ប្រិយមិត្ត
ជេនីលីន​ឈប់​អូស​អេក្រង់​ទូរស័ព្ទ​ហើយ
ខែ មីនា ឆ្នាំ ២០២៤


« ជេនីលីន​ឈប់​អូស​អេក្រង់​ទូរស័ព្ទ​ហើយ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ៣៦-៣៧ ។

ជេនីលីន​ឈប់​អូស​អេក្រង់​ទូរស័ព្ទ​ហើយ

នាង​ពិត​ជា​ចង់​មើល​វីដេអូ​បន្ទាប់​ខ្លាំងណាស់ ។ ហើយ​វីដេអូ​បន្ទាប់​ទៀត ។ ហើយ​វីដេអូ​បន្ទាប់​ទៀត ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ម៉ាឡេស៊ី ។

រូបភាព
alt​text

ជេនីលីន​បាន​អូស​ម្រាមដៃ​របស់​នាង​កាត់​អេក្រង់​ទូរស័ព្ទ ។ វីដេអូ​បាន​លោត​បង្ហាញ ។ នាង​បាន​ឈប់​ដើម្បី​មើល​រឿងមួយ បន្ទាប់​មក​អូស​តទៅ​ទៀត ។ បន្ទាប់​មក​នាង​បាន​បន្ត​មើល​វីដេអូ​មួយ​ផ្សេង​ទៀត ។ វា​មាន​ភាសា​អាក្រក់​ជា​ច្រើន ប៉ុន្តែ​វា​គួរ​ឲ្យ​អស់​សំណើច ដូច្នេះ​នាង​បាន​បន្ត​មើល ។ ហើយ​បន្ទាប់មក​បាន​បន្ត​អូស​ទៅទៀត ។

« ជេនីលីន ! ចង់​មក​គូររូប​ទេ ? » ប្អូនស្រី​របស់នាង ចូចូ​បាន​លើក​ក្រដាស​មួយ​សន្លឹក​គ្រវី ។

ជេនីលីន​បាន​សម្លឹង​មើល ។ « ចាំ​បន្តិច​ទៀត » ។

« ចាស » ។ ចូចូ មាន​មុខ​ស្រពោន ហើយ​បាន​ដាក់​ក្រដាស​ចុះ ។

អូស ។ អូស ។ អូស ។ វីដេអូ​របស់​សត្វ​គួរឲ្យ​ស្រឡាញ់ ។ វីដេអូ​របស់​មនុស្ស​ល្បីៗ ។ វីដេអូ​របស់​កុមារ​រាំ ។ ហើយ​​ជេនីលីន​បាន​ដឹងថា​មានវីដេអូ​ពីរបី​មិនគួរ​មើលទេ ។ ការពិតទៅ​ប្រហែល​ជា​ច្រើន​ជាង​ពីរបី​វីដេអូ ។ ជេនីលីន​បាន​ចាប់ផ្តើម​មាន​អារម្មណ៍ថា​នាង​គួរតែ​ឈប់​មើល​វីដេអូ​ទាំងនោះ ។

នាង​បាន​គិត​ថា ប៉ុន្តែ មនុស្ស​ក៏​ចុះផ្សាយ​រឿង​ល្អៗ​ផងដែរ ។ នាង​ថែម​ទាំង​បាន​រៀន​ពី​របៀប​គូរ​ថ្មីៗ​មកពី​វីដេអូ​មួយ​ចំនួន​ផងដែរ ។

« ជេនីលីន » ម៉ាក់​ហៅ ។

« អឹមម ? » ជេនីលីន​មិន​ខ្ចី​សូម្បី​តែ​សម្លឹង​មើល​លើក​នេះ ។

ម្តាយ​បាន​និយាយ​ថា « យើង​មាន​បាយឆា​គ្រឿងសមុទ្រ​នៅ​យប់​នេះ » ។ តើ​កូន​អាច​ជួយ​ម៉ាក់​ធ្វើ​វា​បានទេ ?

ជេនីលីន​ចូលចិត្ត​បាយឆា​គ្រឿង​សមុទ្រ​ណាស់ ។ ប៉ុន្តែ នាង​មិន​ចង់​ក្រោក​ឡើង​ទេ​ឥឡូវ​នេះ ។

នាង​បាន​សួរ​ថា « តើ​កូន​គ្រាន់​តែ​រៀបតុ​បាន​ទេ ? » « កូនក៏​អាច​ជួយ​លាងចាន​ក្រោយញ៉ាំ​ហើយ​ផងដែរ » ។

ម៉ាក់​បាន​ឆ្លើយថា « អ៊ីចឹងក៏បាន »។ « ប៉ុន្តែ​កូន​ត្រូវ​រៀប​វា​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​ម៉ាក់ប្រើ ។ បន្ទាប់មក​វា​ដល់​ពេល​ហុច​ទូរស័ព្ទ​មក​វិញ ។ ព្រមទេ ? »

ជេនីលីន បាន​និយាយ​ថា « ព្រម » ។

ជេនេលីន​បាន​បន្ត​មើល​វីដេអូ​តទៅទៀត ។ ជា​ថ្មី​ម្តង​ទៀត នាង​មាន​អារម្មណ៍ថា​នាង​មិន​គួរ​មើល​វា​ទេ ។ ប៉ុន្តែ​នាង​ពិត​ជា​ចង់​មើល​វីដេអូ​មួយទៀត​ណាស់ ។ ហើយ​វីដេអូ​បន្ទាប់​ទៀត ។ ហើយ​វីដេអូ​បន្ទាប់​ទៀត ។ អូស ។ អូស ។ វា​ពិបាក​បញ្ឈប់​ណាស់ !

ចុងក្រោយ​ជេនីលីន​បាន​ដាក់​ទូរស័ព្ទ​ចុះ ។ ប្រហែលជា​នាង​អាច​មើល​វីដេអូ​មួយ​ចុងក្រោយ​ឲ្យ​ចប់សិន . . . .

អត់ទេ ជេនីលីន ប្រាប់​ខ្លួន​ឯង​យ៉ាងម៉ឺងម៉ាត់ ។ ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​បំផុស​គំនិត​ដល់នាង ហើយ​នាង​ចង់​ស្តាប់តាម ។ ដៃ​របស់​នាង​នៅ​តែ​ក្បែរ​ទូរស័ព្ទ ។ វា​ល្បួង​ខ្លាំងណាស់ ! ជេនីលីន​បាន​ប្រឹងបិទ​ភ្នែក​របស់​នាង ។

ព្រះវរបិតាសួគ៌​ដ៏ជាទី​ស្រឡាញ់ នាងបាន​អធិស្ឋាន​ដោយ​ស្ងៀមស្ងាត់ ។ កូន​ខំព្យាយាម​ស្តាប់​តាម​ព្រះវិញ្ញាណ​បរិសុទ្ធ កូន​ត្រូវការ​ជំនួយ ។ កូនចង់​ឈប់​មើល​វីដេអូ​ទាំងអស់នេះ តែ​កូនមិន​ប្រាកដថា​ត្រូវធ្វើ​យ៉ាងម៉េចទេ ។ នៅក្នុង​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ អាម៉ែន ។

ភ្លាមនោះ ម៉ាក់​ក៏បាន​ហៅ​នាង​ឲ្យ​រៀប​តុ ។ ជេនីលីន​បាន​ក្រោក​ឡើង​ហើយ​ញញឹម ។ នេះ​គឺ​ជា​វិធី​មួយ​ដើម្បី​ជួយ​នាង​ឲ្យ​ឈប់មើល​ទូរសព្ទ ។

ជេនីលីន​បាន​រៀប​ចាន​នៅលើ​តុ ។ « ម៉ាក់ ខ្ញុំ​បាន​ឃើញ​រឿង​អាក្រក់ខ្លះ​នៅលើ​ទូរស័ព្ទ » នាង​បាន​ភ្លាត់មាត់​និយាយ​ចេញមក ។

ម៉ាក់​ងើបមុខ​ឡើងពី​ការធ្វើ​ម្ហូប​របស់គាត់ ។ « តើ​រឿង​បែបណា ? »

« ដូចជា​ពាក្យ​អាក្រក់ៗ និង​វីដេអូ​មិនល្អ​អីណឹង » ។ ជេនីលីន​បាន​ញាក់ស្មា ។ « ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​អាក្រក់ ទាំងអស់ នោះ​ទេ » ។

« តើ​កូន​បាន​ធ្វើ​អ្វី​នៅពេល​ឃើញ​រឿង​អាក្រក់​អ៊ីចឹង ? » ម៉ាក់​បានសួរ ។

ជេនីលីន​បាន​នៅ​ស្ងៀម​មួយ​សន្ទុះ ។ នាង​បាន​ដាក់​ពែង​មួយ​នៅ​កន្លែង​នីមួយៗ ។

នាង​បាន​និយាយ​ថា « ខ្ញុំ​បាន​បន្ត​មើល​វា » ។ ខ្ញុំ​អត់​ដឹងថា​ហេតុអី​ទេ ។ ប៉ុន្តែ​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់​ខ្ញុំ​ឲ្យ​ឈប់ ដូច្នេះ​ខ្ញុំ​បាន​ពោលពាក្យ​អធិស្ឋាន​សុំ​ជំនួយ » ។

ម្តាយ​បាន​ដាក់​ចាន​បាយឆា​គ្រឿង​សមុទ្រ​ដែលក្តៅហុយ​នៅលើ​តុ ។ ម៉ាក់​បាន​និយាយ​ថា « ពេលខ្លះ​វា​ពិត​ជា​ពិបាកណាស់​ក្នុង​ការឈប់​ធ្វើអ្វីមួយ ទោះបី​ជា​យើង​ដឹង​ថា​វា​មិនល្អ​ក៏​ដោយ » ។ « ហើយ​នៅ​ពេល​ដែល​រឿង​នោះ​កើត​ឡើង ការណ៍​ដែល​ល្អ​បំផុត​ដែល​យើង​អាច​ធ្វើ​បាន​នោះ​គឺ​អធិស្ឋាន » ។

ជេនីលីន​បាន​ញញឹម ។ « អ៊ីចឹង​ខ្ញុំ​បាន​ធ្វើ​អ្វីមួយ​ត្រឹមត្រូវ » ។

« កូន​ពិតជា​ធ្វើ​បានល្អ​ណាស់ » ។ ម៉ាក់​បាន​ហុច​ស្លាបព្រា​ទៅឲ្យ​ជេនីលីន​ដាក់​នៅលើ​តុ ។ « ហើយ​អ៊ីនធឺណែត​មិន​អាក្រក់​ទាំងអស់​ទេ ។ វា​អាច​ជួយ​យើង​ឲ្យ​ទាក់ទង​ជាមួយ​មិត្តភក្តិ និង​ចែកចាយ​គំនិតយោបល់ ។ ប៉ុន្តែ​វា​អាច​ពិបាក​នៅក្នុង​ការនៅ​ឲ្យឆ្ងាយ​ពី​រឿង​អាក្រក់​ទាំងអស់​ផងដែរ ។ ពីពេលនេះទៅ​បើ​កូន​មើល​វីដេអូ យើង​មើល​វា​ជាមួយ​គ្នា ។ ធ្វើបែប​នេះ​ប៉ា និង​ម៉ាក់​អាចជួយ​បាន ប្រសិនបើ​កូន​ឃើញ​អ្វីមួយ​មិនល្អ » ។

ជេនីលីន​បាន​ងក់ក្បាល ។ លើកក្រោយ​មក​នាង​បាន​មើល​វីដេអូ​ជាមួយ​ម៉ាក់ និង​ប៉ា ។ ប៉ុន្តែ​ទំរាំ​ដល់​ពេល​នោះ មាន​រឿង​សប្បាយ​ជាច្រើន​ដែល​នាង​អាច​ធ្វើ​បាន​ដោយ​គ្មាន​ទូរស័ព្ទ ។

« តើ​កូន​ប្រាប់​អ្នក​រាល់គ្នា​ថា​វា​ដល់​ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ បានទេ ? » ម៉ាក់​បានសួរ ។

« ចាស ! ពេល​ញ៉ាំ​អាហារ​ពេល​ល្ងាច​ហើយ ខ្ញុំ​នឹង​គូររូប​ជាមួយ​ចូចូ ! »

រូបភាព
alt​text
រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ មិជ មីលល័រ