លីអាហូណា
ការដាំ​គ្រាប់ពូជ​នៃ​សេចក្ដី​ជំនឿ​ឡើងវិញ
ខែ មីនា ឆ្នាំ ២០២៤


« ការដាំ​គ្រាប់ពូជ​នៃ​សេចក្ដី​ជំនឿ​ឡើងវិញ » លីអាហូណា ខែ មីនា ឆ្នាំ​២០២៤ ។

ការដាំ​គ្រាប់ពូជ​នៃ​សេចក្ដី​ជំនឿ​ឡើងវិញ

មេរៀន​មកពី​អ្នក​ដែល​ត្រឡប់​មកមាន​សេចក្ដី​ជំនឿ​វិញ ។

រូបភាព
ដើមឈើ និង​ស្លឹកឈើ

នៅក្នុង​ពិភព​មួយ​ដែលជា​ញឹកញាប់​លើកតម្កើង​រឿង​បាត់បង់​សេចក្តី​ជំនឿ តែ​ដំណើរ​ត្រឡប់​មក​កាន់​សេចក្ដី​ជំនឿ​វិញ​ហាក់ដូចជា​ស្ងប់ស្ងាត់ ដែល​ពេលខ្លះ​មិនសូវ​មាន​គេ​កត់​សម្គាល់​ឡើយ ។ ប៉ុន្តែ​ដំណើររឿង​នៃ​ការប្រែចិត្ត​ជឿ​បង្ហាញ​អំពី​របៀប​ដែល​បងប្អូន​ប្រុសស្រី​នៅក្នុង​ដំណឹងល្អ​បាន​យក​ឈ្នះ​លើ​ការសង្ស័យ​របស់​ពួកគេ សូម្បី​តែ​ក្រោយ​ពី​ការចាក​ចេញ​ពី​សាសនាចក្រ​ក៏​ដោយ ។ ដំណើររឿង​របស់​ពួកគេ​បង្ហាញ​អំពី​អ្វី​ដែល​អាលម៉ា​បង្រៀន​អំពី​ការបណ្តុះ​គ្រាប់ពូជ ។ អាលម៉ា​ពិពណ៌នា​អំពី​ដំណើរ​ការ​នៃ​សេចក្ដី​ជំនឿ​ដែល​មិន​ត្រឹមតែ​ជួយ​ពង្រឹង​ដល់​អ្នក​ដែល​ព្យាយាម​ពង្រីក​សេចក្តី​ជំនឿ​របស់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​ដល់​អ្នក​ដែល​កំពុង​ពុះពារ​ទៅនឹង​សំណួរ និង​កង្វល់​នានា​ផង​ដែរ ។

  • ដំបូង យើង​ត្រូវ​យល់ថា « សេចក្តី​ជំនឿ​ពុំ​មែន​ជា​តម្រិះ​ដ៏​ឥត​ខ្ចោះ​នូវ​អ្វីៗ​ទាំង​ឡាយ​នោះ​ទេ » ( អាលម៉ា ៣២:២១ ) ។

  • បន្ទាប់​មក យើង « អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច » ឬ​ក៏​គ្រាន់តែ​ជា « ការចង់​ជឿ » ( ខទី ២៧ ) ។

  • នោះ​យើង​បណ្តុះ​គ្រាប់ពូជ—ព្រះបន្ទូល​របស់​ព្រះ​នៅក្នុង​ចិត្ត​របស់​យើង ( សូមមើល ខទី ២៨ ) ។

  • នៅតាម​ផ្លូវ យើង​ចិញ្ចឹមបីបាច់​ថែទាំ​ឫស​ខាង​វិញ្ញាណ​ដោយ​ការអត់ធ្មត់ និង​ទទួល​យក​ជំនួយ​មកពី​មិត្តភក្តិ​នៅ​ក្នុង​ដំណឹងល្អ ដើម្បី​ដាំ​ដើមឈើ​ដែលបាន​ដាំ​នៅក្នុង​ព្រះគ្រីស្ទ​ឲ្យ « មាន​ពន្លក​ឡើង​ជា​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ( ខទី ៤១ ) ។

« សេចក្ដី​ជំនឿ​គឺ​ពុំ​មែន​ជា​តម្រិះ​ដ៏​ឥត​ខ្ចោះ​នូវ​អ្វីៗ​ទាំង​ឡាយ​នោះ​ទេ ហេតុ​ដូច្នេះ​ហើយ បើ​សិន​ជា​អ្នក​រាល់​គ្នា​មាន​សេចក្ដី​ជំនឿ នោះ​អ្នក​រាល់​គ្នា​សង្ឃឹម​ទៅ​លើ​អ្វីៗ​ដែល​មើល​មិន​ឃើញ ហើយ​ដែល​ពិត » ( អាលម៉ា ៣២:២១ ) ។

រូបភាព
អាល់បា ហ្វន់សេកា

អាល់បា លូសៀ ហ្វន់សេកា ដែល​ជា​សមាជិក​សាសនាចក្រ​មកពី​សហរដ្ឋ​អាមេរិក បាន​ឃើញ​អត្ថបទ​ខ្លះ​នៅតាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដែល​បាន​ធ្វើឲ្យ​នាង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ជំនឿ​សាសនា​របស់​នាង ហើយ​នាង​បាន​ធ្លាក់ចូល​ទៅក្នុង​ការបាត់​បង់​សេចក្ដី​ជំនឿ​យ៉ាង​លឿន ។ ដំបូង នាង​បាន​បណ្តេញ​គ្រាប់​ពូជ​នៃ​សេចក្ដី​ជំនឿ​ដោយ​ការសង្ស័យ​របស់​នាង ប៉ុន្តែ​បន្ទាប់​មក នាង​បាន​ចាប់​ផ្ដើម​និយាយ​ជាមួយនឹង​សមាជិក​ដែល​មាន​ការខ្វល់ខ្វាយ និង​មាន​ចំណេះដឹង ហើយ​បាន​ដឹង​ថា ភាព​មិន​ជឿ​របស់នាង​ក៏​បាន​ចោទជា​សំណួរ​ផងដែរ ។

នាង​ពន្យល់​ថា « ការយល់​ដឹង​របស់​ខ្ញុំ​អំពី​គំនិត​នៃ​ដំណឹងល្អ និង​ប្រវត្តិសាស្រ្ត​របស់​សាសនាចក្រ​គឺ​មិន​ទូលំទូលាយ​ដូច​ដែល​ខ្ញុំ​បាន​គិត​នោះ​ទេ » ។ « វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បន្ទាប​ខ្លួន ហើយ​បាន​ជួយ​ខ្ញុំ​ឲ្យ​ដឹង​ថា ខ្ញុំ​នៅ​តែ​មាន​អ្វី​ជា​ច្រើន​ដែល​ត្រូវ​រៀន ហើយ​សេចក្តី​ជំនឿ​នោះ​មិន​បាន​មក​ដល់​ទេ បើ​មិនមាន​ចម្លើយ​ទៅនឹង​សំណួរ​ទាំងអស់​នោះ » ។ អាល់បា បាន​ដឹងថា​រឿង « ដ៏មាន​តម្លៃ​ផ្សេងទៀត​នៅក្នុង​ជីវិត—ដូចជា គ្រួសារ ការអប់រំ អាជីព—ពាក់ព័ន្ធ​ទៅនឹង​ហានិភ័យ ការលះបង់ ភាពមិនច្បាស់លាស់ និង​កិច្ចខិតខំ​ប្រឹងប្រែង​ពេញមួយ​ជីវិត ។ ខ្ញុំ​បាន​ត្រឡប់​មក​សាសនាចក្រ​វិញ ហើយ​អាច​បញ្ជាក់​ថា ការថែរក្សា​សេចក្តី​ជំនឿ​ក៏​មាន​តម្លៃ​ខ្លាំង​ណាស់​ផង​ដែរ​ចំពោះ​ការខិតខំ​បែប​នេះ » ។

ប្រធាន រ័សុល អិម ណិលសុន បាន​បង្រៀន​ថា « ព្រះអម្ចាស់​មិន​តម្រូវ​ឲ្យមាន​សេចក្ដី​ជំនឿ ឥតខ្ចោះ ដើម្បី​ឲ្យយើង​មាន​អំណាច​ឥតខ្ចោះ របស់​ទ្រង់​នោះទេ » ។ ទោះជា​យ៉ាងណា​ក៏ដោយ សេចក្តី​ជំនឿ​របស់​យើង​ក៏​បាន​ចង្អុល​បង្ហាញ​ផងដែរ​អំពី​តម្រូវ​ឲ្យ​មាន​ការខិតខំ​បន្ត​ដើម្បី​បន្ត​រីក​ចម្រើន ។ ប្រធាន ណិលសុន បាន​ពន្យល់​ថា ខណៈពេល​ដែល​គ្រឹះ​ចាស់​របស់​ព្រះវិហារ សលត៍ លេក បាន​បម្រើការ​យ៉ាង​ល្អ​អស់​រយៈពេល​ជាង​មួយ​សតវត្សរ៍​មក​ក៏ដោយ ក៏​ឥឡូវ​នេះ​វា​ត្រូវការ​ការជួសជុល​ដ៏​ធំ​ដែរ ។ ជួន​កាល យើង​ក៏​ត្រូវ​ពង្រឹង​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង​ផ្ទាល់​ផងដែរ « ដើម្បី​ទប់ទល់​ទៅនឹង​គ្រោះថ្នាក់ និង​សម្ពាធ​នានា​នៅពេល​ខាងមុខ​នេះ » ។ ពេលខ្លះ យើង​អាន​ប៉ះ​អត្ថបទ​ដែល​ពិបាក​យល់​ដូចជា អាល់បា បាន​ជួប​ដែរ បំណង​ប្រាថ្នា​របស់​យើង​ចំពោះ​ភាពជាក់​ស្តែង​អាច​នាំ​យើង​ចេញ​ពី​សេចក្តី​ជំនឿ​ដ៏​សាមញ្ញ​ទៅ​ជា​ការ​មិន​ជឿ​ដ៏​សាមញ្ញ​មួយ ដោយ​រំលង​នូវ​ការខិតខំ​ដែល​ចាំបាច់​ដើម្បី​ពង្រឹង និង​ជំរុញ​គ្រឹះ​ខាង​វិញ្ញាណ​របស់​យើង ។

អ្នក​ដែល​សិក្សា​ដំណើររឿង​ត្រឡប់​ទៅ​កាន់​សេចក្តី​ជំនឿ​វិញ បាន​រកឃើញ​ថា វា​មាន​ប្រយោជន៍​នៅក្នុង​ការចាត់​ទុក​សេចក្តី​ជំនឿ​ថាជា​ការធ្វើ​ដំណើរ​ជាច្រើន​ជំហាន​អស់​ពេញ​មួយ​ជីវិត ។ យើង​អាច​ចាប់ផ្ដើម​ជាមួយនឹង​ជំនឿ​សាមញ្ញ​មួយ​កាល​ពី​ក្មេង ប៉ុន្តែ​នៅពេលណា​មួយ​សេចក្តី​ជំនឿ​កាលពី​កុមារ​នោះ​ត្រូវ​ប្រឈម​មុខ​ទៅនឹង​សំណួរ និង​កង្វល់​នានា ។ នៅពេល​ដែល​សេចក្ដី​ជំនឿ​ដែល​មិន​បាន​សាកល្បង​របស់​យើង​អាច​នឹង​បាន​ជួយ​ធ្វើជា​គ្រឹះ​ខាង​វិញ្ញាណ​យ៉ាង​ល្អ​ក៏ដោយ តែ​ឥឡូវនេះ​យើង​ត្រូវតែ​ផ្លាស់ប្តូរ​ពី​សេចក្តី​ជំនឿ​សាមញ្ញ ឈានទៅរក​ភាពស្មុគស្មាញ ទៅជា​សេចក្តី​ជំនឿ​ចាស់ទុំ ដែល​អាច​ទប់ទល់​ទៅនឹង​បញ្ហា​ប្រឈមមុខ​នានា​នាពេលអនាគត​បាន ។ ការបោះ​បង់ចោល​សេចក្តី​ជំនឿ​ហាក់ដូចជា​ងាយស្រួល​ជាង ស្ទើរតែ​ដូចជា​ការធូរស្បើយ​មួយ ប៉ុន្តែ​រង្វាន់​ដ៏សម្បូរ​បែប​មក​ជាមួយ​នឹង​ដំណើរ​របស់​អស់អ្នក​ទាំងឡាយណា​ដែល​បែរទៅ​រក​ព្រះ ហើយ​បន្ត​បីបាច់​ថែរក្សា​គ្រាប់ពូជ​នៃ​សេចក្តី​ជំនឿ​របស់​ពួកគេ ។

ការសាក​ល្បង​សេចក្តី​ជំនឿ​បាន​ចាប់ផ្តើម​មាន​សម្រាប់ សាំយូអែល ហូគលុន នៅ​ប្រទេស​ស៊ុយអែត នៅពេល​សមាជិក​គ្រួសារ​បាន​ចោទ​សំណួរ​ឡើង ។ គាត់​បាន​ពន្យល់ថា គាត់​បាន​ឆ្លង​កាត់​ដំណាក់​កាល​មួយ​នៃ « ការដោះ​សំណួរ​មួយ​បែរជា​មកជួប​សំណួរ​ផ្សេងទៀត ។ សេចក្តី​ជំនឿ​របស់​ខ្ញុំ​តែងតែ​រវើរវាយ​ម្តងជឿ​ម្តង​មិនជឿ រហូត​ដល់​ខ្ញុំ​បាន​ដឹង​ថា ដំណើរការ​នេះ និង​សេចក្តី​ត្រូវការ​របស់​ខ្ញុំ​សម្រាប់​ភាពជាក់លាក់​គឺ​មិន​ត្រូវគ្នា​ទេ » ។ ជំនួស​ឲ្យ​ការព្យាយាម​ដោះស្រាយ​រាល់​សំណួរ​តូចតាច សាំយូអែល បាន​សម្រេច​ចិត្ត​សិក្សា​អំពី​សំណួរ​សំខាន់ៗ—​សំណួរ​ដែល​សំខាន់​ចំពោះ​គ្រឹះ​ដ៏​រឹងមាំ​មួយ​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ។ អម​ជាមួយនឹង​ការអធិស្ឋាន និង​ការសិក្សា​ព្រះគម្ពីរ ការស្វែងរក​របស់ សាំយូអែល ក៏ដូចជា អាល់បា​ដែរ បាន​បង្រៀន​គាត់​ថា គាត់​នៅតែ​ត្រូវ​រៀន​ច្រើន​ទៀត ហើយ​វា​បាន​ធ្វើ​ឲ្យ​គាត់​មាន​ជំនឿ​ចាស់ទុំ​ជាងមុន ។ គាត់​និយាយ​ថា « បទពិសោធន៍​នេះ​បាន​ពង្រឹង​សេចក្តី​ជំនឿ​របស់​ខ្ញុំ​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​បង្រៀន​ខ្ញុំ​ផងដែរ​ថា អ្វី​ដែល​អ្នក​ពិត​ជា​ចង់​ស្វែងរក នោះ​អ្នក​នឹង​ពិតជា​រក​ឃើញ » ។

« បើសិន​ជា​អ្នក​រាល់គ្នា​ចង់​ភ្ញាក់​ឡើង ហើយ​ដាស់​សមត្ថភាព​ទាំងឡាយ​របស់​ខ្លួន គឺ​ដើម្បី​ធ្វើ​ការពិសោធន៍​ដល់​ពាក្យ​សម្ដី​របស់​ខ្ញុំ ហើយ​អនុវត្ត​សេចក្ដី​ជំនឿ​មួយ​តូច មែន​ហើយ គឺ​បើសិន​ជា​អ្នក​រាល់គ្នា​ពុំ​អាច​ធ្វើ​អ្វី​ក៏​ដោយ ក្រៅ​ពី​ការចង់​ជឿ នោះ​សូម​ឲ្យ​ចំណង់​នេះ​មាន​នៅ​ក្នុង​ខ្លួន​អ្នក » ( អាលម៉ា ៣២:២៧ ) ។

ប្រធាន ណិលសុន បាន​ទទួល​ស្គាល់​ថា « ការអនុវត្ត​សេចក្ដី​ជំនឿ​អាច​មើល​ទៅ​ថា​ជា​រឿង​ដ៏​លើសលុប ។ ពេលខ្លះ យើង​អាច​ឆ្ងល់​ថា តើ​យើង​អាច​មាន​ជំនឿ​គ្រប់គ្រាន់​ដើម្បី​ទទួលបាន​ពរជ័យ ដែល​យើង​ចង់​បាន​យ៉ាងខ្លាំង​នោះ​ដែរ​ឬទេ » ។ ប៉ុន្តែ​សូម្បី​តែ​ជំហាន​តូចៗ​នៃ​សេចក្តី​ជំនឿ​ក៏​ដោយ ដែល​ចាប់ផ្តើម​ដោយ « ភាគ​ល្អិត​នៃ​សេចក្តី​ជំនឿ » ​ក៏​វា​អាច « ធ្វើការ​នៅ​ក្នុងខ្លួន​បងប្អូន » ហើយ​ចាប់ផ្តើម​ការកើត​ឡើងវិញ​ខាង​វិញ្ញាណ​ផងដែរ ។

បន្ទាប់ពី​ដើរ​វង្វេង​ខាង​វិញ្ញាណ​នៅក្នុង​ឆ្នាំ​រៀន​នៅ​មហា​វិទ្យាល័យ​របស់​នាង អាមេនដា ហ្វ្រីប៊ើន មកពី​សហ​រដ្ឋ​អាមេរិក បាន​បោះ​ជំហាន​តូច​មួយ​នៃ​ការអធិស្ឋាន ដែល​បាន​នាំ​ឲ្យ​នាង​ធ្វើ​តាម​ការបំផុសគំនិត​មួយ​ឲ្យ​ទៅ​ទស្សនា​ទីធ្លា​នៃ​ព្រះវិហារ​បរិសុទ្ធ​ក្នុង​មូលដ្ឋាន​របស់​នាង ។ នាង​និយាយ​ថា « ការមាន​អារម្មណ៍​នៃ​ព្រះវិញ្ញាណ​នៅ​ទីនោះ បាន​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​ខ្ញុំ​មាន​ឆេះ​ឡើងវិញ » ។ ការត្រឡប់​ទៅ​ព្រះវិហារ​វិញ ហើយ​ការទទួល​យក​ការហៅ​ឲ្យ​បង្រៀន​នៅ​អង្គការ​បឋម​សិក្សា បាន​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​នាង​កាន់​ស៊ីជម្រៅ​ខ្លាំងឡើង ហើយ​នាង​បាន​បន្ត​បោះជំហាន​ដែល​នាំ​នាង​ឲ្យ​ឱប​ក្រសោប​ដំណឹង​ល្អ​ទាំង​ស្រុង ។ នៅ​តាម​ផ្លូវ អាមេនដា បាន​សង្កេត​ឃើញ​ថា « ខ្ញុំ​បាន​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ដែល​ខ្ញុំ​ត្រូវការ​រក​យ៉ាង​ខ្លាំង » ។

រូបភាព
ដាន អេលស៍វ៉ត

នៅ​ចំណុច​មួយ ដាន អេលស៍វ៉ត ដែល​មកពី​សហរដ្ឋអាមេរិក​ដែរ គាត់​មិន​ប្រាកដ​ថា​មាន​ចំណែក​នៃ​សេចក្តី​ជំនឿ​ដែល​នៅសល់​សម្រាប់​អនុវត្ត​ដែរឬអត់​នោះ​ទេ ។ ការបង្ហាញ​ដំបូង​របស់​គាត់​ចំពោះ​ការសិក្សា និង​វិធីសាស្ត្រ​ខាង​ប្រវត្តិសាស្ត្រ​ចំពោះ​ព្រះគម្ពីរ​សញ្ញាចាស់​បាន​ធ្វើ​ឲ្យ​សេចក្តី​ជំនឿ​របស់​គាត់​ចុះ​ខ្សោយ​ទៅ​លើ​ព្រះ​គម្ពីរ ហើយ​បាន​ប៉ះ​ពាល់​ដល់​សេចក្ដី​ជំនឿ​របស់​គាត់​ទៅលើ​គ្រប់​ព្រះគម្ពីរ​ទាំងអស់ ។ ប៉ុន្តែ ដាន បាន​បន្ត​ទៅ​ព្រះវិហារ ហើយ​បាន​សម្រេច​ចិត្ត​ដក​ពិសោធន៍​រយៈពេល​ប្រាំមួយ​ខែ​ជាមួយនឹង​ផែនការ​អធិស្ឋាន តម​អាហារ និង​បម្រើ​នៅក្នុង​សាសនាចក្រ ។ ពេលខ្លះ គាត់​ក៏បាន​សុំឲ្យ​កូនស្រី​តូចៗ​របស់គាត់​អធិស្ឋាន​ឲ្យ​ប៉ា​របស់​ពួកគេ​ផងដែរ ។

បន្ទាប់ពី​បាន​មួយ​រយៈ​មក ដាន បាន​ចាប់ផ្ដើម​មាន​បទពិសោធន៍​ខាង​វិញ្ញាណ ហើយ​ស្វែងរក​ចម្លើយ​ចំពោះ​សំណួរ​មួយ​ចំនួន​ដែល​រំខាន​គាត់​ជាងគេ​បំផុត ។ នៅ​ថ្ងៃ​មួយ ខណៈពេល​នៅឯ​បណ្ណាល័យ គាត់​មាន​អារម្មណ៍​ថា​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​សំដៅ​ទៅផ្លូវដើរជួរតាំង​សៀវភៅ​មួយ ហើយ​រើសយក​សៀវភៅ​មួយក្បាលមក ។ នៅក្នុង​សៀវភៅ​នោះ គាត់​បាន​រកឃើញ​ការប្រឆាំង​ដ៏ឈ្លាសវៃ​ចំពោះ​សៀវភៅ​នោះ ដែល​ដំបូងឡើយ​បានធ្វើ​ឲ្យ​ជំនឿ​លើ​ព្រះគម្ពីរ​ប៊ីប​របស់​គាត់​រង្គោះរង្គើរ ។ ខណៈពេល​ដែល​បទពិសោធន៍​នេះ​មិន​បាន​ដោះស្រាយ​រាល់​សំណួរ​ក៏​ដោយ ក៏​វា​បាន​បង្រៀន ដាន នូវ​មេរៀន​សំខាន់​មួយ​ចំនួន​ផងដែរ ៖ « ដំបូង ខ្ញុំ​ចាំបាច់​ត្រូវ​មាន​ចិត្ត​រាបសា​ថា តើ​ខ្ញុំ​ពិត​ជា​អាច​ដឹង​ដោយ​ខ្លួន​ឯង​ច្រើន​ប៉ុនណា​ដែរ ។ ហើយ​ទី​ពីរ វិធី​ផ្សេង​ទៀត​នៃ​ការស្វែងរក​សេចក្ដី​ពិត​រួម​ជាមួយ​នឹង​ហេតុផល​មាន ៖ ចំណាប់​អារម្មណ៍​ខាង​វិញ្ញាណ លទ្ធផល​វិជ្ជមាន​ដែល​បាន​ពី​ផល​នៃ​ព្រះ​វិញ្ញាណ និង​គំនិត​ទាំងឡាយ​ដែល​ជំរុញ​ឲ្យ​មាន​ការជោគជ័យ​ខាង​ផ្លូវចិត្ត ដែល​អ្វីៗ​ទាំងអស់​នេះ​បាន​នាំ​ឲ្យ​មាន​ការជឿជាក់​និង​សេចក្តី​ជំនឿ​កាន់តែ​ខ្លាំង​ជាងមុន » ។

រូបភាព
ហ្សាក់ ម៉ាសល និង​គ្រួសារ

សម្រាប់ ហ្សាក់ ម៉ាសល ដែល​មកពី​ចក្រភព​អង់គ្លេស ជំហាន​សាមញ្ញ​នៃ​ការមើល​វីដេអូ​អប់រំ​អំពី​ព្រះគម្ពីរ​មរមន​បាន​បើក​គំនិត​របស់គាត់​អំពី​លទ្ធភាព​ដែល​សៀវភៅ​នេះ​ប្រហែលជា​អាច​ជឿជាក់​បាន ។ គាត់​ពន្យល់​ថា « ខ្ញុំ​បាន​អាន​វា​ពីមុន​នៅក្នុង​ការសិក្សា​បទគម្ពីរ​ជា​គ្រួសារ និង​ដោយ​ខ្លួនឯង​ដោយ​គ្មាន​បំណង​ពិត​ប្រាកដ ។ ប៉ុន្តែ ខ្ញុំ​ឈប់​មាន​សកម្មភាព​នៅក្នុង​សាសនាចក្រ​កាល​ពី​វ័យ​ជំទង់ ដូច្នេះ ភស្តុតាង​ដែល​ខ្ញុំ​បាន​មើល​ឃើញ​នៅក្នុង​វីដេអូ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​អាន​ព្រះ​គម្ពីរ​មរមន​ដោយ​មាន​ចេតនា​ជា​លើក​ដំបូង » ។ បន្ទាប់​ពី​បាន​ដក​ពិសោធន៍​លើ​ព្រះបន្ទូល​របស់​ព្រះ​ហើយ ហ្សាក់ បាន​ចាប់ផ្ដើម​ជំនួស​ការសង្ស័យ​ដោយ​ជំនឿ​វិញ ។ ឥឡូវ​នេះ ហ្សាក់ និយាយ​ថា « សាសនាចក្រ​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ថា​ជា​ការរឹតត្បិត​នោះ ពេល​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ​ថា​ជា​សេរីភាព​ដូចគ្នា​នឹង​ព្រះយេស៊ូវ​មាន​បន្ទូល​ថា ‹ សេចក្តី​ពិត​នោះ​នឹង​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​រួច › [ យ៉ូហាន ៨:៣២ ] » ។

« បើ​សិន​ជា​អ្នក​រាល់​គ្នា​បោះបង់​ដើម​នោះ ហើយ​ពុំ​បាន​គិត​ដល់​ការ​ថែទាំ​វា មើល​ចុះ វា​នឹង​ពុំ​ចាក់​ឫស​ទេ » ( អាលម៉ា ៣២:៣៨ ) ។

នៅពេល​កំពុង​បោះ​ជំហាន​តូចៗ​ដើម្បី​ចិញ្ចឹម​បីបាច់​សេចក្ដី​ជំនឿ យើង​ក៏​ត្រូវ​យល់ដឹង​អំពី​របៀប​នៃ​ការគិត​របស់​យើង​ដែល​អាច​រារាំង និង​រំខាន​ដល់​សេចក្ដី​ជំនឿ​ផងដែរ ។ នៅក្នុង​ការសិក្សា​ដំណើររឿង​វិល​ត្រឡប់​ទៅ​កាន់​សេចក្តី​ជំនឿ​វិញ​របស់​សមាជិក​សាសនាចក្រ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ អេរិក និង​សារ៉ា ដេអាវិញ៉េ ដែលជា​សាស្ត្រាចារ្យ​នៅ​សាកល​វិទ្យាល័យ ព្រិកហាំ យ៉ង់–អាយដាហូ បាន​កត់​សម្គាល់​ថា « របៀប​ដែល​យើង​គិត​អាច​មាន​សារៈសំខាន់​ដូចគ្នា​នឹង​អ្វី​ដែល​យើង​គិត » ។ ឧទាហរណ៍ ការរំពឹង​ថា ការប្រជុំ​ធម្មនិដ្ឋាន​សាសនា​នឹង​ជួយ​យើង​ឲ្យ​រួចផុត​ពី​ភាពមិន​ស្រណុក​ស្រួល និង​ការសោកសៅ​ចំពោះ​បញ្ហា​នៃ​ជីវិត គឺ​មិន​ពិត​ទេ ហើយ​បង្កើត​នូវ​ការសន្មត​ដែល​មិន​អាច​សម្រេច​បាន​ផងដែរ ។ ព្រះយេស៊ូវ​គ្រីស្ទ​បាន​សន្យា​ថា​នឹង​មិន​បោះបង់​ចោល​យើង​ឡើយ ប៉ុន្តែ​បាន​ព្រមាន​ថា « នៅ​លោកិយ​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា » ( យ៉ូហាន ១៦:៣៣ ) ។ បើ​យោង​តាម សារ៉ា ទោះជា​យ៉ាងណា​ក៏ដោយ ឧបសគ្គ​នៅក្នុង​ជីវិត​អាច « នាំ​យើង​ឲ្យ​មើល​ដំណឹង​ល្អ​នៅក្នុង​ផ្លូវ​អវិជ្ជមាន ។ ពេលខ្លះ​យើង​បោះចោល​ឧត្តមគតិ​ខ្ពង់ខ្ពស់ ពេល​ប្រឈម​នឹង​អ្វី​ដែល​តូច​ជាង​ឧត្តមគតិ » ។

អ្នក​និពន្ធ និង​អ្នក​ប្រវត្តិ​វិទូ​ឯករាជ្យ​ម្នាក់​ឈ្មោះ ដុន ប្រេដលី មកពី​សហ​រដ្ឋ​អាមេរិក បាន​ប្រឈម​មុខ​ទៅនឹង​សំណួរ​អំពី​ប្រវត្តិ​សាស្ត្រ​របស់​សាសនាចក្រ​នៅក្នុង​អំឡុងពេល​គាត់​ពន្យល់​ថា « ខ្ញុំ​គ្រាន់តែ​មិន​សប្បាយ​ចិត្ត និង​មាន​ទស្សនៈ​សង្ស័យ ។ ការជេរ​ប្រមាថ​អំពី​នរណា​ម្នាក់​នឹង​ជះ​ឥទ្ធិពល​អវិជ្ជមាន​ទៅលើ​ទំនាក់​ទំនង​មួយ ហើយ​ខ្ញុំ​បាន​បាត់បង់​សេចក្តី​ជំនឿ និង​ទំនាក់​ទំនង​របស់ខ្ញុំ​ជាមួយ​ព្រះ » ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ដុន បាន​ចាប់ផ្ដើម​ធ្វើការ​ឆ្ពោះ​ទៅរក​សេចក្តី​សង្ឃឹម និង​ការដឹង​គុណ​នៅក្នុង​ជីវិត​ផ្ទាល់​ខ្លួន​របស់​គាត់ ។

គាត់​ក៏​បាន​ចាប់ផ្តើម​ពិនិត្យ​ការសិក្សា​អំពី​ផល​ប្រយោជន៍​ខាង​សុខភាព​ផ្លូវចិត្ត និង​ផ្លូវកាយ​មកពី​សាសនា​ដែល​បាន​រៀបចំ​ត្រឹមត្រូវ​ផង​ដែរ ។ ដុន រំឭក​ឡើងវិញ​ថា « ខ្ញុំ​មិន​អាច​បដិសេធ​ការសិក្សា​ទាំងនោះ​បាន​ទេ ។ បន្ដិច​ម្ដងៗ​ខ្ញុំ​បាន​ដឹងថា ខ្ញុំ​បាន​ជំនួស​ការមន្ទិល​សង្ស័យ​ដោយ​ការ​ត្រិះរិះ​ពិចារណា​វិញ ហើយ​ដោយ​មាន​អាកប្បកិរិយា​ដែល​មាន​សេចក្តី​សង្ឃឹម​ច្រើន​ជាង​មុន​ចំពោះ​ជីវិត ខ្ញុំ​បាន​ទទួល​សេចក្ដី​ជំនឿ​របស់​ខ្ញុំ​ទៅលើ​ព្រះ និង​ព្រះយេស៊ូវ​គ្រីស្ទ​មកវិញ » ។ ដុន បាន​ត្រឡប់មក​កាន់​ព័ត៌មាន​ប្រវត្តិសាស្ត្រ​វិញ​ដែល​គាត់​ធ្លាប់​ចាប់យក ប៉ុន្តែ​ឥឡូវ​ឯកសារ​ដដែល​នេះ​បាន​នាំ​ឲ្យ​មាន​ការជឿថា យ៉ូសែប ស្មីធ គឺជា​ព្យាការី​នៃ​ព្រះ ។

« បើ​សិន​ជា​អ្នក​រាល់​គ្នា​ថែទាំ​ព្រះ​បន្ទូល មែន​ហើយ ថែទាំ​ដើម​នៅ​ពេល​វា​ចាប់​ផ្ដើម​ដុះ … អ្នក​រាល់​គ្នា​នឹង​ច្រូតកាត់​នូវ​រង្វាន់​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក និង​សេចក្ដី​ព្យាយាម​របស់​អ្នក និង​សេចក្ដី​អត់ធន់ និង​សេចក្ដី​អត់ធ្មត់ » ( អាលម៉ា ៣២:៤១, ៤៣ ) ។

សូម្បីតែ​មាន​ឆន្ទៈ​ក្នុង​ការពិសោធន៍​ព្រះបន្ទូល​របស់​ព្រះ និង​ការមាន​គំនិត​ប្រកប​ដោយ​សេចក្តី​សង្ឃឹម​ក៏​ដោយ ក៏​ការវិល​ត្រឡប់​ទៅ​សេចក្ដី​ជំនឿ និង​ការចូលរួម​នៅក្នុង​ព្រះវិហារ​វិញ អាច​ជា​ដំណើរការ​ដ៏គួរឲ្យ​ភ័យខ្លាច​ស្ទើរតែ​លើសលុប​បាន​ដែរ ។ ការខិតខំ​ប្រឹងប្រែង​នេះ​មិន​ត្រឹមតែ​ត្រូវការ​ការអត់ធ្មត់ ភាពក្លាហាន និង​ភាពរាបសា​ប៉ុណ្ណោះទេ ប៉ុន្តែ​ថែមទាំង​សេចក្តី​ស្រឡាញ់​របស់​មិត្តភក្ដិ និង​សមាជិក​គ្រួសារ​ផងដែរ ។ ការទទួល​បាន​ជំនួយ​ដ៏ស្មោះ​មកពី​មិត្តភក្តិ​ចិញ្ចឹមបីបាច់​គ្រាប់ពូជ និង​អនុញ្ញាត​ឲ្យ​វា​ចាក់ឫស​ជាជាង​ឲ្យវា​ក្រៀមស្វិត ។

រូបភាព
ឡេអូ វីនីហ្គើរ

នៅពេល​ដែល ឡេអូ វីនីហ្គើរ នៅ​សហរដ្ឋ​អាមេរិក​បាន​ជួប​ប្រទះ​សំណួរ​មួយចំនួន​អំពី​ប្រវត្តិ​សាសនាចក្រ​ជា​លើក​ដំបូង គាត់​បាន​រៀន​អំពី​សារៈសំខាន់​នៃ​មិត្តភក្តិ​ដែល​មាន​ចិត្ត​មេត្តា ។ គាត់​ពន្យល់​ថា « សក្ខីភាព​របស់​ខ្ញុំ​បានចុះ​អន់ខ្សោយ » នៅ​ពេល​ដែល​គាត់​បាន​ឆ្លង​កាត់​រយៈពេល​មួយ​នៃ « ភាព​ឯកោ និង​ការអស់​សង្ឃឹម​យ៉ាងខ្លាំង​នៅ​ពេល​ដែល​ខ្ញុំ​មាន​ការលំបាក​នៅក្នុង​ការអធិស្ឋាន » ។ ថ្ងៃ​មួយ ឡេអូ មាន​អារម្មណ៍​ចង់​ធ្វើ​ការទាក់ទង​ទៅ​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​សាសនាចក្រ​ម្នាក់ ។ លោក​មិន​ត្រឹមតែ​លើកទឹកចិត្ត​ឲ្យ ឡេអូ ពិចារណា​ឡើងវិញ​ពី​ផ្លូវ​នៃ​ការសង្ស័យ​របស់​គាត់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ក្លាយ​ជា​មិត្ត​ជិតស្និទ្ធ​ម្នាក់​ផងដែរ ។ សក្ខីភាព​របស់ ឡេអូ បាន​វិល​ត្រឡប់​មក​វិញ​បន្តិច​ម្តងៗ​ដោយ​មាន​ជំនួយ​មកពី​អ្នកណែនាំ​របស់ ឡេអូ និង​ការសិក្សា​ដែល​ប្រកបដោយ​សេចក្តី​សង្ឃឹម​អស់ជា​ច្រើនឆ្នាំ ។ យូរៗទៅ គាត់​បាន​រកឃើញ​ចម្លើយ​ចំពោះ​សំណួរ​ជាច្រើន ។ គាត់​ពន្យល់​ថា « ខ្ញុំ​មាន​អារម្មណ៍ថា​មាន​អំណរគុណ​ដ៏​អស់កល្បជានិច្ច​ចំពោះ​ព្រះអង្គសង្គ្រោះ​របស់​ខ្ញុំ គឺ​ព្រះយេស៊ូវ​គ្រីស្ទ ចំពោះ​ការដឹកនាំ​ខ្ញុំ​ឲ្យ​ត្រឡប់​មកវិញ និង​សម្រាប់​មិត្តភក្តិ​ដែលបាន​តំណាង​ឲ្យ​ទ្រង់ » ។

ប្រធាន ណិលសុន បាន​ផ្តល់​ដំបូន្មានថា « បើ​មាន​មិត្តភក្ដិ និង​គ្រួសារ … បាន​ដើរចេញ​ពី​សាសនាចក្រ សូម​បន្ត​ស្រឡាញ់​ពួកគេ ។ ពេល​ក្មួយៗ​កាត់​សេចក្ដី​ការជ្រើសរើស​របស់​មនុស្ស​ម្នាក់ នោះ​វា​ដូចគ្នា​នឹង​កាល​ដែល​ក្មួយ​ត្រូវគេ​រិះគន់​ចំពោះ​ការបន្ត​នៅ​ស្មោះត្រង់​ដូច្នោះ​ដែរ » ។

រូបភាព
ឡាទីស្យា រ៉ូល

ការភ័យ​ខ្លាច​ចំពោះ​ការរិះគន់​បាន​ធ្វើ​ឲ្យ ឡាទីស្យា រ៉ូល ដែល​ជា​សមាជិក​ម្នាក់​នៅ​ប្រទេស​អង់គ្លេស​នៅ​ឆ្ងាយពី​ដំណឹង​ល្អ​អស់រយៈពេល ២០ ឆ្នាំ មក​ហើយ ។ នាង​តែងតែ​ចង់​ត្រឡប់​មក​វិញ ប៉ុន្តែ​នាង « គ្រាន់តែ​ដើរ​កាត់​ទ្វារ​ក៏​ខ្លាច​ដែរ មាន​អារម្មណ៍​ថា​ត្រូវ​បានគេ​វិនិច្ឆ័យ និង​ដូចជា​ខ្ញុំ​មិន​បាន​រស់នៅ​ឲ្យ​បាន​ត្រឹមត្រូវ » ។ មាន​តែ​ការធ្វើ​រោគវិនិច្ឆ័យ​ដែល​គំរាមកំហែង​ដល់​អាយុជីវិត​ប៉ុណ្ណោះ ដែល​ធ្វើឲ្យ​នាង​មាន​ភាពក្លាហាន​នៅក្នុង​ក្នុង​ការបោះ​ជំហាន​ដ៏លំបាក​នោះ ។ សមាជិក​បាន​ជួប​នាង​ដោយ​ភាពកក់​ក្តៅ និង​សេចក្ដី​ស្រឡាញ់ ជួយ​នាង​ឲ្យ​ចង់​ចូលរួម​នៅក្នុង​ដំណឹង​ល្អ​ម្តង​ទៀត ។

« បណ្ដុះ​ពាក្យ​នេះ​នៅ​ក្នុង​ចិត្ត​អ្នក ហើយ​នៅ​ពេល​ពាក្យ​នេះ​ចាប់​ផ្ដើម​រីក​ឡើង ចូរ​ថែទាំ​វា​ដោយ​សេចក្ដី​ជំនឿ​របស់​អ្នក ។ ហើយ​មើល​ចុះ វា​នឹង​បាន​ទៅ​ជា​ដើម​មួយ ដោយ​លូតលាស់​ឡើង​នៅ​ក្នុង​ខ្លួន​អ្នក ដល់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣៣:២៣ ) ។

ពេល អាលម៉ា បញ្ចប់​ទេសនកថា​របស់​លោក នោះ​លោក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខណៈ​ដែល​ការខិតខំ​ដើម្បី​ថែទាំ​គ្រាប់​ពូជ​គឺ​សំខាន់​ខ្លាំងណាស់ ពួក​វា​មិន​មែន​ជា​គ្រាប់​ពូជ​ដោយ​ខ្លួនឯង​បាន​ទេ ។ ផ្ទុយ​ទៅ​វិញ យើង​ដាំ​គ្រាប់​ពូជ​ពិត នៅ​ពេល​យើង « ចាប់​ផ្ដើម​ជឿ​ដល់​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ចុះ ថា​ទ្រង់​នឹង​យាង​មក​ប្រោស​លោះ​រាស្ត្រ​ទ្រង់ ហើយ​ថា​ទ្រង់​នឹង​រង​ទុក្ខ ហើយ​សុគត ដើម្បី​ធ្វើ​ឲ្យ​ធួន​នឹង​អំពើ​បាប​ទាំង​ឡាយ​របស់​ពួក​គេ » ( អាលម៉ា ៣៣:២២ ) ។

ម៉ៃឃើល អូរ៉ាស មក​ពី​ប្រទេស​អាល្លឺម៉ង់​បាន​រៀន​មេរៀន​សំខាន់ៗ​អំពី​អាទិភាព​នៃ​ដំណឹង​ល្អ បន្ទាប់​ពី​គាត់​បាន​វង្វេង​កាលពី​នៅជា​យុវវ័យ ។ គាត់​ពន្យល់​ថា « មាន​ដំណើររឿង និង​ទំនាក់ទំនង​ល្អៗ​ជា​ច្រើន​មាន​នៅ​ក្នុង​ដំណឹង​ល្អ ប៉ុន្តែ​មាន​តែ​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​ប៉ុណ្ណោះ​ដែល​នឹង​គាំទ្រ​ដល់​ទីបន្ទាល់​របស់​យើង » ។ « ឪពុក​របស់​ខ្ញុំ និង​ខ្ញុំ សេចក្តី​ជំនឿ​របស់​យើង​ទាំងពីរ​នាក់​បាន​ធ្លាក់ចុះ​អស់មួយ​រយៈពេល​ដោយសារ​មាន​សំណួរ​ផ្សេងៗ ប៉ុន្តែ​បាន​វិល​ត្រឡប់​មកវិញ នៅពេល​យើង​ផ្អែក​សេចក្តី​ជំនឿ​របស់​យើង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ពីលើ​អ្វីៗ​ទាំងអស់ » ។

ប្រធាន ណិលសុន ធានា​ដល់​យើងថា « ព្រះអង្គសង្គ្រោះ​នឹង​គង់នៅ​កាន់តែ​ជិត​បងប្អូន នៅពេល​បងប្អូន​កំពុង​ជួប​បញ្ហា ឬ​កំពុង​ឡើង​ភ្នំ​ដោយ​មាន សេចក្ដី​ជំនឿ » ។ ព្រះយេស៊ូវ​ផ្ទាល់​បាន​សន្យា​ថា « ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប » ( ម៉ាថាយ ២៨:២០ ) ។ ទ្រង់​នឹង​ដើរ​ជាមួយ​យើង ស្រឡាញ់​យើង​ដោយ « សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​នៅ​អស់កល្ប » ( យេរេមា ៣១:៣ ) ហើយ​ឲ្យ​មាន​ជីវិត​នោះ​ពេញ​បរិបូរ​ផង ( សូមមើល យ៉ូហាន ១០:១០ ) ។ អ្នក​ដែល​មាន​ឆន្ទៈ​ចង់​ដាំ​គ្រាប់​ពូជ​នេះ​នឹង​រក​ឃើញ​ថា សូម្បី​តែ​សេចក្តី​ជំនឿ​តូចតាច​របស់​ពួក​គេ​ក៏​អាច​ធ្វើ​បាន​ដែរ​តាមរយៈ​ព្រះអង្គ​សង្គ្រោះ ហើយ​ក្លាយ​ទៅជា « ដើម​មួយ ដោយ​លូតលាស់​ឡើង​នៅ​ក្នុង​ខ្លួន​អ្នក ដល់​ជីវិត​ដ៏​អស់​កល្ប​ជានិច្ច » ( អាលម៉ា ៣៣:២៣ ) ។

អ្នកនិពន្ធ​រស់នៅ​រដ្ឋ យូថាហ៍ ស.រ.អា. ។