លីអាហូណា
បាន​ដឹកនាំ​ដោយ​សុវត្ថិភាព​ទៅដល់​កន្លែង​ដែល​យើង​ត្រូវទៅ
ខែ មីនា ឆ្នាំ ២០២៤


« បាន​ដឹកនាំ​ដោយ​សុវត្ថិភាព​ទៅដល់​កន្លែង​ដែល​យើង​ត្រូវទៅ » លីអាហូណា ខែ មីនា ឆ្នាំ ២០២៤ ។

ចូរ​មក​តាម​ខ្ញុំ

នីហ្វៃទី២ ២៥–៣២

បាន​ដឹកនាំ​ដោយ​សុវត្ថិភាព ទៅដល់​កន្លែង​ដែល​យើង​ត្រូវទៅ

ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​យើង​យ៉ាង​ខ្ជាប់ខ្ជួន​នៅក្នុង​ដំណើរ​របស់​យើង​តាម​របៀប​ដ៏​អស្ចារ្យ​ទាំងឡាយ ។

រូបភាព
ជើង​ដើរ​លើ​ព្រិល​ទឹកកក

នៅពេល​ខ្ញុំ​មាន​អាយុ ១២ ឆ្នាំ គ្រួសារ​របស់​ខ្ញុំ​បាន​ផ្លាស់ប្ដូរ​ពី​ហុងកុង​តំបន់ត្រូពិច ទៅ​កន្លែង​មួយ​ដែល​មាន​រដូវ​រងារ​ត្រជាក់​ដែល​មិន​ធ្លាប់​ជួប ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​ត្រូវ​បានគេ​អញ្ជើញ​ឲ្យ​ឡើង​ភ្នំ​នៅ​រដូវ​រងារ​ដំបូង​របស់​ខ្ញុំ​ជាមួយ​យុវជន​នៅ​ក្នុង​វួដ​របស់​ខ្ញុំ ។

នៅ​ថ្ងៃ​ឡើង​ភ្នំ​របស់​យើង ខ្ញុំ​ស្លៀកពាក់​យ៉ាង​កក់ក្តៅ​តាម​ដែល​ខ្ញុំ​បាន​ដឹង ។ នៅពេល​យើង​ឡើង​តាម​ផ្លូវ​បត់បែន​នៅលើ​ភ្នំ ខ្ញុំ​មាន​ចិត្ត​រំភើប​ដែល​បាន​ឃើញ​ព្រិល​ធ្លាក់​ពាសពេញ​ដី ។ ប៉ុន្ដែ​ខ្ញុំ​ស្លៀកពាក់​មិន​ត្រូវនឹង​ភូមិសាស្ត្រ និង​អាកាស​ធាតុ​ទេ ហើយ​មាន​ការលំបាក​ក្នុង​ការដើរតាម​ក្រុម​របស់​ខ្ញុំ​ទៀត ។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ឲ្យ​ទៅ​មុន ហើយ​ខ្ញុំ​នឹង​ចូលរួម​ជាមួយ​អ្នក​ដែល​ខ្ញុំ​ជឿ​ថា​កំពុង​ដើរតាម​ពីក្រោយ​យើង ។

នៅពេល​ខ្ញុំ​បន្ត​ទៅតាម​ល្បឿន​របស់​ខ្ញុំ នោះ​ស្បែក​ជើង និង​សម្លៀក​បំពាក់​របស់​ខ្ញុំ​បាន​ទទឹក​ជោគ ហើយ​ដៃ​ជើង និង​មុខ​របស់​ខ្ញុំ​ចាប់ផ្តើម​ឡើង​ស្ពឹក ។ បន្ទាប់​មក វា​បាន​ចាប់​ផ្ដើម​ធ្លាក់​ព្រិល​យ៉ាង​ខ្លាំង​រហូត​ដល់​ខ្ញុំ​មិន​អាច​មើល​ឃើញ​ផ្លូវ​នោះ​ទៀត​ទេ ។ ក្រោយ​ដើរ​វង្វេង​អស់​មួយ​រយៈមក ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​បាន​វង្វេង​តែ​ម្នាក់​ឯង ហើយ​មិន​ច្បាស់​ថា​មាន​នរណា​ម្នាក់​ដឹង​ថា​បាត់​ខ្ញុំ​ដែរ​ឬ​អត់ទេ ។

នៅពេល​ខ្លះ​នៅក្នុង​ដំណើរ​ជីវិត យើង​នឹង​មាន​អារម្មណ៍​ថា​មិន​បាន​ត្រៀម​ខ្លួន វង្វេង ឬ​ត្រូវគេ​ទុកចោល ។ យើង​អាច​បាត់បង់​អារម្មណ៍​នៃ​ការដឹង​ទិស​ដៅ​របស់​យើង និង​ការ​មើល​ឃើញ​ផ្លូវ​នៅ​ចំពោះ​មុខ​យើង ។ វា​ហាក់​ដូចជា យើង​ព្យាយាម​ឆ្ពោះ​ទៅ​មុខ​កាន់តែ​ខ្លាំងឡើង​ប៉ុនណា នោះ​ក៏​យើង​ហាក់​កាន់តែ​ទៅ​ឆ្ងាយ​ពី​គោលដៅ​របស់​យើង​ប៉ុណ្ណោះ​ដែរ ។ ការខកចិត្ត​អាច​ជ្រៀតចូល ហើយ​ការល្បួង​ឲ្យ​បោះបង់​ចោល​ចាប់ផ្តើម​ទាក់ទាញ ។

ដោយ​មកពី​បុព្វទេព ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវ​គ្រីស្ទ​មាន​អំណាច​ក្នុង​ការដឹកនាំ​ផ្លូវ​របស់​យើង លើក​យើង​ឡើង​ពេល​យើង​ជំពប់​ដួល ( សូមមើល ទំនុកដំកើង ៣៧:២៣–២៤ ) ហើយ​នាំ​យើង​ឲ្យ​បាន​ការសម្រាក ( សូមមើល ម៉ាថាយ ១១:២៨ ) ការព្យាបាល ( សូមមើល អេសាយ ៥៣:៥; អាលម៉ា ១៥:៨; គោលលទ្ធិ និង​សេចក្តីសញ្ញា ៤២:៤៨ ) ទំនុកចិត្ត ( សូមមើល គោលលទ្ធិ និង​សេចក្តីសញ្ញា ១២១:៤៥ ) និង​សេចក្តី​សុខសាន្ត ( សូមមើល ម៉ូសាយ ៤:៣; អាលម៉ា ៣៨:៨; គោលលទ្ធិ និង​សេចក្តីសញ្ញា ១៩:២៣ ) ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ចូរ​ចូល​មក​ជិត​យើង នោះ​យើង​នឹង​ចូល​ទៅ​ជិត​អ្នក ចូរ​ព្យាយាម​ស្វែងរក​យើង នោះ​អ្នក​រាល់​គ្នា​នឹង​បាន​ជួប​យើង » ( គោលលទ្ធិ និង​សេចក្ដីសញ្ញា ៨៨:៦៣ ) ។ ផ្លូវ​នៅពេលនេះ​ប្រហែល​ជា​មិន​ច្បាស់​ជានិច្ច​នោះទេ ប៉ុន្តែ​យើង​អាច​ធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ​ដោយ​សេចក្ដី​ជំនឿ​ថា ដំណើរ​របស់​យើង​នឹង​បញ្ចប់​ដោយ​ស្រស់​ស្អាត និង​ដោយ​ជ័យ​ជម្នះ ដោយសារ​ទ្រង់​នឹង​ដឹកនាំ​យើង​ដោយ​សុវត្ថិភាព​ទៅដល់​កន្លែង​ដែល​យើង​ត្រូវ​ទៅ ។

យើង​តែងតែ​អាច​មើល​ទៅ​ព្រះយេស៊ូវ​គ្រីស្ទ​បាន​ជានិច្ច ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ គឺ « ជាផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត » ( យ៉ូហាន ១៤:៦ ) ។

ផ្លូវ​ដែល​ត្រឹមត្រូវ​សម្រាប់​ដំណើរ​របស់​យើង

នៅ​ក្នុង​ការ​សិក្សា​របស់​យើង​អំពី​ព្រះគម្ពីរ​មរមន​នា​ឆ្នាំ​នេះ យើង​បាន​ដើរតាម​លីហៃ និង​គ្រួសារ​របស់​លោក​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ដែនដី​សន្យា ។ សូម​ពិចារណា​អំពី​អ្វី​ដែល​គ្រួសារ​របស់​លីហៃ​បាន​ស៊ូទ្រាំ ខណៈ​ពេល​ពួកលោក​កំពុង​ធ្វើ​ដំណើរ ៖

  • ត្រូវ​គេ​ចំអក​ដែល​ជឿ​លើ និង​ធ្វើ​តាម​ពួកព្យាការី

  • ប្តូរ​ការលួងលោម​ដែល​ធ្លាប់​ស្គាល់​ជាមួយនឹង​ទីរហោស្ថាន​ដែល​មិនស្គាល់

  • ការធ្វើ​ដំណើរ​ដោយ​មិនមាន​ភាពច្បាស់លាស់​អំពី​ចម្ងាយ ទិសដៅ ឬ​រយៈពេល

  • ភាពអត់ឃ្លាន ទុក្ខព្រួយ ជំងឺ និងការស្លាប់

  • កិច្ចការ​លំបាកៗ ពេល​ខ្លះ​ដោយ​មិន​យល់​អំពី​មូលហេតុ​សម្រាប់​កិច្ចការ​ទាំងនោះ ឬ​របៀប​ដើម្បី​សម្រេច​កិច្ចការ​ទាំងនោះ

  • បរាជ័យ ការពន្យារពេល ការមិន​ចុះសម្រុង និង​ការខកចិត្ត

  • កាលៈទេសៈ​លំបាកៗ​សម្រាប់​ចិញ្ចឹម​គ្រួសារ​វ័យ​ក្មេង

នៅ​តាម​ផ្លូវ យើង​ក៏​បាន​សង្កេត​ឃើញ​អំពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​ពួកគេ​យ៉ាង​ខ្ជាប់ខ្ជួន​ផង​ដែរ ។ ទ្រង់​បាន​ប្រទាន​នូវ ៖

  • ការដឹកនាំ​ដ៏​ព្យាករណ៍ និង​វិវរណៈ​ផ្ទាល់ខ្លួន

  • ព្រះគម្ពីរ​ដែល​មាន​ព្រះពរ និង​សេចក្តី​សញ្ញា​ទាំងឡាយ​ដែលបាន​សន្យា

  • កំណត់ត្រា​ពង្សាវលី និង​ពង្សប្រវត្តិ

  • ឧបករណ៍ និង​វិធីសាស្ត្រ​ថ្មីៗ​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​របស់​ពួកគេ

  • បង្កើន​សមត្ថភាព​ក្នុង​ការស៊ូទ្រាំ​នឹង​ការលំបាក

  • ប្រាជ្ញា និង​ការណែនាំ​ដើម្បី​សម្រេច​កិច្ចការ​ដែល​មិនធ្លាប់​ស្គាល់

  • លីអាហូណា ( ជាឧបករណ៍​ដើម្បី​ជួយ​ពួកគេ​ក្នុង​ការរុករក​ការធ្វើ​ដំណើរ​របស់​ពួកគេ ) និង

  • សុវត្ថិភាព និង​ការការពារ​សម្រាប់​ក្រុមគ្រួសារ​របស់ពួកគេ ។

ដូច​គ្រួសារ​របស់​លីហៃ​ដែរ ការធ្វើ​ដំណើរ​របស់​យើង​នឹង​មាន​ឧបសគ្គ និងការ​លះបង់ ។ ព្រះយេហូវ៉ា​នឹង​ជួយ​យើង​យ៉ាង​ខ្ជាប់ខ្ជួន​តាម​របៀប​ដ៏​អស្ចារ្យ​ទាំងឡាយ ។ នីហ្វៃ​បាន​បង្រៀន ៖ « ផ្លូវ​ត្រឹម​ត្រូវ គឺ​ជឿ​ដល់​ព្រះ​គ្រីស្ទ … ឲ្យ​អស់​ពី​សមត្ថ​ភាព អស់​ពី​គំនិត អស់​ពី​កម្លាំង » ( នីហ្វៃទី២ ២៥:២៩ ) ។ ប្រសិន​បើ​យើង​ជ្រើសរើស​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ទទួលយក​ព្រះបន្ទូល​របស់​ទ្រង់​ដោយ​រាបសា ហើយ​មាន​ភាព​ក្លាហាន​ក្នុង​ការធ្វើ​សកម្មភាព នោះ​យើង​នឹង​រកឃើញ​នូវ​អំណរ និង​ពរជ័យ​នៅ​ក្នុង​ចំណោម​ទុក្ខ​លំបាក​ដែល​យើង​ជួប​ប្រទះ ។ នៅ​តាម​ផ្លូវ យើង​អាច​មាន​ទំនុក​ចិត្ត​ថា យើង​អាច​សម្រេច​នូវ​អ្វី​ដែល​ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ ( សូម​មើល នីហ្វៃទី១ ៣:៧ ) ។

ខាងក្រោម​នេះ​គឺជា​វិធី​មួយ​ចំនួន​ដែល​ព្រះអង្គសង្គ្រោះ​បន្ត​ជួយ​យើង​ជា​បន្តបន្ទាប់ ។

រូបភាព
រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ

The Dawning of a Brighter Day ( ព្រឹកព្រលឹម​នៃ​ថ្ងៃដ៏​ភ្លឺ​ចែងចាំង ) ដោយ ស៊ីម៉ូន ឌូវី

ទ្រង់​ប្រទាន​ឲ្យ​យើង​នូវ​គោលលទ្ធិ​របស់​ទ្រង់

ព្រះយេស៊ូវ​គ្រីស្ទ​ជ្រាប « ពី​ដើមដំបូង​មក​ចុង​បំផុត » ( អ័ប្រាហាំ ២:៨ ) ។ ទ្រង់​ក៏ « បាន​គូសដាន ហើយ​ដឹកនាំ​ផ្លូវ » ។ គោលលទ្ធិ​របស់​ទ្រង់​ដែល​ត្រូវ​បាន​គេ​ស្គាល់​នៅ​ក្នុង​ព្រះគម្ពីរ​ថា​ជា​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ គឺជា​ផ្លូវ​ដែល​យើង​ទាំងអស់​គ្នា​ត្រូវតែ​ធ្វើ​តាម​ដើម្បី​បាន​ស្រោចស្រង់ និង​សង្គ្រោះ ។

យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​ជំនឿ​ជា​បន្ត​បន្ទាប់​នៅលើ​ព្រះយេស៊ូវ​គ្រីស្ទ ការប្រែ​ចិត្ត​ជា​ទៀងទាត់ ទទួល​​ពិធី​បុណ្យ​ជ្រមុជ​ទឹក ទទួល​អំណោយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ចុះ​សេចក្ដី​សញ្ញា ហើយ​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​ស៊ូទ្រាំ ។ ជា​លទ្ធផល យើង​ត្រូវបាន​សន្យា​ថា​នឹង​ទទួល​បាន​ការអភ័យទោស​សេចក្ដី​សង្ឃឹម និង​ជីវិត​ដ៏​អស់កល្ប​ជានិច្ច ។ ( សូមមើល នីហ្វៃទី២ ៣១:២–២០ ) ។

នៅក្នុង​ពិភព​ដែល​មាន​ផ្លូវ​ខ្វាត់ខ្វែង និង​វិធី​ដែល​ទាស់ទែងគ្នា​ជាច្រើន គោលលទ្ធិ​របស់​ព្រះគ្រីស្ទ​ផ្ដល់​នូវ​ការ​ដឹកនាំ​ដ៏​ច្បាស់លាស់ និង​អាច​ធ្វើ​បាន ដែល​យើង​អាច​ធ្វើ​តាម​បាន ដើម្បី​រក្សា​យើង​ឲ្យ​ដើរឆ្ពោះ​ទៅរក​ផ្លូវ​ត្រឹមត្រូវ ( សូមមើល នីហ្វៃទី២ ៣១:២១ ) ។

ទ្រង់​នាំមក​នូវ​ការលួងលោម​ដល់​យើង

តាមរយៈ​ពលិកម្ម​ដ៏​ធួន​របស់​ទ្រង់ ព្រះអង្គ​សង្គ្រោះ​ដឹង​ថា ភាពឯកោ និង​ការត្រូវ​គេ​បោះបង់ចោល​មាន​អារម្មណ៍​បែបណា ។ ទ្រង់​ក៏​ដឹង​យ៉ាងល្អ​ឥតខ្ចោះ​អំពី​របៀប​នាំ​យើង​ឲ្យ​មាន​ភាពធូរស្បើយ​ផងដែរ ។ ទ្រង់​បាន​មាន​បន្ទូលថា « កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ » ( យ៉ូហាន ១៤:១ ) ហើយ « ខ្ញុំ​មិន​ចោល​អ្នករាល់គ្នា​ឲ្យ​នៅ​កំព្រា​ទេ ខ្ញុំ​នឹង​មក​ឯ​អ្នករាល់គ្នា​វិញ » ( យ៉ូហាន ១៤:១៨ ) ។

ព្រះអង្គ​សង្គ្រោះ​បាន​សន្យា​ថា​នឹង​ប្រទាន​អំណោយ​នៃ​ព្រះ​ដ៏​ជា​ជំនួយ​ដែល​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ​ទៅដល់​អស់​អ្នក​ដែល​ជឿ​លើ​ទ្រង់ ។ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា ព្រះ​ដ៏​ជា​ជំនួយ « នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី » ផងដែរ ( យ៉ូហាន ១៤:២៦ ) ។

ទ្រង់​ប្រទាន​ព្រះបន្ទូល​នៃ​ព្រះ​ឲ្យ​យើង

តាមរយៈ​ការស្ដារ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ​នៅ​សម័យ​របស់យើង​ឡើង​វិញ ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង​នូវ​ព្រះគម្ពីរ​បុរាណ និង​ថ្ងៃ​ចុងក្រោយ​ដែល​មាន​ព្រះបន្ទូល​នៃ​ព្រះ ។ ព្រះយេហូវ៉ា​បាន​បង្រៀន​ថា « ហើយ​អស់​អ្នក​ណា​ដែល​ប្រុង​ស្ដាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ ហើយ​តោង​ជាប់​តាម​ព្រះ​បន្ទូល​នៃ​ព្រះ … នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ » ( នីហ្វៃទី១ ១៥:២៤ ) ។

ការទទួលទាន​ព្រះបន្ទូល​នៃ​ព្រះ​រៀងរាល់ថ្ងៃ​នាំ​មក​នូវ​ការការពារ ហើយ​នាំ​យើង​ឲ្យ​មាន​បទពិសោធន៍​នៃ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​កាន់តែ​បរិបូរណ៍ ។ ព្រះបន្ទូល​របស់​ទ្រង់​បំភ្លឺ​ផ្លូវ​របស់យើង ( សូម​មើល ទំនុក​តម្កើង ១១៩:១០៥ ) ហើយ « នឹងប្រាប់ [ យើង ] នូវគ្រប់​រឿងទាំងអស់​ដែល [ យើង ] គួរ​ធ្វើ » ( នីហ្វៃទី២ ៣២:៣ ) ។

ទ្រង់​ដឹកនាំ​យើង​តាមរយៈ​ពួក​អ្នកបម្រើ​របស់​ទ្រង់—ព្យាការី និង​ពួកសាវក

ព្រះយេស៊ូវ​គ្រីស្ទ​បាន​ហៅ​ព្យាការី និង​ពួកសាវក​ឲ្យ​ជួយ​ដល់​យើង ។ ដំបូន្មាន និង​ការបង្រៀន​របស់​ពួកលោក​គឺ​សម្រាប់​យើង និង​សម្រាប់​ជំនាន់​របស់​យើង ។ ប្រសិនបើ​បងប្អូន​វង្វេង ឬ​លែង​ស្គាល់​ទិសដៅ​នៅក្នុង​ដំណើរ​របស់​បងប្អូន នោះ​បងប្អូន​អាច​រកឃើញ​ថា វា​មាន​ប្រយោជន៍​ក្នុង​ការពិចារណា​ពី​សំណួរ​ទាំង​បី​ខាងក្រោម​នេះ ៖

  1. តើ​ព្រះអម្ចាស់​បាន​រៀបចំ​ខ្ញុំ​តាមរយៈ​ពាក្យ​សម្ដី​របស់​ព្យាការី និង​ពួកសាវក​សម្រាប់​ការសាកល្បង​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​យ៉ាង​ដូចម្ដេច ?

  2. តើ​ព្យាការី និង​ពួកសាវក​កំពុង​អញ្ជើញ​ខ្ញុំ​ឲ្យ​ធ្វើអ្វីខ្លះ​នៅថ្ងៃនេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ឧបសគ្គ​នានា​ដែល​នៅ​ខាងមុខ ?

  3. តើ​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ខ្លះ ឥឡូវ​នេះ ដើម្បី​ធ្វើ​សកម្មភាព​តាម​ការអញ្ជើញ​របស់​ព្យាការី ?

ដោយ​ពិចារណា​ពី​សំណួរ​ទាំងនេះ យើង​អាច​ស្គាល់​អំពី​សារៈសំខាន់​នៃ​ការណែនាំ​របស់​ព្យាការី និង​ពួកសាវក ។ យើង​អាច​ស្តាប់​សំឡេង​របស់​ព្រះអម្ចាស់​បាន​កាន់​តែ​ប្រសើរ​ឡើង ហើយ​កត់​សម្គាល់​អំពី​របៀប​ដែល​ទ្រង់​តែងតែ​ជួយ​ដល់​យើង​ជានិច្ច ។ ប្រសិនបើ​យើង​ជ្រើសរើស នោះ​យើង​អាច​ស្ដាប់​ព្យាការី និង​ពួកសាវក ហើយ​ស្វែងរក​ការណែនាំ សេចក្ដី​ចម្រុង​ចម្រើន និង​ការការពារ​នៅតាម​ផ្លូវ​ដែល​នាំ​យើង​ត្រឡប់​ទៅកាន់​ព្រះវរបិតាសួគ៌ និង​ព្រះរាជបុត្រា​របស់​ទ្រង់ គឺ​ព្រះយេស៊ូវ​គ្រីស្ទ​វិញ ។

រូបភាព
អែលឌើរ តៃ នៅលើ​កំពូលភ្នំ

អែលឌើរ តៃ នៅលើ​ជួរភ្នំ​សៀរ៉ា ណេវ៉ាដា នៃ​រដ្ឋ​កាលីហ្វ័រញ៉ា​ប្រហែល​ឆ្នាំ ១៩៨៨ ។ ដំណើររឿង​ដែល​លោក​ចែកចាយ​បាន​កើតឡើង​នៅលើ​ភ្នំ​បាដិន ផូវែល នៅ​ជួរ​ភ្នំ​សាន ហ្គាព្រីយ៉ែល នៃ​រដ្ឋ​កាលីហ្វ័រញ៉ា នៅក្នុង​ឆ្នាំ ១៩៨៤ ។

អ្នកនិពន្ធ​ផ្តល់​សិទ្ធិ​ឲ្យ​ប្រើប្រាស់​រូបថត

សេចក្តី​ជំនឿ​ក្នុង​ការឆ្ពោះទៅមុខ

វង្វេង ត្រជាក់ ហើយ​ឯកោ នៅលើ​ភ្នំ​ដែលមាន​ព្រិល​ធ្លាក់​ជាច្រើន​ឆ្នាំមុន ខ្ញុំមាន​ការអស់​សង្ឃឹម ។ ដោយ​មិន​ដឹងថា​ត្រូវ​ធ្វើអ្វី​ផ្សេងទៀត នោះ​ខ្ញុំ​បាន​លុត​ជង្គង់​នៅក្នុង​ព្រិល​ដែល​ទើបតែ​ធ្លាក់​ថ្មីៗ ហើយ​បាន​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​របស់ខ្ញុំ​ដើម្បី​សូម​ជំនួយ ។ ខ្ញុំ​បាន​ទូលពី​ស្ថានភាព និង​ការភ័យ​ខ្លាច​របស់​ខ្ញុំ​ទៅ​ទ្រង់ ហើយ​បាន​សូម​អង្វរ​ឲ្យគេ​រកឃើញ​ខ្ញុំ និង​បាន​ជួយ​សង្គ្រោះ​ខ្ញុំ ។

ពេល​ខ្ញុំ​ក្រោកពី​ការអធិស្ឋាន​របស់​ខ្ញុំ ព្រិល​បាន​ធ្លាក់​មក​ជុំវិញ​ខ្ញុំ ហើយ​ភាព​ស្ងៀម​ស្ងាត់​ដ៏​ស្រស់​ស្អាត និង​ស្ងប់​ស្ងាត់​បាន​មាន​នៅក្នុង​ព្រៃ​នោះ ។ ភាពស្ងប់​ស្ងាត់​នេះ​ត្រូវ​បាន​រំខាន នៅ​ពេល​ខ្ញុំ​បានឮ​សំឡេង​ក្រុះក្រាកនៅក្នុង​គុម្ពោត​ព្រៃ​ក្បែរ​នោះ ។ ក្មេង​ប្រុស​ធំៗ​ពីរ​នាក់​បាន​លេចចេញ​ឡើង ។ ពួកគេ​បាន​ឡើងទៅ​ដល់​កំពូលភ្នំ​រួចហើយ ហើយ​ជំនួស​ឲ្យ​ចុះតាម​ផ្លូវ​ជម្រាលភ្នំ ពួកគេ​បាន​សម្រេច​ចិត្ត​រំអិល​ចុះ​ពីលើភ្នំ​វិញ ។ នៅក្នុង​ចំណោម​កន្លែង​ទាំងអស់ ពួកគេ​រំអិល​ទៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ !

នៅពេល​ពួកគេ​សួរ​ខ្ញុំ​ថា ខ្ញុំ​កំពុង​ធ្វើ​អ្វី​នៅ​ទី​នោះ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា​ខ្ញុំ​បាន​វង្វេងផ្លូវ ។ ពួកគេ​បាន​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូលរួម​ជាមួយ​ពួកគេ ហើយ​យើង​បាន​រំអិល​ចុះ​ទៅ​លើ​ដើម​ផ្លូវ​ដោយ​សុវត្ថិភាព​នៅ​ចង្កេះ​ភ្នំ ។ នៅ​ទីបំផុត យើង​បាន​ជួបជុំ​ជាថ្មី​ជាមួយ​ក្រុម​របស់​យើង​ទាំង​ប៉ុន្មាន​ទៀត ។

នៅ​ពេល​យើង​ឈាន​ទៅ​មុខ​ក្នុង​ដំណើរ​ផ្ទាល់​ខ្លួន​របស់​យើង​ដោយ​មាន​សេចក្ដី​ជំនឿ ការលះបង់ និង​ការស៊ូទ្រាំ នោះ​យើង​អាច​ស្គាល់​អំពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​ដើរ​ជាមួយ​យើង ហើយ​ជួយ​យើង​យ៉ាង​សកម្ម ។ ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ផ្លូវ ជា​សេចក្តីពិត ហើយ​ជា​ជីវិត ។ សូម​ឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​នៅលើ​ទ្រង់​នាំ​មក​នូវ​សេចក្ដី​សុខសាន្ត​ដល់​គំនិត​របស់​យើង ហើយ​មាន​អំណរ​នៅ​ក្នុង​ដំណើរ​របស់​យើង ។