លីអាហូណា
ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​ទាំងអស់ ជាដំណឹងល្អ​សម្រាប់​មនុស្ស​គ្រប់រូប
ខែ មីនា ឆ្នាំ ២០២៤


« ព្រះអង្គ​សង្គ្រោះ​របស់​មនុស្ស​ទាំងអស់ ជា​ដំណឹងល្អ​សម្រាប់​មនុស្ស​គ្រប់រូប » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

ព្រះអង្គ​សង្គ្រោះរបស់​មនុស្ស​ទាំងអស់ ជា​ដំណឹងល្អ​សម្រាប់​មនុស្ស​គ្រប់រូប

ដំណឹងល្អ ដង្វាយធួន និង​ការមាន​ព្រះជន្ម​រស់ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ប្រទានពរ​ដល់​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះ ។

រូបភាព
ព្រះគ្រីស្ទ និង​បុរស​ស្លាប់ដៃជើង​ម្នាក់

ព្រះគ្រីស្ទ និង​បុរស​ស្លាប់​ដៃជើង​ម្នាក់ ដោយ ជេ ឃើក រីឆាដ មិន​អាច​ចម្លង​បានទេ

ដំបូងគេ​បំផុត និង​ជា​រៀង​រហូត ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើងវិញ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ប្រភព​នៃ​សុភមង្គល​ដ៏​យូរ​អង្វែង ភាពសុខសាន្ត​ពិត និង​អំណរ​សម្រាប់​មនុស្ស​គ្រប់គ្នា​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ពរជ័យ​ដែល​ហូរ​ចេញ​មកពី​ដំណឹងល្អ និង​មកពី​សេចក្តីមេត្តា​ករុណា​ដ៏​គ្មាន​កំណត់​របស់​ព្រះគ្រីស្ទ​មិន​មាន​ន័យ​ថា មាន​តែ​ចំពោះ​មនុស្ស​ជម្រើស​មួយ​ចំនួន​ពី​បុរាណ ឬ​សម័យ​ទំនើប​នេះទេ ។

មិន​ថា​យើង​អាច​មាន​អារម្មណ៍​មិន​គ្រប់គ្រាន់​ប៉ុណ្ណា​ទេ ហើយ​ទោះបី​ជា​អំពើ​បាប​ដែល​អាច​រារាំង​យើង​ពី​ទ្រង់​អស់​មួយរយៈ​កាល​ក៏​ដោយ ក៏​ព្រះអង្គ​សង្រ្គោះ​របស់​យើង​បាន​ធានា​នឹង​យើង​ថា « ទ្រង់​លូក​ព្រះហស្ត​ទ្រង់​ទៅរក [ យើង ] អស់​ទាំង​ថ្ងៃ » ( យ៉ាកុប ៦:៤ ) ដោយ​អញ្ជើញ​យើង​ទាំងអស់គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ។

ដំណឹងល្អ​ផ្ដល់​ពរជ័យ​ដល់​មនុស្ស​ទាំងអស់​នៅលើ​ពិភពលោក​នេះ

ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវបាន « ស្ដារ​ឡើងវិញ​នៅក្នុង​ថ្ងៃ​ចុងក្រោយ​នេះ ដើម្បី​បំពេញ … តម្រូវការ​របស់​គ្រប់​ទាំង​សាសន៍ គ្រប់​ពូជ​មនុស្ស ហើយ​គ្រប់​ទាំង​ភាសា និង​មនុស្ស​នៅលើ​ផែនដី » ។ ដំណឹងល្អ​បាន​ទៅដល់​គ្រប់​ពូជសាសន៍ និង​ពណ៌​សម្បុរ​ទាំងអស់ នៅ​ខណៈពេល​កំពុង​ជ្រៀតចូល​គ្រប់​វប្បធម៌​ទាំងអស់ ដើម្បី​បង្រៀនថា « ទាំង​អស់​គឺ​ដូចគ្នា​នៅ​ចំពោះ​ព្រះ » ( នីហ្វៃទី២ ២៦:៣៣ ) ។ ព្រះគម្ពីរ​មរមន​ឈរ​ជា​សាក្សី​ដ៏​អស្ចារ្យ​មួយ​នៃ​សេចក្ដី​ពិត​នេះ ។

កំណត់ត្រា​ដ៏​អស្ចារ្យ​នេះ​ធ្វើ​ទីបន្ទាល់​ថា ព្រះគ្រីស្ទ​ចងចាំ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ( សូមមើល នីហ្វៃទី២ ២៩:៧ ) ហើយ​ទ្រង់​នឹង​សម្ដែង « រូបអង្គ​ទ្រង់​ដល់​អស់​អ្នកណា​ដែល​ជឿ​ដល់​ទ្រង់ … [ និង​សម្ដែង ] អព្ភូតហេតុ​ទាំងឡាយ ទីសម្គាល់​ទាំងឡាយ និង​ការណ៍​អស្ចារ្យ​ដ៏​ធំ​ទាំង​ឡាយ​នៅក្នុង​ចំណោម​កូន​ចៅ​មនុស្ស » ( នីហ្វៃទី២ ២៦:១៣ ) ។ នៅក្នុង​ចំណោម​អព្ភូតហេតុ​ដ៏​អស្ចារ្យ ទីសម្គាល់ និង​ការណ៍​ដ៏​អស្ចារ្យ​ទាំងនេះ គឺ​ការផ្សព្វផ្សាយ​នៃ​ដំណឹងល្អ ។ ដូច្នេះហើយ យើង​បញ្ជូន​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ទៅ​ទូទាំង​ពិភព​លោក ដើម្បី​ធ្វើ​ជា​សាក្សី​អំពី​ដំណឹងល្អ ។ យើង​ក៏​ចែកចាយ​ដំណឹងល្អ​ជាមួយ​អ្នក​ដែល​នៅ​ជុំវិញខ្លួន​របស់​យើង​ផង​ដែរ ។ ការអនុវត្ត​នៃ​ការស្ដារ​កូនសោ​បព្វជិតភាព​ឡើងវិញ​សម្រាប់​អ្នក​នៅរស់ និង​អ្នក​ដែល​បាន​ស្លាប់​ធានា​បាន​ថា ភាពពេញលេញ​នៃ​ដំណឹងល្អ​នឹង​អាច​រក​បាន​នៅ​ទីបំផុត​សម្រាប់​បុត្រា និង​បុត្រី​គ្រប់​រូប​របស់​ព្រះវរបិតាមាតា​សួគ៌​របស់​យើង—អតីតកាល បច្ចុប្បន្នកាល ឬ​អនាគតកាល ។

ចំណុច​ដ៏សំខាន់​នៃ​ដំណឹងល្អ​នេះ—សារ​ដ៏សំខាន់​របស់​ព្យាការី និង​ពួក​សាវក​ទាំងអស់​ដែល​ធ្លាប់បាន​ហៅ​ឲ្យធ្វើ​កិច្ចការ​នេះ—គឺថា​ព្រះយេស៊ូវ​គឺជា​ព្រះគ្រីស្ទ ហើយ​ទ្រង់​បានយាង​មក​ដើម្បី​ប្រទានពរ​ដល់​មនុស្ស​គ្រប់រូប ។ ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ យើង​ប្រកាស​ថា​ដង្វាយធួន​ដ៏​អស្ចារ្យ​របស់​ទ្រង់​គឺ​សម្រាប់​ពិភពលោក​ទាំងអស់ ។

តម្រូវការ​ដើម្បី​មាន​ដង្វាយធួន​ដ៏​និរន្ដរ៍ និង​អស់កល្ប​ជានិច្ច

នៅពេល​ខ្ញុំ​ទៅ​ជុំវិញ​ពិភព​លោក ខ្ញុំ​ធ្វើការ​សម្ភាស​ជាមួយ​សមាជិក​សាសនាចក្រ​ជា​ច្រើន ។ ខ្ញុំ​ទទួល​ការបំផុស​គំនិត​ឲ្យ​ស្តាប់​អារម្មណ៍​របស់​ពួកគេ​អំពី​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅក្នុង​ជីវិត​របស់​ពួកគេ សូម្បី​តែ​ពេល​ពួកគេ​សារភាព​ពី​អំពើ​បាប​នៅក្នុង​អតីតកាល​មួយ​ចំនួន​ក៏​ដោយ ។ ពិតជា​អស្ចារ្យណាស់​ដែល​ការលួងលោម​នៃ​ការសម្អាត​នៃ​ដង្វាយធួន​របស់​ទ្រង់​តែងតែ​មាន​ជានិច្ច​សម្រាប់​យើង​ទាំងអស់គ្នា !

អាមូលេក បាន​ប្រកាស​ថា « ត្រូវ​តែ​មាន​ដង្វាយ​ធួន​មួយ​កើត​ឡើង បើ​ពុំ​នោះ​សោត​ទេ មនុស្ស​លោក​ទាំង​អស់​នឹង​ពុំ​អាច​ចៀស​ផុត​ពី​សេចក្ដី​វិនាស​បាន​ឡើយ » ។ យើង​នឹង « ធ្លាក់ចុះ ហើយ … វង្វេង … លើកលែង​តែ​តាមរយៈ​ដង្វាយធួន » ដែល​តម្រូវ​ឲ្យ​មាន « ការបូជា​មួយ​ដ៏​និរន្តរ៍ និង​អស់​កល្ប​ជានិច្ច » ។ ហេតុ​ដូច្នេះ​ហើយ « ពុំ​អាច​មាន​អ្វី​ក្រៅ​ពី​ដង្វាយ​ធួន​មួយ​ដ៏​និរន្តរ៍ ទើប​អាច​គ្រប់​គ្រាន់​សម្រាប់​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​នៃ​មនុស្ស​លោក​នេះ​បាន » ( អាលម៉ា ៣៤:៩, ១០, ១២ ) ។

យ៉ាកុប ព្យាការី​ដ៏​អស្ចារ្យ​ក៏​បាន​បង្រៀន​ដែរ​ថា ដោយសារ​តែ « សេចក្ដី​ស្លាប់​បាន​មក​ដល់​មនុស្ស​លោក​គ្រប់រូប … នោះ​ក៏​ជា​ការចាំបាច់​ដែល​ត្រូវតែ​មាន​អំណាច​នៃ​ដំណើរ​រស់​ឡើងវិញ​យ៉ាង​នោះ​ដែរ » ដើម្បី​នាំយើង​ចូលទៅ​ក្នុង​វត្តមាន​របស់ព្រះ ( នីហ្វៃទី២ ៩:៦ ) ។

ទាំង​អំពើ​បាប និង​សេចក្ដី​ស្លាប់​ចាំបាច់​ត្រូវ​យក​ឈ្នះ ។ នេះ​គឺ​ជា​បេសកកម្ម​របស់​ព្រះអង្គសង្គ្រោះ ដែល​ទ្រង់​បាន​បញ្ចប់​ដោយ​អង់អាច​សម្រាប់​បុត្រាបុត្រី​ទាំងអស់​របស់​ព្រះ ។

រូបភាព
ព្រះគ្រីស្ទ​នៅក្នុង​សួនច្បារ​គែតសេម៉ានី

Gethsemane ( សួនច្បារ​គែតសេម៉ានី )ដោយ ជេ ឃើក រីឆាដ មិន​អាច​ចម្លង​បានទេ

ដង្វាយធួន​របស់​ព្រះអង្គសង្រ្គោះ​របស់​យើង

នៅ​យប់​ចុងក្រោយ​របស់​ទ្រង់​នៅក្នុង​ព្រះជន្ម​រមែងស្លាប់ ព្រះយេស៊ូវ​គ្រីស្ទ​បាន​យាង​ចូល​ទៅក្នុង​សួនច្បារ​គែតសេម៉ានី ។ នៅ​ទីនោះ ទ្រង់​បាន​លុត​ជង្គង់​នៅ​កណ្តាលព្រៃ​ដើម​អូលីវ ហើយ​បាន​ចាប់ផ្តើម​ធ្លាក់ចូល​ទៅក្នុង​ភាពឈឺចាប់​ដ៏​ជ្រាលជ្រៅ​ដែល​បងប្អូន និង​ខ្ញុំ​នឹង​មិន​អាច​ដឹង​បាន​ឡើយ ។

នៅ​ទីនោះ ទ្រង់​បាន​ចាប់ផ្ដើម​លើកដាក់​លើ​ព្រះអង្គ​ទ្រង់​នូវ​អំពើ​បាប​ទាំងអស់​របស់​លោកិយ ។ ទ្រង់​មាន​អារម្មណ៍​ឈឺចាប់ ខូចចិត្ត និង​សោកសៅ​គ្រប់​យ៉ាង ហើយ​ទ្រង់​បាន​ស៊ូទ្រាំ​នឹង​ទុក្ខសោក និង​ទុក្ខ​វេទនា​ទាំង​អស់​ដែល​បងប្អូន ខ្ញុំ និង​គ្រប់​ព្រលឹង​ទាំងអស់​ដែល​ធ្លាប់​រស់​នៅ ឬ​នឹង​រស់​ដកពិសោធន៍ ។ ការរងទុក្ខ​ដ៏ធំធេង និង​គ្មាន​កំណត់នេះ « បាន​បណ្ដាលឲ្យ [ ទ្រង់ ] … ដែលជា​ព្រះ​ដ៏​មហិមា​លើ​អ្វីៗ​ទាំងអស់ ត្រូវ​ញ័រ​ដោយ​សារ​តែ​ការឈឺ​ចាប់ ហើយ​ត្រូវ​ច្រួច​លោហិត​ចេញ​ពី​គ្រប់​រន្ធ​ញើស » ( គោល​លទ្ធិ និង​សេចក្ដី​សញ្ញា ១៩:១៨ ) ។ មាន​តែ​ទ្រង់​ម្នាក់​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​រឿង​នេះ​បាន ។

គ្មាន​នរណា​ទៀត​ដ៏ល្អ​គ្រប់គ្រាន់

ដើម្បី​បង់​ថ្លៃ​នៃ​បាប ។

មាន​តែ​ព្រះអង្គ​ទ្រង់​ទើបអាច​បើកទ្វារ

នៃ​ស្ថានសួគ៌​ឲ្យយើង ។

បន្ទាប់មក ព្រះយេស៊ូវ​ត្រូវ​បាននាំ​ទៅកាន់​កាល់វ៉ារី ហើយ​នៅក្នុង​គ្រាដ៏​សោកសៅ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ពិភពលោក​នេះ គឺ​ទ្រង់​ត្រូវ​បាន​គេ​ឆ្កាង ។ គ្មាន​នរណា​ម្នាក់​អាច​យក​ព្រះជន្ម​របស់​ទ្រង់​ចេញ​ពី​ទ្រង់​បាន​ឡើយ ។ ក្នុង​នាម​ជា​បុត្រា​ដ៏​ស្ងួនភ្ញា​របស់​ព្រះ ទ្រង់​មាន​អំណាច​លើ​ការស្លាប់​ខាង​រាងកាយ ។ ទ្រង់​អាច​អធិស្ឋាន​ទៅ​កាន់​ព្រះបិតា​របស់​ទ្រង់ ហើយ​កងទ័ព​នៃ​ពួក​ទេវតា​នឹង​មក​បំផ្លិច​បំផ្លាញ​អ្នក​ធ្វើ​ទារុណ​កម្ម​របស់​ទ្រង់ ហើយ​បង្ហាញ​អំពី​អំណាច​គ្រប់គ្រង​របស់​ទ្រង់​លើ​អ្វីៗ​ទាំង​អស់ ។ ព្រះយេស៊ូវ​ចោទសួរ​ទៅ​អ្នកដែល​ក្បត់​ទ្រង់ថា « បើ​យ៉ាង​នោះ​ធ្វើ​ដូច​ម្តេច​នឹង​បាន​សម្រេច​តាម​ព្រះគម្ពីរ ដែល​ថា​ត្រូវ​តែ​កើត​មាន​ដូច្នេះ ? » ( ម៉ាថាយ ២៦:៥៤ ) ។

ចេញពី​ការស្តាប់​បង្គាប់​តាម​ព្រះវរបិតា​របស់​ទ្រង់​យ៉ាង​ល្អ​ឥតខ្ចោះ—និង​សេចក្តី​ស្រឡាញ់​ដ៏ល្អឥតខ្ចោះ​ចំពោះ​យើង—ព្រះយេស៊ូវ​បាន​ស្ម័គ្រ​ព្រះទ័យ​លះបង់​ព្រះជន្ម​របស់​ទ្រង់ និង​បាន​ធ្វើ​ដង្វាយធួន​ដ៏​អស់កល្ប​ជានិច្ច​របស់​ទ្រង់ ដែល​ឈាន​ទៅ​ដល់​ពេល​វេលា​ក្នុង​អតីតកាល និង​ឆ្ពោះ​ទៅ​មុខ​អស់​ដ៏​កល្ប​ជានិច្ច ។

ជ័យជម្នះ​របស់​ព្រះអង្គសង្គ្រោះ​របស់​យើង

ព្រះយេស៊ូវ​បាន​បង្គាប់​ពួកសាវក​របស់​ទ្រង់​ឲ្យ​បន្ត​កិច្ចការ​របស់​ទ្រង់ បន្ទាប់​ពី​ទ្រង់​បាន​សុគត​ទៅ ។ តើ​សាវក​ទាំងនោះ​ធ្វើ​តាម​ដោយ​របៀបណា ? សាវក​មួយ​ចំនួន​គ្រាន់​តែ​ជា​អ្នក​នេសាទ​ធម្មតា​ប៉ុណ្ណោះ ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​បង្ហាត់​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​សម្រាប់​ការងារ​បម្រើ​ឡើយ ។ នៅ​គ្រា​នោះ សាសនាចក្រ​របស់​ព្រះគ្រីស្ទ​មើលទៅ​ហាក់​ដូច​ជា​ត្រូវ​ផុត​ពូជ​រលត់​អ៊ីចឹង ។ ប៉ុន្តែ​ពួកសាវក​បាន​រកឃើញ​កម្លាំង​ដើម្បី​បំពេញ​តាម​ការហៅ​របស់​ពួកគេ ហើយ​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​នៃ​ពិភព​លោក​នេះ ។

តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​មាន​កម្លាំង​ដែល​ចេញមក​ពី​ភាពទន់​ខ្សោយ​បែប​នេះ ? អ្នក​ដឹកនាំ​សាសនា​កាតូលិក និង​ជា​អ្នកប្រាជ្ញ លោក ហ្វ្រេឌ្រិច ហ្វារ៉ា បាន​និយាយ ៖ « មាន​ចម្លើយ​មួយ ហើយ​តែមួយ​គត់​ប៉ុណ្ណោះ ដែលអាចធ្វើទៅបាន—គឺ​ការរស់​ឡើងវិញ​ពី​ការស្លាប់ ។ គ្រប់​បដិវត្តន៍​ដ៏​ធំ​ទាំងអស់​នេះ​គឺ​អាស្រ័យ​ទៅលើ​អំណាច​នៃ​ការរស់​ឡើងវិញ​របស់​ព្រះគ្រីស្ទ » ។ ក្នុង​នាម​ជា​សាក្សី​នៃ​ព្រះ​អម្ចាស់​ដែល​បាន​រស់​ឡើងវិញ ពួក​សាវក​បាន​ដឹង​ថា គ្មាន​អ្វី​អាច​បញ្ឈប់​កិច្ចការ​នេះ​ពី​ការចម្រើន​ទៅ​មុខ​បាន​នោះទេ ។ សាក្សី​របស់​ពួកគេ​គឺ​ជា​ប្រភព​នៃ​អំណាច​ដែល​ទ្រទ្រង់ នៅពេល​សាសនាចក្រ​ដំបូង​បាន​យក​ឈ្នះ​លើ​ឧបសគ្គ​ទាំង​អស់ ។

រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ ក្នុង​នាម​ជា​សាក្សី​ម្នាក់​នៅក្នុង​ចំណោម​សាក្សី​ដែល​បាន​តែងតាំង ខ្ញុំ​សូម​ប្រកាស​ថា នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ដ៏​ស្រស់​ស្អាត​នេះ ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​បាន​រស់​ឡើងវិញ​ពី​សេចក្ដី​ស្លាប់​ដើម្បី​ពង្រឹង​យើង និង​បំបាក់​ចំណង​នៃ​សេចក្ដី​ស្លាប់​សម្រាប់​មនុស្ស​គ្រប់គ្នា ។ ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់ ! ដោយសារ​ទ្រង់ នោះ​សេចក្ដី​ស្លាប់​មិនមែន​ជា​ទីបញ្ចប់​របស់​យើង​នោះ​ទេ ។ ការរស់​ឡើងវិញ​គឺ​ជា​អំណោយ​ដ៏​ឥត​គិត​ថ្លៃ និង​ជាសកល​របស់​ព្រះគ្រីស្ទ​ចំពោះ​មនុស្ស​ទាំងអស់ ។

រូបភាព
ព្រះគ្រីស្ទ និង ម៉ារា ជា​អ្នក​ស្រុក​ម៉ាក់ដាឡា នៅ​ឯ​ផ្នូរ

ព្រះគ្រីស្ទ និង ម៉ារី ម៉ាកដាឡីន នៅ​ឯ​ផ្នូរ ដោយ យ៉ូសែប ប្រ៊ីកឃី

មក​រក​ព្រះគ្រីស្ទ

ដំណឹងល្អ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​សម្រាប់​មនុស្ស​ទាំងអស់—គឺសម្រាប់ មនុស្ស​គ្រប់រូប ។ វិធី​តែ​មួយ​គត់​ដែល​យើង​ទទួល​នូវ​បទពិសោធន៍​នៃ​ពរជ័យ​ដ៏​ពេញលេញ​នៃ​ពលិកម្ម​ដ៏ធួន​របស់​ព្រះអង្គ​សង្គ្រោះ គឺ​ដោយ​ការទទួល​យក​ការអញ្ជើញ​របស់​ទ្រង់​ដោយ​ផ្ទាល់ ៖ « ចូរ​មក​រក​ខ្ញុំ » ( ម៉ាថាយ ១១:២៨ ) ។

យើង​មក​រក​ព្រះគ្រីស្ទ នៅពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ទ្រង់ ហើយ​ប្រែ​ចិត្ត ។ យើង​មក​រក​ទ្រង់ នៅពេល​យើង​ជ្រមុជទឹក​នៅក្នុង​ព្រះនាម​របស់​ទ្រង់ ហើយ​ទទួល​អំណោយ​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ យើង​មក​រក​ទ្រង់ នៅពេល​យើង​រក្សា​បទបញ្ញត្តិ ទទួល​ពិធីបរិសុទ្ធ គោរពតាម​សេចក្ដី​សញ្ញា ឱបក្រសោប​បទពិសោធន៍​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ហើយ​រស់នៅ​តាម​ជីវិតជា​សិស្ស​របស់​​ព្រះ​គ្រីស្ទ ។

ជួនកាល បងប្អូន​នឹង​ប្រឈម​មុខ​ជាមួយនឹង​ការបាក់​ទឹក​ចិត្ត និង​ការខក​ចិត្ត ។ ដួងចិត្ត​របស់​បងប្អូន​អាច​ឈឺផ្សា​ចំពោះ​ខ្លួនឯង ឬ​នរណា​ម្នាក់​ដែល​បងប្អូន​ស្រឡាញ់ ។ បងប្អូន​អាច​ត្រូវ​បាន​ទទួល​បន្ទុក​ដោយ​អំពើ​បាប​របស់​អ្នក​ដទៃ ។ កំហុស​ដែល​បងប្អូន​បានធ្វើ—ប្រហែលជា​ធ្ងន់ធ្ងរ—ប្រហែលជា​ធ្វើឲ្យ​បងប្អូន​ភ័យខ្លាច​ថា ភាពសុខសាន្ត និង​សុភមង្គល​បាន​ចាកចេញ​ពី​បងប្អូន​ជារៀងរហូត​ហើយ ។ នៅពេល​នេះ សូម​ចងចាំ​ថា ព្រះអង្គ​សង្គ្រោះ​មិន​ត្រឹមតែ​លើក​បន្ទុក​នៃ​អំពើ​បាប​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង « រង​ទុក្ខ [ វេទនា ] ឈឺ​ចាប់ និង​ទុក្ខ​វេទនា និង​ការល្បួង​គ្រប់​បែបយ៉ាង » ( អាលម៉ា ៧:១១ ) រួម​ទាំង​របស់​បងប្អូន​ផងដែរ ! ដោយសារ​តែ​អ្វី​ដែល​ទ្រង់​បាន​ធ្វើ​សម្រាប់​បងប្អូន នោះ​ទ្រង់​ដឹង​ដោយផ្ទាល់​អំពី​របៀប​ដើម្បី​ជួយ​បងប្អូន នៅ​ពេល​ដែល​បងប្អូន​ទទួល​យក​ការអញ្ជើញ​ដែល​ផ្លាស់ប្ដូរ​ជីវិត​របស់​ទ្រង់ ៖ « ចូរ​មក​រក​ខ្ញុំ » ។

យើង​ស្វាគមន៍​មនុស្ស​ទាំងអស់

ព្រះយេស៊ូវ​គ្រីស្ទ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា បុត្រាបុត្រី​របស់​ព្រះវរបិតាសួគ៌​ទាំងអស់​មាន​ចំណែក​ស្មើ​គ្នា​ចំពោះ​ពរជ័យ​នៃ​ដំណឹងល្អ និង​ដង្វាយធួន​របស់​ទ្រង់ ។ ទ្រង់​រំឭក​យើង​ថា យើង « ទទួល​យក​ឯក​សិទ្ធ​ដូចៗ​គ្នា ហើយ​គ្មាន​អ្នក​ណា​ម្នាក់​ត្រូវ​បាន​ហាមប្រាម​ឡើយ » ( នីហ្វៃទី២ ២៦:២៨ ) ។

« ហើយ​ទ្រង់​អញ្ជើញ​ពួក​គេ​ទាំង​អស់​គ្នា​ឲ្យ​មក​រក​ទ្រង់ ហើយ​ទទួល​ទាន​នូវ​សេចក្ដី​ល្អ​សប្បុរស​របស់​ទ្រង់ ហើយ​ទ្រង់​ពុំ​បដិសេធ​អ្នក​ណា​ម្នាក់ ដែល​មក​រក​ទ្រង់​ឡើយ គឺ​ទាំង​ខ្មៅ និង​ស ទាំង​បាវ​គេ និង​សេរី ទាំង​ប្រុស និង​ស្រី » ( នីហ្វៃទី២ ២៦:៣៣ ) ។

« ទ្រង់​អញ្ជើញ​ពួក​គេ​ទាំង​អស់​គ្នា »—មាន​ន័យថា យើង​ទាំងអស់គ្នា ! យើង​មិន​គួរ​ដាក់​ស្លាក​រាក់កំភែល និង​ភាពខុសគ្នានៃ​សិប្បនិម្មិត​មកលើ​ខ្លួន​របស់​យើង ឬ​នៅលើ​អ្នក​ផ្សេង​ទៀត​នោះ​ទេ ។ យើង​មិន​គួរ​ដាក់​របាំង​ណា​មួយ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះអង្គសង្គ្រោះ ឬ​ការសម្តែង​គំនិត​ដែល​ថា យើង ឬ​អ្នក​ដទៃ​គឺ​ហួស​ពី​ការ​ឈោង​របស់​ទ្រង់​ឡើយ ។ ដូចដែល​ខ្ញុំ​បាន​និយាយ​ពីមុន​មក « វា​មិន​អាច​ទៅ​រួចទេ​ដែល [ នរណា​ម្នាក់ ] លិច​ទៅ​ជ្រៅ​ជាង​ពន្លឺ​នៃ​ដង្វាយធួន​របស់​ព្រះគ្រីស្ទ​ដ៏​និរន្ដរ៍​ដែល​អាច​ចែងចាំង​ទៅដល់​បាន​នោះទេ » ។

ផ្ទុយ​ទៅវិញ កាល​ស៊ីស្ទើរ ហូឡិន និង​ខ្ញុំ​បាន​បង្រៀន​ពីរ​បី​ខែ​មុន​ពេល​គាត់​ទទួល​មរណភាព​ថា យើង​ទទួល​បាន​ព្រះ​បញ្ញត្តិ​ឲ្យ « មាន​សេចក្ដី​សប្បុរស ឯ​សេចក្ដី​សប្បុរស​នោះ គឺជា​សេចក្ដី​ស្រឡាញ់ » ( នីហ្វៃទី២ ២៦:៣០ ) ។ នេះ​គឺជា​សេចក្ដី​ស្រឡាញ់​ដែល​ព្រះអង្គ​សង្គ្រោះ​បង្ហាញ​យើង ព្រោះ « ទ្រង់​មិន​ធ្វើ​ការណ៍​ណា​ឡើយ លើក​លែង​តែ​ការណ៍​នោះ​មាន​ប្រយោជន៍​ដល់​មនុស្ស​លោក ដ្បិត​ទ្រង់​ស្រឡាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ បាន​ជា​ទ្រង់​ប្ដូរ​ជីវិត​ទ្រង់​ផ្ទាល់ ដើម្បី​ទ្រង់​អាច​ទាញ​មនុស្ស​ទាំង​អស់​មក​រក​ទ្រង់ » ( នីហ្វៃទី២ ២៦:២៤ ) ។

ខ្ញុំ​សូម​ថ្លែង​ទីបន្ទាល់​ថា ដំណឹង​ល្អ និង​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ​គឺ​សម្រាប់​មនុស្ស​គ្រប់គ្នា ។ ខ្ញុំ​សូម​អធិស្ឋាន​ថា បងប្អូន​នឹង​ឱប​ក្រសោប​ពរជ័យ​ដែល​ទ្រង់​ប្រទានឲ្យ​ដោយ​អំណរ ។

កំណត់​ចំណាំ

  1. ហាវើដ ដបុលយូ ហឹនធើរ « The Gospel—A Global Faith » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ១៨ ។

  2. សូមមើល ហាវើដ ដបុលយូ ហឹនធើរ « All Are Alike unto God » ( ការប្រជុំ​ពិសេស​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់ ថ្ងៃទី ៤ ខែ កុម្ភៈ ឆ្នាំ ១៩៧៩ ) ទំព័រ ១–៥ នៅលើ​គេហទំព័រ speeches.byu.edu ។

  3. « មាន​ភ្នំខៀវ​មួយ​នៅដ៏​សែនឆ្ងាយ » ទំនុក​តម្កើង ល.រ. ១៩៤ ។

  4. សូមមើល ហ្វ្រីដឺរិក ដបុលយូ ហ្វារ៉ា The Life of Christ ( ឆ្នាំ ១៩៩៤ ) ទំព័រ ៦៥៦ ។

  5. ជែហ្វ្រី អ័រ ហូឡិន «The Laborers in the Vineyard » Liahona ខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ៣៣ ។

  6. ជែហ្វ្រី អ័រ ហូឡិន និង ផាទ្រីសៀ ធី ហូឡិន « អនាគត​ពេញ​ដោយ​ក្ដី​សង្ឃឹម » ( ការប្រជុំ​ធម្មនិដ្ឋាន​ទូទាំង​ពិភពលោក​សម្រាប់​យុវមជ្ឈិមវ័យ ថ្ងៃទី ៨ ខែ មករា ឆ្នាំ ២០២៣ ) នៅលើ​គេហទំព័រ broadcasts.ChurchofJesusChrist.org ។