លីអាហូណា
ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​បាន​ការពារ
ខែ មីនា ឆ្នាំ ២០២៤


« ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​បាន​ការពារ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

សំឡេង​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ

ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​ត្រូវ​បាន​ការពារ

សង្គ្រាម​បាន​កើត​ឡើង​នៅ​ខាង​ក្រៅ ប៉ុន្តែ​នៅពេល​ខ្ញុំ​អាន​ព្រះ​គម្ពីរ​មរមន ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត ហើយ​មិន​ខ្លាច​ឡើយ ។

រូបភាព
ស្ត្រី​កំពុង​អាន​សៀវភៅ

រចនា​រូបភាព​ដោយ អាឡិច ណាបោម

ឆ្នាំ ១៩៩២ សង្គ្រាម​យូហ្គោស្លាវី​បាន​ផ្ទុះឡើង ។ ទី​ក្រុង​ម៉ូសតា​របស់​យើង​ត្រូវ​បានគេ​ទម្លាក់​គ្រាប់​បែក​ជា​រៀង​រាល់​ថ្ងៃ ។ សេវា​សាធារណៈ​ទាំង​អស់​ត្រូវ​បាន​ផ្អាក រួម​ទាំង​សេវា​ប្រៃសណីយ៍​ផង​ដែរ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ថ្ងៃ​ទី ១ ខែ មេសា មានគេ​គោះទ្វារ​របស់​ខ្ញុំ ។ ពេល​ខ្ញុំ​បើក​ទ្វារ មាន​បុរស​ម្នាក់​ដែល​ខ្ញុំ​មិន​ធ្លាប់​ឃើញ​បាន​ហុចកញ្ចប់​មួយ​ពី​កូន​ស្រី​របស់​ខ្ញុំ​ឲ្យខ្ញុំ ដែល​នាង​រស់នៅ​ក្នុង​ទីក្រុង​ម៉ាឡាហ្គា ប្រទេស​អេស្ប៉ាញ ជា​កន្លែង​ដែល​នាង​បាន​ចូល​រួម​ក្នុង​សាសនាចក្រ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ នៅក្នុង​កញ្ចប់នោះ មាន​ព្រះគម្ពី​រមរមន​មួយ​ក្បាល ។

ខ្ញុំ​បាន​ចាប់​ផ្ដើម​អាន​ព្រះគម្ពីរនោះ​នាថ្ងៃ​នោះតែម្តង ។ សង្គ្រាម​បាន​កើត​ឡើង​នៅ​ខាង​ក្រៅ ប៉ុន្តែ​នៅពេល​ខ្ញុំ​អាន ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត ហើយ​មិន​ខ្លាច​ឡើយ ។ ក្រោយ​មក ខ្ញុំ​បាន​ដឹង​ថា សេចក្ដី​សុខសាន្ត​ដែល​ខ្ញុំ​មាន​គឺ​ជា​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​បាន​ការពារ ហើយ​នឹង​មិន​ស្លាប់​ទេ ។

ពេល​ខ្ញុំ​អាន ខ្ញុំ​បាន​រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ហើយ​ថា​ទ្រង់​នៅមាន​ព្រះជន្ម​រស់​នៅឡើយ ។ ខ្ញុំ​បាន​រៀន​អំពី​ពិធីបុណ្យ​ជ្រមុជទឹក និង​សាសនាចក្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​មាន​អារម្មណ៍​ថា អ្វីៗ​ដែល​ខ្ញុំ​បាន​អាន​គឺ​ពិត ។ ពី​ពេល​មួយ​ទៅ​ពេល​មួយ កូន​ស្រី​របស់​ខ្ញុំ​ឆ្លើយ​សំណួរ​របស់​ខ្ញុំ ។

នៅពេល​ស្វាមី​ខ្ញុំ​ស្លាប់​ក្នុង​ឆ្នាំ ២០១៩ ខ្ញុំ​បាន​សម្រេច​ចិត្ត​ទៅ​សហរដ្ឋ​អាមេរិក កន្លែង​ដែល​កូន​ស្រី​ខ្ញុំ​រស់​នៅ​សព្វថ្ងៃនេះ ។ ខ្ញុំ​ចង់​ជួប​នាង ហើយ​រៀន​បន្ថែម​ទៀត​អំពី​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ ។

ខ្ញុំ​ស្នាក់នៅ​ទីក្រុង សលត៍ លេក រដ្ឋ យូថាហ៍ អស់​រយៈពេល​បួន​ខែ​កន្លះ ។ ខ្ញុំ​ទៅ​ព្រះវិហារ​ជា​រៀង​រាល់​សប្តាហ៍​ជាមួយ​កូន​ស្រី​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​មួយ​ដែល​ខ្ញុំ​មិន​អាច​ពិពណ៌នា​បាន ។ ខ្ញុំ​បាន​រៀនជាមួយនឹង​អ្នកផ្សព្វផ្សាយសាសនា ។ ខ្ញុំ​ដឹង​ថា រឿងទាំងអស់នោះ​គឺ​ពិត ។ ខ្ញុំ​បាន​មាន​បទពិសោធន៏​ដ៏អស្ចារ្យ​មួយ​ក្នុង​ជីវិត​របស់​ខ្ញុំ នៅពេល​ខ្ញុំ​ចូល​ទៅ​ក្នុង​ទឹក​នៃ​ពិធីបុណ្យ​ជ្រមុជ​ទឹក ហើយ​ត្រូវ​បាន​បញ្ជាក់​ថា​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​នៅ ថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០១៩ ។

នៅពេល​ខ្ញុំ​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ដើម្បី​បញ្ជាក់ បន្ទាប់​ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ មនុស្ស​គ្រប់​គ្នា​យំ ។ ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក និង​ការទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ គឺជា​អំណោយទាន​ដ៏ធំធេង​មួយ​មកពី​ព្រះវរបិតាសួគ៌​របស់យើង ។ ក្រោយ​ពី​ការបញ្ជាក់​របស់​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា ស្ថានសួគ៌​បាន​បើក ហើយ​ថា​យើង​ទាំង​អស់​គ្នា​នៅ​ទី​នោះ​ជាមួយ​គ្នា ។ ក្រោយមកទៀត នៅក្នុង​ពរ​របស់​លោក​អយ្យកោ​របស់ខ្ញុំ ខ្ញុំ​បាន​ទទួល​ការ​សន្យា​ដ៏​ពិសេស និង​អស់កល្ប​ជានិច្ច​ជា​ច្រើន ។

ព្រះគម្ពីរ​មរមន​គឺ​ពិត ។ តាមរយៈ​ការអាន និង​ការអធិស្ឋាន​អំពី​ព្រះគម្ពីរ​នេះ យើង​អាច​ទទួល​បាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​យើង​អំពី​វា ។ ជាមួយនឹង​ទីបន្ទាល់​នោះ យើង​នឹង​ដឹង​ថា យ៉ូសែប ស្ម៊ីធ គឺ​ជា​ព្យាការី ហើយ​ថា​តាមរយៈ​លោក នោះ​សាសនាចក្រ​ពិត​របស់​ព្រះយេស៊ូវ​គ្រីស្ទ​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​លើ​ផែនដី​នេះ ។