លីអាហូណា
មុខ​នៅក្នុង​បង្អួច
ខែ មីនា ឆ្នាំ ២០២៤


« មុខ​នៅក្នុង​បង្អួច » ទស្សនាវដ្តី លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

សំឡេង​ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ

មុខ​នៅក្នុង​បង្អួច

ខ្ញុំ​បាន​គិត​ថា អ្នក​ជិត​ខាង​របស់​ខ្ញុំ​មាន​ភាពឡូឡា​ណាស់ ប៉ុន្តែ​ខ្ញុំ​បាន​ដឹង​ថា គាត់​គ្រាន់តែ​ត្រូវការ​មិត្ត​ម្នាក់​ប៉ុណ្ណោះ ។

រូបភាព
រូបភាព​របស់ ម៉ៃយ៉ា-ការីណា ម៉ាហ្គីនីន

អ្នកនិពន្ធ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​រូបថត

ជា​ញឹកញាប់ ខ្ញុំ​បាន​ឃើញ​មុខ​ដដែលៗ​ដែល​សម្លឹង​មើល​មកពី​បង្អួច​ផ្ទះជួល​មួយ ។ ខ្ញុំ​បាន​គិត​ក្នុងចិត្ត​ថា « តើ​វា​មិន​គួរ​ឲ្យ​សោកសៅ​ទេ​ឬអី ដែល​មាន​នរណា​ម្នាក់​ចេះតែ​សម្លឹង​មើល​តាម​បង្អួច​របស់​ពួកគេ​ជានិច្ច ចាំ​វិនិច្ឆ័យ​សកម្មភាព​របស់​អ្នកជិតខាង​របស់​ពួកគេ​នោះ ? »

បន្ទាប់​មក មាន​ថ្ងៃ​មួយ​ខ្ញុំ​បាន​គិត​ថា ប្រហែល​ជា​ខ្ញុំ​គួរ​ទៅ​សួរ​ថា តើ​ខ្ញុំ​អាច​ជួយអ្វី​បាន​ខ្លះ​ដែរ​ឬ​ទេ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​យក​នំបុ័ង​ដែល​ទើបដុត​ថ្មី​មួយ​ទៅ​ជាមួយ​ខ្ញុំ ។

នំប៉័ង​ក្តៅៗ​បាន​បន្ធូរអារម្មណ៏​របស់​អ្នកជិតខាង​របស់​ខ្ញុំ​ឲ្យទន់ចិត្ត ។ គាត់​បាន​ប្រាប់​ខ្ញុំ​ទាំង​ស្រក់​ទឹកភ្នែក​ថា គាត់​មាន​អារម្មណ៍​ឯកោ​ខ្លាំង​ណាស់ ។ គ្មាន​នរណា​ម្នាក់​បាន​ទៅ​សួរ​សុខ​ទុក្ខ​គាត់​ទេ ហើយ​ក៏​គ្មាន​នរណា​ម្នាក់​បាន​ទូរសព្ទ​ទៅ​គាត់​ដែរ សូម្បីតែ​កូនៗ​របស់​គាត់​ក៏​ដោយ ។ គាត់​បាន​ជូត​ទឹកភ្នែក​ចេញពី​មុខ​របស់​គាត់ដោយ​ដៃ​ញ័រៗ ។

គាត់​បាន​ដក​ដង្ហើម​ធំ ហើយ​បន្ទាប់​មក​បាន​និយាយ​ថា « វា​ល្អ​ណាស់ បើ​បាន​ចាក​ចេញពី​ពិភព​លោក​នេះ​ទៅ ។ ខ្ញុំ​មិន​វិនិច្ឆ័យ​នរណា​ម្នាក់ទេ នៅពេល​ដែល​ខ្ញុំ​មើល​ចេញ​ពី​បង្អួច​របស់​ខ្ញុំ​នោះ ។ ខ្ញុំ​គ្រាន់តែ​មើល​ក្មេងៗ​លេង និង​អ្វីៗ​ផ្សេងទៀត​ដែល​កំពុង​កើតឡើង​នៅក្នុង​ទីធ្លា​នោះ »។

រូបភាព
ស្ត្រី​មើល​ទៅ​ក្រៅ​បង្អួច

រចនា​រូបភាព​ដោយ អាឡិច ណាបោម

យូរៗ​ទៅ យើង​បាន​និយាយ​អំពី​ដំណឹងល្អ ។ ដំបូង​គាត់​បាន​រុញរា​ក្នុង​ចិត្ត ដោយសារ​ស្វាមី​របស់​គាត់​បាន​បម្រើ​ជា​មន្ត្រី​នៅ​ក្នុង​ព្រះវិហារ​មួយ​ផ្សេង​ទៀត ។ ប៉ុន្តែ​នៅពេល​យើង​បាន​និយាយ​កាន់​តែ​ច្រើនទៅ នោះ​គាត់​កាន់តែ​ចាប់​អារម្មណ៍​ទៅនឹង​សេចក្ដី​ពិត​ដែល​ខ្ញុំ​បាន​ចែកចាយ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ និង​ដំណឹងល្អ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ទ្រង់ ។

គាត់​បាន​និយាយ​ថា « វា​អស្ចារ្យ​ណាស់​ដែល​យើង​មាន​ព្រះយេស៊ូវ​ដូចគ្នា ! តើ​យើង​នឹង​ជួបគ្នា​​នៅ​ស្ថាន​សួគ៌​ឬទេ ? »

ខ្ញុំ​តប​វិញ​ថា « ចាស យើង​នឹង​នៅ​ទីនោះ​ជាមួយគ្នា​—កាន់ដៃ​គ្នា » ។

ចាប់តាំង​ពីពេល​នោះមក យើង​បាន​ក្លាយជា​មិត្តល្អ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ រហូត​ដល់​គាត់​បាន​ចាកចេញ​ពី​ពិភព​លោក​នេះទៅ ។

ឥឡូវ​ខ្ញុំ​ចូលចិត្ត​គិត​ថា អតីត​អ្នកជិតខាង​របស់​ខ្ញុំ​មើល​ពី​បង្អួច​ផ្ទះសួគ៌ា​របស់គាត់ តាម​ដាន​សកម្មភាព​ទាំងឡាយ​របស់​យើង ហើយ​សង្ឃឹម​ថា​យើង​មាន​ភាពសុខសាន្ត​គ្រប់គ្រាន់ ហើយ​ស្រឡាញ់​គ្នាទៅ​វិញទៅមក ។