លីអាហូណា
ខ្ញុំ​មាន​មនុស្ស​នៅជុំវិញ​ខ្លួន ប៉ុន្តែ​នៅតែ​មាន​អារម្មណ៍​ឯកោ
ខែ មីនា ឆ្នាំ ២០២៤


« ខ្ញុំ​មាន​មនុស្ស​នៅជុំវិញ​ខ្លួន ប៉ុន្តែ​នៅតែ​មាន​អារម្មណ៍​ឯកោ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

យុវមជ្ឈិមវ័យ

ខ្ញុំ​មាន​មនុស្ស​នៅជុំវិញ​ខ្លួន ប៉ុន្តែ​នៅតែ​មាន​អារម្មណ៍​ឯកោ

ពេល​ខ្ញុំ​បាន​ផ្លាស់​ទី​ឆ្ងាយ​ពី​ផ្ទះ ទំនាក់ទំនង​របស់​ខ្ញុំ​ទៅកាន់​ស្ថាន​សួគ៌​បាន​ជួយ​ខ្ញុំ​ឲ្យ​យក​ឈ្នះលើ​ភាព​ឯកោ ។

រូបភាព
ស្ត្រី​ម្នាក់​ដែល​មាន​ពន្លឺ​កាំរស្មី​នៅ​ជុំវិញ​ខ្លួន ខណៈពេល​ដែល​មនុស្ស​ផ្សេងៗ​ដើរ​ជុំវិញ​គាត់

តើ​បងប្អូន​ស្គាល់​អារម្មណ៍​នោះ​ដែល​បងប្អូន​នៅក្បែរ​មនុស្ស​ជាច្រើន ប៉ុន្តែ​នៅ​តែ​មាន​អារម្មណ៍​ឯកោ​យ៉ាងខ្លាំង​ដែរ​ឬទេ ?

ចាប់​តាំង​ពី​ចាក​ចេញ​ពី អ៊ូហ្គង់ដា ប្រទេស​កំណើត​របស់​ខ្ញុំ ហើយ​ផ្លាស់​លំនៅ​ទៅ​ប្រទេស ឌូបៃ ដើម្បី​ធ្វើ​ការ ខ្ញុំ​មាន​អារម្មណ៍​ឯកោ​ស្ទើរ​តែ​ឥត​ឈប់ឈរ ។ នៅ​ក្នុង​ភូមិអ្នកជិតខាង​របស់​ខ្ញុំ មនុស្សម្នា​បាន​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​តាម​ផ្លូវ ។ យើង​ស្គាល់​គ្នា​ទៅវិញ​ទៅមក ។ យើង​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ។ ខ្ញុំ​មាន​មិត្តភក្តិ និង​គ្រួសារ​ជា​ច្រើន​ដែល​មាន​ជំនឿ​ដូច​ខ្ញុំ ។

ប៉ុន្តែ​វា​មិន​ដូច​គ្នាទេ​នៅ​ទី​នេះ ។ ខ្ញុំ​រស់​នៅ​ក្នុង​វប្បធម៌​មួយ​ផ្សេង​គ្នា​យ៉ាង​ខ្លាំង នៅ​ក្នុង​ទីក្រុង​ធំ​មួយ ហើយ​មាន​មនុស្ស​ជាច្រើន​ដែល​រវល់​ក្នុង​ការងារ ។ ហើយ​ទោះបី​ជា​ខ្ញុំ​ចូល​រួម​ក្នុង​វួដ​របស់​ខ្ញុំ​ក្តី ហើយ​បាន​ព្យាយាម​ស្គាល់​យុវមជ្ឈិមវ័យ និង​សមាជិក​វួដ​ផ្សេង​ទៀត​ក៏​ដោយ ក៏​កាលវិភាគ​ការងារ​របស់​យើង​ធ្វើឲ្យ​យើង​ស្ទើរ​តែ​មិន​អាច​ជួប​គ្នា​បាន​ច្រើន​ជាង​ពីរ​បី​ម៉ោង​ដែល​យើង​នៅ​ព្រះវិហារ​ជា​រៀង​រាល់​សប្តាហ៍​ដែរ ។

ប្រទេស​ឌូបៃ​ធំ ហើយ​អស្ចារ្យ​ណាស់ ខ្ញុំ​មាន​អំណរគុណ​ដែល​បាន​មក​នៅទីនេះ ។ ប៉ុន្តែ​វា​អាច​មាន​អារម្មណ៍​លើសលុប​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​បងប្អូន​មាន​អារម្មណ៍​ឯកោ ។ មនុស្ស​មាន​ខ្លាំងណាស់​នៅ​ទីនេះ ហើយ​ហាក់​ដូច​ជា​បាន​ដឹងថា​ត្រូវធ្វើ​យ៉ាងម៉េច​នឹង​ជីវិត​របស់​ពួកគេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅពេល​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ចំណោម​របស់របរ​ដ៏​ឡូយឆាយ​ទាំង​អស់​នេះ និង​អគារ​ដ៏​ស្រស់​ស្អាត​ទាំង​នេះ នៅពេល​ខ្លះ​ខ្ញុំ​ឆ្ងល់ ៖

តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ខ្លះ​ក្នុង​ជីវិត​ខ្ញុំ ? តើ​នេះ​ជាកន្លែង​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​ដែរ​ឬ​ទេ ?

ការរកឃើញ​ការមាន​ចំណែក​ម្តង​ទៀត

អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន ក្នុង​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ពន្យល់​ថា « អារម្មណ៍​នៃ​ការមាន​ចំណែក​មាន​សារៈសំខាន់​ចំពោះ​សុខុមាលភាព​ផ្លូវ​កាយ ផ្លូវចិត្ត និង​វិញ្ញាណ​របស់​យើង » ។ ខ្ញុំ​មិន​បាន​ដឹង​ថា អារម្មណ៍​នៃ​ការមាន​ចំណែក​នោះ​មាន​សារៈសំខាន់​ប៉ុណ្ណា​នោះទេ រហូតដល់​ខ្ញុំ​លែង​មាន​អារម្មណ៍​នោះ​ទៀត—មិន​មាន​នៅ​ព្រះវិហារ ហើយ​មិន​មាន​នៅទីណា​នោះទេ ។

តើ​ខ្ញុំ​នឹង​រក​ឃើញ​វា​យ៉ាងដូចម្តេច​ឥឡូវ​នេះ ឆ្ងាយ​ពី​មនុស្ស​គ្រប់​គ្នា​ដែល​ខ្ញុំ​ស្រឡាញ់ ?

យូរៗទៅ ខ្ញុំ​បាន​ចាប់​ផ្ដើម​ទទួលស្គាល់ « ចំណុច​សំខាន់​បំផុត​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​ចំពោះ​ការមាន​ចំណែក » ។

ដូច​ដែល​ខ្ញុំ​នៅ​តែ​នឹក​មិត្តភក្តិ និង​គ្រួសារ​ខ្ញុំ​ខ្លាំងប៉ុនណា ខ្ញុំ​ចាប់​ផ្ដើម​មើល​ឃើញ​ថា ខ្ញុំ​មិន​បាន​បែក​ចេញ​ពី​មនុស្ស​គ្រប់​គ្នា​ក្នុង​ជីវិត​របស់​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​រើ​ទៅ​នោះ​ទេ—ខ្ញុំ​នៅ​តែ​មាន​ព្រះអង្គ​សង្គ្រោះ និង​ព្រះវរបិតាសួគ៌​ជាទី​ស្រឡាញ់​ដែល​តែងតែ​ចង់​គង់នៅ​ជាប់​នឹង​ខ្ញុំ​ជានិច្ច ។

ដូច្នេះ ខ្ញុំ​បាន​ចាប់​ផ្ដើម​ធ្វើ​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន ដើម្បី​ភ្ជាប់​ជាមួយ​នឹង​ទ្រង់​ទាំងទ្វេ​ឲ្យ​បាន​ប្រសើរឡើង​ជា​រៀង​រាល់​ថ្ងៃ ។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ស្តាប់​ការចាក់ផ្សាយ​ការសិក្សា​សៀវភៅ ចូរ​មក​តាម​ខ្ញុំ ពេល​ខ្ញុំ​រត់​ហាត់ប្រាណ ។ ខ្ញុំ​ដាក់​កាស​ត្រចៀក​របស់​ខ្ញុំ​នៅ​កន្លែង​ធ្វើ​ការ ហើយ​ស្តាប់​ព្រះគម្ពីរ​ខណៈពេល​ដែល​ខ្ញុំ​កំពុង​បំពេញ​កិច្ចការ ។

សំខាន់​បំផុត ខ្ញុំ​បាន​រៀន​អំពី​អំណោយ​ដ៏​អស្ចារ្យ​មួយ​គឺ​ការដែល​អាច​អធិស្ឋាន​ដោយ​ផ្ទាល់​ទៅ​កាន់​ព្រះវរបិតាសួគ៌​បាន ។ ខ្ញុំ​ទូល​ទៅ​កាន់​ទ្រង់​ញឹក​ញាប់ និង​គិត​ច្រើន​ជាង​មុន ។ នៅពេល​ខ្ញុំ​មាន​អារម្មណ៍​ឯកោ ខ្ញុំ​អធិស្ឋាន ហើយ​មាន​អារម្មណ៍​លួងលោម​ចិត្ត​របស់​ទ្រង់ ។ នៅពេល​ដែល​ខ្ញុំ​កំពុង​វាយ​អ៊ីម៉ែល ហើយ​ព្យាយាម​រក្សា​ភាព​អត់ធ្មត់​ជាមួយ​មិត្ត​រួម​ការងារ​របស់​ខ្ញុំ ខ្ញុំ​អធិស្ឋាន ហើយ​ទូល​សូម​ជំនួយ​ពី​ទ្រង់ ។

ខ្ញុំ​ស្រឡាញ់​អ្វី​ដែល​ប្រធាន ថូម៉ាស អេស ម៉នសុន ( ឆ្នាំ ១៩២៧–២០១៨ ) បាន​មាន​ប្រសាសន៍​អំពី​ការអធិស្ឋាន ៖ « ចំពោះ​អស់​អ្នក​ដែល … កំពុង​ពុះពារ​ជាមួយ​នឹង​ឧបសគ្គ និង​ការ​លំបាក​ធំ​ក្តី និង​តូច​ក្តី ការ​អធិស្ឋាន​គឺ​ជា​អ្នក​ផ្គត់ផ្គង់​កម្លាំង​ខាង​វិញ្ញាណ វា​គឺ​ជា​លិខិត​ឆ្លង​ដែន​ទៅ​កាន់​សេចក្តី​សុខសាន្ត ។ ការអធិស្ឋាន​គឺជា​មធ្យោបាយ​ដែល​យើង​ចូលទៅ​ជិត​ព្រះវរបិតា​របស់​យើង​នៅ​ស្ថានសួគ៌​ដែល​ស្រឡាញ់​យើង ។ ចូរ​ទូល​ទៅកាន់​ទ្រង់​ក្នុង​ការអធិស្ឋាន ហើយ​បន្ទាប់មក​ស្តាប់​នូវ​ចម្លើយ ។ អព្ភូតហេតុ​កើតឡើង​តាមរយៈ​ការអធិស្ឋាន » ។

ដោយ​ការទុក​ពេល​ឲ្យ​វា​មាន​ក្នុង​ជីវិត​របស់​ខ្ញុំ ជា​ពិសេស​តាមរយៈ​ការអធិស្ឋាន​ដ៏​ស្មោះ​ត្រង់ នោះ​ខ្ញុំ​បាន​ចាប់​ផ្ដើម​មើលឃើញ​ថា ទោះ​ជា​ខ្ញុំ​មិន​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​ប្រជាជន​របស់​ខ្ញុំ និង​វប្បធម៌​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ក៏​ដោយ ក៏ខ្ញុំ​នៅ​តែ​អាច​ហ៊ុមព័ទ្ធ​ដោយ​ព្រះវិញ្ញាណ ហើយ​មាន​អារម្មណ៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​បាន​ដែរ ។

យើង​អាច​ភ្ជាប់​ទំនាក់ទំនង​បាន​ជានិច្ច

អ្វីៗ​នៅ​តែ​ពិបាក ប៉ុន្តែ​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​សម្រាប់​អនាគត ។ ហើយ​ខ្ញុំ​បានជឿ​លើ​អ្វី​ដែល​បងប្រុស មៀលធិន ខាម៉ាហ្គូ ជាទីប្រឹក្សា​ទីមួយ​ក្នុង​គណៈ​ប្រធាន​ទូទៅ​នៃ​សាលា​ថ្ងៃ​អាទិត្យ​បាន​បង្រៀន ៖ « ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ​មាន​ព្រះជន្ម​រស់​នៅ​សព្វ​ថ្ងៃ​នេះ ។ ទ្រង់​អាច​មាន​វត្តមាន​យ៉ាង​សកម្ម​ប្រចាំ​ថ្ងៃ​ក្នុង​ជីវិត​យើង ។ ទ្រង់​ជា​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​យើង ប៉ុន្តែ​យើង​ត្រូវ​តែ​បើក​ភ្នែក ហើយ​ផ្ដោត​មើល​ទៅ​ទ្រង់ » ។

ជួនកាល​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ឯកោ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​តែងតែ​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​របស់​ខ្ញុំ​បាន ជានិច្ច ហើយ​មាន​សិទ្ធិ​ទទួល​ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។

ទោះ​ឈរ ឬ​លុតជង្គង់ ទោះ​ម្នាក់ឯង ឬ​នៅក្នុង​ក្រុម​ក្ដី ខ្ញុំ​អាច​អធិស្ឋាន​បាន ។

ខ្ញុំ​អាច​អំពាវនាវ​ទៅកាន់​ព្រះវរបិតាសួគ៌ ។

ខ្ញុំ​អាច​ថ្លែង​អំណរគុណ​បាន ។

ខ្ញុំ​អាច​ទូលសូម​ការណែនាំ និង​ការការពារ​បាន ។

ហើយ​តាមរយៈ​ការភ្ជាប់​នៃ​សេចក្ដី​សញ្ញា​របស់​ខ្ញុំ ខ្ញុំ​ដឹង​ថា ខ្ញុំ​ជា​បុត្រី​របស់​ព្រះវរបិតាសួគ៌​ដ៏ជាទី​ស្រឡាញ់ នឹង​តែង​តែ​មានចំណែកចំពោះ​ទ្រង់​ជានិច្ច ។ តាម​រយៈ​ការ​ណែនាំ​របស់​ទ្រង់ ខ្ញុំ​អាច​មាន​អារម្មណ៍​ជឿ​ជាក់​ថា ខ្ញុំ​ស្ថិត​នៅ​កន្លែង​ត្រឹមត្រូវ ធ្វើ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​ខ្ញុំ​ធ្វើ ។