លីអាហូណា
សារលិខិត​បុណ្យ​អ៊ីស្ទើរ​របស់​គណៈប្រធាន​ទីមួយ
ខែ មីនា ឆ្នាំ ២០២៤


« សារលិខិត​បុណ្យ​អ៊ីស្ទើរ​របស់​គណៈប្រធាន​ទីមួយ » ទស្សនាវដ្តី លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

សារលិខិត​បុណ្យ​អ៊ីស្ទើរ​របស់​គណៈប្រធាន​ទីមួយ

រូបភាព
រូបគំនូរ​ព្រះយេស៊ូវ​គ្រីស្ទ​កំពុង​ទតមើល​ទៅលើ​មេឃ​ដោយ​លើក​ព្រះហស្ត​ទ្រង់​ឡើង

ដោយ​គោលបំណង​នេះ​ហើយ​ដែល​ខ្ញុំ​បាន​មក ដោយ យ៉ាំងសុង គីម ផ្ដល់​សិទ្ធិ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​មក​ពី HavenLight

រដូវ​បុណ្យ​អ៊ីស្ទើរ​នេះ យើង​សូម​អញ្ជើញ​បងប្អូន​ឲ្យ​ពិចារណា​អំពី​ការលះបង់​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ​សង្គ្រោះ និង​ការរស់​ឡើងវិញ​ដ៏​រុងរឿង​ដែល​ផ្ដល់​ពរ​ដល់​យើង​ទាំងអស់​គ្នា ។

តាមរយៈ​ព្រះអង្គ​សង្គ្រោះ​របស់​យើង គឺ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ទទួល​បាន​នូវ​សារ​នៃ​សេចក្តី​សង្ឃឹម ៖ « នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកិយ​ហើយ » ( យ៉ូហាន ១៦:៣៣ ) ។ ព្រះអង្គ​សង្គ្រោះ​សន្យា​ថា នៅពេល​យើង​រក្សា​បទបញ្ញត្តិ និង​ពិធីបរិសុទ្ធ​របស់​ទ្រង់ នោះ​យើង​នឹង​មាន « សេចក្ដី​សុខសាន្ត​នៅ​នា​លោកិយ​នេះ និង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅបរលោក » ( គោលលទ្ធិ និង​សេចក្តី​សញ្ញា ៥៩:២៣ ) ។

យើង​សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះយេស៊ូវ​មាន​ព្រះជន្មរស់ ! « ទ្រង់​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ហើយ » ( ម៉ាថាយ ២៨:៦ ) ។ ដោយសារ​ទ្រង់ នោះ​យើង​អាច​ត្រូវ​បាន​ណែនាំ និង​ពង្រឹង នៅពេល​យើង​ទទួល​បន្ទុក​ដែល​យើង​ប្រឈម​មុខ​នៅក្នុង​ជីវិត​រមែង​ស្លាប់ ។ តាមរយៈ​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ពលិកម្ម​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ នោះ​ចំណង​នៃ​អំពើបាប​មិន​អាច​ចង​យើង​ឡើយ ហើយ​ការសាកល្បង​ដែល​យើង​ជួប​ប្រទះ​នៅក្នុង​ជីវិត​នេះ​នឹង​គ្មាន​អំណាច​យូរ​អង្វែង​មកលើ​យើង​បាន​ឡើយ ។ « ទ្រនិច​នៃ​សេចក្ដី​ស្លាប់ ត្រូវ​បាន​លេប​បាត់​នៅ​ក្នុង​ព្រះគ្រីស្ទ » ( ម៉ូសាយ ១៦:៨ ) ។

រូបភាព
ហត្ថលេខា​របស់​សមាជិក​គណៈប្រធាន​ទីមួយ

គណៈប្រធាន​ទីមួយ