លីអាហូណា
ពាក្យ​នៃ​សេចក្ដីពិត
ខែ មីនា ឆ្នាំ ២០២៤


« ពាក្យ​នៃ​សេចក្តីពិត » ទស្សនាវដ្តី លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

រូបភាព​នៃ​សេចក្តី​ជំនឿ

ពាក្យ​នៃ​សេចក្ដីពិត

ខ្ញុំ​មាន​សំណួរ​ជា​ច្រើន ប៉ុន្តែ​គូដណ្តឹង​របស់​ខ្ញុំ និង​សាសនាចក្រ​បាន​ជួយ​ខ្ញុំ​ឲ្យ​រកឃើញ​ចម្លើយ ។

រូបភាព
ស្ត្រី​ម្នាក់ និង​បុរស​ម្នាក់​ក្នុង​សម្លៀក​បំពាក់​ពិធីបុណ្យ​ជ្រមុជទឹក​ឈរ​នៅ​មុខ​រូបភាព​នៃ​ព្រះអង្គ​សង្រ្គោះ

អ្នកនិពន្ធ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​រូបថត

ដោយ​បាន​ធំ​ឡើង​នៅក្នុង​វប្បធម៌​ដែល​មិន​មែន​ជា​គ្រិស្ដ​សាសនា​នៅ​​តៃវ៉ាន់ ខ្ញុំ​ត្រូវ​បាន​ចិញ្ចឹម​បីបាច់​មិន​ឲ្យ​ជឿ​លើ​សាសនា​ទេ ។ ខ្ញុំ​ជឿ​លើ​ព្រះ ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​អ្វី​សោះ​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ សាសនា​របស់​ខ្ញុំ​គឺ​ជា​អាជីព​របស់​ខ្ញុំ និង​ជីវិត​សង្គម​ដ៏មមាញឹក ។ នោះ​រួម​មាន​ការផឹក​ស្រា និង​ការជក់​បារី​ច្រើន ។ ខ្ញុំ​ក៏​ជា​អ្នកផឹក​កាហ្វេ និង​តែ​ដ៏​ខ្លាំង​ផង​ដែរ ។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​អាជីវកម្ម​របស់​យើង ។

ខ្ញុំ​បាន​ស្គាល់​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​តាមរយៈ​គូដណ្តឹង​របស់ខ្ញុំ និង​គ្រួសារ​របស់​គាត់ ។ ឆេស គឺជា​ជនជាតិ​អាមេរិក ។ គាត់​បាន​ធំ​ឡើង​នៅ​ក្នុង​សាសនាចក្រ ហើយ​បាន​បម្រើ​បេសកកម្ម​មួយ ប៉ុន្តែ​គាត់​មិន​សកម្មទេ​នៅ​ពេល​នោះ ។ ប៉ុន្តែ​កូន​ប្រុស​ច្បង​របស់​គាត់​បាន​ត្រៀម​ខ្លួន​ដើម្បី​បម្រើ​បេសកកម្ម​មួយ ហើយ ឆេស គាំទ្រ​ការ​សម្រេច​ចិត្ត​របស់​គាត់ ។

ក្នុង​អំឡុង​ពេល​បិទខ្ទប់​កូវីដ-១៩ យើង​បាន​ចូល​រួម​ប្រជុំ​សាក្រាម៉ង់​នៅ​ក្នុង​ផ្ទះ​ឪពុក​ម្តាយ​របស់ ឆេស មើល​ការផ្សាយ​ចេញពី​សាលាប្រជុំ​ក្នុង​ព្រះវិហារ​របស់​ពួក​គេ ។ នៅ​ពេល​ដែល​ការនិយាយ​ចប់ កូន​ប្រុស​ពីរ​នាក់​របស់ ឆេស បាន​ប្រសិទ្ធ​ពរ និង​បាន​ចែក​នំបុ័ង និង​ទឹក ។

ខ្ញុំ​មាន​ចម្ងល់​ជា​ច្រើន ។ គូដណ្តឹង​របស់​ខ្ញុំ​បាន​ឆ្លើយ​សំណួរ​នីមួយៗ​ដោយ​អត់ធ្មត់ ។ តើ​ព្រះយេស៊ូវ​ជា​នរណា ? តើ​អារម្មណ៍​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​រាល់​ពេល​ដែល​យើង​បាន​ប្រមូល​ផ្តុំ​គ្នា ដើម្បី​មាន​ការ​ប្រជុំ​នៅ​ព្រះវិហារ​ជា​អារម្មណ៍​អ្វី ? វា​ជា​អារម្មណ៍​មួយ​ដែល​ខ្ញុំ​មិន​ដែល​មានពី​មុន​មក​ទេ ។ តើ​នំបុ័ង និង​ទឹក​តំណាង​ឲ្យ​អ្វី ? ហេតុអ្វី​បានជា​ខ្ញុំ​ស្រក់​ទឹក​ភ្នែក នៅពេល​ខ្ញុំ​ទទួលទាន​សាក្រាម៉ង់ ? តើ​អារម្មណ៍​សុខសាន្ត​នេះ​គឺជាអ្វី ?

នៅ​យប់​មួយ ខ្ញុំ​បាន​រក​ឃើញ​គេហទំព័រ​មួយ​ជា​ភាសា​កំណើត​របស់​ខ្ញុំ ដែល​បាន​ពន្យល់​ថា តើ​ព្រះយេស៊ូវ​ជា​នរណា ហើយ​បាន​ប្រាប់​អំពី​ព្រះជន្ម​របស់​ទ្រង់ ។ នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​ប្រាប់​ម្តាយ​គូដណ្តឹង​របស់​ខ្ញុំ​ថា ខ្ញុំ​ដឹង​ថា​ព្រះយេស៊ូវ​ជា​នរណា ហើយ​ថា​ខ្ញុំ​ជឿ​លើ​ទ្រង់ ។

នៅ​ថ្ងៃ​អាទិត្យ​មួយ ប៊ីស្សព​បាន​មកលេង​ផ្ទះ ដោយសារ​កូន​ប្រុស​ច្បង​របស់ ឆេស នឹងត្រូវ​តែងតាំង​ប្អូន​ប្រុស​របស់​គាត់​ឲ្យ​ធ្វើ​ជា​សង្ឃ ។ នៅពេល​កូន​ប្រុស​ច្បង​ដាក់​ដៃ​លើ​ក្បាល​ប្អូន​ប្រុស​របស់​គាត់ ខ្ញុំ​យំ​មិន​ឈប់សោះ ។ ខ្ញុំ​មាន​អារម្មណ៍​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ក្នុង​ចិត្ត ខ្ញុំ​មិន​អាច​ទប់​ទឹក​ភ្នែក​បាន​ទេ ។ ក្រោយ​មក គូដណ្តឹង​របស់​ខ្ញុំ​បាន​ពន្យល់​ថា ខ្ញុំ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ថា​គាត់​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ ។

ខ្ញុំ​អាច​មើលឃើញ​ថា សេចក្ដី​ស្រឡាញ់​របស់​គូដណ្តឹង​ខ្ញុំ​ចំពោះ​ព្រះវិហារ​របស់​គាត់​បាន​ត្រឡប់​មករក​គាត់​វិញ ។ ដោយ​មិន​ដឹង​ជាយ៉ាងម៉េច ខ្ញុំ​បាន​ដឹង​ថា​អ្វី​ៗ​ទាំងអស់​ដែល​ខ្ញុំ​មាន​អារម្មណ៍​គឺ​ជាប់​ទាក់​ទង​ជាមួយ​ព្រះ និង​អ្វី​ដែល​ពិត ។ ខ្ញុំ​មាន​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​ដែល​ខ្ញុំ​មិន​ធ្លាប់​មាន​ពី​មុន​មក​ទេ ។

« ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ »

ទិដ្ឋាការ​ទេសចរណ៍​របស់​ខ្ញុំ​បាន​ផុតកំណត់ ហើយ​ខ្ញុំ​ត្រូវ​ត្រឡប់​ទៅ​​តៃវ៉ាន់​វិញ ។ ក្នុង​អំឡុង​ពេល​នៅ​តែឯង​ប៉ុន្មាន​ខែ​បន្ទាប់ ខ្ញុំ​នឹក​នូវ​អារម្មណ៍​ដែល​ខ្ញុំធ្លាប់​មាន​ពីមុន​នោះ ។ មួយរយៈ​នេះ ខ្ញុំ​មាន​ពោរពេញ​ទៅដោយ​ភាពអស់​សង្ឃឹម និង​ភាពងងឹត ។ អារម្មណ៍​ទាំង​នោះ​ច្រើន​លើសលុប​ណាស់​ដែល​ធ្វើឲ្យ​ខ្ញុំ​ចង់​បោះបង់​ចោល ។ ខ្ញុំ​ពិត​ជា​មិន​ដឹង​ពី​របៀប​អធិស្ឋាន​ទេ ប៉ុន្តែ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ព្រះ ហើយ​ទូល​ទ្រង់​នូវ​អ្វីៗ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​កំពុង​មាន​អារម្មណ៍ និង​គិត ។ អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត​បានចូលមក—អារម្មណ៍​ដដែល​នោះ​ដែល​ខ្ញុំ​បាន​មាន កាល​ខ្ញុំ​បាន​ចូល​រួម​ក្នុង​ព្រះវិហារ​នៅផ្ទះ​របស់​យើង ។ ខ្ញុំ​ដឹងថា នោះ​គឺជា​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​អារម្មណ៍​ស្ងប់ ។

បន្ទាប់​ពី​នេះ គូដណ្តឹង​របស់​ខ្ញុំ​បាន​បញ្ជូន​អ្នកផ្សព្វផ្សាយ​សាសនា​ឲ្យមក​បង្រៀន​ខ្ញុំ ។ ខ្ញុំ​បាន​ប្រាប់​ពួក​គេ​ថា ខ្ញុំ​ដឹង​រួច​ហើយ​ថា ដំណឹង​ល្អ​ដែល​បាន​ស្តារ​ឡើង​វិញ​គឺ​ពិត ហើយ​ថា​ខ្ញុំ​ដឹងថាការ​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​យ៉ាងម៉េច ។ ប៉ុន្តែ​ខ្ញុំ​ព្រួយ​បារម្ភ​ថា វា​នឹង​ពិបាក​សម្រាប់​ខ្ញុំ ក្នុង​ការ​បោះ​បង់​ចោល​ការ​ជក់​បារី និង​ផឹក​កាហ្វេ និង​តែ ។

ខ្ញុំ​បាន​ចាប់ផ្ដើម​ចូល​ព្រះវិហារ អាន​ព្រះគម្ពីរ​មរមន ហើយ​ជួប​ជាមួយ​ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយ​សាសនា​បី ឬ​បួនដង​ក្នុងមួយ​សប្តាហ៍ ។ នៅ​ទីបំផុត ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ជួយ​ខ្ញុំ​ឲ្យ​ឈប់​ជក់​បារី និង​ផឹក​កាហ្វេ និង​តែ ។

មិត្ត​របស់​ខ្ញុំ​កាលនៅពី​ក្មេង​បាន​ចាប់​ផ្ដើម​ឃើញ​ការ​ផ្លាស់​ប្ដូរ​ក្នុង​ខ្លួន​ខ្ញុំ​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ។ ខ្ញុំ​បាន​អញ្ជើញ​នាង​ឲ្យ​ចូល​រួម​ការណាត់ជួប​អ្នកផ្សព្វផ្សាយ​សាសនា​របស់​ខ្ញុំ ។ ពេល​នាង​ស្តាប់ នាង​ក៏​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ទទួល​បាន​ទីបន្ទាល់​ផង​ដែរ ។ នៅពេល​វិបត្តិ​កូវីដ-១៩ បាន​ថយចុះ គូដណ្ដឹង​របស់​ខ្ញុំ ដែល​ពេល​នេះ​ជា​សមាជិក​សកម្ម​នៅក្នុង​សាសនាចក្រ នៅ​ទីបំផុត​អាច​មក​តៃវ៉ាន់​បាន ។ យើង​បាន​រៀបការ ហើយ​គាត់​បាន​ជ្រមុជ​ទឹក​ឲ្យ​ខ្ញុំ ។ ខ្ញុំ​ជា​មនុស្ស​ថ្មី ។

រូបភាព
ក្រុម​មនុស្ស​ដែល​ឈរ​នៅ​មុខ​រូបភាព​នៃ​ព្រះអង្គ​សង្គ្រោះ

បងស្រី វីលីង ឆិន ខេនហ្វៀល ( វិននី ) ជាមួយ​នឹង​ស៊ីស្ទើរ​អ្នកផ្សព្វផ្សាយ​សាសនា និង​សមាជិក​វួដ​ដែល​បាន​បង្រៀន និង​រាប់អាន​គាត់ ។ គាត់​និយាយ​ថា « យើង​នៅ​តែ​និយាយ​គ្នា​រៀង​រាល់​សប្តាហ៍ និង​ធ្វើការ​ជាមួយ​គ្នា​នៅក្នុង​ការហៅបម្រើ​ថ្មី​របស់​ខ្ញុំ​នៅ​ក្នុង​សមាគម​សង្គ្រោះ » ។

មិត្ត​ភក្តិ​ដ៏យូរ​អង្វែង និង​សហការី​អាជីវកម្ម​របស់​ខ្ញុំ រួម​ទាំង​អ្នកធ្វើការ​នៅធនាគារ និង​ភ្នាក់ងារ​ទី​ផ្សារ​ហ៊ុន​មួយ​ចំនួន​បាន​និយាយ​ថា ពួកគេ​អាច​ឃើញ​ខ្ញុំ​ខុស​ពីមុន និង​សប្បាយ​រីករាយ​ជាង​មុន ។ ខ្ញុំ​បាន​អញ្ជើញ​ពួកគេ​ទៅ​កាន់​ពិធីបុណ្យ​ជ្រមុជ​ទឹក​របស់​ខ្ញុំ ហើយ​ពួកគេ​បាន​មក​ចូលរួម ។ ក្រោយ​មក ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​មាន​អារម្មណ៍​អ្វីមួយ ដែល​ពួកគេ​មិន​ធ្លាប់​មាន​ពី​មុន​មក ។

ខ្ញុំ​មិន​ខ្លាច​នឹង​ប្រាប់​អ្នក​ដទៃ​ពី​អ្វី​ដែល​ខ្ញុំ​ដឹង និង​មាន​អារម្មណ៍​អំពី​ព្រះយេស៊ូវ​គ្រីស្ទ​ឡើយ—ថា​អ្វី​ដែល​ខ្ញុំ​ដឹង​គឺ​ពិត ។ ខ្ញុំ​ដឹង​ថា ទីបន្ទាល់​របស់​ខ្ញុំ​គឺ​ភ្លឺ​ចែងចាំង ។ អ្នក​ដទៃទៀត​ដែល​បាន​ស្គាល់​ខ្ញុំ​ពេញ​មួយ​ជីវិត​របស់​ខ្ញុំ​ក៏ឃើញ​រឿង​នេះ​ដែរ ។ ការគោរព​របស់​ពួក​គេ​ចំពោះ​សេចក្ដី​ជំនឿ​របស់​ខ្ញុំ ថែម​ទាំង​បាន​បញ្ឈប់​ពួក​គេ​ពី​ការជក់​បារី និង​ការផឹក​ស្រា​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​អាជីវកម្ម និង​អាហារ​ពេល​ល្ងាច​ផង​ដែរ ។ នេះ​គឺ​ជា​អ្វី​ដែល​ពិសេស​នៅ​ក្នុង​វប្បធម៌​អាជីវកម្ម​របស់​យើង ។

រូបភាព
ស្ត្រី​ពីរ​នាក់​ឈរ​នៅ​មុខ​អគារ​សាសនាចក្រ

បងស្រី ខេនហ្វៀល ជាមួយ ជីន ហ៊ូ គឺជាមិត្ត​យូរ​អង្វែង​ដែល​បាន​ចាប់អារម្មណ៍​លើ​សាសនាចក្រ​តាមរយៈ​ការប្រែចិត្ត​ជឿ​របស់​បងស្រី ខេនហ្វៀល ។

ខ្ញុំ​មិន​ខ្លាច​នឹងឲ្យ​អ្នក​ដទៃ​មើលឃើញ ស្តាប់ឮ និង​ទទួល​អារម្មណ៍​អំពី​ទីបន្ទាល់​របស់​ខ្ញុំទេ ។ ខ្ញុំ​ជឿ​ថា មនុស្ស​ជាច្រើន​ដែល​មិន​ដឹង​ពី​របៀប​ស្វែងរក​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ នឹង​មាន​អារម្មណ៍​ដូច​ខ្ញុំ​ធ្លាប់មាន នៅពេល​ពួកគេ​ឮ​ពាក្យ​នៃ​សេចក្តីពិត ។ ខ្ញុំ​នឹង​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ចែកចាយ​ពាក្យ​ដែល​បាន​ផ្លាស់ប្ដូរ​ជីវិត​ខ្ញុំ ។