពេល​កូន​​នៅ​ក្នុង​ផ្ទះ​ឬ​ទេ ? »

ខ្ញុំ​អះអាង​នឹង​គាត់​ថា « ឃើញ » ។

« តើ​ទ្រង់​មើល​ឃើញកូន ពេលកូន​​នៅ​ក្រៅ​ផ្ទះឬ​ទេ ? » គាត់​បាន​សួរ ។

ខ្ញុំ​តប​ថា « ឃើញ ទ្រង់​អាច​មើល​ឃើញ​កូន​ជានិច្ច » ។

ដោយ​ទឹក​មុខ​រំភើប ដានីយ៉ែល បាន​រត់​ភ្លាម​ទៅ​រានហាល​ខាង​ក្រោយ​ផ្ទះ ។ ខ្ញុំ​បាន​ដើរ​យ៉ាង​គៀក​ពី​ក្រោយ​គាត់ ។ ដានីយ៉ែល បាន​មើល​ទៅ​លើ​មេឃ​ដ៏​ស្រឡះ ពណ៌​ផ្ទៃមេឃ រួច​សួរ​ថា « បើកូន​​មើល​ទៅ​លើ​មេឃ ហើយ​ញញឹម តើ​ទ្រង់​នឹង​ទត​មើល​ឃើញកូន ហើយ​នឹង​ញញឹម​តប​មកកូន​​វិញ​ឬ​ទេ ? »

ខ្ញុំ​អួល​ដើម​ករ​និយាយ​ពុំ​រួច ខ្ញុំ​ក៏​បាន​ងក់​ក្បាល​ថា « ឃើញ ! » ។

ពេល​កំពុង​មើល​ទៅ​លើ​មេឃ ភ្នែក​គាត់​រំពៃ​រក​មើល ដោយ​ក្ដី​ជំនឿ​ដូច​ជា​ក្មេងដ៏​ឥត​ខ្ចោះ ដានីយ៉ែល បាន​សួរ​ដោយ​រិះគិត​ថា « តើ​កូន​​អាច​មើល​ឃើញ​ទ្រង់​ឬ​ទេ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « កូនពុំ​អាច​មើល​ឃើញ​ទ្រង់​ទេ ប៉ុន្តែ​កូន​នឹង​ដឹង​ថា​ទ្រង់គង់​នៅ​ទី​នោះ ពី​ព្រោះ​កូន​នឹង​ដឹង​​ថា​ទ្រង់​ញញឹម​នៅ​ក្នុង​បេះដូង​របស់​កូន » ។

ដានីយ៉ែល ឈរ​ញញឹម​នៅ​ពេល​គាត់​សំឡឹង​មើល​ទៅ​លើ​មេឃ ។ ខ្ញុំ​បាន​ដឹង​ថា គាត់​ធ្លាប់ឃើញ​​នូវ​ស្នាម​ញញឹម​ដ៏​ទេវភាពនោះ ​​ចាក់​ជ្រៅ​ទៅ​ក្នុង​ព្រលឹង​របស់​គាត់ តាម​រយៈ​​ទឹក​មុខ​ដូច​ទេវតា​របស់​គាត់ ដែល​ប្រកប​ដោយ​ភាព​សុខសាន្ដ​នោះ ។

ចេញ​មក​ពី​បបូរ​មាត់​នៃ​កុមារ​តូចៗ យើង​រៀន​ច្រើន​អំពី​សេចក្ដីជំនឿ​ដ៏​បរិសុទ្ធ —សេចក្ដីជំនឿ​ដែល​យើង​សង្ឃឹម​ថា ពួកគេ​នឹង​តោង​ជាប់​នៅ​ជា​រៀង​រហូត ។ ពួកគេ​បាន​រក​ឃើញ​ដោយ​ឥតសង្ស័យអំពី​រឿង​នោះ ទោះ​ជា​ជីវិត​ល្អ ឬ​ពេល​ខ្លះ​វា​ពិបាក​ក្ដី ។ យើង​អធិស្ឋាន​សុំ​ឲ្យ​សេចក្ដីជំនឿ​របស់​ពួកគេ​នឹង​គាំទ្រ​ដល់​ពួកគេ ។

នៅពេល​មាន​រឿង​លំបាក​នៅ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ខ្ញុំ ខ្ញុំ​ចាំ​នូវ​គំរូ​របស់​ដានីយ៉ែល ហើយ​ដោយ​សេចក្ដីជំនឿ​ដូច​ជា​កូន​ក្មេង​ទាំង​ស្រុង តាម​ដែល​មនុស្ស​ធំ​អាច​ធ្វើ​បាន នោះ​ខ្ញុំ​បាន​មើល​ទៅ​ស្ថានសួគ៌ ហើយ​សួរ​ផងដែរ​ថា « តើ​ទ្រង់ អាច​​ឃើញ​ខ្ញុំ​ឬ​ទេ ? » រួច​ខ្ញុំ​បាន​ពិចារណា​ដោយ​ស្ងាត់​ស្ងៀម​ដូច​ជា​ដានីយ៉ែល​ថា « តើ​ខ្ញុំ​អាច​មើល​ឃើញ​ទ្រង់​ឬ​ទេ ? » នៅ​ពេល​ខ្ញុំ​ពិចារណា​អំពី​ក្ដី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​របស់​ទ្រង់​យ៉ាង​បរិបូរ​នៅ​ក្នុង​ជីវិត​ខ្ញុំ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ បញ្ជាក់​ប្រាប់​ថា ខ្ញុំ​ពិត​ជា​បាន​ដឹង​ពី​ក្ដី​ស្រឡាញ់​របស់​ព្រះវរបិតាសួគ៌​​មែន ។ ព្រះវិញ្ញាណ​​​អះអាង​ខ្ញុំ​ថា ខ្ញុំ​តែងតែ​អាច​បាន​រំឭក​ក្ដី​ស្រឡាញ់​របស់​ទ្រង់​នៅ​ក្នុងសេចក្ដី​ជំនឿ និង​បាន​បំផុស​​ដោយ​ក្ដី​សង្ឃឹមជានិច្ច ។

រចនា​រូបថត​ដោយ វែល​ឌិន ស៊ី អាន់ឌើរសិន ផ្ទៃ​ខាង​ក្រោយ​ដោយ ហ្គ្រេក ដាយ​មិន