ជំពូកទី ៩
នីហ្វៃធ្វើបញ្ជីប្រវត្តិពីរច្បាប់ — បញ្ជីនីមួយៗ ហៅថាផ្ទាំងនីហ្វៃ — ផ្ទាំងធំទាំងឡាយមានប្រវត្តិសាស្ត្រលោកិយ រីឯផ្ទាំងតូចទាំងឡាយទាក់ទងតែខាងកិច្ចការដ៏ពិសិដ្ឋទាំងឡាយ។ ប្រមាណជាឆ្នាំ ៦០០–៥៩២ ម.គ.ស.។
១ហើយរឿងអស់ទាំងនេះ ឪពុកខ្ញុំបានឃើញ ហើយបានឮ ហើយបាននិយាយ នៅពេលដែលលោកអាស្រ័យនៅក្នុងត្រសាល នៅក្នុងចន្លោះភ្នំលេមយួល ហើយរឿងដ៏អស្ចារ្យជាច្រើនទៀតផង ដែលមិនអាចយកមកសរសេរនៅលើផ្ទាំងទាំងនេះបានទេ។
២ហើយឥឡូវនេះ នៅពេលដែលខ្ញុំនិយាយអំពីផ្ទាំងទាំងនេះ មើលចុះ គឺពុំមែនលើផ្ទាំងទាំងឡាយ ដែលខ្ញុំកត់អំពីដំណើររឿងទាំងឡាយ នៃប្រវត្តិសាស្ត្ររបស់សាសន៍ខ្ញុំនោះទេ ត្បិតផ្ទាំងទាំងនោះ ដែលខ្ញុំកត់នូវដំណើររឿងទាំងឡាយ នៃប្រវត្តិសាស្ត្ររបស់សាសន៍ខ្ញុំ ខ្ញុំបានដាក់ឈ្មោះថា នីហ្វៃ ហេតុដូច្នោះហើយ ផ្ទាំងទាំងនោះបានហៅថា ផ្ទាំងនីហ្វៃ តាមឈ្មោះខ្ញុំផ្ទាល់ ឯផ្ទាំងទាំងនេះ ក៏បានហៅថា ផ្ទាំងនីហ្វៃផងដែរ។
៣ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំបានទទួលព្រះបញ្ញត្តិពីព្រះអម្ចាស់ថា ខ្ញុំត្រូវធ្វើផ្ទាំងទាំងនេះ ដោយគោលបំណងពិសេស ដើម្បីឲ្យមានដំណើររឿងឆ្លាក់ទុក អំពីការងារបម្រើនៃប្រជាជនខ្ញុំ។
៤នៅលើផ្ទាំងផ្សេងៗទៀត ត្រូវចារ ហើយឆ្លាក់អំពីដំណើររឿង នៃរជ្ជកាលនៃស្ដេចទាំងឡាយ និងសង្គ្រាមទាំងឡាយ ហើយនឹងការទាស់ទែងទាំងឡាយនៃប្រជាជនខ្ញុំ ហេតុដូច្នោះហើយ ផ្ទាំងទាំងនេះភាគច្រើន ទុកសម្រាប់កត់អំពីការបម្រើ ឯផ្ទាំងផ្សេងៗទៀតភាគច្រើន ទុកសម្រាប់កត់ត្រាអំពីរជ្ជកាលនៃស្ដេចទាំងឡាយ និងសង្គ្រាមទាំងឡាយ ហើយនឹងការទាស់ទែងទាំងឡាយនៃសាសន៍ខ្ញុំ។
៥ហេតុដូច្នោះហើយ ព្រះអម្ចាស់ទ្រង់បានបញ្ជាខ្ញុំ ឲ្យធ្វើផ្ទាំងទាំងនេះ សម្រាប់គោលបំណងដ៏សំខាន់មួយចំពោះទ្រង់ ឯគោលបំណងនោះ ខ្ញុំមិនដឹងទេ។
៦ប៉ុន្តែ ព្រះអម្ចាស់ទ្រង់ជ្រាបគ្រប់រឿងទាំងអស់ ចាប់តាំងពីដើមមក ហេតុដូច្នោះហើយ ទ្រង់បានរៀបចំផ្លូវមួយ ដើម្បីសម្រេចគ្រប់កិច្ចការទាំងអស់របស់ព្រះអង្គ នៅក្នុងចំណោមកូនចៅមនុស្ស ត្បិតមើលចុះ ទ្រង់មានព្រះចេស្ដាគ្រប់យ៉ាង ដើម្បីបំពេញគ្រប់ព្រះបន្ទូលទាំងអស់របស់ទ្រង់។ ហើយគឺយ៉ាងដូច្នោះមែន។ អាម៉ែន៕