ប្រិយមិត្ត
បុណ្យ​អ៊ីស្ទើរ​ដែល​ត្រូវ​ចងចាំ
ខែ មីនា ឆ្នាំ ២០២៤


« បុណ្យ​អ៊ីស្ទើរ​ដែល​ត្រូវ​ចងចាំ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៤ ទំព័រ ១៤-១៥ ។

បុណ្យ​អ៊ីស្ទើរ​ដែល​ត្រូវ​ចងចាំ

យ៉ូណាស​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេស៊ូវ​នៅពេល​គាត់​ច្រៀង ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ​ប្រទេស​ហ្វាំងឡង់ ។

ចូណាស​បាន​សើច​នៅពេល​ដែល​គាត់រត់​ប្រណាំង​ជាមួយនឹង​បង​ប្អូន​របស់​គាត់​ទៅកាន់​បន្ទប់​ទទួល​ភ្ញៀវ​សម្រាប់​រាត្រី​ក្រុមគ្រួសារ ។ គាត់​នៅ​តែ​អាច​ធុំក្លិន​កូន​ចៀម​ដុត​មកពី​អាហារ​ពេល​ល្ងាច​បុណ្យ​អ៊ីស្ទើរ ។ ហើយ​គាត់​នៅ​តែ​អាច​ភ្លក់​រសជាតិ ប៉ាសា ដ៏​ផ្អែម​ដែល​ជា​រសជាតិ​បង្អែម​បុណ្យ​អ៊ីស្ទើរ​បែប​ប្រពៃណី​របស់​ពួកគេ ។

បន្ទាប់ពី​ក្រុមគ្រួសារ​បាន​អង្គុយ​ចុះហើយ បងប្រុស​ច្បង​របស់​ចូណាស ឈ្មោះ​ទ្រីស្តាន​បាន​ក្រោកឈរ​ឡើង ។

ទ្រីស្តាន​បាន​និយាយថា « រីករាយ​បុណ្យ​អ៊ីស្ទើរ ! » ។ គាត់​បាន​ចាប់ផ្ដើម​រាត្រី​ក្រុមគ្រួសារ​របស់​ពួកគេ​ដោយ​មាន​ចម្រៀង និង​ការអធិស្ឋាន ។ បន្ទាប់​មក​វា​ដល់​ពេល​សម្រាប់​កម្មវិធី​តន្ត្រី​ដ៏​ពិសេស​របស់​ពួកគេ ។ មនុស្ស​គ្រប់​គ្នា​បាន​ត្រៀម​ចម្រៀង​មួយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​ចែកចាយ ។

ទ្រីស្តាន​បាន​លេង​ហ្គីតា​ដោយ​កេះ​ខ្សែ​នីមួយៗ​ដោយ​ប្រុងប្រយ័ត្ន ។ បន្ទាប់​មក​ប្អូន​ប្រុស​របស់​គាត់​អាយណា​បាន​លេង​ព្យាណូ ។ ម្រាម​ដៃ​របស់​គាត់​បាន​លេង​ខ្ទង់​ព្យាណូ​យ៉ាង​រលូន ។ ម៉ាក់ប៉ា និង​បងប្រុស​ផ្សេង​ទៀត​របស់​ចូណាស ក៏​បាន​លេង​ចម្រៀង​ផង​ដែរ ។ ចូណាស​ចូលចិត្ត​ស្តាប់​តន្ត្រី​របស់​គ្រួសារ​គាត់ ។

ចុង​ក្រោយ​គឺ​ដល់វេន​របស់ចូណាស ។ គាត់​បាន​ដក​ដង្ហើមធំ ហើយ​បាន​ចាប់ផ្ដើម​ច្រៀង ។

រូបភាព
alt text

« ក្នុងគ្រា​ដែល​ខ្ញុំ​ត្រូវ​ល្បូង​ឲ្យ​ជ្រើសរើស​ផ្លូវខុស តែ​ខ្ញុំ​ព្យាយាម​ស្តាប់តាម​សម្លេង​ខ្សឹប​ដ៏តូច​រហៀង ចូរស្រឡាញ់គ្នា​ដូចព្រះ​ទ្រង់​ស្រឡាញ់អ្នក » ។*

នៅពេល​ចូណាស​ច្រៀង បេះដូង​របស់​ចូណាស​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់ ។ ចូណាស​បាន រលីងរលងទឹកភ្នែក​ដោយក្តី​រីករាយ ។ វា​មាន​អារម្មណ៍​ដូច​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រាប់ដល់ចូណាស​ថា​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ស្រឡាញ់​គាត់ ។

លោក​ប៉ា​បាន​និយាយ​ថា « អរគុណ​អ្នក​ទាំងអស់គ្នា​ដែល​បាន​ចែកចាយ​ទេពកោសល្យ​របស់​អ្នក​ទាំងអស់គ្នា » ។ ប៉ា​បាន​លើក​រូបភាព​មួយ​ឡើង ។ វា​បាន​បង្ហាញ​អំពី​ព្រះយេស៊ូវគ្រីស្ទ​កំពុង​លុតជង្គង់ ហើយ​អធិស្ឋាន​នៅក្បែរ​ដើមឈើ​មួយ ។ « តើ​នរណា​ដឹង​ថា​មាន​អ្វី​កើត​ឡើង​នៅក្នុង​រូបភាព​នេះ ? »

ចូណាស​បាន​លើកដៃ​ឡើង ។ « នោះគឺ​ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​នៅក្នុង​សួនច្បារ​គែតសេម៉ានី » ។

លោកប៉ា​បាន​ងក់ក្បាល ។ « ត្រូវហើយ ។ នោះ​គឺជា​កន្លែង​ដែល​ទ្រង់​ទទួលរង​នូវ​រាល់​ការឈឺចាប់ និង​ទុក្ខព្រួយ​ទាំងអស់​របស់​យើង » ។

ម៉ាក់​បាន​និយាយថា « ទ្រង់​បាន​យាង​ទៅ​សួនច្បារ​គែតសេម៉ានី​មុន​ពេល​ទ្រង់​សុគត » ។ « ក្រោយ​ពី​ទ្រង់​សុគត ទ្រង់​បាន​មាន​ព្រះជន្ម​រស់ឡើងវិញ ។ នេះ​គឺ​ជា​ផ្នែកទាំងអស់​នៃ​ដង្វាយធួន​របស់​ទ្រង់ ។ ព្រះយេស៊ូវ​បាន​ធ្វើ​រឿង​ទាំង​អស់​នេះ​ដោយសារ​ទ្រង់​ស្រឡាញ់​យើង » ។

ម៉ាក់​បាន​ចាក់​វីដេអូ​មួយ​អំពី​បុណ្យ​អ៊ីស្ទើរ​ដំបូង ។ នៅពេល​វីដេអូ​ចប់ គ្រប់​គ្នា​បាន​ស្ងប់ស្ងាត់​មួយ​នាទី ។ ចូណាស​ទទួល​អារម្មណ៍​នៃ​សេចក្តីស្រឡាញ់​របស់​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ម្ដងទៀត ។

« ឥឡូវ​ដល់​ពេល​សម្រាប់​សកម្មភាព​របស់​យើង​ហើយនៅ ? » ចូណាស​សួរ ។

ម៉ាក់​បាន​ក្រោកឈរ​ពី​កៅអី ហើយ​ដើរ​ទៅ​កាន់​ទូរ​មួយ ។ « ច៎ាស ! ចូណាស តើ​កូន​ជួយ​ម៉ាក់​បានទេ ? »

ចូណាស និង​ម៉ាក់​បាន​ដក​កាវបិទ កន្ត្រៃ និង​ទស្សនាវដ្ដី​សាសនាចក្រ​មួយ​គំនរ​ចេញ ។ ពួក​គេ​បាន​រាយ​របស់​ទាំងនោះ​នៅ​លើ​កម្រាល​ឥដ្ឋ ។ បន្ទាប់​មក​ម៉ាក់​បាន​ឲ្យ​ពួកគេ​ម្នាក់ៗ​នូវ​ទិនានុប្បវត្តិ​បុណ្យ​អ៊ីស្ទើរ​ពិសេស​មួយ ។ « ចូរ​យើង​រចនា​រូប​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅក្នុង​ទិនានុប្បវត្តិ​របស់​យើង​សម្រាប់​បុណ្យ​អ៊ីស្ទើរ » ។

រូបភាព
alt ​text

ចូណាស​អង្គុយ​លើ​កម្រាល​ឥដ្ឋ ហើយ​បាន​បើក​សៀវភៅ​កំណត់ត្រា​របស់​គាត់ ។

ប៉ា​បាន​យក​ប៊ិច​មួយ​ដើម្បី​សរសេរ​នៅ​ក្នុង​ទិនានុប្បវត្តិ​របស់​គាត់ ។ « នៅ​ជាប់​នឹង​រូបភាព​របស់​កូន កូន​អាច​សរសេរ​នូវ​អ្វី​ដែល​កូន​នឹង​ធ្វើ​ដើម្បី​ធ្វើ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ ដើម្បី​ឲ្យ​កូន​អាច​កាន់តែ​ក្លាយ​ដូចជា​ពួក​ទ្រង់​ខ្លាំងឡើង » ។

ចូណាស​បាន​បើក​ទំព័រ​នៅក្នុង​ទស្សនាវដ្ដី​មួយ ។ គាត់​បាន​រក​ឃើញ​រូបភាព​ព្រះយេស៊ូវគ្រីស្ទ​ញញឹម ។

ចូណាស​បាន​កាត់​រូបភាព​នេះ​ចេញ ហើយ​បាន​បិទ​វា​នៅ​ចំ​កណ្តាល​ទំព័រ​ទិនានុប្បវត្តិ​របស់​គាត់ ។ គាត់​បាន​គិត​អំពី​សេចក្ដី​ស្រឡាញ់​ទាំងអស់​ដែល​គាត់​បាន​ទទួល​មក​ពី​ព្រះអង្គសង្គ្រោះ​នៅ​ថ្ងៃ​នោះ ។ បន្ទាប់​មក​គាត់​បាន​សរសេរ​ថា « ខ្ញុំ​នឹង​ដើរ​តាម​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​ដោយ​ស្តាប់​តាម​ប៉ា និង​ម៉ាក់ និង​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ ។ ខ្ញុំ​នឹង​ស្រឡាញ់​បងប្អូន​ប្រុស​របស់​ខ្ញុំ​ឲ្យ​ច្រើនជាងមុន » ។ គាត់​បាន​លើក​វា​ឡើង​ដើម្បី​បង្ហាញ​ដល់​ម៉ាក់ ។ ម៉ាក់​បាន​អាន​នូវ​អ្វី​ដែល​គាត់​បាន​សរសេរ ហើយ​ញញឹម ។

ចូណាស​នឹង​ចងចាំ​បុណ្យ​អ៊ីស្ទើរ​នេះ​សម្រាប់​ពេល​ដ៏យូរ ។ គាត់​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះយេស៊ូវគ្រីស្ទ​នៅពេល​គាត់​ច្រៀង ហើយ​នៅពេល​បាន​រៀន​អំពី​ទ្រង់ ។ ហើយ​គាត់​ទទួល​បាន​សេចក្តីស្រឡាញ់​របស់​ព្រះយេស៊ូវ​នៅពេល​គាត់​ព្យាយាម​ធ្វើ​ដូច​ទ្រង់ ។

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ​ពិត​ជា​ស្រឡាញ់​ចូណាស​ណាស់ ។ ហើយ​ចូណាស​ក៏​ស្រឡាញ់​ទ្រង់​ទាំងទ្វេ​ដែរ ។

រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ស្ទិលីយ៉ាណា​ដូណេវ៉ា

  • « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០ )