ជំពូកទី ៣
ស្ដេចបេនយ៉ាមីនថ្លែងតទៅទៀត — ព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដានឹងធ្វើការងារបម្រើនៅក្នុងចំណោមមនុស្សលោក នៅក្នុងរោងឧបោសថឥដ្ឋ — លោហិតនឹងចេញមកពីគ្រប់រន្ធញើស នៅពេលដែលទ្រង់ធ្វើឲ្យធួននឹងអំពើបាបទាំងឡាយនៃពិភពលោក — មានតែព្រះនាមរបស់ទ្រង់ទេ ដែលនាំមកនូវសេចក្ដីសង្គ្រោះ — មនុស្សលោកអាចសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធ តាមរយៈដង្វាយធួន — សេចក្ដីជាប់ទោសនៃពួកទុច្ចរិត ប្រៀបបានទៅនឹងបឹងភ្លើង និងស្ពាន់ធ័រ។ ប្រមាណជាឆ្នាំ ១២៤ ម.គ.ស.។
១ហើយម្យ៉ាងទៀត ឱបងប្អូនទាំងឡាយរបស់យើងអើយ យើងសូមឲ្យអ្នកយកចិត្តទុកដាក់ ត្បិតយើងនឹងនិយាយទៅកាន់អ្នកទៀត ត្បិតមើលចុះ យើងមានការណ៍ទាំងឡាយនឹងជម្រាបអ្នករាល់គ្នា ស្ដីអំពីអ្វីដែលនឹងកើតឡើង។
២ហើយរឿងទាំងឡាយ ដែលយើងនឹងជម្រាបបងប្អូន នោះមានទេវតារបស់ព្រះបានមកប្រាប់យើង ហើយទេវតានោះបាននិយាយមកកាន់យើងថា ៖ ចូរភ្ញាក់ឡើង ហើយយើងក៏ភ្ញាក់ឡើង ហើយមើលចុះ ទេវតានោះឈរចំពោះមុខយើង។
៣ហើយទេវតាបាននិយាយមកកាន់យើងថា ៖ ចូរភ្ញាក់ឡើង ហើយចូរស្ដាប់ពាក្យទាំងឡាយ ដែលយើងនឹងប្រាប់ដល់អ្នក ត្បិតមើលចុះ យើងមកទីនេះ ដើម្បីប្រកាសប្រាប់ដល់អ្នកនូវដំណឹងដ៏រីករាយមួយពីសេចក្ដីអំណរយ៉ាងអស្ចារ្យ។
៤ត្បិតព្រះអម្ចាស់ ទ្រង់បានឮពាក្យអធិស្ឋានរបស់អ្នក ហើយបានវិនិច្ឆ័យនូវសេចក្ដីសុចរិតរបស់អ្នក ហើយបានចាត់ឲ្យយើងមកប្រាប់អ្នក ដើម្បីឲ្យអ្នកអាចបានអររីករាយ ហើយដើម្បីឲ្យអ្នកអាចប្រកាសប្រាប់ដល់ប្រជាជនរបស់អ្នក ដើម្បីឲ្យពួកគេអាចបានពោរពេញទៅដោយសេចក្ដីអំណរដែរ។
៥ត្បិតមើលចុះ ថ្ងៃនោះនឹងមកដល់ គឺមិនយូរប៉ុន្មានទេ គឺដោយព្រះចេស្ដា នោះព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ទ្រង់សោយរាជ្យ គឺព្រះអង្គដ៏មានព្រះជន្មរស់ ចាប់តាំងពីអស់ទាំងកល្ប ទៅអស់កល្បជានិច្ច ទ្រង់នឹងយាងចុះមកពីស្ថានសួគ៌ មករស់នៅក្នុងចំណោមកូនចៅមនុស្ស ហើយនឹងគង់នៅក្នុងរោងឧបោសថឥដ្ឋ ហើយនឹងយាងទៅក្នុងចំណោមមនុស្សដោយសម្ដែងអព្ភូតហេតុផ្សេងៗ ដូចជាធ្វើអ្នកឈឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ធ្វើឲ្យអ្នកពិការជើងអាចដើរបាន មនុស្សខ្វាក់ឲ្យមើលឃើញ អ្នកថ្លង់ឲ្យស្ដាប់ឮ ហើយមើលឲ្យជាគ្រប់អស់ទាំងរោគា។
៦ហើយព្រះអង្គនឹងបណ្ដេញពួកអារក្ស ឬក៏ពួកអារក្សអសោចិ៍ ដែលនៅក្នុងចិត្តនៃកូនចៅមនុស្សចេញ។
៧ហើយមើលន៏ ព្រះអង្គនឹងស៊ូទ្រាំនូវការល្បួង និងការឈឺចាប់នៃរាងកាយ សេចក្ដីស្រេកឃ្លាន និងការនឿយហត់ច្រើនជាងមនុស្សលោកអាចស៊ូទ្រាំបានទៅទៀត លើកលែងតែសេចក្ដីស្លាប់ប៉ុណ្ណោះ ត្បិតមើលចុះ ព្រះលោហិតចេញមកពីគ្រប់រន្ធញើស សេចក្ដីបារម្ភរបស់ព្រះអង្គនឹងមានឡើងយ៉ាងខ្លាំងចំពោះអំពើទុច្ចរិត និងអំពើគួរខ្ពើមឆ្អើមទាំងឡាយនៃរាស្ត្ររបស់ទ្រង់។
៨ហើយទ្រង់នឹងត្រូវបានហៅថា ព្រះយេស៊ូវគ្រីស្ទ ព្រះរាជបុត្រានៃព្រះ ព្រះវរបិតានៃស្ថានសួគ៌ និងផែនដី ព្រះដែលបង្កើតវត្ថុសព្វសារពើចាប់តាំងពីដំបូងមក ហើយមាតារបស់ព្រះអង្គនឹងត្រូវបានហៅថា ម៉ារា។
៩ហើយមើលន៏ ព្រះអង្គនឹងយាងចុះមកក្នុងចំណោមរាស្ត្រទ្រង់ ដើម្បីឲ្យមានសេចក្ដីសង្គ្រោះដល់កូនចៅមនុស្ស ស្របតាមសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ ហើយទោះជាយ៉ាងនេះសោតក្ដី គង់តែពួកគេនៅតែចាត់ទុកថា ព្រះអង្គជាមនុស្សម្នាក់ ហើយថា ព្រះអង្គមានអារក្សចូល ហើយនឹងវាយព្រះអង្គ ហើយនឹងឆ្កាងព្រះអង្គទៀត។
១០ហើយព្រះអង្គនឹងមានព្រះជន្មរស់ពីស្លាប់ឡើងវិញក្នុងបីថ្ងៃ ហើយមើលចុះ ព្រះអង្គនឹងឈរ ដើម្បីជំនុំជំរះមនុស្សលោក ហើយមើលចុះ ការណ៍ទាំងអស់នេះត្រូវបានធ្វើឡើង ដើម្បីឲ្យសេចក្ដីជំនុំជំរះដ៏សុចរិត អាចមានដល់កូនចៅមនុស្ស។
១១ត្បិតមើលចុះ ព្រះលោហិតរបស់ទ្រង់ក៏នឹងធ្វើឲ្យធួននឹងបាបនៃអស់អ្នកណាដែលធ្លាក់ ដោយសារការរំលងរបស់លោកអ័ដាម ហើយស្លាប់ទៅដោយមិនបានដឹងអំពីព្រះហឫទ័យនៃព្រះចំពោះពួកគេ ឬក៏អស់អ្នកណាដែលមានបាប ដោយសារភាពល្ងង់ខ្លៅ។
១២ប៉ុន្តែ វេទនា វេទនា ដល់អស់អ្នកណាដែលដឹងថាខ្លួនកំពុងបះបោរទាស់នឹងព្រះ! ព្រោះសេចក្ដីសង្គ្រោះនឹងពុំមានដល់ពួកនេះឡើយ លើកលែងតែដោយការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ។
១៣ហើយព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានចាត់ពួកព្យាការីទាំងឡាយរបស់ព្រះអង្គឲ្យទៅក្នុងចំណោមកូនចៅមនុស្សទាំងអស់ ដើម្បីប្រកាសប្រាប់ការណ៍ទាំងនេះដល់គ្រប់ទាំងពូជមនុស្ស គ្រប់សាសន៍ និងគ្រប់ទាំងភាសា ដើម្បីឲ្យអស់អ្នកណាដែលជឿថា ព្រះគ្រីស្ទនឹងយាងមក នោះឈ្មោះថានឹងបានទទួលការផ្ដាច់បាបរបស់ខ្លួន ហើយនឹងបានអររីករាយដោយសេចក្ដីអំណរដ៏អតិបរមា ហាក់បីដូចជាព្រះអង្គបានយាងមកក្នុងចំណោមពួកគេហើយ។
១៤ក៏ប៉ុន្តែ ព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់ទតឃើញថា រាស្ត្រព្រះអង្គជាប្រជាជនរឹងរូស ហើយទ្រង់បានចែងក្រឹត្យវិន័យមួយដល់ពួកគេ គឺជាក្រឹត្យវិន័យលោកម៉ូសេ។
១៥ហើយមានទីសម្គាល់ និងការអស្ចារ្យ និងនិមិត្តរូប ហើយស្រមោលជាច្រើន ដែលទ្រង់បានបង្ហាញដល់ពួកគេ ប្រាប់អំពីការយាងមករបស់ទ្រង់ ហើយពួកព្យាការីដ៏បរិសុទ្ធ ក៏បាននិយាយទៅកាន់ពួកគេ អំពីការយាងមករបស់ទ្រង់ដែរ ក៏ប៉ុន្តែពួកគេនៅតែធ្វើចិត្តរឹងរូស ហើយពុំព្រមយល់ថា ក្រឹត្យវិន័យលោកម៉ូសេ នឹងពុំមានផលអ្វីឡើយ លើកលែងតែតាមរយៈដង្វាយធួននៃព្រះលោហិតរបស់ទ្រង់ប៉ុណ្ណោះ។
១៦ហើយទោះបើពួកកូនក្មេងអាចធ្វើបាបមែន នោះពួកគេនឹងពុំអាចបានសង្គ្រោះដែរ ប៉ុន្តែយើងសូមប្រាប់អ្នកថា ពួកកូនក្មេងទាំងនោះមានពរហើយ ត្បិតមើលចុះ ដោយមកពីលោកអ័ដាម ឬដោយធម្មជាតិ នោះពួកគេបានធ្លាក់ ទោះជាយ៉ាងនេះក្ដី គង់តែព្រះលោហិតនៃព្រះគ្រីស្ទ នឹងធ្វើឲ្យធួននឹងបាបរបស់ពួកគេដែរ។
១៧ហើយថែមទៀត យើងសូមប្រាប់អ្នកថា នឹងពុំមាននាមណាមួយ ឬផ្លូវ ឬក៏មធ្យោបាយឯណាទៀតឡើយ ដែលអាចនាំសេចក្ដីសង្គ្រោះមកឲ្យកូនចៅមនុស្ស មានតែមធ្យោបាយមួយប៉ុណ្ណោះ គឺដោយតាមរយៈព្រះនាមនៃព្រះគ្រីស្ទ ជាព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា។
១៨ត្បិតមើលចុះ ព្រះអង្គជំនុំជំរះ ហើយសេចក្ដីជំនុំជំរះរបស់ទ្រង់គឺត្រឹមត្រូវ ហើយទារកទាំងឡាយដែលស្លាប់កាលនៅទារកនៅឡើយ នឹងពុំវិនាសសោះ ប៉ុន្តែមនុស្សធំផឹកនូវសេចក្ដីជាប់ទោសដល់ព្រលឹងរបស់ខ្លួនគេផ្ទាល់ លើកលែងតែគេបន្ទាបខ្លួន ហើយក្លាយទៅដូចជាកូនក្មេងតូចវិញ ហើយជឿថាសេចក្ដីសង្គ្រោះបានកើតឡើង កំពុងកើតឡើង នឹងកើតឡើងនៅពេលខាងមុខ គឺដោយតាមរយៈព្រះលោហិតដ៏ធួននៃព្រះគ្រីស្ទ ជាព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ។
១៩ព្រោះមនុស្សខាងសាច់ឈាមជាសត្រូវដល់ព្រះ ហើយមានមកតាំងពីការធ្លាក់នៃលោកអ័ដាមម្ល៉េះ ហើយនឹងនៅយ៉ាងនេះជារៀងដរាបតទៅ លើកលែងតែគេព្រមធ្វើតាមសេចក្ដីទូន្មាននៃព្រះវិញ្ញាណបរិសុទ្ធ ហើយសម្រាតភាពខាងសាច់ឈាមចេញ ហើយក្លាយទៅជាអ្នកបរិសុទ្ធវិញ តាមរយៈដង្វាយធួននៃព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់ ហើយក្លាយទៅដូចជាកូនក្មេង ងាយប្រដៅ ស្លូតបូត ទាបរាបសា អត់ឱន ពោរពេញទៅដោយសេចក្ដីស្រឡាញ់ ព្រមទទួលនូវអ្វីៗទាំងអស់ ដែលព្រះអម្ចាស់ទ្រង់ទតឃើញថាល្អ ដូចជាកូនក្មេងព្រមធ្វើតាមឪពុកខ្លួនដូច្នោះ។
២០ហើយថែមទៀត យើងសូមប្រាប់អ្នកថា ថ្ងៃនោះនឹងមកដល់ កាលណាការចេះដឹងអំពីព្រះអង្គសង្គ្រោះនឹងបានផ្សាយទូទៅ គ្រប់ទាំងសាសន៍ គ្រប់ពូជមនុស្ស គ្រប់ភាសា និងគ្រប់ទាំងប្រជាជន។
២១ហើយមើលចុះ ថ្ងៃនោះនឹងពុំមានអ្នកណាម្នាក់ដែលឃើញថា គ្មានទោសនៅចំពោះព្រះឡើយ លើកលែងតែកូនក្មេងតូច គឺមានតែតាមរយៈការប្រែចិត្ត និងសេចក្ដីជំនឿជឿដល់ព្រះនាមនៃព្រះអម្ចាស់ ជាព្រះដ៏មានគ្រប់ព្រះចេស្ដាប៉ុណ្ណោះ។
២២ហើយសូម្បីតែនៅពេលនេះ កាលដែលអ្នកនឹងបានប្រដៅប្រជាជនអ្នកនូវការណ៍ទាំងឡាយ ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ទ្រង់បានបញ្ជាដល់អ្នក នោះគេក៏នៅតែពុំអាចចាត់ទុកថា គ្មានទោសនៅចំពោះព្រះដែរ គឺគ្រាន់តែស្របតាមពាក្យទាំងឡាយ ដែលខ្ញុំបាននិយាយទៅកាន់អ្នកប៉ុណ្ណោះ។
២៣ហើយឥឡូវនេះ យើងបាននិយាយនូវពាក្យទាំងឡាយ ដែលព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានបញ្ជាយើង។
២៤ហើយព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ពាក្យទាំងនេះនឹងទៅជាទីបន្ទាល់ដ៏ជ្រះថ្លាទាស់នឹងប្រជាជននេះនៅថ្ងៃជំនុំជំរះ ជាថ្ងៃដែលពួកគេនឹងត្រូវបានជំនុំជំរះ គឺមនុស្សគ្រប់រូប ស្របតាមកិច្ចការទាំងឡាយដែលខ្លួនបានប្រព្រឹត្ត ដើម្បីឲ្យឃើញថា ពួកគេល្អ ឬក៏ពួកគេអាក្រក់។
២៥ហើយបើសិនជាពួកគេអាក្រក់ ពួកគេនឹងត្រូវបានដាក់ទៅឲ្យឃើញភាពដ៏គួរស្ញែងខ្លាចនៃកំហុស និងអំពើគួរខ្ពើមឆ្អើមទាំងឡាយរបស់ខ្លួនគេផ្ទាល់ ដែលនឹងធ្វើឲ្យពួកគេរួញពីវត្តមាននៃព្រះអម្ចាស់ ឲ្យធ្លាក់ទៅក្នុងស្ថានភាពមួយដ៏វេទនា និងសេចក្ដីទុក្ខវេទនាដ៏មិនចេះចប់មិនចេះហើយ ជាទីដែលពួកគេពុំអាចត្រឡប់ក្រោយបានឡើយ ហេតុដូច្នេះហើយ ពួកគេបានផឹកនូវសេចក្ដីជាប់ទោសដល់ព្រលឹងរបស់ខ្លួនគេផ្ទាល់។
២៦ហេតុដូច្នេះហើយ ពួកគេបានផឹកពែងនៃការពិរោធនៃព្រះ ដែលសេចក្ដីយុត្តិធម៌ពុំអាចបដិសេធពួកគេ លើសជាងបដិសេធថា លោកអ័ដាមត្រូវធ្លាក់ ព្រោះតែការទទួលទានផ្លែដែលហាមឃាត់ ហេតុដូច្នេះហើយ សេចក្ដីមេត្តាករុណាពុំអាចជួយយឹតយោងពួកគេជាអង្វែងតទៅ។
២៧ឯសេចក្ដីទុក្ខវេទនារបស់ពួកគេ គឺបីដូចជាបឹងភ្លើង និងស្ពាន់ធ័រ ដែលមានអណ្ដាតភ្លើងពុំអាចពន្លត់បាន ហើយមានផ្សែងហុយឡើងជារៀងដរាបតទៅ។ ព្រះអម្ចាស់ទ្រង់បានបញ្ជាខ្ញុំថាដូច្នោះ។ អាម៉ែន៕