លីអាហូណា
បងប្អូន​មាន​ចំណែក
ខែ មីនា ឆ្នាំ ២០២៤


« បងប្អូន​​មាន​ចំណែក » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

យុវមជ្ឈិមវ័យ

បងប្អូន​មាន​ចំណែក

យើង​អាច​រក​ឃើញ​អារម្មណ៍​នៃ​ការមាន​ចំណែក​របស់​យើង នៅ​ពេល​យើង​អភិវឌ្ឍ​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ​ជាមួយ​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ព្រះ​ជាព្រះវរបិតា និង​ព្រះយេស៊ូវ​គ្រីស្ទ លាត​សន្ធឹង​ព្រះហស្ដ​របស់​ទ្រង់​ទាំងទ្វេ​ដើម្បី​ស្វាគមន៍​មនុស្ស​នៅ​ជុំវិញ​ទ្រង់ទាំងទ្វេ

ព័ត៌មាន​លម្អិត​មកពី កម្រិត​នៃ​សិរីរុងរឿង ដោយ អានី ហែនរី ណេឌើរ

យើង​ម្នាក់ៗ​បាន​កើត​មក​ដោយ​មាន​តម្រូវការ​ការមាន​ចំណែក​ពីកំណើត ។ ពី​ធម្មជាតិ​មក យើង​ចង់​មាន​ការរួមចំណែក​នៅក្នុង​ទំនាក់ទំនង​របស់​យើង​ជាមួយនឹង​ក្រុមគ្រួសារ មិត្តភក្តិ អ្នកធ្វើការ​ជាមួយ វួដ និង​មនុស្សដទៃទៀត​នៅក្នុង​ជីវិត​របស់យើង ។ ដួងចិត្ត​របស់​យើង​ហាក់​ដូច​ជា​មាន​នូវ​ការរួម​ចំណែក​ដ៏​ទេវភាព​ទាំង​នេះ សម្រាប់​តម្រូវការ​ដ៏​ជ្រាលជ្រៅ និង​ខ្ជាប់ខ្ជួន​មួយ ។

បងប្អូន និង​ខ្ញុំ​ជា—ហើយ​នៅតែ—ជា​ផ្នែក​មួយ​នៃ​គ្រួសារ​ដ៏​អស់​កល្ប​ជានិច្ច​ជាមួយ​នឹង​ព្រះវរបិតាសួគ៌​របស់​យើង តាំងពី​មុនពេល​យើង​មក​ដល់​ផែនដី​នេះ​ទៅទៀត ។ ព្រះគម្ពីរ​ពិពណ៌នា​យើង​ថា​ជា « អ្នក​ដទៃ និង​ជា​អ្នក​សំណាក់​នៅ​លើ​ផែនដី​ប៉ុណ្ណោះ » ( ហេព្រើរ ១១:១៣; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤៥:១៣ ) ។ នៅ​ក្នុង​ការ​ចាកចេញ​ពី​ផ្ទះ​នៅស្ថានសួគ៌​របស់​យើង ហើយ​មក​ដល់​ពិភព​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ច្របូកច្របល់ ភាព​ឯកោ និង​ការ​ឈឺ​ចាប់ យើង​អាច​មាន​អារម្មណ៍​ដូច​ជា​អ្នក​ដើរ​វង្វេង​ដោយ​ទន្ទឹង​រង់ចាំ​ការត្រឡប់​ទៅ​ផ្ទះ និង​ទំនាក់​ទំនង​ដ៏​អស់​កល្ប​ជានិច្ច​របស់​យើង ។

ប្រសិន​បើ​បងប្អូន​ធ្លាប់​មាន​អារម្មណ៍​ថា​នឹក​ផ្ទះ​នៅស្ថានសួគ៌​បន្តិច ប្រហែល​ជា​ដោយសារ​តែ​ផ្ទះ និង​អត្តសញ្ញាណ​ពិត​របស់​យើង​ត្រូវ​បាន​ចង​ភ្ជាប់​ទៅ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្គ្រោះ​របស់​យើង​គឺ ព្រះយេស៊ូវ​គ្រីស្ទ ។ នេះ​ជា​មូលហេតុ​ដែល​វា​មាន​សារៈ​សំខាន់​ខ្លាំង នៅក្នុង​ការមាន​ទំនាក់ទំនង​ដ៏​ស៊ីជម្រៅ​ជាមួយ​ទ្រង់​ទាំងទ្វេ ។ នៅ​ពេល​យើង​ភ្ជាប់​ជាមួយនឹង​ទ្រង់ទាំងទ្វេ​តាម​រយៈ​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​នឹង​រក​ឃើញ​នូវ​អារម្មណ៍​ពិត​នៃ​ការ​មាន​ចំណែក ដែល​វិញ្ញាណ​របស់​យើង​ទន្ទឹង​ចង់បាន ។

ទំនាក់ទំនង​នៃ​សេចក្តី​សញ្ញា​របស់​យើង​ជាមួយ​ព្រះ

សកម្មភាព និង​គំនិត​របស់​យើង​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង​ដែល​យើង​ឲ្យ​តម្លៃ ។ វា​ដូចគ្នា​នឹង​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះអង្គ​សង្រ្គោះ​របស់​យើង​ដែរ ។

នៅ​ពេល​យើង​ឲ្យ​តម្លៃ​លើ​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង​ជាមួយនឹង​ព្រះ នោះ​​អ្វីៗ​គ្រប់​យ៉ាង​នឹង​ផ្លាស់​ប្ដូរ ។ ជំនួស​ឲ្យ​ការ​ទទួល​ឥទ្ធិពល​ពី​ពិភពលោក​នេះ យើង​ទទួល​បាន​ឥទ្ធិពល​ពី​ទ្រង់ ហើយ​ក្លាយ​ដូចជា​ទ្រង់​កាន់​តែ​ខ្លាំង​ឡើង ។ ជីវិត​របស់​យើង​ចាប់​ផ្ដើម​មាន​អត្ថន័យ​កាន់​តែ​ច្រើន ព្រមទាំង​ស្ថេរភាព និង​អំណាច​ខាង​វិញ្ញាណ ។ ភ្លាមៗ​នោះ « ការមាន​ចំណែក » កើនលើស​ពី​អ្វី​ដែល​យើង​គិត​ថា​ជាអត្ថន័យ​នៃ « ការមាន​ចំណែក » នៅក្នុង​ពិភព​នៃ​ជីវិត​រមែងស្លាប់​នេះ​ ។

នៅ​ពេល​ដែល​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​ជាមួយនឹង​ព្រះ​មាន​អាទិភាព​មុនគេ នោះ​ការ​រំខាន​ដែល​គ្មានន័យ​នៃ​ពិភពលោក​នេះ​បាត់បង់​ការក្តោបក្តាប់​របស់​វា ហើយ​យើង​រកឃើញ​នូវ​សេចក្ដី​សុខសាន្ត​ផ្ទាល់​ខ្លួន​ពិត​ប្រាកដ និង​ការមាន​ចំណែក ។ នៅ​ក្នុង​ពិភព​មួយ​ដែល​ជា​ញឹក​ញាប់​មិន​ផ្តល់​នូវ​អ្វីៗ​ដោយ​ឥត​គិត​ថ្លៃ នោះ​ព្រះវរបិតាសួគ៌​របស់​យើង​បាន​ប្រទាន​ពរជ័យ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ដោយ​សេចក្ដី​ស្រឡាញ់ ដោយ​មិន​គិត​ពី​ស្ថានភាព​របស់​យើង​នៅ​ក្នុង​ពិភព​លោក​នេះ​ឡើយ ( សូមមើល នីហ្វៃទី២ ៩:៥០–៥១ ) ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​យ៉ាង​ឥតខ្ចោះ​ថា « ពេលយើង​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ នោះ​យើង​ពុំ​នៅ​លើ​ដី​អព្យាក្រឹត​ទៀតឡើយ ។ ព្រះ​នឹង​មិន​បោះបង់​ចោល​ទំនាក់​ទំនង​របស់​ទ្រង់​ជា​មួយ​អស់​អ្នក​ដែល​បាន​បង្កើត​ចំណងមិត្តភាព​បែប​នោះ​ជា​មួយទ្រង់​ឡើយ ។ តាមពិត អស់​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ចុះ​សេចក្តី​សញ្ញា​ជាមួយ​ព្រះ អាច​ទទួល​បាន​សេចក្តី​ស្រឡាញ់ និង​សេចក្តីមេត្តាករុណា​ដ៏​ពិសេស​មួយ » ។

យើង​កំណត់​ថា តើ​យើង​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ព្រះ​ដែរ​ឬ​ទេ—ទ្រង់​តែង​តែ​ខ្ជាប់ខ្ជួន​ចំពោះ​យើង ប៉ុន្តែ​យើង​ត្រូវ​តែ​ជ្រើស​រើស​ឲ្យ​មាន​ការ​ខ្ជាប់ខ្ជួន​ចំពោះ​ទ្រង់ ។ ហើយ​ជម្រើស​ដ៏ទេវភាព​នោះ​គឺ​មាន​ទាំង​ការពង្រឹង​អំណាច និង​ការដោះលែង ! ជម្រើស​នេះ​ធ្វើ​ឲ្យ​យើង​មាន​សេរីភាព​ពី​ទស្សនៈ​ខុស​ឆ្គង​អំពី​ខ្លួន​យើង​ថាជា​នរណា និង​ពី​ច្រវ៉ាក់​ដែល​មាន​កម្រិត​នៃ​ការ​រំពឹង​ទុក​របស់​ពិភព​លោក​នេះ ។

ហើយ​នៅ​ពេល​យើង​រក​ឃើញ​ការមាន​ចំណែក​ជាមួយនឹង​ព្រះវរបិតាសួគ៌​របស់​យើង នោះ​យើង​អាច​មើល​ទៅ​ខាង​ក្រៅ ហើយ​មើល​អ្នក​ដទៃ​ដូច​ទ្រង់​ទតឃើញ​ដែរ ។ ពេល​ខ្ញុំ​យល់​ពី​អារម្មណ៍​របស់​ទ្រង់​មាន​ចំពោះ​ខ្ញុំ ខ្ញុំ​យល់​កាន់​តែ​ច្បាស់​ពី​អារម្មណ៍​របស់​ទ្រង់​មាន​ចំពោះបងប្អូន ហើយ​សមត្ថភាព និង​បំណង​ប្រាថ្នា​របស់​ខ្ញុំ​ដើម្បី​ឈោង​ទៅ​ជួយ និង​ប្រមូល​អ្នក​ដទៃ មាន​កាន់តែ​រឹងមាំ​ឡើង ។

រូបភាព
ព្រះវិហារ​បរិសុទ្ធ ណៅវូ នៅ​ពេល​ព្រះអាទិត្យ​លិច

រូបភាព​នៃ​ព្រះវិហារ​បរិសុទ្ធ ណៅវូ នៅ​ពេល​ព្រះអាទិត្យ​លិច ដោយ ម៉ាក្ស ឌី វីវើរ

សេចក្តី​សញ្ញា​បើកសោ​នៃ​ពរជ័យ

ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​ប្រាថ្នា​ឲ្យ​យើង​ចុះ​សេចក្ដី​សញ្ញា​ជាមួយ​ទ្រង់ទាំងទ្វេ ដើម្បី​ឲ្យ​ទ្រង់ទាំងទ្វេ​អាច​ប្រទាន​ពរ​ដល់​យើង​តាម​របៀប​ដែល​យើង​ត្រូវការ និង​ផ្លាស់ប្ដូរ​យើង​តាម​របៀប​ដែល​នឹង​អនុញ្ញាត​ឲ្យ​យើង​ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ទ្រង់ទាំងទ្វេ​វិញ ។

ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ទៅ​កាន់​ព្រះដំណាក់​របស់​ព្រះអម្ចាស់​ឲ្យ​បាន​ញឹកញាប់​តាម​ដែល​បងប្អូន​អាច​ធ្វើ​បាន ។ ពេល​ខ្ញុំ​ប្តេជ្ញា​ចិត្ត​ទៅ​ជា​ញឹកញាប់ និង​ដោយ​ចេតនា នោះ​ខ្ញុំ​ទទួល​បាន​ការធូរស្បើយ​ពី​លោកិយ ហើយ​គំនិត និង​ធម្មជាតិ​របស់​ខ្ញុំ​ត្រូវ​បាន​លើក​ឡើង​ផងដែរ ។

តាមរយៈ​ការរក្សា​សេចក្ដី​សញ្ញា​របស់​យើង នោះ​យើង​ទទួល​បាន​អំណាច​បព្វជិតភាព​ដែល​អាច​បើកសោ​នូវ​ពរជ័យ​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​នៅក្នុង​ជីវិត​របស់​យើង ។ ពរជ័យ​ទាំងនោះ​រួមមាន​ការព្យាបាល ការណែនាំ ការការពារ ជំនួយ កម្លាំង សេចក្ដី​សុខសាន្ដ ទស្សនវិស័យ និង​អំណរ ។ ព្រះវរបិតាសួគ៌​មាន​បំណង​ប្រទាន​ពរ​ដល់​យើង​នូវ​អ្វីៗ​ទាំងអស់​នេះ តាមរយៈ​ទំនាក់ទំនង​នៃ​សេចក្ដី​សញ្ញា​របស់​យើង ។

ប្រសិន​បើ​បងប្អូន​មិន​ទាន់​បាន​ទទួល​ពរជ័យ​ពី​ព្រះ​វិហារ​បរិសុទ្ធ​នៅ​ឡើយ​ទេ ខ្ញុំ​សូម​អញ្ជើញ​បងប្អូន​ឲ្យ​សិក្សា​អំពី​ពរជ័យ​នៃ​ព្រះវិហារ​បរិសុទ្ធ អំណាច​បព្វជិតភាព សេចក្ដី​សញ្ញា និង​អ្វី​ដែល​ព្រះ​ប្រាថ្នា​ចង់​បាន​សម្រាប់​បងប្អូន ។ សូម​កុំ​បង្អង់​ដើម្បី​ទទួល​បាន​ការធូរស្រាល អំណាច និង​ជំនួយ​ដ៏​ពេញ​ដោយ​សេចក្តី​ស្រឡាញ់​ពី​ព្រះអង្គ​ឡើយ ។

ប្រធាន ណិលសុន បាន​មាន​ប្រសាសន៍ ៖

« ខ្ញុំ​នឹង​ជំរុញទឹកចិត្ត​ក្មួយ​ថា កុំ​ឲ្យ​រង់ចាំ​រហូត​ដល់​អាពាហ៍ពិពាហ៍​កើតឡើង​នៅក្នុង​ដំណាក់​នៃ​ព្រះអម្ចាស់​ឡើយ ។ សូម​ចាប់ផ្ដើម​ឥឡូវនេះ​ដើម្បី​រៀនសូត្រ និង​ដក​ពិសោធន៍​នូវ​អត្ថន័យ​នៃ​ការបំពាក់​ដោយ​អំណាច​បព្វជិតភាព ។

« ហើយ​ចំពោះ​ក្មួយ​ម្នាក់ៗ​ដែល​បានធ្វើ​សេចក្ដី​សញ្ញា​ក្នុង​ព្រះវិហារ​បរិសុទ្ធ ខ្ញុំ​សូម​អង្វរ​ក្មួយ​ឲ្យ​ខិតខំ​ខ្នះខ្នែង—ប្រកបដោយ​ការអធិស្ឋាន និង​ដោយ​ខ្ជាប់ខ្ជួន—យល់ដឹង​ពី​សេចក្ដីសញ្ញា និង​ពិធីបរិសុទ្ធ​ទាំងឡាយ​ក្នុង​ព្រះវិហារ​បរិសុទ្ធ ។ ទ្វារ​ខាងវិញ្ញាណ​នឹង​បើក​ឡើង ។ ក្មួយៗ​នឹង​រៀន​អំពី​របៀប​បើក​វាំងនន​ដែល​ខណ្ឌ​ចែករវាង​ស្ថានសួគ៌ និង​ផែនដី អំពី​របៀប​ទូល​សូម​ពួក​ទេវតា​របស់​ព្រះ​ឲ្យជួយ​ដល់​ក្មួយ និង​អំពី​របៀប​ទទួល​ការដឹកនាំ​មកពី​ស្ថានសួគ៌​ឲ្យ​បានកាន់​តែ​ប្រសើរ​ឡើង ។ ការខិតខំ​ដ៏​ឧស្សាហ៍​ព្យាយាម​របស់​ក្មួយ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​នឹង​ពង្រឹង និង​ផ្ដល់​កម្លាំង​ដល់​គ្រឹះ​ខាង​វិញ្ញាណ​របស់​ក្មួយៗ » ។

ការមាន​ចំណែក​តាមរយៈ​ការប្រែចិត្ដ

ការប្រែចិត្ដ​ឥត​ឈប់ឈរ​គឺជា​វិធីដ៏​ល្អអស្ចារ្យ និង​មាន​ឥទ្ធិពល​មួយទៀត​ដើម្បី​នៅ​ជិតស្និទ្ធ​នឹង​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ ។ ជា​ញឹកញាប់​យើង​ជឿ​ខុស​ថា ប្រសិន​បើ​យើង​កំពុង​ប្រែ​ចិត្ត​ច្រើន នោះ​យើង​ប្រាកដជា​នៅ​ឆ្ងាយ​ពី​ទ្រង់​ទាំង​ទ្វេ​ហើយ ។ ប៉ុន្តែ វា​មិន​ពិត​នោះ​ទេ !

ការប្រែចិត្ដ​មិន​បាន​ធ្វើឲ្យ​បងប្អូន​ចេញ​ឆ្ងាយពី​ទ្រង់​ទាំងទ្វេ​នោះ​ទេ—ការប្រែចិត្ត​នាំ​បងប្អូន​ទៅ​កាន់តែ​ជិតនឹង​ទ្រង់​ទាំងទ្វេ !

បងប្អូន​អាច​រកឃើញ​ការមាន​ចំណែក​កាន់តែ​ខ្លាំង និង​ទំនាក់​ទំនង​កាន់​តែ​ជ្រាល​ជ្រៅ​ជាមួយ​ទ្រង់​ទាំងទ្វេ​តាម​រយៈ​ការ​ខិតខំ​របស់​បងប្អូន ដើម្បី​បែរ​ទៅ​រក​ទ្រង់​ទាំងទ្វេ​ដើម្បី​បាន​ជំនួយ និង​ទទួល​បាន​ការ​អភ័យ​ទោស ។

យើង​ម្នាក់ៗ​ប្រហែល​ជា​មាន​អារម្មណ៍​ថា នៅ​ឆ្ងាយ​ពី​ភាព​ល្អ​ឥត​ខ្ចោះ​ជាង​អ្វី​ដែល​យើង​ចង់​បាន ប៉ុន្តែ​ខ្ញុំ​គិត​ថា ព្រះវរបិតា​សួគ៌​មិន​មាន​ការព្រួយ​បារម្ភ​អំពី​រឿង​នោះ ដូច​ដែល​ទ្រង់​មាន​ការព្រួយ​បារម្ភ​អំពី​បំណង​ប្រាថ្នា និង​ការខិតខំ​របស់​យើង​ដើម្បី​សាកល្បង​ម្តងទៀត​នោះ​ទេ ។ ទ្រង់​ស្រឡាញ់​យើង ទ្រង់​ដឹង​ថា យើង​កំពុង​ធ្វើ​ដំណើរ​ទៅ​កន្លែង​ណា ហើយ​ទ្រង់​នឹង​ដឹកនាំ​យើង​ទៅ​ដោយ​ក្ដី​ស្រឡាញ់ ។

ការ​ទទួល​ស្គាល់​ភាព​ទន់​ខ្សោយ និង​កំហុស​របស់​យើង​តម្រូវ​ឲ្យ​មាន​ភាពងាយ​ឈឺចាប់ ប៉ុន្តែ​ដោយ​ការ​ប្រែ​ចិត្ត យើង​សូម​យាង​ព្រះវរបិតាសួគ៌​ឲ្យ​គង់នៅ​ជិត​ផ្នែក​​ដែលងាយ​ឈឺចាប់​របស់​យើង​នោះ ។ ទីតាំង​នៅជិត​នោះហើយ​ដែល​អនុញ្ញាត​ឲ្យ​ទ្រង់​ពង្រីក​សេចក្ដី​ស្រឡាញ់​ដ៏ធំធេង​របស់ទ្រង់​មកដល់​យើង និង​ផ្តល់នូវ​ការព្យាបាល ការអភ័យទោស និង​សុវត្ថិភាព​ដែលយើង​ត្រូវការ ។ វា​គឺ​នៅ​ក្នុង​ការ​ភ្ជាប់​នេះ​ទៅ​នឹង​ព្រះ​ដែល​យើង​អភិវឌ្ឍ​ការ​ទុក​ចិត្ត និង​ស្វែងរក​ការ​លើក​ទឹក​ចិត្ត និងការមាន​ចំណែក​ពិត ។

រូបភាព
ការបង្ក​បង្កើត

ការបង្កបង្កើត ដោយ អានី ហែនរី ណេឌើរ

ការស្វែងរក​ទស្សន​វិស្ស័យ​ដែល​ខ្ពស់​ជាង

ទស្សន​វិស័យ​របស់​យើង​អាច​រួម​ចំណែក​ទៅដល់​អារម្មណ៍​របស់​យើង​អំពី​ការមាន​ចំណែក​នៅ​ក្នុង​សាសនាចក្រ​របស់​ព្រះអម្ចាស់ ។ យើង​អាច​ជ្រើស​រើស​យក​ទស្សនវិស័យ​ដែល​ថា ទង្វើ​របស់​យើង​ផ្ទាល់​អាច​ជួយ​ដល់​វួដ​របស់​យើង សមាគម​សង្គ្រោះ​របស់​យើង ឬ​កូរ៉ុម​អែលឌើរ​របស់​យើងឲ្យ​ក្លាយ​ជា​កន្លែង​ដ៏ជាទី​ស្រឡាញ់​មួយ​ដើម្បី​មាន​ចំណែក ។ ការខំ​ខ្នះខ្នែង​ជួយ​ដល់​អ្នក​ដទៃ​ពិត​ជា​បង្កើន​អារម្មណ៍​ផ្ទាល់​ខ្លួន​របស់​យើង​អំពី​ការមាន​ចំណែក ។

ពីព្រោះ​បងប្អូន​ជាបុត្រ​របស់​ព្រះ នោះ​បងប្អូន​មាន​ចំណែក—មិនថា​បងប្អូន​ឯទៀត​យល់ឃើញពី​បងប្អូន ឬរបៀប​ដែល​បងប្អូន​យល់ឃើញ​ពីខ្លួនឯង​យ៉ាងណា​នោះទេ ។ ផែនការ​សុភមង្គល​របស់​ព្រះវរបិតា​គឺ​មាន​ន័យ​ចំពោះ បងប្អូន ហើយ​បងប្អូន​មាន​តួនាទី​សំខាន់​នៅក្នុង​ការដើរតាម​តួនាទី​នោះ ។ បងប្អូន​រាល់​គ្នា​មាន​សមត្ថភាព​ក្នុង​ការ​រួម​ចំណែក និង​មាន​ចំណែក​យ៉ាង​ពិសេស​ចំពោះ​សាសនាចក្រ​របស់​ព្រះ មិន​ថា​ឋានៈ អាពាហ៍ពិពាហ៍ ការអប់រំ ឬ​សាវតា​របស់​បងប្អូន​យ៉ាងណា​នោះ​ទេ ។

គំនិត​មួយ​ដែល​បាន​កើត​ឡើង​ម្តង​ហើយ​ម្តង​ទៀត​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ គឺ​ថា​ពាក្យ « យុវមជ្ឈិមវ័យ​នៅលីវ » « យុវមជ្ឈិមវ័យ » និង « មជ្ឈិម​វ័យ​នៅ​លីវ » គឺ​មិន​មែន​ជា​បងប្អូន​ពិត​នោះទេ ។ ទាំង​នេះ​គឺ​ជា​ពាក្យ​អត្រានុកូសាស្រ្ត​ដែល​ជួយ​ពិពណ៌នា​អំពី​អាយុ និង​ស្ថានភាព​អាពាហ៍ពិពាហ៍ ប៉ុន្តែ​ទាំងនោះ​មិន​មែន​ពិពណ៌នា​គ្រប់ជ្រុងជ្រោយ​អំពី​អត្តសញ្ញាណ គោល​បំណង និង​សមត្ថភាព​ដ៏​អស់កល្ប​ជានិច្ច​ពិត​ប្រាកដ​នោះ​ទេ ។

ស្លាក ឬ​ការ​ប្រៀបធៀប​អាច​កំណត់​អំពី​របៀប​ដែល​យើង​ឃើញ​ខ្លួន​យើង និង​តម្លៃ និង​សក្តានុពល​របស់​យើង​នៅ​ក្នុង​នគរ​នៃ​ព្រះ ។ ការពិត​គឺ​ថា បងប្អូន​គឺជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ។ បងប្អូន​បាន​ចុះ​សេចក្ដី​សញ្ញា​ថ្មី​ជា​មួយ​នឹង​ព្រះ ។ បងប្អូន​មាន​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​ទ្រង់ ។ បងប្អូន​ជា​សមាជិក​នៃ​សមាគម​សង្គ្រោះ ឬ​កូរ៉ុម​អែលឌើរ ។ ដូច​ប្រធាន ណិលសុន បាន​បង្រៀនថា ដំបូង​បងប្អូន​គឺជា​បុត្រ​របស់​របស់ព្រះ ជា​បុត្រ​នៃ​សេចក្តី​សញ្ញា និង​ជា​សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ នោះ​គឺ​ជា​បងប្អូន​ពិតប្រាកដ​ជា​ដំបូង និង​សំខាន់​បំផុត ហើយ​នោះ​គឺ​ជា​អ្វី​ដែល​នឹង « ដឹកនាំ​បងប្អូន​ឆ្ពោះ​ទៅ​រក​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច​នៅ​ក្នុង​នគរ​សេឡេស្ទាល​នៃ​ព្រះ » ។

ដំណឹងល្អ​ត្រូវបាន​ស្តារ​ឡើងវិញ​តាមរយៈ​ព្យាការី​ដែលមាន​អាយុជា​យុវមជ្ឈិមវ័យ—យ៉ូសែប ស្ម៊ីធ ។ នោះ​គឺ​ជា​គំនិត​ដ៏​មាន​ឥទ្ធិ​ពល​មួយ​ដែល​ត្រូវ​គិតពិចារណា ។ ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ប្រគល់​ឲ្យ​ព្យាការី និង​សហការី​របស់លោក​នៅ​អាយុ​នោះ​ដើម្បី​ស្ដារ​សាសនាចក្រ​ឡើងវិញ ។ ព្រះ​ក៏​ទុកចិត្ត​បងប្អូន​ឲ្យ​ក្លាយ​ជា​ផ្នែក​មួយ​នៃ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​ផង​ដែរ ។

បើ​ចង់​ដឹង​ថា​បងប្អូន​គឺ​ជា​នរណា ហើយ​ថា​បងប្អូន​ជា​មនុស្ស​ជាទី​ស្រឡាញ់ និង​មាន​តម្លៃ​ឬអត់ សូម​សួរ​ព្រះវរបិតា​របស់​បងប្អូន​នៅ​ស្ថាន​សួគ៌ ។ ទ្រង់​នឹង​ប្រាប់​បងប្អូន​ជានិច្ច​នូវ​សេចក្ដី​ពិត​អំពី​បងប្អូន ។ ទ្រង់​នឹង​ជួយ​បងប្អូន​ឲ្យមើលឃើញ​ខ្លួនឯង​ដូចដែល​ទ្រង់​ទតឃើញ​បងប្អូន—ជាមួយ​នឹង​សមត្ថភាព និង​សេចក្ដី​ស្រឡាញ់​យ៉ាង​អស្ចារ្យ ។ ទ្រង់​អាច​ដឹកនាំ​បងប្អូន​ឲ្យ​មាន​ឱកាស និង​ការ​រីកចម្រើន​ដ៏​អស្ចារ្យ​ដែលបងប្អូន​មិន​អាច​នឹក​ស្មាន​បាន !

សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​មាន​ភ្នែក​មើលឃើញ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មិន​មែន​មើល​តាម​រយៈ​កញ្ចក់​នៃ​អាយុ ឬ​ស្ថានភាព​អាពាហ៍ពិពាហ៍​នោះ​ទេ ប៉ុន្តែ​តាម​រយៈ​កញ្ចក់​បង្រួប​បង្រួម​នៃ​អ្នក​រក្សា​សេចក្ដី​សញ្ញា សិស្ស​របស់​ព្រះយេស៊ូវ​គ្រីស្ទ មិត្តភក្តិ បងប្អូន​ប្រុស​ស្រី និង​បុត្រាបុត្រី​របស់​ព្រះ ។ ហើយ​នៅ​ក្នុង​តួនាទី និង​ទំនាក់​ទំនង​ដ៏​អស់​កល្ប​ជានិច្ច​នោះ យើង​នឹង​រក​ឃើញ​នូវ​អារម្មណ៍​ដ៏​ខ្ពស់​បំផុត និង​ពិត​ប្រាកដ​បំផុត​នៃ​ការមាន​ចំណែក ។