២០១៤
អ័ដាម
ខែ មករា ឆ្នាំ 2014


ពួកព្យាការី​​​ព្រះគម្ពីរ​សញ្ញាចាស់

អ័ដាម

« មាន​មនុស្ស​ពីរបីនាក់បាន​ចូល​រួម​ដោយ​ផ្ទាល់​នៅក្នុងភាព​​​អស់កល្បជានិច្ច​ក្នុង​ផែនការ​នៃ​សេចក្ដីសង្គ្រោះ​លើស​ពី…បុរសឈ្មោះអ័ដាម » ។1

មនុស្សភាគច្រើន​ស្គាល់ខ្ញុំថា​ជាបុរស​ទីមួយ​​ដែល​រស់​នៅ​លើ​ផែនដី ប៉ុន្តែ​ពុំ​ដឹង​ថា​ខ្ញុំ​មាន​ទំនួលខុសត្រូវ​ពិសេស​មួយ​ពី​មុនខ្ញុំ​មក​កាន់​ផែនដី​នេះ​ឡើយ ។ នៅ​ជីវិត​មុន​ផែនដី ខ្ញុំ​បាន​ដឹកនាំ​ទ័ព​របស់​ព្រះ​ច្បាំង​នឹង​ទ័ព​របស់​សាតាំង​ក្នុង​សង្គ្រាម​លើ​ស្ថានសួគ៌2 ហើយ​ខ្ញុំ​បាន​ជួយ​ព្រះយេស៊ូវ​គ្រីស្ទ​បង្កើត​ផែនដីនេះ ។3 ខ្ញុំ​ត្រូវបាន​គេ​ស្គាល់​ថា​ជា មីកែល នៅ​ពេល​នោះ ដែល​មាន​ន័យ​ថា ជា​បុរស​ម្នាក់ « ដែល​ប្រៀបបាន​នឹង​ព្រះ » ។4

ព្រះបាន​ជ្រើស​ខ្ញុំ​ឲ្យ​ធ្វើ​បុរសទីមួយ​នៅ​លើ​ផែនដី ហើយ​បាន​ដាក់ខ្ញុំ​នៅ​ក្នុង​សួនច្បារ​អេដែន ជា​ស្ថានសួគ៌​លោកិយ​មួយ​ដែល​មាន​រុក្ខជាតិ និងសត្វ​គ្រប់ប្រភេទ ។ ទ្រង់បាន​ផ្លុំ​ « ខ្យល់ដង្ហើម​នៃ​ជីវិត »5 ចូល​ទៅ​ក្នុង​ខ្លួន​ខ្ញុំ ហើយ​បាន​ប្រទាន​ឈ្មោះថ្មី​មួយ​ឲ្យ​ខ្ញុំ​ថា ៖ អ័ដាម ។6

ព្រះទ្រង់បាន​ប្រាប់ភរិយា​របស់​ខ្ញុំ អេវ៉ា និង​ខ្ញុំ​កុំ​ឲ្យ​បរិភោគ​ផ្លែ​ឈើ​ដឹង​ខុសត្រូវ ។7 ប្រសិន​បើ​យើង​មិន​បរិភោគ​ផ្លែឈើ​នោះ យើង​អាច​នៅ​ក្នុង​សួនច្បារ​នោះ ហើយ​រស់​នៅ​ជារៀងរហូត ប៉ុន្តែ​យើង​នឹង​មិន​អាច « រីកចម្រើន​ដោយ​ការ​ដកពិសោធន៍​នូវ​ភាព​ផ្ទុយ​នៅ​ក្នុង​ជីវិត​រមែង​ស្លាប់ »8 ឬ​មាន​កូនចៅ​ឡើយ ។9 ការ​ជ្រើសរើស​នោះ​គឺជា​សិទ្ធិ​របស់​យើង ។

ដោយសារ​បាន​ជ្រើសរើស​បរិភោគ​ផ្លែឈើ​នោះ យើង​ត្រូវបានចាកចេញ​ពី​សួនច្បារនោះ និង​ពី​វត្តមាន​របស់​ព្រះ ។ នេះ​ត្រូវ​បាន​ស្គាល់ថា​ជាការ​ធ្លាក់ ។ យើង​បាន​ក្លាយ​ជាមនុស្ស​រមែង​ស្លាប់ ដកពិសោធន៍​ទាំងសេចក្ដីល្អ និង​សេចក្ដីអាក្រក់​ក្នុង​ជីវិត ហើយ​បាន​នាំ​យក​កូនចៅ​មក​ផែនដី ។10

ព្រះទ្រង់បាន​ជ្រាប​ថា ការ​ធ្លាក់នឹងកើត​មាន​ឡើង—ទ្រង់បាន​បញ្ជូន​ព្រះយេស៊ូវគ្រីស្ទ​ឲ្យ​ធ្វើ​ដង្វាយធួន​សម្រាប់​អំពើ​បាប​របស់​យើង ហើយ​យក​ឈ្នះ​លើ​សេចក្ដីស្លាប់ ដើម្បី​ឲ្យ​យើង និង​កូនចៅ​របស់​យើង​អាច​ត្រលប់ទៅរក​ទ្រង់វិញ ។11

អេវ៉ា និង​ខ្ញុំ​បាន​រៀន​ពី​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ—រួមមាន​សេចក្ដីជំនឿ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ការ​ប្រែចិត្ត បុណ្យជ្រមុជទឹក ការ​ទទួល​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ និង​ការកាន់ខ្ជាប់​ដរាប​ដល់​ចុង​បំផុត—ហើយ​យើង​បាន​បង្រៀន​ការណ៍​នោះ​ដល់​កូនចៅ​របស់​យើង ។12

ដោយសារ​តែ​បទពិសោធន៍​របស់​ខ្ញុំ ភ្នែក​របស់​ខ្ញុំ​ត្រូវបាន​បើក ហើយ​ខ្ញុំ​មាន​សេចក្ដី​អំណរ​នៅ​ក្នុង​ជីវិត​នេះ ។13 សូមចងចាំ​ថា អ្នកក៏​អាច​ទទួលអារម្មណ៍ពី​សេចក្ដីស្រឡាញ់​របស់​ព្រះ ហើយ​ត្រលប់​ទៅ​រក​ទ្រង់​ផង​ដែរ ប្រសិន​បើ​អ្នក​ដើរ​តាម​ព្រះយេស៊ូវគ្រីស្ទ14 ដូចជា​ខ្ញុំ​បាន​រៀន​ធ្វើ​វា ។

ពីខាង​ឆ្វេង ៖ រូបគំនូរដោយ ឌេន បាកស្ទើរ, Adam and Eve in the Garden ( អ័ដាម និង អេវ៉ា ក្នុង​សួនច្បារ ) ដោយ ឡូវ៉ែល ប្រ៊ូស ប៊េណេត, Leaving the Garden of Eden ( ការ​ចាកចេញ​ពី​សួនច្បារ​អេដែន ) ដោយ យ៉ូសែប ប្រ៊ីឃី, In Similitude ( និមិត្តរូប ) ដោយ យ៉ូសែប ប្រ៊ីឃី, Adam and Eve Teaching Their Children ( អ័ដាម និង​អេវ៉ា​កំពុង​បង្រៀន​កូនចៅ​ខ្លួន ) ដែល​ ឌេល ផាសុន, Adam Ordaining Seth ( អ័ដាម​តែងតាំង​សេត ) ដោយ ឌេល ផាសុន, Adam-ondi-Ahman ( អាដាម-អុនដៃ-អាម៉ាន ) ដោយ ឌេល ផាសុន, The Archangel Michael Defeating Satan ( មហាទេវតា​ មីកែល កំពុង​តតាំង​នឹង​សាតាំង ) ដោយ Guido Reni/Bridgeman Art Library/Getty Images, ផ្ទៃ​ខាង​ក្រោយ​មក​ពី iStockphoto/Thinkstock